លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សាលាកិច្ចបម្រើ ភ័ស្ដុតាងដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា

សាលាកិច្ចបម្រើ ភ័ស្ដុតាងដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា

សាលា​កិច្ច​បម្រើ ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា

ព្រះ​យេហូវ៉ា​ជា«អ្នក​បង្ហាត់​បង្រៀន​ដ៏​ឧត្តម»របស់​យើង។ (អេ. ៣០:២០; ព.ថ.) សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​លោក​ឲ្យ​អប់រំ​និង​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បាន​ជំរុញ​ព្រះ​យេហូវ៉ា​ឲ្យ​បង្ហាញ​លោក​យេស៊ូ​នូវ«អ្វីៗទាំង​អស់​ដែល​លោក​ធ្វើ»។ (យ៉ូន. ៥:២០) សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ដែល​ជា​សាក្សី​របស់​លោក​ជំរុញ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង​និយាយ​ដូច«អ្នក​ដែល​បាន​រៀន​សូត្រ​ហើយ» កាល​ដែល​យើង​ខំ​ប្រឹង​លើក​កិត្ដិយស​លោក ហើយ​ជួយ​អ្នក​ឯ​ទៀត។—អេ. ៥០:៤

ដោយ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ គណៈកម្មាធិការ​ខាង​ការ​បង្រៀន​នៃ​គណៈ​អភិបាល​ប្រើ​សាលា​កិច្ច​បម្រើ​១០ ដើម្បី​បង្ហាត់​បង្រៀន​ពួក​អ្នក​ដែល​មាន​បំណង​និង​មាន​លទ្ធភាព​ចុះ​ឈ្មោះ​ចូល​សាលា​នោះ។ តើ​អ្នក​ចាត់​ទុក​សាលា​ទាំង​នោះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?

សូម​ពិនិត្យ​មើល​ត្រួសៗអំពី​សាលា​កិច្ច​បម្រើ​ផ្សេងៗដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​និង​យោបល់​របស់​បង​ប្អូន​ខ្លះ​ដែល​បាន​ចូល​រៀន​សាលា​ទាំង​នោះ។ បន្ទាប់​មក​សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ដែល​មក​ពី​ព្រះ?›។

ប្រយោជន៍​ដែល​បាន​មក​ពី​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ

ព្រះ​យេហូវ៉ា​ដែល​ជា«ព្រះ​នៃ​សេចក្ដី​ស្រឡាញ់»ផ្ដល់​ការ​បង្ហាត់​បង្រៀន​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ ត្រៀម​លក្ខណៈ​ឲ្យ​យើង​ដើម្បី​យក​ឈ្នះ​ការ​ពិបាក​ផ្សេងៗ ហើយ​ជួយ​យើង​ឲ្យ​មាន​អំណរ​ខ្លាំង​ក្រៃ​លែង​ក្នុង​កិច្ច​បម្រើ​របស់​យើង។ (២កូ. ១៣:១១) ដូច​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សតវត្សរ៍​ទី​១ យើង​មាន​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ឯ​ទៀត និង«បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វីៗទាំង​អស់»ដែល​លោក​បាន​បង្គាប់​យើង។—ម៉ាថ. ២៨:២០

ទោះ​ជា​យើង​មិន​អាច​ចូល​រៀន​នៅ​សាលា​ទាំង​អស់​បាន​ក៏​ដោយ យើង​អាច​ទទួល​ប្រយោជន៍​ពី​សាលា​មួយ​ឬ​ច្រើន​ជាង។ យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដែល​យើង​ទទួល។ យើង​ក៏​អាច​បង្កើន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ ដោយ​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​យ៉ាង​ល្អ។

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ស្ថានភាព​របស់​ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ខំ​ព្យាយាម​ដើម្បី​ចូល​រៀន​នៅ​សាលា​ណា​មួយ​ក្នុង​ចំណោម​សាលា​ទាំង​នេះ​ឬ​ទេ?›។

ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ចាត់​ទុក​ការ​គាំទ្រ​និង​ការ​ចូល​រៀន​នៅ​សាលា​ដ៏​មាន​ប្រយោជន៍​ទាំង​នោះ​ជា​ឯកសិទ្ធិ​មួយ។ សូម​ឲ្យ​ការ​បង្ហាត់​បង្រៀន​ដែល​អ្នក​បាន​ទទួល ជួយ​អ្នក​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​ជាង ហើយ​ជួយ​អ្នក​ឲ្យ​មាន​សមត្ថភាព​ដើម្បី​បំពេញ​ភារកិច្ច​របស់​អ្នក​ចំពោះ​លោក ជា​ពិសេស​ភារកិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​បន្ទាន់។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​១៣​-​១៧]

ការ​ពិនិត្យ​មើល​ត្រួសៗ​អំពី​សាលា​កិច្ច​បម្រើ​ផ្សេងៗ

សាលា​កិច្ច​បម្រើ​ផ្សាយ

គោល​បំណង: ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​អំពី​ដំណឹង​ល្អ។

រយៈ​ពេល: មាន​ជា​បន្ត។

ទី​កន្លែង: សាល​ប្រជុំ​នៅ​ក្នុង​តំបន់។

ល័ក្ខខ័ណ្ឌ​សម្រាប់​ចូល​សាលា: អស់​អ្នក​ដែល​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ក្រុម​ជំនុំ យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ និង​ដែល​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​គោលការណ៍​គ្រិស្ត​សាសនិក។

របៀប​ចុះ​ឈ្មោះ: អ្នក​ត្រួត​ពិនិត្យ​សាលា​កិច្ច​បម្រើ​ផ្សាយ​ចុះ​ឈ្មោះ​សិស្ស។

សារ៉ុន​ដែល​មិន​អាច​កម្រើក​បាន​ដោយ​សារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ម្យ៉ាង (amyotrophic lateral sclerosis) និយាយ​ថា៖ «សាលា​កិច្ច​បម្រើ​ផ្សាយ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ធ្វើ​ការ​ស្រាវជ្រាវ​ហើយ​ឲ្យ​ចេះ​ផ្ដល់​ព័ត៌មាន​យ៉ាង​សម​ហេតុ​ផល។ ខ្ញុំ​ក៏​បាន​រៀន​ផ្ដោត​អារម្មណ៍​មិន​មែន​ទៅ​លើ​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ»។

អារ​នី​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ជា​យូរ​ឆ្នាំ​មាន​យោបល់​ថា៖ «ពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​បាន​ចាប់​ផ្ដើម​និយាយ​ត្រដិត​ឬ​និយាយ​ជាប់ៗអណ្ដាត ហើយ​ពិបាក​មើល​ចំ​មុខ​អ្នក​ឯ​ទៀត។ សាលា​នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​ទំនុក​ចិត្ត ហើយ​ឲ្យ​តម្លៃ​លើ​ខ្លួន​ច្រើន​ជាង។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​បង្ហាត់​បង្រៀន​នេះ ខ្ញុំ​បាន​រៀន​របៀប​គ្រប់​គ្រង​ដង្ហើម​និង​របៀប​ផ្ចង់​អារម្មណ៍។ ខ្ញុំ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដោយ​សារ​ខ្ញុំ​មាន​សមត្ថភាព​សរសើរ​លោក ក្នុង​ក្រុម​ជំនុំ និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្ញុំ»។

សាលា​បេតអែល​សម្រាប់​សមាជិក​ថ្មី

គោល​បំណង: សាលា​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ថ្មី​ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​គាត់​នៅ​បេតអែល​ដោយ​ជោគជ័យ។

រយៈ​ពេល: ១៦​សប្ដាហ៍ ក្នុង​មួយ​សប្ដាហ៍​៤៥​នាទី។

ទី​កន្លែង: បេតអែល។

ល័ក្ខខ័ណ្ឌ​សម្រាប់​ចូល​សាលា: តូវ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​គ្រួសារ​បេតអែល ឬ​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​បណ្ដោះ​អាសន្ន​ដែល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​បម្រើ​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​ឬ​យូរ​ជាង។

របៀប​ចុះ​ឈ្មោះ: សមាជិក​ថ្មី​នៃ​ក្រុម​គ្រួសារ​បេតអែល​អាច​ចូល​សាលា​នេះ​ជា​ស្វ័យប្រវត្ដិ។

ដេមេទ្រាស​ដែល​បាន​ចូល​រៀន​នៅ​សាលា​នេះ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០​និយាយ​ថា៖ «សាលា​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទម្លាប់​សិក្សា​កាន់​តែ​ប្រសើរ​ឡើង ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​បម្រើ​នៅ​បេតអែល​ឲ្យ​បាន​យូរ​អង្វែង។ អ្នក​បង្ហាត់​បង្រៀន កម្មវិធី​សិក្សា និង​ឱវាទ​ដ៏​មាន​ប្រយោជន៍ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្ញុំ ហើយ​លោក​ចង់​ឲ្យ​ខ្ញុំ​បាន​ជោគជ័យ​ក្នុង​កិច្ច​បម្រើ​របស់​ខ្ញុំ​នៅ​បេតអែល»។

ខេតលីន​មាន​យោបល់​ថា៖ «សាលា​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត ពោល​គឺ​ធ្វើ​ជា​មនុស្ស​ដែល​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ។ សាលា​សម្រាប់​សមាជិក​ថ្មី​បាន​បង្កើន​ចិត្ត​ដឹង​គុណ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា ចំពោះ​ផ្ទះ​របស់​លោក និង​អង្គការ​របស់​លោក»។

សាលា​កិច្ច​បម្រើ​រាជាណាចក្រ

គោល​បំណង: ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ អ្នក​ចាស់​ទុំ ហើយ​ជួនកាល​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ឲ្យ​បំពេញ​ភារកិច្ច​របស់​គាត់​ជា​អ្នក​ត្រួត​ពិនិត្យ និង​ភារកិច្ច​ផ្សេងៗក្នុង​អង្គការ​របស់​ព្រះ។ (សកម្ម. ២០:២៨) ស្ថានភាព និន្នាការ និង​សេចក្ដី​ត្រូវ​ការ​សព្វ​ថ្ងៃ​នេះ​ក្នុង​ក្រុម​ជំនុំ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា។ សាលា​នេះ​នឹង​ធ្វើ​ឡើង​ពីរ​បី​ឆ្នាំ​ម្ដង​តាម​ការ​សម្រេច​របស់​គណៈ​អភិបាល។

រយៈ​ពេល: នៅ​ពេល​ថ្មីៗនេះ សាលា​នេះ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ទៅ​ពីរ​ថ្ងៃ​កន្លះ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ មួយ​ថ្ងៃ​កន្លះ​សម្រាប់​អ្នក​ចាស់​ទុំ ហើយ​មួយ​ថ្ងៃ​សម្រាប់​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

ទី​កន្លែង: ជា​ធម្មតា​នៅ​សាល​ប្រជុំ​ឬ​នៅ​សាល​សន្និបាត។

ល័ក្ខខ័ណ្ឌ​សម្រាប់​ចូល​សាលា: ត្រូវ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ អ្នក​ចាស់​ទុំ ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

របៀប​ចុះ​ឈ្មោះ: អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ទទួល​សេចក្ដី​អញ្ជើញ​ពី​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ ការិយាល័យ​សាខា​អញ្ជើញ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។

ឃ្វិន (ខាង​ស្ដាំ) បាន​និយាយ​ថា៖ «ទោះ​ជា​សាលា​នេះ​ពិភាក្សា​ព័ត៌មាន​ជា​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ​សាលា​នេះ​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​រក្សា​អំណរ ហើយ​ឲ្យ‹ប្រព្រឹត្ត​ដូច​បុរស›ក្នុង​កិច្ច​បម្រើ​របស់​ព្រះ​យេហូវ៉ា។ អ្នក​ចាស់​ទុំ​ថ្មី​និង​អ្នក​ចាស់​ទុំ​ដែល​បម្រើ​យូរ​ឆ្នាំ​ហើយ រៀន​អំពី​របៀប​ទៅ​លេង​លើក​ទឹក​ចិត្ត​និង​ពង្រឹង​ជំនឿ​បង​ប្អូន​ដោយ​មាន​ប្រសិទ្ធភាព ហើយ​មាន​គំនិត​ឯកភាព​ដោយ‹មាន​របៀប​គិត​គូរ​តែ​មួយ›»។

ម៉ៃឃើល​បាន​ស្រដី​ថា៖ «ការ​បង្ហាត់​បង្រៀន​នេះ​បាន​ជួយ​យើង​ឲ្យ​សម្រេច​គោលដៅ​យ៉ាង​ល្អ​ប្រសើរ​បី​យ៉ាង​គឺ យល់​តម្លៃ​អំពី​អ្វីៗដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ ព្រមាន​យើង​អំពី​គ្រោះ​ថ្នាក់​និង​ផ្ដល់​យោបល់​ល្អៗសម្រាប់​ថែ​រក្សា​ហ្វូង​ចៀម​របស់​ព្រះ។ ព្រះ​យេហូវ៉ា​ពិត​ជា​ជួយ​យើង​ដោយ​សប្បុរស​មែន!»។

សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ

គោល​បំណង: ដើម្បី​ជួយ​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឲ្យ‹បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ​គ្រប់​ជំពូក›។—២ធី. ៤:៥

រយៈ​ពេល: ពីរ​សប្ដាហ៍។

ទី​កន្លែង: តាម​ការ​សម្រេច​របស់​ការិយាល័យ​សាខា ធម្មតា​ធ្វើ​នៅ​សាល​ប្រជុំ។

ល័ក្ខខ័ណ្ឌ​សម្រាប់​ចូល​សាលា: ត្រូវ​តែ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ឬ​យូរ​ជាង។ *

របៀប​ចុះ​ឈ្មោះ: អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្ដិ ហើយ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​នឹង​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង។

លី​លី (ខាង​ស្ដាំ) បាន​និយាយ​ថា៖ «សាលា​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​នូវ​ការ​ពិបាក​ផ្សេងៗក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​ក្នុង​ជីវិត​របស់​ខ្ញុំ។ របៀប​ដែល​ខ្ញុំ​រៀន បង្រៀន និង​ប្រើ​គម្ពីរ​គឺ​បាន​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់។ ខ្ញុំ​ត្រៀម​លក្ខណៈ​បាន​ប្រសើរ​ជាង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត គាំទ្រ​អ្នក​ចាស់​ទុំ ហើយ​ជួយ​ក្រុម​ជំនុំ​ឲ្យ​រីក​ចម្រើន»។

ប្រេនដឺ​ដែល​បាន​ចូល​រៀន​នៅ​សាលា​នេះ​ពីរ​ដង​ហើយ កត់​សម្គាល់​ថា៖ «សាលា​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រមូល​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​របស់​ខ្ញុំ ពង្រឹង​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្ញុំ ហើយ​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ជួយ​អ្នក​ឯ​ទៀត។ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ចិត្ត​ទូលាយ​មែន!»។

[កំណត់​សម្គាល់]

^ វគ្គ 40 ប្រសិនបើ​មិន​មាន​អ្នក​ត្រួស​ត្រាយ​ថ្មី​គ្រប់​គ្រាន់​ដើម្បី​ចូល​រៀន​សាលា​នោះ អ្នក​ត្រួស​ត្រាយ​ខ្លះ​ដែល​មិន​បាន​ចូល​សាលា​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ហើយ ប្រហែលជា​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ម្ដង​ទៀត។

សាលា​សម្រាប់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ

គោល​បំណង: ដើម្បី​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​បំពេញ​ភារកិច្ច​របស់​ពួក​គាត់​ក្នុង​ក្រុម​ជំនុំ ហើយ​យល់​កាន់​តែ​ច្បាស់​ជាង​អំពី​តម្រូវ​ការ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

រយៈ​ពេល: ប្រាំ​ថ្ងៃ។

ទី​កន្លែង: តាម​ការ​សម្រេច​របស់​ការិយាល័យ​សាខា ជា​ធម្មតា​នៅ​សាល​ប្រជុំ ឬ​សាល​សន្និបាត។

ល័ក្ខខ័ណ្ឌ​សម្រាប់​ចូល​សាលា: ត្រូវ​ជា​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​តែង​តាំង។

របៀប​ចុះ​ឈ្មោះ: ការិយាល័យ​សាខា​អញ្ជើញ​អ្នក​ចាស់​ទុំ។

សូម​កត់​សម្គាល់​នូវ​យោបល់​របស់​បង​ប្អូន​ខ្លះ​ដែល​បាន​ចូល​រៀន​នៅ​សាលា​ជំនាន់​ទី​៩២​នៅ​សហរដ្ឋអាម៉េរិក:

«ខ្ញុំ​បាន​ទទួល​ប្រយោជន៍​ច្រើន​ណាស់​ពី​សាលា​នេះ។ សាលា​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ពិចារណា​អំពី​ខ្លួន​ខ្ញុំ ហើយ​ដឹង​នូវ​របៀប​ថែ​រក្សា​ចៀម​របស់​ព្រះ​យេហូវ៉ា»។

«ខ្ញុំ​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​ទាំង​អស់​កាន់​តែ​ខ្លាំង​ឡើង ដោយ​លើក​បញ្ជាក់​ចំណុច​សំខាន់ៗក្នុង​បទ​គម្ពីរ»។

«ខ្ញុំ​នឹង​ប្រើ​អ្វីៗដែល​ខ្ញុំ​បាន​រៀន​ពី​សាលា​នេះ​អស់​មួយ​ជីវិត​របស់​ខ្ញុំ»។

សាលា​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​ភរិយា

គោល​បំណង: ដើម្បី​ជួយ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​និង​អ្នក​ត្រួត​ពិនិត្យ​តំបន់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើ​ក្រុម​ជំនុំ កាល​ដែល​ពួក​គាត់«ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​និយាយ​និង​ការ​បង្រៀន»។—១ធី. ៥:១៧; ១ពេ. ៥:២, ៣

រយៈ​ពេល: ពីរ​ខែ។

ទី​កន្លែង: សម្រេច​ដោយ​ការិយាល័យ​សាខា។

ល័ក្ខខ័ណ្ឌ​សម្រាប់​ចូល​សាលា: បង​ប្រុស​ត្រូវ​ជា​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​និង​អ្នក​ត្រួត​ពិនិត្យ​តំបន់។

របៀប​ចុះ​ឈ្មោះ: ការិយាល័យ​សាខា​អញ្ជើញ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​ភរិយា​របស់​ពួក​គាត់។

ជោអែល​ដែល​បាន​ចូល​រៀន​នៅ​សាលា​ជំនាន់​ទី​១​នៅ​ឆ្នាំ​១៩៩៩ បាន​និយាយ​ថា៖ «យើង​គោរព​ប្រមុខ​ភាព​របស់​លោក​យេស៊ូ​លើ​អង្គការ​របស់​ព្រះ​កាន់​តែ​ខ្លាំង​ឡើង។ យើង​បាន​ដឹង​ថា​យើង​ត្រូវ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​យើង​បម្រើ ហើយ​ពង្រឹង​សាមគ្គី​ភាព​នៅ​ក្នុង​ក្រុម​ជំនុំ​នីមួយៗ។ កម្មវិធី​សាលា​នេះ​ធ្វើ​ឲ្យ​យើង​ចាំ​ចំណុច​មួយ​មិន​ភ្លេច ពោល​គឺ​ទោះ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ផ្ដល់​ឱវាទ​និង​ជួនកាល​កែ​តម្រង់​ក៏​ដោយ តែ​គោលដៅ​សំខាន់​ចម្បង​របស់​គាត់​គឺ​ជួយ​បង​ប្អូន​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គាត់»។

សាលា​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​នៅ​លីវ​ខាង​គម្ពីរ

គោល​បំណង: ដើម្បី​ជួយ​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​មិន​ទាន់​រៀប​ការ​ឲ្យ​ទទួល​ភារកិច្ច​ថែម​ទៀត​នៅ​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា។ បង​ប្រុស​ភាគ​ច្រើន​ដែល​បាន​រៀន​ចប់​សាលា​នោះ​នឹង​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ប្រទេស​របស់​ខ្លួន នៅ​កន្លែង​ណា​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ បង​ប្រុស​ខ្លះ​ទៀត​ប្រហែលជា​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​ប្រទេស​មួយ​ទៀត បើ​ពួក​គាត់​ប្រាប់​ការិយាល័យ​សាខា​ថា​ពួក​គាត់​អាច​ទៅ​បម្រើ​នៅ​ប្រទេស​ផ្សេង​ទៀត​បាន។ បង​ប្រុស​ខ្លះ​ដែល​បាន​រៀន​ចប់​នៅ​សាលា​នេះ​ប្រហែលជា​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​បណ្ដោះ​អាសន្ន ដើម្បី​ចាប់​ផ្ដើម​និង​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល។

រយៈ​ពេល: ពីរ​ខែ។

ទី​កន្លែង: សម្រេច​ដោយ​ការិយាល័យ​សាខា ជា​ធម្មតា​នៅ​សាល​ប្រជុំ ឬ​សាល​សន្និបាត។

ល័ក្ខខ័ណ្ឌ​សម្រាប់​ចូល​សាលា: ជា​បង​ប្រុស​នៅ​លីវ មាន​អាយុ​រវាង​២៣​ឆ្នាំ​និង​៦២​ឆ្នាំ ហើយ​មាន​សុខភាព​ល្អ​ដែល​ចង់​បម្រើ​នៅ​កន្លែង​ណា​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ (ម៉ាក. ១០:២៩, ៣០) ពួក​គេ​ត្រូវ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​យ៉ាង​តិច​ពីរ​ឆ្នាំ ហើយ​បម្រើ​ជា​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​យ៉ាង​តិច​បំផុត​ពីរ​ឆ្នាំ​ជាប់​គ្នា។

របៀប​ចុះ​ឈ្មោះ: មាន​កិច្ច​ប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​នៅ​សន្និបាត​ប្រចាំ​មណ្ឌល ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​ដែល​ចង់​ចុះ​ឈ្មោះ​ចូល​សាលា​នេះ។

រិក​ដែល​បាន​ចូល​រៀន​នៅ​សាលា​ជំនាន់​ទី​២៣​នៅ​សហរដ្ឋអាម៉េរិក​និយាយ​ថា៖ «ការ​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​សាលា​នេះ​អនុញ្ញាត​ឲ្យ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​កែប្រែ​ខ្ញុំ​យ៉ាង​ខ្លាំង។ ពេល​ព្រះ​យេហូវ៉ា​ប្រគល់​ភារកិច្ច​ណា​មួយ លោក​គាំទ្រ​អ្នក​ឲ្យ​បំពេញ​ភារកិច្ច​នោះ។ ខ្ញុំ​បាន​ដឹង​ថា បើ​ខ្ញុំ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា មិន​មែន​ទៅ​លើ​ខ្លួន​ខ្ញុំ​ទេ នោះ​លោក​នឹង​ពង្រឹង​កម្លាំង​ខ្ញុំ»។

អន​ទ្រាស​ដែល​បាន​បម្រើ​នៅ​ប្រទេស​អាឡឺម៉ង់​បាន​កត់​សម្គាល់​ថា៖ «ខ្ញុំ​បាន​រៀន​យល់​ថា​របៀប​ដែល​អង្គការ​របស់​ព្រះ​ដំណើរ​ការ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ដូច​ជា​អព្ភូតហេតុ​មួយ។ ការ​បង្ហាត់​បង្រៀន​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​បំពេញ​កិច្ចការ​ដែល​នៅ​ខាង​មុខ។ គំរូ​ជា​ច្រើន​ក្នុង​គម្ពីរ​ក៏​បាន​បង្រៀន​ខ្ញុំ​អំពី​សេចក្ដី​ពិត​ដ៏​សំខាន់​គឺ ការ​បម្រើ​បង​ប្អូន​ខ្ញុំ និង​ការ​បម្រើ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ទទួល​សុភមង្គល​ពិត​ប្រាកដ»។

សាលា​បង្ហាត់​បង្រៀន​ប្ដី​ប្រពន្ធ​ខាង​គម្ពីរ

គោល​បំណង: ដើម្បី​ឲ្យ​អ្នក​ដែល​រៀប​ការ​ហើយ​ទទួល​បាន​នូវ​ការ​បង្ហាត់​បង្រៀន​ជំនាញ​ពិសេស ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​ប្រើ​ពួក​គាត់​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ បង​ប្អូន​ភាគ​ច្រើន​ដែល​រៀន​ចប់​នៅ​សាលា​នេះ​នឹង​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង​នៅ​ប្រទេស​របស់​ខ្លួន។ អ្នក​ខ្លះ​ប្រហែលជា​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ប្រទេស​មួយ​ទៀត ពួក​គាត់​ប្រាប់​ការិយាល័យ​សាខា​ថា​ពួក​គាត់​អាច​ទៅ​បម្រើ​នៅ​ប្រទេស​ផ្សេង​ទៀត​បាន។ អ្នក​ដែល​រៀន​ចប់​សាលា​ប្រហែលជា​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​បណ្ដោះ​អាសន្ន ដើម្បី​ចាប់​ផ្ដើម​និង​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល។

រយៈ​ពេល: ពីរ​ខែ។

ទី​កន្លែង: សាលា​នេះ​ត្រូវ​ធ្វើ​នៅ​សហរដ្ឋអាម៉េរិក។ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ សាលា​នេះ​ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក​ក្នុង​តំបន់​របស់​ការិយាល័យ​សាខា​ខ្លះ ជា​ធម្មតា​ធ្វើ​នៅ​សាល​ប្រជុំ​ឬ​សាល​សន្និបាត។

ល័ក្ខខ័ណ្ឌ​សម្រាប់​ចូល​សាលា: ប្ដី​ប្រពន្ធ​មាន​អាយុ​រវាង​២៥​ឆ្នាំ​និង​៥០​ឆ្នាំ ដែល​មាន​សុខភាព​ល្អ មាន​លទ្ធភាព​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង ហើយ​ដែល​មាន​ចិត្ត​គំនិត​នេះ: «ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ»។ (អេ. ៦:៨) ពួក​គាត់​ត្រូវ​រៀប​ការ​យ៉ាង​ហោច​ណាស់​ពីរ​ឆ្នាំ ហើយ​កំពុង​បម្រើ​ពេញ​ពេល​យ៉ាង​តិច​ណាស់​ពីរ​ឆ្នាំ​ជាប់​គ្នា។ ប្ដី​ត្រូវ​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​យ៉ាង​តិច​ពីរ​ឆ្នាំ​ជាប់​គ្នា។

របៀប​ចុះ​ឈ្មោះ: មាន​កិច្ច​ប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​នៅ​មហាសន្និបាត​ប្រចាំ​តំបន់ ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​ដែល​ចង់​ចុះ​ឈ្មោះ​ចូល​សាលា​នេះ។ ប្រសិនបើ​គ្មាន​កិច្ច​ប្រជុំ​នៅ​មហាសន្និបាត​នៅ​ប្រទេស​របស់​អ្នក​ទេ ហើយ​អ្នក​ចង់​ចុះ​ឈ្មោះ​ចូល​សាលា​នេះ អ្នក​អាច​សរសេរ​សំបុត្រ​ទៅ​ការិយាល័យ​សាខា​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម។

អេរិក​និង​កូរីណា (ខាង​ស្ដាំ) ដែល​បាន​ចូល​រៀន​នៅ​សាលា​ជំនាន់​ទី​១​នៅ​ឆ្នាំ​២០១១ បាន​និយាយ​ថា៖ «អ្វី​ដែល​យើង​បាន​រៀន​ក្នុង​រយៈ​ពេល​៨​សប្ដាហ៍​នេះ​ពិត​ជា​បាន​ផ្លាស់​ប្ដូរជីវិត​របស់​យើង ហើយ​ផ្ដល់​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ប្ដី​ប្រពន្ធ​ដែល​ចង់​បង្កើន​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា! យើង​តាំង​ចិត្ត​រក្សា​តុល្យ​ភាព​ក្នុង​ជីវិត​ដើម្បី​ឲ្យ​យើង​អាច​ប្រើ​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត»។

សាលា​គម្ពីរ​គី​លាត​នៃ​សមាគម​ប៉មយាម

គោល​បំណង: ដើម្បី​បង្ហាត់​បង្រៀន​សិស្ស​ឲ្យ​បម្រើ​ជា​សាសនទូត​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ ឲ្យ​ធ្វើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ឬ​ឲ្យ​ធ្វើ​ការ​នៅ​បេតអែល។ គោលដៅ​នៃ​សាលា​នេះ​គឺ​ដើម្បី​ពង្រឹង​កិច្ច​ផ្សព្វ​ផ្សាយ​និង​ដំណើរ​ការ​នៃ​ការិយាល័យ​សាខា។

រយៈ​ពេល: ប្រាំ​ខែ។

ទី​កន្លែង: មជ្ឈមណ្ឌល​អប់រំ​នៃ​សមាគម​ប៉មយាម នៅ​ទី​ក្រុង​ផាតឺសិន រដ្ឋ​ញូវ​យ៉ក សហរដ្ឋអាម៉េរិក។

ល័ក្ខខ័ណ្ឌ​សម្រាប់​ចូល​សាលា: ប្ដី​ប្រពន្ធ​ដែល​បាន​បម្រើ​ពេញ​ពេល​ពិសេស ពោល​គឺ​សាសនទូត​ដែល​មិន​ទាន់​បាន​ចូល​សាលា​នេះ អ្នក​ត្រួស​ត្រាយ​ពិសេស អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ឬ​អ្នក​ធ្វើ​ការ​នៅ​បេតអែល។ ពួក​គាត់​ត្រូវ​ជា​អ្នក​បម្រើ​ពេញ​ពេល​ពិសេស​ជា​មួយ​គ្នា​យ៉ាង​តិច​ណាស់​បី​ឆ្នាំ​ជាប់​គ្នា។ ពួក​គាត់​ត្រូវ​ចេះ​និយាយ អាន និង​សរសេរ​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់។

របៀប​ចុះ​ឈ្មោះ: គណៈកម្មាធិការ​ការិយាល័យ​សាខា​អាច​អញ្ជើញ​ប្ដី​ប្រពន្ធ​ឲ្យ​ចុះ​ឈ្មោះ។

ឡាដេ​និង​ម៉ូនិក​ដែល​មក​ពី​ការិយាល័យ​សាខា​សហរដ្ឋអាម៉េរិក សព្វ​ថ្ងៃ​បម្រើ​នៅ​ទ្វីប​អាហ្វ្រិក។ ឡា​ដា​និយាយ​ថា៖ «សាលា​គី​លាត​បាន​ជួយ​យើង​ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​ទៅ​កន្លែង​ណា​ក៏​ដោយ​ក្នុង​ពិភព​លោក ហើយ​ជួយ​យើង​ត្រៀម​ខ្លួន​ដើម្បី​បម្រើ​ជា​មួយ​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង»។

ម៉ូនិក​បាន​និយាយ​បន្ថែម​ថា៖ «ពេល​ខ្ញុំ​អនុវត្ត​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​បណ្ដាំ​របស់​ព្រះ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង​ក្នុង​ភារកិច្ច​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា​អំណរ​នោះ​គឺជា​ភ័ស្តុតាង​ថែម​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា»។

សាលា​សម្រាប់​សមាជិក​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​និង​ភរិយា

គោល​បំណង: ដើម្បី​ជួយ​ពួក​អ្នក​ដែល​បម្រើ​ជា​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​ឲ្យ​បំពេញ​ភារកិច្ច​កាន់​តែ​ប្រសើរ​ជាង​ក្នុង​ការ​ត្រួត​ពិនិត្យ​បេតអែល​នានា យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិច្ច​បម្រើ​នៅ​ក្នុង​ក្រុម​ជំនុំ ហើយ​ត្រួត​ពិនិត្យ​លើ​មណ្ឌល​និង​តំបន់​ផ្សេងៗ ហើយ​ក៏​រៀន​អំពី​កិច្ចការ​បក​ប្រែ ការ​បោះពុម្ព ការ​ដឹក​ជញ្ជូន​និង​ការ​ផ្ញើ​សៀវភៅ​ផ្សេងៗដែរ។

រយៈ​ពេល: ពីរ​ខែ។

ទី​កន្លែង: មជ្ឈមណ្ឌល​អប់រំ​នៃ​សមាគម​ប៉មយាម នៅ​ទី​ក្រុង​ផាតឺសិន រដ្ឋ​ញូវ​យ៉ក សហរដ្ឋអាម៉េរិក។

ល័ក្ខខ័ណ្ឌ​សម្រាប់​ចូល​សាលា: បង​ប្រុស​ត្រូវ​ជា​សមាជិក​គណៈកម្មាធិការ​ការិយាល័យ​សាខា ឬ​សមាជិក​គណៈកម្មាធិការ​ប្រចាំ​ប្រទេស ឬ​បាន​ទទួល​តួនាទី​ដូច​ខាង​លើ​នេះ។

របៀប​ចុះ​ឈ្មោះ: គណៈ​អភិបាល​អញ្ជើញ​បង​ប្រុស​និង​ភរិយា។

ឡូអែល​និង​ខារ៉ា​ដែល​បាន​ចូល​រៀន​នៅ​សាលា​ជំនាន់​ទី​២៥ កំពុង​បម្រើ​នៅ​ប្រទេស​នីហ្សេរីយ៉ា។ ឡូ​អែ​ល​និយាយ​ថា៖ «សាលា​នោះ​រំលឹក​ខ្ញុំ​ថា ទោះ​ជា​ខ្ញុំ​រវល់​យ៉ាង​ណា​ឬ​ទទួល​កិច្ចការ​អ្វី​ក៏​ដោយ ខ្ញុំ​ត្រូវ​ធ្វើ​អ្វីៗទាំង​អស់​តាម​របៀប​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ សាលា​នោះ​ក៏​បង្រៀន​យើង​ដែរ​អំពី​សារៈសំខាន់​នៃ​ការ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​បម្រើ​លោក»។

ខារ៉ា​បន្ថែម​ថា៖ «ចំណុច​មួយ​ដែល​ខ្ញុំ​បាន​រំពឹង​គិត​គឺថា បើ​ខ្ញុំ​មិន​អាច​ពន្យល់​រឿង​មួយ​តាម​របៀប​ដែល​ស្រួល​យល់​ទេ ខ្ញុំ​ត្រូវ​ស្រាវជ្រាវ​ចំណុច​នោះ​មុន​នឹង​ព្យាយាម​បង្រៀន​អ្នក​ឯ​ទៀត»។