លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរនៅក្នុងចន្លោះភ្នំរបស់ព្រះយេហូវ៉ាដើម្បីទទួលការការពារពីលោក

ចូរនៅក្នុងចន្លោះភ្នំរបស់ព្រះយេហូវ៉ាដើម្បីទទួលការការពារពីលោក

ចូរ​នៅ​ក្នុង​ចន្លោះ​ភ្នំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​ការ​ការពារ​ពី​លោក

​«​ព្រះ​យេហូវ៉ា​ទ្រង់​នឹង . . . ច្បាំង​នឹង​សាសន៍​ទាំង​នោះ ដូច​កាល​នៅ​ថ្ងៃ​ចំ​បាំង​ដែល​ទ្រង់​បាន​ច្បាំង​នឹង​គេ​ដែរ​»។—សាក. ១៤:៣

តើ​អ្នក​អាច​ពន្យល់​យ៉ាង​ណា?

តើ​ការ​ញែក​«​ភ្នំដើមអូលីវ​»​ជា​តំណាង​អ្វី?

តើ​«​ចន្លោះ​យ៉ាង​ធំ​»​នោះ​ជា​តំណាង​អ្វី ហើយ​តើ​យើង​អាច​នៅ​ទី​នោះ​យ៉ាង​ដូច​ម្ដេច?

តើ​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​គឺជា​អ្វី ហើយ​តើ​អ្នក​ណា​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ផឹក​ទឹក​នោះ?

១, ២​. តើ​សង្គ្រាម​មែនទែន​អ្វី ដែល​នឹង​ផ្ទុះ​ឡើង​នា​ពេល​ឆាប់​ៗ​នេះ? តើ​យើង​នឹង​មិន​ចាំ​បាច់​ធ្វើ​អ្វី​ក្នុង​សង្គ្រាម​នេះ?

​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​១៩៣៨ មនុស្ស​រាប់​លាន​នាក់​នៅ​សហរដ្ឋអាម៉េរិក​កំពុង​ស្ដាប់​កម្មវិធី​វិទ្យុ​ប្រជាប្រិយ​មួយ​ដែល​មាន​រឿង​ល្ខោន។ ល្ខោន​នៅ​ល្ងាច​នោះ​គឺជា​ការ​យក​លំនាំ​តាម​រឿង​ប្រលោមលោក​ប្រឌិត​តាម​បែប​វិទ្យាសាស្ត្រ​ដែល​មាន​ចំណង​ជើង​ថា សង្គ្រាម​ពិភព​លោក (​The War of the Worlds​) ក្នុង​អំឡុង​កម្មវិធី​នោះ តួ​សម្ដែង​ដែល​ដើរតួ​ជា​អ្នក​កាសែត​បាន​ប្រកាស​ថា​មនុស្ស​មក​ពី​ភព​ព្រះ​អង្គារ​កំពុង​លុកលុយ​ផែនដី ហើយ​បំផ្លាញ​ផែនដី។ ទោះ​ជា​គេ​បាន​ប្រកាស​ថា​កម្មវិធី​វិទ្យុ​គ្រាន់តែ​ជា​ការ​សម្ដែង​ក៏​ដោយ អ្នក​ស្ដាប់​ជា​ច្រើន​នាក់​គិត​ថា​មាន​ការ​វាយ​ប្រហារ​មែនទែន ហើយ​ពួក​គេ​ភ័យ​ខ្លាច។ មនុស្ស​ខ្លះ​បាន​ចាត់​វិធានការ​ដើម្បី​ការពារ​ខ្លួន​ពី​មនុស្ស​ភព​ផ្សេង​ដែល​គេ​ស្មានថា​មាន។

សព្វ​ថ្ងៃ​នេះ​មាន​សង្គ្រាម​មែនទែន​ដែល​នឹង​ផ្ទុះ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​នេះ​ទេ។ សង្គ្រាម​នេះ​មិន​បាន​ត្រូវ​ទាយ​ទុក​ក្នុង​សៀវភៅ​ប្រលោមលោក​តាម​បែប​វិទ្យាសាស្ត្រ​ទេ ប៉ុន្តែ​បាន​ត្រូវ​ទាយ​ទុក​ក្នុង​បណ្ដាំ​របស់​ព្រះ ពោល​គឺ​គម្ពីរ។ សង្គ្រាម​នេះ​គឺជា​សង្គ្រាម​ហាម៉ាគេដូន ដែល​ជា​សង្គ្រាម​របស់​ព្រះ​ច្បាំង​នឹង​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ។ (​បប. ១៦:១៤​-​១៦​) ក្នុង​សង្គ្រាម​នេះ អ្នក​បម្រើ​របស់​ព្រះ​នៅ​លើ​ផែនដី​នឹង​មិន​ចាំ​បាច់​ការពារ​ខ្លួន​ពី​មនុស្ស​ដែល​មក​ពី​ភព​ផ្សេង​ឡើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​សង្គ្រោះ​យើង​តាម​របៀប​ដែល​គួរ​ឲ្យ​អស្ចារ្យ។

៣​. តើ​យើង​នឹង​ពិចារណា​អំពី​ទំនាយ​អ្វី ហើយ​ហេតុ​អ្វី​យើង​ចាប់​អារម្មណ៍​នឹង​ទំនាយ​នេះ?

ទំនាយ​មួយ​ក្នុង​គម្ពីរ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​សៀវភៅ​សាការី​ជំពូក​ទី​១៤ ជាប់​ទាក់​ទង​នឹង​សង្គ្រាម​ហាម៉ាគេដូន។ ទោះ​ជា​ទំនាយ​នេះ​បាន​ត្រូវ​កត់​ទុក​ប្រហែលជា​២.៥០០​ឆ្នាំ​មុន​ក៏​ដោយ ទំនាយ​នេះ​ទាក់​ទង​នឹង​ជីវិត​របស់​យើង។ (​រ៉ូម ១៥:៤​) ទំនាយ​នេះ​ប្រាប់​យើង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​រាស្ត្រ​របស់​ព្រះ តាំង​ពី​គ្រិស្ត​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​នៅ​ឆ្នាំ​១៩១៤។ ទំនាយ​នេះ​ក៏​ប្រាប់​យើង​ដែរ​អំពី​អ្វី​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​នឹង​កើត​ឡើង​នា​ពេល​អនាគត​ឆាប់​ៗ​នេះ។ ចំណុច​សំខាន់​បំផុត​នៃ​ទំនាយ​នេះ​រួម​បញ្ចូល​ការ​បង្កើត​ឲ្យ​មាន​«​ចន្លោះ​យ៉ាង​ធំ​.​[​នៃ​]​ភ្នំ​»​ និង​ការ​ហូរ​ចេញ​នៃ​«​ទឹក​រស់​»។ (​សាក. ១៤:៤,​) ក្នុង​អត្ថបទ​នេះ​យើង​នឹង​រៀន​ថា​ចន្លោះ​ភ្នំ​គឺជា​អ្វី ហើយ​តាម​របៀប​ណា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អាច​ទទួល​ការ​ការពារ​នៅ​ទី​នោះ។ ជា​លទ្ធផល យើង​នឹង​មិន​គ្រាន់តែ​ដឹង​ថា យើង​ត្រូវ​ផឹក​ទឹក​ទាំង​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​នឹង​ចង់​ផឹក​ទឹក​ទាំង​នោះ​ផង​ដែរ។ ដូច្នេះ ចូរ​យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​នឹង​ទំនាយ​នេះ។—២ពេ. ១:១៩, ២០

«​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​»​ចាប់​ផ្ដើម

៤​. ​(​ក​) តើ​«​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​»​ចាប់​ផ្ដើម​នៅ​ពេល​ណា? (​ខ​) ច្រើន​ទសវត្សរ៍​មុន​ឆ្នាំ​១៩១៤ តើ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​ប្រកាស​អ្វី ហើយ​តើ​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​នេះ​មាន​ប្រតិកម្ម​យ៉ាង​ណា?

ជំពូក​ទី​១៤​នៃ​សៀវភៅ​សាការី​ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា​៖ ​«​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​»។ (​សូម​អាន សាការី ១៤:១, ២) តើ​ថ្ងៃ​នេះ​ជា​ថ្ងៃ​អ្វី? គឺជា​«​ថ្ងៃ​របស់​លោក​ម្ចាស់​»​ ដែល​ចាប់​ផ្ដើម​នៅ​ពេល​«​រាជាណាចក្រ​នៃ​ពិភព​លោក​នេះ​បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​នៃ​ម្ចាស់​របស់​យើង​និង​គ្រិស្ត​របស់​លោក​»។ (​បប. ១:១០; ១១:១៥​) ថ្ងៃ​នោះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ ពេល​ដែល​រាជាណាចក្រ​របស់​មេស្ស៊ី​បាន​ត្រូវ​ស្ថាបនា​ឡើង​នៅ​ស្ថាន​សួគ៌។ ច្រើន​ទសវត្សរ៍​មុន​ឆ្នាំ​១៩១៤ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ដល់​ប្រជាជាតិ​នានា​ថា ទី​បញ្ចប់​នៃ​«​គ្រា​កំណត់​នៃ​ប្រជាជាតិ​នានា​»​នឹង​មក​ដល់​នៅ​ឆ្នាំ​នោះ ហើយ​ថា​ពិភព​លោក​នឹង​ឈាន​ចូល​ដល់​រយៈ​ពេល​ដ៏​ពិបាក​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ទេ។ (​លូក. ២១:២៤​) តើ​ប្រជាជាតិ​នានា​មាន​ប្រតិកម្ម​យ៉ាង​ណា? ជា​ជាង​ធ្វើ​តាម​ការ​ព្រមាន​ដែល​ត្រូវ​ពេល​នោះ អ្នក​ដឹក​នាំ​នយោបាយ​និង​អ្នក​ដឹក​នាំ​សាសនា​មើល​ងាយ ហើយ​បៀតបៀន​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះខ្នែង។ ដោយ​ធ្វើ​ដូច្នេះ អ្នក​ដឹក​នាំ​ទាំង​នេះ​សើច​ចំអក​ឲ្យ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត ពីព្រោះ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ជា​ទូត​ដែល​ជា​តំណាង​«​ក្រុង​យេរូសាឡិម​នា​ស្ថាន​សួគ៌​»​ ដែល​ជា​រាជាណាចក្រ​របស់​មេស្ស៊ី ហើយ​ពួក​គាត់​ជា​ផ្នែក​នៃ​រាជាណាចក្រ​នោះ។—ហេ. ១២:២២, ២៨

៥, ៦​. ​(​ក​) តើ​ប្រជាជាតិ​នានា​បាន​ធ្វើ​អ្វី​ខ្លះ​ប្រឆាំង​នឹង​«​ទី​ក្រុង​»​និង​«​ពល​រដ្ឋ​»​នៃ​ក្រុង​នោះ? (​ខ​) តើ​អ្នក​ណា​គឺជា​«​បណ្ដា​ជន​ដែល​សល់​នៅ​»​?

សាការី​បាន​ទាយ​អំពី​អ្វី​ដែល​ប្រជាជាតិ​នានា​នឹង​ធ្វើ​ដោយ​និយាយ​ថា​៖ ​«​គេ​នឹង​ចាប់​យក​ទី​ក្រុង​[​យេរូសាឡិម​]​»។ ​«​ទី​ក្រុង​»​នេះ​ជា​តំណាង​រាជាណាចក្រ​របស់​ព្រះ​ដែល​គ្រប់​គ្រង​ដោយ​មេស្ស៊ី។ រាជាណាចក្រ​នេះ​បាន​ត្រូវ​តំណាង​នៅ​លើ​ផែនដី​ដោយ​«​ពល​រដ្ឋ​»​នៃ​រាជាណាចក្រ​នេះ ពោល​គឺ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌។ (​ភី. ៣:២០​) ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ សមាជិក​សំខាន់​ៗ​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​«​ចាប់​យក​»​ឬ​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ​មួយ​នៅ​ក្រុង​អាត្លង់តា រដ្ឋ​ចច​ចៀ សហរដ្ឋអាម៉េរិក។ សត្រូវ​បាន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​និង​ដោយ​សាហាវ​ឃោរឃៅ​ទៅ​លើ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដោយ​ដាក់​បម្រាម​លើ​សៀវភៅ​របស់​ពួក​គាត់ ហើយ​បាន​ព្យាយាម​បញ្ឈប់​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គាត់។ នេះ​គឺ​ហាក់​ដូច​ជា​សត្រូវ​បាន​«​ប្លន់​»​ផ្ទះ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នេះ​យ៉ាង​ឃោរឃៅ។

ទោះ​ជា​សត្រូវ​ដែល​មាន​គ្នា​ច្រើន​ជាង​បាន​ធ្វើ​ឲ្យ​មនុស្ស​យល់​ច្រឡំ​អំពី​រាស្ត្រ​របស់​ព្រះ បាន​ប្រឆាំង ហើយ​បាន​បៀតបៀន​ពួក​គេ​ក៏​ដោយ ការ​គោរព​ប្រណិប័តន៍​ពិត​នឹង​មិន​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ឡើយ។ នៅ​តែ​មាន​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ។ ដូច​សាការី​បាន​រៀប​រាប់ ពួក​គេ​ជា​«​បណ្ដា​ជន​ដែល​សល់​នៅ​»​ ដែល​មិន​ព្រម​«​ឃ្លាត​ចេញ​ពី​ទី​ក្រុង​ទេ​»។

៧​. តើ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ទុក​គំរូ​អ្វី​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

តើ​ទំនាយ​នេះ​បាន​សម្រេច​ទាំង​ស្រុង​នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី​១​ឬ? មិន​មែន​ទេ។ ប្រជាជាតិ​នានា​នឹង​វាយ​ប្រហារ​ថែម​ទៀត​ទៅ​លើ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌ និង​មិត្ត​ភក្ដិ​ដ៏​ស្មោះ​ភក្ដី​របស់​ពួក​គាត់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី។ (​បប. ១២:១៧​) ជា​ឧទាហរណ៍ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ បង​ប្អូន​យើង​បាន​រង​ការ​បៀតបៀន​យ៉ាង​ខ្លាំង។ គំរូ​របស់​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ បាន​លើក​ទឹក​ចិត្ត​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ប្រហែលជា​ជួប​ប្រទះ។ ទុក្ខ​លំបាក​ទាំង​នេះ​ដែល​មក​ពី​ពួក​អ្នក​ដែល​សើច​ចំអក​ឲ្យ​យើង​ដោយ​សារ​ជំនឿ​របស់​យើង រួម​មាន​ការ​ប្រឆាំង​នៅ​ក្នុង​ផ្ទះ នៅ​កន្លែង​ធ្វើ​ការ និង​នៅ​សាលា​រៀន។ (​១ពេ. ១:៦, ៧​) ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ អ្នក​គោរព​ប្រណិប័តន៍​ពិត​បាន​តាំង​ចិត្ត​ខ្លាំង​ជាង​មុន​ទៅ​ទៀត​ដើម្បី​«​កាន់​ជំហរ​មាំ​មួន​ដោយ​មាន​គំនិត​ឯកភាព​»​ដោយ​‹មិន​ខ្លាច​អ្នក​ដែល​ប្រឆាំង​ពួក​គេ​ឡើយ›។ (​ភី. ១:២៧, ២៨​) ប៉ុន្តែ ក្នុង​ពិភព​លោក​ដែល​ស្អប់​ពួក​គេ តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​សុវត្ថិភាព​នៅ​កន្លែង​ណា?—យ៉ូន. ១៥:១៧​-​១៩

ព្រះ​យេហូវ៉ា​បង្កើត​ឲ្យ​មាន​«​ចន្លោះ​យ៉ាង​ធំ​»​

៨​. ​(​ក​) ក្នុង​គម្ពីរ តើ​ភ្នំ​អាច​ជា​តំណាង​អ្វី? (​ខ​) តើ​«​ភ្នំដើមអូលីវ​»​ជា​តំណាង​អ្វី?

យើង​បាន​ដឹង​ថា ក្នុង​ទំនាយ​នេះ ​«​ទី​ក្រុង​»​នេះ​ឬ​យេរូសាឡិម​ជា​តំណាង​រាជាណាចក្រ​ព្រះ។ ដូច្នេះ តើ​«​ភ្នំដើមអូលីវ​ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូសាឡិម​»​ជា​តំណាង​អ្វី? តើ​តាម​របៀប​ណា​ភ្នំ​នោះ​នឹង​ត្រូវ​«​ពុះ​ញែក​ជា​២​នៅ​ចំ​ពាក់​កណ្ដាល​»​ ហើយ​ក្លាយ​ទៅ​ជា​ភ្នំ​ពីរ? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​ភ្នំ​នោះ​ជា​«​ភ្នំ​របស់​អញ​»​? (​សូម​អាន សាការី ១៤:៣​-​៥) ក្នុង​គម្ពីរ​ភ្នំ​អាច​ជា​តំណាង​រាជាណាចក្រ​ឬ​រដ្ឋាភិបាល។ ហេតុ​នេះ គម្ពីរ​ច្រើន​តែ​ចែង​ថា ពរ​និង​ការ​ការពារ​គឺ​មក​ពី​ព្រះ​នៃ​ភ្នំ​នោះ។ (​ទំនុក. ៧២:៣; អេ. ២៥:៦, ៧​) ដូច្នេះ ភ្នំដើមអូលីវ​ជា​តំណាង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត។

៩​. តើ​«​ភ្នំដើមអូលីវ​»​បាន​ត្រូវ​ញែក​ជា​ពីរ​ក្នុង​ន័យ​យ៉ាង​ណា?

តើ​ការ​ញែក​ភ្នំដើមអូលីវ​ជា​ពីរ​បង្ហាញ​អំពី​អ្វី? ភ្នំ​ដែល​នៅ​ខាង​កើត​ក្រុង​យេរូសាឡិម​បាន​ត្រូវ​ញែក​ជា​ពីរ​ក្នុង​ន័យ​ថា ព្រះ​យេហូវ៉ា​បាន​រៀបចំ​ការ​គ្រប់​គ្រង​មួយ​ទៀត ដែល​ជា​ការ​គ្រប់​គ្រង​ចំណុះ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក។ ការ​គ្រប់​គ្រង​ទី​២​នេះ​គឺ​រាជាណាចក្រ​មេស្ស៊ី​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​គ្រិស្ត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​អំពី​ភ្នំ​ពីរ​ដែល​កើត​ឡើង​ពី​ការ​ញែក​«​ភ្នំដើមអូលីវ​»​ថា​ជា​«​ភ្នំ​របស់​អញ​»។ (​សាក. ១៤:៤​) ភ្នំ​ទាំង​ពីរ​គឺជា​ភ្នំ​របស់​លោក។

១០​. តើ​«​ចន្លោះ​យ៉ាង​ធំ​»​រវាង​ភ្នំ​ទាំង​ពីរ​ជា​តំណាង​អ្វី?

១០ ពេល​ដែល​ភ្នំ​ជា​និមិត្តរូប​បាន​ត្រូវ​ញែក​ជា​ពីរ ម្ខាង​នៅ​ខាង​ជើង ហើយ​ម្ខាង​ទៀត​នៅ​ខាង​ត្បូង នោះ​ជើង​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ភ្នំ​ទាំង​ពីរ។ ​«​ចន្លោះ​យ៉ាង​ធំ​»​បាន​កើត​ឡើង​នៅ​ក្រោម​ជើង​របស់​ព្រះ​យេហូវ៉ា។ តើ​ចន្លោះ​ភ្នំ​នេះ​ជា​អ្វី? គឺជា​តំណាង​ការ​ការពារ​របស់​ព្រះ។ ដូច​បណ្ដា​ជន​បាន​ទទួល​ការ​ការពារ​នៅ​ចន្លោះ​រវាង​ភ្នំ​ទាំង​ពីរ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​មាន​សុវត្ថិភាព​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​និង​ការ​គ្រប់​គ្រង​របស់​បុត្រ​លោក។ ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ពិត​ត្រូវ​បំផ្លាញ​ចោល​ឡើយ។ តើ​ការ​ញែក​ភ្នំ​ដើម​អូលីវ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ណា? នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​រាជាណាចក្រ​របស់​មេស្ស៊ី​បាន​ត្រូវ​រៀបចំ​ឡើង​នៅ​ចុង​បញ្ចប់​នៃ​គ្រា​របស់​ជន​ជាតិ​ដទៃ​នៅ​ឆ្នាំ​១៩១៤។ តើ​អ្នក​គោរព​ប្រណិប័តន៍​ពិត​បាន​ចាប់​ផ្ដើម​រត់​ទៅ​ចន្លោះ​ភ្នំ​ក្នុង​ន័យ​ធៀប​នៅ​ពេល​ណា?

ការ​រត់​ទៅ​ចន្លោះ​ភ្នំ​ចាប់​ផ្ដើម​ហើយ!

១១, ១២​. ​(​ក​) តើ​រាស្ត្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​រត់​ទៅ​ចន្លោះ​ភ្នំ​នោះ​នៅ​ពេល​ណា? (​ខ​) តើ​អ្វី​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ការពារ​រាស្ត្រ​របស់​លោក?

១១ លោក​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ប្រជាជាតិ​ទាំង​ឡាយ​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ​»។ (​ម៉ាថ. ២៤:៩​) ការ​ស្អប់​នេះ​គឺ​កាន់​តែ​ខ្លាំង​ឡើង​ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩១៤ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ។ ទោះ​ជា​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ សត្រូវ​របស់​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​បាន​វាយ​ប្រហារ​យ៉ាង​ឃោរឃៅ​ទៅ​លើ​ពួក​គាត់​ក៏​ដោយ ពួក​គេ​មិន​អាច​បំផ្លាញ​ក្រុម​អ្នក​ស្មោះ​ត្រង់​ទាំង​នោះ​បាន​ឡើយ។ នៅ​ឆ្នាំ​១៩១៩​ពួក​គាត់​បាន​ត្រូវ​រំដោះ​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំងក្លា ដែល​ជា​សាសនា​មិន​ពិត​ទាំង​អស់។ (​បប. ១១:១១, ១២​)​ * គឺ​នៅ​ឆ្នាំ​នោះ​ហើយ​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​រត់​ទៅ​ចន្លោះ​ភ្នំ​នោះ។

១២ តាំង​ពី​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​បន្ត​ការពារ​អ្នក​គោរព​ប្រណិប័តន៍​ពិត​នៅ​គ្រប់​កន្លែង​នៅ​ផែនដី។ អស់​ជា​ច្រើន​ទសវត្សរ៍ រដ្ឋាភិបាល​ជា​ច្រើន​បាន​ព្យាយាម​បញ្ឈប់​សាក្សី​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ឬ​បាន​ដាក់​បម្រាម​លើ​សៀវភៅ​របស់​ពួក​គេ។ នេះ​កំពុង​កើត​ឡើង​នៅ​ប្រទេស​ខ្លះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ទាំង​នេះ​បំផ្លាញ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើយ។ ទោះ​ជា​រដ្ឋាភិបាល​របស់​មនុស្ស​ប្រហែលជា​ធ្វើ​អ្វី​ក៏​ដោយ ព្រះ​យេហូវ៉ា​នឹង​បន្ត​ប្រើ​ឫទ្ធានុភាព​ដ៏​ខ្លាំងក្លា​បំផុត​របស់​លោក​ដើម្បី​ការពារ​រាស្ត្រ​របស់​លោក។—ចោ. ១១:២

១៣​. តើ​តាម​របៀប​ណា​យើង​នៅ​ក្នុង​ចន្លោះ​ភ្នំ​របស់​ព្រះ​យេហូវ៉ា​ដែល​ការពារ​យើង ហើយ​ហេតុ​អ្វី​ឥឡូវ​នេះ​ការ​ធ្វើ​ដូច្នោះ​គឺ​សំខាន់​ជាង​មុន​ទៅ​ទៀត?

១៣ បើ​យើង​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា ហើយ​កាន់​ជំហរ​មាំ​មួន​ក្នុង​សេចក្ដី​ពិត លោក​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក​នឹង​បំពេញ​ភារកិច្ច​របស់​លោក ហើយ​ព្រះ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ឬ​អ្វី​ក៏​ដោយ ‹ឆក់​យក​យើង​ពី​ដៃ​របស់​លោក›​ឡើយ។ (​យ៉ូន. ១០:២៨, ២៩​) ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​ផ្ដល់​ជំនួយ​អ្វី​ក៏​ដោយ​ដែល​យើង​ត្រូវ​ការ​ដើម្បី​យើង​អាច​ស្ដាប់​បង្គាប់​លោក​ជា​មហាក្សត្រ​សកល​លោក និង​អាច​រក្សា​ភក្ដីភាព​ចំពោះ​រាជាណាចក្រ​របស់​មេស្ស៊ី។ ជា​ការ​សំខាន់​ណាស់​ដែល​យើង​នៅ​ក្នុង​ចន្លោះ​ភ្នំ​ដែល​ការពារ​យើង ពី​ព្រោះ​ចន្លោះ​ភ្នំ​នោះ​នឹង​មាន​អត្ថន័យ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​ពិត ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង​ដែល​កំពុង​ឆ្ពោះ​មក​យ៉ាង​លឿន។

«​ថ្ងៃ​ចំ​បាំង​»​មក​ដល់​ហើយ

១៤, ១៥​. នៅ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ច្បាំង​នឹង​សត្រូវ​របស់​លោក តើ​អ្វី​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​ដែល​ព្រះ​មិន​បាន​ការពារ?

១៤ កាល​ដែល​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ជិត​ដល់ សាថាន​នឹង​វាយ​ប្រហារ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង។ ប៉ុន្តែ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ សាថាន​នឹង​វាយ​ប្រហារ​ជា​លើក​ចុង​ក្រោយ។ នៅ​ថ្ងៃ​នោះ​ព្រះ​យេហូវ៉ា​នឹង​ច្បាំង ហើយ​បំផ្លាញ​ចោល​សត្រូវ​ទាំង​អស់​របស់​រាស្ត្រ​លោក។ នោះ​គឺជា​«​ថ្ងៃ​ចំ​បាំង​»​របស់​លោក​ដែល​សាការី​បាន​ទាយ​ទុក។ ជាង​សង្គ្រាម​ណា​ទាំង​អស់ សង្គ្រាម​នេះ​នឹង​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​ធ្វើសង្គ្រាម​ដ៏​ល្បីល្បាញ។—សាក. ១៤:៣

១៥ នៅ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ច្បាំង​នឹង​សត្រូវ​របស់​លោក តើ​អ្វី​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​ដែល​ព្រះ​មិន​បាន​ការពារ? ទំនាយ​បាន​ទាយ​ថា​ពួក​គេ​នឹង​គ្មាន​‹ពន្លឺ​ភ្លឺ​ច្បាស់›​ឡើយ។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​គ្មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ទេ។ យោង​ទៅ​តាម​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី នៅ​ថ្ងៃ​ចម្បាំង​នោះ ​«​សេះ លា​កូន​កាត់ អូដ្ឋ លា​ឈ្មោល​នឹង​សត្វ​ទាំង​អស់​»​ ដែល​ជា​តំណាង​គ្រឿង​ប្រដាប់​សម្រាប់​កង​ទ័ព​របស់​ប្រជាជាតិ​នានា​នឹង​រង​ផល​ប៉ះពាល់។ គ្រឿង​ប្រដាប់​ទាំង​នោះ​នឹង​«​កក​»​ បាន​សេចក្ដី​ថា​លែង​ប្រើ​ការ​កើត គឺ​ហាក់​ដូច​ជា​រឹង​កក​ដោយ​សារ​ត្រជាក់។ សាការី​និយាយ​ថា ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​សត្រូវ​របស់​លោក​ដោយ​ប្រើ​«​សេចក្ដី​វេទនា​»​ឬ​ជំងឺ។ ភ្នែក​និង​អណ្ដាត​របស់​ពួក​គេ​«​នឹង​រោយ​រៀវ​ទៅ​»​ឬ​រលួយ។ យើង​មិន​ដឹង​ថា នេះ​នឹង​ជា​ជំងឺ​មែនទែន​ឬ​មិន​មែន​ទេ។ ប៉ុន្តែ​យើង​ដឹង​ថា​ពួក​គេ​នឹង​មិន​អាច​ធ្វើ​ទុក្ខ​យើង​ឬ​និយាយ​ប្រឆាំង​ព្រះ​បាន​ឡើយ។ (​សាក. ១៤:៦, ៧, ១២, ១៥, ព.ថ.​) ​«​ស្តេច​ទាំង​ឡាយ​នៅ​ផែនដី​ព្រម​ទាំង​កង​ទ័ព​របស់​ពួក​គេ​»​នឹង​កាន់​ខាង​សាថាន។ ប៉ុន្តែ​ទោះ​ជា​ពួក​គេ​នៅ​កន្លែង​ណា​ក៏​ដោយ​នៅ​ផែនដី ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​បប. ១៩:១៩​-​២១​) ​«​នៅ​ថ្ងៃ​នោះ សាកសព​នៃ​មនុស្ស ដែល​ព្រះ​យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ ពី​ចុង​ផែនដី​ម្ខាង​ទៅ​ដល់​ចុង​ផែនដី​ម្ខាង​»។—យេ. ២៥:៣២, ៣៣

១៦​. ដោយ​សារ​ថ្ងៃ​ចម្បាំង​របស់​ព្រះ​កាន់​តែ​ជិត​មក​ដល់ តើ​យើង​គួរ​ពិចារណា​សំណួរ​ណាខ្លះ ហើយ​តើ​យើង​នឹង​ត្រូវ​ធ្វើ​អ្វី?

១៦ សង្គ្រាម​តែង​តែ​នាំ​មក​នូវ​ទុក្ខវេទនា សូម្បី​តែ​ពួក​អ្នក​ដែល​ឈ្នះ​ក៏​ដោយ។ យើង​ប្រហែលជា​រង​ទុក្ខ​ដែរ​ក្នុង​អំឡុង​ពេល​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង។ យើង​ប្រហែលជា​មិន​សូវ​មាន​អ្វី​បរិភោគ​ទេ។ យើង​ប្រហែលជា​បាត់បង់​ទ្រព្យ​សម្បត្ដិ​ភាគ​ច្រើន​របស់​យើង។ យើង​ក៏​ប្រហែល​ជា​គ្មាន​សិទ្ធិ​សេរីភាព​ដែល​យើង​មាន​ឥឡូវ​នេះ​ដែរ។ បើ​ទុក្ខ​លំបាក​បែប​នេះ​កើត​មាន​ឡើង​ដល់​យើង តើ​យើង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? យើង​នឹង​ភ័យ​ស្លន់ស្លោ​ឬ? ពេល​មាន​ការ​បង្ខិត​បង្ខំ តើ​យើង​នឹង​បោះបង់​ចោល​ជំនឿ​ឬ​ទេ? តើ​យើង​នឹង​ធ្លាក់​ទឹក​ចិត្ត ហើយ​បាត់បង់​សេចក្ដី​សង្ឃឹម​ទាំង​អស់​ឬ? ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង យើង​ត្រូវ​នៅ​ក្នុង​ចន្លោះ​ភ្នំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​ការ​ការពារ​ពី​លោក ហើយ​ទុក​ចិត្ត​ថា​លោក​នឹង​ការពារ​យើង។—សូម​អាន ហាបាគុក ៣:១៧, ១៨

​​«​នឹង​មាន​ទឹក​រស់​[​ទឹក​ដែល​ផ្ដល់​ជីវិត​]​ហូរ​ចេញ​»​

១៧, ១៨​. ​(​ក​) តើ​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​គឺជា​អ្វី? (​ខ​) តើ​«​សមុទ្រ​នៅ​ទិស​ខាង​កើត​»​និង​«​សមុទ្រ​នៅ​ទិស​ខាង​លិច​»​ជា​តំណាង​អ្វី? (​គ​) កាល​ដែល​អ្នក​គិត​អំពី​អនាគត តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

១៧ បន្ទាប់​ពី​សង្គ្រាម​ហាម៉ាគេដូន ​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​នឹង​ហូរ​ឥត​ឈប់​ឈរ​ពី​រាជាណាចក្រ​របស់​មេស្ស៊ី។ ​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​ទាំង​នេះ គឺជា​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ផ្ដល់​ជីវិត។ ​«​សមុទ្រ​នៅ​ទិស​ខាង​កើត​»​សំដៅ​ទៅ​លើ​សមុទ្រ​ស្លាប់ ហើយ​«​សមុទ្រ​នៅ​ទិស​ខាង​លិច​»​សំដៅ​ទៅ​សមុទ្រ​មេឌីទែរ៉ានេ។ សមុទ្រ​ទាំង​ពីរ​បាន​ត្រូវ​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​មនុស្ស។ សមុទ្រ​ស្លាប់​ជា​តំណាង​យ៉ាង​ត្រឹម​ត្រូវ​នូវ​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្នូរ​ជា​ទូទៅ​របស់​មនុស្ស​ជាតិ។ ដោយ​ហេតុ​ថា​សមុទ្រ​មេឌីទែរ៉ានេ​ពោរ​ពេញ​ទៅ​ដោយ​ជីវិត សមុទ្រ​នេះ​ជា​តំណាង​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន។ (​សូម​អាន សាការី ១៤:៨, ៩; បប. ៧:៩​-​១៥​) មនុស្ស​ទាំង​ពីរ​ក្រុម​នឹង​ផឹក​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​ពី​«​ទន្លេ​ដែល​មាន​ទឹក​ដែល​ផ្ដល់​ជីវិត​»។ ជា​លទ្ធផល ពួក​គេ​ទាំង​អស់​គ្នា​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​រស់​ជា​រៀង​រហូត។—បប. ២២:១, ២

១៨ ពេល​ព្រះ​យេហូវ៉ា​បំផ្លាញ​ចោល​របៀប​របប​ដ៏​អាក្រក់​នេះ លោក​នឹង​ការពារ​យើង ហើយ​នាំ​យើង​ទៅ​ដល់​ពិភព​លោក​ថ្មី​របស់​លោក។ ទោះ​ជា​ប្រជាជាតិ​ទាំង​អស់​ស្អប់​យើង​ក៏​ដោយ ចូរ​យើង​តាំង​ចិត្ត​រក្សា​ភក្ដីភាព​ចំពោះ​រាជាណាចក្រ​របស់​ព្រះ ហើយ​តាំង​ចិត្ត​នៅ​ក្នុង​ចន្លោះ​ភ្នំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​ការ​ការពារ​ពី​លោក។

[​កំណត់​សម្គាល់​]

^ វគ្គ 11 សូម​មើល​សៀវភៅ​ការ​បើក​បង្ហាញ ការ​សម្រេច​ផ្ដាច់​ព្រ័ត្រ​ជិត​មក​ដល់​ហើយ! (​Revelation—Its Grand Climax at Hand!​) ទំព័រ​១៦៩​-​១៧០។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​១៧​]

[​រូបភាព​នៅ​ទំព័រ​២១​]

ចូរ​តាំង​ចិត្ត​នៅ​ក្នុង​ចន្លោះ​ភ្នំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​ការ​ការពារ​ពី​លោក