លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»

ព្រះយេហូវ៉ាគឺជា«ព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»

ព្រះ​យេហូវ៉ា​គឺជា​«​ព្រះ​ដែល​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​»​

​«​ពិត​ប្រាកដជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ទ្រង់​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ស្តេច គឺជា​ព្រះ​ដែល​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​»។—ដាន. ២:៤៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ព័ត៌មាន​ល្អិត​ល្អន់​អ្វី​ស្តី​អំពី​អនាគត​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​យើង​ដឹង?

តើ​ក្បាល​៦​ដំបូង​របស់​សត្វ​សាហាវ​ជា​តំណាង​ប្រទេស​ណា?

តើ​រូបសំណាក​ដែល​ស្តេច​នេប៊ូក្នេសា​បាន​យល់សប្ដិ​ឃើញ​និង​សត្វ​សាហាវ​ទាក់​ទង​គ្នា​យ៉ាង​ណា?

១, ២​. តើ​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​យើង​ដឹង​អំពី​អ្វី ហើយ​ហេតុ​អ្វី​លោក​ធ្វើ​ដូច្នេះ?

ពេល​រាជាណាចក្រ​ព្រះ​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស តើ​រដ្ឋាភិបាល​ណា​ជា​មហាអំណាច? យើង​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​»​បាន​បើក​បង្ហាញ​ដល់​យើង។ លោក​ជួយ​យើង​ឲ្យ​ដឹង​អំពី​អត្តសញ្ញាណ​នៃ​រដ្ឋាភិបាល​ទាំង​នោះ តាម​រយៈ​សំណេរ​របស់​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​និង​សាវ័ក​យ៉ូហាន។

ព្រះ​យេហូវ៉ា​បាន​ឲ្យ​បុរស​ទាំង​នោះ​នូវ​ការ​ឃើញ​ក្នុង​គំនិត​ជា​បន្ត​បន្ទាប់​ដែល​ទាក់​ទង​នឹង​សត្វ​សាហាវ​នានា​ដែល​គ្រប់​គ្រង​ត​ៗ​គ្នា។ លោក​ថែម​ទាំង​ប្រាប់​ដានីយ៉ែល​អំពី​អត្ថន័យ​នៃ​ការ​យល់សប្ដិ​ដែល​ព្រះ​បាន​បើក​ឲ្យ​ឃើញ​អំពី​រូប​ធំ​សម្បើម​ដែល​ធ្វើ​ពី​លោហធាតុ​ផ្សេង​ៗ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដានីយ៉ែល​និង​យ៉ូហាន​សរសេរ ហើយ​រក្សា​ទុក​កំណត់​ហេតុ​ទាំង​នោះ​ក្នុង​គម្ពីរ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ (​រ៉ូម ១៥:​៤​) លោក​ធ្វើ​ដូច្នេះ​ដើម្បី​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង​ដែល​ថា មិន​យូរ​ទៀត​រាជាណាចក្រ​របស់​លោក​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស។—ដាន. ២:៤៤

៣​. ដើម្បី​យល់​ទំនាយ​យ៉ាង​ត្រឹម​ត្រូវ តើ​មុន​ដំបូង​យើង​ត្រូវ​យល់​អំពី​អ្វី ហើយ​ហេតុ​អ្វី?

ពេល​យក​កំណត់​ហេតុ​របស់​ដានីយ៉ែល​និង​យ៉ូហាន​មក​ប្រៀប​ធៀប​ជា​មួយ​គ្នា កំណត់​ហេតុ​ទាំង​នោះ​មិន​គ្រាន់តែ​ប្រាប់​អំពី​អត្តសញ្ញាណ​នៃ​ស្តេច​ទាំង​៨​ឬ​ការ​គ្រប់​គ្រង​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​អំពី​លំដាប់​ពេល​ដែល​មហាអំណាច​ទាំង​នោះ​នឹង​លេច​មក។ ក៏​ប៉ុន្តែ​យើង​អាច​យល់​យ៉ាង​ត្រឹម​ត្រូវ​នូវ​ទំនាយ​ទាំង​នោះ​បាន លុះ​ត្រា​តែ​យើង​យល់​អត្ថន័យ​នៃ​ទំនាយ​ទី​១​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ។ ហេតុ​អ្វី? ពីព្រោះ​គម្ពីរ​ទាំង​មូល​និង​ទំនាយ​ទាំង​អស់​ក្នុង​គម្ពីរ​ជាប់​ទាក់​ទង​នឹង​ទំនាយ​នេះ។

ពូជ​របស់​ពស់​និង​សត្វ​សាហាវ

៤​. តើ​អ្នក​ណាខ្លះ​ជា​ពូជ​របស់​ស្ត្រី ហើយ​តើ​ពូជ​នោះ​នឹង​ធ្វើ​អ្វី?

មិន​យូរ​ក្រោយ​ពី​ការ​បះបោរ​នៅ​សួន​អេដែន ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​«​ស្ត្រី​»​ម្នាក់​នឹង​បង្កើត​«​ពូជ​»​មួយ។ * (​សូម​អាន លោកុប្បត្តិ ៣:១៥) នៅ​ទី​បំផុត ពូជ​នោះ​នឹង​កិន​ក្បាល​សត្វ​ពស់ ពោល​គឺ​សាថាន។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ថា ពូជ​នោះ​នឹង​មក​តាម​រយៈ​អាប្រាហាំ នឹង​ជា​ជន​ជាតិ​អ៊ីស្រាអែល មក​ពី​តំបន់​យូឌា ហើយ​ជា​ពូជ​ពង្ស​របស់​ស្តេច​ដាវីឌ។ (​លោ. ២២:១៥​-​១៨; ៤៩:១០; ទំនុក. ៨៩:៣, ៤; លូក. ១:៣០​-​៣៣​) ផ្នែក​សំខាន់​បំផុត​នៃ​ពូជ​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត។ (​កាឡ. ៣:១៦​) ផ្នែក​មួយ​ទៀត​នៃ​ពូជ​នោះ​គឺ​សមាជិក​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​របស់​ព្រះ។ (​កាឡ. ៣:២៦​-​២៩​) លោក​យេស៊ូ​និង​អ្នក​ទាំង​នេះ​ដែល​ព្រះ​បាន​រើស​តាំង​រួម​គ្នា​ជា​រាជាណាចក្រ​របស់​ព្រះ ហើយ​ព្រះ​នឹង​ប្រើ​រាជាណាចក្រ​នេះ​ដើម្បី​បំផ្លាញ​សាថាន។—លូក. ១២:​៣២; រ៉ូម ១៦:២០

៥, ៦​. ​(​ក​) តើ​ដានីយ៉ែល​និង​យ៉ូហាន​បាន​ប្រាប់​ឲ្យ​ស្គាល់​មហាអំណាច​ប៉ុន្មាន? (​ខ​) តើ​ក្បាល​របស់​សត្វ​សាហាវ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ជា​តំណាង​អ្វី?

ទំនាយ​ទី​១​នេះ​ដែល​ព្រះ​បាន​ទាយ​នៅ​សួន​អេដែន​ក៏​បាន​ចែង​ថា​សាថាន​នឹង​បង្កើត​«​ពូជ​»​មួយ​ដែរ។ ពូជ​របស់​សាថាន​នឹង​ស្អប់​ឬ​ប្រឆាំង​នឹង​ពូជ​របស់​ស្ត្រី។ តើ​អ្នក​ណា​ជា​ពូជ​របស់​ពស់? គឺ​អស់​អ្នក​ដែល​ស្អប់​ព្រះ​ហើយ​ប្រឆាំង​នឹង​រាស្ត្រ​របស់​លោក​ដូច​សាថាន។ តាំង​ពី​សម័យ​បុរាណ​មក សាថាន​បាន​រៀបចំ​ពូជ​របស់​វា​ឲ្យ​ទៅ​ជា​រដ្ឋាភិបាល​ឬ​រាជាណាចក្រ​ជា​ច្រើន។ (​លូក. ៤:៥, ៦​) រដ្ឋាភិបាល​ខ្លះ​ក្នុង​ចំណោម​រដ្ឋាភិបាល​ទាំង​នេះ​បាន​ប្រឆាំង​យ៉ាង​ចំ​ៗ​នឹង​រាស្ត្រ​របស់​ព្រះ ពោល​គឺ​ប្រឆាំង​ប្រជាជាតិ​អ៊ីស្រាអែល​ឬ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ ហេតុ​អ្វី​ចំណុច​នេះ​សំខាន់​ម្ល៉េះ? ពីព្រោះ​ចំណុច​នេះ​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​បើក​បង្ហាញ​ដែល​ដានីយ៉ែល​និង​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត រៀប​រាប់​តែ​រដ្ឋាភិបាល​៨​ដែល​មាន​អំណាច​ខ្លាំងក្លា។

នៅ​ចុង​សតវត្សរ៍​ទី​១ គ.ស. លោក​យេស៊ូ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​បើក​បង្ហាញ​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​អ្វី​ដ៏​អស្ចារ្យ​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់។ (​បប. ១:១​) នៅ​ពេល​មួយ យ៉ូហាន​បាន​ឃើញ​មេកំណាច​ដែល​តំណាង​ដោយ​នាគ​មួយ​កំពុង​ឈរ​នៅ​ឆ្នេរ​សមុទ្រ​ដ៏​ធំ​មួយ។ (​សូម​អាន ការ​បើក​បង្ហាញ ១៣:១, ២) យ៉ូហាន​ក៏​បាន​ឃើញ​សត្វ​ចម្លែក​មួយ​ឡើង​ចេញ​ពី​សមុទ្រ​នោះ ហើយ​បាន​ទទួល​អំណាច​យ៉ាង​ធំ​ពី​មេកំណាច។ ក្រោយ​មក ទេវតា​មួយ​រូប​បាន​ប្រាប់​យ៉ូហាន​ថា​ក្បាល​ទាំង​៧​របស់​សត្វ​សាហាវ​ពណ៌​ក្រហម​ឆ្អៅ​មួយ ដែល​ជា​រូប​នៃ​សត្វ​សាហាវ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ ១៣:​១ ជា​តំណាង​«​ស្តេច​ប្រាំពីរ​»​ឬ​រដ្ឋាភិបាល។ (​បប. ១៣:១, ១៤, ១៥; ១៧:៣, ៩, ១០​) ពេល​ដែល​យ៉ូហាន​សរសេរ​ទំនាយ​នេះ ស្តេច​ប្រាំ​បាន​រលំ​ហើយ ស្តេច​មួយ​កំពុង​កាន់​អំណាច ហើយ​ស្តេច​មួយ​ទៀត​«​មិន​ទាន់​មក​ដល់​»​នៅ​ឡើយ។ តើ​រាជាណាចក្រ​ឬ​មហាអំណាច​ទាំង​នេះ​ជា​អ្នក​ណា? សូម​យើង​ពិចារណា​អំពី​ក្បាល​នីមួយ​ៗ​របស់​សត្វ​សាហាវ​ដែល​បាន​រៀប​រាប់​នៅ​សៀវភៅ​ការ​បើក​បង្ហាញ។ យើង​ក៏​នឹង​រៀន​ថែម​ទៀត​អំពី​រដ្ឋាភិបាល​ទាំង​នេះ​ក្នុង​សៀវភៅ​ដានីយ៉ែល។ តាំង​ពី​ច្រើន​រយ​ឆ្នាំ​មុន​មាន​រដ្ឋាភិបាល​ទាំង​នេះ ទំនាយ​ដានីយ៉ែល​បាន​ផ្ដល់​ព័ត៌មាន​ល្អិត​ល្អន់​អំពី​រដ្ឋាភិបាល​ខ្លះ​ទាំង​នេះ។

ក្បាល​ពីរ​ដំបូង​គឺ​អេស៊ីប​និង​អាសស៊ើរ

៧​. តើ​ក្បាល​ទី​១​របស់​សត្វ​សាហាវ​ជា​តំណាង​អ្វី ហើយ​ហេតុ​អ្វី?

ក្បាល​ទី​១​របស់​សត្វ​សាហាវ​ជា​តំណាង​អេស៊ីប ពីព្រោះ​អេស៊ីប​គឺជា​មហាអំណាច​ទី​១​ដែល​ស្អប់ ហើយ​ប្រឆាំង​រាស្ត្រ​របស់​ព្រះ។ ព្រះ​បាន​សន្យា​នឹង​អាប្រាហាំ​ថា​ពូជ​របស់​ស្ត្រី​នឹង​កើត​ពី​ក្រុម​គ្រួសារ​របស់​គាត់។ ជន​ជាតិ​អ៊ីស្រាអែល​គឺជា​ពូជ​ពង្ស​របស់​អាប្រាហាំ។ ក្រោយ​មក​ពួក​គេ​ទៅ​រស់​នៅ​ស្រុក​អេស៊ីប ហើយ​បង្កើត​បាន​កូន​ចៅ​ជា​ច្រើន។ ក្រោយ​មក​ជន​ជាតិ​អេស៊ីប​បាន​ជិះ​ជាន់​ជន​ជាតិ​អ៊ីស្រាអែល។ សាថាន​បាន​ប៉ុនប៉ង​បំផ្លាញ​រាស្ត្រ​របស់​ព្រះ​ចោល​មុន​ពូជ​នោះ​កើត​មក។ តើ​តាម​របៀប​ណា? គឺ​ដោយ​ជំរុញ​ឲ្យ​ផារ៉ូ​សម្លាប់​កូន​ក្មេង​ប្រុស​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​បាន​ទប់​ស្កាត់​ការ​ប៉ុនប៉ង​នោះ ហើយ​បាន​រំដោះ​រាស្ត្រ​របស់​លោក​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប។ (​និក្ខ. ១:១៥​-​២០; ១៤:១៣​) ក្រោយ​មក​លោក​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នូវ​ទឹក​ដី​ដែល​លោក​បាន​សន្យា។

៨​. តើ​ក្បាល​ទី​២​ជា​អ្នក​ណា ហើយ​តើ​វា​បាន​ប៉ុនប៉ង​ធ្វើ​អ្វី?

ក្បាល​ទី​២​របស់​សត្វ​សាហាវ​ជា​តំណាង​អាសស៊ើរ។ រាជាណាចក្រ​ដ៏​ខ្លាំងក្លា​នេះ​ក៏​បាន​ប៉ុនប៉ង​បំផ្លាញ​រាស្ត្រ​របស់​ព្រះ​ដែរ។ ពិត​មែន​តែ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ជន​ជាតិ​អាសស៊ើរ​ដើម្បី​ដាក់​ទោស​រាជាណាចក្រ​ដែល​មាន​កុលសម្ព័ន្ធ​១០ ដោយ​សារ​ពួក​គេ​គោរព​បូជា​រូប​ព្រះ ហើយ​បាន​បះបោរ​ប្រឆាំង​នឹង​លោក ប៉ុន្តែ​ក្រោយ​មក​ជន​ជាតិ​អាសស៊ើរ​បាន​វាយ​ប្រហារ​ក្រុង​យេរូសាឡិម។ សាថាន​ប្រហែលជា​មាន​គោល​បំណង​បំផ្លាញ​ចោល​ពូជ​ពង្ស​ដែល​លោក​យេស៊ូ​នឹង​កើត​ចេញ​មក។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល​ទេ ហេតុ​នេះ​លោក​បាន​បំផ្លាញ​កង​ទ័ព​អាសស៊ើរ ហើយ​បាន​សង្គ្រោះ​រាស្ត្រ​របស់​លោក។—២ព. ១៩:៣២​-​៣៥; អេ. ១០:៥, ៦, ១២​-​១៥

ក្បាល​ទី​៣​គឺ​បាប៊ីឡូន

៩, ១០​. ​(​ក​) តើ​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​ធ្វើ​អ្វី? (​ខ​) ដើម្បី​ឲ្យ​ទំនាយ​នេះ​បាន​សម្រេច តើ​អ្វី​នឹង​កើត​ឡើង?

ក្បាល​ទី​៣​នៃ​សត្វ​សាហាវ​ដែល​យ៉ូហាន​បាន​ឃើញ​ជា​តំណាង​រាជាណាចក្រ​ដែល​មាន​ក្រុង​បាប៊ីឡូន​ជា​រាជធានី។ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​ផ្ដួល​រំលំ​ក្រុង​យេរូសាឡិម ហើយ​ចាប់​បណ្ដា​ជន​នៅ​ក្រុង​នោះ​ជា​ឈ្លើយ។ ក៏​ប៉ុន្តែ​មុន​រឿង​នេះ​កើត​ឡើង ព្រះ​យេហូវ៉ា​បាន​ប្រាប់​រាស្ត្រ​ដ៏​រឹង​ទទឹង​របស់​លោក​អំពី​អ្វី​ដែល​រាជាណាចក្រ​បាប៊ីឡូន​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ។ (​២ព. ២០:១៦​-​១៨​) លោក​ក៏​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ស្តេច​របស់​ពួក​គេ​អង្គុយ​លើ​«​បល្ល័ង្ក​»​របស់​លោក​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ។ (​២ព. ២០:១៦​-​១៨​) ប៉ុន្តែ ព្រះ​យេហូវ៉ា​ក៏​បាន​សន្យា​ដែរ​ថា​ពូជ​ពង្ស​មួយ​របស់​ស្តេច​ដាវីឌ​ជា​អ្នក​ដែល​មាន​«​ច្បាប់​ទទួល​»​នឹង​កើត​មក ហើយ​យក​អំណាច​នោះ​មក​វិញ។—អេស. ២១:​២៥​-​២៧

១០ ទំនាយ​មួយ​ទៀត​បាន​បង្ហាញ​ថា​ជន​ជាតិ​យូដា​កំពុង​គោរព​ប្រណិប័តន៍​នៅ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម ពេល​ដែល​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​នឹង​លេច​មក។ (​ដាន. ៩:២៤​-​២៧​) មុន​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ចាប់​ជា​ឈ្លើយ​ទៅ​ក្នុង​បាប៊ីឡូន ទំនាយ​មួយ​ទៀត​បាន​ចែង​ថា​មេស្ស៊ី​នឹង​កើត​នៅ​ក្រុង​បេថ្លេហិម។ (​មីកា ៥:១​) ដើម្បី​ឲ្យ​ទំនាយ​ទាំង​នោះ​បាន​សម្រេច ជន​ជាតិ​យូដា​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​របស់​ពួក​គេ ហើយ​សង់​វិហារ​របស់​ព្រះ​ឡើង​វិញ។ ប៉ុន្តែ ធម្មតា​ពួក​បាប៊ីឡូន​មិន​ដោះ​លែង​ឈ្លើយ​សឹក​របស់​ពួក​គេ​ទេ។ ដូច្នេះ​តើ​រាស្ត្រ​របស់​ព្រះ​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​បាន​ប្រាប់​ចម្លើយ​នេះ​ដល់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក។—អេម. ៣:៧

១១​. នៅ​ក្នុង​ទំនាយ​របស់​ដានីយ៉ែល​និង​យ៉ូហាន តើ​ចក្រភព​បាប៊ីឡូន​បាន​ត្រូវ​តំណាង​ដោយ​អ្វី? (​សូម​មើល​កំណត់​សម្គាល់​)

១១ ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​នៅ​ក្នុង​ចំណោម​ពួក​ឈ្លើយ​សឹក​ដែល​គេ​ចាប់​ទៅ​បាប៊ីឡូន។ (​ដាន. ១:១​-​៦​) ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​ឲ្យ​បើក​សម្ដែង​អំពី​ការ​គ្រប់​គ្រង​បន្ត​បន្ទាប់​គ្នា​នៃ​រាជាណាចក្រ​នានា​ដែល​នឹង​មក​ក្រោយ​មហាអំណាច​បាប៊ីឡូន។ ព្រះ​យេហូវ៉ា​បើក​សម្ដែង​នូវ​អាថ៌​កំបាំង​ទាំង​នេះ ដោយ​ប្រើ​និមិត្តរូប​ផ្សេង​ៗ​មួយ​ចំនួន។ ជា​ឧទាហរណ៍ លោក​បាន​ធ្វើ​ឲ្យ​ស្តេច​បាប៊ីឡូន​ឈ្មោះ​នេប៊ូក្នេសា​យល់សប្ដិ​ឃើញ​រូបសំណាក​ដ៏​ធំ​មួយ​ដែល​ធ្វើ​ពី​លោហធាតុ​ផ្សេង​ៗ។ (​សូម​អាន ដានីយ៉ែល ២:១, ១៩, ៣១​-​៣៨) តាម​រយៈ​ដានីយ៉ែល ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ថា​ក្បាល​មាស​នៃ​រូបសំណាក​នោះ​ជា​តំណាង​ចក្រភព​បាប៊ីឡូន។ * មហាអំណាច​បន្ទាប់​ពី​បាប៊ីឡូន បាន​ត្រូវ​តំណាង​ដោយ​ដើម​ទ្រូង​និង​ដៃ​ដែល​ធ្វើ​ពី​ប្រាក់។ តើ​មហាអំណាច​នោះ​ជា​ប្រទេស​ណា ហើយ​តើ​ពួក​គេ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​រាស្ត្រ​របស់​ព្រះ?

ក្បាល​ទី​៤​គឺ​មេឌី​និង​ពើ​ស៊ី

១២, ១៣​. ​(​ក​) តើ​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​អ្វី​អំពី​មហាអំណាច​ដែល​ច្បាំង​ឈ្នះ​បាប៊ីឡូន? (​ខ​) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ចក្រភព​មេឌី​និង​ពើ​ស៊ី​គឺជា​ក្បាល​ទី​៤​នៃ​សត្វ​សាហាវ?

១២ ជាង​មួយ​សតវត្សរ៍​មុន​សម័យ​ដានីយ៉ែល តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​អេសាយ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​យ៉ាង​ល្អិត​ល្អន់​អំពី​មហាអំណាច​ដែល​នឹង​ច្បាំង​ឈ្នះ​បាប៊ីឡូន។ ព្រះ​យេហូវ៉ា​មិន​គ្រាន់តែ​បើក​បង្ហាញ​អំពី​របៀប​ដែល​មហាអំណាច​នោះ​វាយ​យក​បាន​ក្រុង​បាប៊ីឡូន​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រាប់​អំពី​ឈ្មោះ​របស់​អ្នក​ដឹក​នាំ​នៃ​មហា​អំណាច​នោះ​ដែរ។ អ្នក​ដឹក​នាំ​នោះ​ឈ្មោះ​ស៊ី​រូស​ជា​ជន​ជាតិ​ពើ​ស៊ី។ (​អេ. ៤៤:២៨–៤៥:២​) ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ដានីយ៉ែល​ឃើញ​ក្នុង​គំនិត​នូវ​អ្វី​ពីរ​ផ្សេង​ទៀត​ស្តី​អំពី​មហាអំណាច​មេឌី​និង​ពើ​ស៊ី។ នៅ​ពេល​មួយ​គាត់​ឃើញ​រាជាណាចក្រ​នោះ​បាន​ត្រូវ​តំណាង​ដោយ​សត្វ​ខ្លា​ឃ្មុំ​ដែល​កំពុង​ឈរ ហើយ​នឹង​ត្របាក់​«​ស៊ី​សាច់ . . . ច្រើន​»។ (​ដាន. ៧:៥​) នៅ​ពេល​មួយ​ទៀត​ដានីយ៉ែល​បាន​ឃើញ​មហាអំណាច​មួយ​ដែល​មាន​ជាតិ​សាសន៍​ពីរ​ដែល​បាន​ត្រូវ​តំណាង​ដោយ​សត្វ​ចៀម​ឈ្មោល​មាន​ស្នែង​ពីរ។—ដាន. ៨:៣, ២០

១៣ ព្រះ​យេហូវ៉ា​បាន​ប្រើ​ចក្រភព​មេឌី​និង​ពើ​ស៊ី​ឲ្យ​វាយ​ដណ្ដើម​យក​បាប៊ីឡូន ហើយ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​ដូច​លោក​បាន​ទាយ​ទុក។ (​២រប. ៣៦:​២២, ២៣​) ក៏​ប៉ុន្តែ ក្រោយ​មក​មហាអំណាច​នេះ​ហៀបនឹង​បំផ្លាញ​រាស្ត្រ​របស់​ព្រះ។ សៀវភៅ​អេសធើរ​កត់​ទុក​នូវ​គម្រោង​ការណ៍​មួយ​ដែល​រៀបចំ​ដោយ​នាយក​រដ្ឋ​មន្ត្រី​នៃ​ចក្រភព​ពើ​ស៊ី​ឈ្មោះ​ហាម៉ាន។ គាត់​បាន​រៀបចំ​ផែនការ​ដើម្បី​បំផ្លាញ​ជន​ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ចក្រភព​ពើ​ស៊ី​ដ៏​ធំ​ទូលាយ ហើយ​បាន​កំណត់​ថ្ងៃ​ជាក់​លាក់​មួយ​ដើម្បី​ប្រល័យពូជសាសន៍​យូដា។ ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្តរាគមន៍ នោះ​រាស្ត្រ​របស់​លោក​បាន​ត្រូវ​សង្គ្រោះ​ម្ដង​ទៀត​ពី​ការ​ព្យាបាទ​ពី​ពូជ​របស់​សាថាន។ (​អេធ. ១:១​-​៣; ៣:៨, ៩; ៨:៣, ៩​-​១៤​) ហេតុ​នេះ ជា​ការ​ត្រឹម​ត្រូវ​ដែល​ចក្រភព​មេឌី​និង​ពើ​ស៊ី​បាន​ត្រូវ​តំណាង​ដោយ​ក្បាល​ទី​៤​របស់​សត្វ​សាហាវ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ។

ក្បាល​ទី​៥​គឺ​ក្រិច

១៤, ១៥​. តើ​ព័ត៌មាន​ល្អិត​ល្អន់​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​អំពី​ចក្រភព​ក្រិច​សម័យ​បុរាណ?

១៤ ក្បាល​ទី​៥​របស់​សត្វ​សាហាវ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​ជា​តំណាង​មហាអំណាច​ក្រិច។ ដូច​ដានីយ៉ែល​បាន​បើក​បង្ហាញ​នៅ​ដើម​ដំបូង ពេល​គាត់​បក​ស្រាយ​សុបិន​របស់​នេប៊ូក្នេសា មហាអំណាច​នេះ​បាន​ត្រូវ​តំណាង​ដោយ​ពោះ​និង​ភ្លៅ​ដែល​ធ្វើ​ពី​ស្ពាន់​របស់​រូបសំណាក។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដានីយ៉ែល​ឃើញ​នូវ​អ្វី​ពីរ​ទៀត​ក្នុង​គំនិត​ដែល​មាន​ព័ត៌មាន​កាន់​តែ​ល្អិត​ល្អន់​អំពី​រាជាណាចក្រ​ក្រិច​និង​អ្នក​គ្រប់​គ្រង​ដ៏​ល្បីល្បាញ​បំផុត។

១៥ នៅ​ពេល​មួយ​ដានីយ៉ែល​បាន​ឃើញ​ចក្រភព​ក្រិច​ដែល​តំណាង​ដោយ​ខ្លារខិន​មាន​ស្លាប​បួន​ដែល​បញ្ជាក់​ថា​ចក្រភព​នេះ​នឹង​ច្បាំង​ឈ្នះ​យ៉ាង​ឆាប់​រហ័ស។ (​ដាន. ៧:៦​) នៅ​ពេល​មួយ​ទៀត​ដានីយ៉ែល​បាន​ឃើញ​ពពែ​ឈ្មោល​មួយ​ដែល​មាន​ស្នែង​ធំ​មួយ ហើយ​ពពែ​នោះ​បាន​សម្លាប់​ចៀម​ឈ្មោល​ស្នែង​ពីរ​ដែល​ជា​តំណាង​ចក្រភព​មេឌី​និង​ពើ​ស៊ី។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដានីយ៉ែល​ថា​ពពែ​ឈ្មោល​ជា​តំណាង​ចក្រភព​ក្រិច ហើយ​ស្នែង​ធំ​នោះ​ជា​តំណាង​ស្តេច​មួយ​របស់​ចក្រភព​នោះ។ ដានីយ៉ែល​បាន​កត់​ទុក​ថែម​ទៀត​ថា​ស្នែង​ធំ​នោះ​នឹង​បាក់​ហើយ​ស្នែង​បួន​ដែល​តូច​ជាង​នឹង​ដុះ​ឡើង​ជំនួស​វិញ។ ទោះ​ជា​ទំនាយ​នេះ​បាន​ត្រូវ​សរសេរ​រាប់​រយ​ឆ្នាំ​មុន​ក្រិច​ក្លាយ​ជា​មហាអំណាច​ក៏​ដោយ ទំនាយ​នេះ​បាន​សម្រេច​យ៉ាង​ល្អិត​ល្អន់។ អាឡិចសង់​ដ៏​ខ្លាំងក្លា​ជា​ស្តេច​ដែល​ល្បីល្បាញ​ជាង​គេ​បំផុត​នៅ​ប្រទេស​ក្រិច​សម័យ​បុរាណ បាន​ច្បាំង​នឹង​ចក្រភព​មេឌី​និង​ពើ​ស៊ី។ ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ស្នែង​នេះ​បាន​បាក់ ស្តេច​ដ៏​ខ្លាំងក្លា​នេះ​បាន​ស្លាប់​នៅ​ពេល​ដែល​គាត់​មាន​អំណាច​ខ្លាំង​បំផុត​និង​នៅ​ពេល​ដែល​គាត់​មាន​អាយុ​តែ​៣២​ឆ្នាំ​ប៉ុណ្ណោះ។ ក្រោយ​មក មេទ័ព​បួន​នាក់​របស់​គាត់​បាន​បែងចែក​រាជាណាចក្រ​របស់​គាត់។—សូម​អាន ដានីយ៉ែល ៨:២០​-​២២

១៦​. តើ​ស្តេច​អាន់ទីយ៉ូកឹស​ទី​៤​បាន​ធ្វើ​អ្វី?

១៦ បន្ទាប់​ពី​ច្បាំង​ឈ្នះ​ចក្រភព​ពើ​ស៊ី មហាអំណាច​ក្រិច​បាន​គ្រប់​គ្រង​លើ​ទឹក​ដី​នៃ​រាស្ត្រ​របស់​ព្រះ។ កាល​នោះ​ជន​ជាតិ​យូដា​បាន​តាំង​លំនៅ​ទឹក​ដី​ដែល​ព្រះ​បាន​សន្យា ហើយ​បាន​សង់​វិហារ​នៅ​ក្រុង​យេរូសាឡិម​ឡើង​វិញ។ ជន​ជាតិ​អ៊ីស្រាអែល​នៅ​តែ​ជា​រាស្ត្រ​ដែល​ព្រះ​បាន​ជ្រើស​រើស ហើយ​វិហារ​ដែល​បាន​សង់​ឡើង​វិញ​នៅ​តែ​ជា​មជ្ឈមណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត។ ក៏​ប៉ុន្តែ នៅ​សតវត្សរ៍​ទី​២ មុន​គ.ស. មហាអំណាច​ក្រិច​ដែល​ជា​ក្បាល​ទី​៥​នៃ​សត្វ​សាហាវ​បាន​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ។ ស្តេច​អាន់ទីយ៉ូកឹស​ទី​៤​ដែល​បាន​ទទួល​ចំណែក​មួយ​ពី​ការ​បែងចែក​ទឹក​ដី​ចក្រភព​ក្រិច​របស់​អាឡិចសង់ បាន​សង់​ទី​បូជា​របស់​ព្រះ​មិន​ពិត​នៅ​វិហារ​ក្រុង​យេរូសាឡិម ហើយ​បាន​ប្រកាស​ថា​ពួក​អ្នក​ដែល​កាន់​សាសនាយូដា​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ នេះ​ជា​ការ​បង្ហាញ​នូវ​ការ​ស្អប់​និង​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សំណាក់​ពូជ​របស់​សាថាន! ប៉ុន្តែ​មិន​យូរ​ក្រោយ​មក មហាអំណាច​មួយ​ទៀត​បាន​ជំនួស​មហាអំណាច​ក្រិច។ តើ​ប្រទេស​ណា​ជា​ក្បាល​ទី​៦​នៃ​សត្វ​សាហាវ?

ក្បាល​ទី​៦​គឺ​រ៉ូម​ដែល​«​គួរ​ស្បើម​គួរ​ស្ញែង​ខ្លាច​»​

១៧​. តើ​ក្បាល​ទី​៦​មាន​តួនាទី​ដ៏​សំខាន់​អ្វី​ក្នុង​ការ​សម្រេច​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥?

១៧ ចក្រភព​រ៉ូម​ជា​មហាអំណាច​ពេល​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​អំពី​សត្វ​សាហាវ។ (​បប. ១៧:១០​) ក្បាល​ទី​៦​នេះ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥។ សាថាន​បាន​ប្រើ​អាជ្ញាធរ​រ៉ូម​ឲ្យ​វាយ​ប្រហារ​ពូជ​របស់​ស្ត្រី​ដោយ​ចឹក​«​កែង​ជើង​»។ ដោយ​ធ្វើ​ដូច្នេះ ពូជ​នោះ​មិន​អាច​មាន​សកម្មភាព​មួយ​រយៈ​ពេល។ តើ​តាម​របៀប​ណា? ពួក​គេ​បាន​កាត់​ទោស​លោក​យេស៊ូ​ដោយ​ចោទ​ប្រកាន់​មិន​ពិត​អំពី​បទ​បំបះបំបោរ ហើយ​បាន​ប្រហារ​ជីវិត​លោក។ (​ម៉ាថ. ២៧:២៦​) ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​របួស​នោះ​បាន​ជា​សះ​ស្បើយ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។

១៨​. ​(​ក​) តើ​ប្រជាជាតិ​ថ្មី​មួយ​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស ហើយ​ហេតុ​អ្វី? (​ខ​) តើ​ពូជ​របស់​ពស់​បន្ត​ស្អប់​និង​ប្រឆាំង​ពូជ​របស់​ស្ត្រី​យ៉ាង​ដូច​ម្ដេច?

១៨ អ្នក​ដឹក​នាំ​សាសនា​នៃ​ប្រទេស​អ៊ីស្រាអែល​បាន​ឃុបឃិត​ជា​មួយ​អាជ្ញាធរ​រ៉ូម​ប្រឆាំង​នឹង​លោក​យេស៊ូ ហើយ​បណ្ដា​ជន​ភាគ​ច្រើន​ក៏​បាន​បដិសេធ​លោក​ដែរ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ប្រជាជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​ទៀត។ (​ម៉ាថ. ២៣:​៣៨; សកម្ម. ២:២២, ២៣​) ក្រោយ​មក​លោក​បាន​ជ្រើស​រើស​ប្រជាជាតិ​ថ្មី​មួយ​គឺ​«​អ៊ីស្រាអែល​នៃ​ព្រះ​»។ (​កាឡ. ៣:​២៦​-​២៩; ៦:​១៦​) ប្រជាជាតិ​នេះ​គឺជា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​មាន​ទាំង​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​ផង​ដែរ។ (​អេភ. ២:១១​-​១៨​) ក្រោយ​មរណភាព​និង​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ពូជ​របស់​ពស់​បាន​បន្ត​ស្អប់​និង​ប្រឆាំង​ពូជ​របស់​ស្ត្រី។ ជា​ច្រើន​ដង អាជ្ញាធរ​រ៉ូម​បាន​ព្យាយាម​បំផ្លាញ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ជា​ផ្នែក​នៃ​ពូជ​របស់​ស្ត្រី។ *

១៩​. ​(​ក​) តើ​ដានីយ៉ែល​រៀប​រាប់​យ៉ាង​ណា​អំពី​មហាអំណាច​ទី​៦? (​ខ​) តើ​អត្ថបទ​មួយ​ទៀត​នឹង​ពិចារណា​អំពី​អ្វី?

១៩ ក្នុង​សុបិន​ដែល​ដានីយ៉ែល​បាន​បក​ស្រាយ​ជូន​ស្តេច​នេប៊ូក្នេសា ចក្រភព​រ៉ូម​បាន​ត្រូវ​តំណាង​ដោយ​ជើង​ធ្វើ​ពី​ដែក។ (​ដាន. ២:៣៣​) នៅ​ពេល​មួយ ដានីយ៉ែល​ក៏​បាន​ឃើញ​មិន​គ្រាន់តែ​ចក្រភព​រ៉ូម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មហាអំណាច​ដែល​នឹង​កើត​ចេញ​ពី​ចក្រភព​រ៉ូម​ផង​ដែរ។ (​សូម​អាន ដានីយ៉ែល ៧:៧, ៨) អស់​ជា​ច្រើន​រយ​ឆ្នាំ ចក្រភព​រ៉ូម​គឺ​ដូច​ជា​សត្វ​សាហាវ​ដែល​«​គួរ​ស្បើម គួរ​ស្ញែង​ខ្លាច​ហើយ​មាន​កម្លាំង​យ៉ាង​ក្រៃ​លែង​»។ ប៉ុន្តែ យោង​តាម​ទំនាយ​នេះ ​«​ស្នែង​១០​»​នឹង​កើត​ចេញ​ពី​ចក្រភព​នេះ។ ក្រោយ​មក​«​ស្នែង​មួយ​ទៀត ជា​ស្នែង​តូច​»​នឹង​លេច​មក ហើយ​បាន​ទៅ​ជា​ខ្លាំងក្លា​ជាង​ស្នែង​ឯ​ទៀត។ តើ​ស្នែង​ទាំង​១០​នេះ​ជា​តំណាង​អ្វី ហើយ​តើ​ស្នែង​តូច​ជា​អ្នក​ណា? តើ​ផ្នែក​មួយ​ណា​នៃ​រូបសំណាក​ដ៏​ធំ​ក្នុង​សុបិន​របស់​ស្តេច​នេប៊ូក្នេសា​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ស្នែង​តូច​នោះ? អត្ថបទ​នៅ​ទំព័រ​១៤​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។

[​កំណត់​សម្គាល់​]

^ វគ្គ 4 ស្ត្រី​នេះ​ជា​តំណាង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ ហើយ​ប្រៀប​ដូច​ជា​ភរិយា​របស់​លោក។—អេ. ៥៤:១; កាឡ. ៤:២៦; បប. ១២:១, ២

^ វគ្គ 11 បាប៊ីឡូន​បាន​ត្រូវ​តំណាង​ដោយ​ក្បាល​របស់​រូបសំណាក​ក្នុង​សៀវភៅ​ដានីយ៉ែល​និង​ក្បាល​ទី​៣​របស់​សត្វ​សាហាវ​ដែល​បាន​រៀប​រាប់​នៅ​សៀវភៅ​ការ​បើក​បង្ហាញ។ សូម​មើល​រូបភាព​នៅ​ទំព័រ​១២​-​១៣។

^ វគ្គ 18 ទោះ​ជា​អាជ្ញាធរ​រ៉ូម​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៧០ គ.ស. ក៏​ដោយ ការ​វាយ​ប្រហារ​នោះ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ការ​សម្រេច​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥​ទេ។ នៅ​ពេល​នោះ​ប្រជាជាតិ​អ៊ីស្រាអែល​លែង​ជា​ប្រជាជាតិ​ដែល​ព្រះ​បាន​ជ្រើស​រើស​ទៀត​ហើយ។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]