លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរលើកតម្កើងនាមដ៏ឧត្ដមរបស់ព្រះយេហូវ៉ា

ចូរលើកតម្កើងនាមដ៏ឧត្ដមរបស់ព្រះយេហូវ៉ា

ចូរ​លើក​តម្កើង​នាម​ដ៏​ឧត្តម​របស់​ព្រះ​យេហូវ៉ា

​«​ទូល​បង្គំ . . . នឹង​លើក​ដំ​កើង​ព្រះ​នាម​ទ្រង់​ជា​ដរាប​ត​ទៅ​»។—ទំនុក. ៨៦:១២

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

តើ​ការ​ស្គាល់​នាម​ព្រះ​មាន​ន័យ​យ៉ាង​ណា?

តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​អំពី​នាម​របស់​លោក​បន្ដិច​ម្ដង​ៗ​?

តើ​ការ​ប្រព្រឹត្ត​តាម​នាម​របស់​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា?

១, ២​. ផ្ទុយ​ពី​ពិភព​គ្រិស្ត​សាសនា តើ​សាក្សី​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​នាម​របស់​ព្រះ?

ជា​ទូទៅ​ពិភព​គ្រិស្ត​សាសនា​ជៀស​មិន​ប្រើ​នាម​របស់​ព្រះ​ទេ។ ជា​ឧទាហរណ៍ បុព្វកថា​នៃ​សេចក្ដី​បក​ប្រែ​មួយ​ចែង​ថា ជា​«​ការ​មិន​សមរម្យ​ទាល់​តែ​សោះ​»​ដែល​ពិភព​គ្រិស្ត​សាសនា​ហៅ​ព្រះ​ដោយ​ប្រើ​ឈ្មោះ​ណា​មួយ (​Revised Standard Version​)។

ផ្ទុយ​ទៅ​វិញ សាក្សី​ព្រះ​យេហូវ៉ា​មាន​មោទនភាព​ដោយ​សារ​ពួក​គេ​តំណាង​នាម​របស់​ព្រះ ហើយ​លើក​តម្កើង​នាម​នោះ។ (​សូម​អាន ទំនុកតម្កើង ៨៦:១២; អេសាយ ៤៣:​១០) ម្យ៉ាង​ទៀត យើង​ចាត់​ទុក​ថា​ជា​ឯកសិទ្ធិ​មួយ​ដែល​យើង​អាច​យល់​អត្ថន័យ​នៃ​នាម​នោះ ហើយ​យល់​អំពី​ចំណោទ​ដែល​ទាក់​ទង​នឹង​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។ (​ម៉ាថ. ៦:៩​) ប៉ុន្តែ នេះ​គឺជា​ឯក​សិទ្ធ​មួយ​ដែល​យើង​មិន​ត្រូវ​ចាត់​ទុក​ថា​ជា​អ្វី​ដែល​ធម្មតា​នោះ​ទេ។ ហេតុ​នេះ សូម​យើង​ពិចារណា​នូវ​សំណួរ​សំខាន់​បី​យ៉ាង​គឺ តើ​ការ​ស្គាល់​នាម​របស់​ព្រះ​មាន​ន័យ​យ៉ាង​ណា? តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​សម​នឹង​នាម​ដ៏​ឧត្តម​របស់​លោក? ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ប្រព្រឹត្ត​តាម​នាម​របស់​ព្រះ​យេហូវ៉ា?

តើ​ការ​ស្គាល់​នាម​របស់​ព្រះ​មាន​ន័យ​យ៉ាង​ណា?

៣​. តើ​ការ​ស្គាល់​នាម​របស់​ព្រះ​មាន​ន័យ​យ៉ាង​ណា?

ការ​ស្គាល់​នាម​របស់​ព្រះ​មាន​ន័យ​ច្រើន​ជាង​ការ​គ្រាន់តែ​ស្គាល់​ពាក្យ​ថា​«​យេហូវ៉ា​»។ នេះ​រួម​បញ្ចូល​ការ​ស្គាល់​អំពី​កេរ្ដិ៍​ឈ្មោះ គុណ​សម្បត្ដិ គោល​បំណង​និង​សកម្មភាព​របស់​លោក ព្រម​ទាំង​របៀប​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​រាស្ត្រ​របស់​លោក​ដែល​គម្ពីរ​បាន​បើក​សម្ដែង​ឲ្យ​ដឹង។ ដូច​ព្រះ​យេហូវ៉ា​បាន​សម្រេច​នូវ​គោល​បំណង​របស់​លោក បន្ដិច​ម្ដង​ៗ​លោក​បាន​បង្ហាញ​ថា លោក​ជា​ព្រះ​បែប​ណា។ (​សុភ. ៤:១៨​) ព្រះ​យេហូវ៉ា​បាន​ប្រាប់​នាម​របស់​លោក​ដល់​ប្ដី​ប្រពន្ធ​ដំបូង​គឺ​អាដាម​និង​អេវ៉ា ហេតុ​នេះ​អេវ៉ា​បាន​ប្រើ​នាម​នេះ​ក្រោយ​ពី​នាង​បាន​បង្កើត​កាអ៊ីន។ (​លោ. ៤:១​) បុរស​ដ៏​ស្មោះ​ត្រង់​ដូច​ជា​ណូអេ អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ស្គាល់​នាម​របស់​ព្រះ។ ម្យ៉ាង​ទៀត ពួក​គេ​កាន់​តែ​ឲ្យ​តម្លៃ​ទៅ​លើ​នាម​របស់​ព្រះ កាល​ដែល​លោក​បាន​ឲ្យ​ពរ​ដល់​ពួក​គេ បាន​ថែ​រក្សា​ពួក​គេ និង​បាន​បង្ហាញ​ផ្នែក​ខ្លះ​នៃ​គោល​បំណង​របស់​លោក​ដល់​ពួក​គេ។ ជា​យូរ​ក្រោយ​មក ព្រះ​បាន​បើក​សម្ដែង​ឲ្យ​ម៉ូសេ​ដឹង​អ្វី​មួយ​ដ៏​ពិសេស​ស្តី​អំពី​អត្ថន័យ​នៃ​នាម​របស់​លោក។

៤​. ហេតុ​អ្វី​ម៉ូសេ​សួរ​ព្រះ​អំពី​នាម​របស់​លោក? ហេតុ​អ្វី​គាត់​ចង់​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ជឿ​ជាក់​ថា ព្រះ​នឹង​សង្គ្រោះ​ពួក​គេ?

សូម​អាន និក្ខមនំ ៣:១០​-​១៥ពេល​ម៉ូសេ​មាន​អាយុ​៨០​ឆ្នាំ ព្រះ​បាន​ឲ្យ​បង្គាប់​ដ៏​សំខាន់​មួយ​ដល់​គាត់​ថា​៖ ​«​[​ចូរ​]​នាំ​រាស្ត្រ​អញ គឺជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​»។ បន្ទាប់​មក ម៉ូសេ​បាន​សួរ​ព្រះ​យេហូវ៉ា​នូវ​សំណួរ​មួយ​ដែល​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា​៖ ‹បើ​គេ​សួរ​ទូល​បង្គំ​ថា តើ​ព្រះ​ទ្រង់​នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​គេ​ថា​ដូច​ម្ដេច?›។ ដោយ​សារ​រាស្ត្រ​ព្រះ​បាន​ស្គាល់​នាម​នេះ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ តើ​ហេតុ​អ្វី​ម៉ូសេ​សួរ​សំណួរ​នេះ? ពីព្រោះ​គាត់​ចង់​ស្គាល់​ថែម​ទៀត​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​បែប​ណា។ ម៉ូសេ​ចង់​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ជឿ​ជាក់​ថា ព្រះ​ពិត​ជា​នឹង​សង្គ្រោះ​ពួក​គេ​មែន ហើយ​យើង​អាច​យល់​នូវ​មូលហេតុ​ដែល​ម៉ូសេ​ចង់​ធ្វើ​ដូច្នេះ។ ជន​ជាតិ​អ៊ីស្រាអែល​ធ្លាប់​ជា​ខ្ញុំ​បម្រើ​របស់​ជន​ជាតិ​អេស៊ីប​អស់​រយៈ​ពេល​ជា​យូរ ហើយ​ពួក​គេ​ទំនង​ជា​ឆ្ងល់​ថា ព្រះ​យេហូវ៉ា​អាច​សង្គ្រោះ​ពួក​គេ​បាន​ឬ​មិន​បាន។ ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​ៗ​បាន​គោរព​បូជា​ព្រះ​របស់​ជន​ជាតិ​អេស៊ីប!—អេស. ២០:៧, ៨

៥​. ពេល​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ទៅ​ម៉ូសេ តើ​លោក​បាន​ពន្យល់​ថែម​ទៀត​អំពី​អត្ថន័យ​នៃ​នាម​របស់​លោក​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ម៉ូសេ​យ៉ាង​ដូច​ម្ដេច? លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់ បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​»។ * បន្ទាប់​មក​លោក​បាន​បន្ថែម​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា . . . បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​»។ ព្រះ​បាន​ប្រាប់​ថា លោក​នឹង​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​លោក​ចង់​ក្លាយ​ទៅ​ជា ដើម្បី​បំពេញ​គោល​បំណង​របស់​លោក ហើយ​ថា​លោក​នឹង​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​ជា​និច្ច។ ហេតុ​នេះ ខ​១៥​ចែង​ថា ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដោយ​ផ្ទាល់​ថា​៖ ​«​នោះ​ជា​ឈ្មោះ​អញ​នៅ​អស់​កល្ប​ជា​និច្ច ហើយ​ក៏​សំ​រាប់​ជា​សេចក្ដី​រំឭក​ពី​អញ ដល់​គ្រប់​ទាំង​ដំ​ណ​រៀង​រាប​ត​ទៅ​»។ ការ​បើក​បង្ហាញ​នោះ​ពិត​ជា​បាន​ពង្រឹង​ជំនឿ​របស់​ម៉ូសេ ហើយ​ធ្វើ​ឲ្យ​គាត់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​មែន!

ព្រះ​យេហូវ៉ា​ធ្វើ​តាម​នាម​របស់​លោក

៦, ៧​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ធ្វើ​តាម​នាម​ដ៏​ឧត្តម​របស់​លោក​គ្រប់​ជំពូក?

មិន​យូរ​ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ លោក​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក ហើយ​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល។ លោក​បាន​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​អាម៉ាស់​មុខ​ដោយ​សេចក្ដី​វេទនា​១០​ប្រភេទ ដំណាល​គ្នា​នោះ​លោក​បាន​បក​អាក្រាត​ព្រះ​របស់​ជន​ជាតិ​អេស៊ីប រួម​ទាំង​ផារ៉ូ​ថា​គ្មាន​ឫទ្ធានុភាព។ (​និក្ខ. ១២:១២​) ក្រោយ​មក​ព្រះ​យេហូវ៉ា​បាន​ញែក​សមុទ្រក្រហម ហើយ​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​កាត់​សមុទ្រ​នោះ ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​ផារ៉ូ​និង​កង​ទ័ព​របស់​គាត់​លង់​ទឹក​ស្លាប់។ (​ទំនុក. ១៣៦:១៣​-​១៥​) នៅ​«​ទី​រហោ​ស្ថាន​សំ​បើ​ម គួរ​ស្ញែង​ខ្លាច​»​ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ជា​អ្នក​ការពារ​ជីវិត ពេល​លោក​ផ្ដល់​អាហារ​និង​ទឹក​ដល់​រាស្ត្រ​របស់​លោក ប្រហែលជា​មាន​ចំនួន​ពីរ​ទៅ​បី​លាន​នាក់​ឬ​ច្រើន​ជាង​នេះ! លោក​ថែម​ទាំង​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​របស់​ពួក​គេ​មិន​សឹក​រេចរឹល​ផង​ដែរ។ (​ចោ. ១:១៩; ២៩:៤​) មែន​ហើយ គ្មាន​អ្វី​អាច​បញ្ឈប់​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ធ្វើ​តាម​នាម​របស់​លោក​ដែល​គ្មាន​អ្វី​អាច​ប្រៀប​បាន​ឡើយ។ ក្រោយ​មក​លោក​បាន​ប្រាប់​អេសាយ​ថា​៖ ​«​គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញ គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ​»។—អេ. ៤៣:១១

យ៉ូស្វេ​ជា​អ្នក​បន្ត​តំណែង​ពី​ម៉ូសេ ក៏​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​នៅ​ស្រុក​អេស៊ីប​និង​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដែរ។ ដូច្នេះ ពេល​គាត់​ជិត​ស្លាប់ យ៉ូស្វេ​អាច​និយាយ​ដោយ​ជឿ​ជាក់​យ៉ាង​ស្មោះ​ទៅ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​ជន​រួម​ជាតិ​របស់​គាត់​ថា​៖ ​«​នៅ​ក្នុង​ចិត្ត​ហើយ​ក្នុង​វិញ្ញាណ​របស់​ឯង​នោះ​ក៏​ដឹង​ទាំង​អស់​គ្នា​ថា ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សំ​រេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ​»។ (​យ៉ូស. ២៣:១៤​) ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក។

៨​. នៅ​សម័យ​យើង​នេះ តើ​ព្រះ​យេហូវ៉ា​ធ្វើ​តាម​នាម​របស់​លោក​យ៉ាង​ដូច​ម្ដេច?

នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក​ដែរ។ តាម​រយៈ​បុត្រ​របស់​លោក លោក​បាន​ទាយ​ថា ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ ដំណឹង​អំពី​រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​«​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»។ (​ម៉ាថ. ២៤:១៤​) មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​អាច​ទាយ​ប្រាប់​អំពី​កិច្ចការ​នេះ។ លោក​មាន​ឫទ្ធានុភាព​ដើម្បី​ឲ្យ​កិច្ចការ​នេះ​បាន​សម្រេច ហើយ​លោក​ប្រើ​មនុស្ស​សាមញ្ញ​ធម្មតា​ដើម្បី​ធ្វើ​កិច្ចការ​នេះ! (​សកម្ម. ៤:១៣​) ដូច្នេះ​ពេល​យើង​រួម​ចំណែក​ក្នុង​កិច្ចការ​នេះ តាម​ការ​ពិត​យើង​រួម​ចំណែក​ក្នុង​ការ​សម្រេច​ទំនាយ​ក្នុង​គម្ពីរ។ យើង​លើក​កិត្ដិយស​បិតា​របស់​យើង ហើយ​បង្ហាញ​ថា​យើង​ពិត​ជា​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង ពេល​យើង​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។—ម៉ាថ. ៦:៩, ១០

នាម​របស់​លោក​គឺ​ប្រសើរ​ឧត្តម

៩, ១០​. តាម​រយៈ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល តើ​យើង​រៀន​អ្វី​ថែម​ទៀត​អំពី​លោក?

មិន​យូរ​ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ថែម​ទៀត​អំពី​ខ្លួន​លោក​ដល់​ពួក​គេ។ តាម​រយៈ​ច្បាប់​នៃ​កិច្ច​ព្រមព្រៀង លោក​បាន​ក្លាយ​ជា​«​ប្ដី​»​របស់​ពួក​គេ​ក្នុង​ន័យ​ធៀប ហើយ​លោក​ស្ម័គ្រ​ចិត្ត​ទទួល​ភារកិច្ច​ទាំង​អស់​របស់​ប្ដី។ (​យេ. ៣:១៤​) ជា​លទ្ធផល ជន​ជាតិ​អ៊ីស្រាអែល​បាន​ក្លាយ​ទៅ​ជា​ប្រពន្ធ​របស់​លោក​ក្នុង​ន័យ​ធៀប គឺជា​រាស្ត្រ​ដែល​ជា​តំណាង​នាម​របស់​លោក។ (​អេ. ៥៤:៥, ៦​) កាល​ដែល​ពួក​គេ​ចុះ​ចូល​នឹង​លោក​ដោយ​ស្ម័គ្រ​ចិត្ត លោក​បង្ហាញ​ថា​លោក​ជា​«​ប្ដី​»​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ។ លោក​នឹង​បន្ត​ឲ្យ​ពរ រក្សា​ការពារ​និង​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សុខសាន្ត។ (​ជន. ៦:២២​-​២៧​) ដូច្នេះ​នាម​ដ៏​ឧត្តម​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សរសើរ​តម្កើង​ក្នុង​ចំណោម​ប្រជាជាតិ​នានា។ (​សូម​អាន ចោទិយកថា ៤:៥​-​៨; ទំនុកតម្កើង ៨៦:៧​-​១០) មែន​ហើយ ក្នុង​ប្រវត្ដិសាស្ត្រ​របស់​អ៊ីស្រាអែល ជន​បរទេស​ជា​ច្រើន​នាក់​បាន​ចូល​មក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ តាម​ការ​ពិត ពួក​គេ​និយាយ​អ្វី​ដែល​រូថ ដែល​ជា​ស្ត្រីជន​ជាតិ​ម៉ូអាប់​បាន​និយាយ​ទៅ​ន៉ាអូមី​ថា​៖ ​«​សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ​»។—រស់. ១:១៦

១០ អស់​រយៈ​ពេល​ប្រហែលជា​១.៥០០​ឆ្នាំ របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ទៅ​លើ​បណ្ដា​ជន​អ៊ីស្រាអែល​បាន​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​ថ្មី​ជា​ច្រើន​របស់​លោក។ ទោះ​ជា​ប្រជាជាតិ​អ៊ីស្រាអែល​មិន​ស្ដាប់​បង្គាប់​លោក​ក៏​ដោយ ម្ដង​ហើយ​ម្ដង​ទៀត​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ជា​ព្រះ​ដែល​មាន​«​ព្រះ​ហឫទ័យ​មេត្ដា​ករុណា​»​ ហើយ​«​យឺត​នឹង​ខ្ញាល់​»។ លោក​ជា​ព្រះ​ដែល​មាន​ចិត្ត​អត់​ធ្មត់​និង​ចិត្ត​ធ្ងន់​យ៉ាង​អស្ចារ្យ។ (​និក្ខ. ៣៤:៥​-​៧​) ក៏​ប៉ុន្តែ​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​មាន​កម្រិត។ ពេល​ដែល​ប្រជាជាតិ​យូដា​មិន​ព្រម​ជឿ​លើ​លោក​យេស៊ូ ហើយ​បាន​សម្លាប់​លោក នោះ​ព្រះ​យេហូវ៉ា​បាន​លែង​អត់​ធ្មត់​ត​ទៅ​ទៀត។ (​ម៉ាថ. ២៣:​៣៧, ៣៨​) កូន​ចៅ​នៃ​ប្រជាជាតិ​អ៊ីស្រាអែល​លែង​ជា​រាស្ត្រ​ដែល​ជា​តំណាង​នាម​របស់​ព្រះ​ទៀត។ ចំពោះ​ព្រះ​យេហូវ៉ា ពួក​គេ​គឺ​ដូច​ជា​ស្លាប់ ដូច​ជា​ដើម​ឈើ​ដែល​ក្រៀម​ស្វិត​ទៅ។ (​លូក. ២៣:៣១​) តើ​ក្រោយ​មក​ជន​ជាតិ​អ៊ីស្រាអែល​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​នាម​របស់​ព្រះ?

១១​. ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​ឈប់​ប្រើ​នាម​របស់​ព្រះ?

១១ ក្រោយ​មក ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា ជន​ជាតិ​យូដា​មាន​អបិយ​ជំនឿ​ចំពោះ​នាម​របស់​ព្រះ ហើយ​ពួក​គេ​ចាត់​ទុក​ថា​នាម​នោះ​ជា​អ្វី​ដែល​ពួក​គេ​មិន​គួរ​និយាយ​នោះ​ទេ។ (​និក្ខ. ២០:៧​) បន្ដិច​ម្ដង​ៗ ជន​ជាតិ​យូដា​ឈប់​ប្រើ​នាម​របស់​ព្រះ​ទៀត។ នេះ​ប្រាកដជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត ពេល​ដែល​លោក​ឃើញ​ថា​ពួក​គេ​មិន​គោរព​នាម​របស់​លោក​ទាល់​តែ​សោះ។ (​ទំនុក. ៧៨:៤០, ៤១​) នាម​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ណាស់​ចំពោះ​លោក។ តាម​ការ​ពិត គម្ពីរ​ចែង​ថា​លោក​ប្រច័ណ្ឌ​ឬ​ហួងហែង​ចំពោះ​នាម​របស់​លោក។ ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​បង្អាប់​នាម​របស់​ព្រះ​យេហូវ៉ា ពួក​គេ​មិន​សម​ធ្វើ​ជា​រាស្ត្រ​ដែល​ជា​តំណាង​នាម​នេះ​ត​ទៅ​ទៀត​ឡើយ។ (​និក្ខ. ៣៤:១៤​) ហេតុ​ការណ៍​ពិត​នេះ​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ​ការ​ប្រព្រឹត្ត​ចំពោះ​នាម​នៃ​អ្នក​បង្កើត​របស់​យើង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ។

រាស្ត្រ​ថ្មី​មួយ​ដែល​បាន​ត្រូវ​ហៅ​ដោយ​នាម​របស់​ព្រះ

១២​. តើ​អ្នក​ណា​បាន​ក្លាយ​ជា​រាស្ត្រ​មួយ​ដែល​ជា​តំណាង​នាម​របស់​ព្រះ?

១២ តាម​រយៈ​យេរេមា ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​អំពី​គោល​បំណង​របស់​លោក ដើម្បី​រៀបចំ​«​សញ្ញា​ថ្មី​»​ឬ​កិច្ច​ព្រមព្រៀង​ថ្មី​ជា​មួយ​នឹង​ប្រជាជាតិ​ថ្មី​មួយ ពោល​គឺ​អ៊ីស្រាអែល​នៃ​ព្រះ។ យេរេមា​បាន​ទាយ​ថា សមាជិក​ទាំង​អស់​នៃ​ប្រជាជាតិ​នេះ​«​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​»​នឹង​«​ស្គាល់​ព្រះ​យេហូវ៉ា​»។ (​យេ. ៣១:៣១, ៣៣, ៣៤​) ទំនាយ​នេះ​ចាប់​ផ្ដើម​សម្រេច​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ពេល​ព្រះ​បាន​រៀបចំ​កិច្ច​ព្រមព្រៀង​ថ្មី។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា ប្រជាជាតិ​ថ្មី​ដែល​ជា​«​អ៊ីស្រាអែល​នៃ​ព្រះ​»​ដែល​រួម​បញ្ចូល​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ បាន​ក្លាយ​ជា​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​[​ព្រះ​]​»​ ឬ​ជា​«​ជាតិ​សាសន៍ ដែល​បាន​ត្រូវ​ហៅ​ដោយ​ឈ្មោះ​របស់​ខ្ញុំ​»។—កាឡ. ៦:១៦; សូម​អាន សកម្មភាព ១៥:១៤​-​១៧; ម៉ាថ. ២១:៤៣

១៣​. ​(​ក​) តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ប្រើ​នាម​របស់​ព្រះ​ឬ​ទេ? សូម​ពន្យល់។ (​ខ​) តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឯកសិទ្ធិ​របស់​អ្នក​ក្នុង​ការ​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៣ ជា​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​[​ព្រះ​]​»​ សមាជិក​នៃ​ប្រជាជាតិ​ថ្មី​នេះ​បាន​ប្រើ​នាម​របស់​លោក។ ពួក​គេ​ប្រាកដជា​បាន​ធ្វើ​ដូច្នេះ​ពេល​ដក​ស្រង់​ពាក្យ​ពី​បទ​គម្ពីរ​ហេប្រឺ។ * ដូច្នេះ ពេល​សាវ័ក​ប៉ូល​និយាយ​ទៅ​កាន់​អ្នក​ស្ដាប់​ជន​ជាតិ​យូដា​និង​អ្នក​ចូល​សាសនាយូដា​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. គាត់​បាន​ប្រើ​នាម​របស់​ព្រះ​ជា​ច្រើន​លើក។ (​សកម្ម. ២:១៤, ២០, ២១, ២៥, ៣៤​) គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​លើក​តម្កើង​នាម​របស់​ព្រះ ជា​លទ្ធផល លោក​បាន​ឲ្យ​ពរ​ដល់​ពួក​គេ​ចំពោះ​ការ​ប្រឹងប្រែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ដូច​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ទៅ​លើ​កិច្ច​បម្រើ​របស់​លោក ពេល​យើង​ប្រកាស​អំពី​នាម​របស់​លោក ហើយ​ពេល​យើង​បង្ហាញ​នាម​នោះ​ចំពោះ​អ្នក​ចាប់​អារម្មណ៍ នៅ​ក្នុង​គម្ពីរ​របស់​ពួក​គេ​បើ​អាច​ធ្វើ​បាន។ ដោយ​ធ្វើ​ដូច្នេះ យើង​ណែនាំ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​ពិត។ នេះ​គឺ​ពិត​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន! សម្រាប់​ពួក​គេ​និង​សម្រាប់​យើង។ ចំពោះ​ពួក​អ្នក​ដែល​ស្គាល់​ព្រះ នេះ​អាច​ជា​ទី​ចាប់​ផ្ដើម​នៃ​ចំណង​មិត្តភាព​ដ៏​អស្ចារ្យ​មួយ​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ចំណង​មិត្តភាព​នេះ​នឹង​កាន់​តែ​ជិត​ស្និទ្ធិ​ហើយ​ស្ថិតស្ថេរ​ជា​រៀង​រហូត។

១៤, ១៥​. ទោះ​ជា​ការ​ក្បត់​ជំនឿ​បាន​រាលដាល​ក៏​ដោយ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ណា​ចំពោះ​នាម​របស់​លោក?

១៤ ក្រោយ​មក​ការ​ក្បត់​ជំនឿ​បាន​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​លើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ជា​ពិសេស​ក្រោយ​ពេល​ដែល​ពួក​សាវ័ក​ស្លាប់​អស់​ទៅ។ (​២ថែ. ២:៣​-​៧​) គ្រូ​ក្លែង​ក្លាយ​ថែម​ទាំង​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ជន​ជាតិ​យូដា ដែល​មិន​ប្រើ​នាម​របស់​ព្រះ។ ប៉ុន្តែ តើ​ព្រះ​អនុញ្ញាត​ឲ្យ​គេ​លុប​នាម​របស់​លោក​ឬ​ទេ? លោក​ប្រាកដជា​មិន​ឲ្យ​គេ​ធ្វើ​ដូច្នេះ​ទាល់​តែ​សោះ! ពិត​មែន​តែ​សព្វ​ថ្ងៃ​នេះ​យើង​មិន​ដឹង​របៀប​អាន​នាម​នោះ​យ៉ាង​ត្រឹម​ត្រូវ​ក៏​ដោយ ប៉ុន្តែ​នាម​នោះ​គឺ​នៅ​គង់វង្ស។ កាល​ដែល​ពេល​វេលា​កន្លង​ទៅ នាម​របស់​ព្រះ​មាន​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​ផ្សេង​ៗ​នៃ​គម្ពីរ ក៏​ដូច​ជា​នៅ​ក្នុង​សំណេរ​របស់​បណ្ឌិត​ផ្សេង​ៗ​ខាង​គម្ពីរ​ដែរ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៧៥៧ ឆាល ភីធឺ​បាន​សរសេរ​ថា បើ​ប្រៀប​ធៀប​នឹង​ឋានៈ​ជា​ច្រើន​របស់​លោក ​«​តាម​មើល​ទៅ​ឈ្មោះ​យេហូវ៉ា​បញ្ជាក់​ច្បាស់​បំផុត​អំពី​ធាតុ​ពិត​របស់​លោក​»។ ក្នុង​សៀវភៅ​មួយ​ដែល​ចេញ​នៅ​ឆ្នាំ​១៧៩៧​ស្តី​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ ហបថឹន ហេណេស​បាន​ចាប់​ផ្ដើម​ជំពូក​ទី​៧​ថា​៖ ​«​យេហូវ៉ា​ជា​ឈ្មោះ​របស់​ព្រះ​ក្នុង​ចំណោម​ជន​ជាតិ​យូដា ដែល​ជា​ព្រះ​តែ​មួយ​គត់​ដែល​ពួក​គេ​បាន​គោរព​ប្រណិប័តន៍ ដូច​គ្រិស្ត​និង​សាវ័ក​របស់​លោក​ក៏​បាន​គោរព​ប្រណិប័តន៍​ដែរ​»។ ហេនរី គ្រូ​រ (​ឆ្នាំ​១៧៨១​-​១៨៦២​) មិន​ត្រឹម​តែ​បាន​ប្រើ​នាម​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​ទទួល​ស្គាល់​ថា​នាម​របស់​ព្រះ​បាន​ត្រូវ​គេ​បង្អាប់ ហើយ​ត្រូវ​តែ​ធ្វើ​ឲ្យ​នាម​នេះ​បាន​បរិសុទ្ធ។ ដូច​គ្នា​ដែរ ចច ស្ទ័រ (​ឆ្នាំ​១៧៩៦​-​១៨៧៩​) ដែល​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​បង​ឆាល ថេស រ៉ាសិល បាន​ប្រើ​នាម​របស់​ព្រះ​ដូច​បង​រ៉ាសិល​ដែរ។

១៥ ឆ្នាំ​១៩៣១​ជា​ឆ្នាំ​ដែល​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សារ​ឆ្នាំ​នោះ​និស្សិត​គម្ពីរ​អន្តរជាតិ ដែល​ជា​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​ព្រះ បាន​យក​ឈ្មោះ​របស់​ពួក​គេ​តាម​បទ​គម្ពីរ ជា​សាក្សី​ព្រះ​យេហូវ៉ា។ (​អេ. ៤៣:​១០​-​១២​) ដូច្នេះ​ពួក​គេ​បាន​ប្រកាស​ដល់​ពិភព​លោក​ថា ពួក​គេ​មាន​មោទនភាព​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ​ពិត​តែ​មួយ ហើយ​មាន​មោទនភាព​ធ្វើ​ជា​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»​ ព្រម​ទាំង​សរសើរ​តម្កើង​នាម​នោះ។ (​សកម្ម. ១៥:១៤​) ព្រឹត្ដិការណ៍​ទាំង​នេះ ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​ពាក្យ​របស់​ព្រះ​យេហូវ៉ា​នៅ​ម៉ាឡាគី ១:១១ ដែល​ចែង​ថា​៖ ​«​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ​»។

ចូរ​ប្រព្រឹត្ត​តាម​នាម​នៃ​ព្រះ​យេហូវ៉ា

១៦​. ហេតុ​អ្វី​យើង​គួរ​ចាត់​ទុក​ការ​ប្រព្រឹត្ត​តាម​នាម​របស់​ព្រះ​យេហូវ៉ា​ជា​កិត្ដិយស?

១៦ អ្នក​ប្រកាស​ទំនាយ​មីកា​បាន​សរសេរ​ថា​៖ ​«​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ​»។ (​មីកា ៤:៥​) ការ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​និស្សិត​គម្ពីរ​ប្រើ​នាម​របស់​លោក មិន​ត្រឹម​តែ​ជា​កិត្ដិយស​ដ៏​ខ្ពង់​ខ្ពស់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ភ័ស្តុតាង​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទុក​ចិត្ត​ថា ពួក​គេ​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ (​សូម​អាន ម៉ាឡាគី ៣:១៦​-​១៨) ប៉ុន្តែ​ចុះ​យ៉ាង​ណា​ចំពោះ​អ្នក​ផ្ទាល់? តើ​អ្នក​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​«​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​»​ឬ​ទេ? តើ​អ្នក​យល់​ថា​នោះ​ជាប់​ទាក់​ទង​នឹង​អ្វី​ទេ?

១៧​. តើ​ការ​ប្រព្រឹត្ត​តាម​នាម​របស់​ព្រះ​ជាប់​ទាក់​ទង​នឹង​អ្វី​ខ្លះ?

១៧ ការ​ប្រព្រឹត្ត​តាម​នាម​របស់​ព្រះ ជាប់​ទាក់​ទង​យ៉ាង​ហោច​ណាស់​នឹង​អ្វី​បី​យ៉ាង។ ទី​១ យើង​ត្រូវ​ប្រកាស​នាម​នោះ​ដល់​អ្នក​ឯ​ទៀត ដោយ​ទទួល​ស្គាល់​ថា មាន​តែ​ពួក​អ្នក​ដែល​«​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សង្គ្រោះ​»។ (​រ៉ូម ១០:១៣​) ទី​២ យើង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​នូវ​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា ជា​ពិសេស​សេចក្ដី​ស្រឡាញ់។ ទី​៣ យើង​ត្រូវ​គោរព​ច្បាប់​របស់​ព្រះ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​តាម​របៀប​នោះ​យើង​លើក​តម្កើង​នាម​របស់​បិតា​យើង។ (​១យ៉ូន. ៤:៨; ៥:៣​) តើ​អ្នក​តាំង​ចិត្ត​«​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​»​ឬ​ទេ?

១៨​. ហេតុ​អ្វី​អស់​អ្នក​ដែល​លើក​តម្កើង​នាម​ដ៏​ឧត្តម​របស់​ព្រះ​អាច​ទន្ទឹង​រង់​ចាំ​អនាគត​ដោយ​មាន​ទំនុក​ចិត្ត?

១៨ មិន​យូរ​ទៀត​អស់​អ្នក​ដែល​មិន​អើពើ​ឬ​ប្រឆាំង​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​លោក។ (​អេស. ៣៨:២៣​) នោះ​រួម​បញ្ចូល​បុគ្គល​ដែល​ដូច​ផារ៉ូ ដែល​និយាយ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា​ដែល​អញ​ត្រូវ​ស្ដាប់​តាម​ទ្រង់?​»។ ផារ៉ូ​បាន​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​ខ្លាំងក្លា​យ៉ាង​ណា។ (​និក្ខ. ៥:១, ២; ៩:១៦; ១២:​២៩​) ប៉ុន្តែ​យើង​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត។ យើង​មាន​មោទនភាព​ធ្វើ​ជា​រាស្ត្រ​ដែល​ស្ដាប់​បង្គាប់​លោក ហើយ​បាន​ត្រូវ​ហៅ​ដោយ​នាម​របស់​លោក។ ដូច្នេះ យើង​ទន្ទឹង​រង់​ចាំ​អនាគត​ដោយ​មាន​ទំនុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក​ដែល​បាន​កត់​ទុក​នៅ​ទំនុក​តម្កើង ៩:១០​ដែល​ចែង​ថា​៖ ​«​អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិ​ត ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះបង់​ចោល​ពួក​អ្នក​ដែល​ស្វែងរក​ទ្រង់​ឡើយ​»។

[​កំណត់​សម្គាល់​]

^ វគ្គ 5 នាម​របស់​ព្រះ​គឺ​មក​ពី​ពាក្យ​ហេប្រឺ​ដែល​មាន​ន័យ​ថា ​«​ក្លាយ​ជា​»។ ដូច្នេះ​ពាក្យ​«​យេហូវ៉ា​»​មាន​ន័យ​ថា ​«​លោក​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​»។

^ វគ្គ 13 នាម​របស់​ព្រះ​យេហូវ៉ា​មាន​ក្នុង​ឯកសារ​ភាសា​ហេប្រឺ​ដែល​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ប្រើ។ នាម​របស់​ព្រះ​យេហូវ៉ា​ក៏​ទំនង​ជា​មាន​ក្នុង​ឯកសារ​គម្ពីរ​សេបធួជីន ដែល​ជា​សេចក្ដី​បក​ប្រែ​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ​ជា​ភាសា​ក្រិច​ដែរ។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៤​]

[​រូបភាព​នៅ​ទំព័រ​២៥​]

ម៉ូសេ​ស្គាល់​អត្ថន័យ​នៃ​នាម​របស់​ព្រះ ហើយ​នោះ​បាន​ពង្រឹង​ជំនឿ​របស់​គាត់

[​រូបភាព​នៅ​ទំព័រ​២៦​]

ផារ៉ូ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ