លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្លើយចំពោះសំណួររបស់យើងស្ដីអំពីលោកយេស៊ូ

ចម្លើយចំពោះសំណួររបស់យើងស្ដីអំពីលោកយេស៊ូ

ចម្លើយ​ចំពោះ​សំណួរ​របស់​យើង​ស្តី​អំពី​លោក​យេស៊ូ

​«​តើ​បណ្ដា​ជន​ថា​ខ្ញុំ​ជា​អ្នក​ណា?​»។—លូកា ៩:១៨

​លោក​យេស៊ូ​បាន​សួរ​សំណួរ​នេះ ដោយ​សារ​លោក​បាន​ដឹង​ថា​បណ្ដា​ជន​មាន​ទស្សនៈ​ផ្សេង​ៗ​ស្តី​អំពី​លោក។ ប៉ុន្តែ គ្មាន​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​យល់​ច្រឡំ​អំពី​លោក​ទេ ព្រោះ​លោក​យេស៊ូ​មិន​បាន​ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ ឬ​ធ្វើ​អ្វី​ដោយ​សម្ងាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ដើរ​សំណេះសំណាល​ជា​មួយ​នឹង​មនុស្ស​នៅ​ក្នុង​ភូមិ និង​ក្នុង​ទី​ក្រុង​របស់​ពួក​គេ។ លោក​បាន​ផ្សព្វ​ផ្សាយ និង​បង្រៀន​មនុស្ស​នៅ​ទី​សាធារណៈ ពីព្រោះ​លោក​ចង់​ឲ្យ​មនុស្ស​ស្គាល់​សេចក្ដី​ពិត​អំពី​លោក។—លូកា ៨:១

យើង​អាច​ដឹង​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក ដែល​បាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ក្នុង​គម្ពីរ​គឺ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន។ កំណត់​ហេតុ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​នេះ​គឺជា​មូលដ្ឋាន​សម្រាប់​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ស្តី​អំពី​លោក​យេស៊ូ។—យ៉ូហាន ១៧:១៧

សំណួរ: តើ​ពិត​ជា​ធ្លាប់​មាន​លោក​យេស៊ូ​ឬ​ទេ?

ចម្លើយ: ពិត​ជា​ធ្លាប់​មាន។ ប្រវត្ដិវិទូ​ជា​ច្រើន រួម​មាន​យ៉ូសេហ្វឺស និង ថាស៊ីថឹស​ដែល​រស់​នៅ​សតវត្សរ៍​ទី​១ បាន​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​បុគ្គល​ម្នាក់​ដែល​លេច​ធ្លោ​ក្នុង​ទំព័រ​ប្រវត្ដិសាស្ត្រ។ សំខាន់​ជាង​នោះ​ទៅ​ទៀត សៀវភៅ​ដំណឹង​ល្អ​ទាំង​នោះ​បាន​បញ្ជាក់​តាម​របៀប​ដែល​នាំ​ឲ្យ​យើង​ជឿ​ជាក់​ថា​លោក​យេស៊ូ​ជា​បុគ្គល​មួយ​ពិត​មែន មិន​មែន​ជា​តួ​អង្គ​មួយ​ដែល​គេ​ប្រឌិត​ឡើង​ឡើយ។ កំណត់​ហេតុ​នោះ​បាន​បញ្ជាក់​យ៉ាង​ចំ​ៗ​និង​ល្អិត​ល្អន់​អំពី​ពេល​វេលា​និង​ទី​កន្លែង។ ជា​ឧទាហរណ៍ លូកា​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​រៀប​រាប់​អំពី​អ្នក​គ្រប់​គ្រង​៧​នាក់ ពេល​ដែល​គាត់​បញ្ជាក់​អំពី​ឆ្នាំ​ដែល​លោក​យេស៊ូ​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​លោក ហើយ​ប្រវត្ដិវិទូ​បាន​ផ្ដល់​ទី​សំ​អាង​ថា​មាន​ឈ្មោះ​ទាំង​នោះ​មែន។—លូកា ៣:១, ២, ២៣

ទី​សំ​អាង​គឺ​ពិត​ជា​គួរ​ឲ្យ​ជឿ​ជាក់​មែន​ដែល​ថា​ធ្លាប់​មាន​លោក​យេស៊ូ។ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា​៖ ​«​ប្រវត្ដិវិទូ​ភាគ​ច្រើន​ទទួល​ស្គាល់​ថា បុរស​ម្នាក់​ដែល​ត្រូវ​គេ​ស្គាល់​ជា​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត ពិត​ជា​បាន​រស់​នៅ​សតវត្សរ៍​ទី​១​មែន​»​ (​Evidence for the Historical Jesus​)។

សំណួរ: តើ​លោក​យេស៊ូ​ជា​ព្រះ​ឬ?

ចម្លើយ: មិន​មែន​ទេ។ លោក​យេស៊ូ​មិន​ដែល​ចាត់​ទុក​ថា​ខ្លួន​ស្មើ​នឹង​ព្រះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​បង្ហាញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​លោក​មាន​ឋានៈ​ទាប​ជាង​ព្រះ​យេហូវ៉ា។ * ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ហៅ​ព្រះ​យេហូវ៉ា​ថា​៖ ‹ព្រះ​របស់​ខ្ញុំ​អើយ!› និង​«​ព្រះ​ពិត​តែ​មួយ​»។ (​ម៉ាថាយ ២៧:៤៦; យ៉ូហាន ១៧:៣​) មាន​តែ​អ្នក​ដែល​មាន​ឋានៈ​ទាប​ជាង​បុគ្គល​ម្នាក់​ទៀត​ទេ ទើប​អាច​ប្រើ​ពាក្យ​នេះ​បាន។ បុគ្គល​ម្នាក់​ហៅ​ចៅហ្វាយ​របស់​គាត់​ថា​«​ចៅហ្វាយ​របស់​ខ្ញុំ​»​ គឺ​បញ្ជាក់​ច្បាស់​ថា​គាត់​ដាក់​ខ្លួន​ក្នុង​ឋានៈ​ទាប​ជាង​ចៅហ្វាយ។

លោក​យេស៊ូ​ក៏​បាន​បញ្ជាក់​ថា​លោក​ជា​បុគ្គល​ម្នាក់​ផ្សេង​ពី​ព្រះ។ នៅ​ពេល​មួយ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ដែល​ប្រឆាំង​នឹង​អំណាច​របស់​លោក​ថា​៖ ​«​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចែង​ថា​៖ ‹ការ​បញ្ជាក់​របស់​សាក្សី​ពីរ​នាក់​គឺជា​ការ​ពិត›។ មួយ​គឺ​ខ្ញុំ ដែល​បញ្ជាក់​អំពី​ខ្លួន​ខ្ញុំ ហើយ​មួយ​ទៀត​គឺ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក លោក​ក៏​បញ្ជាក់​អំពី​ខ្ញុំ​ដែរ​»។ (​យ៉ូហាន ៨:១៧, ១៨​) លោក​យេស៊ូ​ត្រូវ​តែ​ជា​បុគ្គល​មួយ​ផ្សេង​ពី​ព្រះ​យេហូវ៉ា។ បើ​មិន​ដូច្នេះ​ទេ តើ​លោក​យេស៊ូ​អាច​បញ្ជាក់​ថា​មាន​សាក្សី​ពីរ​នាក់​យ៉ាង​ដូច​ម្ដេច​បាន?

សំណួរ: តើ​លោក​យេស៊ូ​គ្រាន់តែ​ជា​មនុស្ស​ល្អ​ម្នាក់​ឬ?

ចម្លើយ: មិន​មែន​ទេ។ លោក​បាន​ធ្វើ​អ្វី​ដែល​លើស​ពី​ការ​ល្អ​ទៅ​ទៀត។ លោក​យេស៊ូ​បាន​ដឹង​ថា​លោក​បាន​បំពេញ​តួនាទី​ដ៏​សំខាន់​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ តួនាទី​ទាំង​នោះ​មាន​ដូច​ជា:

● ​«​បុត្រ​តែ​មួយ​របស់​ព្រះ​»។ ​(​យ៉ូហាន ៣:១៨​) លោក​យេស៊ូ​បាន​ដឹង​អំពី​ដើម​កំណើត​របស់​លោក។ តាម​ពិត លោក​មាន​ជីវិត​ជា​យូរ​យារ​មុន​លោក​កើត​នៅ​ផែនដី។ លោក​បាន​ពន្យល់​ថា​៖ ​«​ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌​»។ (​យ៉ូហាន ៦:៣៨​) ព្រះ​បាន​បង្កើត​លោក​យេស៊ូ​មុន​គេ​បង្អស់ ហើយ​លោក​បាន​ជួយ​ព្រះ​ដើម្បី​បង្កើត​អ្វី​ៗ​ទាំង​អស់។ ដោយ​សារ​លោក​យេស៊ូ​ជា​បុគ្គល​តែ​ម្នាក់​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់ នោះ​គេ​អាច​ហៅ​លោក​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​បុត្រ​តែ​មួយ​របស់​ព្រះ​»។—យ៉ូហាន ១:៣, ១៤; កូឡុស ១:១៥, ១៦

● ​«​កូន​មនុស្ស​»។ ​(​ម៉ាថាយ ៨:២០​) ជា​ច្រើន​ដង លោក​យេស៊ូ​បាន​ហៅ​ខ្លួន​លោក​ថា​៖ ​«​កូន​មនុស្ស​»​ ហើយ​ពាក្យ​នេះ​មាន​នៅ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ប្រហែល​៨០​ដង។ ពាក្យ​នេះ​បាន​បញ្ជាក់​ថា​លោក​ជា​មនុស្ស​សុទ្ធសាធ ហើយ​មិន​មែន​ជា​ព្រះ​ដែល​បាន​កាឡា​ខ្លួន​ធ្វើ​ជា​មនុស្ស​ទេ។ តើ​បុត្រ​តែ​មួយ​របស់​ព្រះ​បាន​កើត​ជា​មនុស្ស​តាម​របៀប​ណា? ដោយ​សារ​សកម្មពល​បរិសុទ្ធ ព្រះ​យេហូវ៉ា​បាន​បញ្ជូន​ជីវិត​បុត្រ​របស់​លោក​ឲ្យ​បង្ក​កំណើត​នៅ​ក្នុង​ផ្ទៃ​នៃ​ស្ត្រីជន​ជាតិ​យូដា​ម្នាក់​ដែល​ជា​ក្រមុំ​បរិសុទ្ធ។ ជា​លទ្ធផល លោក​យេស៊ូ​បាន​កើត​មក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ និង​គ្មាន​ភាព​ខុស​ឆ្គង​ទេ។—ម៉ាថាយ ១:១៨; លូកា ១:​៣៥; យ៉ូហាន ៨:៤៦

● ​«​លោក​គ្រូ​»។ ​(​យ៉ូហាន ១៣:១៣​) លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​កិច្ចការ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​លោក​គឺ ​«​បង្រៀន . . . និង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​»។ (​ម៉ាថាយ ៤:២៣; លូកា ៤:៤៣​) លោក​បាន​ពន្យល់​យ៉ាង​ច្បាស់​និង​ស្រួល​យល់​ថា តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? ហើយ​តើ​រាជាណាចក្រ​នោះ​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា?—ម៉ាថាយ ៦:៩,១០

● ​«​បណ្ដាំ​»។ ​(​យ៉ូហាន ១:១​) ពេល​ព្រះ​ប្រាប់​ព័ត៌មាន​អ្វី​មួយ​ឬ​ផ្ដល់​ការ​ណែនាំ​ដល់​អ្នក​ឯ​ទៀត លោក​យេស៊ូ​ជា​អ្នក​នាំ​ពាក្យ​របស់​លោក។ ព្រះ​យេហូវ៉ា​បាន​ប្រើ​លោក​យេស៊ូ​ដើម្បី​នាំ​ពាក្យ​របស់​លោក​មក​ប្រាប់​មនុស្ស​នៅ​ផែនដី។—យ៉ូហាន ៧:១៦, ១៧

សំណួរ: តើ​លោក​យេស៊ូ​ជា​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា​ចាត់​ឲ្យ​មក​មែន​ឬ?

ចម្លើយ: មែន។ គម្ពីរ​បាន​ទាយ​អំពី​មេស្ស៊ី​ដែល​នឹង​ត្រូវ​មក ឬ​គ្រិស្ត​ដែល​មាន​ន័យ​ថា​«​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​»។ អ្នក​ដែល​បាន​ត្រូវ​សន្យា​នេះ​នឹង​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ។ នៅ​ពេល​មួយ ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​បាន​ប្រាប់​លោក​យេស៊ូ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​មេស្ស៊ី​ដែល​គេ​ហៅ​ថា​គ្រិស្ត​នឹង​មក​ដល់​»។ លោក​យេស៊ូ​បាន​ប្រាប់​នាង​ចំ​ៗ​ថា​៖ ​«​ខ្ញុំ​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​នាង គឺជា​លោក​នោះ​ហើយ​»។—យ៉ូហាន ៤:២៥, ២៦

តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី​នោះ? មាន​ទី​សំ​អាង​បី​ដែល​រួម​គ្នា​ផ្ដល់​ជា​ភ័ស្តុតាង​យ៉ាង​ជាក់​ស្តែង​អំពី​លោក​យេស៊ូ ប្រៀប​ដូច​ជា​ស្នាម​ក្រយៅ​ដៃ​របស់​មនុស្ស​ដែល​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ។ តើ​ភ័ស្តុតាង​ទាំង​បី​នោះ​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី​ឬ​ទេ? សូម​ពិចារណា​ដូច​ត​ទៅ:

សែស្រឡាយ​របស់​លោក។ គម្ពីរ​បាន​ទាយ​ថា​មេស្ស៊ី​នឹង​ត្រូវ​ជា​កូន​ចៅ​របស់​អាប្រាហាំ តាម​រយៈ​សែស្រឡាយ​របស់​ក្រុម​គ្រួសារ​ដាវីឌ។ (​លោកុប្បត្តិ ២២:១៨; ទំនុកតម្កើង ១៣២:១១, ១២​) លោក​យេស៊ូ​ជា​កូន​ចៅ​របស់​ពួក​គាត់​ទាំង​ពីរ​នាក់​មែន។—ម៉ាថាយ ១:១​-​១៦; លូកា ៣:២៣​-​៣៨

ទំនាយ​ដែល​បាន​សម្រេច។ បទ​គម្ពីរ​ភាសា​ហេប្រឺ​មាន​ទំនាយ​ជា​ច្រើន​អំពី​ជីវិត​របស់​មេស្ស៊ី​ពេល​លោក​នៅ​ផែនដី ដែល​រួម​បញ្ចូល​ព័ត៌មាន​យ៉ាង​ល្អិត​ល្អន់​អំពី​កំណើត​និង​មរណៈ​ភាព​របស់​លោក។ លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​ទាំង​អស់​នោះ។ ក្នុង​ចំណោម​ទំនាយ​ទាំង​នោះ មាន​ដូច​ជា: លោក​បាន​កើត​នៅ​ក្រុង​បេថ្លេហិម (​មីកា ៥:១; លូកា ២:៤​-​១១​) លោក​បាន​ត្រូវ​ហៅ​ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីប (​ហូសេ ១១:១; ម៉ាថាយ ២:១៥​) ហើយ​លោក​ត្រូវ​គេ​សម្លាប់​ដោយ​មិន​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។ (​ទំនុកតម្កើង ៣៤:២០; យ៉ូហាន ១៩:៣៣, ៣៦​) លោក​យេស៊ូ​ពិត​ជា​មិន​អាច​ធ្វើ​ឲ្យ​ព្រឹត្ដិការណ៍​ទាំង​នោះ​កើត​ឡើង​ក្នុង​ជីវិត​របស់​លោក​ដើម្បី​សម្រេច​ទំនាយ​ទាំង​អស់​ស្តី​អំពី​មេស្ស៊ី​ឡើយ។ *

ការ​បញ្ជាក់​ពី​ព្រះ​ផ្ទាល់។ នៅ​ពេល​លោក​យេស៊ូ​កើត​មក ព្រះ​បាន​ចាត់​ពួក​ទេវតា​ឲ្យ​ប្រាប់​ដល់​ពួក​គង្វាល​ថា មេស្ស៊ី​បាន​កើត​មក​ហើយ។ (​លូកា ២:១០​-​១៤​) អស់​ប៉ុន្មាន​ដង ក្នុង​អំឡុង​ពេល​លោក​យេស៊ូ​បំពេញ​កិច្ច​បម្រើ ព្រះ​បាន​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌​ដែល​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​នឹង​លោក​យេស៊ូ។ (​ម៉ាថាយ ៣:១៦, ១៧; ១៧:១​-​៥​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ធ្វើ​ការ​អស្ចារ្យ ដើម្បី​បង្ហាញ​ភ័ស្តុតាង​កាន់​តែ​ច្រើន​ថែម​ទៀត​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី។—សកម្មភាព ១០:៣៨

សំណួរ: ហេតុ​អ្វី​លោក​យេស៊ូ​ត្រូវ​រង​ទុក្ខ​និង​ស្លាប់?

ចម្លើយ: ដោយ​សារ​លោក​យេស៊ូ​ជា​បុរស​ដែល​គ្មាន​ភាព​ខុស​ឆ្គង នោះ​លោក​មិន​សម​នឹង​រង​ទុក្ខ​ទេ។ លោក​ក៏​មិន​សម​នឹង​ឲ្យ​គេ​ដំ​ដែក​គោល​ព្យួរ​នៅ​លើ​បង្គោល​ទារុណកម្ម​ដែល​ជា​វិធី​សម្លាប់​ឧក្រិដ្ឋជន រួច​ទុក​ឲ្យ​ស្លាប់​ដោយ​គ្មាន​កិត្ដិយស​បែប​នោះ​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​បាន​ដឹង​ទុក​ជា​មុន​អំពី​រឿង​ទាំង​នេះ ហើយ​លោក​សុខ​ចិត្ត​ទទួល។—ម៉ាថាយ ២០:១៧​-​១៩; ពេត្រុសទី១ ២:​២១​-​២៣

ទំនាយ​អំពី​មេស្ស៊ី​បាន​ទាយ​ថា មេស្ស៊ី​ត្រូវ​រង​ទុក្ខ​និង​ស្លាប់​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​មនុស្ស​ឯ​ទៀត។ (​អេសាយ ៥៣:៥; ដានីយ៉ែល ៩:២៤, ២៦​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​មក​ដើម្បី​«​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​»។ (​ម៉ាថាយ ២០:​២៨​) ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​ជីវិត​របស់​លោក​យេស៊ូ​ដែល​ទុក​ជា​ថ្លៃ​លោះ​មាន​ឱកាស​ដើម្បី​រួច​ផុត​ពី​ភាព​ខុស​ឆ្គង និង​សេចក្ដី​ស្លាប់ ហើយ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ជា​សួន​ឧទ្យាន។ *យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:៩, ១០

សំណួរ: តើ​យើង​អាច​ជឿ​បាន​ទេ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

ចម្លើយ: ជឿ​បាន។ លោក​យេស៊ូ​បាន​ដឹង​យ៉ាង​ច្បាស់​ថា លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​ម៉ាថាយ ១៦:២១​) ក៏​ប៉ុន្តែ ជា​ការ​សំខាន់​ឲ្យ​យើង​កត់​សម្គាល់​ថា លោក​យេស៊ូ និង​បទ​គម្ពីរ​មិន​បាន​អះអាង​ថា​លោក​នឹង​ត្រូវ​រស់​ឡើង​វិញ​ដោយ​កម្លាំង​ធម្មជាតិ​ទេ។ គំនិត​បែប​នេះ​គឺ​ហួស​ពី​ការ​ជឿ​របស់​យើង​ឆ្ងាយ​ណាស់។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បាន​ចែង​ថា​៖ ​«​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ដោយ​ស្រាយ​ចំណង​នៃ​សេចក្ដី​ស្លាប់​»។ (​សកម្មភាព ២:២៤​) បើ​យើង​ទទួល​ស្គាល់​ថា​មាន​ព្រះ ហើយ​ថា​លោក​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់ នោះ​យើង​មាន​មូលហេតុ​គ្រប់​គ្រាន់​ដើម្បី​ជឿ​ថា លោក​អាច​ប្រោស​បុត្រ​របស់​លោក​ឲ្យ​រស់​ឡើង​វិញ​បាន។—ហេប្រឺ ៣:៤

តើ​មាន​ភ័ស្តុតាង​ដែល​គួរ​ឲ្យ​ជឿ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ? សូម​ពិចារណា​ចំណុច​ដូច​ត​ទៅ:

សក្ខីភាព​របស់​មនុស្ស​ដែល​ឃើញ​ផ្ទាល់​ភ្នែក។ ប្រហែល​២២​ឆ្នាំ​ក្រោយ​លោក​យេស៊ូ​ស្លាប់ សាវ័ក​ប៉ូល​បាន​សរសេរ​ថា ធ្លាប់​មាន​សាក្សី​ជាង​៥០០​នាក់​ដែល​បាន​ឃើញ​លោក​យេស៊ូ​រស់​ឡើង​វិញ ហើយ​ថា​ពួក​គេ​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ​ពេល​ដែល​ប៉ូល​សរសេរ​គម្ពីរ។ (​កូរិនថូស​ទី​១ ១៥:៦​) បើ​មាន​សាក្សី​តែ​ម្នាក់​ឬ​ពីរ​នាក់ គេ​អាច​មិន​យក​ជា​ការ​បាន ប៉ុន្តែ​តើ​អ្នក​ណា​អាច​បដិសេធ​ចំពោះ​សក្ខីភាព​របស់​មនុស្ស​៥០០​នាក់​បាន?

សាក្សី​ដែល​គួរ​ឲ្យ​ជឿ។ នៅ​សម័យ​ដើម ពួក​សាវ័ក​របស់​លោក​យេស៊ូ​ដឹង​ច្បាស់​ជាង​គេ​អំពី​អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង ហើយ​ពួក​គេ​បាន​ប្រកាស​ដោយ​ចិត្ត​ក្លាហាន​ថា លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​សកម្មភាព ២:២៩​-​៣២; ៣:១៣​-​១៥​) តាម​ការ​ពិត ពួក​គេ​មាន​ទស្សនៈ​ថា គ្រិស្ត​សាសនិក​ទាំង​ឡាយ​ត្រូវ​តែ​ជឿ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​កូរិនថូសទី១ ១៥:​១២​-​១៩​) សាវ័ក​ទាំង​នោះ​បាន​សុខ​ចិត្ត​ស្លាប់​ជា​ជាង​បោះបង់​ចោល​ជំនឿ​របស់​ពួក​គេ​ចំពោះ​លោក​យេស៊ូ។ (​សកម្មភាព ៧:៥១​-​៦០; ១២:១, ២​) តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​សុខ​ចិត្ត​ស្លាប់​ដើម្បី​គាំទ្រ​អ្វី​ដែល​ពួក​គេ​ដឹង​ថា​មិន​មែន​ជា​ការ​ពិត​ឬ​ទេ?

យើង​បាន​ពិចារណា​អំពី​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​ដ៏​សំខាន់​៦​ស្តី​អំពី​លោក​យេស៊ូ។ ចម្លើយ​ទាំង​នោះ​បាន​ប្រាប់​យើង​យ៉ាង​ច្បាស់​អំពី​លោក​យេស៊ូ។ ប៉ុន្តែ​តើ​ការ​ដឹង​ឬ​មិន​ដឹង​ចម្លើយ​ទាំង​នោះ​ពិត​ជា​សំខាន់​ឬ​ទេ? បើ​និយាយ​ក្នុង​ន័យ​ម្យ៉ាង​ទៀត តើ​អ្វី​ដែល​លោក​អ្នក​ជឿ​អំពី​លោក​យេស៊ូ​ជា​ការ​សំខាន់​ឬ?

[​កំណត់​សម្គាល់​]

^ វគ្គ 9 ក្នុង​គម្ពីរ យេហូវ៉ា​ជា​នាម​របស់​ព្រះ។

^ វគ្គ 21 ដើម្បី​ដឹង​អំពី​ទំនាយ​ខ្លះ​ៗ​ដែល​លោក​យេស៊ូ​បាន​សម្រេច សូម​មើល​ទំព័រ​២៣១​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?

^ វគ្គ 25 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​ថ្លៃ​លោះ​របស់​លោក​យេស៊ូ សូម​មើល​ជំពូក​ទី​៥​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?