ចូរអរសប្បាយនឹងសេចក្ដីសង្ឃឹមរបស់យើង
ចូរអរសប្បាយនឹងសេចក្ដីសង្ឃឹមរបស់យើង
«[មាន]សេចក្ដីសង្ឃឹមឲ្យបានជីវិតគ្មានទីបញ្ចប់ ជាអ្វីដែលព្រះដែលមិនអាចកុហក បានសន្យាតាំងពីយូរយារណាស់មកហើយ»។—ទីត. ១:២
ការពិនិត្យសាឡើងវិញ
ហេតុអ្វីយើងដឹងថាមានអំណរនៅស្ថានសួគ៌ ពេលអ្នកដែលបានត្រូវរើសតាំងម្នាក់រក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់ខ្លួន?
តើសេចក្ដីសង្ឃឹមរបស់ចៀមឯទៀតនិងពួកអ្នកដែលបានត្រូវរើសតាំងទាក់ទងគ្នាយ៉ាងដូចម្ដេច?
ដើម្បីឲ្យសេចក្ដីសង្ឃឹមរបស់យើងបានសម្រេច តើយើងត្រូវធ្វើអ្វីខ្លះដែលជា«ការប្រព្រឹត្តបរិសុទ្ធ»និង«ការអ្វី ដែលបង្ហាញពីភក្ដីភាពចំពោះព្រះ»?
១. តើសេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាផ្ដល់ឲ្យអាចជួយយើងស៊ូទ្រាំយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាជា«ព្រះដែលផ្ដល់សេចក្ដីសង្ឃឹម»។ ក្រោយពីនិយាយពាក្យនេះ ប៉ូលបានបន្ថែមថា ព្រះយេហូវ៉ាអាច‹ធ្វើឲ្យយើងពោរពេញទៅដោយអំណរនិងសេចក្ដីសុខសាន្តគ្រប់ប្រការ ដោយសារយើងមានជំនឿលើលោក ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមដ៏បរិបូរដោយឫទ្ធានុភាពនៃសកម្មពលបរិសុទ្ធ›។ (រ៉ូម ១៥:១៣) បើយើងមានសេចក្ដីសង្ឃឹមដ៏បរិបូរ យើងនឹងអាចស៊ូទ្រាំចំពោះបញ្ហាគ្រប់បែបយ៉ាង ព្រោះចិត្តរបស់យើងពោរពេញទៅដោយអំណរនិងសេចក្ដីសុខសាន្ត។ សេចក្ដីសង្ឃឹមបែបនេះនឹងក្លាយទៅជា«យុថ្កាសម្រាប់ជីវិត . . . ក៏រឹងមាំនិងពិតប្រាកដ»សម្រាប់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង និងគ្រិស្តសាសនិកឯទៀត។ (ហេ. ៦:១៨, ១៩) សេចក្ដីសង្ឃឹមអាចជួយយើងឲ្យកាន់ជំហរមាំមួន ពេលមានការពិបាកក្នុងជីវិត ហើយសេចក្ដីសង្ឃឹមនេះនឹងជួយយើងកុំឲ្យរសាត់ចេញដោយមានចិត្តសង្ស័យឬខ្វះជំនឿ។—សូមអាន ហេប្រឺ ២:១; ៦:១១
២. គ្រិស្តសាសនិកនៅសព្វថ្ងៃនេះមានសេចក្ដីសង្ឃឹមពីរផ្សេងគ្នា តើនោះជាអ្វី? ហើយហេតុអ្វី«ចៀមឯទៀត»គួរយកចិត្តទុកដាក់ចំពោះសេចក្ដីសង្ឃឹមរបស់ពួកអ្នកដែលបានត្រូវរើសតាំង?
២ គ្រិស្តសាសនិកដែលកំពុងរស់នៅក្នុងគ្រាចុងក្រោយបង្អស់នេះមានសេចក្ដីសង្ឃឹមពីរផ្សេងគ្នា។ សមាជិក«ហ្វូងតូច»នៃគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែលនៅសល់លើផែនដីនេះ មានសេចក្ដីសង្ឃឹមទទួលជីវិតអមតៈនៅស្ថានសួគ៌ ដោយធ្វើជាស្តេចនិងជាសង្ឃជាមួយនឹងគ្រិស្តក្នុងរាជាណាចក្ររបស់លោក។ (លូក. ១២:៣២; បប. ៥:៩, ១០) ចំណែកឯ«មនុស្សមួយក្រុមធំ»នៃ«ចៀមឯទៀត»មានសេចក្ដីសង្ឃឹមរស់នៅជារៀងរហូតលើផែនដីដែលជាសួនឧទ្យាន ដោយធ្វើជារាស្ត្រក្រោមការគ្រប់គ្រងនៃរាជាណាចក្រមេស្ស៊ី។ (បប. ៧:៩, ១០; យ៉ូន. ១០:១៦) ចៀមឯទៀតមិនគួរភ្លេចថា សេចក្ដីសង្គ្រោះរបស់ពួកគេ អាស្រ័យទៅលើការគាំទ្រពួកអ្នកដែលបានត្រូវរើសតាំង គឺ«ពួកបងប្អូន»របស់គ្រិស្តដែលនៅសល់លើផែនដី។ (ម៉ាថ. ២៥:៣៤-៤០) ពួកអ្នកដែលបានត្រូវរើសតាំងនឹងទទួលរង្វាន់របស់ពួកគេ ហើយសេចក្ដីសង្ឃឹមរបស់ចៀមឯទៀតក៏នឹងបានសម្រេចដែរ។ (សូមអាន ហេប្រឺ ១១:៣៩, ៤០) មុនដំបូង សូមឲ្យយើងពិចារណាអំពីសេចក្ដីសង្ឃឹមរបស់ពួកអ្នកដែលបានត្រូវរើសតាំង។
«សេចក្ដីសង្ឃឹមដែលស្ថិតស្ថេរ»របស់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង
៣, ៤. «ដើម្បីឲ្យមានសេចក្ដីសង្ឃឹមដែលស្ថិតស្ថេរ» តើគ្រិស្តសាសនិកដែលបានត្រូវរើសតាំងបាន«កើតជាថ្មី»យ៉ាងដូចម្ដេច? ហើយតើសេចក្ដីសង្ឃឹមនោះជាអ្វី?
៣ សាវ័កពេត្រុសបានសរសេរសំបុត្រពីរទៅបងប្អូនគ្រិស្តសាសនិក ដែលគាត់ហៅថា«ពួកអ្នកដែលបានត្រូវជ្រើសរើស»។ (១ពេ. ១:១) គាត់បានសរសេរយ៉ាងល្អិតល្អន់អំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យរបស់ហ្វូងតូច។ ក្នុងសំបុត្រទី១របស់ពេត្រុស គាត់បានសរសេរថា៖ «សូមសរសើរលោកដែលជាព្រះនិងជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ព្រោះដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅរបស់លោក លោកបានធ្វើឲ្យយើងកើតជាថ្មី ដើម្បីឲ្យមានសេចក្ដីសង្ឃឹមដែលស្ថិតស្ថេរ តាមរយៈការប្រោសលោកយេស៊ូគ្រិស្តឲ្យរស់ពីស្លាប់ឡើងវិញ ព្រមទាំងទទួលមត៌កដែលមិនអាចខូចទៅ ដែលឥតសៅហ្មង ហើយដែលស្ថិតស្ថេរជានិរន្តរ៍។ មត៌កនោះបានត្រូវបម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា ដែលកំពុងទទួលការរក្សាការពារដោយឫទ្ធានុភាពរបស់ព្រះ តាមរយៈជំនឿ ដើម្បីទទួលសេចក្ដីសង្គ្រោះដែលនឹងត្រូវបើកបង្ហាញឲ្យឃើញនៅគ្រាចុងក្រោយ។ ដោយសារការទាំងនោះ អ្នករាល់គ្នាកំពុងត្រេកអរយ៉ាងខ្លាំង»។—១ពេ. ១:៣-៦
៤ គ្រិស្តសាសនិកមួយក្រុមដែលព្រះយេហូវ៉ាបានជ្រើសរើសដើម្បីគ្រប់គ្រងជាមួយគ្រិស្តក្នុងរាជាណាចក្រនៅស្ថានសួគ៌ បាន«កើតជាថ្មី» គឺជាកូនរបស់ព្រះដែលលោកបានរើសតាំងដោយសកម្មពលបរិសុទ្ធ។ ពួកគេបានត្រូវរើសតាំងដោយសកម្មពលដើម្បីធ្វើជាស្តេចនិងជាសង្ឃជាមួយគ្រិស្ត។ (បប. ២០:៦) ពេត្រុសបានបញ្ជាក់ថា ការ«កើតជាថ្មី»នេះ នាំឲ្យពួកគេមាន«សេចក្ដីសង្ឃឹមដែលស្ថិតស្ថេរ» ពោលគឺ«មត៌កដែលមិនអាចខូចទៅ ដែលឥតសៅហ្មង ហើយដែលស្ថិតស្ថេរជានិរន្តរ៍» ដែលបានត្រូវបម្រុងទុកសម្រាប់ពួកគេ«នៅស្ថានសួគ៌»។ ហេតុនេះហើយ ពួកអ្នកដែលបានត្រូវរើសតាំង«ត្រេកអរយ៉ាងខ្លាំង»ចំពោះសេចក្ដីសង្ឃឹមដែលស្ថិតស្ថេររបស់ពួកគេ! ក៏ប៉ុន្តែ ដើម្បីឲ្យបានដូចពួកគេសង្ឃឹម ពួកគេត្រូវរក្សាភាពស្មោះត្រង់ជានិច្ច។
៥, ៦. ហេតុអ្វីគ្រិស្តសាសនិកដែលបានត្រូវរើសតាំងត្រូវព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សាខ្លួនឲ្យនៅក្នុងចំណោមពួកអ្នកដែលព្រះបានហៅនិងជ្រើសរើសឲ្យទៅស្ថានសួគ៌?
៥ ក្នុងសំបុត្រទី២របស់ពេត្រុស គាត់បានដាស់តឿនគ្រិស្តសាសនិកដែលបានត្រូវរើសតាំងឲ្យ‹ព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថា ពួកគេស្មោះត្រង់ជានិច្ច ដើម្បីរក្សាខ្លួនឲ្យនៅក្នុងចំណោមពួកអ្នកដែលព្រះបានហៅនិងជ្រើសរើស›។ (២ពេ. ១:១០) ពួកគេត្រូវព្យាយាមបណ្ដុះឲ្យមានគុណសម្បត្ដិរបស់គ្រិស្តសាសនិក ដូចជាជំនឿ ភក្ដីភាពចំពោះព្រះ ការរាប់អានគ្នាជាបងប្អូន និងសេចក្ដីស្រឡាញ់។ ពេត្រុសបានបញ្ជាក់ថា៖ ‹ប្រសិនបើអ្នករាល់គ្នាមានលក្ខណៈទាំងនោះជាបរិបូរ លក្ខណៈទាំងនោះនឹងការពារមិនឲ្យអ្នករាល់គ្នាក្លាយទៅជាអសកម្ម ឬឥតផលទេ›។—សូមអាន ពេត្រុសទី២ ១:៥-៨
៦ នៅសតវត្សរ៍ទី១ គ្រិស្តបានមានប្រសាសន៍ទៅកាន់ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំភីឡាដិលភាដែលនៅតាមឆ្នេរតំបន់អាស៊ីប៉ែកខាងលិចថា៖ «ដោយសារអ្នកបានកាន់តាមអ្វីដែលអ្នកបានឮស្តីអំពីការស៊ូទ្រាំរបស់ខ្ញុំ នោះខ្ញុំនឹងរក្សាការពារអ្នកនៅគ្រាល្បងល ដែលនឹងកើតឡើងពេញផែនដីទាំងមូល ដើម្បីល្បងលពួកអ្នកដែលអាស្រ័យនៅផែនដី។ ខ្ញុំនឹងមកយ៉ាងឆាប់។ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមាន ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នក»។ (បប. ៣:១០, ១១) បើគ្រិស្តសាសនិកម្នាក់ដែលបានត្រូវរើសតាំងលែងស្មោះត្រង់ គាត់នឹងមិនទទួល«មកុដនៃសិរីរុងរឿងដែលមិនអាចសាបសូន្យ»ឡើយ ព្រោះមកុដនោះ ព្រះបានសន្យាឲ្យដល់ពួកអ្នកដែលបានត្រូវជ្រើសរើសដែលនៅស្មោះត្រង់រហូតដល់ស្លាប់។—១ពេ. ៥:៤; បប. ២:១០
ការអនុញ្ញាតឲ្យចូលក្នុងរាជាណាចក្ររបស់ព្រះ
៧. តើយូដាសបានបញ្ជាក់អំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យអ្វីក្នុងសំបុត្ររបស់គាត់?
៧ ប្រហែលនៅឆ្នាំ៦៥ គ.ស. យូដាសដែលជាប្អូនប្រុសរបស់លោកយេស៊ូបានសរសេរសំបុត្រមួយទៅបងប្អូនគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែលគាត់បានហៅពួកគេថា៖ «អស់អ្នកដែលបានត្រូវហៅ»។ (យូ. ១; សូមពិនិត្យបន្ថែម ហេប្រឺ ៣:១) គាត់ចង់សរសេរអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យស្តីពីសេចក្ដីសង្គ្រោះ ដែលគ្រិស្តសាសនិកទាំងឡាយដែលបានត្រូវរើសតាំង«នឹងទទួល»។ (យូ. ៣) ទោះជាគាត់ត្រូវបញ្ជាក់អំពីបញ្ហាបន្ទាន់ផ្សេងទៀតក៏ដោយ នៅក្នុងពាក្យបញ្ចប់នៃសំបុត្រដ៏ខ្លីនោះ គាត់បានរៀបរាប់អំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យរបស់ពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងថា៖ «ចំពោះព្រះដែលអាចការពារអ្នករាល់គ្នា កុំឲ្យជំពប់ដួល ហើយដែលអាចទុកអ្នករាល់គ្នាឲ្យឥតសៅហ្មងនៅមុខសិរីរុងរឿងរបស់លោកដោយមានអំណរក្រៃលែង សូមលោកដែលជាព្រះតែមួយ និងអ្នកសង្គ្រោះយើង តាមរយៈលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង មានសិរីរុងរឿង ភាពឧត្តុង្គឧត្តម ឫទ្ធានុភាព និងអំណាចស្ថិតស្ថេរជានិច្ចកាលតរៀងមកដល់ឥឡូវនេះ និងជារៀងរហូតតទៅ»។—យូ. ២៤, ២៥
៨. យោងទៅតាមយូដាស២៤ តើអ្វីបង្ហាញថាមានអំណរនៅស្ថានសួគ៌ ពេលអ្នកដែលបានត្រូវរើសតាំងម្នាក់រក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់ខ្លួន?
៨ ពួកគ្រិស្តសាសនិកស្មោះត្រង់ដែលបានត្រូវរើសតាំងប្រាកដជាចង់ការពារខ្លួនកុំឲ្យជំពប់ដួល ដែលនាំឲ្យខ្លួនទទួលសេចក្ដីហិនវិនាស។ ដោយមានមូលដ្ឋានលើគម្ពីរ ពួកគេសង្ឃឹមថាលោកយេស៊ូគ្រិស្តនឹងប្រោសពួកគេឲ្យរស់ឡើងវិញ និងផ្ដល់ឲ្យពួកគេមានរូបកាយជាវិញ្ញាណដ៏ល្អឥតខ្ចោះ។ នេះនឹងឲ្យពួកគេអាចចូលទៅឯព្រះបាន។ ពេលអ្នកដែលបានត្រូវរើសតាំងណាម្នាក់ស្លាប់ដោយរក្សាភាពស្មោះត្រង់ នោះគាត់ប្រាកដជានឹងត្រូវ«ប្រោសឲ្យរស់ឡើងវិញជាវិញ្ញាណ»ដែល«មិនអាចខូចទៅបានទេ . . . [ហើយ]មានសិរីរុងរឿង»ទៀតផង។ (១កូ. ១៥:៤២-៤៤) បើ«នៅស្ថានសួគ៌នឹងមានអំណរចំពោះអ្នកប្រព្រឹត្តអំពើខុសឆ្គងម្នាក់ដែលប្រែចិត្ត» នោះប្រាកដជាមានអំណរខ្លាំងជាងនោះទៅទៀត ពេលដែលបងប្អូនគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលរបស់ព្រះបានរក្សាចិត្តស្មោះគ្រប់លក្ខណៈរហូតដល់ស្លាប់។ (លូក. ១៥:៧) ព្រះយេហូវ៉ានិងបុគ្គលវិញ្ញាណស្មោះត្រង់ទាំងឡាយត្រេកអរជាមួយនឹងពួកអ្នកដែលបានត្រូវរើសតាំង ដែលទទួលរង្វាន់របស់ពួកគាត់ដោយមាន«អំណរក្រៃលែង»។—សូមអាន យ៉ូហានទី១ ៣:២
៩. ចំពោះគ្រិស្តសាសនិកស្មោះត្រង់ដែលបានត្រូវរើសតាំង តើការអនុញ្ញាតឲ្យចូលក្នុងរាជាណាចក្ររបស់ព្រះជា«ពរដ៏វិសេស»យ៉ាងដូចម្ដេច? ហើយតើសេចក្ដីសង្ឃឹមនេះមានឥទ្ធិពលយ៉ាងណាទៅលើអ្នកដែលបានត្រូវរើសតាំងដែលនៅសល់លើផែនដី?
៩ ដូចគ្នាដែរ ពេត្រុសបានសរសេរទៅឲ្យគ្រិស្តសាសនិកដែលបានត្រូវរើសតាំងថា បើពួកគេព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថា ពួកគេស្មោះត្រង់ជានិច្ច ដើម្បីរក្សាខ្លួនឲ្យនៅក្នុងចំណោមពួកអ្នកដែលព្រះបានហៅ នោះពួកគេ«នឹងទទួលពរដ៏វិសេស គឺ[ពួកគេ]នឹងទទួលការអនុញ្ញាតឲ្យចូលក្នុងរាជាណាចក្រដែលស្ថិតស្ថេរជានិរន្តរ៍របស់លោកយេស៊ូគ្រិស្ត ដែលជាអ្នកសង្គ្រោះនិងជាម្ចាស់របស់យើង»។ (២ពេ. ១:១០, ១១) ពេលពេត្រុសសរសេរថាពួកគេនឹងទទួលការអនុញ្ញាតឲ្យចូលក្នុងរាជាណាចក្រនៅស្ថានសួគ៌ដោយមាន«ពរដ៏វិសេស» គាត់ប្រហែលជាចង់បញ្ជាក់ថាពួកគេនឹងចូលស្ថានសួគ៌ដោយមានសិរីរុងរឿង។ «ពរដ៏វិសេស»នេះក៏អាចសំដៅទៅលើពរជាច្រើនដែលពួកគេនឹងទទួលនៅស្ថានសួគ៌ដែរ។ ពួកគេអាចពិចារណាអំពីភាពស្មោះត្រង់របស់ខ្លួនដោយមានចិត្តដឹងគុណចំពោះព្រះ និងមានអំណរយ៉ាងក្រៃ លែង។ សេចក្ដីសង្ឃឹមនេះប្រាកដជាធ្វើឲ្យគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែលនៅសល់លើផែនដីមានកម្លាំងក្នុងការ«ប្រុងប្រៀបគំនិតដើម្បីធ្វើសកម្មភាព»។—១ពេ. ១:១៣
«សេចក្ដីសង្ឃឹម»របស់ចៀមឯទៀត
១០, ១១. (ក) តើពួកចៀមឯទៀតមានសេចក្ដីសង្ឃឹមអ្វី? (ខ) តើគ្រិស្តនិង«គ្រាដែលកូនព្រះនឹងត្រូវសម្ដែង» ទាក់ទងសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីយ៉ាងដូចម្ដេច?
១០ សាវ័កប៉ូលបានសរសេរអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យរបស់ពួកអ្នកដែលបានត្រូវរើសតាំងដោយសកម្មពលឲ្យក្លាយជា«កូនព្រះ»ថា ជា«អ្នកទទួលមត៌ក»ជាមួយនឹងគ្រិស្ត។ ក្រោយមក គាត់បានបញ្ជាក់សេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលព្រះយេហូវ៉ាផ្ដល់ឲ្យពួកចៀមឯទៀតដែលគ្មានចំនួនកំណត់ ដោយនិយាយថា៖ «អ្វីៗដែលព្រះបានបង្កើត[មនុស្សជាតិ]កំពុងទន្ទឹងរង់ចាំយ៉ាងរំភើបនូវគ្រាដែលកូនព្រះ[ពួកអ្នកដែលបានត្រូវរើសតាំង]នឹងត្រូវសម្ដែង។ អ្វីដែលព្រះបានបង្កើតបានត្រូវបណ្ដាលឲ្យមានជីវិតដែលជាអសារឥតការ មិនមែនដោយបំណងប្រាថ្នារបស់ពួកគេឡើយ តែដោយបំណងប្រាថ្នារបស់ព្រះវិញ ដោយផ្ដល់សេចក្ដីសង្ឃឹមថា អ្វីៗដែលព្រះបានបង្កើតក៏នឹងត្រូវរំដោះឲ្យរួចពីចំណងនៃការខូចរលួយ ដើម្បីមានសេរីភាពរុងរឿងជាកូនព្រះ»។—រ៉ូម ៨:១៤-២១
១១ ព្រះយេហូវ៉ាបានផ្ដល់«សេចក្ដីសង្ឃឹម»ដល់មនុស្សជាតិ ពេលដែលលោកបានសន្យាថា តាមរយៈ«ពូជ»ដែលបានត្រូវសន្យា លោកនឹងសង្គ្រោះពួកគេពី«ពស់ដំបូងបង្អស់»គឺមេកំណាចនិងសាថាន។ (បប. ១២:៩; លោ. ៣:១៥) លោកយេស៊ូគ្រិស្តគឺជាផ្នែកដ៏សំខាន់បំផុតនៃ«ពូជ»នេះ។ (កាឡ. ៣:១៦) តាមរយៈមរណភាពរបស់លោកយេស៊ូនិងការប្រោសឲ្យរស់ឡើងវិញ លោកបានផ្ដល់មូលដ្ឋានដ៏រឹងមាំឲ្យមនុស្សជាតិមានសេចក្ដីសង្ឃឹមរួចផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ការសម្រេចនៃសេចក្ដីសង្ឃឹមនេះគឺទាក់ទងនឹង«គ្រាដែលកូនព្រះនឹងត្រូវសម្ដែង»។ ពួកអ្នកដែលបានត្រូវរើសតាំងឲ្យទទួលសិរីរុងរឿងនៅស្ថានសួគ៌គឺជាផ្នែកទី២នៃ«ពូជ»នោះ។ ពួកគាត់នឹងត្រូវ‹បានសម្ដែង› គឺពេលដែលពួកគាត់រួមចំណែកជាមួយនឹងគ្រិស្តក្នុងការបំផ្លាញរបៀបរបបពិភពលោកដ៏អាក្រក់របស់សាថាន។ (បប. ២:២៦, ២៧) យ៉ាងនេះ ពួកចៀមឯទៀតដែលចេញពីគ្រាវេទនាដ៏ខ្លាំងនឹងទទួលសេចក្ដីសង្គ្រោះ។—បប. ៧:៩, ១០, ១៤
១២. ពេលដែលពួកអ្នកដែលបានត្រូវរើសតាំងនឹងត្រូវបានបើកសម្ដែង តើមនុស្សជាតិនឹងទទួលប្រយោជន៍ដ៏អស្ចារ្យអ្វី?
១២ លទ្ធផលនៃការគ្រប់គ្រង១.០០០ឆ្នាំរបស់គ្រិស្តនឹងជួយមនុស្សជាតិបានច្រើនណាស់! នៅគ្រានោះ សិរីរុងរឿងរបស់«កូនព្រះ»នឹង‹ត្រូវបានសម្ដែង›ថែមទៀត ពេលពួកគាត់ធ្វើជាសង្ឃជាមួយគ្រិស្ត ព្រមទាំងផ្ដល់ផលប្រយោជន៍ពីគ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូដល់មនុស្សជាតិ។ ក្នុងនាមជារាស្ត្ររបស់រាជាណាចក្រនៅស្ថានសួគ៌ «អ្វីៗដែលព្រះបានបង្កើត»នឹងចាប់ផ្ដើមរួចផុតពីឥទ្ធិពលនៃអំពើខុសឆ្គងនិងសេចក្ដីស្លាប់។ មនុស្សដែលស្ដាប់បង្គាប់«នឹងត្រូវរំដោះឲ្យរួចពីចំណងនៃការខូចរលួយ»បន្ដិចម្ដងៗ។ បើពួកគេនៅតែស្មោះត្រង់នឹងព្រះយេហូវ៉ារហូតដល់ផុត១.០០០ឆ្នាំនិងក្នុងអំឡុងការសាកល្បងចុងក្រោយ ឈ្មោះរបស់ពួកគេនឹងត្រូវកត់ទុកជាអចិន្ត្រៃយ៍ក្នុង«បញ្ជីជីវិត»។ ពួកគេនឹងមាន«សេរីភាពរុងរឿងជាកូនព្រះ»។ (បប. ២០:៧, ៨, ១១, ១២) នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន!
ចូរធ្វើឲ្យសេចក្ដីសង្ឃឹមដក់ជាប់ក្នុងចិត្តរបស់អ្នកជានិច្ច
១៣. តើយើងមានសេចក្ដីសង្ឃឹមដោយសារអ្វី? ហើយតើគ្រិស្តនឹងត្រូវសម្ដែងនៅពេលណា?
១៣ សំបុត្រទាំងពីររបស់ពេត្រុសបានជួយពួកអ្នកដែលបានត្រូវរើសតាំងនិងពួកចៀមឯទៀតយ៉ាងច្រើនក្នុងការធ្វើឲ្យសេចក្ដីសង្ឃឹមដក់ជាប់ក្នុងចិត្តរបស់ពួកគេជានិច្ច។ គាត់បានបញ្ជាក់ថា ពួកគេមានសេចក្ដីសង្ឃឹមនេះមិនមែនដោយសារកិច្ចការរបស់ពួកគេនោះទេ តែដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាវិញ។ ពេត្រុសបានសរសេរថា៖ «ចូរដឹងខ្លួនក្នុងគ្រប់ការទាំងអស់ ចូរសង្ឃឹមលើគុណដ៏វិសេសលើសលប់ដែលអ្នករាល់គ្នានឹងទទួលពេលដែលលោកយេស៊ូគ្រិស្តនឹងត្រូវសម្ដែង»។ (១ពេ. ១:១៣) គ្រិស្តនឹងត្រូវសម្ដែង ពេលដែលលោកមកដើម្បីឲ្យរង្វាន់ដល់ពួកអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោក និងពេលលោកដាក់ទោសមនុស្សទុច្ចរិតតាមការវិនិច្ឆ័យរបស់ព្រះយេហូវ៉ា។—សូមអាន ថែស្សាឡូនិចទី២ ១:៦-១០
១៤, ១៥. (ក) ដើម្បីធ្វើឲ្យសេចក្ដីសង្ឃឹមដក់ជាប់ក្នុងចិត្តរបស់យើងជានិច្ច តើយើងត្រូវប្រមូលអារម្មណ៍ទៅលើអ្វី? (ខ) តើពេត្រុសបានឲ្យឱវាទអ្វី?
១៤ ដើម្បីធ្វើឲ្យសេចក្ដីសង្ឃឹមដក់ជាប់ក្នុងចិត្តរបស់យើងជានិច្ច យើងត្រូវចាំមិនភ្លេចថា«ថ្ងៃរបស់ព្រះយេហូវ៉ា»គឺជិតដល់ហើយ។ ចិត្តគំនិតនេះគួរមានឥទ្ធិពលទៅលើអ្វីទាំងអស់ដែលយើងធ្វើ។ នៅថ្ងៃនោះ «មេឃ»ឬការគ្រប់គ្រងរបស់មនុស្សដែលមាននៅសព្វថ្ងៃនេះនឹងត្រូវ២ពេ. ៣:១០-១២
បំផ្លាញចោល ជាមួយនឹង«ផែនដី»ឬសង្គមមនុស្សអាក្រក់និង«ធាតុនានា»របស់វា។ ពេត្រុសបានសរសេរថា៖ «អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា . . . ដោយទន្ទឹងហើយចាំជាប់ជានិច្ចនូវការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា។ តាមរយៈថ្ងៃនោះ មេឃនឹងត្រូវភ្លើងឆេះរលាយសាបសូន្យ ឯធាតុនានានឹងក្ដៅក្រៃលែងហើយរលាយបាត់ទៅ!»។—១៥ «មេឃថ្មី[រាជរដ្ឋាភិបាលរបស់គ្រិស្ត]និងផែនដីថ្មី[សង្គមមនុស្សថ្មី]»នឹងជំនួស«មេឃ»និង«ផែនដី»នៅបច្ចុប្បន្ននេះ។ (២ពេ. ៣:១៣) ដោយសារយើងកំពុង«ទន្ទឹងរង់ចាំ»ឬធ្វើឲ្យសេចក្ដីសង្ឃឹមអំពីពិភពលោកថ្មីដក់ជាប់ក្នុងចិត្តរបស់យើង នោះពេត្រុសបានឲ្យឱវាទយ៉ាងចំៗថា៖ «ដូច្នេះ បងប្អូនទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាកំពុងទន្ទឹងការទាំងនេះ ចូរខំអស់ពីសមត្ថភាព ដើម្បីនៅទីបំផុតលោកនឹងឃើញថា អ្នករាល់គ្នាគឺឥតស្នាមប្រឡាក់ ស្អាតស្អំ ហើយមានសន្ដិភាព»។—២ពេ. ៣:១៤
ចូររស់នៅស្របតាមសេចក្ដីសង្ឃឹមរបស់យើង
១៦, ១៧. (ក) តើ«ការប្រព្រឹត្តបរិសុទ្ធ»និង«ការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ»ត្រូវរួមបញ្ចូលអ្វីខ្លះ? (ខ) តើសេចក្ដីសង្ឃឹមរបស់យើងនឹងបានសម្រេចយ៉ាងដូចម្ដេច?
១៦ យើងមិនគ្រាន់តែធ្វើឲ្យសេចក្ដីសង្ឃឹមដក់ជាប់ក្នុងចិត្តរបស់យើងប៉ុណ្ណោះទេ តែយើងក៏ត្រូវរស់នៅស្របតាមសេចក្ដីសង្ឃឹមរបស់យើងដែរ។ យើងគួរពិចារណាថាយើងជាមនុស្សដែលព្រះពេញចិត្តឬយ៉ាងណា។ ក្នុង«ការប្រព្រឹត្តបរិសុទ្ធ»រួមមានការ«ប្រព្រឹត្តល្អប្រសើរជានិច្ចក្នុងចំណោមមនុស្សខាងពិភពលោកនេះ»ដោយធ្វើអ្វីដែលព្រះចាត់ទុកថាត្រឹមត្រូវ។ (២ពេ. ៣:១១; ១ពេ. ២:១២) យើងក៏ត្រូវ«ស្រឡាញ់គ្នា»ដែរ។ នេះរួមបញ្ចូលការធ្វើអ្វីៗទាំងអស់ដើម្បីរក្សាសាមគ្គីភាពក្នុងក្រុមជំនុំ ហើយការធ្វើដូច្នេះនឹងជួយឲ្យមានសាមគ្គីភាពជាមួយបងប្អូនរួមជំនឿទូទាំងពិភពលោក។ (យ៉ូន. ១៣:៣៥) «ការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ»សំដៅទៅលើការប្រព្រឹត្តដែលបង្ហាញថាយើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ នេះរួមបញ្ចូលការអធិដ្ឋានដែលមានន័យខ្លឹមសារ អានគម្ពីរជារៀងរាល់ថ្ងៃ សិក្សាផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅ គោរពប្រណិប័តន៍ជាក្រុមគ្រួសារ និងចូលរួមផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›។—ម៉ាថ. ២៤:១៤
១៧ យើងម្នាក់ៗចង់ធ្វើជាមនុស្សដែលព្រះយេហូវ៉ាពេញចិត្ត ហើយជាមនុស្សដែលព្រះនឹងសង្គ្រោះ ពេលដែលលោកបំផ្លាញរបៀបរបបនៃពិភពលោកដ៏អាក្រក់នៅសម័យនេះឲ្យ«រលាយសាបសូន្យ»។ ដូច្នេះបើយើងជាមនុស្សប្រភេទនោះ យើងនឹងមាន«សេចក្ដីសង្ឃឹមឲ្យបានជីវិតគ្មានទីបញ្ចប់ ជាអ្វីដែលព្រះដែលមិនអាចកុហក បានសន្យាតាំងពីយូរយារណាស់មកហើយ»។—ទីត. ១:២
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២២]
ពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំង«កើតជាថ្មីដើម្បីឲ្យមានសេចក្ដីសង្ឃឹមដែលស្ថិតស្ថេរ»
[រូបភាពនៅទំព័រ២៤]
ចូរធ្វើឲ្យសេចក្ដីសង្ឃឹមដក់ជាប់ក្នុងចិត្តរបស់ក្រុមគ្រួសារអ្នកជានិច្ច