ការលើកទឹកចិត្ដដែលចេញពី«មាត់កូនក្មេង»
ការលើកទឹកចិត្តដែលចេញពី«មាត់កូនក្មេង»
នៅខែធ្នូ ឆ្នាំ២០០៩ តុលាការកំពូលនៃប្រទេសរុស្ស៊ីបានគាំទ្រសេចក្ដីសម្រេចមួយដែលនាំឲ្យមានការរំលាយចោលអង្គការសាសនារបស់សាក្សីព្រះយេហូវ៉ានៅក្រុងតាហ្គិនរ៉ក នាប្រទេសរុស្ស៊ី ដែលនាំឲ្យមានការរឹបអូសយកសាលប្រជុំ និងមានការប្រកាសថាសៀវភៅ៣៤របស់អង្គការយើងបានត្រូវចាត់ទុកថាជ្រុលនិយម។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យព្រួយបារម្ភនេះ បានត្រូវចុះផ្សាយលើគេហទំព័រជាផ្លូវការរបស់សាក្សីព្រះយេហូវ៉ាជាមួយរូបថតនៃបងប្អូនរួមជំនឿនិងរូបថតកុមារ ដែលបានទទួលផលវិបាកពីសេចក្ដីសម្រេចនេះ។
ប៉ុន្មានខែក្រោយមក មន្ទីរគ្រប់គ្រងនៃសាក្សីព្រះយេហូវ៉ានៅប្រទេសរុស្ស៊ីបានទទួលប្រអប់មួយនិងសំបុត្រដែលផ្ញើមកពីសាក្សីព្រះយេហូវ៉ាមួយគ្រួសារ នៅរដ្ឋឃ្វីនស្លែន នាប្រទេសអូស្ដ្រាលី ដែលបានឃើញរបាយការណ៍អំពីសេចក្ដីសម្រេចរបស់តុលាការ។ សំបុត្រនោះមានសេចក្ដីថា៖ «បងប្អូនជាទីស្រឡាញ់ កូនយើងឈ្មោះខូឌីនិងឡារិស្សា បានរំជួលចិត្តជាខ្លាំងដោយឃើញជំនឿនិងទុក្ខលំបាកនៃមិត្តភក្ដិនៅរុស្ស៊ី។ ពួកគេបានសរសេរប័ណ្ណនិងសំបុត្រ ព្រមទាំងរៀបចំកញ្ចប់តូចមួយជាអំណោយ ដែលយើងចង់ផ្ញើទៅជូនកុមារនៅក្រុងតាហ្គិនរ៉ក ដើម្បីឲ្យពួកគេដឹងថានៅតំបន់ដ៏សែនឆ្ងាយពីពួកគេក៏មានកុមារឯទៀតដែលបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ហើយគិតដល់ពួកគេដែរ។ ខូឌីនិងឡារិស្សាសូមផ្ញើសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅ . . . ដល់ពួកគេ»។
ក្រោយពីបានទទួលអំណោយទាំងនោះ កុមារនៅតាហ្គិនរ៉កក៏បានសរសេរសំបុត្រអរគុណដែលលម្អដោយរូបភាពផ្សេងៗទៅក្រុមគ្រួសារនោះនៅប្រទេសអូស្ដ្រាលី។ ដោយរំភើបចិត្តនឹងពាក្យលើកទឹកចិត្តដែលចេញពី«មាត់កូនក្មេង» សាក្សីម្នាក់ដែលកំពុងបម្រើនៅការិយាល័យសាខានៅរុស្ស៊ី បានសរសេរសំបុត្រទៅខូឌីនិងឡារិស្សាថា៖ «អ្នកអាចស្រមៃឃើញនូវការពិបាករបស់កុមារព្រមទាំងមនុស្សពេញវ័យ ពេលដែលពួកគេទទួលការដាក់ទោសចំពោះអ្វីដែលពួកគេមិនបានធ្វើ។ បងប្អូនប្រុសស្រីយើងនៅក្រុងតាហ្គិនរ៉កមិនបានធ្វើអ្វីខុសសោះ ក៏ប៉ុន្តែសាលប្រជុំពួកគេបានត្រូវរឹបអូស។ នេះបានធ្វើឲ្យពួកគេពិបាកចិត្តណាស់។ ពួកគេនឹងទទួលការលើកទឹកចិត្តដោយដឹងថាមានអ្នកណាម្នាក់ដែលនៅម្ខាងទៀតនៃផែនដី កំពុងគិតដល់ពួកគេ។ សូមអរគុណចំពោះអារម្មណ៍កក់ក្ដៅនិងចិត្តទូលាយរបស់អ្នក!»។—ទំនុក. ៨:២
យើងពិតជាផ្នែកមួយនៃបងប្អូនរួមជំនឿនៅទូទាំងពិភពលោក ហើយសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ជួយយើងទាំងអស់គ្នាឲ្យស៊ូទ្រាំនឹងទុក្ខលំបាកនិងបញ្ហាផ្សេងៗក្នុងជីវិត។ ក្នុងអំឡុងពេលដែលតុលាការកំពុងពិភាក្សាគ្នាថាតើសៀវភៅរបស់សាក្សីព្រះយេហូវ៉ាញុះញង់ឲ្យមានការស្អប់គ្នាឬមិនមែន កុមាររបស់យើងសម្ដែងយ៉ាងស្ងៀមស្ងាត់នូវការយកចិត្តទុកដាក់របស់ពួកគេចំពោះសុខុមាលភាពគ្នាទៅវិញទៅមក ដោយមិនប្រកាន់ជាតិសាសន៍និងវប្បធម៌ឡើយ ហើយបញ្ជាក់នូវសេចក្ដីពិតនៃពាក្យរបស់លោកយេស៊ូដែលថា៖ «យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។—យ៉ូន. ១៣:៣៥
[រូបភាពនៅទំព័រ៣២]
កុមារនៅប្រទេសរុស្ស៊ី (ខាងឆ្វេង) ដែលបានទទួលអំណោយពីកុមារនៅប្រទេសអូស្ដ្រាលី (ខាងស្ដាំ)