លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»

«ការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»

«​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​»​

ស្តេច​អេសា​នាំ​កង​ទ័ព​របស់​គាត់​ឆ្លង​កាត់​ជ្រលង​ភ្នំ​ដ៏​ជ្រៅ​មួយ។ ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ពី​ភ្នំ​នៃ​ស្រុក​យូដា ឆ្ពោះ​ទៅ​វាល​ទំនាប​ដែល​នៅ​តាម​ឆ្នេរ​សមុទ្រ។ ពេល​ទៅ​ដល់​កន្លែង​ធំ​ទូលាយ​ជាង​នៃ​ជ្រលង​ភ្នំ​នោះ អេសា​ក៏​ឈប់។ អ្វី​ដែល​គាត់​បាន​ឃើញ​បាន​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ នៅ​ខាង​ក្រោម​មាន​ជំរំ​សត្រូវ ហើយ​ជំរំ​នោះ​គឺ​ធំ​សម្បើម​ណាស់! កង​ទ័ព​អេចូពី​ទាំង​នោះ​ប្រាកដជា​មាន​ចំនួន​មួយ​លាន​នាក់។ ប៉ុន្តែ កង​ទ័ព​របស់​អេសា​មាន​ចំនួន​ប្រហែលជា​ពាក់​កណ្ដាល​នៃ​ចំនួន​កង​ទ័ព​សត្រូវ​ប៉ុណ្ណោះ។

អេសា​នឹង​ត្រូវ​ធ្វើសង្គ្រាម។ នៅ​ពេល​នេះ តើ​គាត់​ធ្វើ​អ្វី​មុន​បង្អស់? ចេញ​បញ្ជា​ទៅ​មេទ័ព​របស់​គាត់? លើក​ទឹក​ចិត្ត​កង​ទ័ព? ផ្ញើ​សំបុត្រ​ទៅ​ក្រុម​គ្រួសារ​គាត់? មិន​មែន​ទេ! ក្នុង​ស្ថានភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នេះ អេសា​អធិដ្ឋាន។

មុន​នឹង​យើង​ពិនិត្យ​មើល​អំពី​សេចក្ដី​អធិដ្ឋាន​នោះ​និង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ សូម​យើង​ពិចារណា​អំពី​លក្ខណៈ​ពិត​របស់​អេសា។ តើ​អ្វី​បាន​ធ្វើ​ឲ្យ​គាត់​សុំ​ជំនួយ​ពី​ព្រះ? តើ​គាត់​អាច​សង្ឃឹម​ថា​ព្រះ​នឹង​ជួយ​គាត់​ឬ​ទេ? ស្តី​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​អ្នក​បម្រើ​របស់​លោក ពេល​ពួក​គេ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ តើ​កំណត់​ហេតុ​នេះ​បង្រៀន​យើង​អំពី​អ្វី?

កំណត់​ហេតុ​អំពី​ស្តេច​អេសា

ក្នុង​អំឡុង​២០​ឆ្នាំ​ក្រោយ​ការ​បែងចែក​អ៊ីស្រាអែល​ជា​រាជាណាចក្រ​ពីរ ចិត្ត​គំនិត​របស់​ជន​ជាតិ​យូដា​បាន​ត្រូវ​បង្ខូច​ទាំង​ស្រុង​ដោយ​សាសនា​មិន​ពិត។ ពេល​ដែល​អេសា​បាន​ក្លាយ​ជា​ស្តេច​នៅ​ឆ្នាំ​៩៧៧ មុន​គ.ស. សូម្បី​តែ​មនុស្ស​នៅ​រាជវាំង​ក៏​គោរព​បូជា​ព្រះ​នៃ​ភោគផល​របស់​ជន​ជាតិ​កាណាន​ដែរ។ ប៉ុន្តែ កំណត់​ហេតុ​អំពី​រជ្ជកាល​អេសា​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​រៀប​រាប់​ថា​គាត់​បាន​«​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម​ត្រូវ​នៅ​ព្រះនេត្រព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​»​ អេសា​បាន​«​បំបាត់​អស់​ទាំង​អាស​នាដ​ទៃ​និង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​ឲ្យ​សូន្យ​ចេញ ក៏​បំបាក់បំបែក​បង្គោល​ថ្ម​ដែល​សំ​រាប់​គោរព ហើយ​កាប់​រំលំ​រូប​ព្រះ​បង់​»។ (​២រប. ១៤:២, ៣​) អេសា​បាន​បណ្ដេញ​«​ពួក​កូនជឹង​»​គឺជា​បុរស​ដែល​រួម​ភេទ​ជា​មួយ​បុរស​ឯ​ទៀត​ដែល​ជា​ផ្នែក​មួយ​នៃ​សាសនា​មិន​ពិត​នោះ​ចោល។ អេសា​មិន​ត្រឹម​តែ​កម្ចាត់​សាសនា​មិន​ពិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏​បាន​ប្រាប់​បណ្ដា​ជន​ឲ្យ​«​ស្វែងរក​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ នឹង​បញ្ញត្ដិ​ទាំង​ប៉ុន្មាន​»​របស់​ព្រះ​ដែរ។—១ព. ១៥:១២, ១៣; ២រប. ១៤:៤

ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ការ​ខ្នះខ្នែង​របស់​អេសា​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​លោក​បាន​ឲ្យ​ពរ​គាត់​ដោយ​ឲ្យ​ស្រុក​យូដា​មាន​សន្ដិភាព​ជា​ច្រើន​ឆ្នាំ។ ដូច្នេះ ស្តេច​អេសា​អាច​និយាយ​ថា​៖ ​«​យើង​រាល់​គ្នា​បាន​ស្វែងរក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង អើ​យើង​រាល់​គ្នា​បាន​ស្វែងរក​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​ស្រាក​ស្រាន្ត​នៅ​ព័ទ្ធ​ជុំ​វិញ​»។ បណ្ដា​ជន​បាន​យក​ពេល​ដែល​ប្រទេស​មាន​សន្ដិភាព​នេះ​ទៅ​ពង្រឹង​កំពែង​ក្រុង​នានា​នៃ​រាជាណាចក្រ​យូដា។ កំណត់​ហេតុ​គម្ពីរ​ចែង​ថា​៖ ​«​គេ​ក៏​សង់​ឡើង ហើយ​បាន​ចំរើន​ផង​»។—២រប. ១៤:១, ៦, ៧

នៅ​សមរភូមិ

ពេល​យើង​ពិនិត្យ​មើល​កំណត់​ហេតុ​អំពី​អេសា យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ​ថា​គាត់​បាន​អធិដ្ឋាន​ពេល​ដែល​គាត់​ប្រឈម​មុខ​នឹង​កង​ទ័ព​ដ៏​ច្រើន​បំផុត​ដែល​គម្ពីរ​បាន​រៀប​រាប់។ អេសា​បាន​ដឹង​ថា​ព្រះ​ឲ្យ​រង្វាន់​ដល់​ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ស្តេច​អេសា​បាន​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ អេសា​បាន​ទទួល​ស្គាល់​ថា បើ​គាត់​ទុក​ចិត្ត​លើ​ព្រះ​និង​ការ​គាំទ្រ​របស់​លោក ទោះ​ជាស​ត្រូវ​មាន​គ្នា​ច្រើន​ឬ​ខ្លាំងក្លា​យ៉ាង​ណា​ក៏​ដោយ នោះ​មិន​សំខាន់​ទេ។ អេសា​ក៏​ដឹង​ដែរ​ថា​លទ្ធផល​នៃ​សង្គ្រាម​នោះ​នឹង​ប៉ះពាល់​ដល់​កេរ្ដិ៍​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា។ ស្តេច​អេសា​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ​នាម​ទ្រង់​ប៉ុណ្ណោះ​ដែល​យើង​រាល់​គ្នា​បាន​មក​ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ទ្រង់​ឡើយ​»។ (​២រប. ១៤:១១​) គឺ​ហាក់​ដូច​ជា​គាត់​កំពុង​និយាយ​ថា​៖ ‹ការ​វាយលុក​របស់​កង​ទ័ព​អេចូពី​គឺជា​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះ​យេហូវ៉ា។ សូម​កុំ​ឲ្យ​ឈ្មោះ​លោក​ត្រូវ​អាប់​ឱន​ដោយ​ឲ្យ​មនុស្ស​ជាតិ​ទន់​ខ្សោយ​ឈ្នះ​ពួក​អ្នក​ដែល​ជា​តំណាង​នាម​លោក​ឡើយ›។ ហេតុ​នេះ​ហើយ​«​ព្រះ​យេហូវ៉ា​ទ្រង់​ក៏​វាយ​ពួក​អេធីអូពី នៅ​ចំពោះ​អេសា​និង​ពួក​យូដា ឲ្យ​គេ​បាក់ទ័ព​រត់​ទៅ​»។—២រប. ១៤:១២

សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ប្រឈម​មុខ​នឹង​សត្រូវ​ដែល​មាន​អំណាច​ខ្លាំងក្លា។ យើង​នឹង​មិន​តយុទ្ធ​នឹង​ពួក​គេ​ដោយ​ប្រើ​អាវុធ​ក្នុង​សង្គ្រាម​មែនទែន​ទេ។ ប៉ុន្តែ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​អស់​ឲ្យ​បាន​ជ័យ​ជម្នះ​ក្នុង​នាម​របស់​លោក។ សង្គ្រាម​របស់​យើង​ប្រហែលជា​រួម​បញ្ចូល​ការ​ខំ​ប្រឹង​បដិសេធ​ចិត្ត​គំនិត​ដែល​មាន​ពាស​ពេញ​ក្នុង​ពិភព​លោក​ដែល​បង្ហាញ​នូវ​សីលធម៌​ធូរ​រលុង ការ​តយុទ្ធ​នឹង​ភាព​ទន់​ខ្សោយ​របស់​យើង ឬ​ការពារ​ក្រុម​គ្រួសារ​របស់​យើង​ពី​ឥទ្ធិពល​អាក្រក់​នៃ​ពិភព​លោក​នេះ។ ប៉ុន្តែ ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​សេចក្ដី​អធិដ្ឋាន​របស់​ស្តេច​អេសា។ ជ័យ​ជម្នះ​របស់​គាត់​គឺជា​ជ័យ​ជម្នះ​របស់​ព្រះ​យេហូវ៉ា។ បើ​យើង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា នោះ​លោក​អាច​ជួយ​យើង​ឲ្យ​ឈ្នះ​សង្គ្រាម​ទាំង​អស់​ដែល​យើង​ប្រហែលជា​មាន។ ព្រះ​យេហូវ៉ា​ខ្លាំងក្លា​ជាង​អ្នក​ណា​ទាំង​អស់​និង​អ្វី​ៗ​ទាំង​អស់។

ការ​លើក​ទឹក​ចិត្ត​ និង​ការ​ព្រមាន

ពេល​អេសា​ត្រឡប់​មក​ពី​ធ្វើសឹក​សង្គ្រាម​វិញ អ័សារា​បាន​មក​ជួប​គាត់។ អ្នក​ប្រកាស​ទំនាយ​នេះ​បាន​លើក​ទឹក​ចិត្ត​គាត់ ហើយ​បាន​ព្រមាន​គាត់​ដែរ​ថា​៖ ​«​បពិត្រ​ព្រះករុណា​អេសា ព្រម​ទាំង​ពួក​យូដា នឹង​ពួក​បេនយ៉ាមីន​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ចុះ កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែងរក​ទ្រង់​នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះបង់​ចោល​ទ្រង់​វិញ ទ្រង់​ក៏​នឹង​បោះបង់​ចោល​អ្នក​រាល់​គ្នា​ដែរ . . . ចូរ​ខំ​ប្រឹង​ឡើង កុំ​ឲ្យ​ដៃ​ថយ​កំឡាំង​ឡើយ ពីព្រោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​នោះ​នឹង​បាន​រង្វាន់​»។—២រប. ១៥:១, ២,

ពាក្យ​ទាំង​នេះ​អាច​ពង្រឹង​ជំនឿ​យើង។ ពាក្យ​ទាំង​នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​យើង ដរាប​ណា​យើង​បម្រើ​លោក​ដោយ​ស្មោះ​ត្រង់។ ពេល​ដែល​យើង​ស្រែក​សុំ​ជំនួយ​ពី​លោក យើង​អាច​ទុក​ចិត្ត​ថា​លោក​ឮ​អ្វី​ដែល​យើង​សុំ។ អ័សារា​បាន​និយាយ​ថា​៖ ​«​ចូរ​ខំ​ប្រឹង​»​ឬ​មាន​ចិត្ត​ក្លាហាន​ឡើង។ ជា​រឿយ​ៗ យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ​យើង​ដឹង​ថា​យើង​អាច​ធ្វើ​ដូច្នេះ​បាន ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។

ដោយ​សារ​ម្អាកា​ដែល​ជា​ជីដូន​របស់​អេសា​បាន​ធ្វើ​«​រូប​១​ដែល​គួរ​ស្អប់ខ្ពើម​ទុក​សំ​រាប់​ជា​ព្រះ​»​ អេសា​មាន​ភារកិច្ច​ដ៏​ពិបាក​មួយ​គឺ​ត្រូវ​ដក​គាត់​ចេញ​ពី​តំណែង​ជា​«​មាតា​ហ្លួង​»។ អេសា​បាន​យក​ឈ្នះ​ការ​ពិបាក​នេះ ហើយ​ក៏​បាន​ដុត​រូប​ព្រះ​នោះ​ចោល​ដែរ។ (​១ព. ១៥:១៣​) ដោយ​សារ​អេសា​មាន​ចិត្ត​ក្លាហាន ហើយ​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ នោះ​គាត់​បាន​ពរ​ពី​ព្រះ។ យើង​ក៏​ត្រូវ​បន្ត​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា និង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក​ជា​និច្ច ទោះ​ជា​សាច់​ញាតិ​របស់​យើង​ស្មោះ​ត្រង់​ឬ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ក៏​ដោយ។ បើ​យើង​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ចំពោះ​ការ​ប្រព្រឹត្ត​ស្មោះ​ត្រង់​របស់​យើង។

ពរ​មួយ​ដែល​អេសា​បាន​ទទួល​គឺ​បាន​ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​នាក់​នៅ​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង​ដែល​ក្បត់​ជំនឿ មក​នៅ​ស្រុក​យូដា​វិញ ពេល​ដែល​ពួក​គេ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់។ ពួក​គេ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ពួក​គេ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន ដើម្បី​រស់​នៅ​ក្នុង​ចំណោម​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ អេសា​និង​ជន​ជាតិ​យូដា​ទាំង​អស់​បាន​‹ព្រមព្រៀង​គ្នា​នឹង​តាំង​សេចក្ដី​សញ្ញា ឲ្យ​បាន​ខំ​ប្រឹង​ស្វែងរក​តាម​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត អស់ពី​ព្រលឹង›។ តើ​មាន​លទ្ធផល​អ្វី? ព្រះ​បាន​ឲ្យ​ពួក​គេ​«​រក​ទ្រង់​ឃើញ . . . ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​ស្រាក​ស្រាន្ត​នៅ​ព័ទ្ធ​ជុំ​វិញ​»។ (​២រប. ១៥:៩​-​១៥​) យើង​ពិត​ជា​មាន​អំណរ​ខ្លាំង​ណាស់ ពេល​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​យេហូវ៉ា!

នៅ​ក្នុង​ពាក្យ​ដែល​អ្នក​ប្រកាស​ទំនាយ​អ័សារា​និយាយ​ទៅ​កាន់​អេសា គាត់​ក៏​បាន​ព្រមាន​អេសា​យ៉ាង​ខ្លាំង​ដែរ។ គាត់​បាន​ព្រមាន​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​បោះបង់​ចោល​ទ្រង់​វិញ ទ្រង់​[​ព្រះ​យេហូវ៉ា​]​ក៏​នឹង​បោះបង់​ចោល​អ្នក​រាល់​គ្នា​ដែរ​»។ សូម​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​ចំពោះ​យើង​ឡើយ ពីព្រោះ​យើង​នឹង​ទទួល​ផល​វិបាក​ដែល​គួរ​ឲ្យ​ខ្លោច​ផ្សា​ណាស់! (​២ពេ. ២:២០​-​២២​) បទ​គម្ពីរ​មិន​ប្រាប់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​សេចក្ដី​ព្រមាន​នេះ​ដល់​អេសា​នោះ​ទេ ប៉ុន្តែ​ស្តេច​នេះ​មិន​បាន​ធ្វើ​តាម​ការ​ព្រមាន​នោះ​ឡើយ។

«​ព្រះករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់​ហើយ​»​

នៅ​ឆ្នាំ​ទី​៣៦​នៃ​រជ្ជកាល​ស្តេច​អេសា ស្តេច​ប្អាសា​នៃ​អ៊ីស្រាអែល​បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ស្រុក​យូដា។ ប្រហែលជា​ក្នុង​បំណង​រារាំង​បណ្ដា​រាស្ត្រ​របស់​លោក​កុំ​ឲ្យ​មក​បង្ហាញ​ភក្ដីភាព​ចំពោះ​អេសា​និង​ការ​គោរព​ប្រណិប័តន៍​ពិត ស្តេច​ប្អាសាបាន​ចាប់​ផ្ដើម​ពង្រឹង​កំពែង​ក្រុង​រ៉ាម៉ា​ដែល​នៅ​ព្រំ​ប្រទល់ ដែល​មាន​ចម្ងាយ​៥​ម៉ៃល៍ (​៨​គីឡូម៉ែត្រ​) ខាង​ជើង​ក្រុង​យេរូសាឡិម។ ស្តេច​អេសា​បាន​សុំ​ជំនួយ​ពី​មនុស្ស​ជា​ជាង​សុំ​ជំនួយ​ពី​ព្រះ​ដូច​គាត់​ធ្លាប់​ធ្វើ​ពី​មុន ពេល​ប្រឈម​មុខ​នឹង​ការ​វាយលុក​របស់​កង​ទ័ព​អេចូពី។ គាត់​បាន​ផ្ញើ​អំណោយ​ទៅ​ស្តេច​ស្រុក​ស៊ីរី​ដើម្បី​សុំ​ឲ្យ​ស្តេច​នោះ​វាយ​ប្រហារ​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង។ ពេល​ដែល​ស្តេច​ស៊ីរី​ចាប់​ផ្ដើម​វាយ​ប្រហារ​ពួក​អ៊ីស្រាអែល ស្តេច​ប្អាសាបាន​ដក​ទ័ព​ថយ​ពី​ក្រុង​រ៉ាម៉ា​ទៅ។—២រប. ១៦:១​-​៥

ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​អេសា​បាន​ធ្វើ​នោះ​ទេ ហើយ​លោក​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ហា​ណា​នី​ឲ្យ​ទៅ​ប្រាប់​គាត់​អំពី​រឿង​នេះ។ ដោយ​សារ​អេសា​បាន​ដឹង​អំពី​របៀប​ដែល​ព្រះ​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​អេចូពី នោះ​គាត់​គួរ​ដឹង​ថា ​«​ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែន​ដី​ទាំង​មូល ដើម្បី​នឹង​សំ​ដែង​ព្រះ​ចេស្ដា​ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»។ ប្រហែលជា​អេសា​បាន​ទទួល​យោបល់​មិន​ល្អ ឬ​គាត់​មិន​បាន​គិត​ថា​ប្អាសា​និង​កង​ទ័ព​របស់​គាត់​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​គាត់​ទេ ហើយ​គាត់​អាច​ទប់​ទល់​ដោយ​ខ្លួន​ឯង​បាន។ ទោះ​ជា​ដោយ​មូលហេតុ​ណា​ក៏​ដោយ អេសា​បាន​ទុក​ចិត្ត​លើ​មនុស្ស​ជា​ជាង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ ហា​ណា​នី​បាន​និយាយ​ថា​៖ ​«​ព្រះករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់​ហើយ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​ចេះ​តែ​មាន​ចំ​បាំង​ជា​និច្ច​»។—២រប. ១៦:៧​-​៩

ពេល​ដែល​អេសា​បាន​ឮ​ពាក្យ​ទាំង​នេះ គាត់​បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​ចាប់​ហា​ណា​នី​ដាក់​គុក។ (​២រប. ១៦:១០​) ប្រហែលជា​អេសា​បាន​គិត​ថា ‹តើ​ខ្ញុំ​សម​នឹង​ទទួល​ការ​ប្រដៅ​តម្រង់​បែប​នេះ​ឬ បន្ទាប់​ពី​ស្មោះ​ត្រង់​នឹង​ព្រះ​អស់​ច្រើន​ឆ្នាំ​ហើយ?›។ តើ​អេសា​បាត់បង់​សមត្ថភាព​ត្រិះរិះ​ពិចារណា ដោយ​សារ​ឥឡូវ​នេះ​គាត់​មាន​វ័យ​ចាស់​ឬ? គម្ពីរ​មិន​បាន​ប្រាប់​អំពី​រឿង​នេះ​ទេ។

នៅ​ឆ្នាំ​ទី​៣៩​នៃ​រជ្ជកាល​របស់​អេសា គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ជើង។ កំណត់​ហេតុ​គម្ពីរ​ប្រាប់​ថា​៖ ​«​ប៉ុន្តែ​ក្នុង​ការ​ប្រឈួន​នោះ ទ្រង់​មិន​បាន​ស្វែងរក​ព្រះ​យេហូវ៉ា​ទេ គឺ​បាន​រក​ពឹង​ដល់[​«​ពួក​អ្នក​មើល​ជំងឺ​»​]វិញ​»។ នៅ​ពេល​នោះ​អេសា​ទំនង​ជា​មិន​មាន​ចំណង​មិត្ត​ភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​ទេ។ តាម​មើល​ទៅ គាត់​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​ទី​៤១​នៃ​រជ្ជកាល​របស់​គាត់​ដោយ​នៅ​មាន​ចិត្ត​គំនិត​បែប​នោះ។—២រប. ១៦:​១២​-​១៤; ព.ថ.

ជា​ជាង​ចាំ​អំពី​កំហុស​របស់​អេសា ព្រះ​យេហូវ៉ា​ហាក់​ដូច​ជា​បាន​ចាំ​អំពី​គុណ​សម្បត្ដិ​ល្អ​ៗ និង​ចិត្ត​ខ្នះខ្នែង​របស់​គាត់​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។ អេសា​មិន​បាន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ (​១ព. ១៥:១៤​) ដូច្នេះ តើ​យើង​អាច​រៀន​អ្វី​ពី​ជីវប្រវត្ដិ​របស់​អេសា? នេះ​អាច​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​គួរ​សញ្ជឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​ជួយ​យើង​នៅ​អតីតកាល ពីព្រោះ​ការ​នឹក​ចាំ​ដ៏​មាន​តម្លៃ​ទាំង​នេះ​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​អធិដ្ឋាន​សុំ​ជំនួយ​ពី​លោក ពេល​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដែល​យើង​ទើប​នឹង​ជួប។ ក៏​ប៉ុន្តែ យើង​មិន​គួរ​គិត​ថា​យើង​មិន​ត្រូវ​ការ​ឱវាទ​ពី​បទ​គម្ពីរ ដោយ​សារ​យើង​បាន​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ​ទេ។ ទោះ​ជា​យើង​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​ប៉ុន្មាន​ឆ្នាំ​ហើយ​ក៏​ដោយ លោក​នឹង​ប្រដៅ​តម្រង់​យើង​បើ​យើង​ធ្វើ​ខុស។ យើង​ត្រូវ​ទទួល​ការ​កែ​តម្រង់​ដោយ​ចិត្ត​ស្លូតបូត ដើម្បី​ឲ្យ​យើង​អាច​ទទួល​ប្រយោជន៍។ សំខាន់​បំផុត​គឺ​បិតា​យើង​ដែល​នៅ​ស្ថាន​សួគ៌​នឹង​នៅ​ជា​មួយ​យើង ដរាប​ណា​យើង​បម្រើ​លោក​ដោយ​ស្មោះ​ត្រង់។ ភ្នែក​ព្រះ​យេហូវ៉ា​រក​មើល​នៅ​លើ​ផែនដី​ទាំង​មូល​នូវ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ស្មោះ​ត្រង់​ចំពោះ​លោក។ លោក​ឲ្យ​រង្វាន់​ពួក​គេ​ដោយ​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ជួយ​ពួក​គេ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​ចំពោះ​អេសា ហើយ​លោក​នឹង​ធ្វើ​ដូច្នេះ​ចំពោះ​យើង​ដែរ។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៩​]

ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ដល់​អ្នក​ស្មោះ​ត្រង់

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១០​]

យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ទើប​អាច​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា