លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កិច្ចប្រជុំមួយដែលលើកបញ្ជាក់អំពីសាមគ្គីភាពនិងគម្រោងគួរឲ្យរំភើបចិត្ដ

កិច្ចប្រជុំមួយដែលលើកបញ្ជាក់អំពីសាមគ្គីភាពនិងគម្រោងគួរឲ្យរំភើបចិត្ដ

របាយការណ៍​អំពី​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ

កិច្ច​ប្រជុំ​មួយ​ដែល​លើក​បញ្ជាក់​អំពី​សាមគ្គី​ភាព​និង​គម្រោង​គួរ​ឲ្យ​រំភើប​ចិត្ត

​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​សមាគម​ប៉មយាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិន​ស៊ីវ៉ា​នី ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​រំភើប​ចិត្ត​ជា​និច្ច។ កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១២៧​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​តុលា ឆ្នាំ​២០១១ ពិត​ជា​ធ្វើ​ឲ្យ​រំភើប​ចិត្ត​មែន! ភ្ញៀវ​ដែល​បាន​ត្រូវ​អញ្ជើញ​ពី​ជុំ​វិញ​ពិភព​លោក​បាន​មក​ជួប​ជុំ​គ្នា​នៅ​សាល​សន្និបាត​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ជើហ្ស៊ី រដ្ឋ​នូជើហ្ស៊ី សហរដ្ឋ​អាម៉េរិក។

បង​ប្រុស​ហ្គារី​ត ឡឹស​ជា​សមាជិក​គណៈ​អភិបាល​បាន​ស្វាគមន៍​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ចិត្ត​សប្បាយ។ គាត់​បាន​ប្រាប់​បង​ប្អូន​ដែល​ជា​តំណាង​មក​ពី​ប្រទេស​ប្រហែលជា​៨៥​ថា ពួក​គាត់​ជា​ផ្នែក​មួយ​នៃ​ក្រុម​គ្រួសារ​អន្តរជាតិ​ដែល​មាន​សាមគ្គី​ភាព​ជាង​បណ្ដា​ជន​ឯ​ទៀត​លើ​ពិភព​លោក។ សាមគ្គី​ភាព​ដូច​នេះ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ប្រសើរ ហើយ​លើក​តម្កើង​ព្រះ​យេហូវ៉ា។ មែន​ហើយ សាមគ្គី​ភាព​ជា​ប្រធានបទ​ដែល​គេ​និយាយ​ជា​ច្រើន​ដង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​នេះ។

របាយការណ៍​ដ៏​ល្អ​ពី​ប្រទេស​ម៉ិចស៊ិច

ផ្នែក​ទី​១​នៃ​កម្មវិធី​បាន​លើក​ឡើង​នូវ​គំរូ​ស្តី​អំពី​សាមគ្គី​ភាព​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ បង​ប្រុស​បាល់​ថា​សា ផឺ​ឡា បាន​សម្ភាស​បង​ប្អូន​បី​នាក់​ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល​នៃ​ប្រទេស​ម៉ិចស៊ិច​ស្តី​អំពី​ការ​បញ្ចូល​ការិយាល័យ​សាខា​៦​នៅ​ទ្វីប​អាម៉េរិក​ភាគ​កណ្ដាល​ជា​មួយ​ការិយាល័យ​សាខា​របស់​ប្រទេស​ម៉ិចស៊ិច។ ដោយ​សារ​ការ​បញ្ចូល​គ្នា​នេះ ក្រុម​គ្រួសារ​បេតអែល​នៅ​ប្រទេស​ម៉ិចស៊ិច​បាន​ក្លាយ​ទៅ​ជា​ក្រុម​គ្រួសារ​អន្តរជាតិ​ដែល​មាន​វប្បធម៌​ខុស​ៗ​គ្នា។ ការ​មក​ដល់​នៃ​បង​ប្អូន​រួម​ជំនឿ​ពី​ប្រទេស​ផ្សេង​ៗ​បាន​នាំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​ហាក់​ដូច​ជា​ព្រះ​បាន​បំបាត់​ចោល​ការ​បែងចែក​ជាតិ​សាសន៍។

ការ​បញ្ចូល​គ្នា​នេះ​មាន​ការ​ពិបាក​មួយ​គឺ​ការ​ជួយ​អ្នក​ផ្សព្វ​ផ្សាយ​ឲ្យ​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​ដាច់​ឆ្ងាយ​ពី​អង្គការ​ព្រះ​យេហូវ៉ា​ទេ ទោះ​ជា​ការិយាល័យ​សាខា​នៅ​ប្រទេស​របស់​ពួក​គេ​លែង​ដំណើរ​ការ​ទៀត​ក៏​ដោយ។ ដើម្បី​សម្រេច​គោលដៅ​នេះ ក្រុម​ជំនុំ​នីមួយ​ៗ​មាន​អ៊ីមែល​ដែល​មាន​សុវត្ថិភាព ដើម្បី​ឲ្យ​ក្រុម​ជំនុំ​ដែល​នៅ​តំបន់​ដាច់​ស្រយាល​អាច​ទាក់​ទង​ដោយ​ផ្ទាល់​ជា​មួយ​ការិយាល័យ​សាខា។

ដំណឹង​ថ្មី​ៗ​ពី​ប្រទេស​ជប៉ុន

បង​ប្រុស​ជេម លីនថឹន​មក​ពី​ការិយាល័យ​សាខាប្រទេស​ជប៉ុន​បាន​ពន្យល់​ថា​ការ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមី​ដែល​បាន​បំផ្លាញ​ប្រទេស​នោះ​នៅ​ខែ​មីនា ឆ្នាំ​២០១១ បាន​ប៉ះពាល់​យ៉ាង​ណា​ដល់​បង​ប្អូន​របស់​យើង។ សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​និង​ទ្រព្យ​សម្បត្ដិ​របស់​ពួក​គាត់។ សាក្សី​ព្រះ​យេហូវ៉ា​ដែល​នៅ​ក្រៅ​តំបន់​រង​គ្រោះ​បាន​ផ្ដល់​ផ្ទះ​ជាង​៣.១០០​ខ្នង​ឲ្យ​បង​ប្អូន​ដែល​រង​គ្រោះ​ស្នាក់​នៅ ហើយ​បាន​ផ្ដល់​យានជំនិះ​ជា​ច្រើន​រយ​គ្រឿង​ដល់​ពួក​គាត់។ បង​ប្អូន​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់​ដែល​គណៈកម្មាធិការ​ខាង​ការ​សាងសង់​តាម​ភូមិ​ភាគ​បាន​ចាត់​ឲ្យ​មក បាន​ធ្វើ​ការ​ឥត​ឈប់​ឈរ​ដើម្បី​ជួស​ជុល​ផ្ទះ​របស់​បង​ប្អូន។ មាន​បង​ប្អូន​ជាង​១.៧០០​នាក់​បាន​ស្ម័គ្រ​ចិត្ត​បម្រើ​នៅ​កន្លែង​ណា​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ បង​ប្អូន​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​ដែល​មក​ពី​សហរដ្ឋអាម៉េរិក​បាន​ជួយ​ជួស​ជុល​សាល​ប្រជុំ ហើយ​បង​ប្អូន​ស្ម័គ្រ​ចិត្ត​ដែល​ធ្វើ​កិច្ចការ​នេះ​សរុប​ទាំង​អស់​មាន​ចំនួន​៥៧៥​នាក់។

បង​ប្អូន​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​សម្រាល​ទុក្ខ​និង​ការ​ពង្រឹង​ជំនឿ​បង​ប្អូន​ដែល​រង​គ្រោះ។ អ្នក​ចាស់​ទុំ​ជាង​៤០០​នាក់​បាន​ទៅ​សួរ​សុខទុក្ខ​បង​ប្អូន​ដែល​រង​គ្រោះ។ គណៈ​អភិបាល​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ចាត់​អ្នក​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​ពីរ​នាក់​ពី​មន្ទីរ​ចាត់​ការ​ពិភព​លោក​ឲ្យ​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​មាន​មហន្តរាយ​ដើម្បី​ផ្ដល់​ការ​លើក​ទឹក​ចិត្ត។ ការ​យក​ចិត្ត​ទុក​ដាក់​ពី​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ផែនដី​បាន​សម្រាល​ទុក្ខ​បង​ប្អូន​យ៉ាង​ខ្លាំង។

ជ័យ​ជម្នះ​ខាង​ច្បាប់

អ្នក​ស្ដាប់​បាន​ស្ដាប់​យ៉ាង​ជក់​ចិត្ត​ពេល​បង​ប្រុស​ស្ទេវិន ហាឌី ពី​ការិយាល័យ​សាខាប្រទេស​អង់គ្លេស​បាន​ដឹក​នាំ​ការ​ពិភាក្សា​អំពី​ជ័យ​ជម្នះ​ថ្មី​ៗ​ខាង​ច្បាប់។ ជា​ឧទាហរណ៍ រដ្ឋាភិបាល​បារាំង​បាន​ទាម​ទារ​ឲ្យ​សមាគម​យើង​នៅ​ប្រទេស​បារាំង​បង់​ពន្ធ​ចំនួន​៨២​លាន​ដុល្លារ​អាម៉េរិក។ បញ្ហា​នេះ​បាន​ត្រូវ​ដោះ​ស្រាយ​ពេល​ដែល​តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប​បាន​កាត់​ក្ដី​ឲ្យ​អង្គការ​យើង​ឈ្នះ ដោយ​ប្រកាស​ថា​រដ្ឋាភិបាល​បារាំង​បាន​បំពាន​មាត្រា​ទី​៩​នៃ​អនុសញ្ញា​ទ្វីប​អឺរ៉ុប​ដែល​ការ​ពារ​សេរីភាព​ខាង​សាសនា។ ពាក្យ​ដែល​គេ​ប្រើ​ក្នុង​សេចក្ដី​សម្រេច​នោះ​បង្ហាញ​ថា​រឿង​ក្ដី​នេះ​មិន​ទាក់​នឹង​លុយ​កាក់​ទេ ពីព្រោះ​សេចក្ដី​សម្រេច​នោះ​ចែង​ថា​៖ ​«​ការ​បដិសេធ​មិន​ទទួល​ស្គាល់​អង្គការ​សាសនា​មួយ ការ​បណ្ដាល​ឲ្យ​អង្គការ​នោះ​ត្រូវ​រំលាយ និង​ការ​ប្រើ​ពាក្យ​មើល​ងាយ​ចំពោះ​អង្គការ​សាសនា​មួយ​ជា​គំរូ​នៃ​ការ​រំលោភ​សិទ្ធិ​ដែល​បាន​ត្រូវ​ធានា​ដោយ​មាត្រា​ទី​៩​នៃ​អនុសញ្ញា​នោះ​»។

តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប​ក៏​បាន​កាត់​ក្ដី​ឲ្យ​អង្គការ​របស់​យើង​ឈ្នះ​ក្នុង​រឿង​ក្ដី​ដែល​ទាក់​ទង​នឹង​ប្រទេស​អាមេនី​ដែរ។ តាំង​ពី​ឆ្នាំ​១៩៦៥ តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប​ជឿ​ថា​អនុសញ្ញា​ទ្វីប​អឺរ៉ុប​មិន​ឲ្យ​បុគ្គល​ម្នាក់​ៗ​រួច​ផុត​ពី​កាតព្វកិច្ច​យោធា​ទេ។ សភា​ជាន់​ខ្ពស់​ដែល​មាន​អំណាច​ជាង​គេ​នៅ​ក្នុង​តុលាការ​ទ្វីប​អឺរ៉ុប​បាន​កាត់​ក្ដី​ថា អនុសញ្ញា​ទ្វីប​អឺរ៉ុប​គួរ​ធានា​សិទ្ធិ​«​បដិសេធ​កាតព្វកិច្ច​យោធា​ដោយ​សារ​ចិត្ត​ឬ​សមត្ថភាព​វិនិច្ឆ័យ​របស់​បុគ្គល​នោះ​ប្រាប់​ថា​ការ​ធ្វើ​ដូច្នេះ​គឺជា​ការ​ខុស​យ៉ាង​ធ្ងន់ធ្ងរ​»។ ការ​សម្រេច​នេះ​បង្គាប់​ឲ្យ​ប្រទេស​អាមេនី​និង​ប្រទេស​ដូច​ជា​អាស៊ែបៃសាន​និង​ប្រទេស​ទួរ​គី​ទទួល​ស្គាល់​សិទ្ធិ​បដិសេធ​កាតព្វកិច្ច​យោធា។

គម្រោង​សាងសង់

បង​ប្រុស​ហ្គាយ ភាស​ជា​សមាជិក​គណៈ​អភិបាល​បាន​ថ្លែង​បន្ទាប់ ហើយ​ទទួល​ស្គាល់​ថា​បង​ប្អូន​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ​ចង់​ដឹង​អំពី​គម្រោង​សាងសង់​របស់​យើង​នៅ​រដ្ឋ​ញូវ​យ៉ក។ គាត់​បាន​បញ្ចាំង​វីដេអូ​ដែល​បង្ហាញ​អំពី​ដំណើរ​ការ​នៅ​ក្រុង​វ៉លឃីល ផាតឺសិន​និង​ដី​ដែល​ទើប​នឹង​បាន​ទិញ​ថ្មី​ៗ​នេះ​នៅ​ក្រុង​វ័រវិក និង​នៅ​ធូហ្សីដូ រដ្ឋ​ញូវ​យ៉ក។ នៅ​ក្រុង​វ៉លឃីល កន្លែង​ស្នាក់​នៅ​ថ្មី​មួយ​ដែល​ត្រូវ​បង្ហើយ​នៅ​ឆ្នាំ​២០១៤ នឹង​ផ្ដល់​ជាង​៣០០​បន្ទប់​បន្ថែម​ទៀត។

មាន​គម្រោង​ដើម្បី​សាងសង់​អគារ​ថ្មី​នៅ​លើ​ដី​២៤៨​អេឃឺ (​១០០​ហិច​តា​) នៅ​ក្រុង​វ័រវិក។ បង​ប្រុស​ហ្គាយ ភាស​បាន​និយាយ​ថា​៖ ​«​ទោះ​ជា​យើង​មិន​ដឹង​ច្បាស់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​វ័រវិក យើង​ត្រៀម​លក្ខណៈ​ដើម្បី​ចាប់​ផ្ដើម​សាងសង់​នៅ​លើ​ដី​នោះ​ដោយ​មាន​បំណង​រើ​មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​សាក្សី​ព្រះ​យេហូវ៉ា​ទៅ​ទី​នោះ​»។ ម្យ៉ាង​ទៀត យើង​មាន​គម្រោង​ប្រើ​ដី​៥០​អេឃឺ (​២០​ហិច​តា​) ដែល​ស្ថិត​នៅ​ចម្ងាយ​៦​អេឃឺ (​១០​គីឡូម៉ែត្រ​) ខាង​ជើង​ក្រុង​វ័រវិក​ដើម្បី​ទុក​ម៉ាស៊ីន​ផ្សេង​ៗ​និង​សម្ភារ​សម្រាប់​សាងសង់។ បង​ប្រុស​ភាស​បាន​និយាយ​ថា​៖ ​«​យើង​នឹង​ចាប់​ផ្ដើម​ការ​សាងសង់​ភ្លាម​ៗ​ពេល​យើង​ទទួល​ការ​អនុញ្ញាត យើង​សង្ឃឹម​ថា​នឹង​បញ្ចប់​គម្រោង​ទាំង​មូល​នេះ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ បន្ទាប់​មក​យើង​អាច​លក់​ដី​និង​អគារ​របស់​យើង​នៅ​ក្រុង​ប៊្រុគ្លីន​»។

បង​ប្រុស​ភាស​បាន​សួរ​ថា​៖ ​«​តើ​គណៈ​អភិបាល​លែង​គិត​ថា​គ្រា​វេទនា​ជា​ខ្លាំង​ជិត​មក​ដល់​ហើយ​ឬ?​»។ គាត់​បាន​ឆ្លើយ​ថា​៖ ​«​មិន​មែន​ទេ ប្រសិនបើ​គ្រា​វេទនា​ជា​ខ្លាំង​បង្អាក់​គម្រោង​សាងសង់​របស់​យើង​នោះ​គឺ​ល្អ​ណាស់ គឺ​ពិត​ជា​ល្អ​ណាស់!​»។

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​តោ​ដែល​កំពុង​គ្រហឹម

បន្ទាប់​មក​បង​ប្រុស​ស្ទេផាន ឡេត​ដែល​ជា​សមាជិក​គណៈ​អភិបាល​ម្នាក់​ទៀត បាន​ពន្យល់​អំពី​ពេត្រុសទី១ ៥:៨​ថា​៖ ​«​ចូរ​ដឹង​ខ្លួន​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​ចុះ។ មេកំណាច​ដែល​ជាស​ត្រូវ​របស់​អ្នក​រាល់​គ្នា ដើរ​ក្រវែល​ដូច​តោ​ដែល​កំពុង​គ្រហឹម​រក​លេប​ត្របាក់​អ្នក​ណា​ម្នាក់​»។ បង​ប្រុស​ឡេត​បាន​ពោល​ថា​លក្ខណៈ​មួយ​ចំនួន​របស់​សត្វ​តោ​ដែល​ពេត្រុស​បាន​លើក​ឡើង​ជា​ការ​ពណ៌​នា​មួយ​ដ៏​សម​ត្រឹម​ត្រូវ​អំពី​មេកំណាច។

ដោយ​សារ​សត្វ​តោ​គឺ​ខ្លាំង​និង​រហ័ស​ជាង​មនុស្ស នោះ​យើង​មិន​គួរ​ខំ​ប្រឹង​តយុទ្ធ​ឬ​ខំ​គេច​ពី​សាថាន​ដោយ​ពឹង​លើ​កម្លាំង​របស់​យើង​ផ្ទាល់​នោះ​ទេ។ យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​អេ. ៤០:៣១​) សត្វ​តោ​ច្រើន​តែ​លប​ចាប់​សត្វ​នៅ​ពេល​យប់ ដូច្នេះ​យើង​ត្រូវ​ជៀស​វាង​មិន​នៅ​ដាច់​ឆ្ងាយ​ពី​អង្គការ​ព្រះ​យេហូវ៉ា​ដែល​ហាក់​ដូច​ជា​ស្ថិត​ក្នុង​ភាព​ងងឹត។ ដូច​សត្វ​តោ​សម្លាប់​សត្វ​ស្លូត ដូច​ជា​សត្វ​ឈ្លូស​ម្យ៉ាង​ឬ​កូន​សេះ​បង្កង់​ដែល​កំពុង​ដេក​លក់ ដូច្នេះ​សាថាន​គឺ​គ្មាន​មេត្ដា ហើយ​ចង់​សម្លាប់​យើង។ បន្ទាប់​ពី​សត្វ​តោ​បាន​ស៊ី​ឆ្អែត សត្វ​ដែល​ជា​ចំណី​របស់​វា​ច្រើន​តែ​បាត់បង់​សភាព​ដើម ដូច​គ្នា​នឹង​«​ស្ថានភាព​ចុង​ក្រោយ​»​នៃ​អ្នក​ដែល​ក្លាយ​ជា​ចំណី​របស់​សាថាន​«​គឺ​អាក្រក់​ជាង​ស្ថានភាព​ដំបូង​»។ (​២ពេ. ២:​២០​) ដូច្នេះ យើង​ត្រូវ​តែ​តតាំង​នឹង​សាថាន​ហើយ​កាន់​ខ្ជាប់​តាម​គោល​ការណ៍​គម្ពីរ​ដែល​យើង​បាន​រៀន។—១ពេ. ៥:៩

ចូរ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ភារកិច្ច​របស់​អ្នក​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា

អ្នក​ថ្លែង​បន្ទាប់​គឺ​បង​ប្រុស​សាំយ៉ូអែល ហឺដ​ដែល​ជា​សមាជិក​គណៈ​អភិបាល គាត់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​យើង​ទាំង​អស់​គ្នា​មាន​ភារកិច្ច​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​»។ គ្រិស្ត​សាសនិក​ទាំង​អស់​មាន​ភារកិច្ច​ក្នុង​«​ដំណាក់​»​ឬ​អង្គការ​របស់​ព្រះ ពោល​គឺ​វិហារ​ក្នុង​ន័យ​ធៀប​ដែល​ជា​ការ​រៀបចំ​ដើម្បី​គោរព​ប្រណិប័តន៍​លោក​ដោយ​ផ្អែក​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ។ នេះ​ជា​ភារកិច្ច​ដែល​យើង​ត្រូវ​ចាត់​ទុក​ថា​ជា​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​មួយ។ ដូច​ដាវីឌ យើង​ចង់​«​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​[​យើង​]​»។—ទំនុក. ២៧:៤

បង​ប្រុស​ហឺដ​បាន​និយាយ​អំពី​ទំនុកតម្កើង ៩២:១២​-​១៤ ហើយ​បាន​សួរ​ថា​៖ ​«​តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​រីក​ចម្រើន?​»។ គាត់​បាន​ឆ្លើយ​ថា​៖ ​«​ក្នុង​ស្ថានភាព​មួយ​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន ព្រះ​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​យើង ហើយ​ការពារ​យើង ព្រម​ទាំង​ផ្ដល់​សេចក្ដី​បង្រៀន​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​ទឹក​ស្អាត​បរិសុទ្ធ​»។ បង​ប្រុស​ហឺដ​បាន​ដាស់​តឿន​អ្នក​ស្ដាប់​ថា​៖ ​«​ចូរ​យើង​អរគុណ​លោក​ចំពោះ​អ្វី​ៗ​ទាំង​នេះ។ ចូរ​យើង​ពេញ​ចិត្ត​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា មិន​គ្រាន់តែ​សម្រាប់​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​រៀង​រហូត​»។

គ្រិស្ត​សាសនិក​គោរព​បណ្ដាំ​របស់​ព្រះ

បង​ប្រុស​ដាវីឌ សិផ្លេន​ដែល​ជា​សមាជិក​គណៈ​អភិបាល​ដែរ បាន​ពន្យល់​នៅ​សុន្ទរកថា​បន្ទាប់​ថា​គ្រិស្ត​សាសនិក​ពិត​តែង​តែ​គោរព​បណ្ដាំ​របស់​ព្រះ។ នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​ពិត​បាន​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ស្តី​អំពី​ការ​កាត់​ចុង​ស្បែក។ (​សកម្ម. ១៥:១៦, ១៧​) ប៉ុន្តែ នៅ​សតវត្សរ៍​ទី​២ អ្នក​ខ្លះ​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​តាម​ទស្សនវិជ្ជា​ក្រិច បាន​ចាប់​ផ្ដើម​ចាត់​ទុក​ទស្សនវិជ្ជា​នេះ​ថា​សំខាន់​ជាង​បទ​គម្ពីរ​ទៅ​ទៀត។ ក្រោយ​មក អ្នក​ខ្លះ​ទៀត​បាន​យក​គំនិត​របស់​ពួក​អ្នក​ដែល​ហៅ​ថា​មេ​ដឹក​នាំ​សាសនា​និង​អធិរាជ​រ៉ូម មក​ជំនួស​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​វិញ។ អាស្រ័យ​ហេតុ​នេះ សេចក្ដី​បង្រៀន​ក្លែង​ក្លាយ​ជា​ច្រើន​បាន​កើត​ឡើង។

បង​ប្រុស​សិផ្លេន​បាន​ដៅ​បញ្ជាក់​ថា​នៅ​ឧទាហរណ៍​មួយ​របស់​លោក​យេស៊ូ លោក​បាន​បញ្ជាក់​ថា​នឹង​តែង​តែ​មាន​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ពិត​ប្រាកដ​លើ​ផែនដី​ដើម្បី​ការពារ​សេចក្ដី​ពិត។ (​ម៉ាថ. ១៣:២៤​-​៣០​) យើង​មិន​អាច​ដឹង​ប្រាកដ​ថា​អ្នក​ណា​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ពិត​ប្រាកដ​ទេ។ ក៏​ប៉ុន្តែ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ មាន​មនុស្ស​ជា​ច្រើន​បាន​បក​អាក្រាត​ជំនឿ​និង​ការ​ប្រព្រឹត្ត​ដែល​មិន​សម​ស្រប​នឹង​បទ​គម្ពីរ។ ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ មាន​អភិបាល​ជាន់​ខ្ពស់​អាហ្គោបាដ​នៃ​ក្រុង​លីយ៉ុង នៅ​សតវត្សរ៍​ទី​៩ ភីធើ​ដែល​មក​ពី​តំបន់​ប៊្រូយ​និង ហេនរី​ពី​ទី​ក្រុង​ឡូ​សាន វ៉ាលដេស (​ឬ​វ៉ាលដូ​) នៅ​សតវត្សរ៍​ទី​១២ និង​ចន វ៉ាយឃ្លីហ្វ​នៅ​សតវត្សរ៍​ទី​១៤ វី​លៀម ធីនដេល​នៅ​សតវត្សរ៍​ទី​១៦ និង​ហេនរី គ្រូរ និង​ចច ស្ទ័រ​នៅ​សតវត្សរ៍​ទី​១៩។ សាក្សី​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​បន្ត​ប្រកាន់​ខ្ជាប់​ខ្នាត​តម្រា​ក្នុង​គម្ពីរ ហើយ​ទទួល​ស្គាល់​គម្ពីរ​ជា​គ្រឹះ​មូលដ្ឋាន​នៃ​សេចក្ដី​ពិត។ ហេតុ​នេះ​ហើយ​បាន​ជា​គណៈ​អភិបាល​បាន​ជ្រើស​រើស​យ៉ូហាន ១៧:១៧​ដែល​ចែង​ថា​៖ ​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»​ ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០១២​របស់​យើង។

ការ​កែប្រែ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​សម្រាប់​ការ​បង្ហាត់​បង្រៀន​និង​ក្នុង​កិច្ច​បម្រើ

សេចក្ដី​ជូន​ដំណឹង​មួយ​ដែល​ធ្វើ​ឡើង​ដោយ​បង​ប្រុស​អានថូនី ម៉ូរីស​ដែល​ជា​សមាជិក​គណៈ​អភិបាល បាន​ពន្យល់​អំពី​ការ​កែប្រែ​សម្រាប់​សាសនទូត​និង​អ្នក​ត្រួស​ត្រាយ​ពិសេស។ នៅ​ខែ​កញ្ញា ឆ្នាំ​២០១២ សាលា​សម្រាប់​ប្ដី​ប្រពន្ធ​ខាង​គម្ពីរ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ឯ​ទៀត។ គោលដៅ​នៃ​សាលា​គី​លាត​បាន​ត្រូវ​ផ្លាស់​ប្ដូរ។ ចាប់​ផ្ដើម​ពី​ខែ​តុលា អស់​អ្នក​ដែល​ទទួល​ការ​បង្ហាត់​បង្រៀន​នៅ​សាលា​គី​លាត​គឺជា​អ្នក​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ពិសេស​រួច​ហើយ ពោល​គឺ​សាសនទូត​ដែល​មិន​ទាន់​បាន​ចូល​សាលា​គី​លាត អ្នក​ត្រួស​ត្រាយ​ពិសេស អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ឬ​អ្នក​ធ្វើ​ការ​នៅ​បេតអែល។ អ្នក​ដែល​រៀន​ចប់​នៅ​សាលា​គី​លាត​នឹង​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ការិយាល័យ​សាខា បម្រើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​នានា ឬ​នឹង​ត្រូវ​ចាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ទី​ក្រុង​ធំ​ៗ​ជា​មួយ​ក្រុម​ជំនុំ។ នៅ​ទី​នោះ​ពួក​គេ​អាច​ពង្រឹង គាំទ្រ ហើយ​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​ស្រី​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​ជា​មួយ។

អ្នក​ត្រួស​ត្រាយ​ពិសេស​ថ្មី​នឹង​ចាប់​ផ្ដើម​បើក​តំបន់​ផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល។ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១២ បង​ប្អូន​ខ្លះ​ដែល​រៀន​ចប់​នៅ​សាលា​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​នៅ​លីវ​ខាង​គម្ពីរ​និង​សាលា​បង្ហាត់​បង្រៀន​ប្ដី​ប្រពន្ធ​ខាង​គម្ពីរ នឹង​ត្រូវ​ចាត់​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​បណ្ដោះ​អាសន្ន ហើយ​ត្រូវ​ចាត់​ឲ្យ​ទៅ​ចាប់​ផ្ដើម​និង​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល។ ពួក​គេ​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​រហូត​ដល់​បី​ឆ្នាំ​ដោយ​ទទួល​តំបន់​ផ្សាយ​មួយ​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ។ ពួក​អ្នក​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អាច​ក្លាយ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ជា​អចិន្ត្រៃយ៍។

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០១១​នេះ​គឺជា​ពេល​វេលា​ដ៏​សប្បាយ​រីករាយ​មួយ។ យើង​ទន្ទឹង​រង់​ចាំ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​ចំពោះ​ការ​រៀបចំ​ថ្មី​ទាំង​នេះ​ដើម្បី​បង្កើន​សកម្មភាព​ផ្សព្វ​ផ្សាយ​របស់​យើង និង​ដើម្បី​ជួយ​បង​ប្អូន​យើង​ទូ​ទាំង​ពិភព​លោក​ឲ្យ​មាន​សាមគ្គី​ភាព។ នេះ​នឹង​នាំ​ឲ្យ​ព្រះ​ទទួល​សិរី​រុងរឿង​និង​សេចក្ដី​សរសើរ។

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​១៨, ១៩​]

ស្គាល់​គ្នា​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត

ក្នុង​កម្មវិធី​នៃ​កិច្ច​ប្រជុំ​នេះ​ក៏​មាន​បទ​សម្ភាសន៍​ជា​មួយ​បង​ស្រី​មេម៉ាយ​៥​នាក់​ក្នុង​ចំណោម​បង​ស្រី​៩​នាក់​ដែល​នៅ​រស់​ដែល​ជា​ប្រពន្ធ​របស់​សមាជិក​គណៈ​អភិបាល។ បង​ស្រី​ម៉ារីណា ស៊ីដលីក បង​ស្រី​អេឌីត ស៊ូតថឺ បង​ស្រីម៉េលីតា ចារ៉ាក់ បង​ស្រី​មែលបា បារី បង​ស្រី​ស៊ីដនី បារប៊ឺ បាន​ប្រាប់​អំពី​របៀប​ដែល​ពួក​គាត់​បាន​រៀន​សេចក្ដី​ពិត ហើយ​បាន​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល។ បង​ស្រី​ម្នាក់​ៗ​បាន​ប្រាប់​អ្នក​ស្ដាប់​អំពី​អនុស្សាវរីយ៍​ល្អ​ៗ ទស្សនៈ​ពួក​គាត់​ចំពោះ​ប្ដី​របស់​ពួក​គាត់ និង​ពរ​ដែល​ពួក​គាត់​ធ្លាប់​មាន​ជា​មួយ​គ្នា។ ដើម្បី​បញ្ចប់​បទ​សម្ភាសន៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ទាំង​នោះ អ្នក​ស្ដាប់​បាន​ច្រៀង​ចម្រៀង​លេខ​៨៦​ដែល​មាន​ចំណង​ជើង​ថា ​«​ស្ត្រី​ស្មោះ​ត្រង់​និង​បង​ប្អូន​ស្រី​គ្រិស្ត​សាសនិក​»។

[​រូបភាព​]

(​ខាង​លើ​) បង​ប្រុស​ដានីយ៉ែល​និង​បង​ស្រី​ម៉ារីណា ស៊ីដលីក បង​ប្រុស​គ្រែន​និង​បង​ស្រី​អេឌីត ស៊ូតថឺ បង​ប្រុស​ទីអូឌ័រ​និង​បង​ស្រី​ម៉េលីតា ចារ៉ាក់

(​ខាង​ក្រោម​) បង​ប្រុស​ឡយដ៍​និង​បង​ស្រី​មែលបា បារី បង​ប្រុស​ខារី​និង​បង​ស្រី​ស៊ីដនី បារប៊ឺ

[​ផែនទី​នៅ​ទំព័រ​១៦​]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

ការិយាល័យ​សាខា​៦​បាន​ត្រូវ​បញ្ចូល​គ្នា​ក្រោម​ការ​គ្រប់​គ្រង​នៃ​ការិយាល័យ​សាខា​នៅ​ប្រទេស​ម៉ិចស៊ិច

ម៉ិចស៊ិច

ក្វាតេម៉ាឡា

ហុងឌុយរ៉ាស

អែលសាវ៉ាឌ័រ

នីការ៉ាហ្គា

កូស្ដារីកា

ប៉ាណាម៉ា

[​រូបភាព​នៅ​ទំព័រ​១៧​]

គំនូរ​មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​នឹង​ត្រូវ​សាងសង់​នៅ​ក្រុង​វ័រវិក​រដ្ឋ​ញូវ​យ៉ក