លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបន្ដចូលទៅជិតព្រះយេហូវ៉ា

ចូរបន្ដចូលទៅជិតព្រះយេហូវ៉ា

​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ា. ៤:៨

១, ២​. ​(​ក​) តើ​«​កលល្បិច​ទាំង​ប៉ុន្មាន​»​របស់​សាថាន​គឺជា​អ្វី? (​ខ​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ?

​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ជាតិ​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​ចង់​ចូល​ទៅ​ជិត​លោក។ ប៉ុន្តែ សាថាន​ចង់​ឲ្យ​យើង​គិត​ដូច​វា​ដែរ ពោល​គឺ​គិត​ថា​យើង​មិន​ត្រូវ​ការ​ព្រះ​យេហូវ៉ា​ទេ។ នេះ​ជា​ពាក្យ​កុហក​ដែល​សាថាន​បាន​លើក​ឡើង តាំង​ពី​វា​បាន​បញ្ឆោត​នាង​អេវ៉ា​ក្នុង​សួន​អេដែន។ (​លោ. ៣:៤​-​៦​) តាំង​ពី​ពេល​នោះ​មក មនុស្ស​ជា​ច្រើន​បាន​គិត​ថា​មនុស្ស​ជាតិ​មិន​ត្រូវ​ការ​ព្រះ​ទេ។

ប៉ុន្តែ យើង​មិន​ចាំ​បាច់​ធ្លាក់​ក្នុង​អន្ទាក់​របស់​សាថាន​ឡើយ។ ​«​ព្រោះ​មិន​មែន​យើង​មិន​ដឹង​អំពី​កលល្បិច​ទាំង​ប៉ុន្មាន​របស់​សាថាន​នោះ​ទេ​»។ (​២កូ. ២:១១​) សាថាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​ដោយ​ជំរុញ​យើង​ឲ្យ​សម្រេច​ចិត្ត​ខុស។ ប៉ុន្តែ ដូច​អត្ថបទ​មុន​បាន​បង្ហាញ យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ស្តី​អំពី​អាជីព ការ​កម្សាន្ត និង​ទំនាក់​ទំនង​ក្នុង​ក្រុម​គ្រួសារ។ អត្ថបទ​នេះ​នឹង​បង្ហាញ​ថា​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បច្ចេកវិជ្ជា សុខភាព ប្រាក់ និង​មោទនភាព អាច​ជួយ​យើង​ឲ្យ​«​ចូល​ទៅ​ជិត​ព្រះ​»។—យ៉ា. ៤:៨

បច្ចេកវិជ្ជា

៣​. សូម​ឲ្យ​ឧទាហរណ៍​អំពី​របៀប​ដែល​បច្ចេកវិជ្ជា​អាច​ប្រើ​តាម​របៀប​ត្រឹម​ត្រូវ​និង​តាម​របៀប​មិន​ត្រឹម​ត្រូវ។

នៅ​ទូ​ទាំង​ពិភព​លោក មនុស្ស​កំពុង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ទាន់​សម័យ​ជា​ទូទៅ។ បើ​យើង​ប្រើ​ផលិតផល​ទាំង​នេះ​តាម​របៀប​ត្រឹម​ត្រូវ នេះ​អាច​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង។ ប៉ុន្តែ​បើ​យើង​ប្រើ​តាម​របៀប​មិន​ត្រឹម​ត្រូវ នេះ​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌។ សូម​ពិចារណា​អំពី​កុំព្យូទ័រ។ ទស្សនាវដ្ដី​ដែល​អ្នក​កំពុង​អាន​នេះ​បាន​ត្រូវ​សរសេរ​និង​បោះពុម្ព​ដោយ​ប្រើ​កុំព្យូទ័រ។ កុំព្យូទ័រ​អាច​ជា​ឧបករណ៍​សម្រាប់​ស្រាវជ្រាវ​ដែល​មាន​ប្រសិទ្ធភាព និង​ជា​ឧបករណ៍​សម្រាប់​ទំនាក់​ទំនង​គ្នា ហើយ​ជួនកាល​វា​ជា​ប្រភព​មួយ​នៃ​ការ​កម្សាន្ត​ដែល​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ប៉ុន្តែ យើង​ក៏​អាច​វក់​នឹង​បច្ចេកវិជ្ជា​កុំព្យូទ័រ​ដែរ។ ពួក​អ្នក​ផ្សាយ​ពាណិជ្ជកម្ម ប៉ិនប្រសប់​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា​ពួក​គេ​ត្រូវ​តែ​ទិញ​ផលិតផល​ដែល​ចេញ​ថ្មី​បំផុត។ យុវជន​ម្នាក់​ចង់​បាន​កុំព្យូទ័រ​បន្ទះ​ស្តើង​មួយ​ប្រភេទ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​លួច​លក់​តម្រង​នោម​ម្ខាង​របស់​គាត់​ដើម្បី​ទិញ​វា។ នេះ​ជា​ការ​លះ​បង់​ដោយ​ឥត​គិត​វែង​ឆ្ងាយ​សោះ!

៤​. តើ​គ្រិស្ត​សាសនិក​ម្នាក់​បាន​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​គាត់​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ហួស​ហេតុ​ពេក?

គួរ​ឲ្យ​ស្ដាយ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត បើ​អ្នក​លះ​បង់​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ដោយ​សារ​ការ​ប្រើប្រាស់​បច្ចេកវិជ្ជា​តាម​របៀប​មិន​ត្រឹម​ត្រូវ​ឬ​ប្រើ​ហួស​ហេតុ​ពេក។ យ៉​ន *ជា​គ្រិស្ត​សាសនិក​ម្នាក់​ដែល​មាន​អាយុ​ជិត​៣០​ឆ្នាំ​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​គម្ពីរ​ប្រាប់​ថា​យើង​គួរ​‹ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត›​សម្រាប់​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ប៉ុន្តែ បើ​និយាយ​អំពី​កុំព្យូទ័រ គឺ​ខ្លួន​ខ្ញុំ​នេះ​ឯង​ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​»។ យ៉ន​ច្រើន​តែ​ប្រើ​អ៊ីនធឺណិត​រហូត​ដល់​យប់​ជ្រៅ។ គាត់​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​កាន់​តែ​អស់​កម្លាំង ខ្ញុំ​កាន់​តែ​ពិបាក​ឈប់​ផ្ញើ​សារ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​មើល​វីឌីអូ​ខ្លី​ៗ​ទោះ​ជា​វីឌីអូ​ខ្លះ​មិន​ល្អ​ក៏​ដោយ​»។ ដើម្បី​ជួយ​ខ្លួន​គាត់​ឲ្យ​យក​ឈ្នះ​ទម្លាប់​អាក្រក់​នេះ យ៉ន​បាន​កំណត់​ពេល​ឲ្យ​កុំព្យូទ័រ​របស់​គាត់​បិទ​ដោយ​ខ្លួន​វា​កាល​ណា​ដល់​ពេល​គាត់​ចូល​ដេក។—សូម​អាន អេភេសូរ ៥:១៥, ១៦

៥, ៦​. ​(​ក​) តើ​ឪពុក​ម្ដាយ​មាន​ភារកិច្ច​អ្វី​ខ្លះ​ចំពោះ​កូន​របស់​ពួក​គេ? (​ខ​) តើ​តា​មរ​បៀ​ណា​ដែល​ឪពុក​ម្ដាយ​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​របស់​ពួក​គេ​មាន​ការ​សេពគប់​ល្អ?

ឪពុក​ម្ដាយ​ទាំង​ឡាយ អ្នក​មិន​ចាំ​បាច់​ត្រួត​ពិនិត្យ​រាល់​សកម្មភាព​របស់​កូន​អ្នក​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ត្រួត​ពិនិត្យ​របៀប​ដែល​កូន​របស់​អ្នក​ប្រើ​កុំព្យូទ័រ។ កុំ​បណ្ដោយ​ឲ្យ​ពួក​គេ​មើល​គេហទំព័រ​ដែល​បង្ហាញ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ហ្គេម​ដែល​មាន​អំពើ​ហិង្សា អ្វី​ដែល​ទាក់​ទង​ជា​មួយ​ពួក​វិញ្ញាណ​កំណាច និង​ការ​ទាក់​ទង​ជា​មួយ​មនុស្ស​អាក្រក់។ ប្រសិនបើ​អ្នក​បណ្ដោយ​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​មក​រំខាន​អ្នក​ប៉ុណ្ណោះ នោះ​ពួក​គេ​ប្រហែលជា​សន្និដ្ឋាន​ថា​អ្វី​ៗ​ទាំង​នេះ​មិន​ខុស​ទេ។ ក្នុង​នាម​ជា​ឪពុក​ម្ដាយ អ្នក​មាន​ភារកិច្ច​ការពារ​កូន​ទាំង​តូច​ទាំង​ធំ​របស់​អ្នក​ពី​អ្វី​ក៏​ដោយ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា។ សូម្បី​តែ​សត្វ​ក៏​ចេះ​ការពារ​កូន​របស់​ពួក​វា​ពី​គ្រោះ​ថ្នាក់​ដែរ។ សូម​គិត​ទៅ​មើល​ថា​មេ​ខ្លា​ឃ្មុំ​នឹង​ធ្វើ​អ្វី ប្រសិនបើ​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​បាប​កូន​របស់​វា!—សូម​ពិនិត្យ​បន្ថែម ហូសេ ១៣:៨

សូម​ជួយ​កូន​របស់​អ្នក​ឲ្យ​សេពគប់​ជា​មួយ​គ្រិស្ត​សាសនិក​ឯ​ទៀត​ទាំង​ចាស់​ទាំង​ក្មេង​ដែល​បង្ហាញ​គំរូ​ល្អ។ សូម​ចាំ​ថា​កូន​របស់​អ្នក​ត្រូវ​ការ​ឲ្យ​អ្នក​ចំណាយ​ពេល​ជា​មួយ​ពួក​គេ! ដូច្នេះ សូម​លៃ​ពេល​ដើម្បី​សើច​សប្បាយ លេង ធ្វើ​ការ​និង​«​ចូល​ទៅ​ជិត​ព្រះ​»​ជា​មួយ​គ្នា។ *

សុខភាព

៧​. ហេតុ​អ្វី​យើង​ទាំង​អស់​គ្នា​ចង់​មាន​សុខភាព​ល្អ?

៧ ​«​តើ​អ្នក​សុខ​សប្បាយ​ជា​ទេ?​»។ ពាក្យ​ដ៏​សាមញ្ញ​នេះ​បញ្ជាក់​ការ​ពិត​មួយ​ដែល​ធ្វើ​ឲ្យ​ក្រៀម​ក្រំ​ចិត្ត។ ដោយ​សារ​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា យើង​ទាំង​អស់​គ្នា​អាច​មាន​ជំងឺ។ គោល​បំណង​របស់​សាថាន​គឺ​ចង់​ឲ្យ​យើង​មាន​ជំងឺ ដោយ​សារ​កាល​ណា​យើង​ឈឺ យើង​កាន់​តែ​ពិបាក​បម្រើ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត បើ​យើង​ស្លាប់ យើង​មិន​អាច​បម្រើ​លោក​បាន​ទាល់​តែ​សោះ។ (​ទំនុក. ១១៥:១៧​) ដូច្នេះ ជា​ការ​ធម្មតា​ទេ​ដែល​យើង​ចង់​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​មាន​សុខភាព​ល្អ * ហើយ​យើង​ក៏​គួរ​គិត​អំពី​សុខភាព​និង​សុខទុក្ខ​របស់​បង​ប្អូន​យើង​ដែរ។

៨, ៩​. ​(​ក​) តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​គិត​អំពី​សុខភាព​ហួស​ហេតុ​ពេក? (​ខ​) តើ​ការ​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ត​សប្បាយ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

ប៉ុន្តែ ជា​ការ​សំខាន់​ដែល​យើង​ជៀស​វាង​ពី​ការ​គិត​អំពី​សុខភាព​ហួស​ហេតុ​ពេក។ បង​ប្អូន​ខ្លះ​ចំណាយ​ពេល​និយាយ​អំពី​អាហារ ការ​ថែ​ទាំ​សុខភាព​ឬ​ផលិតផល​ខ្លះ​ច្រើន​ជាង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ទៅ​ទៀត។ ពួក​គាត់​ប្រហែលជា​ជឿ​ជាក់​យ៉ាង​ស្មោះ​ថា​ពួក​គាត់​កំពុង​ជួយ​អ្នក​ឯ​ទៀត។ ប៉ុន្តែ​យើង​មិន​ប្រើ​សាល​ប្រជុំ សន្និបាត​ឬ​មហាសន្និបាត​របស់​យើង​ដើម្បី​លក់​ផលិតផល​ផ្សេង​ៗ ឬ​ផ្សព្វ​ផ្សាយ​គំនិត​របស់​យើង​អំពី​សុខភាព​ទេ។ ហេតុ​អ្វី​យើង​មិន​គួរ​ធ្វើ​ដូច្នេះ?

យើង​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​គ្នា​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​និង​ដើម្បី​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​អំណរ ដែល​ជា​ផល​ផ្លែ​នៃ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ (​កាឡ. ៥:២២​) ការ​ផ្ដល់​យោបល់​អំពី​សុខភាព​និង​ផលិតផល​សុខភាព​ក្នុង​ឱកាស​បែប​នេះ ទោះ​ជា​អ្នក​ឯ​ទៀត​សុំ​ឬ​មិន​សុំ​យោបល់​យើង​ក៏​ដោយ នេះ​អាច​បំបែរ​អារម្មណ៍​បង​ប្អូន​ពី​គោលដៅ​របស់​ពួក​គាត់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ហើយ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​លែង​មាន​អំណរ។ (​រ៉ូម ១៤:១៧​) សូម​ទុក​ឲ្យ​បុគ្គល​ម្នាក់​ៗ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ស្តី​អំពី​របៀប​ថែ​រក្សា​សុខភាព​របស់​ខ្លួន។ បន្ថែម​ទៅ​ទៀត គ្មាន​អ្នក​ណា​ម្នាក់​មាន​មធ្យោបាយ​បំបាត់​ចោល​ជំងឺ​ទាំង​អស់​នោះ​ទេ។ សូម្បី​តែ​គ្រូ​ពេទ្យ​ដ៏​ពូកែ​បំផុត​ក៏​ទៅ​ជា​ចាស់ មាន​ជំងឺ ហើយ​ទី​បំផុត​ពួក​គេ​ក៏​ស្លាប់​ដែរ។ ការ​ខ្វល់ខ្វាយ​អំពី​សុខភាព​របស់​យើង​ហួស​ហេតុ​ពេក​មិន​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​វែង​ជាង​បាន​ទេ។ (​លូក. ១២:២៥​) ផ្ទុយ​ទៅ​វិញ​«​ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស​»។—សុភ. ១៧:២២

១០​. ​(​ក​) តើ​គុណ​សម្បត្ដិ​អ្វី​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ល្អ​ចំពោះ​លោក? (​ខ​) តើ​ពេល​ណា​យើង​អាច​មាន​សុខភាព​ល្អ​បំផុត?

១០ ស្រដៀង​គ្នា​ដែរ ជា​ការ​សមរម្យ​ដែល​យើង​គិត​អំពី​អាការ​ក្រៅ​របស់​យើង។ ប៉ុន្តែ យើង​មិន​ចាំ​បាច់​ព្យាយាម​លុប​បំបាត់​ស្នាម​ជ្រីវជ្រួញ​ទាំង​អស់​នោះ​ទេ។ ស្នាម​ទាំង​នោះ​អាច​ជា​សញ្ញា​សម្គាល់​នៃ​ភាព​ចាស់​ទុំ ភាព​ថ្លៃ​ថ្នូរ និង​សម្រស់​ដែល​នៅ​ក្នុង​ចិត្ត។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​៖ ​«​ឯ​សក់​ស្កូវ​បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្ដិសព្ទ​»។ (​សុភ. ១៦:៣១​) នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​យើង ហើយ​យើង​ក៏​គួរ​ព្យាយាម​ធ្វើ​ដូច​លោក​ដែរ។ (​សូម​អាន ពេត្រុស​ទី​១ ៣:៣, ៤) ដូច្នេះ យើង​មិន​ចាំ​បាច់​ប្រើ​វិធី​វះ​កាត់​ឬ​ប្រើ​វិធី​ថែ​ទាំ​សុខភាព​ដែល​អាច​ធ្វើ​ឲ្យ​យើង​ខូច​សុខភាព​ឬ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដើម្បី​ឲ្យ​យើង​មាន​សម្ផស្ស​ល្អ​ជាង​មុន​ប៉ុណ្ណោះ​ទេ។ ​«​អំណរ​របស់​ព្រះ​យេហូវ៉ា​»​នោះ​គឺជា​ប្រភព​នៃ​សម្រស់​ពិត​ដែល​ចេញ​ពី​ក្នុង​ចិត្ត ទោះ​ជា​យើង​មាន​អាយុ​ច្រើន​ឬ​មាន​សុខភាព​យ៉ាង​ណា​ក៏​ដោយ។ (​នេហ. ៨:១០​) នៅ​ក្នុង​ពិភព​លោក​ថ្មី​យើង​នឹង​មាន​សុខភាព​ល្អ​ពេញ​លេញ​និង​នៅ​ក្មេង​ម្ដង​ទៀត។ (​យ៉ូប ៣៣:២៥; អេ. ៣៣:២៤​) ទម្រាំ​ដល់​ពេល​នោះ យើង​ត្រូវ​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ ហើយ​មាន​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ នេះ​នឹង​ជួយ​យើង​ឲ្យ​សប្បាយ​នឹង​ជីវិត​របស់​យើង ហើយ​មិន​ចាត់​ទុក​បញ្ហា​សុខភាព​ជា​អ្វី​សំខាន់​បំផុត​ឡើយ។—១ធី. ៤:៨

ប្រាក់

១១​. តើ​ប្រាក់​អាច​ក្លាយ​ជា​អន្ទាក់​តាម​របៀប​ណា?

១១ ប្រាក់​មិន​មែន​ជា​អ្វី​ដែល​អាក្រក់​នោះ​ទេ ហើយ​ការ​រក​ស៊ី​ទៀង​ត្រង់​ក៏​មិន​ខុស​ដែរ។ (​សាស្ដ. ៧:១២; លូក. ១៩:១២, ១៣​) ប៉ុន្តែ បើ​យើង​ចាប់​ផ្ដើម​«​ស្រឡាញ់​ប្រាក់​»​ នេះ​នឹង​នាំ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​ជា​មិន​ខាន។ (​១ធី. ៦:៩, ១០​) ការ​«​ខ្វល់ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ​»​ ពោល​គឺ​ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​ក្នុង​ការ​រក​អ្វី​ៗ​ដែល​ចាំ​បាច់​ក្នុង​ជីវិត អាច​នាំ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ។ ដូច្នេះ ​«​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្ដិ​»​អាច​ធ្វើ​ឲ្យ​យើង​យល់​ខុស​ថា ទ្រព្យ​សម្បត្ដិ​នាំ​ឲ្យ​មាន​សុភមង្គល​និង​សុវត្ថិភាព​ដែល​ស្ថិតស្ថេរ។ (​ម៉ាថ. ១៣:២២​) លោក​យេស៊ូ​បាន​ពន្យល់​យ៉ាង​ច្បាស់​ស្តី​អំពី​រឿង​នេះ​ថា ​«​គ្មាន​អ្នក​ណា​»​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ឡើយ។—ម៉ាថ. ៦:២៤

១២​. តើ​មនុស្ស​ជា​ច្រើន​ខំ​ធ្វើ​អ្វី​ដើម្បី​រក​ប្រាក់​បាន​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី? តើ​យើង​អាច​ជៀស​វាង​ពី​ការ​សម្រេច​ចិត្ត​ខុស​យ៉ាង​ដូច​ម្ដេច?

១២ ការ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ប្រាក់​អាច​នាំ​ឲ្យ​យើង​ធ្វើ​ខុស។ (​សុភ. ២៨:២០​) ដោយ​សារ​គេ​សន្យា​ថា​អាច​ឈ្នះ​ឬ​ចំណេញ​បាន​ប្រាក់​ច្រើន​យ៉ាង​ឆាប់​រហ័ស បង​ប្អូន​ខ្លះ​ទិញ​ឆ្នោត ឬ​បង្កើត​គម្រោង​រក​ស៊ី​ជា​មួយ​គ្នា​ដែល​គួរ​ឲ្យ​សង្ស័យ ដូច​ជា​លេង​តុងទីន ថែម​ទាំង​បញ្ចុះ​បញ្ចូល​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ចូល​រួម​ក្នុង​គម្រោង​នោះ​ទៀត​ផង។ នៅ​ពេល​ផ្សេង​ទៀត បង​ប្អូន​ខ្លះ​បាន​សុំ​ខ្ចី​លុយ​ពី​សមាជិក​ក្នុង​ក្រុម​ជំនុំ​ដើម្បី​រក​ស៊ី ហើយ​បាន​សន្យា​ថា​នឹង​សង​ប្រាក់​យ៉ាង​ច្រើន​មក​វិញ។ សូម​កុំ​អនុញ្ញាត​ឲ្យ​ចិត្ត​លោភ​លន់​បណ្ដាល​ឲ្យ​អ្នក​ចាញ់​បោក​គេ​ឡើយ។ ចូរ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​និង​សម​ហេតុ​ផល។ ការ​រក​ប្រាក់​បាន​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី តាម​ធម្មតា​គឺ​មិន​អាច​ទៅ​រួច​ទេ។

១៣​. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​លុយ?

១៣ ពេល​យើង​ចាត់​ទុក​«​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​»​ជា​អ្វី​ដែល​សំខាន់​បំផុត ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​មក​លើ​ការ​ខំ​ប្រឹង​របស់​យើង​ដើម្បី​មាន​អ្វី​ដែល​ចាំ​បាច់​ក្នុង​ជីវិត។ (​ម៉ាថ. ៦:៣៣; អេភ. ៤:២៨​) លោក​មិន​ចង់​ឲ្យ​យើង​ដេក​លក់​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ដោយ​សារ​យើង​ខំ​ប្រឹង​ធ្វើ​ការ​ខ្លាំង​ពេក ឬ​មិន​ចង់​ឲ្យ​យើង​ខ្វល់ខ្វាយ​អំពី​លុយ​ទេ ពេល​យើង​នៅ​ក្នុង​សាល​ប្រជុំ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​ជឿ​ថា ទាល់​តែ​ពួក​គេ​ខំ​ប្រឹង​រក​លុយ ទើប​ពួក​គេ​អាច​មាន​អនាគត​ល្អ ហើយ​មាន​ជីវិត​ស្រណុក​ស្រួល​នៅ​ពេល​ក្រោយ។ ពួក​គេ​ច្រើន​តែ​ជំរុញ​កូន​របស់​ពួក​គេ​ឲ្យ​មាន​គោលដៅ​ស្វែងរក​ទ្រព្យ​សម្បត្ដិ​ដូច​ពួក​គេ​ដែរ។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា ការ​គិត​បែប​នេះ​គឺ​មិន​សម​ហេតុ​ផល​ឡើយ។ (​សូម​អាន លូកា ១២:១៥​-​២១) នេះ​ប្រហែលជា​រំលឹក​យើង​អំពី​កេហាស៊ី​ដែល​បាន​គិត​ថា​គាត់​អាច​បំពេញ​ចិត្ត​លោភ​លន់​របស់​គាត់ ហើយ​ក៏​នៅ​តែ​អាច​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​ដែរ។—២ព. ៥:២០​-​២៧

១៤, ១៥​. ហេតុ​អ្វី​ការ​គិត​ថា​លុយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​សុវត្ថិភាព​មិន​មែន​ជា​គំនិត​ឈ្លាស​វៃ? សូម​លើក​ឧទាហរណ៍។

១៤ ធ្លាប់​មាន​គេ​សង្កេត​ឃើញ​ថា​សត្វ​ឥន្ទ្រី​ខ្លះ​បាន​លង់​ទឹក​ស្លាប់​ពេល​ដែល​វា​មិន​ព្រម​លែង​ត្រី​ធំ​ពេក​ពី​ក្រញាំ​របស់​វា ពេល​វា​មិន​អាច​យក​ឡើង​ពី​ទឹក​រួច។ តើ​រឿង​ស្រដៀង​គ្នា​នេះ​អាច​កើត​ឡើង​ដល់​គ្រិស្ត​សាសនិក​ឬ​ទេ? អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​អេលិក​ពន្យល់​ថា​៖ ​«​ធម្មតា​ខ្ញុំ​សន្សំ​សំចៃ​ណាស់។ បើ​ខ្ញុំ​ចាក់​សាប៊ូ​កក់​សក់​ច្រើន​ជ្រុល​បន្ដិច​ខ្ញុំ​ចាក់​វា​ចូល​ក្នុង​ដប​វិញ​»។ ប៉ុន្តែ អេលិក​បាន​បាន​ផុង​ខ្លួន​ទិញ​ផ្សារ​ភាគ​ហ៊ុន ដោយ​គិត​ថា​គាត់​អាច​ឈប់​ធ្វើ​ការ​ភ្លាម​ៗ ហើយ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ គាត់​កាន់​តែ​ជក់​ស្លុង​ក្នុង​ការ​ស្រាវជ្រាវ​អំពី​របៀប​ទិញ​និង​លក់​ភាគ​ហ៊ុន។ ដោយ​ប្រើ​លុយ​ដែល​គាត់​សន្សំ​និង​លុយ​ដែល​បាន​ខ្ចី​ពី​ឈ្មួញ​កណ្ដាល គាត់​បាន​ទិញ​ភាគ​ហ៊ុន​ដែល​ពួក​អ្នក​វិភាគ​បាន​ឃោសនា​ថា​នឹង​ឡើង​ថ្លៃ​យ៉ាង​ឆាប់​រហ័ស។ ផ្ទុយ​ទៅ​វិញ ភាគ​ហ៊ុន​ទាំង​នោះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ អេលិក​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ចង់​បាន​លុយ​ខ្ញុំ​មក​វិញ។ ដូច្នេះ​ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​ទុក​វាត​ទៅ​ទៀត ភាគ​ហ៊ុន​ទាំង​នោះ​អាច​ឡើង​ថ្លៃ​វិញ​»។

១៥ អស់​ជា​ច្រើន​ខែ អេលិក​មិន​អាច​គិត​អំពី​អ្វី​ក្រៅ​ពី​ភាគ​ហ៊ុន​របស់​គាត់​ទេ។ គាត់​ពិបាក​ផ្ចង់​អារម្មណ៍​ទៅ​លើ​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ ហើយ​គាត់​ដេក​មិន​លក់។ ប៉ុន្តែ ភាគ​ហ៊ុន​ទាំង​នោះ​មិន​ឡើង​ថ្លៃ​វិញ​សោះ។ អេលិក​ខាត​អស់​លុយ​ដែល​គាត់​បាន​សន្សំ ហើយ​គាត់​ត្រូវ​លក់​ផ្ទះ​របស់​គាត់។ គាត់​សារភាព​ថា​៖ ​«​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​គ្រួសារ​ខ្ញុំ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​»។ ប៉ុន្តែ គាត់​បាន​រៀន​មេរៀន​ដ៏​សំខាន់​មួយ។ គាត់​បាន​និយាយ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ដឹង​ថា​អ្នក​ណា​ដែល​ទុក​ចិត្ត​លើ​របៀប​របប​សាថាន​នឹង​ខក​ចិត្ត​យ៉ាង​ខ្លាំង​»។ (​សុភ. ១១:២៨​) តាម​ការ​ពិត ការ​សង្ឃឹម​ទៅ​លើ​លុយ​ដែល​យើង​សន្សំ ការ​វិនិយោគទុន​ឬ​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​រក​លុយ​ក្នុង​របៀប​របប​ពិភព​លោក​នេះ​គឺ​ដូច​គ្នា​នឹង​ការ​សង្ឃឹម​ទៅ​លើ​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»​ ពោល​គឺ​សាថាន។ (​២កូ. ៤:៤; ១ធី. ៦:១៧​) តាំង​ពី​ពេល​នោះ​មក អេលិក​បាន​ធ្វើ​ឲ្យ​របៀប​រស់​នៅ​របស់​គាត់​ទៅ​ជា​សាមញ្ញ​«​ដើម្បី​ដំណឹង​ល្អ​»។ គាត់​ចង់​ប្រាប់​អ្នក​ថា​ការ​ធ្វើ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​គាត់​និង​ក្រុម​គ្រួសារ​គាត់​មាន​សុភមង្គល​ច្រើន​ជាង ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។—សូម​អាន ម៉ាកុស ១០:២៩, ៣០

មោទនភាព

១៦​. តើ​តាម​របៀប​ណា​មោទនភាព​ជា​អ្វី​ដែល​ល្អ? តើ​អ្វី​អាច​កើត​ឡើង​បើ​យើង​គិត​ច្រើន​ពេក​អំពី​ខ្លួន​យើង?

១៦ ការ​មាន​មោទនភាព​ទៅ​លើ​អ្វី​ដែល​ត្រឹម​ត្រូវ​អាច​ជា​អ្វី​ដែល​ល្អ។ ជា​ឧទាហរណ៍ យើង​គួរ​មាន​មោទនភាព​ជា​និច្ច​ដោយ​សារ​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា។ (​យេ. ៩:២៤​) ដោយ​សារ​យើង​ឲ្យ​តម្លៃ​ត្រឹម​ត្រូវ​លើ​ខ្លួន​យើង​មួយ​កម្រិត នេះ​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ ហើយ​ជួយ​យើង​ជៀស​វាង​ការ​ប្រព្រឹត្ត​ណា​ដែល​ផ្ទុយ​ពី​ខ្នាត​តម្រា​របស់​ព្រះ​ដែល​ហាក់​ដូច​ជា​បន្ទាប​បន្ថោក​ខ្លួន​យើង។ ប៉ុន្តែ​ការ​ឲ្យ​តម្លៃ​លើ​ទស្សនៈ​ឬ​ឋានៈ​របស់​យើង​ហួស​ហេតុ​ពេក​អាច​នាំ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ។—ទំនុក. ១៣៨:៦; រ៉ូម ១២:៣

១៧, ១៨​. ​(​ក​) សូម​លើក​ឧទាហរណ៍​ក្នុង​គម្ពីរ​អំពី​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​និង​មនុស្ស​ដែល​មាន​ចិត្ត​អំណួត។ (​ខ​) តើ​តាម​របៀប​ណា​ដែល​បង​ប្រុស​ម្នាក់​មិន​ឲ្យ​ចិត្ត​អំណួត​ធ្វើ​ឲ្យ​គាត់​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា?

១៧ ក្នុង​គម្ពីរ​មាន​គំរូ​ជា​ច្រើន​ស្តី​អំពី​មនុស្ស​ដែល​មាន​ចិត្ត​អំណួត​និង​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប។ ស្តេច​ដាវីឌ​បាន​ស្វែង​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​គាត់។ (​ទំនុក. ១៣១:១​-​៣​) ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បន្ទាប​ស្តេច​នេប៊ូក្នេសា​និង​ស្តេច​បេលសាសារ​ដែល​មាន​ចិត្ត​អំណួត។ (​ដាន. ៤:៣០​-​៣៧; ៥:២២​-​៣០​) សព្វ​ថ្ងៃ​នេះ​ក៏​មាន​ស្ថានភាព​ខ្លះ​ដែល​សាកល្បង​ចិត្ត​រាប​ទាប​របស់​យើង​ដែរ។ រ៉ៃអ៊ិន​ដែល​មាន​អាយុ​៣២​ឆ្នាំ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ បាន​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី។ រ៉ៃអ៊ិន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​រំពឹង​ថា​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​នឹង​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ ប៉ុន្តែ​មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ ខ្ញុំ​មិន​ទាន់​បាន​ត្រូវ​តែង​តាំង​ទេ​»។ តើ​រ៉ៃអ៊ិន​មាន​មោទនភាព ហើយ​ខឹង​ពួក​អ្នក​ចាស់​ទុំ​ដែល​មិន​បាន​តែង​តាំង​គាត់​ឬ​ទេ? តើ​គាត់​ឈប់​ចូល​រួម​កិច្ច​ប្រជុំ ដោយ​ឲ្យ​អំណួត​ធ្វើ​ឲ្យ​ខ្លួន​គាត់​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? បើ​អ្នក​ជា​គាត់​វិញ តើ​អ្នក​នឹង​ធ្វើ​អ្វី?

១៨ រ៉ៃអ៊ិន​នៅ​ចាំ​ថា​៖ ​«​ខ្ញុំ​បាន​ស្រាវជ្រាវ​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​អង្គការ​យើង​អំពី​សេចក្ដី​សង្ឃឹម​ដែល​មិន​ទាន់​សម្រេច​ដូច​បំណង​»។ (​សុភ. ១៣:១២​) ​«​ខ្ញុំ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​ខ្ញុំ​ត្រូវ​រៀន​ឲ្យ​ចេះ​អត់​ធ្មត់ ហើយ​មាន​ចិត្ត​រាប​ទាប។ ខ្ញុំ​ត្រូវ​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​ខ្ញុំ​»។ រ៉ៃអ៊ិន​បាន​ឈប់​គិត​អំពី​ខ្លួន​គាត់ ហើយ​គិត​អំពី​ការ​បម្រើ​អ្នក​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​និង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ មិន​យូរ​ក្រោយ​មក គាត់​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​មួយ​ចំនួន​ដែល​រីក​ចម្រើន។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ​នៅ​មួយ​ឆ្នាំ​កន្លះ​ក្រោយ​មក ខ្ញុំ​បាន​ភ្ញាក់​ផ្អើល។ ខ្ញុំ​បាន​ឈប់​ខ្វល់​អំពី​រឿង​នោះ​ទៀត ដោយ​សារ​ខ្ញុំ​សប្បាយ​នឹង​កិច្ច​បម្រើ​ផ្សាយ​ខ្លាំង​ណាស់​»។—សូម​អាន ទំនុកតម្កើង ៣៧:៣, ៤

ចូរ​រក្សា​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា!

១៩, ២០​. ​(​ក​) តើ​តាម​របៀប​ណា​យើង​អាច​ប្រាកដ​ថា អ្វី​ៗ​ដែល​យើង​បាន​រៀន​ក្នុង​អត្ថបទ​ទាំង​នេះ​មិន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា? (​ខ​) តើ​យើង​មាន​គំរូ​អ្វី​ខ្លះ​ស្តី​អំពី​មនុស្ស​ដែល​រក្សា​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ​ដែល​យើង​អាច​ធ្វើ​តាម?

១៩ យើង​គួរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​រឿង​ទាំង​អស់​ដែល​បាន​ពិចារណា​ក្នុង​អត្ថបទ​នេះ​និង​ក្នុង​អត្ថបទ​មុន។ យើង​មាន​មោទនភាព​ដោយ​សារ​យើង​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ សុខភាព​ល្អ​និង​ក្រុម​គ្រួសារ​ដែល​មាន​សុភមង្គល​ជា​អំណោយ​ដ៏​ប្រសើរ​បំផុត​ក្នុង​ចំណោម​អំណោយ​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា។ យើង​ដឹង​ថា​លុយ​និង​ការងារ​ជួយ​យើង​មាន​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​ដឹង​ថា​ការ​កម្សាន្ត​អាច​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ រីឯ​គ្រឿង​បច្ចេកវិជ្ជា​ក៏​អាច​មាន​ប្រយោជន៍​ដែរ។ ប៉ុន្តែ​បើ​យើង​ធ្វើ​ឬ​ប្រើ​អ្វី​ៗ​ទាំង​នេះ​ខុស​ពេល ឬ​ច្រើន​ហួស​ហេតុ ឬ​តាម​របៀប​ដែល​រំខាន​ដល់​ការ​គោរព​ប្រណិប័តន៍​ព្រះ នេះ​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា។

ចូរ​កុំ​ឲ្យ​អ្វី​ធ្វើ​ឲ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​សោះ!

២០ សាថាន​ចង់​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​អ្នក​អាច​រារាំង​កុំ​ឲ្យ​រឿង​អាក្រក់​នេះ​កើត​ឡើង​ដល់​ខ្លួន​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​បាន! (​សុភ. ២២:៣​) ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​រក្សា​ភាព​ជិត​ស្និទ្ធ​នឹង​លោក។ យើង​មាន​គំរូ​ជា​ច្រើន​ក្នុង​គម្ពីរ​ដែល​ជួយ​យើង​ស្តី​អំពី​រឿង​នេះ។ អេណុក​និង​ណូអេ​«​ដើរ​ជា​មួយ​នឹង​ព្រះ​»។ (​លោ. ៥:២២; ៦:៩​) ម៉ូសេ​«​បន្ត​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់ ហាក់​ដូច​ជា​មើល​ឃើញ​លោក​ដែល​មនុស្ស​មើល​ពុំ​ឃើញ​»។ (​ហេ. ១១:២៧​) លោក​យេស៊ូ​បាន​ទទួល​ការ​គាំទ្រ​ជា​និច្ច​ពី​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​តែង​តែ​ធ្វើ​អ្វី​ដែល​បិតា​លោក​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត។ (​យ៉ូន. ៨:២៩​) ចូរ​ធ្វើ​តាម​គំរូ​ទាំង​នេះ។ ​«​ចូរ​អរ​សប្បាយ​ជា​និច្ច។ ចូរ​អធិដ្ឋាន​ឥត​ឈប់។ ចូរ​ថ្លែង​អំណរ​គុណ​សម្រាប់​អ្វី​ៗ​ទាំង​អស់​»។ (​១ថែ. ៥:១៦​-​១៨​) ចូរ​កុំ​ឲ្យ​អ្វី​ធ្វើ​ឲ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​សោះ!

^ វគ្គ 4 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ប្ដូរ។

^ វគ្គ 6 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​របៀប​ចិញ្ចឹម​អប់រំ​កូន​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ​»​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) ខែ​តុលា ឆ្នាំ​២០១១។

^ វគ្គ 7 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​គន្លឹះ​ប្រាំ​យ៉ាង​ដើម្បី​មាន​សុខភាព​កាន់​តែ​ល្អ​»​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) ខែ​មីនា ឆ្នាំ​២០១១។