លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លោកយេស៊ូបានធ្វើគំរូស្ដីអំពីចិត្ដរាបទាប

លោកយេស៊ូបានធ្វើគំរូស្ដីអំពីចិត្ដរាបទាប

លោក​យេស៊ូ​បាន​ធ្វើ​គំរូ​ស្តី​អំពី​ចិត្ត​រាប​ទាប

​«​ខ្ញុំ​បាន​ធ្វើ​គំរូ​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​»។—យ៉ូន. ១៣:១៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​បុត្រ​របស់​ព្រះ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច​មុន​នឹង​លោក​មក​ផែនដី?

ជា​មនុស្ស​ជាតិ តើ​លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

តើ​ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ​បាន​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១, ២​. នៅ​រាត្រី​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​លើ​ផែនដី តើ​លោក​បាន​បង្រៀន​មេរៀន​ដ៏​សំខាន់​អ្វី​ដល់​ពួក​សាវ័ក?

នេះ​ជា​រាត្រី​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​លើ​ផែនដី ហើយ​លោក​បាន​ចំណាយ​ពេល​នោះ​ជា​មួយ​នឹង​ពួក​សាវ័ក​របស់​លោក នៅ​បន្ទប់​ជាន់​ខាង​លើ​ក្នុង​ផ្ទះ​មួយ​នា​ក្រុង​យេរូសាឡិម។ ក្នុង​អំឡុង​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច លោក​យេស៊ូ​បាន​ក្រោក​ឡើង​ហើយ​ដោះ​សម្លៀក​បំពាក់​ក្រៅ​លោក​ចេញ។ លោក​យក​កន្សែង​មួយ​មក​ក្រវាត់​ចង្កេះ។ បន្ទាប់​មក​លោក​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ​ធំ​មួយ ហើយ​ចាប់​ផ្ដើម​លាង​ជើង​របស់​ពួក​អ្នក​កាន់​តាម រួច​ជូត​ជើង​ពួក​គាត់​ឲ្យ​ស្ងួត​នឹង​កន្សែង​នោះ។ រួច​មក​លោក​បាន​យក​សម្លៀក​ពាក់​ក្រៅ​មក​ពាក់​វិញ។ ហេតុ​អ្វី​លោក​យេស៊ូ​បាន​បន្ទាប​ខ្លួន​ធ្វើ​កិច្ចការ​បែប​នេះ?—យ៉ូន. ១៣:៣​-​៥

លោក​យេស៊ូ​ផ្ទាល់​បាន​ពន្យល់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​យល់​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ទេ? . . . ប្រសិនបើ​ខ្ញុំ​បាន​លាង​ជើង​របស់​អ្នក​រាល់​គ្នា ទោះ​បី​ខ្ញុំ​ជា​ម្ចាស់​និង​ជា​គ្រូ​ក៏​ដោយ នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ព្រោះ​ខ្ញុំ​បាន​ធ្វើ​គំរូ​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​»។ (​យ៉ូន. ១៣:​១២​-​១៥​) ដោយ​សុខ​ចិត្ត​ធ្វើ​កិច្ចការ​បែប​នេះ​ដែល​មនុស្ស​ចាត់​ទុក​ថា​ថោក​ទាប លោក​យេស៊ូ​បាន​បង្រៀន​មេរៀន​ដ៏​សំខាន់​មួយ​ដល់​ពួក​សាវ័ក​របស់​លោក ដែល​បាន​ដិត​ជាប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ហើយ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មាន​ចិត្ត​រាប​ទាប​នៅ​ពេល​ក្រោយ​មក។

៣​. ​(​ក​) នៅ​ក្នុង​ឱកាស​ពីរ តើ​លោក​យេស៊ូ​លើក​បញ្ជាក់​យ៉ាង​ណា​អំពី​សារៈសំខាន់​នៃ​ចិត្ត​រាប​ទាប? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ពេល​លោក​យេស៊ូ​បាន​លាង​ជើង​ឲ្យ​ពួក​សាវ័ក គឺ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​លោក​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ចិត្ត​រាប​ទាប។ នៅ​ពេល​មុន​នេះ ពេល​ដែល​សាវ័ក​ខ្លះ​បាន​បង្ហាញ​ចិត្ត​គំនិត​ប្រកួតប្រជែង​គ្នា លោក​យេស៊ូ​បាន​យក​ក្មេង​តូច​ម្នាក់​មក​ឈរ​ក្បែរ​លោក ហើយ​លោក​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​ក្មេង​នេះ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​ស្វាគមន៍​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​ខ្ញុំ ក៏​ទទួល​លោក​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ផង។ ព្រោះ​អ្នក​ណា​ដែល​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​គឺ​អ្នក​ធំ​»។ (​លូក. ៩:៤៦​-​៤៨​) ក្រោយ​មក​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក ដោយ​ដឹង​ថា​ពួក​ផារិស៊ី​ចង់​បាន​មុខ​មាត់ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។ (​លូក. ១៤:១១​) ច្បាស់​ណាស់ លោក​យេស៊ូ​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​មាន​ចិត្ត​រាប​ទាប​ពោល​គឺ​គ្មាន​ចិត្ត​អំណួត​និង​គ្មាន​ចិត្ត​ក្រអឺតក្រអោង។ ដើម្បី​យក​តម្រាប់​លោក ចូរ​យើង​ពិនិត្យ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​គំរូ​របស់​លោក​ស្តី​អំពី​ចិត្ត​រាប​ទាប។ យើង​ក៏​នឹង​ពិចារណា​នូវ​មូលហេតុ​ដែល​គុណ​សម្បត្ដិ​នេះ​មាន​ប្រយោជន៍ មិន​គ្រាន់តែ​ចំពោះ​អ្នក​ដែល​បង្ហាញ​គុណ​សម្បត្ដិ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​អ្នក​ឯ​ទៀត​ផង​ដែរ។

«​ខ្ញុំ​មិន​បាន . . . បែរ​ក្រោយ​ឡើយ​»​

៤​. តើ​បុត្រ​តែ​មួយ​របស់​ព្រះ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច មុន​នឹង​លោក​មក​ផែនដី?

សូម្បី​តែ​មុន​លោក​មក​ផែនដី​ក្ដី បុត្រ​តែ​មួយ​របស់​ព្រះ​បាន​បង្ហាញ​ចិត្ត​រាប​ទាប។ ពេល​នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​រាប់​មិន​អស់​ជា​មួយ​បិតា​លោក។ សៀវភៅ​អេសាយ​រៀប​រាប់​អំពី​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​បុត្រ​និង​បិតា​របស់​លោក ដោយ​ចែង​ថា​៖ ​«​ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន​សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំ​ដី នឹង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្ដាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង​ចចេស ឬ​បែរ​ក្រោយ​ឡើយ​»។ (​អេ. ៥០:៤, ៥​) បុត្រ​របស់​ព្រះ​បាន​បង្ហាញ​ចិត្ត​រាប​ទាប ហើយ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រៀន​លោក។ លោក​ចង់​រៀន​យ៉ាង​ខ្លាំង​ពី​ព្រះ​ពិត។ លោក​យេស៊ូ​ប្រាកដជា​បាន​សង្កេត​មើល​យ៉ាង​ដិត​ដល់​មែន! នូវ​គំរូ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ចិត្ត​រាប​ទាប ពេល​លោក​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​មនុស្ស​ជាតិ​ដែល​មាន​ភាព​ខុស​ឆ្គង។

៥​. ក្នុង​តួនាទី​ជា​មីកែល​ដែល​ជាម​ហា​ទេវតា តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​ទុក​គំរូ​ស្តី​អំពី​ចិត្ត​រាប​ទាប​ពេល​ប្រឈម​មុខ​នឹង​មេកំណាច?

មិន​មែន​ទេវតា​ទាំង​អស់​នៅ​ស្ថាន​សួគ៌​មាន​ចិត្ត​គំនិត​ដូច​បុត្រ​តែ​មួយ​របស់​ព្រះ​ឡើយ។ ជា​ជាង​ចង់​រៀន​ពី​ព្រះ​យេហូវ៉ា ទេវតា​ដែល​បាន​ក្លាយ​ជា​មេកំណាច​សាថាន ចាប់​ផ្ដើម​មាន​ចរិត​លក្ខណៈ​ដែល​ផ្ទុយ​ពី​ចិត្ត​រាប​ទាប ពោល​គឺ​គិត​ថា​ខ្លួន​សំខាន់​ជាង​គេ ព្រម​ទាំង​មាន​ចិត្ត​អំណួត ហើយ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ ចិត្ត​គំនិត​របស់​លោក​យេស៊ូ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ លោក​មិន​ចង់​បាន​អំណាច​នៅ​ស្ថាន​សួគ៌​លើស​ពី​អ្វី​ដែល​ព្រះ​បាន​ឲ្យ​លោក​ឡើយ។ លោក​មិន​ដែល​ចង់​ប្រើ​អំណាច​របស់​លោក​ក្នុង​ផ្លូវ​ខុស​ឡើយ។ ក្នុង​នាម​ជា​មីកែល​ដែល​ជាម​ហា​ទេវតា លោក​យេស៊ូ​មិន​បាន​ធ្វើ​លើស​ពី​អំណាច​របស់​លោក​ទេ ពេល​លោក​‹មាន​ទំនាស់​ជា​មួយ​នឹង​មេកំណាច​អំពី​សព​របស់​ម៉ូសេ›។ ផ្ទុយ​ទៅ​វិញ បុត្រ​របស់​ព្រះ​បាន​បង្ហាញ​ចិត្ត​រាប​ទាប។ លោក​យេស៊ូ​ពេញ​ចិត្ត​ឲ្យ​ព្រះ​យេហូវ៉ា​ដែល​ជា​ចៅ​ក្រម​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃ​សកលលោក ដោះ​ស្រាយ​បញ្ហា​តាម​របៀប​និង​តាម​ពេល​កំណត់​របស់​លោក។—សូម​អាន យូដាស ៩

៦​. តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ទទួល​យក​ភារកិច្ច​ជា​មេស្ស៊ី?

អ្វី​ៗ​ដែល​លោក​យេស៊ូ​បាន​រៀន​មុន​ពេល​លោក​មក​ផែនដី ប្រាកដ​ជា​រួម​បញ្ចូល​ទំនាយ​ផ្សេង​ៗ​ដែល​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ជីវិត​របស់​លោក​នៅ​ផែនដី ជា​មេស្ស៊ី។ ដូច្នេះ លោក​ទំនង​ជា​បាន​ដឹង​ជា​មុន​ថា​លោក​នឹង​ជួប​នឹង​ទុក្ខ​លំបាក​នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ លោក​យេស៊ូ​ព្រម​ទទួល​ភារកិច្ច​មក​រស់​នៅ​លើ​ផែនដី ហើយ​ស្លាប់​ក្នុង​នាម​ជា​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា។ ហេតុ​អ្វី? ដើម្បី​លើក​បញ្ជាក់​អំពី​ចិត្ត​រាប​ទាប​របស់​បុត្រ​តែ​មួយ​របស់​ព្រះ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ទោះ​ជា​លោក​ធ្លាប់​មាន​សណ្ឋាន​ដូច​ព្រះ លោក​មិន​ដែល​គិត​អំពី​ការ​ដណ្ដើម​យក​ឋានៈ​របស់​ព្រះ ពោល​គឺ​ការ​តាំង​ខ្លួន​ឲ្យ​ស្មើ​ព្រះ​នោះ​ទេ។ លោក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ តែ​លោក​បាន​លះ​បង់​អ្វី​ៗ​ទាំង​អស់ ហើយ​យក​សណ្ឋាន​ជា​ខ្ញុំ​បម្រើ រួច​ក្លាយ​ទៅ​ជា​មនុស្ស​ជាតិ​»។—ភី. ២:៦, ៧

ជា​មនុស្ស​ជាតិ​«​លោក​ក៏​បាន​បន្ទាប​ខ្លួន​»​

៧, ៨​. តើ​តាម​របៀប​ណា​លោក​យេស៊ូ​បង្ហាញ​ចិត្ត​រាប​ទាប​ពេល​លោក​នៅ​ក្មេង និង​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​ផែនដី?

ប៉ូល​បាន​សរសេរ​ថា​៖ ​«​ពេល​ដែល​លោក​[​យេស៊ូ​]​ឃើញ​ថា​លោក​មាន​ភាព​ជា​មនុស្ស​ជាតិ លោក​ក៏​បាន​បន្ទាប​ខ្លួន ហើយ​ចុះ​ចូល​ស្ដាប់​បង្គាប់​រហូត​ដល់​ត្រូវ​ស្លាប់ គឺ​ស្លាប់​លើ​បង្គោល​ទារុណកម្ម​»។ (​ភី. ២:​៨​) តាំង​ពី​ក្មេង​មក លោក​យេស៊ូ​បាន​ទុក​គំរូ​ឲ្យ​យើង​ស្តី​អំពី​ចិត្ត​រាប​ទាប។ ទោះ​ជា​លោក​បាន​ត្រូវ​ចិញ្ចឹម​ដោយ​យ៉ូសែប​និង​ម៉ារៀ​ជា​ឪពុក​ម្ដាយ​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី លោក​យេស៊ូ​«​បន្ត​ចុះ​ចូល​ក្នុង​ឱវាទ​របស់​ពួក​គាត់​»​ដោយ​ចិត្ត​រាប​ទាប។ (​លូក. ២:៥១​) នេះ​ជា​គំរូ​ដ៏​ល្អ​មែន! សម្រាប់​ប្អូន​ៗ​វ័យ​ក្មេង​ដែល​នឹង​ទទួល​ពរ​ពី​ព្រះ​ដោយ​សារ​ពួក​គេ​ចុះ​ចូល​នឹង​ឪពុក​ម្ដាយ​របស់​ពួក​គេ​ដោយ​ស្ម័គ្រ​ចិត្ត។

ជា​មនុស្ស​ពេញ​វ័យ លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ចាត់​ទុក​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត មិន​មែន​បំណង​ប្រាថ្នា​របស់​លោក​ឡើយ។ (​យ៉ូន. ៤:៣៤​) ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក លោក​យេស៊ូ​គ្រិស្ត​បាន​ប្រើ​នាម​របស់​ព្រះ ហើយ​បាន​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​គុណ​សម្បត្ដិ​និង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្ស​ជាតិ។ លោក​យេស៊ូ​ក៏​បាន​រស់​នៅ​ស្រប​តាម​អ្វី​ដែល​លោក​បាន​បង្រៀន​អំពី​ព្រះ​យេហូវ៉ា​ដែរ។ ជា​ឧទាហរណ៍ ក្នុង​សេចក្ដី​អធិដ្ឋាន​ជា​គំរូ ចំណុច​ទី​១​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​គឺ​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថ. ៦:៩​) ដូច្នេះ លោក​យេស៊ូ​បាន​ណែនាំ​អ្នក​កាន់​តាម​លោក​ឲ្យ​ចាត់​ទុក​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​ជា​អ្វី​ដែល​សំខាន់​បំផុត។ លោក​យេស៊ូ​ផ្ទាល់​ក៏​បាន​រស់​នៅ​តាម​របៀប​នេះ​ដែរ។ នៅ​ជិត​ចុង​បញ្ចប់​នៃ​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ​នៅ​ផែនដី លោក​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​បាន​សម្ដែង​ឲ្យ​ពួក​គាត់​[​ពួក​សាវ័ក​]​ស្គាល់​នាម​របស់​លោក ក៏​នឹង​សម្ដែង​ឲ្យ​ស្គាល់​ត​ទៅ​ទៀត​»។ (​យ៉ូន. ១៧:២៦​) ម្យ៉ាង​ទៀត ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក លោក​យេស៊ូ​បាន​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​លោក​បាន​សម្រេច​នៅ​ផែនដី។—យ៉ូន. ៥:១៩

៩​. តើ​សាការី​បាន​ទាយ​អ្វី​ស្តី​អំពី​មេស្ស៊ី ហើយ​តើ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ទំនាយ​នេះ​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

ស្តី​អំពី​មេស្ស៊ី សាការី​បាន​ទាយ​ថា​៖ ​«​ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីករាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូសាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល! ស្តេច​របស់​នាង​ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ​ជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺជា​លា​ជំទង់​ជា​កូន​របស់​មេ​លា​»។ (​សាក. ៩:៩​) ទំនាយ​នេះ​បាន​សម្រេច​ពេល​លោក​យេស៊ូ​ចូល​ក្រុង​យេរូសាឡិម​មុន​បុណ្យ​រំលង នៅ​ឆ្នាំ​៣៣ គ.ស.។ បណ្ដា​ជន​បាន​ក្រាល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គេ​និង​មែក​ឈើ​នៅ​លើ​ផ្លូវ។ មែន​ហើយ អ្នក​ក្រុង​ទាំង​ឡាយ​បាន​រំជើបរំជួល​ពេល​លោក​ចូល​មក​ដល់។ ទោះ​ជា​បណ្ដា​ជន​បាន​ទទួល​ស្វាគមន៍​លោក​យេស៊ូ​ជា​ស្តេច​ក៏​ដោយ ក៏​លោក​នៅ​តែ​មាន​ចិត្ត​រាប​ទាប។—ម៉ាថ. ២១:៤​-​១១

១០​. តើ​អ្វី​បាន​បង្ហាញ​ថា​លោក​យេស៊ូ​ស្ដាប់​បង្គាប់​ព្រះ​ដោយ​ស្ម័គ្រ​ចិត្ត​រហូត​ដល់​ត្រូវ​ស្លាប់?

១០ ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​បង្ហាញ​ចិត្ត​រាប​ទាប ហើយ​បាន​ស្ដាប់​បង្គាប់​ព្រះ​រហូត​ដល់​ពេល​លោក​ស្លាប់​លើ​បង្គោល​ទារុណកម្ម។ ដូច្នេះ លោក​បាន​បង្ហាញ​ជា​ភ័ស្តុតាង​យ៉ាង​ច្បាស់​ថា​មនុស្ស​ជាតិ​អាច​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​សូម្បី​តែ​ពួក​គេ​ទទួល​ការ​ល្បង​ល​យ៉ាង​ខ្លាំង​បំផុត​ក៏​ដោយ។ លោក​យេស៊ូ​ក៏​បាន​បង្ហាញ​ថា ការ​អះអាង​របស់​សាថាន​ដែល​ថា​មនុស្ស​ជាតិ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​គិត​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​មិន​ត្រឹម​ត្រូវ​ទេ។ (​យ៉ូប ១:៩​-​១១; ២:៤​) ដោយ​សារ​គ្រិស្ត​ស្ដាប់​បង្គាប់​បិតា​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ លោក​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​គ្រប់​គ្រង​សកលលោក ហើយ​បង្ហាញ​ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​សុចរិត។ ព្រះ​យេហូវ៉ា​ប្រាកដជា​ត្រេក​អរ ពេល​ឃើញ​បុត្រ​ដែល​មាន​ចិត្ត​រាប​ទាប​របស់​លោក​បង្ហាញ​ភក្ដីភាព​យ៉ាង​រឹង​មាំ។—សូម​អាន សុភាសិត ២៧:១១

១១​. តើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ថ្លៃ​លោះ ផ្ដល់​លទ្ធភាព​អ្វី​ដល់​មនុស្ស​ជាតិ​ដែល​មាន​ជំនឿ?

១១ ដោយ​សារ​លោក​យេស៊ូ​បាន​ស្លាប់​លើ​បង្គោល​ទារុណកម្ម លោក​ក៏​បាន​ផ្ដល់​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជាតិ​ដែរ។ (​ម៉ាថ. ២០:២៨​) ដោយ​សារ​គ្រឿង​បូជា​របស់​លោក​យេស៊ូ ព្រះ​យេហូវ៉ា​អាច​អភ័យទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង​ស្រប​តាម​តម្រូវ​ការ​ដ៏​សុចរិត​របស់​លោក ហើយ​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ជាតិ​រស់​ជា​រៀង​រហូត។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ការ​តែ​មួយ​ដ៏​សុចរិត​បាន​នាំ​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​ឲ្យ​បាន​ជីវិត​»។ (​រ៉ូម ៥:១៨​) មរណភាព​របស់​លោក​យេស៊ូ​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​មាន​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌ ហើយ​ឲ្យ​«​ចៀម​ឯ​ទៀត​»​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែនដី។—យ៉ូន. ១០:១៦; រ៉ូម ៨:​១៦, ១៧

ខ្ញុំ​មាន​«​ចិត្ត​រាប​ទាប​»​

១២​. ពេល​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​ជាតិ​ដែល​មាន​ភាព​មិន​ល្អ​ឥ​ខ្ចោះ តើ​លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​ស្លូតបូត​និង​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

១២ លោក​យេស៊ូ​បាន​អញ្ជើញ​អស់​អ្នក​ដែល​«​ធ្វើ​ការ​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​»​ឲ្យ​មក​ឯ​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ ពីព្រោះ​ខ្ញុំ​ស្លូត ក៏​មាន​ចិត្ត​រាប​ទាប​ផង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។ (​ម៉ាថ. ១១:២៨, ២៩​) គុណ​សម្បត្ដិ​របស់​លោក​យេស៊ូ​ដូច​ជា​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្លូតបូត​បាន​ជំរុញ​លោក​យេស៊ូ​ឲ្យ​មាន​ចិត្ត​សប្បុរស ហើយ​មិន​រើស​មុខ​ពេល​លោក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ លោក​ជា​មនុស្ស​សម​ហេតុ​ផល​ចំពោះ​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​ធ្វើ។ លោក​យេស៊ូ​បាន​សរសើរ ហើយ​លើក​ទឹក​ចិត្ត​ពួក​គាត់។ លោក​មិន​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ថា​ពួក​គាត់​គ្មាន​សមត្ថភាព​ឬ​គ្មាន​តម្លៃ​នោះ​ទេ។ លោក​យេស៊ូ​ច្បាស់​ជា​មិន​ឃោរឃៅ​ឬ​ឥត​មេត្ដា​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ពង្រឹង​ទំនុក​ចិត្ត​អ្នក​កាន់​តាម​លោក​ថា​បើ​ពួក​គាត់​ចូល​ទៅ​ជិត​លោក ហើយ​អនុវត្ត​អ្វី​ដែល​លោក​បាន​បង្រៀន​ពួក​គាត់ នោះ​ពួក​គាត់​នឹង​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ ពីព្រោះ​នឹម​របស់​លោក​ស្រួល​ពាក់ ហើយ​បន្ទុក​លោក​ក៏​ស្រាល។ មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​និង​មនុស្ស​គ្រប់​វ័យ​មាន​អារម្មណ៍​ស្រួល​ពេល​នៅ​ជា​មួយ​លោក។—ម៉ាថ. ១១:៣០

១៣​. តើ​លោក​យេស៊ូ​បង្ហាញ​ចិត្ត​អាណិត​អាសូរ​យ៉ាង​ដូច​ម្ដេច​ចំពោះ​មនុស្ស​ក្រី​ក្រ?

១៣ ពេល​លោក​សេពគប់​ជា​មួយ​មនុស្ស​សាមញ្ញ​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល លោក​យេស៊ូ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​គេ ដោយ​សារ​ពួក​គេ​ក្រី​ក្រ ហើយ​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់។ នៅ​ជិត​ក្រុង​យេរីខូ លោក​បាន​ជួប​អ្នក​សុំ​ទាន​ដែល​ងងឹត​ភ្នែក​ឈ្មោះ​បាទីមេ​និង​មិត្ត​ភក្ដិ​ងងឹត​ភ្នែក​របស់​គាត់​ដែល​គម្ពីរ​មិន​ប្រាប់​ឈ្មោះ។ ពួក​គាត់​ចេះ​តែ​សុំ​លោក​យេស៊ូ​ឲ្យ​ជួយ ប៉ុន្តែ​បណ្ដា​ជន​បាន​ប្រាប់​យ៉ាង​ម៉ឺង​ម៉ាត់​ឲ្យ​ពួក​គាត់​នៅ​ស្ងៀម។ ជា​ការ​ងាយ​ស្រួល​ណាស់​ដែល​លោក​យេស៊ូ​មិន​អើពើ​នឹង​សំណូម​ពរ​របស់​បុរស​ងងឹត​ភ្នែក​ទាំង​នោះ! ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​សុំ​ឲ្យ​គេ​នាំ​ពួក​គាត់​មក ហើយ​លោក​មាន​ចិត្ត​ក្ដួល​អាណិត ក៏​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មើល​ឃើញ​ឡើង​វិញ។ លោក​យេស៊ូ​បាន​យក​តម្រាប់​ព្រះ​យេហូវ៉ា​ជា​បិតា​លោក ដោយ​បង្ហាញ​ចិត្ត​រាប​ទាប​និង​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​មនុស្ស​ទន់​ទាប​ដែល​មាន​ភាព​ខុស​ឆ្គង។—ម៉ាថ. ២០:២៩​-​៣៤; ម៉ាក. ១០:៤៦​-​៥២

«​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»​

១៤​. តើ​ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ​បាន​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១៤ ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ​បាន​នាំ​ឲ្យ​មាន​អំណរ​និង​ពរ​សម្រាប់​មនុស្ស​ជា​ច្រើន។ ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីករាយ​ពេល​ឃើញ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដោយ​ចិត្ត​រាប​ទាប។ ចិត្ត​ស្លូតបូត​និង​ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​សាវ័ក​និង​ពួក​អ្នក​កាន់​តាម​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ គំរូ សេចក្ដី​បង្រៀន និង​ការ​សរសើរ​យ៉ាង​កក់​ក្ដៅ​របស់​លោក​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ បណ្ដា​ជន​សាមញ្ញ​បាន​ទទួល​ប្រយោជន៍​ពី​ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ ដោយ​សារ​ពួក​គាត់​បាន​ទទួល​ជំនួយ សេចក្ដី​បង្រៀន​និង​ការ​លើក​ទឹក​ចិត្ត​ពី​លោក។ តាម​ការ​ពិត មនុស្ស​ជាតិ​ដែល​អាច​រំដោះ​ពី​ភាព​ខុស​ឆ្គង​នឹង​ទទួល​ប្រយោជន៍​ជា​យូរ​អង្វែង​ពី​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ដែល​ជា​ថ្លៃ​លោះ។

១៥​. ដោយ​សារ​លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប តើ​លោក​បាន​ទទួល​ប្រយោជន៍​អ្វី?

១៥ ចុះ​យ៉ាង​ណា​លោក​យេស៊ូ​វិញ? តើ​ចិត្ត​រាប​ទាប​របស់​លោក​មាន​ប្រយោជន៍​ចំពោះ​លោក​ឬ​ទេ? មាន​ប្រយោជន៍​មែន ពីព្រោះ​លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។ (​ម៉ាថ. ២៣:១២​) ពាក្យ​ទាំង​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ជា​សេចក្ដី​ពិត​ក្នុង​ករណី​របស់​លោក។ ប៉ូល​បាន​ពន្យល់​ថា​៖ ​«​ព្រះ​បាន​លើក​តម្កើង​លោក​[​យេស៊ូ​]​ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​មុន ក៏​បាន​មេត្ដា​ឲ្យ​នាម​ដល់​លោក​ដែល​ជា​នាម​ប្រសើរ​ជាង​នាម​ឯ​ទៀត​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​នៅ​ស្ថាន​សួគ៌ អ្នក​នៅ​ផែនដី និង​អ្នក​នៅ​ក្រោម​ដី លុត​ជង្គង់​ដោយ​សារ​នាម​យេស៊ូ ហើយ​ដើម្បី​ឲ្យ​គ្រប់​អណ្ដាត​ប្រកាស​ទទួល​ស្គាល់​ជា​សាធារណៈ​ថា លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់ ដើម្បី​សរសើរ​តម្កើង​ព្រះ​ដែល​ជា​បិតា​»។ ដោយ​សារ​លោក​យេស៊ូ​នៅ​ផែនដី លោក​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្មោះ​ត្រង់ នោះ​ព្រះ​យេហូវ៉ា​បាន​លើក​តម្កើង​បុត្រ​របស់​លោក ដោយ​ឲ្យ​លោក​មាន​អំណាច​លើ​ទេវតា​នៅ​ស្ថាន​សួគ៌​និង​មនុស្ស​នៅ​លើ​ផែនដី។—ភី. ២:៩​-​១១

លោក​យេស៊ូ​នឹង​«​ជិះ​ទៅ . . . ដើម្បី​ការពារ សេចក្ដី​ពិត សេចក្ដី​សុភាព​»​

១៦​. តើ​បុត្រ​របស់​ព្រះ​នឹង​បន្ត​បង្ហាញ​ចិត្ត​រាប​ទាប​នៅ​ពេល​អនាគត​ឬ​ទេ?

១៦ បុត្រ​របស់​ព្រះ​នឹង​បន្ត​បង្ហាញ​ចិត្ត​រាប​ទាប​នៅ​ពេល​អនាគត។ អ្នក​តែង​ទំនុកតម្កើង​ម្នាក់​បាន​ទាយ​អំពី​អ្វី​ដែល​លោក​យេស៊ូ​នឹង​ធ្វើ​ដើម្បី​ប្រឆាំង​សត្រូវ​របស់​លោក ពេល​លោក​មាន​ឋានៈ​ខ្ពង់​ខ្ពស់​នៅ​ស្ថាន​សួគ៌។ គាត់​បាន​ច្រៀង​ថា​៖ ​«​[​ចូរ​]​ជិះ​ទៅ ដោយ​ឥទ្ធិ​ឫទ្ធិ​របស់​ទ្រង់ មាន​ទាំង​ជ័យ​ជំនះ​ផង ដើម្បី​ការពារ​សេចក្ដី​ពិត សេចក្ដី​សុភាព នូវ​សេចក្ដី​សុចរិត​»។ (​ទំនុក. ៤៥:៤​) ដោយ​មាន​សេចក្ដី​ពិត​និង​សេចក្ដី​សុចរិត លោក​យេស៊ូ​គ្រិស្ត​នឹង​ជិះ​សេះ​ទៅ​ច្បាំង​ដើម្បី​ការពារ​ពួក​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​នៅ​សង្គ្រាម​ហាម៉ាគេដូន។ តើ​អ្វី​នឹង​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​ស្តេច​ដែល​ជា​មេស្ស៊ី ពេល​ដែល​លោក​នឹង​«​បំផ្លាញ​ការ​គ្រប់​គ្រង អំណាច និង​ឫទ្ធានុភាព​ទាំង​អស់​ឲ្យ​សាប​សូន្យ​»​? តើ​នៅ​ពេល​នោះ​លោក​នឹង​បង្ហាញ​ចិត្ត​រាប​ទាប​ឬ​ទេ? លោក​នឹង​បង្ហាញ​ចិត្ត​រាប​ទាប​មែន ពីព្រោះ​លោក​នឹង​«​ប្រគល់​រាជាណាចក្រ​ជូន​ព្រះ​ជា​បិតា​របស់​លោក​»។—សូម​អាន កូរិនថូសទី១ ១៥:២៤​-​២៨

១៧, ១៨​. ​(​ក​) ចំពោះ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​ពួក​គេ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ស្តី​អំពី​ចិត្ត​រាប​ទាប? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​ខ្លះ​នៅ​អត្ថបទ​បន្ទាប់?

១៧ ចុះ​យើង​វិញ? តើ​យើង​នឹង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ហើយ​បង្ហាញ​ចិត្ត​រាប​ទាប​ឬ​ទេ? តើ​អ្វី​នឹង​កើត​ឡើង​ដល់​យើង​នៅ​សង្គ្រាម​ហាម៉ាគេដូន ពេល​លោក​យេស៊ូ​ដែល​ជា​ស្តេច​មក​ដើម្បី​ដាក់​ទោស​មនុស្ស​ទុច្ចរិត? មូលហេតុ​ដែល​លោក​នឹង​ជិះ​សេះ​ទៅ​ច្បាំង​បញ្ជាក់​ថា​លោក​នឹង​សង្គ្រោះ​តែ​ពួក​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​និង​សុចរិត​ប៉ុណ្ណោះ។ ហេតុ​នេះ ការ​ដែល​យើង​បណ្ដុះ​ចិត្ត​រាប​ទាប​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​រួច​ជីវិត។ ម្យ៉ាង​ទៀត ដោយ​សារ​ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ​នាំ​ឲ្យ​លោក​និង​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍ នោះ​ការ​ដែល​យើង​បង្ហាញ​ចិត្ត​រាប​ទាប​នឹង​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​តាម​របៀប​ផ្សេង​ៗ។

១៨ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ? តើ​តាម​របៀប​ណា​យើង​អាច​ព្យាយាម​រក្សា​ចិត្ត​រាប​ទាប ទោះ​ជា​យើង​ប្រហែល​ជា​ជួប​នឹង​ការ​ពិបាក​ក៏​ដោយ? យើង​នឹង​ពិចារណា​សំណួរ​ទាំង​នេះ​នៅ​អត្ថបទ​បន្ទាប់។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១០​]

[​រូបភាព​នៅ​ទំព័រ​១២​]

តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​លោក​យេស៊ូ​ស្តី​អំពី​ចិត្ត​រាប​ទាប?

[​រូបភាព​នៅ​ទំព័រ​១៣​]

លោក​យេស៊ូ​បាន​ទុក​គំរូ​ស្តី​អំពី​ចិត្ត​អាណិត​អាសូរ