លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាបើកបង្ហាញអ្វីដែល«ត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ»

ព្រះយេហូវ៉ាបើកបង្ហាញអ្វីដែល«ត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ»

ព្រះ​យេហូវ៉ា​បើក​បង្ហាញ​អ្វី​ដែល​«​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»​

​«​ការ​បើក​បង្ហាញ​ដោយ​លោក​យេស៊ូ​គ្រិស្ត​ជា​អ្វី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក ដើម្បី​បង្ហាញ​ពួក​ខ្ញុំ​បម្រើ​របស់​លោក ឲ្យ​ឃើញ​អ្វី​ដែល​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»។—បប. ១:១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ផ្នែក​មួយ​ណា​របស់​រូប​ធំ​សម្បើម​ដែល​ជា​និមិត្តរូប​នៃ​មហាអំណាច​អង់គ្លេស​អាម៉េរិក?

តើ​យ៉ូហាន​រៀប​រាប់​យ៉ាង​ណា​អំពី​ទំនាក់​ទំនង​រវាង​មហាអំណាច​អង់គ្លេស​អាម៉េរិក​និង​អង្គការ​សហប្រជាជាតិ?

តើ​ដានីយ៉ែល​និង​យ៉ូហាន​រៀប​រាប់​យ៉ាង​ណា​អំពី​ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​មនុស្ស?

១, ២​. ​(​ក​) តើ​ទំនាយ​របស់​ដានីយ៉ែល​និង​យ៉ូហាន​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី? (​ខ​) តើ​ក្បាល​៦​ដំបូង​របស់​សត្វ​សាហាវ​ជា​តំណាង​អ្វី?

ទំនាយ​របស់​ដានីយ៉ែល​និង​យ៉ូហាន​មាន​ភាព​ស្រប​គ្នា​ដែល​ធ្វើ​ឲ្យ​យើង​យល់​អំពី​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​ជា​ច្រើន​ដែល​កើត​ឡើង​នៅ​បច្ចុប្បន្ន​និង​នៅ​អនាគត។ តើ​យើង​អាច​ដឹង​អំពី​អ្វី​ពេល​ប្រៀប​ធៀប​ការ​ឃើញ​ក្នុង​គំនិត​របស់​យ៉ូហាន​អំពី​សត្វ​សាហាវ និង​កំណត់​ហេតុ​របស់​ដានីយ៉ែល​អំពី​សត្វ​សាហាវ​គួរ​ស្ញែង​ខ្លាច​ដែល​មាន​ស្នែង​១០ និង​ការ​ពន្យល់​របស់​ដានីយ៉ែល​អំពី​រូប​ធំ​សម្បើម​នោះ? ហើយ​តើ​ការ​យល់​ច្បាស់​អំពី​ទំនាយ​ទាំង​នោះ​គួរ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី?

សូម​យើង​ពិចារណា​អំពី​សត្វ​សាហាវ​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត។ (​បប., ជំពូក ១៣​) ដូច​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​មុន ក្បាល​៦​ដំបូង​របស់​សត្វ​សាហាវ​តំណាង អេស៊ីប អាសស៊ើរ បាប៊ីឡូន មេឌី​និង​ពើ​ស៊ី ក្រិច​និង​រ៉ូម។ មហាអំណាច​ទាំង​នេះ​បាន​ស្អប់​និង​ប្រឆាំង​ពូជ​របស់​ស្ត្រី។ (​លោ. ៣:១៥​) រ៉ូម​ដែល​ជា​ក្បាល​ទី​៦​នៅ​តែ​ជា​មហាអំណាច​រាប់​សតវត្សរ៍​ក្រោយ​យ៉ូហាន​បាន​សរសេរ​ការ​ឃើញ​ក្នុង​គំនិត​របស់​គាត់។ នៅ​ទី​បំផុត ក្បាល​ទី​៧​នឹង​មក​ជំនួស​រ៉ូម។ តើ​មហាអំណាច​ណា​ដែល​ជា​ក្បាល​ទី​៧ ហើយ​តើ​មហាអំណាច​នោះ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ពូជ​របស់​ស្ត្រី?

ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​ឡើង​ជា​មហាអំណាច

៣​. តើ​សត្វ​សាហាវ​ដែល​គួរ​ស្ញែង​ខ្លាច​ដែល​មាន​ស្នែង​១០​ជា​តំណាង​អ្វី ហើយ​តើ​ស្នែង​ទាំង​១០​ជា​តំណាង​អ្វី?

យើង​អាច​ដឹង​អត្តសញ្ញាណ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ​ជំពូក​១៣ ដោយ​ប្រៀប​ធៀប​ការ​ឃើញ​ក្នុង​គំនិត​របស់​យ៉ូហាន​និង​ការ​ឃើញ​ក្នុង​គំនិត​របស់​ដានីយ៉ែល​អំពី​សត្វ​សាហាវ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដែល​មាន​ស្នែង​១០។ * (​សូម​អាន ដានីយ៉ែល ៧:៧, ៨, ២៣, ២៤) សត្វ​សាហាវ​ដែល​ដានីយ៉ែល​បាន​ឃើញ​ជា​តំណាង​មហាអំណាច​រ៉ូម។ (​សូម​មើល​រូបភាព​នៅ​ទំព័រ​១២​-​១៣​) នៅ​សតវត្សរ៍ទី​៥ គ.ស. ចក្រភព​រ៉ូម​ចាប់​ផ្ដើម​បែកខ្ញែក​គ្នា។ ហើយ​ស្នែង​១០​ដែល​ដុះ​ចេញ​ពី​ក្បាល​នៃ​សត្វ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ជា​តំណាង​រាជាណាចក្រ​ដែល​កើត​ចេញ​ពី​ចក្រភព​នោះ។

៤, ៥​. ​(​ក​) តើ​ស្នែង​តូច​របស់​សត្វ​សាហាវ​បាន​ធ្វើ​អ្វី? (​ខ​) តើ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ​គឺជា​អ្វី?

ស្នែង​បួន​ឬ​រាជាណាចក្រ​បួន​ដែល​ដុះ​ចេញ​ពី​ក្បាល​នៃ​សត្វ​សាហាវ​មាន​លក្ខណៈ​ពិសេស​គួរ​ឲ្យ​កត់​សម្គាល់។ ស្នែង​បី​បាន​ត្រូវ​ដក​ចេញ​ដោយ​ស្នែង​មួយ​ទៀត​«​ជា​ស្នែង​តូច​»។ នេះ​បាន​ត្រូវ​សម្រេច​នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​ដែល​ពី​មុន​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​ចក្រភព​រ៉ូម បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​ដ៏​ខ្លាំងក្លា​មួយ។ រហូត​ដល់​សតវត្សរ៍​ទី​១៧​ចក្រភព​អង់គ្លេស​ជា​រាជាណាចក្រ​មួយ​ដែល​មិន​សូវ​មាន​អំណាច​ប៉ុន្មាន​ទេ។ តំបន់​បី​ទៀត​នៃ​អតីត​ចក្រភព​រ៉ូម​គឺ អេស្ប៉ាញ ហូឡង់ បារាំង មាន​អំណាច​ខ្លាំង​ជាង​អង់គ្លេស​ឆ្ងាយ។ ប៉ុន្តែ ចក្រភព​អង់គ្លេស​បាន​ច្បាំង​នឹង​រាជាណាចក្រ​ទាំង​នោះ​ម្ដង​មួយ​ៗ ហើយ​មាន​អំណាច​ខ្លាំង​ជាង​រាជាណាចក្រ​ទាំង​នោះ។ នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៨ ចក្រភព​អង់គ្លេស​កំពុង​ក្លាយ​ជា​មហា​អំណាច​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​ពិភព​លោក។ ប៉ុន្តែ ចក្រភព​អង់គ្លេស​មិន​ទាន់​ក្លាយ​ជា​ក្បាល​ទី​៧​នៃ​សត្វ​សាហាវ​នៅ​ឡើយ​ទេ។

ទោះ​ជា​ចក្រភព​អង់គ្លេស​បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​ដ៏​ខ្លាំងក្លា​បំផុត​ក៏​ដោយ អាណានិគម​របស់​អង់គ្លេស​នៅ​អាម៉េរិក​ខាង​ជើង​បាន​បះបោរ​ឡើង ហើយ​បាន​ក្លាយ​ទៅ​ជា​សហរដ្ឋអាម៉េរិក។ ចក្រភព​អង់គ្លេស​មិន​បាន​រារាំង​មិន​ឲ្យ​សហរដ្ឋអាម៉េរិក​ក្លាយ​ទៅ​ជា​ប្រទេស​ដ៏​ខ្លាំងក្លា​មួយ​ទេ ហើយ​ថែម​ទាំង​បាន​ការពារ​សហរដ្ឋអាម៉េរិក​ដោយ​កង​នាវាចរ​អង់គ្លេស​ទៀត​ផង។ នៅ​ក្នុង​អំឡុង​ថ្ងៃ​របស់​លោក​ម្ចាស់​ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ ចក្រភព​អង់គ្លេស​បាន​ស្ថាបនា​នូវ​ចក្រភព​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ ហើយ​សហរដ្ឋអាម៉េរិក​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ដ៏​ខ្លាំង​បំផុត​លើ​ពិភព​លោក។ * ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ សហរដ្ឋអាម៉េរិក​បាន​ក្លាយ​ទៅ​ជា​ដៃ​គូ​ដ៏​ជិត​ស្និទ្ធ​របស់​អង់គ្លេស។ ឥឡូវ​នេះ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ​គឺ​ច្បាស់​ជា​មហាអំណាច​អង់គ្លេស​អាម៉េរិក។ តើ​ក្បាល​នេះ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពូជ​របស់​ស្ត្រី?

៦​. តើ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​លើ​រាស្ត្រ​របស់​ព្រះ?

មិន​យូរ​ក្រោយ​ពី​ថ្ងៃ​របស់​លោក​ម្ចាស់​ចាប់​ផ្ដើម ក្បាល​ទី​៧​បាន​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ ពោល​គឺ​បង​ប្អូន​របស់​គ្រិស្ត​ដែល​នៅ​ផែនដី​នៅ​ឡើយ។ (​ម៉ាថ. ២៥:៤០​) លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ក្នុង​អំឡុង​វត្តមាន​របស់​លោក ពូជ​របស់​ស្ត្រី​ដែល​នៅ​សល់​នៅ​ផែនដី​នឹង​មាន​សកម្មភាព​លើ​ផែនដី។ (​ម៉ាថ. ២៤:៤៥​-​៤៧; កាឡ. ៣:​២៦​-​២៩​) មហាអំណាច​អង់គ្លេស​អាម៉េរិក​បាន​ធ្វើសង្គ្រាម​នឹង​ពួក​អ្នក​បរិសុទ្ធ​ទាំង​នេះ។ (​បប. ១៣:៣,​) ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ មហាអំណាច​នេះ​បាន​បៀតបៀន​រាស្ត្រ​របស់​ព្រះ បាន​ហាម​មិន​ឲ្យ​ចែក​ចាយ​សៀវភៅ​ខ្លះ​របស់​ពួក​គេ ហើយ​បាន​ចាប់​អ្នក​តំណាង​ក្រុម​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ដាក់​គុក។ ក្បាល​ទី​៧​របស់​សត្វ​សាហាវ​ស្ទើរតែ​បាន​បញ្ឈប់​កិច្ចការ​ផ្សព្វ​ផ្សាយ​អស់​មួយ​រយៈ​ពេល។ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត​ថា​នេះ​នឹង​កើត​ឡើង។ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រាប់​យ៉ូហាន​ដែរ​ថា​ផ្នែក​ទី​២​នៃ​ពូជ​នោះ​នឹង​មាន​ជីវិត​ឡើង​វិញ ដើម្បី​បង្កើន​សកម្មភាព​ផ្សព្វ​ផ្សាយ។ (​បប. ១១:៣, ៧​-​១១​) ប្រវត្ដិ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​បញ្ជាក់​ថា​ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​កើត​ឡើង​មែន។

មហាអំណាច​អង់គ្លេស​អាម៉េរិក​និង​ប្រអប់ជើង​ធ្វើ​ពី​ដែក​និង​ដី​ឥដ្ឋ​នៃ​រូប​ធំ​សម្បើម

៧​. តើ​ផ្នែក​មួយ​ណា​នៃ​រូប​ធំ​សម្បើម​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ក្បាល​ទី​៧​នៃ​សត្វ​សាហាវ?

ប្រអប់ជើង​នៃ​រូប​ធំ​សម្បើម​មាន​ន័យ​ដូច​គ្នា​នឹង​ក្បាល​ទី​៧​របស់​សត្វ​សាហាវ ពោល​គឺ​មហាអំណាច​អង់គ្លេស​អាម៉េរិក។ ចក្រភព​អង់គ្លេស​គឺ​ចេញ​ពី​ចក្រភព​រ៉ូម។ ដោយ​សារ​សហរដ្ឋអាម៉េរិក​ចេញ​ពី​ចក្រភព​អង់គ្លេស យើង​អាច​និយាយ​ជា​ប្រយោល​ថា​សហរដ្ឋ​អាម៉េរិក​ក៏​ចេញ​ពី​ចក្រភព​រ៉ូម​ដែរ។ ដូច្នេះ ប្រអប់ជើង​របស់​រូប​សំណាក​មាន​ដែក​ក្នុង​នោះ។ ប៉ុន្តែ ប្រអប់ជើង​នោះ​ក៏​មាន​ដី​ឥដ្ឋ​ដែរ។ (​សូម​អាន ដានីយ៉ែល ២:៤១​-​៤៣) ការ​រៀប​រាប់​នេះ​អំពី​ប្រអប់ជើង​និង​ក្បាល​ទី​៧​នៃ​សត្វ​សាហាវ​បញ្ជាក់​អំពី​ព្រឹត្ដិការណ៍​តែ​មួយ ពោល​គឺ​ពេល​ដែល​ចក្រភព​អង់គ្លេស​អាម៉េរិក​ក្លាយ​ទៅ​ជា​មហាអំណាច។ ដូច​ជា​សំណង់​មួយ​ដែល​ធ្វើ​ពី​ដែក​លាយ​ជា​មួយ​ដី​ឥដ្ឋ​គឺ​ខ្សោយ​ជាង​សំណង់​ដែល​ធ្វើ​ពី​ដែក​សុទ្ធ ដូច្នេះ​មហាអំណាច​អង់គ្លេស​អាម៉េរិក​ខ្សោយ​ជាង​មហាអំណាច​ដែល​វា​បាន​ចេញ​មក។ តើ​តាម​របៀប​ណា?

៨, ៩​. ​(​ក​) តើ​មហាអំណាច​ទី​៧​បាន​បង្ហាញ​ថា​ខ្លាំង​ដូច​ដែក​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ដី​ឥដ្ឋ​ដែល​លាយ​ក្នុង​ប្រអប់ជើង​របស់​រូប​នោះ​ជា​តំណាង​អ្វី?

ជួនកាល​ក្បាល​ទី​៧​នៃ​សត្វ​សាហាវ​បាន​បង្ហាញ​លក្ខណៈ​ដូច​ដែក។ ជា​ឧទាហរណ៍ វា​បាន​បង្ហាញ​អំណាច​របស់​វា​ពេល​ដែល​វា​ឈ្នះ​សង្គ្រាម​លោក​លើក​ទី​១។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ អំណាច​ដែល​ប្រៀប​ដូច​ជា​ដែក​នៃ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ​ក៏​បាន​ត្រូវ​បង្ហាញ​យ៉ាង​ច្បាស់​ដែរ។ * ក្រោយ​សង្គ្រាម​នោះ ជួនកាល​ក្បាល​ទី​៧​នៅ​តែ​បង្ហាញ​លក្ខណៈ​ដែល​ប្រៀប​ដូច​ជា​ដែក។ ក៏​ប៉ុន្តែ តាំង​ពី​ដំបូង​មក​ដែក​នោះ​បាន​លាយ​ជា​មួយ​នឹង​ដី​ឥដ្ឋ​វិញ។

ជា​យូរ​មក​ហើយ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បាន​ស្វែង​យល់​អំពី​អត្ថន័យ​ជា​និមិត្តរូប​នៃ​ប្រអប់ជើង​នៃ​រូប​នោះ។ ដានីយ៉ែល ២:៤១ រៀប​រាប់​ថា​ដែក​បាន​លាយ​ជា​មួយ​នឹង​ដី​ឥដ្ឋ​ជា​«​នគរ​»​ឬ​រាជាណាចក្រ​មួយ មិន​មែន​រាជាណាចក្រ​ច្រើន​ទេ។ ដូច្នេះ យើង​អាច​យល់​ថា​ដី​ឥដ្ឋ​មាន​ន័យ​ថា​អ្វី​មួយ​នៅ​ក្នុង​មហាអំណាច​អង់គ្លេស​អាម៉េរិក​ធ្វើ​ឲ្យ​វា​ខ្សោយ​ជាង​ចក្រភព​រ៉ូម​ដែល​បាន​ត្រូវ​តំណាង​ដោយ​ជើង​ធ្វើ​ពី​ដែក​សុទ្ធ។ ដី​ឥដ្ឋ​សំដៅ​ទៅ​«​ពូជ​មនុស្ស​»​ឬ​បណ្ដា​ជន​សាមញ្ញ។ (​ដាន. ២:​៤៣​) បណ្ដា​ជន​បាន​ធ្វើ​ឲ្យ​មហាអំណាច​អង់គ្លេស​អាម៉េរិក​ចុះ​ខ្សោយ ពេល​ពួក​គេ​បាន​តស៊ូ​ដើម្បី​ទាម​ទារ​សិទ្ធិ​ពល​រដ្ឋ ដើម្បី​មាន​សិទ្ធិ​ថែម​ទៀត​នៅ​កន្លែង​ធ្វើ​ការ និង​រហូត​ដល់​ក្លាយ​ជា​ប្រជាជាតិ​ឯករាជ្យ។ បណ្ដា​ជន​សាមញ្ញ​ធ្វើ​ឲ្យ​មហាអំណាច​នេះ​ពិបាក​បញ្ចេញ​កម្លាំង​ដែល​ប្រៀប​ដូច​ជា​ដែក។ បណ្ដា​ជន​មាន​ទស្សនៈ​នយោបាយ​ខុស​ៗ​គ្នា។ កាល​ណា​អ្នក​ដឹក​នាំ​ឈ្នះ​ឆ្នោត​តែ​បន្ដិច​បន្តួច​គាត់​មិន​មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​អ្វី​ដែល​គាត់​បាន​សន្យា​នោះ​ទេ។ ដានីយ៉ែល​បាន​ទាយ​ថា​៖ ​«​នគរ​នោះ​នឹង​មាន​កម្លាំង​១​ចំណែក ហើយ​ស្រួយ​១​ចំណែក​»។—ដាន. ២:៤២; ២ធី. ៣:១​-​៣

១០, ១១​. ​(​ក​) តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​«​ប្រអប់ជើង​»​របស់​រូប​ធំ​សម្បើម? (​ខ​) តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ចំនួន​នៃ​ម្រាម​ជើង​របស់​រូប​នោះ?

១០ នៅ​សម័យ​យើង​នេះ ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​នៅ​តែ​ជា​ដៃ​គូ​ពិសេស។ ពួក​គេ​ច្រើន​តែ​សហការ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​រឿង​សំខាន់​ៗ។ ទំនាយ​អំពី​រូប​ធំ​សម្បើម​និង​សត្វ​សាហាវ​បញ្ជាក់​ថា​គ្មាន​មហាអំណាច​ណា​នៅ​អនាគត​នឹង​ជំនួស​មហាអំណាច​អង់គ្លេស​អាម៉េរិក​ទេ។ មហាអំណាច​ចុង​ក្រោយ​នេះ​ប្រហែលជា​ខ្សោយ​ជាង​មហាអំណាច​ដែល​តំណាង​ដោយ​ដែក ប៉ុន្តែ​វា​នឹង​មិន​ដួល​រលំ​ដោយ​ខ្លួន​ឯង​ទេ។

១១ តើ​ចំនួន​ម្រាម​ជើង​នៃ​រូប​នោះ​មាន​អត្ថន័យ​ពិសេស​ឬ​ទេ? សូម​ពិចារណា​អំពី​អ្វី​ផ្សេង​ទៀត​ដែល​ដានីយ៉ែល​បាន​ឃើញ​ក្នុង​គំនិត​ដែល​រៀប​រាប់​អំពី​ចំនួន​ជាក់​លាក់។ ជា​ឧទាហរណ៍​ចំនួន​ស្នែង​នៅ​លើ​ក្បាល​សត្វ​សាហាវ​ផ្សេង​ៗ។ ចំនួន​ទាំង​នេះ​មាន​សារៈសំខាន់។ ប៉ុន្តែ ពេល​រៀប​រាប់​អំពី​រូប​នោះ ដានីយ៉ែល​មិន​បាន​និយាយ​អំពី​ចំនួន​ម្រាម​ជើង​ឡើយ។ ដូច្នេះ តាម​មើល​ទៅ ចំនួន​នៃ​ម្រាម​ជើង​មិន​សំខាន់​ទេ ដូច​ចំនួន​ដៃ ប្រអប់ដៃ ម្រាម​ដៃ ឬ​ចំនួន​ជើង​និង​ប្រអប់ជើង​នៃ​រូប​នោះ​ក៏​មិន​សំខាន់​ដែរ។ ដានីយ៉ែល​ពិត​ជា​រៀប​រាប់​យ៉ាង​ជាក់​លាក់​ថា​ម្រាម​ជើង​ធ្វើ​ពី​ដែក​និង​ដី​ឥដ្ឋ។ តាម​រយៈ​ការ​រៀប​រាប់​របស់​គាត់ យើង​អាច​សន្និដ្ឋាន​ថា​មហាអំណាច​អង់គ្លេស​អាម៉េរិក​គឺជា​មហាអំណាច ពេល​ដែល​«​ថ្ម​»​ជា​តំណាង​រាជាណាចក្រ​ព្រះ​ទង្គិច​នឹង​ប្រអប់ជើង​របស់​រូប​នោះ។—ដាន. ២:៤៥

មហាអំណាច​អង់គ្លេស​អាម៉េរិក​និង​សត្វ​សាហាវ​ដែល​មាន​ស្នែង​ពីរ

១២, ១៣​. តើ​សត្វ​សាហាវ​ស្នែង​ពីរ​ជា​តំណាង​អ្វី ហើយ​តើ​វា​ធ្វើ​អ្វី?

១២ ទោះ​ជា​មហាអំណាច​អង់គ្លេស​អាម៉េរិក​ធ្វើ​ពី​ដែក​លាយ​ដី​ឥដ្ឋ​ក៏​ដោយ ការ​បើក​បង្ហាញ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត បង្ហាញ​ថា​មហាអំណាច​នេះ​នឹង​បន្ត​មាន​តួនាទី​សំខាន់​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។ តើ​តួនាទី​នោះ​គឺ​អ្វី? ក្នុង​ការ​ឃើញ​ក្នុង​គំនិត​យ៉ូហាន​បាន​ឃើញ​សត្វ​សាហាវ​មួយ​មាន​ស្នែង​ពីរ​ដែល​និយាយ​ដូច​នាគ។ តើ​សត្វ​សាហាវ​ចម្លែក​នេះ​ជា​តំណាង​អ្វី? សត្វ​នេះ​មាន​ស្នែង​ពីរ ដូច្នេះ​វា​ជា​មហាអំណាច​ដែល​មាន​ប្រទេស​ពីរ។ ម្ដង​នេះ​ទៀត យ៉ូហាន​កំពុង​ឃើញ​មហាអំណាច​អង់គ្លេស​អាម៉េរិក ប៉ុន្តែ​ក្នុង​តួនាទី​ពិសេស​មួយ។—សូម​អាន ការ​បើក​បង្ហាញ ១៣:១១​-​១៥

១៣ សត្វ​សាហាវ​ស្នែង​ពីរ​«​ប្រាប់​»​មនុស្ស​ឲ្យ​ធ្វើ​រូប​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧។ យ៉ូហាន​បាន​សរសេរ​ថា​រូប​នៃ​សត្វ​សាហាវ​នឹង​លេច​មក បាត់​ទៅ​វិញ ហើយ​ក្រោយ​មក​ឡើង​មក​ម្ដង​ទៀត។ នេះ​បាន​កើត​ឡើង​មែន​ចំពោះ​អង្គការ​មួយ​ដែល​បាន​ត្រូវ​លើក​ស្ទួយ​ដោយ​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក ជា​អង្គការ​មួយ​ដែល​មាន​គោល​បំណង​បង្រួប​បង្រួម​និង​ធ្វើ​ជា​តំណាង​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក។ * អង្គការ​នេះ​បាន​លេច​មក​ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ ហើយ​បាន​ត្រូវ​ស្គាល់​ថា​ជា​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ។ អង្គការ​នេះ​បាន​រលាយ​ទៅ​វិញ​ពេល​ចាប់​ផ្ដើម​សង្គ្រាម​លោក​លើក​ទី​២។ ក្នុង​អំឡុង​សង្គ្រាម​នេះ រាស្ត្រ​របស់​ព្រះ​បាន​ប្រកាស​ថា​ស្រប​តាម​ទំនាយ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ រូប​នៃ​សត្វ​សាហាវ​នឹង​ឡើង​មក​ម្ដង​ទៀត។ រួច​សត្វ​នោះ​បាន​ឡើង​មក​ម្ដង​ទៀត​មែន ជា​អង្គការ​សហប្រជាជាតិ។—បប. ១៧:៨

១៤​. តើ​រូប​របស់​សត្វ​សាហាវ​ជា​«​ស្តេច​ទី​ប្រាំបី​»​ក្នុង​ន័យ​ដូច​ម្ដេច?

១៤ យ៉ូហាន​បាន​រៀប​រាប់​ថា​រូប​សត្វ​សាហាវ​ជា​«​ស្តេច​ទី​ប្រាំបី​»។ តើ​ក្នុង​ន័យ​អ្វី? រូប​សត្វ​សាហាវ​នោះ​មិន​បាន​ត្រូវ​រៀប​រាប់​ថា​ជា​ក្បាល​ទី​៨​នៃ​សត្វ​សាហាវ​ដំបូង​នោះ​ទេ។ នេះ​គ្រាន់តែ​ជា​រូប​នៃ​សត្វ​សាហាវ​នោះ​ប៉ុណ្ណោះ។ អំណាច​របស់​រូប​នេះ​មក​ពី​ប្រជាជាតិ​ទាំង​ឡាយ​ដែល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ជា​ពិសេស​ពី​មហាអំណាច​អង់គ្លេស​អាម៉េរិក។ (​បប. ១៧:១០, ១១​) ប៉ុន្តែ វា​ពិត​ជា​ទទួល​អំណាច​ដើម្បី​ប្រព្រឹត្ត​ដូច​ជា​ស្តេច ដើម្បី​បំពេញ​ភារកិច្ច​ជាក់​លាក់​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់​ដែល​នឹង​ផ្លាស់​ប្ដូរ​ស្ថានភាព​ពិភព​លោក​ទាំង​មូល។

រូប​នៃ​សត្វ​សាហាវ​លេប​ត្របាក់​ស្ត្រី​ពេស្យា

១៥, ១៦​. តើ​ស្ត្រី​ពេស្យា​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​ជា​តំណាង​អ្វី? តើ​អ្វី​កំពុង​កើត​ឡើង​ដល់​សាសនា​នៅ​សព្វ​ថ្ងៃ​នេះ?

១៥ យ៉ូហាន​ក៏​បាន​រៀប​រាប់​ដែរ​អំពី​ស្ត្រី​ពេស្យា​ម្នាក់​ដែល​ជិះ​លើ​សត្វ​សាហាវ​សម្បុរ​ក្រហម​ឆ្អៅ។ សត្វ​នេះ​គឺ​ដូច​គ្នា​នឹង​រូប​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧។ ស្ត្រី​ពេស្យា​នេះ​មាន​ឈ្មោះ​ថា​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»។ (​បប. ១៧:១​-​៦​) ស្ត្រី​ពេស្យា​នេះ​ជា​តំណាង​យ៉ាង​ត្រឹម​ត្រូវ​នៃ​សាសនា​មិន​ពិត​ទាំង​អស់ ជា​ពិសេស​ពិភព​គ្រិស្ត​សាសនា។ សាសនា​មិន​ពិត​បាន​ឲ្យ​ពរ​ដល់​រូប​សត្វ​សាហាវ ហើយ​បាន​ព្យាយាម​មាន​ឥទ្ធិពល​ទៅ​លើ​រូប​នោះ។

១៦ ក៏​ប៉ុន្តែ ក្នុង​អំឡុង​ថ្ងៃ​របស់​លោក​ម្ចាស់ បាប៊ីឡូន​ដ៏​ខ្លាំងក្លា​បាន​ឃើញ​ទឹក ពោល​គឺ​រាស្ត្រ​ដែល​គាំទ្រ​នាង រីង​អស់។ (​បប. ១៦:១២; ១៧:១៥​) ជា​ឧទាហរណ៍ ពេល​ដែល​រូប​នៃ​សត្វ​សាហាវ​បាន​លេច​មក​ជា​លើក​ដំបូង ពិភព​គ្រិស្ត​សាសនា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​បស្ចិម​ប្រទេស។ សព្វ​ថ្ងៃ​នេះ បណ្ដា​ជន​លែង​គោរព និង​លែង​គាំទ្រ​វិហារ​និង​ពួក​បព្វជិត​នៃ​វិហារ​ទាំង​នោះ​ទៀត​ហើយ។ តាម​ការ​ពិត មនុស្ស​ជា​ច្រើន​ជឿ​ថា​សាសនា​បណ្ដាល​ឲ្យ​មាន​ជម្លោះ។ អ្នក​ខ្លះ​ទៀត​និយាយ​ជា​សាធារណៈ​ថា​ពិភព​លោក​គួរ​បំបាត់​សាសនា​ទាំង​អស់​ចោល។

១៧​. មិន​យូរ​ទៀត​តើ​អ្វី​នឹង​កើត​ឡើង​ដល់​សាសនា​មិន​ពិត ហើយ​ហេតុ​អ្វី?

១៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សាសនា​មិន​ពិត​នឹង​មិន​បាត់បង់​អំណាច​បន្ដិច​ម្ដង​ៗ ហើយ​ក្រោយ​មក​រលាយ​សាប​សូន្យ​ទេ។ ស្ត្រី​ពេស្យា​នឹង​នៅ​តែ​ខ្លាំងក្លា​ដោយ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ស្តេច​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​នាង រហូត​ដល់​ព្រះ​បណ្ដាល​ចិត្ត​ពួក​អ្នក​គ្រប់​គ្រង​ទាំង​នោះ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក។ (​សូម​អាន ការ​បើក​បង្ហាញ ១៧:​១៦, ១៧) មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​នៃ​របៀប​របប​សាថាន​ប្រើ​អង្គការ​សហប្រជាជាតិ​ដើម្បី​វាយ​ប្រហារ​សាសនា​មិន​ពិត។ ស្ត្រី​ពេស្យា​នោះ​នឹង​មិន​អាច​គ្រប់​គ្រង​លើ​រដ្ឋាភិបាល​ទាំង​នោះ​ទៀត​ទេ ហើយ​នាង​នឹង​បាត់បង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​នាង។ ព្រឹត្ដិការណ៍​ដូច​នេះ​ប្រហែលជា​មិន​ទំនង​កើត​ឡើង​ទេ​នៅ​ពីរ​បី​ទសវត្សរ៍​មុន។ ឥឡូវ​នេះ​ស្ថានភាព​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ហើយ។ ប៉ុន្តែ ស្ត្រី​ពេស្យា​មិន​បាត់បង់​អំណាច​របស់​នាង​បន្ដិច​ម្ដង​ៗ​ឡើយ។ នាង​នឹង​ត្រូវ​បំផ្លាញ​ចោល​មួយ​រំពេច។—បប. ១៨:៧, ៨, ១៥​-​១៩

សត្វ​សាហាវ​បាន​ត្រូវ​បំផ្លាញ

១៨​. ​(​ក​) តើ​សត្វ​សាហាវ​នឹង​ធ្វើ​អ្វី? ជា​លទ្ធផល​តើ​នឹង​មាន​អ្វី​កើត​ឡើង? (​ខ​) យោង​តាម​ដានីយ៉ែល ២:៤៤ តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​រាជាណាចក្រ​ណាខ្លះ? (​សូម​មើល​ប្រអប់​នៅ​ទំព័រ​១៧​)

១៨ បន្ទាប់​ពី​សាសនា​មិន​ពិត​ត្រូវ​បំផ្លាញ សត្វ​សាហាវ​ដែល​ជា​ប្រព័ន្ធ​នយោបាយ​របស់​សាថាន​នៅ​ផែនដី នឹង​ត្រូវ​ជំរុញ​ឲ្យ​វាយ​ប្រហារ​លើ​រាជាណាចក្រ​ព្រះ។ ស្តេច​នៅ​ផែនដី​នឹង​មិន​អាច​វាយ​ប្រហារ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ ដូច្នេះ​ពួក​គេ​នឹង​ព្យាយាម​វាយ​ប្រហារ​ពួក​អ្នក​គាំទ្រ​រាជាណាចក្រ​នោះ​ដែល​រស់​នៅ​ផែន​ដី។ នេះ​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​ព្រះ។ (​បប. ១៦:​១៣​-​១៦; ១៧:១២​-​១៤​) ដានីយ៉ែល​រៀប​រាប់​អំពី​លក្ខណៈ​មួយ​នៃ​សង្គ្រាម​ផ្ដាច់​ព្រ័ត្រ​នោះ។ (​សូម​អាន ដានីយ៉ែល ២:៤៤) សត្វ​សាហាវ​ដែល​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ១៣:១​និង​រូប​របស់​វា និង​សត្វ​សាហាវ​ស្នែង​ពីរ​នឹង​ត្រូវ​បំផ្លាញ។

១៩​. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​យ៉ាង​ណា ហើយ​ឥឡូវ​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​ធ្វើ​អ្វី?

១៩ យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​នៃ​ក្បាល​ទី​៧​របស់​សត្វ​សាហាវ។ មុន​នឹង​សត្វ​នេះ​ត្រូវ​បំផ្លាញ គ្មាន​ក្បាល​ណា​ទៀត​របស់​សត្វ​សាហាវ​នឹង​លេច​មក​ទៀត​ទេ។ មហាអំណាច​អង់គ្លេស​អាម៉េរិក​នឹង​ជា​មហា​អំណាច​ដែល​ខ្លាំងក្លា​ជាង​គេ​ពេល​សាសនា​មិន​ពិត​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ។ ទំនាយ​របស់​ដានីយ៉ែល​និង​យ៉ូហាន​បាន​សម្រេច​យ៉ាង​ល្អិត​ល្អន់​បំផុត។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​សាសនា​មិន​ពិត​នឹង​ត្រូវ​បំផ្លាញ ហើយ​មិន​យូរ​ទៀត​សង្គ្រាម​ហាម៉ាគេដូន​នឹង​មក​ដល់។ ព្រះ​បាន​ប្រាប់​យើង​ឲ្យ​ដឹង​ច្បាស់​ថា​អ្វី​នឹង​កើត​ឡើង។ តើ​យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​តាម​រយៈ​ទំនាយ​ទាំង​នេះ​ឬ​ទេ? (​២ពេ. ១:​១៩​) ឥឡូវ​នេះ​ជា​ពេល​ដែល​យើង​កាន់​ជំហរ​ខាង​ព្រះ​យេហូវ៉ា​ហើយ​គាំទ្រ​រាជាណាចក្រ​លោក។—បប. ១៤:៦, ៧

[​កំណត់​សម្គាល់​]

^ វគ្គ 3 នៅ​ក្នុង​គម្ពីរ ចំនួន​១០​ច្រើន​តែ​ជា​តំណាង​ភាព​ពេញ​លេញ ក្នុង​ករណី​នេះ​គឺ​រាជាណាចក្រ​ទាំង​អស់​ដែល​កើត​ចេញ​ពី​ចក្រភព​រ៉ូម។

^ វគ្គ 5 ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​មាន​រួច​ហើយ​តាំង​ពី​សតវត្សរ៍​ទី​១៨​ម្ល៉េះ។ ប៉ុន្តែ យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​ថា​នៅ​ពេល​ដែល​«​ថ្ងៃ​របស់​លោក​ម្ចាស់​»​ចាប់​ផ្ដើម ប្រទេស​ទាំង​ពីរ​នឹង​ទៅ​ជា​មហាអំណាច​មួយ។ ទំនាយ​ផ្សេង​ៗ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ​សម្រេច​នៅ​«​ថ្ងៃ​របស់​លោក​ម្ចាស់​»។ (​បប. ១:១០​) គឺ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១​ដែល​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាម៉េរិក​បាន​ចាប់​ផ្ដើម​សហការ​គ្នា​ជា​មហាអំណាច​មួយ។

^ វគ្គ 8 ដានីយ៉ែល​បាន​ទាយ​អំពី​សេចក្ដី​ហិន​វិនាស​ដ៏​ធំ​សម្បើម ដែល​ស្តេច​នោះ​នឹង​បណ្ដាល​ឲ្យ​មាន​ក្នុង​អំឡុង​សង្គ្រាម​នោះ​ដោយ​សរសេរ​ថា​៖ ​«​វា​នឹង​បំផ្លាញ​យ៉ាង​អស្ចារ្យ​[​គួរ​ឲ្យ​ខ្លាច​]​»។ (​ដាន. ៨:២៤​) ជា​ឧទាហរណ៍ សហរដ្ឋអាម៉េរិក​បាន​បណ្ដាល​ឲ្យ​មាន​ការ​ហិន​វិនាស​ដ៏​គួរ​ឲ្យ​ខ្លាច​ដែល​មិន​ធ្លាប់​មាន​ពី​មុន នៅ​ពេល​ដែល​វា​ទម្លាក់​គ្រាប់​បែក​បរមាណូ​ពីរ​គ្រាប់​ទៅ​លើ​ប្រទេស​មួយ​ដែល​ជា​សត្រូវ​របស់​មហាអំណាច​អង់គ្លេស​អាម៉េរិក។

^ វគ្គ 13 សូម​មើល​សៀវភៅ​ការ​បើក​បង្ហាញ ការ​សម្រេច​ផ្ដាច់​ព្រ័ត្រ​ជិត​មក​ដល់​ហើយ!(​Rev-​elation—Its Grand Climax at Hand!​) ទំព័រ​២៤០, ២៤១, ២៥៣។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​ប្រអប់​នៅ​ទំព័រ​១៧​]

តើ​«​នគរ​[​ឬ​រាជាណាចក្រ​]​ទាំង​នោះ​»​គឺ​រាជាណាចក្រ​ណាខ្លះ?

ទំនាយ​នៅ​ដានីយ៉ែល ២:៤៤ ចែង​ថា​រាជាណាចក្រ​ព្រះ​‹នឹង​បំបាក់បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ›។ ទំនាយ​នោះ​សំដៅ​ទៅ​រាជាណាចក្រ​នានា​ដែល​តំណាង​ដោយ​ផ្នែក​ផ្សេង​ៗ​នៃ​រូប​នោះ​ប៉ុណ្ណោះ។

ចុះ​យ៉ាង​ណា​ចំពោះ​រដ្ឋាភិបាល​ឯ​ទៀត​ទាំង​អស់​របស់​មនុស្ស? ទំនាយ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ​ដែល​រៀប​រាប់​អំពី​រឿង​ដូច​គ្នា​ប្រាប់​យើង​ថែម​ទៀត។ ទំនាយ​នោះ​ប្រាប់​ថា​៖ ​«​ស្តេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»​នឹង​ត្រូវ​ប្រមូល​គ្នា​មក​ប្រឆាំង​ព្រះ​យេហូវ៉ា​នៅ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​»។ (​បប. ១៦:​១៤; ១៩:​១៩​-​២១​) ហេតុ​នេះ មិន​ត្រឹម​តែ​រាជាណាចក្រ​ដែល​តំណាង​ដោយ​ផ្នែក​ផ្សេង​ៗ​នៃ​រូប​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ឯ​ទៀត​ទាំង​អស់​របស់​មនុស្ស​នឹង​ត្រូវ​បំផ្លាញ​នៅ​សង្គ្រាម​ហាម៉ាគេដូន។