តើគម្ពីរបរិសុទ្ធដូចសៀវភៅឯទៀតឬ?
តើគម្ពីរបរិសុទ្ធដូចសៀវភៅឯទៀតឬ?
«គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរ ក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍ . . . ដើម្បីឲ្យអ្នកបម្រើរបស់ព្រះមានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង»។—ធីម៉ូថេទី២ ៣:១៦, ១៧
មិនមែនមនុស្សទាំងអស់យល់ស្របនឹងពាក្យនោះទេ។ ចុះតើលោកអ្នកគិតយ៉ាងណាវិញ? ក្នុងចំណុចខាងក្រោមនេះ តើមួយណាជាទស្សនៈរបស់លោកអ្នកចំពោះគម្ពីរបរិសុទ្ធ?
• ជាសៀវភៅរឿងល្អមួយ
• ជាសៀវភៅមួយដែលគេទទួលស្គាល់ដូចសៀវភៅបរិសុទ្ធឯទៀត
• ជាសៀវភៅរឿងព្រេងមួយដែលអប់រំអំពីរឿងសីលធម៌
• ជាបណ្ដាំរបស់ព្រះ
សំណួរមួយទៀតគឺ តើអ្វីដែលលោកអ្នកជឿសំខាន់ឬទេ? សូមពិចារណាអំពីអ្វីដែលគម្ពីរបានរៀបរាប់ថា៖ «អ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការស៊ូទ្រាំរបស់យើង និងការសម្រាលទុក្ខពីបទគម្ពីរ»។ (រ៉ូម ១៥:៤) ដូច្នេះ បើយោងតាមពាក្យនេះ គម្ពីរបរិសុទ្ធបានត្រូវសរសេរឡើងដើម្បីបង្រៀននិងសម្រាលទុក្ខយើង ហើយជួយយើងឲ្យមានសេចក្ដីសង្ឃឹម។
ក៏ប៉ុន្តែ បើគម្ពីរបរិសុទ្ធគ្រាន់តែជាសៀវភៅរឿងមួយ ឬគ្រាន់តែជាសៀវភៅដែលដូចសៀវភៅបរិសុទ្ធឯទៀតប៉ុណ្ណោះ តើលោកអ្នកនឹងទុកចិត្តគម្ពីរបរិសុទ្ធឲ្យបង្រៀននិងដឹកនាំក្រុមគ្រួសាររបស់លោកអ្នកឬទេ? ចុះបើអ្វីដែលលោកអ្នកបានគិតថាត្រឹមត្រូវខុសគ្នាពីអ្វីដែលគម្ពីរបរិសុទ្ធចែង តើលោកអ្នកនឹងទុកចិត្តសៀវភៅនេះឬទេ? បើគម្ពីរបរិសុទ្ធគ្រាន់តែជាសៀវភៅដែលប្រជុំរឿងព្រេង តើលោកអ្នកនឹងអាចទទួលការសម្រាលទុក្ខ និងសេចក្ដីសង្ឃឹមពីការសន្យាដែលមានក្នុងសៀវភៅនេះឬទេ?
យ៉ាងណាមិញ មនុស្សរាប់លាននាក់បានសិក្សាគម្ពីរ និងបានជឿជាក់ថា គម្ពីរបរិសុទ្ធជាសៀវភៅពិសេស ហើយជាបណ្ដាំរបស់ព្រះ។ ហេតុអ្វីពួកគេជឿដូច្នេះ? តើអ្វីបង្ហាញថាគម្ពីរបរិសុទ្ធខុសប្លែកពីសៀវភៅឯទៀត? យើងសូមអញ្ជើញលោកអ្នកឲ្យពិនិត្យមើលលក្ខណៈប្រាំយ៉ាងដែលមានក្នុងអត្ថបទបន្តបន្ទាប់នេះ។