លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបន្ដបំពេញកិច្ចបម្រើជាបន្ទាន់

ចូរបន្ដបំពេញកិច្ចបម្រើជាបន្ទាន់

ចូរ​បន្ត​បំពេញ​កិច្ច​បម្រើ​ជា​បន្ទាន់

​«​ប្រកាស​បណ្ដាំ​របស់​ព្រះ ចូរ​ប្រកាស​ជា​បន្ទាន់​»។—២ធី. ៤:២

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

ហេតុ​អ្វី​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់?

តើ​យើង​អាច​បន្ត​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​គឺ​បន្ទាន់​ជាង​មុន​ទៅ​ទៀត?

១, ២​. ស្តី​អំពី​បង្គាប់​ដែល​ឲ្យ​យើង​‹ផ្សព្វ​ផ្សាយ​ជា​បន្ទាន់› តើ​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ចោទ​ឡើង?

តាម​ធម្មតា អ្នក​ដែល​មាន​ការងារ​សង្គ្រោះ​ជីវិត​មនុស្ស​ធ្វើ​ការ​នោះ​ជា​បន្ទាន់។ ជា​ឧទាហរណ៍ ពេល​ទទួល​ទូរស័ព្ទ​ថា​មាន​ភ្លើង​ឆេះ​ផ្ទះ អ្នក​ពន្លត់​អគ្គិភ័យ​ប្រញាប់​ចេញ​ទៅ​ភ្លាម ពីព្រោះ​ពួក​គេ​ដឹង​ថា ប្រហែលជា​ជីវិត​មនុស្ស​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់។

ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ចង់​ជួយ​មនុស្ស​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ។ ដើម្បី​សម្រេច​គោលដៅ​នោះ យើង​ចាត់​ទុក​ភារកិច្ច​របស់​យើង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ជា​អ្វី​ដ៏​សំខាន់។ ប៉ុន្តែ យើង​មិន​ធ្វើ​កិច្ចការ​នោះ​ដោយ​តក់​ក្រ​ហល់​ទេ។ បើ​ដូច្នេះ តើ​ប៉ូល​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​ដែល​គាត់​ឲ្យ​ការ​ដាស់​តឿន​ដែល​ថា​៖ ​«​ប្រកាស​បណ្ដាំ​របស់​ព្រះ ចូរ​ប្រកាស​ជា​បន្ទាន់​»​នោះ? (​២ធី. ៤:២​) តើ​យើង​អាច​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​កិច្ចការ​របស់​យើង​បន្ទាន់​ខ្លាំង​ម្ល៉េះ?

ហេតុ​អ្វី​យើង​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់?

៣​. តើ​មនុស្ស​ដែល​ព្រម​ស្ដាប់ ឬ​មិន​ព្រម​ស្ដាប់​ដំណឹង​អំពី​រាជាណាចក្រ​អាច​ទទួល​លទ្ធផល​អ្វី?

ពេល​ដែល​អ្នក​ពិចារណា​អំពី​លទ្ធផល​ដែល​មក​ពី​កិច្ច​ផ្សព្វ​ផ្សាយ ពោល​គឺ​មនុស្ស​អាច​ទទួល​ឬ​បាត់បង់​ជីវិត នោះ​អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​បន្ទាន់។ (​រ៉ូម ១០:១៣, ១៤​) បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​បើ​កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់ ហើយ​ត្រឹម​ត្រូវ​វិញ . . . នោះ​គេ​នឹង​បាន​រស់​នៅ​ជា​ពិត។ ឥត​ត្រូវ​ស្លាប់​ទេ។ ដូច្នេះ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​»។ (​អេស. ៣៣:១៤​-​១៦​) បន្ថែម​ទៅ​ទៀត គម្ពីរ​បាន​ប្រាប់​ពួក​អ្នក​ដែល​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ថា​៖ ​«​អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​»។—១ធី. ៤:១៦; អេស. ៣:១៧​-​២១

៤​. ហេតុ​អ្វី​ការ​ក្បត់​ជំនឿ​ធ្វើ​ឲ្យ​បង​ប្អូន​នៅ​សតវត្សរ៍​ទី​១​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់?

ដើម្បី​យល់​អំពី​មូលហេតុ​ដែល​ប៉ូល​ដាស់​តឿន​ធីម៉ូថេ​ឲ្យ​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់ សូម​ឲ្យ​យើង​ពិចារណា​បរិបទ​នៃ​ខ​គម្ពីរ​ដែល​ជា​ប្រធាន​ក្នុង​អត្ថបទ​នេះ។ បទ​គម្ពីរ​ចែង​ថា​៖ ​«​ប្រកាស​បណ្ដាំ​របស់​ព្រះ ចូរ​ប្រកាស​ជា​បន្ទាន់​នៅ​ពេល​ដែល​មាន​អំណោយ​ផល នៅ​ពេល​ដែល​មាន​ការ​លំបាក ចូរ​ប្រដៅ​តម្រង់ ស្តី​បន្ទោស បំផុស​ទឹក​ចិត្ត ដោយ​មាន​ចិត្ត​ធ្ងន់​គ្រប់​យ៉ាង និង​ការ​ប៉ិនប្រសប់​សព្វ​គ្រប់​ក្នុង​ការ​បង្រៀន។ ព្រោះ​នឹង​មាន​គ្រា​ដែល​ពួក​គេ​នឹង​មិន​ទ្រាំ​ស្ដាប់​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍​ទេ ប៉ុន្តែ​ស្រប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន នោះ​ពួក​គេ​នឹង​ប្រមូល​អ្នក​បង្រៀន​សម្រាប់​ខ្លួន ដើម្បី​ឮ​អ្វី​ដែល​ពួក​គេ​ពេញ​ចិត្ត​ស្ដាប់ ហើយ​ពួក​គេ​នឹង​ឈប់​ស្ដាប់​សេចក្ដី​ពិត​»។ (​២ធី. ៤:២​-​៤​) លោក​យេស៊ូ​បាន​ទាយ​ទុក​ថា​នឹង​មាន​ការ​ក្បត់​ជំនឿ​កើត​ឡើង។ (​ម៉ាថ. ១៣:២៤, ២៥, ៣៨​) ដោយ​សារ​គ្រា​ដែល​នឹង​មាន​ការ​ក្បត់​ជំនឿ​នេះ​គឺ​កាន់​តែ​ជិត​មក​ដល់ ជា​ការ​សំខាន់​ណាស់​ដែល​ធីម៉ូថេ​«​ប្រកាស​បណ្ដាំ​របស់​ព្រះ​»​ជា​បន្ទាន់ សូម្បី​តែ​ក្នុង​ក្រុម​ជំនុំ​ក៏​ដោយ ដើម្បី​កុំ​ឲ្យ​គ្រិស្ត​សាសនិក​បាន​ត្រូវ​ទាក់​ទាញ​និង​បំភាន់​ដោយ​សេចក្ដី​បង្រៀន​មិន​ពិត។ នេះ​ទាក់​ទង​ដល់​ជីវិត​ស្លាប់​រស់។ ចុះ​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ?

៥, ៦​. ពេល​យើង​ផ្សព្វ​ផ្សាយ តើ​យើង​ប្រហែលជា​ឮ​គំនិត​អ្វី​ដែល​ពេញ​និយម?

ការ​ក្បត់​ជំនឿ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត​មាន​កាន់​តែ​ច្រើន​ឡើង​ៗ ហើយ​ក៏​បាន​រីក​រាលដាល​ដែរ។ (​២ថែ. ២:៣,​) តើ​សេចក្ដី​បង្រៀន​អ្វី​ដែល​មនុស្ស​ពេញ​ចិត្ត​ស្ដាប់​នៅ​សព្វ​ថ្ងៃ​នេះ? ក្នុង​ប្រទេស​ជា​ច្រើន មនុស្ស​ខ្នះខ្នែង​បង្រៀន​អំពី​ការ​វិវត្តន៍​ដូច​ខ្នះខ្នែង​បង្រៀន​សាសនា។ ទោះ​ជា​ការ​វិវត្តន៍​ជា​រឿង​វិទ្យាសាស្ត្រ​ក៏​ដោយ សេចក្ដី​បង្រៀន​នេះ​សឹង​តែ​ក្លាយ​ទៅ​ជា​សាសនា​មួយ ដែល​កំពុង​ជះ​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​មនុស្ស​ចំពោះ​ព្រះ​និង​ចំពោះ​អ្នក​ឯ​ទៀត។ សេចក្ដី​បង្រៀន​មួយ​ទៀត​ដែល​ពេញ​និយម គឺ​ព្រះ​មិន​ចាប់​អារម្មណ៍​នឹង​យើង​ទេ ហេតុ​នេះ​យើង​ក៏​មិន​ចាំ​បាច់​ចាប់​អារម្មណ៍​នឹង​លោក​ដែរ។ ហេតុ​អ្វី​សេចក្ដី​បង្រៀន​ទាំង​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ម្ល៉េះ​ដែល​រារាំង​មនុស្ស​រាប់​លាន​នាក់​មិន​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ? សេចក្ដី​បង្រៀន​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ភាន់​ច្រឡំ​ថា​‹អ្នក​អាច​ធ្វើ​អ្វី​ៗ​ទាំង​អស់​តាម​ចិត្ត ពីព្រោះ​គ្មាន​អ្នក​ណា​នឹង​វិនិច្ឆ័យ​អ្នក​ទេ›។ ពាក្យ​ទាំង​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ស្ដាប់​មែន។—សូម​អាន ទំនុកតម្កើង ១០:៤

ប៉ុន្តែ​មាន​សេចក្ដី​បង្រៀន​ផ្សេង​ទៀត​ដែល​មនុស្ស​ពេញ​ចិត្ត​ស្ដាប់។ មនុស្ស​ខ្លះ​ដែល​នៅ​តែ​ទៅ​វិហារ​របស់​ពិភព​គ្រិស្ត​សាសនា​ចូល​ចិត្ត​ស្ដាប់​គ្រូ​គង្វាល​ដែល​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​ស្រឡាញ់​អ្នក ទោះ​ជា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ›។ មេ​ដឹក​នាំ​សាសនា​និង​គ្រូ​គង្វាល​ធ្វើ​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ដោយ​នាំ​ឲ្យ​ពួក​គេ​ជឿ​ថា​ព្រះ​ពេញ​ចិត្ត​នឹង​ពិធី​អភិបូជា បុណ្យ​ផ្សេង​ៗ និង​រូប​ព្រះ​របស់​ពួក​គេ។ សមាជិក​វិហារ​ទាំង​នេះ​មិន​ដឹង​ខ្លួន​សោះ​ថា​ពួក​គេ​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់។ (​ទំនុក. ១១៥:៤​-​៨​) ប៉ុន្តែ បើ​យើង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ដឹង​ខ្លួន ហើយ​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ នោះ​ពួក​គេ​អាច​ទទួល​ប្រយោជន៍​ពី​រាជាណាចក្រ​របស់​ព្រះ​បាន។

តើ​ការ​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់​មាន​ន័យ​យ៉ាង​ណា?

៧​. តើ​យើង​អាច​បង្ហាញ​ថា​យើង​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ចការ​បន្ទាន់​យ៉ាង​ដូច​ម្ដេច?

ពេទ្យ​ផ្នែក​វះ​កាត់​ម្នាក់​ដែល​មាន​មនសិការ​ការងារ​ត្រូវ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការងារ​របស់​គាត់​ពីព្រោះ​នេះ​ទាក់​ទង​ដល់​ជីវិត​របស់​អ្នក​ឯ​ទៀត។ ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ យើង​អាច​បង្ហាញ​ថា​យើង​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ចការ​បន្ទាន់​ដោយ​ផ្ចង់​អារម្មណ៍​លើ​កិច្ចការ​នេះ ដូច​ជា​គិត​អំពី​បញ្ហា សំណួរ ឬ​ព័ត៌មាន​ដែល​មនុស្ស​អាច​ចាប់​អារម្មណ៍។ ការ​ចាត់​ទុក​កិច្ចការ​នេះ​គឺ​បន្ទាន់​ក៏​អាច​នាំ​ឲ្យ​យើង​ផ្លាស់​ប្ដូរ​កាលវិភាគ​របស់​យើង​ដើម្បី​ទៅ​ជួប​មនុស្ស ពេល​ដែល​ពួក​គេ​ចង់​ស្ដាប់​យើង​ផ្សព្វ​ផ្សាយ​ដែរ។—រ៉ូម ១:១៥, ១៦; ១ធី. ៤:១៦

៨​. តាម​ធម្មតា តើ​ការ​ធ្វើ​អ្វី​មួយ​ជា​បន្ទាន់​រួម​បញ្ចូល​អ្វី?

ការ​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ចការ​បន្ទាន់​ក៏​រួម​បញ្ចូល​អ្វី​ដែល​យើង​ចាត់​ទុក​ថា​សំខាន់​បំផុត​ដែរ។ (​សូម​អាន លោកុប្បត្តិ ១៩:១៥) ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា ក្រោយ​ពី​អ្នក​បាន​ទទួល​លទ្ធផល​ពិនិត្យ​ពី​គ្រូ​ពេទ្យ គាត់​បាន​ទូរស័ព្ទ​អ្នក​ឲ្យ​មក​ជួប​គាត់ ហើយ​និយាយ​ប្រាប់​អ្នក​ថា​៖ ​«​អ្នក​មាន​ជំងឺ​ដែល​ត្រូវ​ព្យាបាល​ជា​បន្ទាន់។ យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល​មួយ​ខែ អ្នក​ត្រូវ​តែ​ព្យាបាល​ជំងឺ​របស់​អ្នក​»។ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? អ្នក​ប្រហែលជា​មិន​ស្ទុះ​រត់​ចេញ​ពី​មន្ទីរ​ពេទ្យ​នោះ​ដើម្បី​ស្វែងរក​ការ​ព្យាបាល​ទេ។ ប៉ុន្តែ អ្នក​ប្រហែលជា​អង្គុយ​ស្ដាប់​ការ​ណែនាំ​របស់​គាត់ ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ ហើយ​គិត​ឲ្យ​បាន​ដិត​ដល់​អំពី​អ្វី​ដែល​អ្នក​ចាត់​ទុក​ថា​សំខាន់​បំផុត។

៩​. ហេតុ​អ្វី​យើង​អាច​និយាយ​បាន​ថា ប៉ូល​បាន​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់​នៅ​ក្នុង​ទី​ក្រុង​អេភេសូរ?

យើង​អាច​យល់​អំពី​ការ​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់​របស់​ប៉ូល ដោយ​សារ​អ្វី​ដែល​គាត់​បាន​ប្រាប់​ដល់​ពួក​អ្នក​ចាស់​ទុំ​នៅ​ទី​ក្រុង​អេភេសូរ​ស្តី​អំពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​តំបន់​អាស៊ី។ (​សូម​អាន សកម្មភាព ២០:១៨​-​២១) តាម​មើល​ទៅ តាំង​ពី​ថ្ងៃ​ដំបូង​ដែល​គាត់​បាន​មក​ដល់​ទី​នោះ គាត់​ជាប់​រវល់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ បន្ថែម​ទៅ​ទៀត អស់​រយៈ​ពេល​ពីរ​ឆ្នាំ គាត់​តែង​តែ​«​ថ្លែង​សុន្ទរកថា​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​សាល​នៅ​សាលា​ទីរ៉ានុស​»។ (​សកម្ម. ១៩:១, ៨​-​១០​) ប៉ូល​ពិត​ជា​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់​មែន។ ការ​ដាស់​តឿន​ឲ្យ​‹ផ្សព្វ​ផ្សាយ​ជា​បន្ទាន់›​មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​កិច្ច​ផ្សព្វ​ផ្សាយ​ជា​ភារកិច្ច​ធ្ងន់​ពេក​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កិច្ច​ផ្សព្វ​ផ្សាយ​គួរ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។

១០​. ហេតុ​អ្វី​យើង​មាន​ចិត្ត​ដឹង​គុណ​ដែល​គ្រិស្ត​សាសនិក​បាន​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់​ប្រហែល​១០០​ឆ្នាំ​កន្លង​ទៅ​នេះ?

១០ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩១៤ និស្សិត​គម្ពីរ​មួយ​ក្រុម​តូច​បាន​ចាត់​វិធានការ​ដើម្បី​ផ្សព្វ​ផ្សាយ។ គំរូ​របស់​ពួក​គេ​បាន​បញ្ជាក់​អំពី​អត្ថន័យ​នៃ​ការ​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់។ ទោះ​ជា​ពួក​គេ​មាន​សមាជិក​តែ​ប៉ុន្មាន​ពាន់​នាក់​ក៏​ដោយ ពួក​គេ​បាន​យល់​ថា​ពេល​នោះ​ជា​គ្រា​បន្ទាន់ ហើយ​បាន​ខ្នះខ្នែង​ផ្សព្វ​ផ្សាយ។ ពួក​គេ​បាន​បោះពុម្ព​សុន្ទរកថា​រាប់​រយ​តាម​សារ​ព័ត៌មាន និង​បង្ហាញ​ភាពយន្ត​និង​រូបភាព​ដែល​ហៅ​ថា​«​ល្ខោន​រូបភាព​នៃ​ការ​បង្កើត​»។ តាម​វិធី​នេះ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​រាប់​លាន​នាក់។ បើ​ពួក​គេ​មិន​បាន​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ចការ​បន្ទាន់ នោះ​យើង​ជា​ច្រើន​នាក់​នឹង​មិន​បាន​ឮ​ដំណឹង​អំពី​រាជាណាចក្រ​ទេ មែន​ទេ?—សូម​អាន ទំនុកតម្កើង ១១៩:៦០

ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​យើង​ឈប់​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ចការ​បន្ទាន់

១១​. តើ​អ្វី​បាន​នាំ​ឲ្យ​បង​ប្អូន​ខ្លះ​លែង​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ចការ​បន្ទាន់?

១១ មនុស្ស​ម្នាក់​អាច​ឈប់​គិត​ថា​ការ​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដែល​សំខាន់​ទៀត បើ​គាត់​មាន​អ្វី​មក​បំបែរ​អារម្មណ៍។ របៀប​របប​របស់​សាថាន​បាន​ត្រូវ​បង្កើត​មក​ដើម្បី​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​ចង់​បាន និង​អ្វី​ដែល​ជា​រឿង​បន្ទាប់​បន្សំ។ (​១ពេ. ៥:៨; ១យ៉ូន. ២:១៥​-​១៧​) មនុស្ស​ខ្លះ​ដែល​ធ្លាប់​ចាត់​ទុក​កិច្ច​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត បាន​ឈប់​ធ្វើ​ដូច្នេះ​ទៀត។ ជា​ឧទាហរណ៍ ដេម៉ាស​ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​នៅ​សតវត្សរ៍​ទី​១​ធ្លាប់​ជា​«​អ្នក​រួម​ការ​ងារ​»​ជា​មួយ​នឹង​ប៉ូល ប៉ុន្តែ​ដេម៉ាស​បាន​ត្រូវ​របៀប​របប​ដ៏​អាក្រក់​នេះ​បំបែរ​អារម្មណ៍​គាត់។ ដូច្នេះ ជា​ជាង​បន្ត​ចាត់​ទុក​ការ​ពង្រឹង​កម្លាំង​ប៉ូល​ក្នុង​គ្រា​លំបាក​នោះ​ជា​អ្វី​ដែល​សំខាន់​បំផុត ដេម៉ាស​បាន​បោះបង់​ចោល​ប៉ូល​ដែល​ជា​បង​ប្រុស​រួម​ជំនឿ​របស់​គាត់​វិញ។—ភីលេ. ២៣, ២៤; ២ធី. ៤:១០

១២​. តើ​យើង​មាន​ឱកាស​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ? ហើយ​តើ​យើង​នឹង​មាន​ឱកាស​អ្វី​នៅ​ពេល​អនាគត?

១២ ដើម្បី​បន្ត​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់ យើង​ត្រូវ​ព្យាយាម​បដិសេធ​អ្វី​ដែល​អាច​បំបែរ​អារម្មណ៍​របស់​យើង​ពី​កិច្ចការ​ផ្សព្វ​ផ្សាយ។ យើង​គួរ​ខំ​ព្យាយាម​«​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ​»។ (​១ធី. ៦:​១៨, ១៩​) អ្នក​ទំនង​ជា​ជឿ​ជាក់​ថា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែនដី​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ នឹង​ផ្ដល់​ឱកាស​ច្រើន​ដើម្បី​ធ្វើ​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍។ ប៉ុន្តែ មាន​តែ​នៅ​សម័យ​របស់​យើង​ទេ​ដែល​យើង​អាច​ជួយ​មនុស្ស​ឲ្យ​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន។

១៣​. ដោយ​សារ​ឥឡូវ​យើង​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក តើ​យើង​អាច​បន្ត​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់​តាម​របៀប​ណា?

១៣ ដោយ​សារ​ក្នុង​ពិភព​លោក​នេះ មនុស្ស​ភាគ​ច្រើន​នៅ​ជុំ​វិញ​យើង​មិន​ស្គាល់​ព្រះ​យេហូវ៉ា តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់? យើង​ចាំ​ថា ធ្លាប់​មាន​ពេល​មួយ​ដែល​យើង​ប្រៀប​ដូច​ជា​ដេក​លក់​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ដូច​ប៉ូល​បាន​បញ្ជាក់ យើង​បាន​ភ្ញាក់ ហើយ​គ្រិស្ត​បាន​ភ្លឺ​ចាំង​មក​លើ​យើង។ ឥឡូវ យើង​មាន​ឯកសិទ្ធិ​ធ្វើ​ជា​អ្នក​បញ្ចេញ​ពន្លឺ​នោះ។ (​សូម​អាន អេភេសូរ ៥:១៤) ក្រោយ​ពី​បាន​បញ្ជាក់​អំពី​រឿង​នេះ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន កុំ​ឲ្យ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ដូច​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា​វិញ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត ព្រោះ​យើង​រស់​នៅ​សម័យ​ដ៏​ទុច្ចរិត​»។ (​អេភ. ៥:១៥, ១៦​) ដោយ​សារ​យើង​នៅ​ក្នុង​ចំណោម​មនុស្ស​ទុច្ចរិត សូម​ឲ្យ​យើង​«​ប្រើ​គ្រប់​ឱកាស​»​ដើម្បី​ចូល​រួម​ផ្សព្វ​ផ្សាយ​ដែល​អាច​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់​ជា​និច្ច។

យើង​រស់​នៅ​ក្នុង​គ្រា​ដ៏​សំខាន់

១៤​-​១៦​. ហេតុ​អ្វី​យើង​ត្រូវ​ផ្សព្វ​ផ្សាយ​បន្ទាន់​ជាង​ពេល​មុន​ៗ​ទៅ​ទៀត?

១៤ កិច្ច​ផ្សព្វ​ផ្សាយ​តែង​តែ​ជា​កិច្ចការ​បន្ទាន់ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ កិច្ច​ការ​នោះ​សំខាន់​ជាង​មុន​ទៅ​ទៀត។ តាំង​ពី​ឆ្នាំ​១៩១៤ យើង​បាន​ឃើញ​សញ្ញា​សម្គាល់​យ៉ាង​ច្បាស់​ដូច​បាន​ចែង​ក្នុង​បណ្ដាំ​របស់​ព្រះ។ (​ម៉ាថ. ២៤:៣​-​៥១​) មនុស្ស​ទាំង​អស់​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ ទោះ​ជា​ប្រទេស​ដែល​ជាម​ហា​អំណាច​ក្នុង​ពិភព​លោក​នេះ​បាន​យល់​ព្រម​ធ្វើ​កិច្ច​ព្រមព្រៀង​សន្ដិភាព​ជា​មួយ​គ្នា​ក៏​ដោយ ពួក​គេ​នៅ​តែ​មាន​គ្រាប់​បែក​នុយក្លេអ៊ែរ​ប្រហែល​២.០០០​គ្រាប់​ដែល​អាច​បាញ់​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ផែនដី​បាន។ ពួក​អាជ្ញាធរ​បាន​រាយ​ការណ៍​រាប់​រយ​ករណី​ដែល​ធាតុ​ផ្សំ​របស់​គ្រាប់​បែក​នុយក្លេអ៊ែរ​ដែល​បាន​ត្រូវ​គេ​និយាយ​ថា​បាត់។ តើ​ពួក​ភេរវជន​មាន​ធាតុ​ផ្សំ​របស់​គ្រាប់​បែក​នុយក្លេអ៊ែរ​ខ្លះ​ឬ​ទេ? មនុស្ស​ខ្លះ​បាន​និយាយ​ថា​សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​ភេរវជន​អាច​បំផ្លាញ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​យ៉ាង​ស្រួល។ ប៉ុន្តែ សង្គ្រាម​មិន​មែន​ជា​អ្វី​តែ​មួយ​គត់​ដែល​គំរាម​កំហែង​ជីវិត​មនុស្ស​ទេ។

១៥ សេចក្ដី​ប្រកាស​មួយ​ក្នុង​ឆ្នាំ​២០០៩​បាន​រាយ​ការណ៍​ថា​៖ ​«​អាកាសធាតុ​ប្រែ​ប្រួល​ជា​កត្ដា​ដ៏​ធំ​បំផុត​ក្នុង​សតវត្សរ៍​ទី​២១​នេះ ដែល​គំរាម​កំហែង​ដល់​សុខភាព​របស់​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​»។ (​The Lancet and University College London​) សេចក្ដី​ប្រកាស​នោះ​បាន​រៀប​រាប់​ថា​៖ ​«​ការ​ប្រែ​ប្រួល​អាកាសធាតុ​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ភាគ​ច្រើន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​នេះ ហើយ​ធ្វើ​ឲ្យ​ជីវិត​និង​សុខភាព​របស់​មនុស្ស​រាប់​ពាន់​លាន​នាក់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ច្រើន​»។ ការ​ប្រែ​ប្រួល​អាកាសធាតុ​អាច​នាំ​ឲ្យ​មាន​ការ​ឡើង​កម្ពស់​ទឹក​សមុទ្រ ការ​រាំង​ស្ងួត ទឹក​ជំនន់ ជំងឺ​អាសន្នរោគ ខ្យល់​ព្យុះ និង​ការ​ច្បាំង​គ្នា​ដណ្ដើម​យក​ធនធាន​ធម្មជាតិ ផល​ប៉ះពាល់​ទាំង​អស់​នេះ​អាច​បំផ្លិចបំផ្លាញ​កន្លែង​ជា​ច្រើន។ សង្គ្រាម​នានា​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេង​ៗ​កំពុង​គំរាម​កំហែង​ដល់​ជីវិត​របស់​មនុស្ស​ទូទៅ។

១៦ មនុស្ស​ខ្លះ​ប្រហែលជា​គិត​ថា​លទ្ធភាព​ដែល​អាច​មាន​សង្គ្រាម​នុយក្លេអ៊ែរ​អាច​នាំ​ឲ្យ​មាន​ព្រឹត្ដិការណ៍​ដែល​សម្រេច​ទំនាយ​ស្តី​អំពី​«​សញ្ញា​សម្គាល់​»។ ក៏​ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​មិន​យល់​អត្ថន័យ​ពិត​ប្រាកដ​នៃ​សញ្ញា​សម្គាល់​នេះ​ទេ។ យើង​បាន​ឃើញ​សញ្ញា​សម្គាល់​ទាំង​នោះ​យ៉ាង​ច្បាស់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ ដែល​បញ្ជាក់​ថា​គ្រិស្ត​មាន​វត្តមាន​ពិត​មែន ហើយ​ថា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ក៏​កាន់​តែ​ខិត​ចូល​មក​ជិត​ដែរ។ (​ម៉ាថ. ២៤:៣​) យើង​មិន​ដែល​ឃើញ​លក្ខណៈ​ជា​ច្រើន​នៃ​សញ្ញា​សម្គាល់​នេះ​ច្បាស់​ដូច​នៅ​សម័យ​យើង​ឡើយ។ នេះ​ជា​ពេល​ដែល​មនុស្ស​ត្រូវ​ទទួល​ស្គាល់​ថា​ពួក​គេ​ត្រូវ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​អាច​ជួយ​ពួក​គេ​ឲ្យ​ភ្ញាក់​ដឹង​ខ្លួន​បាន។

១៧, ១៨​. ​(​ក​) តើ​«​គ្រា​នេះ​»​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​យើង? (​ខ​) តើ​អ្វី​អាច​ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់​ប្ដូរ​គំនិត​ឲ្យ​មក​ចាប់​អារម្មណ៍​លើ​ដំណឹង​អំពី​រាជាណាចក្រ?

១៧ យើង​មាន​ពេល​ខ្លី​ណាស់​ដើម្បី​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ដើម្បី​បង្ហើយ​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​បាន​ត្រូវ​កំណត់​នៅ​គ្រា​ចុង​បញ្ចប់​នេះ។ អ្វី​ដែល​ប៉ូល​បាន​និយាយ​ទៅ​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ក្នុង​ទី​ក្រុង​រ៉ូម​កាន់​តែ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថែម​ទៀត​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ គាត់​បាន​ពោល​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ថា​គ្រា​នេះ​ជា​គ្រា​ណា​ហើយ គឺជា​ម៉ោង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ភ្ញាក់​ពី​ការ​ដេក​លក់ ព្រោះ​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ​ជិត​ជាង​ពេល​ដែល​យើង​បាន​ទៅ​ជា​អ្នក​ជឿ​ទៅ​ទៀត​»។—រ៉ូម ១៣:១១

១៨ ព្រឹត្ដិការណ៍​ដែល​បាន​ទាយ​ទុក​សម្រាប់​គ្រា​ចុង​ក្រោយ​បង្អស់​អាច​ធ្វើ​ឲ្យ​មនុស្ស​ដឹង​ថា ពួក​គេ​ត្រូវ​តែ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ មនុស្ស​ឯ​ទៀត​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ទៅ​លើ​ដំណឹង​អំពី​រាជាណាចក្រ ពេល​ដែល​ពួក​គេ​ឃើញ​ការ​បរាជ័យ​នៃ​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​មនុស្ស។ រដ្ឋាភិបាល​របស់​មនុស្ស​មិន​អាច​បំបាត់​បញ្ហា​សេដ្ឋកិច្ច បញ្ហា​គ្រាប់​បែក​នុយក្លេអ៊ែរ ឧក្រិដ្ឋកម្ម ឬ​ការ​បំផ្លាញ​បរិស្ថាន​បាន​ទេ។ ក៏​ប៉ុន្តែ មនុស្ស​ឯ​ទៀត​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ទៅ​លើ​ដំណឹង​អំពី​រាជាណាចក្រ​ដោយ​សារ​ពួក​គេ​ជួប​នឹង​បញ្ហា​ក្នុង​ក្រុម​គ្រួសារ ដូច​ជា​បញ្ហា​ខាង​សុខភាព ការ​លែង​លះ​គ្នា ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់។ ពេល​យើង​ផ្សព្វ​ផ្សាយ យើង​អាច​ជួយ​មនុស្ស​បែប​នោះ​បាន។

ការ​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ចការ​បន្ទាន់​ជំរុញ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ

១៩, ២០​. តើ​ការ​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ចការ​បន្ទាន់​បាន​ជំរុញ​គ្រិស្ត​សាសនិក​ជា​ច្រើន​ឲ្យ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

១៩ ការ​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ចការ​បន្ទាន់​បាន​ជំរុញ​គ្រិស្ត​សាសនិក​ជា​ច្រើន​ឲ្យ​ចូល​រួម​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន។ ជា​ឧទាហរណ៍ នៅ​ប្រទេស​អេក្វាទ័រ ប្ដី​ប្រពន្ធ​មួយ​គូ​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​សាមញ្ញ​ជាង​ក្រោយ​ពី​ពួក​គេ​បាន​ស្ដាប់​សុន្ទរកថា​ក្នុង​សន្និបាត​ពិសេស​នៅ​ឆ្នាំ​២០០៦​ដែល​មាន​ប្រធាន​ថា​៖ ​«​ចូរ​រក្សា​ភ្នែក​អ្នក​ឲ្យ​ល្អ​»។ ពួក​គេ​បាន​ធ្វើ​បញ្ជី​មួយ​ស្តី​អំពី​អ្វី​ដែល​ពួក​គេ​មិន​ត្រូវ​ការ ហើយ​ក្នុង​រយៈ​ពេល​បី​ខែ​ពួក​គេ​បាន​រើ​ពី​ផ្ទះ​ដែល​មាន​បន្ទប់​គេង​បី​ទៅ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​បន្ទប់​គេង​តែ​មួយ​វិញ ពួក​គេ​បាន​លក់​របស់​របរ​ផ្សេង​ៗ ហើយ​បាន​ដោះ​បំណុល​ទាំង​អស់។ មិន​យូរ​ក្រោយ​មក ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ដែល​ឲ្យ​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។

២០ នៅ​ប្រទេស​អាម៉េរិក​ខាង​ជើង បង​ប្រុស​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ​បាន​ចូល​រួម​សន្និបាត​ក្នុង​ឆ្នាំ​២០០៦ យើង​បាន​ជ្រមុជ​ទឹក​អស់​៣០​ឆ្នាំ​មក​ហើយ។ ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ក្រោយ​ពី​កម្មវិធី​ចប់ យើង​ពិគ្រោះ​គ្នា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ឱវាទ​នោះ​ស្តី​អំពី​ការ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​សាមញ្ញ​ជាង។ (​ម៉ាថ. ៦:១៩​-​២២​) យើង​មាន​ផ្ទះ​បី​ខ្នង ដីធ្លី ឡាន​ទំនើប​ជា​ច្រើន​គ្រឿង ទូក​កម្សាន្ត និង​ផ្ទះ​សណ្ដោង។ យើង​មាន​អារម្មណ៍​ថា យើង​មើល​ទៅ​ដូច​ជា​គ្រិស្ត​សាសនិក​ដែល​ល្ងង់​ណាស់ ដូច្នេះ​យើង​សម្រេច​ចិត្ត​តាំង​គោលដៅ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ក្នុង​ឆ្នាំ​២០០៨ យើង​បាន​ចូល​រួម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ជា​មួយ​នឹង​កូន​ស្រី​របស់​យើង។ យើង​សប្បាយ​ចិត្ត​ណាស់​ដោយ​បាន​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​របស់​យើង​ជាង! យើង​ក៏​អាច​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​ដែរ។ បន្ថែម​ទៅ​ទៀត ពេល​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន នោះ​បាន​ធ្វើ​ឲ្យ​យើង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​លោក។ រង្វាន់​ដ៏​ពិសេស​គឺ​ការ​មាន​ឯកសិទ្ធិ​ឃើញ​មនុស្ស​សប្បាយ​ពេល​ដែល​ពួក​គេ​ស្ដាប់​និង​យល់​សេចក្ដី​ពិត​នៃ​បណ្ដាំ​របស់​ព្រះ​»។

២១​. តើ​ការ​ដឹង​អំពី​អ្វី​ជំរុញ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ?

២១ យើង​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​របៀប​របប​ដ៏​អាក្រក់​នេះ ពោល​គឺ​«​ថ្ងៃ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ហើយ​បំផ្លាញ​ពួក​គេ​ចោល​»។ (​២ពេ. ៣:៧​) ចំណេះ​អំពី​បណ្ដាំ​របស់​ព្រះ​ជំរុញ​យើង​ឲ្យ​ប្រកាស​ដោយ​ខ្នះខ្នែង​អំពី​គ្រា​វេទនា​ជា​ខ្លាំង និង​អំពី​ពិភព​លោក​ថ្មី​ដែល​នឹង​មាន​ក្រោយ​នោះ។ យើង​នៅ​តែ​ចាត់​ទុក​ការ​ជួយ​មនុស្ស​ឲ្យ​មាន​សង្ឃឹម​ជា​កិច្ចការ​បន្ទាន់។ ដោយ​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់ ហើយ​ដោយ​អស់ពី​ចិត្ត យើង​បង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​និង​មនុស្ស​ឯ​ទៀត។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]