លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការក្បត់គឺជាសញ្ញាសម្គាល់មួយនៃគ្រាចុងក្រោយបង្អស់

ការក្បត់គឺជាសញ្ញាសម្គាល់មួយនៃគ្រាចុងក្រោយបង្អស់

ការ​ក្បត់​គឺជា​សញ្ញា​សម្គាល់​មួយ​នៃ​គ្រា​ចុង​ក្រោយ​បង្អស់

​«​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត ដោយ​មាន​ភក្ដីភាព និង​ដោយ​គ្មាន​កន្លែង​បន្ទោស​បាន​»។—១ថែ. ២:១០

សូម​ពន្យល់​ចំណុច​សំខាន់​ទាំង​នេះ:

តើ​យើង​អាច​ទាញ​មេរៀន​អ្វី ​អំពី​ការ​ក្បត់​របស់​ដេលីឡា អាប់សាឡំម​និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ទុក​ជា​ការ​ព្រមាន​ដល់​យើង?

តើ​យើង​អាច​យក​តម្រាប់​តាម​ភក្ដីភាព​ដែល​យ៉ូណាថាន និង​ពេត្រុស​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​រក្សា​ភក្ដីភាព​របស់​យើង​ឲ្យ​នៅ​រឹង​មាំ​ចំពោះ​គូ​អាពាហ៍ពិពាហ៍​របស់​យើង​និង​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១​-​៣​. ​(​ក​) តើ​អ្វី​ជា​សញ្ញា​សម្គាល់​មួយ​នៃ​គ្រា​ចុង​ក្រោយ​បង្អស់ ហើយ​តើ​នេះ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​បែប​ណា? (​ខ​) តើ​យើង​នឹង​ឆ្លើយ​សំណួរ​បី​យ៉ាង​អ្វី?

តើ​ដេលីឡា អាប់សាឡំម និង​យូដាស​អ៊ីស្ការីយ៉ុត​មាន​លក្ខណៈ​អ្វី​ដូច​គ្នា? ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធតែ​មិន​ស្មោះ​ត្រង់។ ដេលីឡា​មិន​ស្មោះ​ត្រង់​ចំពោះ​ចៅ​ក្រម​សាំសុន​ជា​អ្នក​ដែល​ស្រឡាញ់​នាង។ អាប់សាឡំម​មិន​ស្មោះ​ត្រង់​នឹង​ស្តេច​ដាវីឌ​ដែល​ជា​ឪពុក​របស់​គាត់ ហើយ​យូដាស​អ៊ីស្ការីយ៉ុត​មិន​ស្មោះ​ត្រង់​ចំពោះ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​គាត់។ ក្នុង​ករណី​នីមួយ​ៗ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​សោកស្ដាយ​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ត្រូវ​អន្តរាយ! ប៉ុន្តែ​ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នេះ?

អ្នក​និពន្ធ​ម្នាក់​នៅ​សម័យ​នេះ រាប់​ការ​ក្បត់​ក្នុង​ចំណោម​អំពើ​អាក្រក់​ដែល​មាន​ជា​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ។ នោះ​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ។ ពេល​លោក​យេស៊ូ​ប្រាប់​អំពី​សញ្ញា​សម្គាល់​នៃ​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​ជា​ច្រើន . . . នឹង​ក្បត់​គ្នា​»។ (​ម៉ាថ. ២៤:៣, ១០​) ក្នុង​គម្ពីរ ការ​«​ក្បត់​»​មាន​ន័យ​ថា​«​ប្រគល់​អ្នក​ណា​ម្នាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ​របស់​គាត់​ដោយ​ក្បត់​គាត់​»។ ប៉ូល​បាន​ទាយ​ថា​មនុស្ស​នឹង​«​មិន​ស្មោះ​ត្រង់ . . . ជា​អ្នក​ក្បត់​»។ ការ​មិន​ស្មោះ​ត្រង់​បែប​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​កំពុង​រស់​នៅ​ក្នុង​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​២ធី. ៣:១, ២,​) សូម្បី​តែ​អ្នក​និពន្ធ​សៀវភៅ​រឿង​ឬ​ភាពយន្ត ច្រើន​តែ​ធ្វើ​ឲ្យ​អំពើ​ក្បត់​មើល​ទៅ​ដូច​ជា​រឿង​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​ឬ​រឿង​ស្នេហា ប៉ុន្តែ​ក្នុង​ជីវិត​ពិត ភាព​មិន​ស្មោះ​ត្រង់​និង​ការ​ក្បត់​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​និង​ទុក្ខវេទនា។ ប្រាកដ​ហើយ ទង្វើ​បែប​នេះ​គឺជា​សញ្ញា​សម្គាល់​មួយ​ថា យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់!

តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ខ្លះ​ពី​គម្ពីរ​ស្តី​អំពី​ពួក​អ្នក​ដែល​មិន​ស្មោះ​ត្រង់​នៅ​អតីតកាល? តើ​គំរូ​ណាខ្លះ​របស់​អ្នក​ដែល​បាន​បង្ហាញ​ភក្ដីភាព​ចំពោះ​អ្នក​ឯ​ទៀត​ដែល​យើង​អាច​យក​តម្រាប់​តាម? ហើយ​តើ​យើង​ត្រូវ​រក្សា​ភក្ដីភាព​ឲ្យ​នៅ​រឹង​មាំ​ចំពោះ​អ្នក​ណា? សូម​ឲ្យ​យើង​ពិនិត្យ​មើល​អំពី​រឿង​នេះ។

គំរូ​នៅ​អតីតកាល​ដែល​ទុក​ជា​ការ​ព្រមាន

៤​. តើ​តាម​របៀប​ណា​ដេលីឡា​បាន​ក្បត់​សាំសុន ហើយ​ហេតុ​អ្វី​ការ​ធ្វើ​បែប​នេះ​គឺ​គួរ​ឲ្យ​ស្អប់ខ្ពើម?

មុន​ដំបូង ចូរ​យើង​ពិចារណា​អំពី​ដេលីឡា​ដែល​បាន​សម​គំនិត​ក្បត់​នឹង​ចៅ​ក្រម​សាំសុន​ដែល​បាន​លង់​ចិត្ត​ស្រឡាញ់​នាង។ សាំសុន​បាន​តាំង​ចិត្ត​នាំ​មុខ​ការ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ដើម្បី​រាស្ត្រ​របស់​ព្រះ។ ប្រហែលជា​ដោយ​សារ​ដឹង​ថាដេលីឡា​គ្មាន​សេចក្ដី​ស្រឡាញ់​ស្មោះ​ចំពោះ​សាំសុន នោះ​ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​ទាំង​ប្រាំ​នាក់​បាន​ស្នើ​ផ្ដល់​ប្រាក់​ជា​ច្រើន​ដល់​នាង ដើម្បី​ដឹង​អំពី​អាថ៌​កំបាំង​ដែល​សាំសុន​មាន​កម្លាំង​ខ្លាំង​ដូច​នេះ​ដើម្បី​ឲ្យ​ពួក​គេ​អាច​បំផ្លាញ​សាំសុន។ ដោយ​ចិត្ត​លោភ​លន់ នោះ​ដេលីឡា​បាន​យល់​ព្រម​នឹង​ពួក​គេ ប៉ុន្តែ​ការ​ខំ​ព្យាយាម​របស់​នាង​ដើម្បី​រក​អាថ៌​កំបាំង​របស់​សាំសុន​ត្រូវ​បាន​បរាជ័យ​បី​ដង។ បន្ទាប់​មក​នាង​បាន​បន្ត​ជជីក​សួរ​សាំសុន​ទាំង​«​រំអុក​បង្ខំ​រាល់​តែ​ថ្ងៃ ដោយ​ពាក្យ​សំ​ដី​នាង​»។ នៅ​ទី​បំផុត​«​គាត់​មាន​ចិត្ត​ព្រួយ​សឹង​តែ​នឹង​ស្លាប់​»។ ដូច្នេះ សាំសុន​បាន​ប្រាប់​នាង​ថា សក់​របស់​គាត់​មិន​ដែល​កាត់​ឡើយ ហើយ​បើ​គាត់​កាត់​សក់​នោះ គាត់​នឹង​បាត់បង់​កម្លាំង​ជា​មិន​ខាន។ * ដោយ​ដឹង​ដូច្នេះ នោះ​ដេលីឡា​បាន​ឲ្យ​គេ​កោរ​សក់​របស់​សាំសុន ពេល​ដែល​គាត់​កំពុង​ដេក​លក់​លើ​ភ្លៅ​របស់​នាង ហើយ​បន្ទាប់​មក​នាង​បាន​ប្រគល់​គាត់​ទៅ​ឲ្យ​សត្រូវ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​របស់​ពួក​គេ។ (​ចៅ. ១៦:៤, ៥, ១៥​-​២១​) អ្វី​ដែល​ដេលីឡា​បាន​ប្រព្រឹត្ត​ពិត​ជា​គួរ​ឲ្យ​ស្អប់ខ្ពើម​មែន! ដោយ​សារ​នាង​មាន​ចិត្ត​លោភ​លន់ ដេលីឡា​បាន​ក្បត់​មនុស្ស​ដែល​ស្រឡាញ់​នាង។

៥​. ​(​ក​) តើ​អាប់សាឡំម​បាន​ក្បត់​ដាវីឌ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​នេះ​បង្ហាញ​យ៉ាង​ណា​អំពី​អាប់សាឡំម? (​ខ​) តើ​ដាវីឌ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​អ័ហ៊ីថូផែល​បាន​ក្បត់​គាត់?

បន្ទាប់​មក សូម​ពិចារណា​អំពី​ទង្វើ​ក្បត់​របស់​អាប់សាឡំម។ ដោយ​មាន​មហិច្ឆតា​ដ៏​ខ្លាំង អាប់សាឡំម​បាន​តាំង​ចិត្ត​ដណ្ដើម​រាជ្យ​ពី​ស្តេច​ដាវីឌ​ដែល​ជា​ឪពុក​របស់​គាត់។ មុន​ដំបូង​អាប់សាឡំម​«​បាន​ទាក់​ចិត្ត​ពួក​ជន​ជាតិ​អ៊ីស្រាអែល​»​ ដោយ​ខំ​ផ្គាប់ផ្គុន​បណ្ដា​ជន​ឲ្យ​គាំទ្រ​គាត់​ដោយ​សន្យា​មិន​ស្មោះ​ត្រង់ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​លាក់​ពុត។ អាប់សាឡំម​ឱប​និង​ថើប​បណ្ដា​ជន​ហាក់​ដូច​ជា​គាត់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​បណ្ដា​ជន​និង​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ (​២សាំ. ១៥:២​-​៦​) អាប់សាឡំម​ថែម​ទាំង​បាន​បញ្ចុះ​បញ្ចូល​អ័ហ៊ីថូផែល​ជា​មនុស្ស​ជំនិត​ដែល​ដាវីឌ​ទុក​ចិត្ត​បំផុត។ ក្រោយ​មក​អ័ហ៊ីថូផែល​បាន​ក្បត់​ដាវីឌ ហើយ​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ។ (​២សាំ. ១៥:​៣១​) នៅ​ទំនុកតម្កើង​ទី​៣និង​ទី​៥៥ ដាវីឌ​បាន​ពណ៌​នា​អំពី​ការ​ឈឺ​ចាប់​របស់​គាត់​ដោយ​សារ​ទង្វើ​ក្បត់​ទាំង​នេះ។ (​ទំនុក. ៣:១​-​៨; សូម​អាន ទំនុកតម្កើង ៥៥:១២​-​១៤) អាប់សាឡំម​បាន​បង្ហាញ​ថា​គាត់​មិន​គោរព​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ ដោយ​ប្រើ​ឧបាយ​កល​និង​ផែនការ​ក្បត់​ស្តេច​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង។ (​១រប. ២៨:៥​) នៅ​ទី​បំផុត ការ​ដណ្ដើម​អំណាច​បាន​បរាជ័យ ហើយ​ដាវីឌ​បាន​បន្ត​គ្រប់​គ្រង​ជា​ស្តេច​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង។

៦​. តើ​យូដាស​ក្បត់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច ហើយ​ពេល​ឮ​ឈ្មោះ​យូដាស​ធ្វើ​ឲ្យ​មនុស្ស​នឹក​ឃើញ​ដល់​អ្វី?

ឥឡូវ​សូម​គិត​អំពី​អ្វី​ដែល​ជន​ក្បត់​ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត​បាន​ធ្វើ​ចំពោះ​គ្រិស្ត។ នៅ​បុណ្យ​រំលង​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ជា​មួយ​សាវ័ក​១២​នាក់​របស់​លោក លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​»។ (​ម៉ាថ. ២៦:២១​) ក្រោយ​មក​នៅ​រាត្រី​នោះ លោក​យេស៊ូ​បាន​ប្រាប់​ពេត្រុស យ៉ាកុប និង​យ៉ូហាន​នៅ​សួន​ហ្គេតសេម៉ានី​ថា​៖ ​«​មើល! អ្នក​ដែល​ក្បត់​ខ្ញុំ​បាន​មក​ជិត​ដល់​ហើយ​»។ រំពេច​នោះ យូដាស​បាន​លេច​មក​នៅ​ក្នុង​សួន​ជា​មួយ​ពួក​អ្នក​ដែល​ឃុបឃិត​ជា​មួយ​គាត់ ហើយ​«​គាត់​ដើរ​តម្រង់​ទៅ​ឯ​លោក​យេស៊ូ ហើយ​ពោល​ថា​៖ ‹ជម្រាប​សួរ​រ៉ាប៊ី!›​រួច​ថើប​លោក​ដោយ​ថ្នម​»។ (​ម៉ាថ. ២៦:៤៦​-​៥០; លូក. ២២:៤៧, ៥២​) យូដាស​បាន​«​ក្បត់​បុរស​សុចរិត​នោះ​»​ហើយ​បាន​ប្រគល់​លោក​យេស៊ូ​ទៅ​ឲ្យ​សត្រូវ​របស់​លោក។ តើ​យូដាស​ដែល​ស្រឡាញ់​ប្រាក់​បាន​ធ្វើ​ដូច្នេះ​ដើម្បី​អ្វី? គឺ​ដើម្បី​តែ​ប្រាក់​៣០​កាក់​ប៉ុណ្ណោះ! (​ម៉ាថ. ២៧:៣​-​៥​) ដូច្នេះ​តាំង​ពី​ពេល​នោះ​មក ពេល​ឮ​ឈ្មោះ​យូដាស​ធ្វើ​ឲ្យ​មនុស្ស​នឹក​ឃើញ​ដល់​«​អ្នក​ក្បត់​»​ ជា​ពិសេស​អ្នក​ដែល​ក្បត់​មិត្ត​របស់​គាត់។ *

៧​. តើ​យើង​បាន​រៀន​អ្វី​ពី​ជីវិត​របស់ (​ក​) អាប់សាឡំម​និង​យូដាស (​ខ​) ដេលីឡា?

តើ​យើង​បាន​រៀន​អ្វី​ពី​គំរូ​ដែល​ទុក​ជា​ការ​ព្រមាន? អាប់សាឡំម​និង​យូដាស​ទាំង​ពីរ​នាក់​បាន​ស្លាប់​យ៉ាង​អាម៉ាស់​មុខ ពីព្រោះ​ពួក​គេ​បាន​ក្បត់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង។ (​២សាំ. ១៨:៩, ១៤​-​១៧; សកម្ម. ១:១៨​-​២០​) ដេលីឡា​ត្រូវ​ជាប់​ឈ្មោះ​ជា​រៀង​រហូត​ជា​អ្នក​ក្បត់​និង​ជា​អ្នក​ធ្វើ​ពុត​ជា​ស្រឡាញ់។ (​ទំនុក. ១១៩:​១៥៨​) គឺ​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​លះ​ចោល​ទំនោរ​ចិត្ត​ទៅ​រក​មហិច្ឆតា​ដ៏​ងងឹត​ងងុល ឬ​ក៏​ការ​លោភ​លន់​ដែល​នាំ​ឲ្យ​បាត់បង់​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា! មេរៀន​ទាំង​នេះ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​មក​លើ​យើង​ក្នុង​ការ​ជួយ​យើង​ឲ្យ​បដិសេធ​ការ​ក្បត់​ដែល​ជា​លក្ខណៈ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម មែន​ទេ?

ចូរ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​បាន​បង្ហាញ​ភក្ដីភាព

៨, ៩​. ​(​ក​) ហេតុ​អ្វី​យ៉ូណាថាន​បាន​សន្យា​ថា​គាត់​នឹង​រក្សា​ភក្ដីភាព​ចំពោះ​ដាវីឌ? (​ខ​) តើ​យើង​អាច​យក​តម្រាប់​តាម​យ៉ូណាថាន​យ៉ាង​ដូច​ម្ដេច?

គម្ពីរ​ក៏​បាន​រៀប​រាប់​អំពី​បុគ្គល​ជា​ច្រើន​នាក់​ដែល​បាន​បង្ហាញ​ភក្ដីភាព។ សូម​ឲ្យ​យើង​ពិចារណា​បុគ្គល​ពីរ​នាក់​ក្នុង​ចំណោម​ពួក​គាត់ និង​អ្វី​ដែល​យើង​អាច​រៀន​ពី​ពួក​គាត់។ មុន​ដំបូង យើង​នឹង​ពិចារណា​អំពី​បុរស​ម្នាក់​ដែល​បាន​បង្ហាញ​ភក្ដីភាព​ចំពោះ​ដាវីឌ។ យ៉ូណាថាន​ដែល​ជា​កូន​ច្បង​របស់​ស្តេច​សូល ទំនង​ជា​អ្នក​ដែល​មាន​សិទ្ធិ​ស្នង​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល តែ​ព្រះ​យេហូវ៉ា​ជ្រើស​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​អនាគត​ស្តេច​អ៊ីស្រាអែល​វិញ។ យ៉ូណាថាន​បាន​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ព្រះ។ គាត់​មិន​បាន​ច្រណែន​នឹង​ដាវីឌ​ដោយ​ចាត់​ទុក​ដាវីឌ​ជា​គូ​ប្រជែង​ទេ។ ផ្ទុយ​ទៅ​វិញ​‹ចិត្ត​យ៉ូណាថាន​ក៏​មូល​ជាប់​នឹង​ចិត្ត​ដាវីឌ› កាល​ដែល​យ៉ូណាថាន​សន្យា​ថា​គាត់​នឹង​រក្សា​ភក្ដីភាព​ចំពោះ​ដាវីឌ។ យ៉ូណាថាន​ថែម​ទាំង​បាន​ឲ្យ​សម្លៀក​បំពាក់ ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​គាត់​ដល់​ដាវីឌ​ដែរ ដោយ​ធ្វើ​ដូច្នេះ គាត់​បាន​បង្ហាញ​ថា​គាត់​ទទួល​ស្គាល់​ដាវីឌ​ជា​ស្តេច។ (​១សាំ. ១៨:១​-​៤​) យ៉ូណាថាន​បាន​ខំ​អស់ពី​សមត្ថភាព​ដើម្បី​‹ជួយ​ចំរើន​ឲ្យ​ដាវីឌ›​ឬ​លើក​ទឹក​ចិត្ត​គាត់។ យ៉ូណាថាន​ថែម​ទាំង​ប្រថុយ​ជីវិត​របស់​គាត់​ដោយ​និយាយ​ការពារ​ដាវីឌ​នៅ​ចំពោះ​មុខ​ស្តេច​សូល។ យ៉ូណាថាន​បាន​ប្រាប់​ដាវីឌ​ដោយ​ស្មោះ​ថា​៖ ​«​អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ហើយ​ខ្ញុំ​នឹង​បាន​ជា​បន្ទាប់​របស់​អ្នក​»។ (​១សាំ. ២០:៣០​-​៣៤; ២៣:​១៦, ១៧​) ក្រោយ​យ៉ូណាថាន​ស្លាប់ នោះ​មិន​មែន​ចម្លែក​ឡើយ ដែល​ដាវីឌ​បាន​បង្ហាញ​ទុក្ខ​សោក​និង​សេចក្ដី​ស្រឡាញ់​របស់​គាត់​ក្នុង​ចម្រៀង​ដ៏​សោកសៅ​មួយ។—២សាំ. ១:​១៧, ២៦

យ៉ូណាថាន​បាន​ដឹង​ថា​គាត់​ត្រូវ​មាន​ភក្ដីភាព​ចំពោះ​អ្នក​ណា។ គាត់​បាន​ចុះ​ចូល​ទាំង​ស្រុង​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ដាវីឌ​ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង។ ស្រដៀង​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ ទោះ​ជា​យើង​ប្រហែល​ជា​មិន​មាន​ឯកសិទ្ធិ​ពិសេស​ណា​មួយ​ក្នុង​ក្រុម​ជំនុំក្ដី យើង​គួរ​ស្ម័គ្រ​ចិត្ត​គាំទ្រ​បង​ប្អូន​ដែល​បាន​ត្រូវ​តែង​តាំង​ដើម្បី​ដឹក​នាំ​ក្នុង​ចំណោម​យើង។—១ថែ. ៥:​១២, ១៣; ហេ. ១៣:១៧, ២៤

១០, ១១​. ​(​ក​) ហេតុ​អ្វី​ពេត្រុស​នៅ​ស្មោះ​ចំពោះ​លោក​យេស៊ូ? (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​តាម​ពេត្រុស ហើយ​តើ​នេះ​គួរ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី?

១០ គំរូ​ល្អ​ឯ​ទៀត​ដែល​យើង​នឹង​ពិចារណា​គឺ​គំរូ​របស់​សាវ័ក​ពេត្រុស ជា​អ្នក​ដែល​បាន​ប្រកាស​ថា​គាត់​នឹង​មាន​ភក្ដីភាព​ចំពោះ​លោក​យេស៊ូ។ ពេល​ដែល​គ្រិស្ត​បាន​ប្រើ​ឧទាហរណ៍​អំពី​សារៈសំខាន់​នៃ​ការ​បង្ហាញ​ជំនឿ​ទៅ​លើ​រូប​កាយ​និង​ឈាម​របស់​លោក ដែល​ទុក​ជា​គ្រឿង​បូជា​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ នោះ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ជា​ច្រើន​នាក់​បាន​ទាស់​ចិត្ត​នឹង​សម្ដី​របស់​លោក​យេស៊ូ ហើយ​បាន​ឈប់​តាម​លោក​ទៀត។ (​យ៉ូន. ៦:៥៣​-​៦០, ៦៦​) ដូច្នេះ លោក​យេស៊ូ​បាន​បែរ​ទៅ​សួរ​សាវ័ក​១២​នាក់​របស់​លោក​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ចង់​ទៅ​ដែរ​ឬ?​»។ គឺ​ពេត្រុស​ដែល​បាន​ឆ្លើយ​ថា​៖ ​«​លោក​ម្ចាស់ តើ​យើង​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​យើង​បាន​ជឿ ក៏​បាន​ដឹង​ថា លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ​»។ (​យ៉ូន. ៦:៦៧​-​៦៩​) តើ​នេះ​មាន​ន័យ​ថា ពេត្រុស​បាន​យល់​ទាំង​ស្រុង​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​និយាយ​អំពី​ការ​បូជា​ជីវិត​របស់​លោក ដែល​លោក​នឹង​ធ្វើ​នៅ​ពេល​ឆាប់​ៗ​នោះ​ឬ? ទំនង​ជា​មិន​មែន​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេត្រុស​បាន​តាំង​ចិត្ត​នៅ​ស្មោះ​ត្រង់​ចំពោះ​បុត្រ​របស់​ព្រះ​ដែល​លោក​បាន​រើស​តាំង។

១១ ពេត្រុស​មិន​បាន​គិត​ថា លោក​យេស៊ូ​មាន​គំនិត​មិន​ត្រឹម​ត្រូវ ហើយ​ថា​ក្រោយ​មក​លោក​នឹង​ដឹង​រួច​ប្រែ​ក្រឡាស់​ពាក្យ​ដែល​លោក​បាន​និយាយ​នោះ​ទេ។ ពេត្រុស​បាន​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា​«​ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ ស្រដៀង​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា ប្រសិនបើ​យើង​ឃើញ​ចំណុច​ណា​មួយ​ក្នុង​សៀវភៅ​ដែល​«​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​»​បាន​រៀបចំ​ដែល​យើង​ពិបាក​យល់ ឬ​មិន​ស្រប​នឹង​គំនិត​របស់​យើង? យើង​គួរ​ខំ​ប្រឹង​យល់​នូវ​ចំណុច​នោះ ជា​ជាង​គ្រាន់តែ​សង្ឃឹម​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ដែល​ស្រប​តាម​ទស្សនៈ​របស់​យើង។—សូម​អាន លូកា ១២:៤២

ចូរ​រក្សា​ភក្ដីភាព​ចំពោះ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក

១២, ១៣​. តើ​តាម​របៀប​ណា​ដែល​ការ​ក្បត់​អាច​កើត​ឡើង​ក្នុង​អាពាហ៍ពិពាហ៍ ហើយ​ហេតុ​អ្វី​វ័យ​របស់​មនុស្ស​មិន​មែន​ជា​លេស​ឲ្យ​គេ​ក្បត់​គូ​របស់​ខ្លួន?

១២ ទោះ​ជា​តាម​របៀប​ណា​ក៏​ដោយ អំពើ​ក្បត់​គឺជា​ទង្វើ​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មក​បំផ្លាញ​សេចក្ដី​សុខសាន្ត និង​សាមគ្គី​ភាព​ក្នុង​គ្រួសារ និង​ក្នុង​ក្រុម​ជំនុំ​ឡើយ។ ដោយ​ចាំ​អំពី​រឿង​នេះ សូម​ឲ្យ​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​រក្សា​ភក្ដីភាព​របស់​យើង​ឲ្យ​បាន​មាំ​មួន​ចំពោះ​គូ​អាពាហ៍ពិពាហ៍ និង​ចំពោះ​ព្រះ​របស់​យើង។

១៣ ក្នុង​ចំណោម​អំពើ​ក្បត់ ការ​ផិត​ក្បត់​គ្នា​គឺជា​ទង្វើ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចាប់​បំផុត។ អ្នក​ផិត​ក្បត់​លែង​ស្មោះ​ត្រង់​នឹង​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន ហើយ​បែរ​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​បុគ្គល​ម្នាក់​ទៀត។ អ្នក​ដែល​ពី​មុន​ធ្លាប់​មាន​គូ ស្រាប់​តែ​នៅ​ម្នាក់​ឯង​វិញ។ ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ដូច​ជា​ក្រឡាប់ចាក់។ តើ​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​ដល់​មនុស្ស​ពីរ​នាក់​ដែល​ធ្លាប់​ស្រឡាញ់​គ្នា? ជា​រឿយ​ៗ ដំណាក់​កាល​ដំបូង​ដែល​នាំ​ទៅ​ដល់​រឿង​នេះ​គឺ​ពេល​ដែល​គូ​ស្វាមីភរិយា​លែង​យក​ចិត្ត​ទុក​ដាក់​នឹង​អារម្មណ៍​របស់​គូ​ខ្លួន។ សាស្ដ្រាចារ្យ​សង្គម​វិទ្យា​ម្នាក់​ឈ្មោះ ហ្គាប៊្រីយែលឡា ធឺណាធូរី បាន​ពន្យល់​ថា ប្ដី​ប្រពន្ធ​អាច​ក្បត់​គ្នា​ដោយ​សារ​ពួក​គេ​ឈប់​ធ្វើ​អ្វី​ៗ​ដែល​ពួក​គេ​អាច​ធ្វើ ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។ នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​គូ​ស្វាមីភរិយា​ដែល​បាន​រៀប​ការ​ជា​យូរ​មក​ហើយ។ ជា​ឧទាហរណ៍ បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ​ដែល​បាន​រៀប​ការ​អស់​២៥​ឆ្នាំ បាន​លះ​លែង​ប្រពន្ធ​ដ៏​ស្មោះ​ត្រង់​របស់​គាត់ ដើម្បី​រួម​រស់​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត​ដែល​គាត់​បាន​ចាប់​ចិត្ត​ស្រឡាញ់។ អ្នក​ខ្លះ​យក​លេស​ថា នេះ​ជា​ការ​ប្រែ​ប្រួល​ដែល​តែង​កើត​ឡើង​ក្នុង​ជីវិត​មនុស្ស​វ័យ​កណ្ដាល។ ក៏​ប៉ុន្តែ​ជា​ជាង​ដោះ​សា​ថា​ជា​បញ្ហា​ដែល​មិន​អាច​ជៀស​ផុត យើង​អាច​និយាយ​យ៉ាង​ចំ​ៗ​ថា ទង្វើ​នេះ​គឺជា​ការ​ក្បត់​សុទ្ធសាធ។

១៤​. ​(​ក​) តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ភាព​មិន​ស្មោះ​ត្រង់​នឹង​គូ​អាពាហ៍ពិពាហ៍? (​ខ​) តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ភាព​ស្មោះ​ត្រង់​នឹង​គូ​អាពាហ៍ពិពាហ៍?

១៤ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ចុះ​ចោល​គូ​របស់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​ពី​គម្ពីរ? ព្រះ​របស់​យើង​«​ស្អប់​ការ​លះ​លែង​គ្នា​ណាស់​»​ហើយ​លោក​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​ប្រឆាំង​នឹង​ពួក​អ្នក​ដែល​ធ្វើ​បាប​គូ​របស់​ខ្លួន ហើយ​ចុះ​ចោល​គាត់។ (​សូម​អាន ម៉ាឡាគី ២:១៣​-​១៦) ដោយ​សារ​លោក​យេស៊ូ​មាន​ចិត្ត​គំនិត​ដូច​ព្រះ​យេហូវ៉ា លោក​បាន​បង្រៀន​ថា បុគ្គល​ម្នាក់​មិន​អាច​បណ្ដេញ​ឬ​ចុះ​ចោល​គូ​ដែល​គ្មាន​កំហុស និង​ធ្វើ​ហាក់​ដូច​ជា​ខ្លួន​ឯង​គ្មាន​ទោស​កំហុស​អ្វី​ឡើយ។—សូម​អាន ម៉ាថាយ ១៩:៣​-​៦,

១៥​. តើ​ពួក​អ្នក​ដែល​បាន​រៀប​ការ​ហើយ​អាច​ពង្រឹង​ភក្ដីភាព​ចំពោះ​គូ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១៥ ចំពោះ​ពួក​អ្នក​ដែល​រៀប​ការ​ហើយ តើ​តាម​របៀប​ណា​ដែល​ពួក​គេ​អាច​រក្សា​ភក្ដីភាព​ចំពោះ​គូ​របស់​ខ្លួន? បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ចូរ​ឲ្យ​ឯង​បាន​រីករាយ​ចំពោះ​ប្រពន្ធ[​ឬ​ប្ដី​]ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ​»​ ហើយ​«​ចូរ​រស់​នៅ​ដោយ​អំណរ ជា​មួយ​នឹង​ប្រពន្ធ[​ឬ​ប្ដី​]ជា​ទី​ស្រឡាញ់​របស់​ឯង​»។ (​សុភ. ៥:១៨; សាស្ដ. ៩:៩​) ពេល​ដែល​អ្នក​ទាំង​ពីរ​កាន់​តែ​ចាស់​ទៅ ពួក​គេ​ត្រូវ​តែ ធ្វើ​អ្វី​ៗ​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។ នេះ​មាន​ន័យ​ថា ពួក​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ចំណាយ​ពេល​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នៅ​ជិត​ស្និទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គេ​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​រក្សា​ចំណង​អាពាហ៍ពិពាហ៍ និង​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​ព្រះ​យេហូវ៉ា។ ដើម្បី​សម្រេច​គោលដៅ​នេះ ពួក​គាត់​ត្រូវ​តែ​សិក្សា​គម្ពីរ​ជា​មួយ​គ្នា ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់​ជា​មួយ​គ្នា និង​អធិដ្ឋាន​សុំ​ពរ​ពី​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។

ចូរ​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា

១៦, ១៧​. ​(​ក​) តើ​ភក្ដីភាព​របស់​យើង​ចំពោះ​ព្រះ​ប្រហែលជា​បាន​ត្រូវ​ល្បង​ល​យ៉ាង​ដូច​ម្ដេច​ពេល​ដែល​សាច់​ញាតិ ឬ​មិត្ត​ជិត​ស្និទ្ធ​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព? (​ខ​) តើ​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​ថា​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ដោយ​ឈប់​សេពគប់​ជា​មួយ​អ្នក​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ?

១៦ មាន​សមាជិក​ខ្លះ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​កែ​តម្រង់​«​យ៉ាង​ម៉ឹង​ម៉ាត់ ដើម្បី​ពួក​គេ​អាច​មាន​ជំនឿ​មាំ​មួន​»។ (​ទីត. ១:១៣​) ចំពោះ​អ្នក​ខ្លះ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​នាំ​ឲ្យ​ពួក​គេ​ត្រូវ​បណ្ដាច់​មិត្តភាព។ ចំពោះ​«​អ្នក​ដែល​បាន​ត្រូវ​អប់រំ​ដោយ​ការ​ប្រដៅ​នោះ​»​ ការ​ប្រដៅ​តម្រង់​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ឡើង​វិញ។ (​ហេ. ១២:១១​) ចុះ​យ៉ាង​ណា​វិញ បើ​យើង​មាន​សាច់​ញាតិ ឬ​មិត្ត​ជិត​ស្និទ្ធ​ណា​ម្នាក់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព? នេះ​ជា​ការ​ល្បង​ល​ភក្ដីភាព​របស់​យើង ថា​យើង​នឹង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ចំពោះ​បុគ្គល​នោះ។ ព្រះ​យេហូវ៉ា​កំពុង​សង្កេត​មើល​ថា យើង​នឹង​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែល​មិន​ឲ្យ​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឬ​មិន​ធ្វើ​តាម។—សូម​អាន កូរិនថូសទី១ ៥:១១​-​១៣

១៧ សូម​ពិចារណា​អំពី​ឧទាហរណ៍​មួយ​ស្តី​អំពី​លទ្ធផល​ល្អ ពេល​គ្រួសារ​មួយ​បាន​ធ្វើ​តាម​យ៉ាង​ស្មោះ​នូវ​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដែល​មិន​ឲ្យ​ទាក់​ទង​ជា​មួយ​សាច់​ញាតិ​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ យុវជន​ម្នាក់​ធ្លាប់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​អស់​ជាង​១០​ឆ្នាំ ក្នុង​អំឡុង​ពេល​នោះ​ឪពុក​ម្ដាយ និង​បង​ប្អូន​បួន​នាក់​របស់​គាត់​បាន​«​ឈប់​ចូល​លាយឡំ​»​ជា​មួយ​គាត់។ ជួនកាល គាត់​បាន​ព្យាយាម​ចូល​រួម​ជា​មួយ​ក្រុម​គ្រួសារ​គាត់​ក្នុង​សកម្មភាព​ផ្សេង​ៗ។ ប៉ុន្តែ សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​គាត់​នៅ​តែ​បន្ត​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ ដោយ​មិន​ទាក់​ទង​ជា​មួយ​គាត់​ទេ។ បន្ទាប់​ពី​គាត់​បាន​ត្រូវ​ទទួល​ស្គាល់​ជា​សមាជិក​ក្រុម​ជំនុំ​ឡើង​វិញ គាត់​បាន​និយាយ​ថា គាត់​តែង​តែ​ចង់​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់ ជា​ពិសេស​នៅ​ពេល​យប់​កាល​ណា​គាត់​នៅ​តែ​ម្នាក់​ឯង។ ប៉ុន្តែ​គាត់​បាន​សារភាព​ថា បើ​ក្រុម​គ្រួសារ​បាន​ទាក់​ទង​ជា​មួយ​នឹង​គាត់​សូម្បី​តែ​បន្ដិច​ក៏​ដោយ នោះ​ក៏​ធ្វើ​ឲ្យ​គាត់​អស់​ចិត្ត​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​គាត់​មិន​អាច​ទាក់​ទង​សូម្បី​តែ​បន្ដិច​ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់ នោះ​បំណង​ប្រាថ្នា​ចង់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​យ៉ាង​ខ្លាំង​បាន​ជំរុញ​ឲ្យ​គាត់​ផ្សះ​ផ្សា​ចំណង​មេត្រី​ភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​ឡើង​វិញ។ សូម​ចាំ​ឧទាហរណ៍​នេះ ប្រសិនបើ​អ្នក​បាន​ត្រូវ​ល្បួង​ឲ្យ​បំពាន​បង្គាប់​របស់​ព្រះ ដែល​មិន​ឲ្យ​សេពគប់​ជា​មួយ​សាច់​ញាតិ​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។

១៨​. បន្ទាប់​ពី​បាន​ពិនិត្យ​មើល​អត្ថប្រយោជន៍​ដែល​មក​ពី​ការ​បង្ហាញ​ភក្ដីភាព​និង​ផល​វិបាក​ដែល​មក​ពី​ភាព​មិន​ស្មោះ​ត្រង់ តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​មិន​ស្មោះ​ត្រង់ ហើយ​ក្បត់​គ្នា។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ក្រុម​ជំនុំ យើង​ឃើញ​គំរូ​របស់​បង​ប្អូន​ស្មោះ​ភក្ដី​ជា​ច្រើន​នាក់​ដែល​យើង​អាច​យក​តម្រាប់​តាម។ របៀប​រស់​នៅ​របស់​ពួក​គាត់​បង្ហាញ​ថា​ពួក​គាត់​‹មាន​ភក្ដីភាព និង​គ្មាន​កន្លែង​បន្ទោស​បាន›។ (​១​ថែ​. ២:១០​) សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​រក្សា​ភក្ដីភាព​ឲ្យ​នៅ​រឹង​មាំ​ចំពោះ​ព្រះ​និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

[​កំណត់​សម្គាល់​]

^ វគ្គ 4 តាម​ការ​ពិត​កម្លាំង​របស់​សាំសុន​មក​ពី​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​ព្រះ​យេហូវ៉ា​ក្នុង​នាម​ជា​ន៉ាសារីត​ម្នាក់ មិន​មែន​មក​ពី​សក់​របស់​គាត់​ទេ។

^ វគ្គ 6 ដូច្នេះ​ពាក្យ​ដែល​ថា​«​ការ​ថើប​របស់​យូដាស​»​មាន​ន័យ​ថា​ជា ​«​អំពើ​ក្បត់​មួយ​»។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១០​]

ពេត្រុស​បាន​ស្មោះ​ភក្ដី​ចំពោះ​បុត្រ​របស់​ព្រះ​ដែល​លោក​បាន​រើស​តាំង​ទោះ​ជា​អ្នក​ឯ​ទៀត​បាន​បដិសេធ​លោក​ក៏​ដោយ