លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរអប់រំខ្លួនឲ្យមានចិត្ដគំនិតជាអ្នកតូចជាងគេ

ចូរអប់រំខ្លួនឲ្យមានចិត្ដគំនិតជាអ្នកតូចជាងគេ

ចូរ​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ត​គំនិត​ជា​អ្នក​តូច​ជាង​គេ

​«​អ្នក​ណា​ដែល​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​គឺ​អ្នក​ធំ​»។—លូក. ៩:៤៨

តើ​អ្នក​អាច​រក​ចម្លើយ​ឃើញ​ឬ​ទេ?

តើ​អ្វី​អាច​ជួយ​យើង​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ត​គំនិត​ជា​អ្នក​តូច​ជាង​គេ?

តើ​តាម​របៀប​ណា​អ្នក​តូច​ជាង​គេ​គឺជា​«​អ្នក​ធំ​»​?

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ចិត្ត​រាប​ទាប​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ក្នុង​ក្រុម​ជំនុំ និង​ក្នុង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​អ្នក​ឯ​ទៀត?

១, ២​. តើ​លោក​យេស៊ូ​បាន​ដាស់​តឿន​ពួក​សាវ័ក​របស់​លោក​ឲ្យ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី​លោក​បាន​ធ្វើ​ដូច្នេះ?

នៅ​ឆ្នាំ​៣២ គ.ស. លោក​យេស៊ូ​នៅ​ស្រុក​កាលីឡេ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង។ សាវ័ក​របស់​លោក​ខ្លះ​កំពុង​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​ក្នុង​ចំណោម​ពួក​គាត់។ លូកា​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​ថា​៖ ​«​ពួក​គាត់​ចាប់​ផ្ដើម​ជជែក​គ្នា​អំពី​អ្នក​ណា​ក្នុង​ចំណោម​ពួក​គាត់​នឹង​ទៅ​ជា​អ្នក​ធំ​ជាង​គេ។ លោក​យេស៊ូ​ជ្រាប​អំពី​អ្វី​ដែល​ពួក​គាត់​កំពុង​វែក​ញែក​ក្នុង​ចិត្ត ដូច្នេះ​លោក​ក៏​យក​កូន​ក្មេង​ម្នាក់​មក​ឲ្យ​ឈរ​ក្បែរ​លោក រួច​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ‹អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​ក្មេង​នេះ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​ស្វាគមន៍​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​ខ្ញុំ ក៏​ទទួល​លោក​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ផង។ ព្រោះ​អ្នក​ណា​ដែល​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​គឺ​អ្នក​ធំ›​»។ (​លូក. ៩:​៤៦​-​៤៨​) ដោយ​ចិត្ត​អត់​ធ្មត់​ប៉ុន្តែ​ម៉ឺង​ម៉ាត់ លោក​យេស៊ូ​បាន​ជួយ​ពួក​សាវ័ក​ឲ្យ​ដឹង​ថា​ពួក​គាត់​ត្រូវ​មាន​ចិត្ត​រាប​ទាប។

តើ​ការ​ដាស់​តឿន​របស់​លោក​យេស៊ូ​ឲ្យ​ពួក​សាវ័ក​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​គឺ​សម​ស្រប​នឹង​ចិត្ត​គំនិត​របស់​ជន​ជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១​ឬ​ទេ? ឬ​ក៏​ផ្ទុយ​នឹង​ចិត្ត​គំនិត​ជា​ទូទៅ​របស់​ពួក​គេ​វិញ? សៀវភៅ​វចនានុក្រម​មួយ (​Theological Dictionary of the New Testament​) ដែល​រៀប​រាប់​អំពី​ស្ថានភាព​សង្គម​នា​សម័យ​នោះ​ពន្យល់​ថា​៖ ​«​ក្នុង​គ្រប់​ការ​ទាំង​អស់ គេ​តែង​តែ​គិត​ថា​អ្នក​ណា​សំខាន់​ជាង​គេ ហើយ​ការ​ផ្ដល់​កិត្ដិយស​ដល់​បុគ្គល​ដែល​គេ​គិត​ថា​សម​នឹង​ទទួល​កិត្ដិយស​ជា​រឿង​សំខាន់​សម្រាប់​ពួក​គេ​ជា​និច្ច​»។ លោក​យេស៊ូ​ដាស់​តឿន​ពួក​សាវ័ក​របស់​លោក​ឲ្យ​មាន​ចិត្ត​គំនិត​ខុស​ពី​មនុស្ស​ទូទៅ​នៅ​សម័យ​នោះ។

៣​. ​(​ក​) តើ​ការ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​មាន​ន័យ​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​យើង​ប្រហែលជា​ពិបាក​ធ្វើ​ដូច្នេះ? (​ខ​) តើ​មាន​សំណួរ​អ្វី​ខ្លះ​ស្តី​អំពី​ការ​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ត​គំនិត​ជា​អ្នក​តូច​ជាង​គេ?

ពាក្យ​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​អ្នក​តូច​ជាង​គេ​»​មាន​ន័យ​ថា​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប សុភាព ទន់​ទាប មិន​សូវ​សំខាន់ ឬ​មិន​សូវ​មាន​កិត្ដិយស​និង​ឥទ្ធិពល។ លោក​យេស៊ូ​បាន​យក​ក្មេង​តូច​ម្នាក់​មក​ធ្វើ​ជា​គំរូ​ដើម្បី​ធ្វើ​ឲ្យ​ពួក​សាវ័ក​របស់​លោក​ដឹង​ច្បាស់​ថា ពួក​គាត់​គួរ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព។ ការ​ដាស់​តឿន​នោះ​គឺ​ជាប់​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​ពិត​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​នៅ​សតវត្សរ៍​ទី​១​ដែរ។ យើង​ប្រហែលជា​ពិបាក​កាន់​ចរិយា​ធ្វើ​ជា​អ្នក​តូច​ជាង​គេ ជា​ពិសេស​ក្នុង​ស្ថានភាព​ខ្លះ។ ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​នាំ​ឲ្យ​យើង​មាន​អំណួត ហើយ​ព្យាយាម​ឲ្យ​បាន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត។ មជ្ឈដ្ឋាន​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​ដែល​យើង​រស់​នៅ​និង​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​ប្រហែល​ជា​នាំ​ឲ្យ​យើង​គិតតែ​ពី​ប្រយោជន៍​ខ្លួន ចង់​ឈ្នះ​ចង់​ចាញ់​គ្នា ឬ​ប្រើ​អ្នក​ឯ​ទៀត​ជា​ឈ្នាន់​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន។ តើ​អ្វី​អាច​ជួយ​យើង​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ត​គំនិត​ជា​អ្នក​តូច​ជាង​គេ? តើ​តាម​របៀប​ណា​ដែល​‹អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម​យើង គឺជា​អ្នក​ធំ›? តើ​ក្នុង​រឿង​ណាខ្លះ​ក្នុង​ជីវិត​ដែល​យើង​គួរ​ព្យាយាម​បង្ហាញ​ចិត្ត​រាប​ទាប?

«​ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎!​»​

៤, ៥​. តើ​អ្វី​អាច​ជំរុញ​យើង​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ត​រាប​ទាប? សូម​លើក​ឧទាហរណ៍។

របៀប​មួយ​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប​ជាង គឺ​ដោយ​ចាំ​ថា​ព្រះ​យេហូវ៉ា​ខ្ពង់​ខ្ពស់​ជាង​យើង​ឆ្ងាយ​ណាស់។ តាម​ការ​ពិត​«​គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បាន​ទេ​»។ (​អេ. ៤០:​២៨​) សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​លក្ខណៈ​ខ្លះ​នៃ​ភាព​រុងរឿង​របស់​ព្រះ​យេហូវ៉ា ដោយ​សរសេរ​ថា​៖ ​«​ពរ ប្រាជ្ញា និង​ចំណេះ​របស់​ព្រះ​គឺ​បរិបូរ​ណាស់​ហ្ន៎! ការ​វិនិច្ឆ័យ​របស់​លោក​គ្មាន​អ្នក​ណា​អាច​ស្វែង​យល់​បាន​ទេ ហើយ​ផ្លូវ​របស់​លោក​គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ!​»។ (​រ៉ូម ១១:៣៣​) ទោះ​ជា​ចំណេះ​របស់​មនុស្ស​ជាតិ​ក្នុង​រឿង​ជា​ច្រើន​បាន​កើន​ឡើង​ជា​ខ្លាំង​តាំង​ពី​សាវ័ក​ប៉ូល​បាន​សរសេរ​ពាក្យ​ទាំង​នេះ​ប្រហែលជា​២.០០០​ឆ្នាំ​មុន​ក៏​ដោយ ពាក្យ​ទាំង​នេះ​នៅ​តែ​ជា​ការ​ពិត។ ទោះ​ជា​យើង​ចេះ​ដឹង​ច្រើន​យ៉ាង​ណា​ក៏​ដោយ យើង​គួរ​មាន​ចិត្ត​រាប​ទាប​ដោយ​ដឹង​ថា​យើង​នៅ​តែ​មាន​អ្វី​ច្រើន​មិន​ចេះ​អស់​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា កិច្ចការ​និង​ការ​ប្រព្រឹត្ត​របស់​លោក។

ការ​ទទួល​ស្គាល់​ថា​យើង​មិន​អាច​យល់​អំពី​កិច្ចការ​របស់​ព្រះ​បាន​ទេ បាន​ជួយ​ឡេអូ *ឲ្យ​ចាត់​ទុក​ខ្លួន​គាត់​ជា​អ្នក​តូច​ជាង​គេ។ ជា​យុវជន​មួយ​រូប ឡេអូ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​រឿង​វិទ្យាសាស្ត្រ។ ដោយ​មាន​បំណង​ចង់​ដឹង​ឲ្យ​បាន​ច្រើន​បំផុត​អំពី​សកលលោក គាត់​បាន​សិក្សា​អំពី​តារា​រូបវិទ្យា ហើយ​បាន​ទាញ​មេរៀន​ដ៏​សំខាន់​មួយ។ គាត់​និយាយ​ថា​៖ ​«​ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា​ទ្រឹស្តី​វិទ្យាសាស្ត្រ​សព្វ​ថ្ងៃ​នេះ​ប៉ុណ្ណោះ ទំនង​ជា​មិន​អាច​ជួយ​មនុស្ស​ជាតិ​ឲ្យ​យល់​អំពី​សកលលោក​ទាំង​ស្រុង​បាន​ទេ។ ដូច្នេះ ខ្ញុំ​បាន​ប្ដូរ​មក​សិក្សា​ខាង​ច្បាប់​វិញ​»។ ក្រោយ​មក ឡេអូ​បាន​ក្លាយ​ជា​រដ្ឋ​អាជ្ញា ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ចៅ​ក្រម។ នៅ​ទី​បំផុត គាត់​និង​ប្រពន្ធ​គាត់​បាន​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា បាន​ទទួល​យក​សេចក្ដី​ពិត ហើយ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ដើម្បី​បម្រើ​លោក។ ទោះ​ជា​គាត់​ធ្លាប់​ទទួល​ការ​អប់រំ​ខ្ពស់​ក្ដី តើ​អ្វី​បាន​ជួយ​ឡេអូ​ឲ្យ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ? គាត់​ឆ្លើយ​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា​៖ ​«​យើង​ដឹង​ថា​ទោះ​ជា​យើង​បាន​រៀន​ច្រើន​យ៉ាង​ណា​ក៏​ដោយ​អំពី​ព្រះ​យេហូវ៉ា​និង​សកលលោក គឺ​នៅ​តែ​មាន​អ្វី​ៗ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ស្វែង​យល់​»។

៦, ៧​. ​(​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​ដ៏​អស្ចារ្យ​អ្វី​ស្តី​អំពី​ចិត្ត​រាប​ទាប? (​ខ​) តើ​ចិត្ត​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​«​អ្នក​ធំ​»​យ៉ាង​ដូច​ម្ដេច?

កត្ដា​ផ្សេង​ទៀត​ដែល​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ផ្ទាល់​បង្ហាញ​ចិត្ត​រាប​ទាប។ សូម​ពិចារណា​អំពី​ខ​គម្ពីរ​នេះ​ដែល​ចែង​ថា​៖ ​«​យើង​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ​»។ (​១កូ. ៣:​៩​) ពិត​ជា​អស្ចារ្យ​មែន! ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ភាព​ឧត្តុង្គឧត្តម​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន ចាត់​ទុក​យើង​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​លោក។ លោក​ផ្ដល់​កិត្ដិយស​នេះ​ដល់​យើង ដោយ​ឲ្យ​យើង​មាន​ឱកាស​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ដោយ​ប្រើ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ ទោះ​ជា​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​គ្រាប់​ពូជ​ដែល​យើង​ដាំ​និង​ស្រោច​ទឹក ដុះ​ឡើង​ក៏​ដោយ លោក​ឲ្យ​យើង​មាន​តួនាទី​ប្រកប​ដោយ​កិត្ដិយស គឺ​ឲ្យ​យើង​ធ្វើ​ជា​អ្នក​រូម​ការ​ងារ​ជា​មួយ​នឹង​លោក។ (​១កូ. ៣:៦, ៧​) ព្រះ​ពិត​ជា​បាន​ទុក​គំរូ​យ៉ាង​អស្ចារ្យ​ស្តី​អំពី​ចិត្ត​រាប​ទាប។ គំរូ​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ចិត្ត​រាប​ទាប​ប្រាកដជា​លើក​ទឹក​ចិត្ត​យើង​ម្នាក់​ៗ​យ៉ាង​ខ្លាំង​ឲ្យ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ។

គំរូ​របស់​ព្រះ​ស្តី​អំពី​ចិត្ត​រាប​ទាប​បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុកតម្កើង។ គាត់​បាន​ច្រៀង​ជូន​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​បាន​ប្រទាន​ខែល​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូល​បង្គំ ហើយ​ព្រះ​ហឫទ័យ​ស្រទន់​របស់​ទ្រង់​បាន​លើក​ទូល​បង្គំ​ឡើង​ជា​ធំ​»។ (​២សាំ. ២២:៣៦​) ដាវីឌ​បាន​ដឹង​ថា​គាត់​អាច​ធ្វើ​អ្វី​ៗ​ដ៏​អស្ចារ្យ​នៅ​អ៊ីស្រាអែល​បាន គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​រាប​ទាប ពោល​គឺ​លោក​ឱន​ព្រះ​នេត្រ​ឬ​បន្ទាប​ខ្លួន​លោក​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ (​ទំនុក. ១១៣:៥​-​៧​) តើ​យើង​មាន​ចិត្ត​គំនិត​ដូច​ដាវីឌ​ឬ​ទេ? គុណ​សម្បត្ដិ សមត្ថភាព និង​ឯកសិទ្ធិ​ផ្សេង​ៗ​ដែល​យើង​មាន យើង​«​បាន​ទទួល​»​ពី​ព្រះ​យេហូវ៉ា។ (​១កូ. ៤:​៧​) បុគ្គល​ដែល​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​ជា​«​អ្នក​ធំ​»​ គឺ​គាត់​បាន​ក្លាយ​ជា​អ្នក​បម្រើ​ដែល​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​ព្រះ​យេហូវ៉ា។ (​លូក. ៩:៤៨​) សូម​យើង​សញ្ជឹង​គិត​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

‹អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គឺ​ជា​អ្នក​ធំ›

៨​. តើ​ចិត្ត​រាប​ទាប​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​អង្គការ​ព្រះ​យេហូវ៉ា?

ចិត្ត​រាប​ទាប​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ឲ្យ​យើង​ស្កប់​ចិត្ត​នឹង​ការ​រៀបចំ​របស់​ព្រះ ហើយ​គាំទ្រ​ការ​រៀបចំ​របស់​ក្រុម​ជំនុំ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​ពេត្រា​ដែល​ជា​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​សាក្សី​ព្រះ​យេហូវ៉ា។ ដោយ​សារ​ពេត្រា​ចង់​ធ្វើ​អ្វី​ៗ​តាម​ចិត្ត​ខ្លួន នាង​បាន​ចាក​ចេញ​ពី​ក្រុម​ជំនុំ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នាង​បាន​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ​ម្ដង​ទៀត។ ឥឡូវ​នេះ​នាង​សប្បាយ​រីករាយ​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ហើយ​ចង់​គាំទ្រ​ការ​រៀបចំ​របស់​ក្រុម​ជំនុំ។ តើ​អ្វី​បាន​ជួយ​នាង​ឲ្យ​កែប្រែ​ទស្សនៈ​របស់​នាង? នាង​បាន​សរសេរ​ថា​៖ ​«​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រួល​ក្នុង​អង្គការ​របស់​ព្រះ គុណ​សម្បត្ដិ​សំខាន់​បំផុត​ពីរ​ដែល​ខ្ញុំ​ត្រូវ​យល់​និង​ត្រូវ​អប់រំ​ខ្លួន គឺ​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព​»។

៩​. តើ​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​មាន​ចិត្ត​គំនិត​បែប​ណា​ចំពោះ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​យើង​ទទួល ហើយ​ហេតុ​អ្វី​នេះ​ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​ប្រយោជន៍​ច្រើន​ថែម​ទៀត?

បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​មាន​ចិត្ត​ដឹង​គុណ​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ចំពោះ​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា រួម​ទាំង​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ។ ដូច្នេះ បុគ្គល​បែប​នេះ​ខំ​ប្រឹង​សិក្សា​គម្ពីរ ហើយ​ចូល​ចិត្ត​អាន​ទស្សនាវដ្ដី​ប៉មយាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រលឹក! (​Awake!​)។ ដូច​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ទៀត​របស់​ព្រះ​យេហូវ៉ា គាត់​ប្រហែលជា​មាន​ទម្លាប់​អាន​សៀវភៅ​ថ្មី​នីមួយ​ៗ​មុន​នឹង​ទុក​ក្នុង​ទូរ​សៀវភៅ​របស់​គាត់។ ពេល​យើង​បង្ហាញ​ចិត្ត​ដឹង​គុណ​និង​ចិត្ត​រាប​ទាប​ដោយ​អាន​និង​សិក្សា​សៀវភៅ​ផ្សេង​ៗ​របស់​យើង ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ នោះ​យើង​ជឿន​ទៅ​មុខ​ខាង​កិច្ច​បម្រើ​ព្រះ ហើយ​ព្រះ​យេហូវ៉ា​អាច​ប្រើ​យើង​កាន់​តែ​ច្រើន​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​របស់​លោក។—ហេ. ៥:១៣, ១៤

១០​. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ចិត្ត​គំនិត​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ក្រុម​ជំនុំ?

១០ អ្នក​ដែល​កាន់​ចរិយា​ជា​អ្នក​ដែល​តូច​ជាង​គេ​គឺជា​«​អ្នក​ធំ​»​តាម​របៀប​មួយ​ទៀត។ ក្រុម​ជំនុំ​នីមួយ​ៗ​មាន​បុរស​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់ ដែល​បាន​ត្រូវ​តែង​តាំង​ក្រោម​ការ​ដឹក​នាំ​នៃ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​បម្រើ​ជា​អ្នក​ចាស់​ទុំ។ ពួក​គាត់​រៀបចំ​កិច្ច​ការ​ផ្សេង​ៗ​ខាង​ការ​គោរព​ប្រណិប័ន៍​ព្រះ​ដូច​ជា​កិច្ច​ប្រជុំ​ក្រុម​ជំនុំ កិច្ច​ផ្សព្វ​ផ្សាយ និង​ការ​ទៅ​លេង​បង​ប្អូន​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គាត់។ ពេល​យើង​បង្ហាញ​ចិត្ត​គំនិត​ជា​អ្នក​តូច​ជាង​គេ​ដោយ​គាំទ្រ​ការ​រៀបចំ​ទាំង​នេះ​ដោយ​ស្ម័គ្រ​ចិត្ត យើង​ជួយ​ក្រុម​ជំនុំ​ឲ្យ​មាន​អំណរ សេចក្ដី​សុខ​សាន្ត និង​សាមគ្គី​ភាព។ (​សូម​អាន ហេប្រឺ ១៣:៧, ១៧) ប្រសិនបើ​អ្នក​កំពុង​បម្រើ​ជា​អ្នក​ចាស់​ទុំ ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ តើ​អ្នក​បាន​បង្ហាញ​ចិត្ត​រាប​ទាប​និង​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​បាន​ឲ្យ​អ្នក​នូវ​ឯកសិទ្ធិ​បែប​នេះ​ក្នុង​កិច្ច​បម្រើ​លោក​ឬ​ទេ?

១១, ១២​. តើ​ចិត្ត​គំនិត​បែប​ណា នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ប្រយោជន៍​ដល់​អង្គការ​របស់​ព្រះ​យេហូវ៉ា ហើយ​ហេតុ​អ្វី?

១១ អ្នក​ដែល​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​គឺជា​«​អ្នក​ធំ​»​ ឬ​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា ពីព្រោះ​ចិត្ត​គំនិត​របស់​គាត់​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​អ្នក​បម្រើ​ដ៏​ល្អ​និង​មាន​ប្រយោជន៍​របស់​ព្រះ។ លោក​យេស៊ូ​បាន​ដាស់​តឿន​ពួក​សាវ័ក​របស់​លោក​ឲ្យ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ ដោយ​សារ​សាវ័ក​ខ្លះ​ទទួល​ឥទ្ធិពល​ពី​ចិត្ត​គំនិត​ជា​ទូ​ទៅ​របស់​មនុស្ស​នៅ​សម័យ​នោះ។ លូកា ៩:៤៦​ចែង​ថា​៖ ​«​ពួក​គាត់​ចាប់​ផ្ដើម​ជជែក​គ្នា​អំពី​អ្នក​ណា​ក្នុង​ចំណោម​ពួក​គាត់​នឹង​ទៅ​ជា​អ្នក​ធំ​ជាង​គេ​»។ តើ​យើង​ក៏​ប្រហែលជា​ចាប់​ផ្ដើម​គិត​ថា យើង​ប្រសើរ​ជាង​បង​ប្អូន​រួម​ជំនឿ​ឬ​ខ្ពង់​ខ្ពស់​ជាង​មនុស្ស​ទូទៅ​ដែរ​ឬ​ទេ? ក្នុង​ពិភព​លោក​នេះ មនុស្ស​ជា​ច្រើន​ជុំ​វិញ​យើង​មាន​ចិត្ត​អំណួត ហើយ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ចូរ​យើង​ជៀស​វាង​ពី​អំណួត ដោយ​បង្ហាញ​ចិត្ត​រាប​ទាប។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ ហើយ​ចាត់​ទុក​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត យើង​នឹង​ធ្វើ​ឲ្យ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង​កាន់​តែ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។

១២ ការ​ដាស់​តឿន​របស់​លោក​យេស៊ូ​ឲ្យ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ ពិត​ជា​ជំរុញ​ចិត្ត​យើង​មែន។ តើ​យើង​គួរ​ព្យាយាម​បង្ហាញ​ចិត្ត​គំនិត​ជា​អ្នក​តូច​ជាង​គេ​ក្នុង​គ្រប់​ស្ថានភាព​ក្នុង​ជីវិត​ឬ​ទេ? ចូរ​យើង​ផ្ដោត​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​ស្ថានភាព​បី​យ៉ាង។

ចូរ​ព្យាយាម​ធ្វើ​ជា​អ្នក​តូច​ជាង​គេ

១៣, ១៤​. តើ​តាម​របៀប​ណា​ប្ដី​ឬ​ប្រពន្ធ​គួរ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ ហើយ​តើ​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចំណង​អាពាហ៍ពិពាហ៍?

១៣ ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ខ្វល់ខ្វាយ​អំពី​សិទ្ធិ​របស់​ខ្លួន​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​ទាម​ទារ​សិទ្ធិ​របស់​ពួក​គេ ទោះ​ជា​ការ​ធ្វើ​ដូច្នេះ​មាន​ន័យ​ថា​ត្រូវ​បំពាន​សិទ្ធិ​អ្នក​ឯ​ទៀត​ក៏​ដោយ។ ប៉ុន្តែ អ្នក​ដែល​តូច​ជាង​គេ​ធ្វើ​តាម​ចិត្ត​គំនិត​ដែល​ប៉ូល​បាន​លើក​ទឹក​ចិត្ត​យើង។ ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​បង​ប្អូន​នៅ​ក្រុង​រ៉ូម​ថា​៖ ​«​ចូរ​យើង​ស្វែងរក​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្ដិភាព និង​អ្វី​ដែល​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​មាន​ភាព​រឹង​មាំ​»។ (​រ៉ូម ១៤:១៩​) បុគ្គល​ដែល​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​ខំ​ប្រឹង​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​មនុស្ស​ទាំង​អស់ ហើយ​ជា​ពិសេស​ជា​មួយ​គូ​អាពាហ៍ពិពាហ៍​ជា​ទី​ស្រឡាញ់​របស់​គាត់។

១៤ សូម​ពិចារណា​អំពី​ការ​កម្សាន្ត​សប្បាយ។ គូ​អាពាហ៍ពិពាហ៍​ប្រហែល​ជា​មាន​ចំណង់​ចំណូល​ចិត្ត​ខុស​គ្នា​ស្តី​អំពី​ការ​កម្សាន្ត។ ប្រហែល​ជា​ប្ដី​ចូល​ចិត្ត​នៅ​ផ្ទះ​យ៉ាង​ស្ងាត់​ស្ងៀម ហើយ​អាន​សៀវភៅ​នៅ​ពេល​សម្រាក​ពី​ការងារ។ ផ្ទុយ​ទៅ​វិញ ប្រពន្ធ​ប្រហែលជា​ចង់​ទៅ​បរិភោគ​អាហារ​នៅ​ភោជនីយដ្ឋាន​ឬ​ចង់​ទៅ​លេង​មិត្ត​ភក្ដិ។ ប្រពន្ធ​ងាយ​នឹង​គោរព​ប្ដី​របស់​នាង​ជាង ពេល​ដែល​នាង​ឃើញ​ថា​ប្ដី​នាង​បង្ហាញ​ចិត្ត​រាប​ទាប ហើយ​ពិត​ជា​គិត​អំពី​អ្វី​ដែល​នាង​ចូល​ចិត្ត​និង​អ្វី​ដែល​នាង​មិន​ចូល​ចិត្ត​ជា​ជាង​គិត​អំពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ ប្ដី​នឹង​ស្រឡាញ់​ហើយ​ឲ្យ​តម្លៃ​ប្រពន្ធ​ខ្លាំង​ជាង ពេល​ដែល​គាត់​ឃើញ​ថា​នាង​មិន​ទាម​ទារ​ឲ្យ​គាត់​ធ្វើ​តាម​ចិត្ត​របស់​នាង​ទេ តែ​គិត​អំពី​អារម្មណ៍​របស់​គាត់​វិញ! ពេល​ដែល​គូ​ម្នាក់​ៗ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ នោះ​ពួក​គាត់​អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់។—សូម​អាន ភីលីព ២:១​-​៤

១៥, ១៦​. នៅ​ទំនុក ទី​១៣១ តើ​ដាវីឌ​បាន​ជូន​យោបល់​ឲ្យ​មាន​ចិត្ត​គំនិត​បែប​ណា ហើយ​តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​ការ​ប្រព្រឹត្ត​របស់​យើង​ក្នុង​ក្រុម​ជំនុំ?

១៥ ក្នុង​ក្រុម​ជំនុំ។ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​រស់​នៅ​ដើម្បី​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ភ្លាម​ៗ​របស់​ខ្លួន។ ពួក​គេ​មិន​សូវ​មាន​ចិត្ត​អត់​ធ្មត់ ហើយ​មិន​ចូល​ចិត្ត​រង់​ចាំ​អ្វី​ទាំង​អស់។ ការ​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ត​គំនិត​ជា​អ្នក​តូច​ជាង​គេ​ជួយ​យើង​ឲ្យ​រង់​ចាំ​ព្រះ​យេហូវ៉ា។ (​សូម​អាន ទំនុកតម្កើង ១៣១:១​-​៣) ប្រយោជន៍​ដែល​មក​ពី​ការ​មាន​ចិត្ត​រាប​ទាប​ហើយ​ចេះ​រង់​ចាំ​ព្រះ​យេហូវ៉ា​គឺ​យើង​ទទួល​ពរ ការ​សម្រាល​ទុក្ខ ការ​ស្កប់​ចិត្ត ហើយ​មាន​សុវត្ថិភាព។ មិន​មែន​ជា​ការ​ចម្លែក​ឡើយ​ដែល​ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ជន​រួម​ជាតិ​អ៊ីស្រាអែល​ឲ្យ​រង់​ចាំ​ព្រះ​របស់​ពួក​គេ​ដោយ​ចិត្ត​អត់​ធ្មត់!

១៦ អ្នក​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ស្រដៀង​គ្នា​នេះ ពេល​ដែល​អ្នក​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប។ (​ទំនុក. ៤២:​៥​) ប្រហែល​ជា​អ្នក​«​ចង់​បាន​កិច្ចការ​ដ៏​ល្អ​ប្រសើរ​»​ ហើយ​ដូច្នេះ​អ្នក​«​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ​»។ (​១ធី. ៣:១​-​៧​) អ្នក​គួរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​សកម្មពល​បរិសុទ្ធ​អប់រំ​អ្នក​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​មាន។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​ត្រូវ​រង់​ចាំ​យូរ​ជាង​អ្នក​ឯ​ទៀត? បុគ្គល​ដែល​តូច​ជាង​គេ រង់​ចាំ​ទទួល​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​ដោយ​ចិត្ត​អត់​ធ្មត់ និង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រីករាយ ហើយ​នឹង​រីករាយ​ចំពោះ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​លោក​បាន​ប្រគល់​ឲ្យ។

១៧, ១៨​. ​(​ក​) ពេល​យើង​សុំ​ការ​អភ័យទោស​ហើយ​សុខ​ចិត្ត​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? (​ខ​) តើ​សុភាសិត ៦:១​-​៥​ផ្ដល់​ឱវាទ​អ្វី?

១៧ ក្នុង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​អ្នក​ឯ​ទៀត។ ការ​សុំ​អភ័យ​ទោស​គឺជា​ការ​ពិបាក​សម្រាប់​មនុស្ស​ជា​ច្រើន។ ក៏​ប៉ុន្តែ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ត​គំនិត​ជា​អ្នក​តូច​ជាង​គេ ដោយ​សារភាព​កំហុស​របស់​ខ្លួន ហើយ​សុំ​ការ​អភ័យទោស។ ពួក​គេ​ក៏​បម្រុង​តែ​នឹង​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ដែរ។ ចិត្ត​អំណួត​បណ្ដាល​ឲ្យ​មាន​ការ​បែកបាក់​គ្នា​និង​ជម្លោះ រីឯ​ការ​អភ័យទោស​នាំ​ឲ្យ​មាន​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ។

១៨ យើង​ប្រហែលជា​ត្រូវ​‹បន្ទាប​ខ្លួន›​ដោយ​សុំ​ការ​អភ័យ​ទោស​យ៉ាង​ស្មោះ​ពី​បុគ្គល​ម្នាក់​ទៀត ប្រសិនបើ​យើង​មិន​អាច​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​ដោយ​សារ​ស្ថានភាព​ដែល​យើង​មិន​អាច​ផ្លាស់​ប្ដូរ​បាន។ ទោះ​ជា​អ្នក​ឯ​ទៀត​ប្រហែលជា​មាន​ចំណែក​ក្នុង​បញ្ហា​នោះ​ក៏​ដោយ គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​រាប​ទាប​គិត​អំពី​កំហុស​របស់​ខ្លួន ហើយ​សុខ​ចិត្ត​ទទួល​កំហុស​នោះ។—សូម​អាន សុភាសិត ៦:១​-​៥

១៩​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​ម្នាក់​ៗ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ឱវាទ​គម្ពីរ​ដែល​ឲ្យ​យើង​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ?

១៩ ដោយ​សារ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អប់រំ​ខ្លួន​ជា​អ្នក​តូច​ជាង​គេ យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​មែន! ជួនកាល​យើង​ប្រហែល​ជា​ពិបាក​បង្ហាញ​ចិត្ត​រាប​ទាប។ ប៉ុន្តែ ប្រសិនបើ​យើង​គិត​ថា​ព្រះ​យេហូវ៉ា​ខ្ពង់​ខ្ពស់​ជាង​យើង​ឆ្ងាយ​ណាស់ ហើយ​ចាំ​ថា​លោក​ផ្ទាល់​បាន​បង្ហាញ​ចិត្ត​រាប​ទាប នោះ​យើង​នឹង​ចង់​បង្ហាញ​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​នេះ។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​បង្ហាញ​ថា​យើង​ពិត​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា ដែល​មាន​ប្រយោជន៍​ច្រើន​ជាង។ ដូច្នេះ សូម​ឲ្យ​យើង​ម្នាក់​ៗ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ។

[​កំណត់​សម្គាល់​]

^ វគ្គ 5 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៥​]

[​រូបភាព​នៅ​ទំព័រ​១៦​]

ព្រះ​យេហូវ៉ា​ផ្ដល់​កិត្ដិយស​ឲ្យ​យើង​មាន​ឯកសិទ្ធិ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

[​រូបភាព​នៅ​ទំព័រ​១៩​]

តើ​អ្នក​មាន​ឱកាស​អ្វី​ខ្លះ​ដើម្បី​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ?