លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានគំនិតវាងវៃ ចូរស្វែងរក«ការណែនាំដ៏ប៉ិនប្រសប់»

ចូរមានគំនិតវាងវៃ ចូរស្វែងរក«ការណែនាំដ៏ប៉ិនប្រសប់»

ចូរ​មាន​គំនិត​វាង​វៃ ចូរ​ស្វែងរក​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»​

ជីវិត​គឺ​ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​មួយ។ ក៏​ប៉ុន្តែ ប្រាជ្ញា​របស់​មនុស្ស​ច្រើន​តែ​ស​ឲ្យ​ឃើញ​ថា​មិន​សូវ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​បាន​ជោគជ័យ​ក្នុង​ដំណើរ​ជីវិត​ឡើយ។ មនុស្ស​ជា​ច្រើន​បាន​ត្រូវ​ញ៉ាំ​ញី​ដោយ​បញ្ហា​ជា​ច្រើន ដែល​ប្រៀប​ដូច​ជា​លិច​លង់​ទៅ​ក្នុង​ទឹក​រលក​ធំ​ៗ។ (​ទំនុក. ១០៧:២៣, ២៧​) ហេតុ​អ្វី​គឺ​សម​ត្រឹម​ត្រូវ​បើ​ប្រៀប​ធៀប​ការ​ពិបាក​ក្នុង​ជីវិត​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក​មួយ?

នៅ​សម័យ​បុរាណ ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​គឺជា​ការ​ពិបាក​មួយ​ដែល​តម្រូវ​ឲ្យ​មាន​បទ​ពិសោធន៍។ នោះ​គឺជា​ជំនាញ​មួយ​ដែល​ត្រូវ​រៀន​ពី​អ្នក​ដែល​បាន​ដើរ​សំពៅ​យូរ​ឆ្នាំ ដូច​ជា​រៀន​ពី​អ្នក​កាច់​ចង្កូត​សំពៅ​ជា​ដើម។ (​សកម្ម. ២៧:៩​-​១១​) គំនូរ​បុរាណ​ជា​ច្រើន​បាន​បញ្ជាក់​នូវ​សារៈសំខាន់​នៃ​តួនាទី​របស់​អ្នក​កាច់​ចង្កូត​ដោយ​គូរ​រូប​គាត់​ធំ​ជាង​មនុស្ស​ឯ​ទៀត។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​លំហ​សមុទ្រ អ្នក​ដើរ​សំពៅ​បាន​រៀន​អំពី​ផ្កាយ ខ្យល់​និង​អ្វី​ៗ​ផ្សេង​ទៀត​ដែល​ជួយ​ពួក​គេ​ឲ្យ​ដឹង​ទិស។ គម្ពីរ​បាន​រៀប​រាប់​អំពី​អ្នក​ដើរ​សំពៅ​ខ្លះ​ថា​«​អ្នក​ប្រាជ្ញ​»​ដោយ​ប្រើ​ពាក្យ​ដែល​អាច​មាន​ន័យ​ថា​«​មាន​គំនិត​វាង​វៃ​»។—អេស. ២៧:៨

ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវិត​សព្វ​ថ្ងៃ​នេះ​អាច​មើល​ទៅ​ហាក់​ដូច​ជា​ពិបាក​ដូច​ជា​ការ​ធ្វើ​ដំណើរ​ក្នុង​សមុទ្រ​នៅ​សម័យ​បុរាណ។ តើ​អ្វី​អាច​ជួយ​យើង​បាន?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​បាន​នូវ​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»​

ដោយ​ចាំ​អំពី​ការ​ប្រៀប​ធៀប​ជីវិត​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​មួយ សូម​ពិចារណា​អំពី​សេចក្ដី​ពិត​នេះ​ក្នុង​គម្ពីរ​ដែល​ថា​៖ ​«​ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា​បាន​ស្ដាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្ដី​ទូន្មាន​មាំ​ទាំ [​ឬ​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»​]​»។ (​សុភ. ១:៥, ៦; ព.ថ., យើង​កែ​ជា​អក្សរ​ទ្រេត​) ពាក្យ​ភាសា​ហេប្រឺ​ដែល​បក​ប្រែ​ថា​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»​ អាច​រៀប​រាប់​អំពី​កិច្ចការ​របស់​មេ​បញ្ជាការ​សំពៅ​សម័យ​បុរាណ។ ពាក្យ​នេះ​បង្កប់​អត្ថន័យ​សមត្ថភាព​នាំ​ផ្លូវ​និង​ណែនាំ​ដ៏​ប៉ិនប្រសប់។

ទោះ​ជា​នេះ​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម​ក៏​ដោយ យើង​អាច​ទទួល​បាន​នូវ​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»​ ហើយ​រៀន​បើក​សំពៅ​ដោយ​ជោគជ័យ​ក្នុង​សមុទ្រ​នៃ​ជីវិត។ ដូច​សៀវភៅ​សុភាសិត​បាន​បញ្ជាក់ យើង​ត្រូវ​មាន​«​ប្រាជ្ញា​»​និង​«​យោបល់​»​ ហើយ​យើង​ក៏​ត្រូវ​មាន​ការ​យល់​ធ្លុះ​ជ្រៅ​ដែរ។ (​សុភ. ១:២​-​៦; ២:១​-​៩​) យើង​មិន​ត្រូវ​ខក​ខាន​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ ពីព្រោះ​សូម្បី​តែ​មនុស្ស​ទុច្ចរិត​ក៏​មាន​ការ​ណែនាំ​ដើម្បី​សម្រេច​គោលដៅ​ដែល​មិន​ត្រឹម​ត្រូវ​ដែរ។—សុភ. ១២:៥

ដូច្នេះ គឺ​សំខាន់​ចាំ​បាច់​ដែល​យើង​ត្រូវ​ជា​មនុស្ស​ដែល​ឧស្សាហ៍​សិក្សា​បណ្ដាំ​របស់​ព្រះ។ តាម​រយៈ​ការ​សិក្សា​បែប​នេះ យើង​អាច​ដឹង​ព័ត៌មាន​ដ៏​មាន​តម្លៃ​អំពី​ព្រះ​យេហូវ៉ា​និង​អំពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ព្រះ​យ៉ាង​ប្រសើរ​បំផុត។ (​យ៉ូន. ១៤:៩​) យើង​ទទួល​នូវ​ដំបូន្មាន​ដ៏​ល្អ​ជា​ច្រើន​នៅ​កិច្ច​ប្រជុំ​របស់​យើង។ ម្យ៉ាង​ទៀត យើង​អាច​រៀន​ពី​បទ​ពិសោធន៍​របស់​អ្នក​ឯ​ទៀត រួម​ទាំង​បទ​ពិសោធន៍​របស់​ឪពុក​ម្ដាយ​យើង​ផង​ដែរ។—សុភ. ២៣:២២

ចូរ​ដឹង​ជា​មុន​ហើយ​រៀបចំ​គម្រោង

​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»​គឺជា​ការ​សំខាន់ ជា​ពិសេស​ពេល​ដែល​យើង​ជួប​ប្រទះ​បញ្ហា។ ការ​មិន​ដឹង​ថា​យើង​ត្រូវ​ចាត់​វិធានការ​អ្វី​នៅ​ពេល​មាន​បញ្ហា​ស្មុគ​ស្មាញ អាច​នាំ​ឲ្យ​យើង​មិន​ហ៊ាន​សម្រេច​ចិត្ត ហើយ​នេះ​នាំ​ឲ្យ​អន្តរាយ។—យ៉ា. ១:៥, ៦

គួរ​ឲ្យ​ចាប់​អារម្មណ៍ ពាក្យ​ថា​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»​ ក៏​អាច​សំដៅ​ទៅ​លើ​ការ​ធ្វើសង្គ្រាម​ដែរ។ យើង​អាន​ថា​៖ ​«​ដោយ​មាន​ការ​ជួយ​គំនិត ដែល​ប្រកប​ដោយ​ប្រាជ្ញា​[​ឬ​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»​] នោះ​ឯង​នឹង​អាច​ធ្វើសឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​ទើប​បាន​ជ័យ​ជំនះ​»។—សុភ. ២០:១៨; ២៤:៦; ព.ថ.

ដូច​អ្នក​ជំនាញ​ខាង​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើសង្គ្រាម ជា​ការ​ល្អ​បើ​យើង​គិត​ជា​មុន​អំពី​បញ្ហា​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ។ (​សុភ. ២២:៣​) ជា​ឧទាហរណ៍ ប្រហែលជា​អ្នក​ត្រូវ​សម្រេច​ចិត្ត​ថា​ទទួល​យក​ការងារ​ថ្មី​ឬ​ការ​ឡើង​ឋានៈ​នៅ​កន្លែង​ធ្វើ​ការ​ឬ​មិន​ទទួល។ អ្នក​ទំនង​ជា​នឹង​ពិចារណា​យ៉ាង​ហ្មត់​ចត់​អំពី​ប្រាក់​ខែ ពេល​វេលា​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​និង​ត្រឡប់​មក​វិញ និង​ចំណុច​ល្អិត​ល្អន់​ផ្សេង​ទៀត។ ប៉ុន្តែ មាន​ចំណុច​ឯ​ទៀត​ដែល​យើង​គួរ​ចាំ​គឺ: តើ​ការងារ​បែប​នេះ​សម​ស្រប​នឹង​គោលការណ៍​គម្ពីរ​ឬ​ទេ? តើ​ម៉ោង​ធ្វើ​ការ ដូច​ជា​ការ​ធ្វើ​ការ​ផ្លាស់​វេន​គ្នា​ជា​ដើម ប៉ះពាល់​ដល់​សកម្មភាព​របស់​ខ្ញុំ​ជា​គ្រិស្ត​សាសនិក​ឬ​ទេ?—លូក. ១៤:២៨​-​៣០

ឡូរ៉េថឺ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ គាត់​មាន​ការងារ​ល្អ​មួយ។ ពេល​ដែល​ក្រុមហ៊ុន​បាន​រើ​ទៅ​កន្លែង​ផ្សេង ក្រុមហ៊ុន​បាន​ឲ្យ​ឡូរ៉េថឺ​មាន​ឋានៈ​សំខាន់​មួយ​នៅ​កន្លែង​ថ្មី​នោះ ហើយ​នាយក​ក្រុមហ៊ុន​បាន​ប្រាប់​គាត់​ថា​៖ ​«​នេះ​ជា​ឱកាស​តែ​ម្ដង​គត់​ក្នុង​ជីវិត​របស់​អ្នក។ យើង​បាន​ដឹង​ថា​មាន​សាល​ប្រជុំ​មួយ​នៅ​ជិត​កន្លែង​នោះ​ដែរ​»។ ប៉ុន្តែ​ឡូរ៉េថឺ​ចង់​មាន​ជីវិត​សាមញ្ញ​ដើម្បី​បម្រើ​ព្រះ​ដែល​ជា​អ្នក​បង្កើត​ឲ្យ​បាន​ពេញ​លេញ​ជាង។ គាត់​បាន​ដឹង​ថា​ការងារ​ថ្មី​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ពេល​តិច​ជាង​ដើម្បី​ធ្វើ​កិច្ចការ​គ្រិស្ត​សាសនិក។ ដូច្នេះ​គាត់​បាន​សុំ​ឈប់​ធ្វើ​ការ ទោះ​ជានា​យក​ក្រុមហ៊ុន​ប្រាប់​ថា​គាត់​គឺជា​បុគ្គលិក​តែ​ម្នាក់​គត់​ដែល​ក្រុមហ៊ុន​ចង់​ទុក​ឲ្យ​ធ្វើ​ការ​ក៏​ដោយ។ ឥឡូវ​នេះ​ឡូរ៉េថឺ​បាន​ត្រួស​ត្រាយ​អស់​ប្រហែលជា​២០​ឆ្នាំ​ហើយ គាត់​បាន​ជឿ​ជាក់​ថា​លទ្ធផល​ល្អ​គឺ​ជាប់​ទាក់​ទង​នឹង​ការ​ដែល​គាត់​មាន​គម្រោង​តាម​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»​ ដែល​ស្រប​តាម​ដំបូន្មាន​ក្នុង​បណ្ដាំ​របស់​ព្រះ។ គាត់​បាន​ពង្រឹង​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​មាន​ឯកសិទ្ធិ​ជួយ​មនុស្ស​មួយ​ចំនួន​ឲ្យ​ទទួល​យក​សេចក្ដី​ពិត​ក្នុង​គម្ពីរ។

ក្រុម​គ្រួសារ​ពិត​ជា​ត្រូវ​ការ​នូវ​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»។ ការ​ចិញ្ចឹម​អប់រំ​កូន​ជា​កិច្ចការ​រយៈ​ពេល​វែង ហើយ​ជម្រើស​របស់​ឪពុក​ម្ដាយ​ស្តី​អំពី​របៀប​ដែល​ពួក​គាត់​នឹង​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា និង​របៀប​ដែល​ពួក​គេ​ជ្រើស​រើស​ការងារ​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ មាន​ឥទ្ធិពល​លើ​អនាគត​របស់​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ។ (​សុភ. ២២:​៦​) ជា​ឧទាហរណ៍ ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​ប្រហែលជា​សួរ​ខ្លួន​គាត់​ថា​‹តាម​រយៈ​ការ​សន្ទនា​និង​គំរូ​របស់​យើង តើ​យើង​កំពុង​បង្រៀន​កូន​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ចេះ​ប្រឈម​មុខ​នឹង​ជីវិត​ជា​មនុស្ស​ពេញ​វ័យ​ដោយ​ជោគជ័យ​ឬ​ទេ? តើ​របៀប​រស់​នៅ​របស់​យើង​កំពុង​ជួយ​ពួក​គេ​ឲ្យ​ចេះ​ស្កប់​ចិត្ត​នឹង​ជីវិត​សាមញ្ញ​និង​ឲ្យ​ពួក​គេ​ប្រមូល​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​ឬ​ទេ?›។—១ធី. ៦:៦​-​១០, ១៨, ១៩

ជោគជ័យ​ពិត​ប្រាកដ​មិន​អាស្រ័យ​ទៅ​លើ​ការ​មាន​ទ្រព្យ​សម្បត្ដិ ឬ​ឋានៈ​ក្នុង​សង្គម​ដែល​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ស្វែងរក​នោះ​ទេ។ ស្តេច​សាឡូម៉ូន​បាន​យល់​អំពី​រឿង​នេះ។ ព្រះ​បាន​បណ្ដាល​ឲ្យ​គាត់​សរសេរ​ថា​៖ ​«​ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ គឺ​ដែល​កោត​ខ្លាច​នៅ​ចំពោះ​ទ្រង់ គេ​នឹង​មាន​សេចក្ដី​សុខ​ស្រួល​វិញ​»។ (​សាស្ដ. ៨:១២​) នេះ​ស​ឲ្យ​ឃើញ​ថា​ប្រាជ្ញា​ដែល​មក​ពី​ការ​ស្វែងរក​«​ការ​ណែនាំ​ដ៏​ប៉ិនប្រសប់​»​ មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ ហើយ​ស្រប​តាម​បណ្ដាំ​នោះ។—២ធី. ៣:១៦, ១៧

[​រូបភាព​នៅ​ទំព័រ​៣០​]

ដើម្បី​បញ្ជាក់​អំពី​តួនាទី​នៃ​អ្នក​កាច់​ចង្កូត​សំពៅ គេ​ច្រើន​តែ​គូរ​រូប​គាត់​ធំ​ជាង​នាវិក​ឯ​ទៀត

[​អ្នក​ផ្ដល់​សិទ្ធិ​]

Su concessione del Ministero per i Beni e le Attività Culturali. ការ​ថត​ចម្លង​រូប​នេះ​ដោយ​គ្រប់​វិធី​ត្រូវ​ហាមឃាត់។