លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទំនាយក្នុងគម្ពីរតែងតែសម្រេច

ទំនាយក្នុងគម្ពីរតែងតែសម្រេច

ទំនាយ​ក្នុង​គម្ពីរ​តែង​តែ​សម្រេច

​«​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​ សំ​រេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ​»។—យ៉ូស្វេ ២៣:១៤

លក្ខណៈ​ខុស​ប្លែក​នៃ​គម្ពីរ​បរិសុទ្ធ: នៅ​សម័យ​បុរាណ មនុស្ស​បាន​ដឹង​ជា​ទូទៅ​ថា​គ្រូ​ទាយ​បាន​ទាយ​អំពី​អ្វី​ដែល​មិន​ច្បាស់​លាស់ និង​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ទេ ចំណែក​ឯ​ហោរាសាស្ត្រ​នៅ​សព្វ​ថ្ងៃ​នេះ​វិញ​ក៏​ដូច​គ្នា​ដែរ។ មនុស្ស​ឯ​ទៀត​សិក្សា​ស្រាវជ្រាវ​អំពី​និន្នាការ​បច្ចុប្បន្ន ដើម្បី​ព្យាករ​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ពេល​អនាគត ហើយ​ពួក​គេ​កម្រ​ទាយ​ទុក​ជា​មុន​អំពី​ព្រឹត្ដិការណ៍​ណា​មួយ​ដែល​នឹង​កើត​ឡើង​រាប់​រយ​ឆ្នាំ​ក្រោយ​មក។ ផ្ទុយ​ទៅ​វិញ ទំនាយ​ក្នុង​គម្ពីរ​មាន​ព័ត៌មាន​ល្អិត​ល្អន់ ហើយ​តែង​តែ​កើត​ឡើង​ពិត​មែន ទោះ​ជា​ទំនាយ​នោះ​ប្រាប់​‹តាំង​ពី​ចាស់​បុរាណ​ពី​ការ​ដែល​មិន​ទាន់​មាន​មក›​ក៏​ដោយ។—អេសាយ ៤៦:១០

ឧទាហរណ៍: នៅ​សតវត្សរ៍​ទី​៦ មុន​គ.ស. ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ឃើញ​ក្នុង​គំនិត​ថា ប្រទេស​ក្រិច​នឹង​វាយ​ឈ្នះ​ចក្រភព​មេឌី​និង​ពើស៊ី​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ទំនាយ​នោះ​ក៏​បាន​ទាយ​ទុក​ថា កាល​ស្តេច​ក្រិច​«​មាន​កំឡាំង​»​ឬ​មាន​អំណាច​ខ្លាំងក្លា​ហើយ នោះ​រាជ្យ​របស់​គាត់​នឹង​ត្រូវ​«​បាក់​»​ភ្លាម។ តើ​អ្នក​ណា​នឹង​ឡើង​គ្រប់​គ្រង​ជំនួស​គាត់? ដានីយ៉ែល​បាន​សរសេរ​ថា នឹង​មាន​«​នគរ​៤​ដែល​នឹង​កើត​ឡើង​ពី​សាសន៍​នោះ តែ​មិន​មែន​មាន​អំណាច​ដូច​ស្តេច​ដើម​នោះ​ទេ​»។—ដានីយ៉ែល ៨:៥​-​៨, ២០​-​២២

កំណត់​ត្រា​ប្រវត្ដិ​សាស្ត្រ: ជាង​២០០​ឆ្នាំ​ក្រោយ​សម័យ​ដានីយ៉ែល អាឡិចសង់​ដ៏​ឧត្តម​បាន​ក្លាយ​ទៅ​ជា​ស្តេច​នៃ​ប្រទេស​ក្រិច។ គ្រាន់តែ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ប៉ុណ្ណោះ ស្តេច​អាឡិចសង់​បាន​យក​ជ័យ​ជម្នះ​ទៅ​លើ​ចក្រភព​មេឌី​និង​ពើស៊ី ហើយ​គាត់​បាន​វាទ​អំណាច​រហូត​ដល់​ទន្លេ​អ៊ីដិស (​សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​)។ ប៉ុន្តែ​គាត់​បាន​ស្លាប់​ពេល​មាន​អាយុ​ត្រឹម​តែ​៣២​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ទី​បំផុត ចម្បាំង​នៅ​ជិត​ភូមិ​អ៊ីបសឺស​ក្នុង​តំបន់​អាស៊ី បាន​ធ្វើ​ឲ្យ​ចក្រភព​ក្រិច​រលំ​រលាយ។ បន្ទាប់​មក មេទ័ព​ទាំង​បួន​របស់​គាត់​ដែល​បាន​ធ្វើ​ចម្បាំង​នោះ បាន​ចែក​គ្នា​នូវ​អំណាច​និង​ទឹក​ដី​ដើម្បី​គ្រប់​គ្រង​វិញ។ ក៏​ប៉ុន្តែ គ្មាន​ពួក​គេ​ណា​ម្នាក់​ដែល​មាន​អំណាច​ដូច​អាឡិចសង់​ឡើយ។

តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​មាន​សៀវភៅ​ណា​ដែល​មាន​ទំនាយ ដែល​តែង​តែ​សម្រេច​ដូច​នេះ​ឬ​ទេ? ឬ​ក៏​មាន​តែ​គម្ពីរ​បរិសុទ្ធ​មួយ​ប៉ុណ្ណោះ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៤​]

​«​ទំនាយ​ក្នុង​គម្ពីរ​បរិសុទ្ធ . . . មាន​ច្រើន​ដល់​ម្ល៉េះ ដែល​ទំនាយ​ទាំង​នោះ​មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ​បាន​ទេ​»​(​A LAWYER EXAMINES THE BIBLE, BY IRWIN H. LINTON​)។

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៤​]

© Robert Harding Picture Library/SuperStock