លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«អ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ»

«អ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ»

«អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​នោះ​ឡើយ»

«ដូច្នេះ ចូរ​ចាំ​យាម ពីព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​នោះ​ឡើយ»។—ម៉ាថ. ២៥:១៣

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​តាម​វិធី​ណាខ្លះ​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​មិន​ដឹង​អំពី​ថ្ងៃ​ឬ​ម៉ោង​ដែល​ទី​បញ្ចប់​នឹង​មក​ដល់?

តើ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ចាំ​យាម​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ត្រៀម​ខ្លួន​សម្រាប់​ការ​មក​ដល់​របស់​គ្រិស្ត?

១​-​៣​. (ក) តើ​ស្ថានភាព​អ្វី​ខ្លះ​ដែល​លើក​បញ្ជាក់​ចំណុច​ក្នុង​ឧទាហរណ៍​ពីរ​របស់​លោក​យេស៊ូ? (ខ) តើ​យើង​ត្រូវ​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

សូម​ស្រមៃ​គិត​ថា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​សុំ​អ្នក​ជូន​គាត់​ទៅ​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ។ ក៏​ប៉ុន្តែ ពីរ​បី​នាទី​មុន​អ្នក​ចេញ​ទៅ​យក​គាត់​ទៅ​កិច្ច​ប្រជុំ​នោះ អ្នក​ដឹង​ថា​រថយន្ត​អ្នក​គ្មាន​សាំង​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ទេ។ អ្នក​ត្រូវ​ប្រញាប់​ទៅ​ទិញ​សាំង។ ពេល​អ្នក​ចេញ​ទៅ​បាត់ មន្ត្រី​នោះ​បាន​មក​ដល់។ គាត់​រក​មើល​អ្នក​តែ​រក​មិន​ឃើញ​ទេ។ គាត់​មិន​អាច​នៅ​ចាំ​បាន​ទេ ដូច្នេះ​គាត់​បាន​សុំ​អ្នក​ផ្សេង​ទៀត​ឲ្យ​ជូន​គាត់។ មិន​យូរ​ប៉ុន្មាន​អ្នក​ត្រឡប់​មក​វិញ ហើយ​ដឹង​ថា​មន្ត្រី​នោះ​បាន​ចេញ​ចោល​អ្នក។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

ឥឡូវ​សូម​ស្រមៃ​គិត​ថា​អ្នក​គឺជា​មន្ត្រី​នោះ ហើយ​អ្នក​បាន​ជ្រើស​រើស​បុរស​បី​នាក់​ដែល​មាន​សមត្ថភាព​ឲ្យ​បំពេញ​កិច្ចការ​ដ៏​សំខាន់​មួយ​ចំនួន។ អ្នក​ពន្យល់​អំពី​កិច្ចការ​នោះ ហើយ​បុរស​ទាំង​បី​នាក់​នោះ​យល់​ព្រម​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត។ ប៉ុន្តែ មួយ​រយៈ​ពេល​ក្រោយ​មក​ពេល​អ្នក​ត្រឡប់​មក​វិញ អ្នក​ដឹង​ថា​មាន​តែ​បុរស​ពីរ​នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ធ្វើ​កិច្ចការ​ដែល​អ្នក​បាន​ឲ្យ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បុរស​ដែល​មិន​បាន​ធ្វើ​កិច្ចការ​របស់​ខ្លួន​កំពុង​ដោះ​សា។ តាម​ការ​ពិត គាត់​មិន​ទាំង​បាន​ធ្វើ​ផង។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​និង​ប្រាក់​ថាលិន លោក​បាន​ប្រើ​ស្ថានភាព​ស្រដៀង​គ្នា​នេះ ដើម្បី​លើក​បញ្ជាក់​អំពី​មូលហេតុ​ដែល​គ្រិស្ត​សាសនិក​ខ្លះ​ដែល​ព្រះ​បាន​រើស​តាំង​បាន​បង្ហាញ​ថា​ពួក​គាត់​ស្មោះ​ត្រង់​និង​ចេះ​ពិចារណា ប៉ុន្តែ​ខ្ញុំ​បម្រើ​ឯ​ទៀត​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ * (ម៉ាថ. ២៥:១​-​៣០) លោក​បាន​បញ្ជាក់​ចំណុច​នេះ​ដោយ​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ចូរ​ចាំ​យាម ពីព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​នោះ​ឡើយ» ពេល​ដែល​លោក​យេស៊ូ​នឹង​សម្រេច​ការ​វិនិច្ឆ័យ​របស់​ព្រះ​មក​លើ​ពិភព​លោក​របស់​សាថាន​ក៏​ដូច​គ្នា​ដែរ។ (ម៉ាថ. ២៥:១៣) សព្វ​ថ្ងៃ​នេះ​យើង​អាច​ធ្វើ​តាម​ឱវាទ​នោះ។ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​ចាំ​យាម ដូច​លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ? តើ​អ្នក​ណា​បាន​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​រួច​ជីវិត? ហើយ​ឥឡូវ​នេះ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​នៅ​ចាំ​យាម?

ប្រយោជន៍​ដែល​មក​ពី​ការ​ចាំ​យាម

៤​. ដើម្បី​ចាំ​យាម ហេតុ​អ្វី​យើង​មិន​ចាំ​បាច់​ដឹង​ច្បាស់​ថា​ទី​បញ្ចប់​នឹង​មក​ដល់​នៅ​ពេល​ណា​នោះ​ទេ?

សកម្មភាព​ខ្លះ​ដូច​ជា ការ​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ ទៅ​ជួប​គ្រូ​ពេទ្យ ឬ​ជិះ​ឡាន​ក្រុង​តម្រូវ​ឲ្យ​យើង​គោរព​ពេល​វេលា។ ប៉ុន្តែ ក្នុង​សកម្មភាព​ផ្សេង​ទៀត​ដូច​ជា​ការ​ពន្លត់​អគ្គិភ័យ ឬ​កិច្ចការ​សង្គ្រោះ​ក្រោយ​មហន្តរាយ​ធម្មជាតិ ការ​មើល​ម៉ោង​អាច​បំបែរ​អារម្មណ៍​ឬ​អាក្រក់​ជាង​នោះ​ទៅ​ទៀត​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ក្នុង​ស្ថានភាព​បែប​នេះ ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ភ្លាមៗគឺ​សំខាន់​ជាង​ការ​គោរព​ពេល​វេលា​ទៅ​ទៀត។ កាល​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​នេះ​កាន់​តែ​ជិត​មក​ដល់ កិច្ចការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​សង្គ្រោះ​មនុស្ស​គឺ​សំខាន់​ជាង​អ្វីៗទាំង​អស់។ ដើម្បី​ចាំ​យាម ហើយ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ យើង​មិន​ចាំ​បាច់​ដឹង​ច្បាស់​ថា​ទី​បញ្ចប់​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។ តាម​ការ​ពិត​យ៉ាង​ហោច​ណាស់​មាន​វិធី​ប្រាំ​យ៉ាង​ដែល​យើង​ទទួល​ប្រយោជន៍​ពី​ការ​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​ជាក់​លាក់​ដែល​ទី​បញ្ចប់​នឹង​មក​ដល់។

៥​. តើ​តាម​របៀប​ណា​ការ​មិន​ដឹង​ថ្ងៃ​និង​ម៉ោង​ប្រហែលជា​ជួយ​យើង​ឲ្យ​បង្ហាញ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​យើង?

ទី​១ ការ​មិន​ដឹង​អំពី​ពេល​ដែល​ទី​បញ្ចប់​នឹង​មក​ដល់​ជួយ​យើង​ឲ្យ​បង្ហាញ​នូវ​អ្វី​ដែល​ពិត​ជា​មាន​នៅ​ក្នុង​ចិត្ត​យើង។ តាម​ការ​ពិត ការ​មិន​ដឹង​នូវ​ពេល​វេលា​នាំ​ឲ្យ​យើង​ទទួល​កិត្ដិយស ជួយ​យើង​ឲ្យ​ប្រើ​ចិត្ត​សេរី​ដើម្បី​បង្ហាញ​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា។ ទោះ​ជា​យើង​រង់​ចាំ​រួច​ជីវិត​ពី​ទី​បញ្ចប់​នៃ​របៀប​របប​នេះ​ក៏​ដោយ យើង​បម្រើ​ព្រះ​ពីព្រោះ​យើង​ស្រឡាញ់​លោក មិន​មែន​គ្រាន់តែ​ដើម្បី​បាន​ជីវិត​ប៉ុណ្ណោះ​ទេ។ (សូម​អាន ទំនុកតម្កើង ៣៧:៤) យើង​រីករាយ​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ហើយ​ទទួល​ស្គាល់​ថា​ព្រះ​បង្រៀន​យើង​ឲ្យ​ទទួល​ប្រយោជន៍។ (អេ. ៤៨:១៧) យើង​មិន​ចាត់​ទុក​បញ្ញត្ដិ​របស់​លោក​ជា​បន្ទុក​ធ្ងន់​នោះ​ទេ។—១យ៉ូន. ៥:៣

៦​. ពេល​យើង​បម្រើ​ព្រះ​ដោយ​សារ​យើង​ស្រឡាញ់​លោក តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​ហេតុ​អ្វី?

ទី​២ ប្រយោជន៍​ដែល​មក​ពី​ការ​ដែល​យើង​មិន​ដឹង​ថ្ងៃ​និង​ម៉ោង​គឺ​យើង​មាន​ឱកាស​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត។ ពេល​ដែល​យើង​បម្រើ​លោក​ដោយ​សារ​យើង​ស្រឡាញ់​លោក មិន​មែន​ដោយ​សារ​ទី​បញ្ចប់​ជិត​មក​ដល់​ឬ​ដោយ​សារ​យើង​ចង់​បាន​រង្វាន់​ប៉ុណ្ណោះ នោះ​យើង​ជួយ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ចំពោះ​ការ​តិះ​ដៀល​ដែល​គ្មាន​មូលដ្ឋាន​របស់​សត្រូវ​លោក​ពោល​គឺ​សាថាន។ (យ៉ូប ២:៤, ៥; សូម​អាន សុភាសិត ២៧:១១) ដោយ​ពិចារណា​អំពី​ការ​ឈឺ​ចាប់​និង​ទុក្ខ​ព្រួយ​ទាំង​អស់​ដែល​សាថាន​បាន​បណ្ដាល​ឲ្យ​មាន យើង​រីករាយ​និយាយ​ការពារ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​បដិសេធ​ការ​គ្រប់​គ្រង​ដ៏​ទុច្ចរិត​របស់​សាថាន។

៧​. ហេតុ​អ្វី​អ្នក​គិត​ថា​ការ​មាន​របៀប​រស់​នៅ​ដែល​មិន​គិត​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​គឺ​មាន​ប្រយោជន៍?

ទី​៣ ការ​បម្រើ​ព្រះ​ដោយ​មិន​ដឹង​ថា​ទី​បញ្ចប់​មក​ដល់​នៅ​ពេល​ណា នោះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​របៀប​រស់​នៅ​ដែល​មិន​គិត​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​ដែល​មិន​ស្គាល់​ព្រះ ក៏​ជឿ​ដែរ​ថា​ពិភព​លោក​នេះ​នឹង​មិន​អាច​នៅ​យូរ​ត​ទៅ​ទៀត​ទេ។ ដោយ​សារ​ភ័យ​ខ្លាច​ចំពោះ​មហន្តរាយ​ដែល​នឹង​មក​ដល់ ពួក​គេ​មាន​ទស្សនៈ​ថា «ចូរ​ឲ្យ​យើង​ស៊ី​ផឹក​ទៅ ព្រោះ​ស្អែក​យើង​ត្រូវ​ស្លាប់»។ (១កូ. ១៥:៣២) ផ្ទុយ​ទៅ​វិញ យើង​មិន​ភ័យ​ខ្លាច​ឡើយ។ យើង​មិន​ព្រម​ញែក​ខ្លួន​ឲ្យ​នៅ​ដាច់​ពី​អ្នក​ឯ​ទៀត​ដើម្បី​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ។ (សុភ. ១៨:១) ផ្ទុយ​ទៅ​វិញ យើង​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ប្រើ​ពេល​វេលា កម្លាំង​និង​ធនធាន​ឯ​ទៀត​របស់​យើង​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដល់​អ្នក​ទៀត។ (សូម​អាន ម៉ាថាយ ១៦:២៤) យើង​មាន​ចិត្ត​រីករាយ​ក្នុង​ការ​បម្រើ​ព្រះ ជា​ពិសេស​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​លោក។

៨​. តើ​គំរូ​អ្វី​ក្នុង​គម្ពីរ​បង្ហាញ​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​លោក​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង?

ទី​៤ ប្រយោជន៍​ដែល​មក​ពី​ការ​ដែល​យើង​មិន​ដឹង​ថ្ងៃ​និង​ម៉ោង នោះ​ជួយ​យើង​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង ហើយ​ព្យាយាម​អនុវត្ត​បណ្ដាំ​របស់​លោក​ក្នុង​ជីវិត​របស់​យើង។ ដោយ​សារ​យើង​មិន​ល្អ​ឥត​ខ្ចោះ យើង​មាន​ទំនោរ​ចិត្ត​ពឹង​ផ្អែក​លើ​ខ្លួន​យើង។ ប៉ូល​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​ទាំង​អស់​ថា៖ «ចូរ​ឲ្យ​អ្នក​ដែល​គិត​ថា​ខ្លួន​ឈរ ប្រយ័ត្ន​ក្រែង​លោ​ដួល»។ មិន​យូរ​ប៉ុន្មាន​មុន​យ៉ូស្វេ​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​ចូល​ស្រុក​ដែល​លោក​បាន​សន្យា នោះ​បណ្ដា​ជន​២៣.០០០​នាក់​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​ចំពោះ​ពួក​គេ។ ប៉ូល​និយាយ​ថា៖ «ការ​ទាំង​នេះ . . . បាន​ត្រូវ​កត់​ទុក​ជា​ការ​ព្រមាន​ដល់​យើង​ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​នៃ​សម័យ​នេះ»។—១កូ. ១០:៨, ១១, ១២

៩​. តើ​តាម​របៀប​ណា​ទុក្ខ​លំបាក​សម្រិតសម្រាំង​យើង ហើយ​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ?

វិធី​ទី​៥ ដែល​យើង​ទទួល​ប្រយោជន៍​ពី​ការ​ដែល​យើង​មិន​ដឹង​ថា​ទី​បញ្ចប់​មក​ដល់​នៅ​ពេល​ណា គឺ​នេះ​បើក​ឱកាស​ឲ្យ​ទុក្ខ​លំបាក​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​សម្រិតសម្រាំង​យើង។ (សូម​អាន ទំនុកតម្កើង ១១៩:៧១) គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​នេះ​គឺ​ពិត​ជា«លំបាក​ណាស់»។ (២ធី. ៣:១​-​៥) មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​សាថាន​ស្អប់​យើង ដូច្នេះ​យើង​ប្រហែលជា​ត្រូវ​គេ​បៀតបៀន​ដោយ​សារ​ជំនឿ​របស់​យើង។ (យ៉ូន. ១៥:១៩; ១៦:២) បើ​យើង​បន្ទាប​ខ្លួន ហើយ​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ​ក្នុង​អំឡុង​គ្រា​មាន​ទុក្ខ​លំបាក​បែប​នេះ ជំនឿ​របស់​យើង​នឹង​ត្រូវ​សម្រិតសម្រាំង​ឬ​ធ្វើ​ឲ្យ​បរិសុទ្ធ​ហាក់​ដូច​ជា​គេ​សម្រាំង​មាស​ក្នុង​ភ្លើង។ យើង​មិន​បោះបង់​ជំនឿ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជាង​ដែល​យើង​មិន​អាច​គិត​ស្មាន​ដល់។—យ៉ា. ១:២​-​៤; ៤:៨

១០​. តើ​អ្វី​ធ្វើ​ឲ្យ​ពេល​វេលា​មើល​ទៅ​ដូច​ជា​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស?

១០ តាម​មើល​ទៅ​ពេល​វេលា​អាច​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស​ឬ​យឺត។ កាល​ណា​យើង​ជាប់​រវល់ ហើយ​មិន​តែង​តែ​មើល​ម៉ោង នោះ​ពេល​វេលា​ហាក់​ដូច​ជា​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស។ ស្រដៀង​គ្នា​ដែរ បើ​យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​កិច្ចការ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​ធ្វើ ថ្ងៃ​និង​ម៉ោង​នោះ​ប្រហែលជា​នឹង​មក​មុន​ដែល​យើង​គិត​ទៅ​ទៀត។ ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ជា​ច្រើន​នាក់​បាន​ទុក​គំរូ​ដ៏​អស្ចារ្យ​ស្តី​អំពី​រឿង​នេះ។ សូម​យើង​ពិនិត្យ​មើល​ដោយ​សង្ខេប​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤ ហើយ​ពិចារណា​អំពី​របៀប​ដែល​បង​ប្អូន​ខ្លះ​បាន​ត្រៀម​ខ្លួន​ជា​និច្ច ខណៈ​ដែល​អ្នក​ឯ​ទៀត​មិន​បាន​ធ្វើ​ដូច្នេះ។

ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ត្រៀម​ខ្លួន​ជា​និច្ច

១១​. ក្រោយ​ឆ្នាំ​១៩១៤ ហេតុ​អ្វី​អ្នក​ខ្លះ​ដែល​ព្រះ​បាន​រើស​តាំង​សន្និដ្ឋាន​ថា​លោក​ម្ចាស់​កំពុង​បង្អែ​បង្អង់?

១១ សូម​ចាំ​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​និង​ប្រាក់​ថាលិន។ ប្រសិនបើ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ទាំង​នោះ​និង​ពួក​ខ្ញុំ​បម្រើ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​ដឹង​ថា​កូន​កំលោះ​ឬ​ម្ចាស់​នឹង​មក​នៅ​ពេល​ណា ពួក​គេ​នឹង​មិន​ចាំ​បាច់​ចាំ​យាម​ឡើយ។ ប៉ុន្តែ ពួក​គេ​មិន​បាន​ដឹង​ឡើយ ដូច្នេះ​ពួក​គេ​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច។ ទោះ​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​រំពឹង​អស់​ច្រើន​ទសវត្សរ៍​មក​ហើយ​ថា​ឆ្នាំ​១៩១៤​ជា​ឆ្នាំ​ដ៏​សំខាន់​ក្ដី ក៏​ពួក​គាត់​មិន​បាន​ដឹង​ច្បាស់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ឡើយ។ នៅ​ពេល​ដែល​អ្វីៗមិន​បាន​កើត​ឡើង​ដូច​ពួក​គាត់​រំពឹង​ទុក នេះ​អាច​មើល​ទៅ​ដូច​ជា​កូន​កំលោះ​កំពុង​បង្អែ​បង្អង់។ ក្រោយ​មក​បង​ប្រុស​ម្នាក់​បាន​ចាំ​ថា៖ «ក្នុង​ចំណោម​ពួក​យើង​មាន​បង​ប្អូន​ខ្លះ​បាន​គិត​យ៉ាង​ច្បាស់​ថា​យើង​នឹង​ទៅ​ស្ថាន​សួគ៌​នៅ​សប្ដាហ៍​ទី​១ នៅ​ខែ​តុលា [ឆ្នាំ​១៩១៤]»។

១២​. តើ​តាម​របៀប​ណា​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​បង្ហាញ​ថា​ពួក​គាត់​ស្មោះ​ត្រង់​និង​ចេះ​ពិចារណា?

១២ សូម​គិត​ថា បើ​យើង​រំពឹង​ថា​ទី​បញ្ចប់​នឹង​មក​ដល់ ហើយ​បែរ​ជា​មិន​មក​ដល់​វិញ នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​មែន! ម្យ៉ាង​ទៀត បង​ប្អូន​ជា​ច្រើន​ប្រឈម​មុខ​ការ​ប្រឆាំង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១។ ក្នុង​អំឡុង​ពេល​នោះ សកម្មភាព​ផ្សព្វ​ផ្សាយ​ស្ទើរតែ​លែង​មាន ដែល​ហាក់​ដូច​ជា​ដេក​លក់។ ប៉ុន្តែ នៅ​ឆ្នាំ​១៩១៩ ស្រាប់​តែ​មាន​គេ​ដាស់​ឲ្យ​ភ្ញាក់​ឡើង! លោក​យេស៊ូ​បាន​មក​វិហារ​របស់​ព្រះ​ក្នុង​ន័យ​ធៀប ហើយ​ពេល​ត្រួត​ពិនិត្យ​បាន​មក​ដល់។ ក៏​ប៉ុន្តែ គ្រិស្ត​សាសនិក​ខ្លះ​មិន​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ដោយ​ជោគជ័យ​ទេ ជា​លទ្ធផល​ពួក​គេ​បាន​បាត់បង់​ឯកសិទ្ធិ«រក​ស៊ី»ឲ្យ​ស្តេច​ត​ទៅ​ទៀត។ (ម៉ាថ. ២៥:១៦) ពួក​គេ​មិន​បាន​ខំ​ព្យាយាម​កាន់​ខ្ជាប់​តាម​បណ្ដាំ​របស់​ព្រះ ហើយ​គ្មាន​សកម្មពល​បរិសុទ្ធ​ដែល​ជួយ​ពួក​គេ​ឲ្យ​យល់​បណ្ដាំ​របស់​លោក​ដែល​ប្រៀប​ដូច​ជា​ប្រេង​សម្រាប់​បំភ្លឺ គឺ​ដូច​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ឥត​ប្រាជ្ញា​ដែល​មិន​បាន​បំពេញ​ប្រេង​ក្នុង​ចង្កៀង។ ដូច​ខ្ញុំ​បម្រើ​ខ្ជិល​ច្រអូស ពួក​គេ​មិន​ព្រម​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​គាំទ្រ​រាជាណាចក្រ​ទេ។ ប៉ុន្តែ អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ភាគ​ច្រើន​បាន​បង្ហាញ​ភក្ដីភាព​ដោយ​មិន​រង្គោះរង្គើ ហើយ​មាន​ចិត្ត​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​បម្រើ​ម្ចាស់​របស់​ពួក​គាត់​សូម្បី​តែ​ក្នុង​អំឡុង​ឆ្នាំ​ដ៏​ពិបាក​ដែល​មាន​សង្គ្រាម​ក៏​ដោយ។

១៣​. តើ​ក្រុម​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​មាន​ចិត្ត​គំនិត​បែប​ណា​ក្រោយ​ឆ្នាំ​១៩១៤ និង​នៅ​សព្វ​ថ្ងៃ​នេះ?

១៣ ក្រោយ​ឆ្នាំ​១៩១៤ ទស្សនាវដ្ដី​ប៉មយាម​បាន​ចែង​នូវ​ឃ្លា​ដ៏​សំខាន់​នេះ​ថា៖ «បង​ប្អូន​ទាំង​ឡាយ បង​ប្អូន​យើង​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ព្រះ មិន​ខក​ចិត្ត​សោះ​ចំពោះ​គម្រោង​និង​ការ​រៀបចំ​របស់​ព្រះ។ យើង​មិន​ចង់​ឲ្យ​បំណង​ប្រាថ្នា​របស់​យើង​បាន​សម្រេច​នោះ​ទេ ដូច្នេះ​កាល​ណា​យើង​ដឹង​ថា​យើង​បាន​រំពឹង​ខុស​នៅ​ខែ​តុលា​ឆ្នាំ​១៩១៤ យើង​សប្បាយ​ចិត្ត​ដែល​លោក​ម្ចាស់​មិន​បាន​ផ្លាស់​ប្ដូរ​គម្រោង​របស់​លោក​ដើម្បីតម្រូវ​ចិត្ត​យើង។ យើង​ក៏​មិន​ចង់​ឲ្យ​លោក​ធ្វើ​ដូច្នេះ​ដែរ។ យើង​គ្រាន់តែ​ចង់​យល់​អំពី​គម្រោង​និង​គោល​បំណង​របស់​លោក»។ ចិត្ត​គំនិត​រាប​ទាប​និង​ស្មោះ​ត្រង់​បែប​នេះ​នៅ​តែ​ជា​លក្ខណៈ​សម្គាល់​របស់​អ្នក​ដែល​លោក​ម្ចាស់​បាន​រើស​តាំង។ ពួក​គាត់​មិន​អះអាង​ថា​អ្វី​ដែល​ពួក​គាត់​សរសេរ​បាន​ត្រូវ​ដឹក​នាំ​ដោយ​ព្រះ​ឡើយ ប៉ុន្តែ​ពួក​គាត់​បាន​តាំង​ចិត្ត​ដើម្បី​ខំ​ប្រឹង«រក​ស៊ី»ឲ្យ​លោក​ម្ចាស់​នៅ​ផែនដី។ ឥឡូវ«មនុស្ស​មួយ​ក្រុម​ធំ»នៃ«ចៀម​ឯ​ទៀត»ពោល​គឺ​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី​កំពុង​ធ្វើ​តាម​គំរូ​របស់​ពួក​គាត់​ក្នុង​ការ​ចាំ​យាម​និង​ការ​មាន​ចិត្ត​ខ្នះខ្នែង។—បប. ៧:៩; យ៉ូន. ១០:១៦

យើង​ត្រៀម​ខ្លួន​ជា​និច្ច

១៤​. តើ​ការ​ធ្វើ​តាម​ការ​ណែនាំ​ដែល​មក​តាម​រយៈ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ការពារ​យើង​យ៉ាង​ដូច​ម្ដេច?

១៤ ដូច​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​នោះ សមាជិក​នៃ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ធ្វើ​តាម​ការ​ណែនាំ​ដែល​មក​តាម​រយៈ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ។ ជា​លទ្ធផល ពួក​គាត់​ក៏​បាន​កាន់​ខ្ជាប់​តាម​បណ្ដាំ​របស់​ព្រះ ហើយ​ទទួល​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​ដែរ ដែល​ប្រៀប​ដូច​ជា​បាន​បំពេញ​ប្រេង​សម្រាប់​បំភ្លឺ។ (សូម​អាន ទំនុកតម្កើង ១១៩:១៣០; យ៉ូហាន ១៦:១៣) ហេតុ​នេះ ពួក​គាត់​ក៏​បាន​ទទួល​កម្លាំង​ដើម្បី​ត្រៀម​ខ្លួន​ជា​និច្ច​ពេល​គ្រិស្ត​ត្រឡប់​មក​វិញ ហើយ​ពួក​គាត់​នៅ​តែ​មាន​សកម្មភាព ទោះ​ជា​មាន​ការ​ល្បង​ល​យ៉ាង​ខ្លាំង​ចំពោះ​ជំនឿ​របស់​ពួក​គាត់​ក៏​ដោយ។ ជា​ឧទាហរណ៍ នៅ​ជំរំ​ឃុំឃាំង​មួយ​របស់​ពួក​ណាត្ស៊ី មុន​ដំបូង​បង​ប្អូន​យើង​មាន​គម្ពីរ​តែ​មួយ​ក្បាល​ប៉ុណ្ណោះ។ ហេតុ​នេះ ពួក​គាត់​បាន​អធិដ្ឋាន​សុំ​សៀវភៅ​ថែម​ទៀត​អំពី​គម្ពីរ។ មិន​យូរ​ក្រោយ​មក ពួក​គាត់​បាន​ដឹង​ថា​បង​ប្រុស​ម្នាក់​ដែល​ទើប​នឹង​ត្រូវ​គេ​ចាប់​ដាក់​គុក បាន​យក​ទស្សនាវដ្ដី​ប៉មយាម​ថ្មីៗប៉ុន្មាន​ច្បាប់​ដោយ​លាក់​ក្នុង​ជើង​ឈើ​របស់​គាត់។ ក្នុង​ចំណោម​បង​ប្អូន​ដែល​បាន​រួច​ជីវិត​មាន​បង​ប្រុស​ម្នាក់​ឈ្មោះ​អ៊ែង វ៉ាវអឺ​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ ក្រោយ​មក​គាត់​បាន​ចាំ​ថា៖ «ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​តាម​របៀប​ដ៏​អស្ចារ្យ ឲ្យ​ទន្ទេញ​ចាំ​គំនិត​នៅ​ក្នុង​អត្ថបទ​ដែល​ពង្រឹង​កម្លាំង​យើង»។ ក្រោយ​មក​គាត់​បាន​និយាយ​ថា៖ «សព្វ​ថ្ងៃ​នេះ ដើម្បី​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ នោះ​គឺ​ងាយ​ស្រួល​ណាស់ ប៉ុន្តែ​តើ​យើង​តែង​តែ​មាន​ចិត្ត​អបអរ​ចំពោះ​សេចក្ដី​បង្រៀន​ទាំង​នោះ​ឬ​ទេ? ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​យ៉ាង​បរិបូរ​ដល់​ពួក​អ្នក​ដែល​ទុក​ចិត្ត​លោក រក្សា​ភក្ដីភាព ហើយ​បរិភោគ​ពី​តុ​របស់​លោក»។

១៥, ១៦​. តើ​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ជា​គ្រិស្ត​សាសនិក​បាន​ទទួល​រង្វាន់​យ៉ាង​ដូច​ម្ដេច ហើយ​តើ​អ្នក​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​បែប​នេះ?

១៥ ពួក​ចៀម​ឯ​ទៀត​ក៏​ជាប់​រវល់​ក្នុង​កិច្ចការ​របស់​លោក​ម្ចាស់​ដែរ ដើម្បី​គាំទ្រ​បង​ប្អូន​របស់​គ្រិស្ត​យ៉ាង​ពេញ​ទំហឹង។ (ម៉ាថ. ២៥:៤០) មិន​ដូច​ខ្ញុំ​បម្រើ​អាក្រក់​ហើយ​ខ្ជិល​ច្រអូស​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ពួក​គេ​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ហើយ​ខំ​ព្យាយាម​ចាត់ទុក​រាជាណាចក្រ​ជា​អ្វី​ដែល​សំខាន់​បំផុត។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​ចូន​និង​ម៉ាសាកូ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ជួយ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ចិន​នៅ​ប្រទេស​កេនយ៉ា មុន​ដំបូង​ពួក​គាត់​មាន​ចិត្ត​ស្ទាក់​ស្ទើរ។ ប៉ុន្តែ ក្រោយ​ពី​បាន​ពិចារណា​អំពី​ស្ថានភាព​របស់​ពួក​គាត់ ហើយ​អធិដ្ឋាន​យ៉ាង​អស់ពី​ចិត្ត ពួក​គាត់​បាន​សម្រេច​ចិត្ត​រើ​ទៅ​នៅ​ប្រទេស​នោះ។

១៦ ពួក​គាត់​បាន​ទទួល​រង្វាន់​យ៉ាង​ច្រើន​ចំពោះ​ការ​ខំ​ប្រឹង​នេះ។ ពួក​គាត់​បាន​និយាយ​ថា៖ «កិច្ច​បម្រើ​ផ្សាយ​នៅ​ទី​នេះ​គឺ​អស្ចារ្យ​ណាស់»។ ពួក​គាត់​បាន​ចាប់​ផ្ដើម​បង្រៀន​សិស្ស​គម្ពីរ​៧​នាក់។ ពួក​គាត់​មាន​បទ​ពិសោធន៍​ជា​ច្រើន​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត។ ពួក​គាត់​បាន​និយាយ​ថែម​ទៀត​ថា៖ «យើង​អរគុណ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ ដែល​បាន​អនុញ្ញាត​ឲ្យ​យើង​មក​ទី​នេះ»។ មាន​បង​ប្អូន​ប្រុស​ស្រី​ជា​ច្រើន​នាក់​បាន​សម្រេច​ចិត្ត ហើយ​តាំង​ចិត្ត​ជាប់​រវល់​ជា​និច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ ទោះ​ជា​ទី​បញ្ចប់​មក​ដល់​នៅ​ពេល​ណា​ក៏​ដោយ។ សូម​គិត​អំពី​បង​ប្អូន​រាប់​ពាន់​នាក់​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​គី​លាត ហើយ​បាន​បម្រើ​ជា​សាសនទូត។ សូម​ពិចារណា​អំពី​កិច្ច​បម្រើ​ពិសេស​នោះ​ដោយ​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «យើង​ខំ​អស់ពី​សមត្ថភាព​របស់​យើង!» (We Do the Best We Can!) ពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០១។ ពេល​អ្នក​ពិនិត្យ​មើល​កំណត់​ហេតុ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ស្តី​អំពី​រយៈ​ពេល​មួយ​ថ្ងៃ​ក្នុង​កិច្ចការ​របស់​សាសនទូត សូម​គិត​អំពី​របៀប​ដែល​អ្នក​ប្រហែលជា​អាច​បង្កើន​កិច្ច​បម្រើ​របស់​អ្នក​ដើម្បី​សរសើរ​តម្កើង​ព្រះ ហើយ​ជា​លទ្ធផល​នេះ​នាំ​ឲ្យ​អ្នក​ទទួល​អំណរ។

អ្នក​រាល់​គ្នា​ក៏​ត្រូវ​ចាំ​យាម​ដែរ

១៧​. តើ​ការ​មិន​ដឹង​អំពី​ថ្ងៃ​ឬ​ម៉ោង​នាំ​ឲ្យ​យើង​ទទួល​ពរ​យ៉ាង​ដូច​ម្ដេច?

១៧ ការ​ដែល​យើង​មិន​ដឹង​ថា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់​នៅ​ថ្ងៃ​ណា​ឬ​ម៉ោង​ណា នោះ​ច្បាស់​ជា​ពរ​មួយ​សម្រាប់​យើង។ ជា​ជាង​មួម៉ៅ​ឬ​ខក​ចិត្ត នេះ​ជួយ​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ពេល​ដែល​យើង​ជាប់​រវល់​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ ការ​ដែល​យើង​នៅ​តែ​ចាប់​កាន់​នង្គ័ល ហើយ​ជៀស​ចេញ​ពី​អ្វី​ដែល​អាច​បំបែរ​អារម្មណ៍​យើង បាន​នាំ​ឲ្យ​យើង​មាន​អំណរ​ដ៏​បរិបូរ​ក្នុង​កិច្ច​បម្រើ​លោក​ម្ចាស់​របស់​យើង។—លូក. ៩:៦២

១៨​. ហេតុ​អ្វី​យើង​មិន​ចង់​លះ​បង់​ជំនឿ​របស់​យើង?

១៨ យើង​ចូល​កាន់​តែ​ជិត​ថ្ងៃ​វិនិច្ឆ័យ​របស់​ព្រះ​ហើយ។ គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ឬ​លោក​យេស៊ូ​ខក​ចិត្ត​នោះ​ទេ។ លោក​ទាំង​ពីរ​បាន​ប្រគល់​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​ក្នុង​កិច្ច​បម្រើ​ដល់​យើង​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ យើង​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែល​បាន​ទុក​ចិត្ត​យើង!—សូម​អាន ធីម៉ូថេទី១ ១:១២

១៩​. តើ​យើង​អាច​ត្រៀម​ខ្លួន​ជា​និច្ច​យ៉ាង​ដូច​ម្ដេច?

១៩ ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​សួន​ឧទ្យាន​នៅ​លើ​ផែនដី​ក្ដី ចូរ​យើង​តាំង​ចិត្ត​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ភារកិច្ច​ដែល​ព្រះ​ប្រគល់​ឲ្យ​យើង គឺ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ យើង​នៅ​តែ​មិន​ដឹង​ច្បាស់​អំពី​ថ្ងៃ​ឬ​ម៉ោង​ដែល​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់ ហើយ​តើ​យើង​ពិត​ជា​ត្រូវ​ដឹង​ឬ​ទេ? យើង​អាច​ត្រៀម​ខ្លួន​ជា​និច្ច ហើយ​នឹង​បន្ត​ធ្វើ​ដូច្នេះ។ (ម៉ាថ. ២៤:៣៦, ៤៤) យើង​មាន​ទំនុក​ចិត្ត​ថា​ដរាប​ណា​យើង​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ចាត់​ទុក​រាជាណាចក្រ​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត យើង​នឹង​មិន​ខក​ចិត្ត​ឡើយ។—រ៉ូម ១០:១១

[កំណត់​សម្គាល់]

[សំណួរ​សម្រាប់​វគ្គ​នីមួយៗ]

[រូបភាព​នៅ​ទំព័រ​២៦]

ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក៏​ដោយ ចូរ​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ

[រូបភាព​នៅ​ទំព័រ​២៧]

ពេល​វេលា​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស​កាល​ណា​យើង ផ្ដោត​អារម្មណ៍​ទៅ​លើ​សកម្មភាព​ជា​គ្រិស្ត​សាសនិក