លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យើងបានរៀន«អាថ៌កំបាំង»ពីកិច្ចបម្រើពិសិដ្ឋរបស់យើង

យើងបានរៀន«អាថ៌កំបាំង»ពីកិច្ចបម្រើពិសិដ្ឋរបស់យើង

ជីវប្រវត្ដិ

យើង​បាន​រៀន​«​អាថ៌​កំបាំង​»​ពី​កិច្ច​បម្រើ​ពិសិដ្ឋ​របស់​យើង

រៀប​រាប់​ដោយ បង​ប្រុស​អូលីវីយេ រ៉ង់ឌ្រីអឺមូរ៉ា

​«​ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​តែ​បន្ដិច​បន្តួច ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​បរិបូរ។ ខ្ញុំ​បាន​រៀន​អាថ៌​កំបាំង​អំពី​របៀប​ស្កប់​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់​និង​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់ ទោះ​ជា​ឆ្អែត ឬ​ឃ្លាន​ក្ដី . . . ខ្ញុំ​មាន ​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—ភី. ៤:១២,១៣

ពាក្យ​ទាំង​នេះ​របស់​សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​និង​អូលី​ជា​ប្រពន្ធ​ខ្ញុំ​យ៉ាង​ខ្លាំង​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ដូច​ប៉ូល​យើង​បាន​រៀន​«​អាថ៌​កំបាំង​»​ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា កាល​ដែល​យើង​បម្រើ​លោក​នៅ​ទី​នេះ​នៅ​ប្រទេស​ម៉ាដាហ្គាស្ការ។

ពេល​ដែល​ម្ដាយ​របស់​អូលី​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩៨២ ពេល​នោះ​ខ្ញុំ​និង​អូលី​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ។ ខ្ញុំ​ក៏​បាន​សិក្សា​គម្ពីរ​ដែរ ហើយ​ក្រោយ​មក​អូលី​បាន​ចូល​រួម​សិក្សា​ជា​មួយ​ខ្ញុំ។ យើង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៨៣ បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៨៥ ហើយ​មិន​យូរ​ក្រោយ​មក​យើង​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ។ នៅ​ខែ​កក្កដា​ឆ្នាំ​១៩៨៦ យើង​បាន​ក្លាយ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល។

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៨៧ យើង​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ កន្លែង​ទី​១​ដែល​អង្គការ​ចាត់​ឲ្យ​យើង​ទៅ​គឺ​ក្រុង​តូច​មួយ​នៅ​ខាង​ជើង​ភាគ​ខាង​លិច​នៃ​ប្រទេស​ម៉ាដាហ្គាស្ការ នៅ​ទី​នោះ​មិន​មាន​ក្រុម​ជំនុំ​ទេ។ នៅ​ប្រទេស​ម៉ាដាហ្គាស្ការ​មាន​អម្បូរ​ធំ​ៗ​ប្រហែល​១៨ មាន​កុលសម្ព័ន្ធ​ច្រើន​រាប់​មិន​អស់ ហើយ​ទំនៀម​ទម្លាប់​និង​ប្រពៃណី​របស់​ពួក​គេ​គឺ​ខុស​គ្នា​ឆ្ងាយ។ ភាសា​ផ្លូវ​ការ​គឺ​ម៉ា​ឡា​ហ្គា​ស៊ី ប៉ុន្តែ ក៏​មាន​ភាសា​ផ្សេង​ៗ​ដែល​ខុស​ពី​ភាសា​ម៉ា​ឡា​ហ្គា​ស៊ី​ដែរ។ ដូច្នេះ យើង​បាន​ចាប់​ផ្ដើម​រៀន​ភាសា​ដែល​គេ​និយាយ​នៅ​ក្នុង​តំបន់​ថ្មី​ដែល​អង្គការ​ចាត់​ឲ្យ​យើង​ទៅ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​សហគមន៍​ចង់​រាប់​អាន​យើង។

មុន​ដំបូង ខ្ញុំ​បាន​ថ្លែង​សុន្ទរកថា​នៅ​រាល់​ថ្ងៃ​អាទិត្យ ពេល​ចប់​មាន​តែ​អូលី​ប៉ុណ្ណោះ​ដែល​ត្រូវ​ទះ​ដៃ។ មាន​តែ​យើង​ពីរ​នាក់​ប៉ុណ្ណោះ​នៅ​កិច្ច​ប្រជុំ។ យើង​ក៏​បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​សា​សា​កិច្ច​បម្រើ​ផ្សាយ​ទាំង​អស់​ដែរ។ ពេល​ថ្លែង​សុន្ទរកថា​អូលី​និយាយ​ម្នាក់​ឯង​ធ្វើ​ហាក់​ដូច​ជា​និយាយ​ជា​មួយ​ម្ចាស់​ផ្ទះ។ ពេល​អ្នក​ត្រួត​ពិនិត្យ​មក​លេង ហើយ​បាន​ណែនាំ​ដោយ​សប្បុរស​ឲ្យ​យើង​ផ្លាស់​ប្ដូរ​កម្មវិធី​ប្រជុំ នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​បាន​ធូរ​ស្រាល​មែន!

ដោយ​សារ​សំបុត្រ​តាម​ប្រៃសណីយ៍​មក​មិន​ទៀង​ទាត់ នោះ​យើង​មិន​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ជា​ទៀង​ទាត់​ឡើយ។ ដូច្នេះ យើង​បាន​រៀន​រស់​នៅ​ដោយ​មាន​តែ​បន្ដិច​បន្តួច។ មាន​ពេល​មួយ​នោះ យើង​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ទេ ដើម្បី​ជិះ​ឡាន​ក្រុង​ទៅ​ចូល​រួម​សន្និបាត​ប្រចាំ​មណ្ឌល ដែល​ធ្វើ​ឡើង​ប្រហែលជា​៨០​ម៉ៃល៍ (​១៣០​គីឡូម៉ែត្រ​) ពី​កន្លែង​ដែល​យើង​រស់​នៅ។ យើង​បាន​នឹក​ចាំ​នូវ​យោបល់​ដ៏​ល្អ​មួយ​របស់​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​និយាយ​ថា​៖ ​«​សូម​ប្រាប់​បញ្ហា​របស់​បង​ទៅ​ព្រះ​យេហូវ៉ា​ទៅ! យ៉ាង​ណា​មិញ បង​កំពុង​ធ្វើ​ការ​ជូន​លោក​»។ ដូច្នេះ យើង​បាន​អធិដ្ឋាន​ហើយ​សម្រេច​ចិត្ត​ថា​ដើរ​ទៅ​សន្និបាត។ ក៏​ប៉ុន្តែ មុន​យើង​ចេញ​ដំណើរ​បន្ដិច ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន បង​ប្រុស​ម្នាក់​បាន​មក​លេង​យើង ហើយ​បាន​ឲ្យ​លុយ​យើង​ជា​អំណោយ​ដែល​ល្មម​ចេញ​ថ្លៃ​ឈ្នួល​ឡាន​ក្រុង!

កិច្ចការ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល

នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៩១ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល។ កាល​នោះ ក្រុម​តូច​របស់​យើង​បាន​រីក​ចម្រើន​រហូត​ដល់​មាន​អ្នក​ផ្សាយ​៩​នាក់ មាន​៣​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ជា​មធ្យម​មាន​អ្នក​ចូល​រួម​ប្រជុំ​៥០​នាក់។ បន្ទាប់​ពី​បាន​ទទួល​ការ​បង្ហាត់​បង្រៀន យើង​បាន​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​នៅ​រដ្ឋធានី​អាន់តាណាណារីវ៉ូ។ នៅ​ឆ្នាំ​១៩៩៣ យើង​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស។ ជីវភាព​រស់​នៅ​របស់​មនុស្ស​នៅ​ទី​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ពួក​អ្នក​ដែល​រស់​នៅ​ទី​ក្រុង។

ដើម្បី​ទៅ​ដល់​ក្រុម​ជំនុំ​និង​ក្រុម​ស្វយ័ត ជួនកាល​យើង​ដើរ​រហូត​ដល់​៩០​ម៉ៃល៍​ក៏​មាន (​១៤៥​គីឡូម៉ែត្រ​) ដោយ​ឆ្លង​កាត់​ព្រៃ​ភ្នំ​ក្រាស់​ៗ។ យើង​បាន​ដាក់​តែ​របស់​ណា​ដែល​ចាំ​បាច់​បំផុត​ប៉ុណ្ណោះ​ក្នុង​វ៉ា​លី​របស់​យើង។ ជួនកាល​នៅ​សម័យ​នោះ​សុន្ទរកថា​សាធារណៈ​របស់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​រួម​បញ្ចូល​ការ​បញ្ចាំង​រូបភាព។ កាល​ណា​យើង​ត្រូវ​ធ្វើ​ដូច្នេះ នោះ​អីវ៉ាន់​របស់​យើង​ធ្ងន់​ជាង​ធម្មតា។ អូលី​បាន​យួរ​ឧបករណ៍​បញ្ចាំង​រូបភាព ឯ​ខ្ញុំ​បាន​យួរ​អា​គុយ​ឡាន​កម្លាំង​១២​វ៉ុល។

ច្រើន​ដង​យើង​ធ្វើ​ដំណើរ​អស់​២៥​ម៉ៃល៍ (​៤០​គីឡូម៉ែត្រ​) ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទៅ​ដល់​ក្រុម​ជំនុំ​មួយ​ទៀត។ ពេល​ធ្វើ​ដំណើរ យើង​បាន​ឡើង​ចុះ​ភ្នំ​តាម​ផ្លូវ​តូច​ៗ ឆ្លង​កាត់​ទន្លេ ដើរ​កាត់​ទឹក​កាត់​ភក់។ ជួនកាល​យើង​បាន​ដេក​ក្បែរ​ៗ​ផ្លូវ ប៉ុន្តែ​ជា​ធម្មតា​យើង​បាន​ព្យាយាម​ស្វែងរក​ភូមិ​ដើម្បី​អាច​រក​កន្លែង​ស្នាក់​នៅ​ពេល​យប់។ ជួនកាល យើង​បាន​សុំ​អ្នក​ភូមិ​ដែល​យើង​មិន​ដែល​ស្គាល់​សោះ​ដើម្បី​ស្នាក់​នៅ​មួយ​យប់។ បន្ទាប់​ពី​រក​បាន​កន្លែង​ស្នាក់​នៅ​ហើយ យើង​ចាប់​ផ្ដើម​រៀបចំ​ធ្វើ​ម្ហូប។ អូលី​ខ្ចី​ឆ្នាំង​គេ​យក​ទៅ​ដង​ទឹក​ទន្លេ​ឬ​ទឹក​បឹង​ដែល​នៅ​ជិត​ៗ​នោះ។ អំឡុង​ពេល​នោះ​ខ្ញុំ​ខ្ចី​ពូថៅ​គេ​យក​មក​ពុះ​អុស​ដើម្បី​ចម្អិន​ម្ហូប។ អ្វី​ៗ​ទាំង​អស់​សុទ្ធតែ​ត្រូវ​ការ​ពេល។ ម្ដង​ម្កាល​យើង​បាន​ទិញ​មាន់​រស់​មួយ រួច​មក​យើង​បាន​សម្លាប់ ហើយ​បោច​សម្អាត​វា។

ក្រោយ​ពី​បរិភោគ​ហើយ យើង​បាន​ទៅ​ដង​ទឹក​បន្ថែម​ទៀត​ដើម្បី​ងូត។ ជួនកាល​យើង​បាន​ដេក​នៅ​ផ្ទះ​បាយ។ នៅ​ពេល​មាន​ភ្លៀង​ជួនកាល​យើង​ដេក​ដោយ​ផ្អែក​ខ្លួន​នឹង​ជញ្ជាំង ដោយ​ខំ​ជៀស​កុំ​ឲ្យ​ត្រូវ​ទឹក​ភ្លៀង​ដែល​ស្រក់​ពី​ដំបូល។

យើង​តែង​តែ​ឆ្លៀត​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​ផ្ទះ​ដែល​ឲ្យ​យើង​ស្នាក់​នៅ។ ពេល​ដែល​យើង​បាន​ទៅ​ដល់​គោលដៅ​របស់​យើង បង​ប្អូន​គ្រិស្ត​សាសនិក​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ទី​នោះ​បាន​ទទួល​យើង​យ៉ាង​រាក់​ទាក់ ព្រម​ទាំង​បង្ហាញ​ចិត្ត​សប្បុរស​ក្រៃ​លែង។ ចិត្ត​ដឹង​គុណ​ដ៏​ស្មោះ​អស់ពី​ចិត្ត​របស់​ពួក​គាត់​ចំពោះ​ទស្សនកិច្ច​របស់​យើង ធ្វើ​ឲ្យ​យើង​ភ្លេច​អស់​នូវ​ការ​ពិបាក​ទាំង​ឡាយ​ដែល​យើង​បាន​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។

ពេល​ដែល​ស្នាក់​នៅ​ផ្ទះ​របស់​បង​ប្អូន​រួម​ជំនឿ យើង​ចូល​ចិត្ត​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ​របស់​ពួក​គាត់។ ជា​លទ្ធផល នេះ​បាន​ជួយ​ពួក​គាត់​ឲ្យ​មាន​ពេល​ដើម្បី​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​យើង។ យើង​មិន​បាន​រំពឹង​ថា​បង​ប្អូន​ជា​ម្ចាស់​ផ្ទះ​ផ្គត់​ផ្គង់​យើង​ដោយ​របស់​ល្អ​ៗ ឬ​អាហារ​ពិសេស​ដែល​ពួក​គាត់​គ្មាន​លុយ​ទិញ​នោះ​ទេ។

ទស្សនកិច្ច​នៅ​ក្រុម​ស្វយ័ត​នានា

យើង​ចូល​ចិត្ត​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ស្វយ័ត នៅ​ទី​នោះ​បង​ប្អូន​បាន​ស្វាគមន៍​យើង​ដោយ​រៀបចំ​កាលវិភាគ​ដែល​ពេញ​ដោយ​សកម្មភាព​ផ្សេង​ៗ។ សូម្បី​តែ​ពេល​«​សម្រាក​បន្ដិច​»​ក៏​យើង​កម្រ​មាន​ដែរ។ (​ម៉ាក. ៦:​៣១​) នៅ​កន្លែង​មួយ ប្ដី​ប្រពន្ធ​ជា​សាក្សី​ព្រះ​យេហូវ៉ា​មួយ​គូ​បាន​អញ្ជើញ​សិស្ស​គម្ពីរ​ទាំង​៤០​នាក់​ទៅ​ផ្ទះ​របស់​ពួក​គាត់ ដើម្បី​យើង​អាច​ចូល​រួម​សិក្សា​គម្ពីរ​ជា​មួយ​ពួក​គាត់។ អូលី​បាន​ចូល​រួម​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ប្រហែល​២០​នាក់​ជា​មួយ​បង​ស្រី ហើយ​ខ្ញុំ​ចូល​រួម​ជា​មួយ​បង​ប្រុស​ដែល​ដឹក​នាំ​ការ​សិក្សា​២០​នាក់​ផ្សេង​ទៀត។ ពេល​ចប់​ការ​សិក្សា​មួយ យើង​ចាប់​ផ្ដើម​ការ​សិក្សា​មួយ​ទៀត​ភ្លាម។ ក្រោយ​មក​នៅ​ថ្ងៃ​នោះ យើង​បាន​ឈប់​សម្រាក​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ បន្ទាប់​មក​យើង​បន្ត​ការ​សិក្សា​ត​ទៅ​ទៀត។ ថ្ងៃ​ដ៏​វែង​និង​មមាញឹក​នោះ​បាន​បញ្ចប់​ទៅ​ប្រហែល​នៅ​ម៉ោង​៨​យប់!

ពេល​យើង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​មួយ​ទៀត​យើង​ទាំង​អស់​គ្នា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​ជិត​ខាង​មួយ​ប្រហែលជា​នៅ​ម៉ោង​៨​ព្រឹក។ យើង​ទាំង​អស់​គ្នា​ស្លៀក​ពាក់​ខោ​អាវ​ចាស់​ៗ។ បន្ទាប់​ពី​ដើរ​យ៉ាង​យូរ​កាត់​ព្រៃ យើង​បាន​ទៅ​ដល់​កន្លែង​នោះ​ប្រហែលជា​នៅ​ថ្ងៃ​ត្រង់។ យើង​ស្លៀក​ពាក់​ខោ​អាវ​ស្អាត ហើយ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ភ្លាម​ៗ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ មិន​សូវ​មាន​ផ្ទះ​ដើម្បី​ផ្សព្វ​ផ្សាយ​ទេ តែ​មាន​អ្នក​ផ្សាយ​ច្រើន។ ដូច្នេះ​យើង​បាន​ផ្សព្វ​ផ្សាយ​នៅ​តំបន់​នោះ​ចប់​ប្រហែល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ។ ក្រោយ​មក​យើង​ធ្វើ​ដំណើរ​ទៅ​ភូមិ​បន្ទាប់។ ក្រោយ​ពី​ផ្សព្វ​ផ្សាយ​ចប់​នៅ​ទី​នោះ យើង​ដើរ​យ៉ាង​យូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ មុន​ដំបូង​ការ​ផ្សព្វ​ផ្សាយ​របៀប​នេះ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​បន្ដិច​ដែរ។ យើង​បាន​ចំណាយ​ពេល​និង​កម្លាំង​យ៉ាង​ច្រើន ប៉ុន្តែ​បាន​ផ្សព្វ​ផ្សាយ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​បង​ប្អូន​នៅ​តំបន់​នោះ​មិន​បាន​ត្អូញត្អែរ​ទេ។ ពួក​គាត់​នៅ​តែ​រំភើប​ចិត្ត​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។

មាន​ក្រុម​ស្វយ័ត​មួយ​នៅ​តាវីរ៉ាណាមបូ នៅ​ជិត​កំពូល​ភ្នំ។ នៅ​ទី​នោះ​យើង​បាន​រក​ឃើញ​សាក្សី​មួយ​គ្រួសារ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​បន្ទប់​តែ​មួយ។ នៅ​ជិត​នោះ​មាន​អគារ​តូច​មួយ​ទៀត​ជា​កន្លែង​សម្រាប់​កិច្ច​ប្រជុំ។ ភ្លាម​ៗ​នោះ ម្ចាស់​ផ្ទះ​របស់​យើង​បាន​ស្រែក​ហៅ​ដោយ​សំឡេង​ខ្លាំង​ៗ​ថា​៖ ​«​បង​ប្អូន​អើយ!​»។ សំឡេង​មួយ​មក​ពី​កំពូល​ភ្នំ​មួយ​ទៀត បាន​ឆ្លើយ​ថា​«​បាទ!​»។ ម្ចាស់​ផ្ទះ​របស់​យើង​បាន​ស្រែក​ម្ដង​ទៀត​ថា​៖ ​«​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​បាន​មក​ដល់​ហើយ!​»។ មាន​សំឡេង​តប​មក​វិញ​ថា​៖ ​«​បាទ!​»។ តាម​មើល​ទៅ ដំណឹង​នោះ​បាន​ឮ​ដល់​អ្នក​ឯ​ទៀត​ដែល​រស់​នៅ​ឆ្ងាយ​ពី​នោះ។ មិន​យូរ​ប៉ុន្មាន បណ្ដា​ជន​បាន​ចាប់​ផ្ដើម​ប្រមូល​គ្នា ហើយ​ពេល​កិច្ច​ប្រជុំ​ចាប់​ផ្ដើម មាន​មនុស្ស​ជាង​១០០​នាក់​បាន​ចូល​រួម។

ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ

នៅ​ឆ្នាំ​១៩៩៦ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​មណ្ឌល​មួយ​ដែល​នៅ​ជិត​រដ្ឋធានី​អាន់តាណាណារីវ៉ូ​នៅ​តំបន់​ភ្នំ​ភាគ​កណ្ដាល។ មណ្ឌល​នេះ​ក៏​មាន​ការ​ពិបាក​ខ្លះ​ដែល​មិន​មាន​នៅ​មណ្ឌល​ផ្សេង​ទៀត។ នៅ​ទី​នោះ​មិន​មាន​ឡាន​ដឹក​អ្នក​ដំណើរ​ជា​ទៀង​ទាត់​ដើម្បី​ទៅ​កន្លែង​ឆ្ងាយ​ៗ​ទេ។ យើង​មាន​កាលវិភាគ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​តូច​មួយ​នា​ក្រុង​បេអិនកាណា (​បេសាកេ​) ដែល​មាន​ចម្ងាយ​ប្រហែល​១៥០​ម៉ៃល៍ (​២៤០​គីឡូម៉ែត្រ​) ពី​រដ្ឋធានី​អាន់តាណាណារីវ៉ូ។ បន្ទាប់​ពី​តថ្លៃ​គ្នា​ជា​មួយ​អ្នក​បើក​ឡាន យើង​បាន​ឡើង​ជិះ​ឡាន​ដឹក​ទំនិញ​តូច​មួយ​ធ្វើ​ដំណើរ​ទៅ​ទី​នោះ។ មាន​អ្នក​ធ្វើ​ដំណើរ​ឯ​ទៀត​ប្រហែល​៣០​នាក់​នៅ​ក្នុង​ឡាន អ្នក​ខ្លះ​អង្គុយ​លើ​ដំបូល ហើយ​អ្នក​ខ្លះ​ទៀត​ឈរ​តោង​ខាង​ក្រោយ​ឡាន។

ដូច​ដែល​ធ្លាប់​កើត​ឡើង​ជា​ញឹក​ញយ មិន​យូរ​ប៉ុន្មាន​ឡាន​នោះ​បាន​ខូច ហើយ​យើង​បាន​បន្ត​ដំណើរ​ដោយ​ដើរ។ បន្ទាប់​ពី​ដើរ​ដោយ​លំបាក​អស់​ប៉ុន្មាន​ម៉ោង​មក ឡាន​ដឹក​ទំនិញ​ធំ​មួយ​បាន​មក​ដល់។ ទោះ​ជា​ឡាន​នោះ​ផ្ទុក​មនុស្ស​និង​អីវ៉ាន់​ពេញ​ហើយ​ក៏​ដោយ អ្នក​បើក​ឡាន​បាន​ឈប់។ យើង​បាន​ឡើង​ជិះ​ដោយ​សុខ​ចិត្ត​ឈរ។ ក្រោយ​មក​យើង​បាន​ទៅ​ដល់​ទន្លេ​មួយ ប៉ុន្តែ​គេ​កំពុង​ជួស​ជុល​ស្ពាន។ ម្ដង​ទៀត យើង​បាន​ចុះ​ដើរ ហើយ​នៅ​ទី​បំផុត​យើង​បាន​ទៅ​ដល់​ភូមិ​តូច​មួយ​ដែល​មាន​អ្នក​ត្រួស​ត្រាយ​ពិសេស​ខ្លះ​រស់​នៅ។ ទោះ​ជា​យើង​គ្មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​នៅ​ទី​នោះ​ក៏​ដោយ យើង​បាន​ចំណាយ​ពេល​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គេ កាល​ដែល​យើង​រង់​ចាំ​គេ​ជួល​ជុល​ស្ពាន​រួច និង​រង់​ចាំ​ឡាន​ផ្សេង​ទៀត​ឆ្លង​កាត់។

យើង​បាន​រង់​ចាំ​នៅ​ទី​នោះ​អស់​មួយ​សប្ដាហ៍​ទើប​ឡាន​មួយ​មក​ដល់ ហើយ​យើង​បន្ត​ដំណើរ​ទៅ​ទៀត។ នៅ​តាម​ផ្លូវ​មាន​សុទ្ធតែ​ជង្ហុក​ធំ​ៗ។ ជា​ញឹក​ញាប់​យើង​ជួយ​រុញ​ឡាន​កាត់​ទឹក​ត្រឹម​ក្បាល​ជង្គង់ ហើយ​យើង​ជំពប់​ដួល​ច្រើន​ដង​ពេល​រុញ​ឡាន​នោះ។ យើង​បាន​ទៅ​ដល់​ភូមិ​តូច​មួយ​តាំង​ពី​ព្រលឹម​ស្រាង​ៗ ហើយ​បាន​ចុះ​នៅ​ទី​នោះ។ ពេល​ចេញ​ពី​ផ្លូវ​ធំ យើង​បាន​ដើរ​ត​ទៅ​ទៀត​ឆ្ពោះ​ទៅ​ទិស​ដៅ​របស់​យើង ដោយ​ឆ្លង​កាត់​វាល​ស្រែ​មាន​ទឹក​ត្រឹម​ចង្កេះ​ដែល​មាន​ភក់។

ដោយ​សារ​នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​នៅ​តំបន់​នេះ ដូច្នេះ​យើង​បាន​សម្រេច​ចិត្ត​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដែល​កំពុង​ធ្វើ​ការ​នៅ​វាល​ស្រែ ហើយ​សួរ​អំពី​ទី​កន្លែង​ដែល​សាក្សី​នៅ​តំបន់​នោះ​រស់​នៅ។ យើង​សប្បាយ​ចិត្ត​ណាស់​ពេល​ដឹង​ថា​ពួក​អ្នក​ដែល​កំពុង​ធ្វើ​ស្រែ​នោះ​តាម​ពិត​គឺជា​បង​ប្អូន​រួម​ជំនឿ​របស់​យើង​សោះ!

ការ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​កិច្ច​បម្រើ​ពេញ​ពេល

ក្នុង​អំឡុង​ពេល​យើង​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល យើង​មាន​អំណរ​យ៉ាង​ខ្លាំង​ដោយ​ឃើញ​លទ្ធផល​ដែល​មក​ពី​ការ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​កិច្ច​បម្រើ​ពេញ​ពេល។ ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​មួយ​ដែល​មាន​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​៩​នាក់ យើង​បាន​លើក​ទឹក​ចិត្ត​អ្នក​ត្រួស​ត្រាយ​ម្នាក់​ៗ​ឲ្យ​មាន​គោលដៅ​ជួយ​អ្នក​ផ្សាយ​ម្នាក់​ទៀត​ឲ្យ​ចូល​រួម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ដែរ។ ៦​ខែ​ក្រោយ​មក ពេល​យើង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​នោះ ចំនួន​អ្នក​ត្រួស​ត្រាយ​បាន​កើន​ឡើង​ដល់​២២​នាក់។ បង​ស្រី​ពីរ​នាក់​ជា​អ្នក​ត្រួស​ត្រាយ​បាន​លើក​ទឹក​ចិត្ត​ឪពុក​របស់​ពួក​គាត់​ដែល​ជា​អ្នក​ចាស់​ទុំ​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ដែរ។ ក្រោយ​មក បង​ប្រុស​ទាំង​ពីរ​នាក់​នេះ​បាន​លើក​ទឹក​ចិត្ត​អ្នក​ចាស់​ទុំ​ទី​៣​ឲ្យ​ចូល​រួម​ជា​មួយ​ពួក​គាត់​ដែរ។ មួយ​រយៈ​ពេល​ខ្លី​ក្រោយ​មក អ្នក​ចាស់​ទុំ​ទី​៣​នេះ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ ក្រោយ​មក គាត់​និង​ប្រពន្ធ​គាត់​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល។ ចុះ​អ្នក​ចាស់​ទុំ​ពីរ​នាក់​ទៀត​នោះ? ម្នាក់​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល ហើយ​ម្នាក់​ទៀត​បម្រើ​ជា​អ្នក​សាងសង់​សាល​ប្រជុំ។

រាល់​ថ្ងៃ​យើង​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​ជំនួយ​របស់​លោក កាល​ដែល​យើង​ទទួល​ស្គាល់​ថា​យើង​មិន​អាច​សម្រេច​កិច្ចការ​ទាំង​អស់​ដោយ​ពឹង​លើ​កម្លាំង​របស់​យើង​បាន​ទេ។ ពិត​មែន ជួនកាល​យើង​អស់​កម្លាំង​ហើយ​ធ្លាក់​ខ្លួន​ឈឺ ប៉ុន្តែ​យើង​សប្បាយ​ចិត្ត​ពេល​ដែល​យើង​សញ្ជឹង​គិត​អំពី​លទ្ធផល​នៃ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​កិច្ចការ​របស់​លោក​ជឿន​ទៅ​មុខ។ យើង​សប្បាយ​ចិត្ត​ដោយ​បាន​រួម​ចំណែក​បន្ដិច​បន្តួច​ក្នុង​កិច្ចការ​របស់​លោក ឥឡូវ​យើង​បម្រើ​លោក​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ មែន​ហើយ យើង​បាន​រៀន​«​អាថ៌​កំបាំង​»​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​«​ដែល​ផ្ដល់​កម្លាំង​ឲ្យ​»​យើង។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៦​]

យើង​បាន​រៀន​​«​អាថ៌​កំបាំង​»​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា

[​ផែនទី​/​រូបភាព​នៅ​ទំព័រ​៤​]

ប្រទេស​ម៉ាដាហ្គាស្ការ​ដែល​គេ​ហៅ​ថា​កោះ​ធំ​ក្រហម ជា​កោះ​ដែល​ធំ​ជាង​គេ​ទី​៤​លើ​ផែនដី។ ដី​នៅ​កោះ​នោះ​មាន​ពណ៌​ក្រហម ហើយ​មាន​ប្រភេទ​សត្វ​និង​រុក្ខជាតិ​ជា​ច្រើន​ដែល​ប្រទេស​ឯ​ទៀត​មិន​មាន

[​រូបភាព​នៅ​ទំព័រ​៥​]

ការ​ធ្វើ​ដំណើរ​គឺជា​ការ​ពិបាក​ធំ​បំផុត​មួយ​ក្នុង​ចំណោម​ការ​ពិបាក​ដែល​យើង​ជួប​ប្រទះ

[​រូបភាព​នៅ​ទំព័រ​៥​]

យើង​ចូល​ចិត្ត​បង្រៀន​សិស្ស​គម្ពីរ