លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?

ហេតុអ្វីសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?

អ្នក​អាន​សួរ​ថា . . .

ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ?

▪ ក្នុង​គម្ពីរ លោក​យេស៊ូ​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ . . . ហើយ​បង្រៀន​ពួក​គេ​»។ (​ម៉ាថាយ ២៨:១៩, ២០​) តើ​គ្រិស្ត​សាសនិក​ទាំង​អស់​ត្រូវ​ធ្វើ​តាម​បង្គាប់​នេះ​ឬ​ទេ? ពួក​អ្នក​កាន់​តាម​មុន​គេ​បង្អស់​របស់​លោក​យេស៊ូ​បាន​យល់​ថា ពួក​គេ​គួរ​ធ្វើ​តាម​មែន។ ជា​ឧទាហរណ៍ សាវ័ក​ពេត្រុស​បាន​និយាយ​ថា​៖ ​«​លោក​[​យេស៊ូ​]​បាន​បង្គាប់​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រាប់​បណ្ដា​ជន ថែម​ទាំង​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​»។ (​សកម្មភាព ១០:៤២​) បន្ថែម​ទៅ​ទៀត សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ដំណឹង​ល្អ។ តាម​ពិត ប្រសិនបើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ ខ្ញុំ​ត្រូវ​វេទនា​ណាស់!​»។—កូរិនថូសទី១ ៩:១៦

នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​ទាំង​អស់​ក៏​ត្រូវ​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ដែរ មិន​គ្រាន់តែ​ប៉ូល​និង​ពេត្រុស​ប៉ុណ្ណោះ​ទេ។ ពួក​គេ​បាន​ធ្វើ​ឲ្យ​កិច្ចការ​ផ្សព្វ​ផ្សាយ​ក្លាយ​ទៅ​ជា​សញ្ញា​សម្គាល់​មួយ​របស់​ពួក​គេ។ (​សកម្មភាព ៥:២៨​-​៣២, ៤១, ៤២​) សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​ក៏​ព្យាយាម​ធ្វើ​ដូច្នេះ​ដែរ។ ពួក​គេ​ផ្សព្វ​ផ្សាយ​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ ពោល​គឺ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​»។—ម៉ាថាយ ១០:៧

តើ​ពួក​គេ​គួរ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ដល់​អ្នក​ណា? លោក​យេស៊ូ​បាន​បញ្ជាក់​ថា ដំណឹង​នេះ​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់ និង​នៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ . . . រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។ (​សកម្មភាព ១:៨​) លោក​ថែម​ទាំង​បាន​ទាយ​ទុក​ថា មុន​នឹង​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»។ (​ម៉ាថាយ ២៤:១៤​) ហេតុ​នេះ​ហើយ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ព្យាយាម​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់ មិន​គ្រាន់តែ​អ្នក​ស្គាល់​គ្នា ឬ​មនុស្ស​ដែល​គ្មាន​សាសនា​ប៉ុណ្ណោះ​ទេ។ (​កូឡុស ១:២៣; ធីម៉ូថេទី១ ២:៣, ៤​) ស្រដៀង​គ្នា​ដែរ សាក្សី​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​រូប។ *

តើ​អ្វី​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ? លោក​យេស៊ូ​ជា​អ្នក​ដឹង​អំពី​របៀប​ជួប​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត។ ហេតុ​នេះ​ហើយ លោក​បាន​ចាត់​ពួក​អ្នក​កាន់​តាម​ឲ្យ​ទៅ​ជួប​មនុស្ស​តាម​ក្រុង តាម​ភូមិ និង​តាម​ផ្ទះ។ (​ម៉ាថាយ ១០:៧, ១១, ១២​) ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់​ហើយ​រស់​ឡើង​វិញ ពួក​អ្នក​កាន់​តាម​លោក​បន្ត​ផ្សព្វ​ផ្សាយ​«​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»។ (​សកម្មភាព ៥:៤២​) ដូច​លោក​យេស៊ូ ពួក​គេ​ក៏​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ និង​នៅ​តាម​ទី​សាធារណៈ​ដែរ។ (​យ៉ូហាន ៤:៧​-​២៦; ១៨:​២០; សកម្មភាព ១៧:​១៧​) សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​ក៏​ប្រើ​វិធី​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់​ដែរ។

លោក​យេស៊ូ​បាន​បញ្ជាក់​ថា មិន​មែន​មនុស្ស​ទាំង​អស់​នឹង​ស្ដាប់​តាម​ដំណឹង​ល្អ​ទេ។ (​ម៉ាថាយ ១០:១៤; ២៤:៣៧​-​៣៩​) តើ​នេះ​គួរ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​ឈប់​ផ្សព្វ​ផ្សាយ​ឬ​ទេ? សូម​ពិចារណា​អំពី​ការ​ប្រៀប​ធៀប​នេះ ឧបមា​ថា អ្នក​រួម​ចំណែក​ក្នុង​ក្រុម​ជួយ​សង្គ្រោះ​ក្រោយ​ពី​មាន​រញ្ជួយ​ដី​មួយ​កើត​ឡើង ហើយ​ក្រោយ​រក​អស់​មួយ​រយៈ​ហើយ គឺ​មាន​តែ​មនុស្ស​ប៉ុន្មាន​អ្នក​ប៉ុណ្ណោះ​ដែល​នៅ​រស់។ តើ​អ្នក​នឹង​ឈប់​ស្វែងរក​មនុស្ស​ទៀត​ដោយ​សារ​តែ​មូលហេតុ​នេះ​ឬ​ទេ? អត់​ទេ ដរាប​ណា​អ្នក​នៅ​តែ​មាន​សង្ឃឹម​ថា អាច​សង្គ្រោះ​ជីវិត​មនុស្ស​សូម្បី​តែ​ម្នាក់ នោះ​អ្នក​នឹង​បន្ត​ស្វែងរក​មនុស្ស​រហូត។ លោក​យេស៊ូ​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បន្ត​ព្យាយាម​ផ្សព្វ​ផ្សាយ ដរាប​ណា​នៅ​តែ​មាន​សង្ឃឹម​ថា អាច​ស្វែងរក​មនុស្ស​ខ្លះ​ដែល​នឹង​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។ (​ម៉ាថាយ ១០:​២៣; ធីម៉ូថេទី១ ៤:១៦​) ដោយ​ស្វែងរក​មនុស្ស​បែប​នោះ​តាម​រយៈ​កិច្ចការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នោះ​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​បង្ហាញ​ថា ពួក​គេ​ស្រឡាញ់​ព្រះ និង​អ្នក​ជិត​ខាង​របស់​ពួក​គេ ដែល​ត្រូវ​ស្ដាប់​និង​ធ្វើ​តាម​ដំណឹង​អំពី​រាជាណាចក្រ​ដើម្បី​កុំ​ឲ្យ​បាត់បង់​ជីវិត។—ម៉ាថាយ ២២:៣៧​-​៣៩; ថែស្សាឡូនិច​ទី​២ ១:៨

ទស្សនាវដ្ដី​ដែល​លោក​អ្នក​កំពុង​អាន​នេះ មាន​ព័ត៌មាន​ពី​គម្ពីរ​ដែល​បញ្ជាក់​អំពី​រឿង​នេះ។ ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​និយាយ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​ពេល​ដែល​ពួក​គេ​មក​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​របស់​លោក​អ្នក​នៅ​លើក​ក្រោយ ឬ​សរសេរ​សំបុត្រ​ទៅ​កន្លែង​បោះពុម្ព​ផ្សាយ​ទស្សនាវដ្ដី​នេះ។

[​កំណត់​សម្គាល់​]

^ វគ្គ 5 សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ផ្សព្វ​ផ្សាយ​ក្នុង​២៣៦​ប្រទេស​និង​តំបន់។ នៅ​ឆ្នាំ​មុន ពួក​គេ​ចំណាយ​ពេល​១.៧០០​លាន​ម៉ោង​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ ហើយ​ពួក​គេ​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ចំនួន​៨.៥០០.០០០​នៅ​ទូ​ទាំង​ពិភព​លោក។