លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

សំណួរ​ពី​អ្នក​អាន

តើ​ពាក្យ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ១៩:១០​-​១២បង្កប់​អត្ថន័យ​ថា ពួក​អ្នក​ដែល​សម្រេច​ចិត្ត​នៅ​លីវ​ទទួល​អំណោយ​ទាន​ជា​ភាព​នៅ​លីវ​តាម​របៀប​ពិសេស​ឬ​ទេ?

▪ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​ភាព​នៅ​លីវ។ ពេល​ដែល​ពួក​ផារិស៊ី​មក​ឯ​លោក​យេស៊ូ ហើយ​លើក​ឡើង​នូវ​សំណួរ​ស្តី​អំពី​ការ​លែង​លះ​គ្នា លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​អាពាហ៍ពិពាហ៍។ ទោះ​ជា​ច្បាប់​អនុញ្ញាត​ឲ្យ​បុរស​ធ្វើ​សំបុត្រ​លែង​លះ​ប្រពន្ធ ក្នុង​ករណី​ដែល​គាត់​រក​ឃើញ​ថា​នាង​មាន​«​សេចក្ដី​ណា​ដែល​មិន​គប្បី​»​ក៏​ដោយ ប៉ុន្តែ​នៅ​ដើម​ដំបូង មិន​មែន​ដូច្នេះ​ទេ។ (​ចោ. ២៤:១, ២​) បន្ទាប់​មក​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ជា​អ្នក​ផិត​ក្បត់​»។—ម៉ាថ. ១៩:៣​-​៩

ពេល​ឮ​ដូច្នេះ ពួក​សាវ័ក​បាន​និយាយ​ថា​៖ ​«​ប្រសិនបើជា​ប្ដី​ប្រពន្ធ​គឺ​ដូច្នោះ​មែន មិន​រៀប​ការ​ល្អ​ជាង​»។ លោក​យេស៊ូ​បាន​តប​ទៅ​ពួក​គាត់​វិញ​ថា​៖ ​«​មិន​មែន​មនុស្ស​ទាំង​អស់​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​នេះ​ឡើយ មាន​តែ​អ្នក​ដែល​បាន​ទទួល​អំណោយ​ទាន​នេះ​ប៉ុណ្ណោះ។ មាន​អ្នក​ខ្លះ​ជា​ជន​គម្រៀវ​ពី​កំណើត ហើយ​មាន​អ្នក​ខ្លះ​ទៀត​ដែល​បាន​ត្រូវ​គេ​គ្រៀវ រីឯ​អ្នក​ខ្លះ​មិន​រៀប​ការ​ព្រោះ​តែ​រាជាណាចក្រ​ស្ថាន​សួគ៌។ អ្នក​ណា​ដែល​អាច​ទទួល​យក​អ្វី​បែប​នេះ​បាន ចូរ​ទទួល​យក​ចុះ​»។—ម៉ាថ. ១៩:១០​-​១២

ជន​គម្រៀវ​ក្នុង​ន័យ​ត្រង់ គឺជា​ពួក​អ្នក​ដែល​បាន​កើត​មក​ជា​ជន​គម្រៀវ​ដោយ​សារ​មាន​ភាព​មិន​គ្រប់​លក្ខណៈ​ពី​កំណើត ឬ​បាន​ទៅ​ជា​ជន​គម្រៀវ​ដោយ​សារ​រង​គ្រោះ​ថ្នាក់ ឬ​បាន​ត្រូវ​វះ​កាត់។ ប៉ុន្តែ អ្នក​ខ្លះ​សម្រេច​ចិត្ត​រស់​នៅ​ហាក់​ដូច​ជា​ជន​គម្រៀវ ទោះ​ជា​ពួក​គេ​មិន​មែន​ជា​ជន​គម្រៀវ​ក៏​ដោយ។ ទោះ​ជា​ពួក​គេ​អាច​រៀប​ការ​បាន​ក៏​ដោយ ពួក​គេ​ចេះ​ទប់​ចិត្ត ហើយ​បន្ត​នៅ​លីវ​ដោយ​«​ព្រោះ​តែ​រាជាណាចក្រ​ស្ថាន​សួគ៌​»។ ដូច​លោក​យេស៊ូ​ដែរ ពួក​គេ​សម្រេច​ចិត្ត​នៅ​លីវ ដើម្បី​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​រាជាណាចក្រ។ ពួក​គេ​មិន​មែន​កើត​មក​ដោយ​មាន​អំណោយ​ទាន​ជា​ភាព​នៅ​លីវ​នោះ​ទេ ហើយ​ក៏​មិន​បាន​ទទួល​អំណោយ​ទាន​ជា​ភាព​នៅ​លីវ​ដែរ។ ពួក​គេ​ពិត​ជា​ទទួល​យក​អ្វី​បែប​នេះ​បាន ពោល​គឺ​ពួក​គេ​មាន​បំណង​ទទួល​អំណោយ​ទាន​នេះ។

ដោយ​ផ្អែក​លើ​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ សាវ័ក​ប៉ូល​បាន​ពន្យល់​ថា ទោះ​ជា​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​នៅ​លីវ​ឬ​បាន​រៀប​ការ​ហើយ អាច​បម្រើ​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត​ក៏​ដោយ ពួក​អ្នក​ដែល​«​តាំង​ចិត្ត​រឹង​មាំ​»​ថា​នៅ​លីវ នោះ​«​សម្រេច​ការ​បាន​ល្អ​ជាង​»។ ហេតុ​អ្វី​ក៏​ដូច្នេះ? អ្នក​ដែល​បាន​រៀប​ការ​ហើយ ត្រូវ​បែងចែក​ពេល​វេលា​និង​កម្លាំង​របស់​ពួក​គេ​ដើម្បី​ធ្វើ​ឲ្យ​គូ​របស់​ខ្លួន​ពេញ​ចិត្ត និង​ដើម្បី​ថែ​រក្សា​គូ​របស់​ពួក​គេ។ ផ្ទុយ​ទៅ​វិញ គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​អាច​ប្រមូល​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​កិច្ច​បម្រើ​លោក​ម្ចាស់​ដោយ​មិន​មាន​កាតព្វកិច្ច​នោះ​ឡើយ។ ពួក​គេ​ចាត់​ទុក​ភាព​នៅ​លីវ​ជា​«​អំណោយ​ទាន​»​ពី​ព្រះ។—១កូ. ៧:៧, ៣២​-​៣៨

ហេតុ​នេះ បទ​គម្ពីរ​ប្រាប់​យើង​ថា គ្រិស្ត​សាសនិក​ម្នាក់​មិន​ទទួល​អំណោយ​ទាន​ជា​ភាព​នៅ​លីវ​តាម​របៀប​ពិសេស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ព្យាយាម​ឲ្យ​បាន​ទទួល​អំណោយ​ទាន​នេះ​ដោយ​មិន​រៀប​ការ ដើម្បី​ជួយ​កិច្ចការ​រាជាណាចក្រ​ព្រះ​ឲ្យ​ជឿន​ទៅ​មុខ ដោយ​មិន​មាន​អ្វី​មក​បំបែរ​អារម្មណ៍​គាត់​ឡើយ។ ហេតុ​នេះ បង​ប្អូន​ជា​ច្រើន​នាក់​បាន​តាំង​ចិត្ត​បន្ត​នៅ​លីវ ហើយ​បង​ប្អូន​ឯ​ទៀត​គួរ​លើក​ទឹក​ចិត្ត​ពួក​គាត់។

[​រូបភាព​នៅ​ទំព័រ​២០​]