លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកដឹងគុណចំពោះកេរដំណែលរបស់យើងឬទេ?

តើអ្នកដឹងគុណចំពោះកេរដំណែលរបស់យើងឬទេ?

តើ​អ្នក​ដឹង​គុណ​ចំពោះ​កេរ​ដំណែល​របស់​យើង​ឬ​ទេ?

​«​ព្រះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ . . . ទៅ​លើ​ប្រជាជាតិ​នានា ដើម្បី​រើស​យក​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»។—សកម្ម. ១៥:១៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​សេចក្ដី​បង្រៀន​មិន​ពិត​ណាខ្លះ​ដែល​មនុស្ស​ខ្លះ​ជឿ ហើយ​តើ​តាម​របៀប​ណា​យើង​បាន​ត្រូវ​ការពារ​មិន​ឲ្យ​ជឿ​សេចក្ដី​បង្រៀន​មិន​ពិត​ទាំង​នោះ?

តើ​យើង​បាន​ត្រូវ​រំដោះ​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា និង​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​លោក?

១, ២​. ​(​ក​) តើ​«​ខ្ទម​របស់​ដាវីឌ​»​គឺជា​អ្វី ហើយ​តើ​ខ្ទម​នោះ​បាន​ត្រូវ​សង់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​អ្នក​ណា​បម្រើ​ជា​មួយ​គ្នា​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ?

ក្នុង​អំឡុង​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​របស់​គណៈ​អភិបាល​នៅ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៤៩ គ.ស. យ៉ាកុប​បាន​និយាយ​ថា​៖ ​«​ស៊ីម្មាន​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ដំណើរ​ដែល​ព្រះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​លើក​ដំបូង​ទៅ​លើ​ប្រជាជាតិ​នានា ដើម្បី​រើស​យក​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក ហើយ​សម្ដី​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​ស្រប​នឹង​ការ​នេះ​ដែរ ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ថា​៖ ‹បន្ទាប់​ពី​ការ​ទាំង​នេះ ខ្ញុំ​នឹង​ត្រឡប់​មក ហើយ​ខ្ទម​របស់​ដាវីឌ​ដែល​បាន​រលំ ខ្ញុំ​នឹង​សង់​ឡើង​វិញ ក៏​នឹង​សង់​ពី​សំណល់​បាក់បែក ហើយ​នឹង​ដំឡើង​វា​ឡើង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​នៅ​សល់​ពី​បណ្ដា​ជន​នេះ អាច​ស្វែងរក​ព្រះ​យេហូវ៉ា​អស់ពី​ចិត្ត ជា​មួយ​នឹង​មនុស្ស​គ្រប់​ជាតិ​សាសន៍ ដែល​បាន​ត្រូវ​ហៅ​ដោយ​ឈ្មោះ​របស់​ខ្ញុំ។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​ធ្វើ​ការ​ទាំង​នេះ ដែល​គេ​បាន​ដឹង​តាំង​ពី​បុរាណ​មក›​»។—សកម្ម. ១៥:១៣​-​១៨

២ ​«​ខ្ទម​[​ឬ​ដំណាក់​]​របស់​ដាវីឌ​»​បាន​រលំ ពេល​ដែល​ស្តេច​សេដេគា​បាន​ត្រូវ​ទម្លាក់​ពី​អំណាច។ (​អេម. ៩:១១​) ប៉ុន្តែ ​«​ខ្ទម​»​នោះ​នឹង​ត្រូវ​សង់​ឡើង​វិញ​ដោយ​កូន​ចៅ​របស់​ដាវីឌ គឺ​លោក​យេស៊ូ​ជា​ស្តេច។ (​អេស. ២១:២៧; សកម្ម. ២:២៩​-​៣៦​) ដូច​យ៉ាកុប​បាន​បញ្ជាក់​នៅ​កិច្ច​ប្រជុំ​ជា​ប្រវត្ដិសាស្ត្រ​នោះ ទំនាយ​នេះ​របស់​អេម៉ុស​នឹង​បាន​សម្រេច ពេល​មាន​ការ​ប្រមូល​អ្នក​គ្រង​មត៌ក​ក្នុង​រាជាណាចក្រ​របស់​ព្រះ​ដែល​ជា​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ។ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌ និង​«​ចៀម​ឯ​ទៀត​»​រាប់​លាន​នាក់​របស់​លោក​យេស៊ូ​បាន​សហការ​គ្នា​ក្នុង​ការ​ប្រកាស​សេចក្ដី​ពិត​ពី​គម្ពីរ។—យ៉ូន. ១០:១៦

រាស្ត្រ​ព្រះ​យេហូវ៉ា​ជួប​ការ​ពិបាក​មួយ

៣, ៤​. តើ​តាម​របៀប​ណា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​អាច​រក្សា​ភក្ដីភាព​ចំពោះ​លោក​នៅ​បាប៊ីឡូន?

ពេល​ដែល​ជន​ជាតិ​យូដា​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​ទៅ​បាប៊ីឡូន គឺ​ច្បាស់​ណាស់​ដែល​«​ខ្ទម​របស់​ដាវីឌ​»​បាន​ដួល​រលំ។ ដោយ​ហេតុ​ថា​សាសនា​មិន​ពិត​មាន​ពាស​ពេញ​ស្រុក​បាប៊ីឡូន តើ​តាម​របៀប​ណា​រាស្ត្រ​របស់​ព្រះ​អាច​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​ក្នុង​អំឡុង​ពេល​៧០​ឆ្នាំ​ដែល​ពួក​គេ​រស់​នៅ​ជា​ជន​និរទេស​នៅ​ទី​នោះ​ពី​ឆ្នាំ​៦០៧ មុន​គ.ស. ដល់​ឆ្នាំ​៥៣៧ មុន​គ.ស.? ដូច​គ្នា​ដែរ ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​សាថាន យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក។ (​១យ៉ូន. ៥:១៩​) រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​កេរ​ដំណែល​ពិសេស​មួយ​ដែល​ជួយ​ពួក​គេ​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក។

សព្វ​ថ្ងៃ​នេះ យើង​មាន​គម្ពីរ​ទាំង​មូល​ដែល​ជា​កេរ​ដំណែល​មួយ​របស់​យើង។ ជន​ជាតិ​យូដា​ដែល​បាន​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន​មិន​មាន​បទ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល​ទេ ប៉ុន្តែ​ពួក​គេ​មាន​ចំណេះ​អំពី​ច្បាប់​របស់​ម៉ូសេ​និង​បញ្ញត្ដិ​ទាំង​១០​ប្រការ។ ពួក​គេ​ចេះ​ច្រៀង​‹បទ​ក្រុង​ស៊ីយ៉ូន› អាច​នឹក​ចាំ​សុភាសិត​ជា​ច្រើន ហើយ​ក៏​បាន​ដឹង​អំពី​អ្នក​បម្រើ​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​មុន ដែល​បាន​ស្មោះ​ត្រង់​ចំពោះ​លោក។ ពិត​មែន ពួក​ជន​និរទេស​ទាំង​នោះ​បាន​យំ ពេល​ពួក​គេ​នឹក​ដល់​ក្រុង​ស៊ីយ៉ូន ហើយ​ពួក​គេ​មិន​បាន​ភ្លេច​ព្រះ​យេហូវ៉ា​ឡើយ។ (​សូម​អាន ទំនុក​តម្កើង ១៣៧:១​-​៦) អ្វី​ទាំង​នេះ​បាន​ជួយ​ពួក​គេ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា សូម្បី​តែ​នៅ​បាប៊ីឡូន​ដែល​មាន​សេចក្ដី​បង្រៀន​និង​ទំនៀម​ទម្លាប់​មិន​ត្រឹម​ត្រូវ​ក៏​ដោយ។

សេចក្ដី​បង្រៀន​ថា​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​មិន​មែន​ថ្មី​ទេ

៥​. តើ​យើង​មាន​ភ័ស្តុតាង​អ្វី​ស្តី​អំពី​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​នៅ​បាប៊ីឡូន​និង​អេស៊ីប​នា​សម័យ​បុរាណ?

នៅ​សម័យ​បុរាណ មនុស្ស​គោរព​បូជា​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ ពោល​គឺ​ក្រុម​ផ្សេង​ៗ​នៃ​ព្រះ​បី​អង្គ។ ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​របស់​ជន​ជាតិ​បាប៊ីឡូន​គឺ ស៊ីន (​ព្រះ​មួយ​នៃ​ព្រះ​ច័ន្ទ​) សាម៉ាស (​ព្រះ​មួយ​នៃ​ព្រះអាទិត្យ​) និង​អ៊ី​ស្ដា (​ទេពធីតា​នៃ​ការ​រួម​ភេទ​និង​សង្គ្រាម​)។ ជន​ជាតិ​អេស៊ីប​សម័យ​បុរាណ​គោរព​បូជា​ក្រុម​គ្រួសារ​ផ្សេង​ៗ​នៃ​ព្រះ​បី​អង្គ ដោយ​មាន​ឪពុក​មួយ ម្ដាយ​មួយ និង​កូន​មួយ។ ទោះ​ជា​ព្រះ​ទាំង​នេះ​ជា​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​ក៏​ដោយ ព្រះ​ទាំង​នេះ​មិន​បាន​ត្រូវ​ចាត់​ទុក​ថា​ស្មើ​គ្នា​ជា​និច្ចកាល​ទេ។ ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​នៃ​ជន​ជាតិ​អេស៊ីប​មាន​ព្រះ​អូសៃរីស ទេពធីតា​អៃស៊ីស និង​ហូរើស​ជា​កូន​របស់​ពួក​គេ។

៦​. តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា​អំពី​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ ហើយ​តើ​យើង​បាន​ត្រូវ​ការពារ​មិន​ឲ្យ​ជឿ​សេចក្ដី​បង្រៀន​មិន​ពិត​នោះ​យ៉ាង​ដូច​ម្ដេច?

សព្វ​ថ្ងៃ​នេះ ពិភព​គ្រិស្ត​សាសនា​ក៏​បង្រៀន​ដែរ​ថា​មាន​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ ឬ​ព្រះ​មួយ​ដែល​រួម​មាន​ឪពុក កូន​និង​សកម្មពល​បរិសុទ្ធ។ ប៉ុន្តែ ជំនឿ​នេះ​ធ្វើ​ឲ្យ​មើល​ទៅ​ព្រះ​យេហូវ៉ា​ហាក់​ដូច​ជា​មិន​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​ទេ ពីព្រោះ​លោក​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ព្រះ​ប៉ុណ្ណោះ។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ការពារ​មិន​ឲ្យ​ជឿ​សេចក្ដី​បង្រៀន​មិន​ពិត​នេះ ដោយ​សារ​ពួក​គេ​យល់​ស្រប​នឹង​ពាក្យ​ទាំង​នេះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ ដែល​ថា ​«​ចូរ​ស្ដាប់​ចុះ ឱ​អ៊ីស្រាអែល​អើយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​អង្គ​ទ្រង់​»។ (​ចោ. ៦:៤​) លោក​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​ទាំង​នោះ ហើយ​គ្រិស្ត​សាសនិក​ពិត​ជឿ​លើ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍។—ម៉ាក. ១២:២៩

៧​. ហេតុ​អ្វី​បុគ្គល​ម្នាក់​ដែល​ជឿ​លើ​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​មិន​អាច​ទទួល​ការ​ជ្រមុជ​ទឹក​ជា​តំណាង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​បាន?

សេចក្ដី​បង្រៀន​នេះ​ប្រឆាំង​នឹង​បង្គាប់​ដែល​លោក​យេស៊ូ​បាន​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក។ បង្គាប់​នោះ​គឺ​«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​របស់​លោក​»។ (​ម៉ាថ. ២៨:១៩​) ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក​ពិត​និង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ បុគ្គល​ម្នាក់​ត្រូវ​ទទួល​ស្គាល់​ភាព​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌ ក៏​ដូច​ជា​ឋានៈ​និង​តំណែង​របស់​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ។ អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ក៏​ត្រូវ​ជឿ​ថា សកម្មពល​បរិសុទ្ធ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​ទេ។ (​លោ. ១:២​) បុគ្គល​ម្នាក់​ដែល​បន្ត​ជឿ​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ​មិន​អាច​ទទួល​ការ​ជ្រមុជ​ទឹក​ជា​តំណាង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​បាន​ទេ។ យើង​ពិត​ជា​ដឹង​គុណ​មែន​ដែល​កេរ​ដំណែល​របស់​យើង​បាន​ការពារ​យើង​មិន​ឲ្យ​ជឿ​សេចក្ដី​បង្រៀន​ដែល​ធ្វើ​ឲ្យ​ព្រះ​អាប់​កិត្ដិយស!

ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់!

៨​. តើ​ជន​ជាតិ​បាប៊ីឡូន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ព្រះ​ផ្សេង​ៗ​និង​ពួក​វិញ្ញាណ​កំណាច?

បណ្ដា​ជន​នៅ​ស្រុក​បាប៊ីឡូន​មិន​ត្រឹម​តែ​ជឿ​លើ​ព្រះ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជឿ​លើ​ពួក​វិញ្ញាណ​កំណាច​ដែរ។ សព្វវចនាធិប្បាយ​មួយ​ចែង​ថា ជន​ជាតិ​បាប៊ីឡូន​ជឿ​ថា ពួក​វិញ្ញាណ​កំណាច​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ។ បណ្ដា​ជន​អធិដ្ឋាន​ទៅ​ព្រះ​របស់​ពួក​គេ ហើយ​សុំ​ការ​ការពារ​ពី​ពួក​វិញ្ញាណ​កំណាច (​The International Standard Bible Encyclopaedia​)។

៩​. ​(​ក​) ក្រោយ​ពី​ពួក​គេ​បាន​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន តើ​ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​បាន​រង​គ្រោះ​ដោយ​សារ​គំនិត​អ្វី​ខាង​សាសនា? (​ខ​) តើ​តាម​របៀប​ណា​យើង​បាន​ត្រូវ​ការពារ​ពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​សុខ​ចិត្ត​ចូល​រួម​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច?

ក្រោយ​ពី​ពួក​គេ​បាន​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​បាន​រង​គ្រោះ​ដោយ​សារ​គំនិត​ផ្ទុយ​នឹង​បទ​គម្ពីរ។ ខណៈ​ដែល​ទស្សនៈ​ជន​ជាតិ​ក្រិច​បាន​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​ខ្លាំង ពួក​វិញ្ញាណ​កំណាច​បាន​គ្រប់​គ្រង​លើ​ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​យ៉ាង​ងាយ ដោយ​សារ​ពួក​គេ​ជឿ​ថា ពួក​វិញ្ញាណ​កំណាច​អាច​អាក្រក់ ឬ​អាច​ល្អ។ កេរ​ដំណែល​របស់​យើង​ការពារ​យើង​ពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​សុខ​ចិត្ត​ចូល​រួម​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច ពីព្រោះ​យើង​ដឹង​ថា​ព្រះ​ផ្ដន្ទា​ទោស​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ដែល​មាន​ប្រភព​មក​ពី​បាប៊ីឡូន។ (​អេ. ៤៧:១, ១២​-​១៥​) ម្យ៉ាង​ទៀត យើង​បាន​ត្រូវ​ការ​ពារ​ដោយ​សារ​យើង​មិន​ព្រម​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ដូច​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ឲ្យ​ធ្វើ។—សូម​អាន ចោទិយកថា ១៨:១០​-​១២; ការ​បើក​បង្ហាញ ២១:៨

១០​. តើ​យើង​អាច​និយាយ​យ៉ាង​ណា​អំពី​ការ​ប្រព្រឹត្ត​និង​ជំនឿ​របស់​បាប៊ីឡូន​ដ៏​ខ្លាំងក្លា?

១០ មិន​ត្រឹម​តែ​ជន​ជាតិ​បាប៊ីឡូន​នៅ​សម័យ​បុរាណ​ប៉ុណ្ណោះ​ទេ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច ប៉ុន្តែ​ពួក​អ្នក​គាំទ្រ​បាប៊ីឡូន​ដ៏​ខ្លាំងក្លា ពោល​គឺ​សាសនា​មិន​ពិត​ទាំង​អស់​ក៏​ធ្វើ​ដូច្នេះ​ដែរ។ (​បប. ១៨:២១​-​២៤​) សាសនា​មិន​ពិត​ទាំង​នេះ​ពិត​ជា​ដូច​គ្នា​នឹង​សាសនា​នៅ​បាប៊ីឡូន​នា​សម័យ​បុរាណ ដោយ​សារ​គំនិត​មិន​ត្រឹម​ត្រូវ​និង​ការ​ប្រព្រឹត្ត​អាក្រក់​បាន​ចេញ​ពី​បាប៊ីឡូន​មក។ ដោយ​សារ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ការ​គោរព​បូជា​រូប​ព្រះ និង​អំពើ​ខុស​ឆ្គង​ឯ​ទៀត បាប៊ីឡូន​ដ៏​ខ្លាំងក្លា​នឹង​ត្រូវ​បំផ្លាញ​ចោល។—សូម​អាន ការ​បើក​បង្ហាញ ១៨:១​-​៥

១១​. តើ​ការ​ព្រមាន​អ្វី​ដែល​យើង​បាន​បោះពុម្ព​ផ្សាយ​ស្តី​អំពី​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់?

១១ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​៖ ​«​អញ​ទ្រាំ​មិន​បាន​ទេ​[​នឹង​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​]​»។ (​អេ. ១:១៣​) នៅ​សតវត្សរ៍​ទី​១៩ មនុស្ស​ជា​ច្រើន​បាន​ប្រព្រឹត្ត​អំពើ​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ ហេតុ​នេះ ទស្សនាវដ្ដី​ប៉មយាម​នៃ​ភ្នំ​ស៊ីយ៉ូន ខែ​ឧសភា ឆ្នាំ​១៨៨៥​ជា​ភាសា​អង់គ្លេស​ចែង​ថា​៖ ​«​ជំនឿ​ដែល​ថា​មនុស្ស​ស្លាប់​បន្ត​រស់​នៅ​ភព​មួយ​ទៀត​ឬ​ក្នុង​ស្ថានភាព​ផ្សេង​ទៀត មិន​មែន​ជា​អ្វី​ដែល​ថ្មី​ទេ។ ជំនឿ​នេះ​ជា​ផ្នែក​មួយ​នៃ​សាសនា​នៅ​សម័យ​បុរាណ ហើយ​ជា​ឫសគល់​នៃ​រឿង​ព្រេង​ទាំង​អស់​»។ អត្ថបទ​នេះ​ក៏​បាន​ចែង​ដែរ​ថា​ពួក​វិញ្ញាណ​កំណាច​ធ្វើ​ដូច​ជា​មនុស្ស​ស្លាប់ ដោយ​ខំ​ទាក់​ទង​នឹង​មនុស្ស​ដែល​រស់ ហើយ​ជា​លទ្ធផល ពួក​វិញ្ញាណ​កំណាច​អាច​មាន​ឥទ្ធិពល​ទៅ​លើ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ជា​ច្រើន។ កូន​សៀវភៅ​ដំបូង​ដែល​មាន​ចំណង​ជើង​ថា តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់? ជា​ភាសា​អង់គ្លេស បាន​ផ្ដល់​ការ​ព្រមាន​ស្រដៀង​គ្នា​នេះ ដូច​សៀវភៅ​របស់​យើង​ដែល​ចេញ​ថ្មី​ៗ​ជាង បាន​ព្រមាន។

តើ​ព្រលឹង​រង​ទុក្ខ​នៅ​ភព​ផ្សេង​ទៀត​ឬ?

១២​. ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ តើ​សាឡូម៉ូន​បាន​និយាយ​យ៉ាង​ណា​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់?

១២ ​«​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត​»​អាច​ឆ្លើយ​សំណួរ​ទាំង​នេះ។ (​២យ៉ូន. ១​) យើង​ប្រាកដជា​យល់​ស្រប​នឹង​ពាក្យ​របស់​សាឡូម៉ូន ដែល​ថា​៖ ​«​ឆ្កែ​រស់​គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ។ ដ្បិត​មនុស្ស​ដែល​រស់​គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ . . . ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់ពី​កំឡាំង​ចុះ ដ្បិត​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​[​ផ្នូរ​ទូទៅ​របស់​មនុស្ស​ជាតិ​]​ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត​គូរ គ្មាន​ដំ​រិះ ឬ​ប្រាជ្ញា​ឡើយ​»។—សាស្ដ. ៩:៤, ៥, ១០

១៣​. តើ​ជន​ជាតិ​យូដា​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ណា​ពី​វប្បធម៌​និង​សាសនា​ក្រិច?

១៣ ជន​ជាតិ​យូដា​អាច​ដឹង​សេចក្ដី​ពិត​អំពី​មនុស្ស​ស្លាប់។ ប៉ុន្តែ ពេល​ដែល​ចក្រភព​ក្រិច​បាន​ត្រូវ​បែងចែក​ក្នុង​ចំណោម​ពួក​ឧត្តមសេនីយ៍​របស់​អាឡិចសង់​ដ៏​ខ្លាំងក្លា ពួក​គេ​ព្យាយាម​បង្រួប​បង្រួម​ស្រុក​យូដា​និង​ស៊ីរី តាម​រយៈ​សាសនា​និង​វប្បធម៌​ក្រិច។ ជា​លទ្ធផល ជន​ជាតិ​យូដា​បាន​ទទួល​យក​សេចក្ដី​បង្រៀន​មិន​ពិត​ដែល​ថា​ព្រលឹង​មនុស្ស​គឺ​អមតៈ ហើយ​ថា​មាន​ភព​មួយ​ទៀត​ជា​កន្លែង​ដែល​ព្រលឹង​រង​ទារុណកម្ម។ ជន​ជាតិ​ក្រិច​មិន​មែន​ជា​មនុស្ស​មុន​គេ​ទេ​ដែល​ជឿ​ថា មាន​កន្លែង​រង​ទុក្ខ ដែល​មនុស្ស​មើល​មិន​ឃើញ។ សៀវភៅ​មួយ​ចែង​ថា ជន​ជាតិ​បាប៊ីឡូន​ជឿ​ថា​មាន​ភព​ផ្សេង​ទៀត​ដែល​ពួក​ព្រះ​និង​ពួក​វិញ្ញាណ​កំណាច​ដ៏​ខ្លាំងក្លា​ធ្វើ​ទារុណកម្ម​មនុស្ស។ មែន​ហើយ ជន​ជាតិ​បាប៊ីឡូន​បាន​ជឿ​ថា​ព្រលឹង​គឺ​អមតៈ (​The Religion of Babylonia and Assyria​)។

១៤​. តើ​យ៉ូប​និង​អាប្រាហាំ​បាន​ដឹង​អ្វី​ខ្លះ​អំពី​សេចក្ដី​ស្លាប់​និង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៤ ទោះ​ជា​យ៉ូប​ដែល​ជា​មនុស្ស​សុចរិត​មិន​មាន​បទ​គម្ពីរ​ក៏​ដោយ គាត់​បាន​ដឹង​សេចក្ដី​ពិត​អំពី​សេចក្ដី​ស្លាប់។ គាត់​ក៏​បាន​ដឹង​ដែរ​ថា ព្រះ​យេហូវ៉ា​គឺជា​ព្រះ​ដែល​នឹង​ទន្ទឹង​រង់​ចាំ​ដើម្បី​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូប ១៤:១៣​-​១៥​) អាប្រាហាំ​ក៏​បាន​ជឿ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ (​សូម​អាន ហេប្រឺ ១១:១៧​-​១៩) ដោយ​ហេតុ​ថា មិន​អាច​ប្រោស​អ្នក​ណា​ម្នាក់​ដែល​មិន​ចេះ​ស្លាប់​បាន​ទេ នោះ​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ​មិន​បាន​ជឿ​ថា​ព្រលឹង​គឺ​អមតៈ​ឡើយ។ សកម្មពល​របស់​ព្រះ​ច្បាស់​ជា​បាន​ជួយ​យ៉ូប​និង​អាប្រាហាំ​ឲ្យ​យល់​អំពី​ស្ថាន​ភាព​នៃ​មនុស្ស​ស្លាប់ ហើយ​បាន​បង្ហាញ​ជំនឿ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ សេចក្ដី​ពិត​ទាំង​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​កេរ​ដំណែល​របស់​យើង​ដែរ។

«​ការ​រំដោះ​ដោយ​ថ្លៃ​លោះ​»​គឺ​សំខាន់​ចាំ​បាច់

១៥, ១៦​. តើ​យើង​បាន​ត្រូវ​រំដោះ​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​យ៉ាង​ដូច​ម្ដេច?

១៥ យើង​ដឹង​គុណ​ព្រះ​ដែល​បាន​បើក​បង្ហាញ​សេចក្ដី​ពិត​អំពី​វិធី​ដែល​លោក​ប្រើ​ដើម្បី​រំដោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ដែល​ជា​កេរ​ដំណែល​ដែល​យើង​បាន​ទទួល​ពី​អាដាម។ (​រ៉ូម ៥:១២​) យើង​ដឹង​ថា​លោក​យេស៊ូ​«​បាន​មក ក៏​មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ តែ​ដើម្បី​បម្រើ​គេ​វិញ ហើយ​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង​»។ (​ម៉ាក. ១០:៤៥​) ជា​ការ​ល្អ​មែន​ដែល​យើង​ដឹង​អំពី​«​ការ​រំដោះ​ដោយ​ថ្លៃ​លោះ​ដែល​គ្រិស្ត​យេស៊ូ​បាន​បង់​»​!—រ៉ូម ៣:២២​-​២៤

១៦ នៅ​សតវត្សរ៍​ទី​១ ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​ត្រូវ​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ ហើយ​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ។ ពុំ​នោះ​សោត ពួក​គេ​មិន​អាច​ទទួល​ការ​អភ័យ​ទោស​បាន​ឡើយ។ សព្វ​ថ្ងៃ​នេះ យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ (​យ៉ូន. ៣:១៦, ៣៦​) បើ​បុគ្គល​ណា​ម្នាក់​កាន់​ខ្ជាប់​នូវ​សេចក្ដី​បង្រៀន​មិន​ពិត ដូច​ជា​ព្រះ​បី​អង្គ​រួម​ជា​ព្រះ​តែ​មួយ និង​ព្រលឹង​អមតៈ គាត់​មិន​អាច​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​ទេ។ ប៉ុន្តែ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ។ យើង​ដឹង​សេចក្ដី​ពិត​អំពី​«​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​[​ព្រះ​] ដោយ​សារ​លោក យើង​បាន​ត្រូវ​លោះ ហើយ​នេះ​មាន​ន័យ​ថា​ការ​ខុស​ឆ្គង​របស់​យើង​បាន​ត្រូវ​អភ័យទោស​»។—កូឡ. ១:១៣, ១៤

ចូរ​បន្ត​ធ្វើ​ជា​រាស្ត្រ​ដែល​ជា​តំណាង​នាម​ព្រះ​យេហូវ៉ា!

១៧, ១៨​. តើ​យើង​អាច​បាន​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ស្តី​អំពី​ប្រវត្ដិ​របស់​យើង​នៅ​ឯ​ណា ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​រៀន​អំពី​ប្រវត្ដិ​នោះ?

១៧ កេរ​ដំណែល​ពិសេស​របស់​យើង​រួម​មាន​អ្វី​ៗ​ឯ​ទៀត​ដែល​ព្រះ​បង្រៀន​យើង របៀប​ឯ​ទៀត​ដែល​លោក​បាន​ជួយ​យើង និង​របៀប​លោក​បាន​ឲ្យ​ពរ​យើង។ អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​សៀវភៅ​ប្រចាំ​ឆ្នាំ​ជា​ភាសា​អង់គ្លេស​របស់​យើង​មាន​កំណត់​ហេតុ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ស្តី​អំពី​សកម្មភាព​របស់​យើង​នៅ​ប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក។ ប្រវត្ដិ​របស់​យើង​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​វីដេអូ សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​ជំនឿ ភាគ​ទី​១​និង​ភាគ​ទី​២ និង​ក្នុង​សៀវភៅ​ផ្សេង​ៗ ដូច​ជា​សៀវភៅ​សាក្សី​ព្រះ​យេហូវ៉ា ពួក​អ្នក​ប្រកាស​រាជាណាចក្រ​របស់​ព្រះ ជា​ភាសា​អង់គ្លេស​ជា​ដើម។ ម្យ៉ាង​ទៀត ទស្សនាវដ្ដី​របស់​យើង​ច្រើន​តែ​ប្រាប់​យើង​អំពី​បទ​ពិសោធ​ន៏​របស់​បង​ប្អូន​ប្រុស​ស្រី​របស់​យើង។

១៨ យើង​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​អំពី​ប្រវត្ដិ​របស់​អង្គការ​ព្រះ​យេហូវ៉ា ដូច​បណ្ដា​ជន​អ៊ីស្រាអែល​ទទួល​ប្រយោជន៍​ពី​ការ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​រំដោះ​ពួក​គេ​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប។ (​និក្ខ. ១២:២៦, ២៧​) ជា​បុរស​វ័យ​ចាស់​ម្នាក់​ដែល​អាច​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ទង្វើ​ដ៏​អស្ចារ្យ​របស់​ព្រះ ម៉ូសេ​បាន​ដាស់​តឿន​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​ដំណ​តមក ចូរ​សួរ​ឪពុក​ឯង​ចុះ គាត់​នឹង​សំ​ដែង​ឲ្យ​ឯង​ដឹង ហើយ​សួរ​ពួក​ចាស់​ទុំ​នៃ​ឯង​ផង គេ​នឹង​ប្រាប់​ដល់​ឯង​»។ (​ចោ. ៣២:៧​) ក្នុង​នាម​ជា​‹រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ហើយ​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​លោក› យើង​ទាំង​អស់​គ្នា​សរសើរ​តម្កើង​លោក ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ឫទ្ធានុភាព​ដ៏​ខ្លាំងក្លា​របស់​លោក។ (​ទំនុក. ៧៩:១៣​) ម្យ៉ាង​ទៀត យើង​គួរ​ពិចារណា​អំពី​ប្រវត្ដិ​របស់​យើង រៀន​អំពី​ប្រវត្ដិ​នោះ ហើយ​រៀបចំ​គម្រោង​សម្រាប់​អនាគត។

១៩​. ដោយ​ហេតុ​ថា​យើង​មាន​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ពន្លឺ​ពី​ព្រះ តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ?

១៩ យើង​មាន​ចិត្ត​ដឹង​គុណ​ដែល​យើង​មិន​ដើរ​ក្នុង​ភាព​ងងឹត ប៉ុន្តែ​យើង​មាន​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ពន្លឺ​ពី​ព្រះ។ (​សុភ. ៤:១៨, ១៩​) ហេតុ​នេះ ចូរ​យើង​បន្ត​សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត។ យើង​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុកតម្កើង​ដែល​បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ​នឹង​ទៅ​ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ​អម្ចាស់​យេហូវ៉ា ហើយ​នឹង​ដំណាល​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ គឺ​របស់​ទ្រង់​តែ​១​ប៉ុណ្ណោះ។ ឱ​ព្រះ​អង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូល​បង្គំ​តាំង​តែ​ពី​ក្មេង​មក ហើយ​ដរាប​ដល់​ឥឡូវ​នេះ ទូល​បង្គំ​បាន​សំ​ដែង ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ឱ​ព្រះ​អង្គ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល​បង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូល​បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូល​បង្គំ បាន​ថ្លែង​ប្រាប់​ពី​ព្រះ​ចេស្ដា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធានុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ​»។—ទំនុក. ៧១:១៦​-​១៨

២០​. តើ​មាន​បញ្ហា​ដែល​ជាប់​ទាក់​ទង​នឹង​អ្វី​ខ្លះ ហើយ​តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បញ្ហា​ទាំង​នោះ?

២០ ក្នុង​នាម​ជា​រាស្ត្រ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា យើង​ដឹង​អំពី​បញ្ហា​ដែល​ជាប់​ទាក់​ទង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​និង​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​មនុស្ស​ចំពោះ​ព្រះ។ យើង​ប្រកាស​សេចក្ដី​ពិត​ដែល​មិន​អាច​ប្រកែក​បាន​ថា ព្រះ​យេហូវ៉ា​គឺជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​នៃ​សកលលោក ដែល​សម​នឹង​ទទួល​ភក្ដីភាព​អស់ពី​ដួង​ចិត្ត​របស់​យើង។ (​បប. ៤:១១​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​សកម្មពល​របស់​លោក​ដើម្បី​ជួយ​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត ហើយ​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​ដល់​ពួក​គេ។ (​អេ. ៦១:១, ២​) ទោះ​ជា​មាន​ការ​ប៉ុនប៉ង​ដែល​មិន​បាន​សម្រេច​ពី​សំណាក់​សាថាន​ដើម្បី​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​ព្រះ​និង​មនុស្ស​ជាតិ​ទាំង​អស់​ក៏​ដោយ យើង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កេរ​ដំណែល​របស់​យើង ហើយ​យើង​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ ហើយ​សរសើរ​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​នៅ​ពេល​ឥឡូវ​នេះ​និង​ជា​រៀង​រហូត។—សូម​អាន ទំនុកតម្កើង ២៦:១១; ៨៦:១២

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[រូបភាព​នៅ​ទំព័រ​៨]

[​ប្រអប់​នៅ​ទំព័រ​១១​]

តើ​យើង​បាន​ត្រូវ​ការពារ​ពី​ជំនឿ​មិន​ពិត​យ៉ាង​ដូច​ម្ដេច?

​«​ចូរ​ស្ដាប់​ចុះ ឱ​អ៊ីស្រាអែល​អើយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​អង្គ​ទ្រង់​»។—ចោ. ៦:៤

​«​អញ​ទ្រាំ​មិន​បាន​ទេ[​នឹង​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​]​»។—អេ. ១:១៣

​«​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ​»។—សាស្ដ. ៩:៥, ១០

[រូបភាព​]

[រូបភាព​]

[រូបភាព​]