លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពេត្រុស និងអាណានាស បាននិយាយកុហក តើយើងអាចទាញមេរៀនអ្វី?

ពេត្រុស និងអាណានាស បាននិយាយកុហក តើយើងអាចទាញមេរៀនអ្វី?

ចូរ​បង្រៀន​កូន​របស់​អ្នក

ពេត្រុស និង​អាណានាស បាន​និយាយ​កុហក តើ​យើង​អាច​ទាញ​មេរៀន​អ្វី?

ដូច​អ្នក​ដឹង​ស្រាប់​ហើយ ពាក្យ​កុហក​គឺជា​អ្វី​ដែល​អ្នក​និយាយ​ហើយ​ដឹង​ថា​មិន​ពិត។ តើ​អ្នក​ធ្លាប់​និយាយ​កុហក​ទេ? * សូម្បី​តែ​មនុស្ស​ធំ​ខ្លះ​ដែល​ស្រឡាញ់​ព្រះ​ក៏​ធ្លាប់​និយាយ​កុហក​ដែរ។ អ្នក​ប្រហែល​ជា​ស្គាល់​បុគ្គល​ម្នាក់​ក្នុង​គម្ពីរ​ដែល​បាន​និយាយ​កុហក។ នោះ​គឺ​ពេត្រុស ជា​សាវ័ក​ម្នាក់​របស់​លោក​យេស៊ូ​ក្នុង​ចំណោម​សាវ័ក​ទាំង​១២​នាក់។ សូម​យើង​ពិនិត្យ​មើល​នូវ​មូលហេតុ​ខ្លះ​ដែល​គាត់​បាន​និយាយ​កុហក។

បន្ទាប់​ពី​គេ​បាន​ចាប់​ខ្លួន​លោក​យេស៊ូ គេ​នាំ​លោក​ទៅ​ផ្ទះ​សម្ដេច​សង្ឃ។ ពេល​នោះ​រំលង​អធ្រាត្រ​ហើយ។ ពេត្រុស​ចូល​ទៅ​ទី​ធ្លា​ផ្ទះ​សម្ដេច​សង្ឃ​ដោយ​មិន​ឲ្យ​គេ​ស្គាល់។ ក្រោម​ពន្លឺ​ភ្លើង ស្ត្រី​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​មើល​ស្គាល់​ពេត្រុស​ដោយ​និយាយ​ថា​៖ ‹អ្នក​ក៏​បាន​នៅ​ជា​មួយ​នឹង​យេស៊ូ​ដែរ!›។ ដោយ​ភ័យ​ខ្លាច ពេត្រុស​បដិសេធ​ថា គាត់​មិន​ស្គាល់​លោក​យេស៊ូ​ទេ។

គម្ពីរ​ចែង​ថា បន្ទាប់​មក​«​ស្ត្រី​ម្នាក់​ទៀត​បាន​ឃើញ​គាត់​»​ នាង​និយាយ​ថា​៖ ​«​បុរស​នេះ​ធ្លាប់​នៅ​ជា​មួយ​នឹង​យេស៊ូ​»។ ពេត្រុស​បាន​បដិសេធ​ម្ដង​ទៀត។ មិន​យូរ​ក្រោយ​មក មនុស្ស​ឯ​ទៀត​បាន​ចូល​មក​ជិត​ពេត្រុស​ហើយ​និយាយ​ថា​៖ ​«​អ្នក​ច្បាស់​ជា​ពួក​នោះ​ដែរ​»។

ពេត្រុស​បាន​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ​នៅ​លើក​ទី​៣ គាត់​បាន​និយាយ​កុហក​ថា​៖ ​«​ខ្ញុំ​មិន​ស្គាល់​បុរស​នោះ​ទេ!​»។ មាន់​ក៏​រងាវ​ឡើង ហើយ​លោក​យេស៊ូ​បាន​មើល​ទៅ​ពេត្រុស។ រួច​ពេត្រុស​នឹក​ឃើញ​ពាក្យ​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ប្រាប់​គាត់​ពីរ​បី​ម៉ោង​មុន​នោះ​ថា​៖ ​«​មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។ ពេត្រុស​យំ​ដោយ​នឹក​ស្ដាយ​ជា​ខ្លាំង!

តើ​រឿង​ដូច​នេះ​អាច​កើត​ឡើង​ចំពោះ​អ្នក​ទេ?— ប្រហែលជា​អ្នក​នៅ​សាលា​រៀន ហើយ​ឮ​សិស្ស​កំពុង​និយាយ​អំពី​សាក្សី​ព្រះ​យេហូវ៉ា។ សិស្ស​ម្នាក់​និយាយ​ថា​៖ ​«​ពួក​គេ​មិន​គោរព​ទង់​ជាតិ​ទេ​»។ ម្នាក់​ទៀត​បន្ថែម​ថា​៖ ​«​ពួក​គេ​មិន​ធ្វើសង្គ្រាម​ដើម្បី​ការពារ​ប្រទេស​ខ្លួន​ទេ​»។ ម្នាក់​ទៀត​និយាយ​ថែម​ទៀត​ថា​៖ ​«​ពួក​គេ​មិន​មែន​ជា​អ្នក​កាន់​សាសនា​គ្រិស្ត​ទេ ពីព្រោះ​ពួក​គេ​មិន​ធ្វើ​បុណ្យ​ណូអែល​»។ ក្រោយ​មក​ម្នាក់​ទៀត​បែរ​មក​អ្នក​រួច​សួរ​ថា​៖ ​«​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា មែន​ទេ?​»។ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

មុន​ដែល​មាន​រឿង​បែប​នេះ​កើត​ឡើង អ្នក​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​ឲ្យ​បាន​ល្អ។ ពេត្រុស​មិន​បាន​ត្រៀម​ខ្លួន​ទេ។ ដូច្នេះ ពេល​ដែល​មាន​ការ​បង្ខិត​បង្ខំ គាត់​បាន​និយាយ​កុហក! ក៏​ប៉ុន្តែ គាត់​សោកស្ដាយ​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ។ ហេតុ​នេះ​ហើយ ព្រះ​បាន​អភ័យទោស​ឲ្យ​គាត់។

អ្នក​កាន់​តាម​លោក​យេស៊ូ​ម្នាក់​ទៀត​នៅ​សម័យ​មុន​ឈ្មោះ​អាណានាស​ក៏​បាន​និយាយ​កុហក​ដែរ។ ប៉ុន្តែ ព្រះ​មិន​អភ័យទោស​ឲ្យ​គាត់ និង​សាភីរ៉ា​ដែល​ជា​ប្រពន្ធ​របស់​គាត់​ទេ។ នាង​បាន​រួម​គំនិត​ជា​មួយ​ប្ដី​ក្នុង​ការ​និយាយ​កុហក​ដែរ។ សូម​យើង​ពិនិត្យ​មើល​មូលហេតុ​ដែល​ព្រះ​មិន​អភ័យទោស​ឲ្យ​អាណានាស​និង​សាភីរ៉ា។

ដប់​ថ្ងៃ​ក្រោយ​លោក​យេស៊ូ​បាន​ចេញ​ពី​ពួក​សាវ័ក ហើយ​ត្រឡប់​ទៅ​ឯ​ព្រះ​នៅ​ស្ថាន​សួគ៌​វិញ មាន​មនុស្ស​ចំនួន​៣.០០០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្រុង​យេរូសាឡិម។ មនុស្ស​ជា​ច្រើន​បាន​មក​ពី​ស្រុក​ឆ្ងាយ​ៗ​ដើម្បី​ចូល​រួម​បុណ្យ​ថ្ងៃ​ទី​៥០។ ក្រោយ​ពី​ពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ហើយ ពួក​គេ​ចង់​ស្នាក់​នៅ​ទី​នោះ​យូរ​ជាង​ដើម្បី​រៀន​ថែម​ទៀត​អំពី​ជំនឿ​ថ្មី​របស់​ខ្លួន។ ដូច្នេះ អ្នក​កាន់​តាម​លោក​យេស៊ូ​ខ្លះ​បាន​ប្រើ​លុយ​របស់​ខ្លួន​ដើម្បី​ជួយ​ផ្គត់​ផ្គង់​ពួក​គេ។

អាណានាស​និង​ប្រពន្ធ​របស់​គាត់​បាន​លក់​ដី​មួយ​ចំណែក​របស់​ពួក​គាត់​ដើម្បី​បាន​ប្រាក់​ជួយ​ដល់​អ្នក​ដែល​ទើប​តែ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ពេល​អាណានាស​យក​ប្រាក់​ទៅ​ឲ្យ​ពួក​សាវ័ក គាត់​និយាយ​ថា នោះ​ជា​ប្រាក់​ទាំង​អស់​ដែល​មក​ពី​ការ​លក់​ដី​របស់​គាត់។ តែ​នោះ​មិន​មែន​ប្រាក់​ទាំង​អស់​ទេ! គាត់​បាន​ទុក​ប្រាក់​ខ្លះ​សម្រាប់​ខ្លួន​ឯង! ព្រះ​បាន​ឲ្យ​ពេត្រុស​ដឹង​អំពី​រឿង​នេះ ដូច្នេះ​ពេត្រុស​និយាយ​ទៅ​អាណានាស​ថា​៖ ​«​អ្នក​មិន​បាន​កុហក​មនុស្ស​ទេ តែ​បាន​កុហក​ព្រះ​វិញ​»។ នៅ​ពេល​នោះ​អាណានាស​បាន​ដួល​ស្លាប់​នៅ​នឹង​កន្លែង! ប្រហែល​បី​ម៉ោង​ក្រោយ​មក​ប្រពន្ធ​របស់​អាណានាស​ក៏​ចូល​មក។ នាង​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ដល់​ប្ដី​នាង​ទេ តែ​នាង​ក៏​បាន​និយាយ​កុហក​ដែរ រួច​មក​នាង​ដួល​ស្លាប់​នៅ​នឹង​កន្លែង​ទៅ។

មេរៀន​នេះ​ប្រាកដជា​ធ្វើ​ឲ្យ​យើង​ចាំ​មិន​ភ្លេច​ថា យើង​ត្រូវ​តែ​និយាយ​ពាក្យ​ពិត។ មែន​ហើយ យើង​ទាំង​អស់​គ្នា​ត្រូវ​រៀន​មេរៀន​នេះ! ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ចេះ​ធ្វើ​ខុស ជា​ពិសេស​ពេល​យើង​នៅ​ក្មេង។ តើ​កូន​សប្បាយ​ចិត្ត​ទេ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​កូន ហើយ​លោក​នឹង​អភ័យទោស​ឲ្យ​កូន​ដូច​លោក​អភ័យទោស​ឲ្យ​ពេត្រុស​នោះ?— តែ​កូន​ត្រូវ​ចាំ​ថា យើង​មិន​ត្រូវ​និយាយ​កុហក​ទាល់​តែ​សោះ។ ការ​និយាយ​កុហក​ជា​កំហុស​ធ្ងន់ ហើយ​បើ​យើង​ភ្លាត់​និយាយ​កុហក នោះ​យើង​ត្រូវ​អង្វរ​ព្រះ​សុំ​លោក​អភ័យទោស​ឲ្យ​យើង។ នោះ​ជា​អ្វី​ដែល​ពេត្រុស​ច្បាស់​ជា​បាន​ធ្វើ ហើយ​គាត់​បាន​ទទួល​ការ​អភ័យទោស​ពី​ព្រះ។ បើ​យើង​ខំ​ព្យាយាម​មិន​និយាយ​កុហក​ត​ទៅ​ទៀត នោះ​ព្រះ​នឹង​អភ័យទោស​ឲ្យ​យើង​ដែរ!

សូម​អាន​ពី​គម្ពីរ​របស់​អ្នក

ម៉ាថាយ ២៦:៦៩​-​៧៥ សកម្មភាព ២:៣៨​-​៤២; ៤:៣២​-​៣៧; ៥:១​-​១១

[​កំណត់​សម្គាល់​]

^ វគ្គ 3 បើ​អ្នក​អាន​ជា​មួយ​កូន​តូច ហើយ​ឃើញ​ថា​មាន​អូស​បន្ទាត់ នេះ​ជួយ​រំលឹក​អ្នក​ឲ្យ​ផ្អាក និង​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ឆ្លើយ។

[​រូបភាព​នៅ​ទំព័រ​១៤​]

[​រូបភាព​នៅ​ទំព័រ​១៤​]

[​រូបភាព​នៅ​ទំព័រ​១៥​]