លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបំពេញភារកិច្ចរបស់អ្នកជាអ្នកផ្សព្វផ្សាយដំណឹងល្អ។

ចូរបំពេញភារកិច្ចរបស់អ្នកជាអ្នកផ្សព្វផ្សាយដំណឹងល្អ។

«[ចូរ]បំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ហើយបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូក»។—២ធី. ៤:៥

. ហេតុអ្វីព្រះយេហូវ៉ាបានត្រូវហៅថាជាអ្នកផ្សព្វផ្សាយដំណឹងល្អដែលសំខាន់បំផុតនិងមុនគេបង្អស់?

ព្រះយេហូវ៉ាជាអ្នកផ្សព្វផ្សាយដំណឹងល្អដែលសំខាន់បំផុតនិងមុនគេបង្អស់។ ភ្លាមក្រោយពីឪពុកម្ដាយដំបូងរបស់យើងបានប្រឆាំងនឹងអំណាចរបស់ព្រះយេហូវ៉ា លោកបានប្រកាសដំណឹងល្អថា សត្វពស់ដែលតាមការពិតជាមេកំណាចសាថាននឹងត្រូវបំផ្លាញចោល។ (លោ. ៣:១៥) តាំងពីសម័យបុរាណ ព្រះយេហូវ៉ាបានដឹកនាំពួកបុរសស្មោះត្រង់ឲ្យសរសេរយ៉ាងល្អិតល្អន់អំពីរបៀបដែលលោកនឹងបំបាត់ចោលការតិះដៀលទៅលើនាមរបស់លោក របៀបដែលលោកនឹងលុបបំបាត់បញ្ហាដែលបណ្ដាលមកពីសាថាន និងរបៀបដែលមនុស្សជាតិអាចទទួលមកវិញនូវអ្វីដែលអាដាមនិងអេវ៉ាបានបោះបង់។

. () តើពួកទេវតារួមចំណែកយ៉ាងណាក្នុងការផ្សព្វផ្សាយដំណឹងល្អ? () តើលោកយេស៊ូបានទុកគំរូអ្វីសម្រាប់ពួកអ្នកផ្សព្វផ្សាយដំណឹងល្អ?

ពួកទេវតាក៏ជាអ្នកផ្សព្វផ្សាយដំណឹងល្អដែរ។ ពួកគេប្រកាសដំណឹងល្អ ហើយពួកគេក៏ជួយអ្នកទៀតក្នុងការផ្សព្វផ្សាយដំណឹងល្អដែរ។ (លូក. ១:១៩; ២:១០; សកម្ម. ៨:២៦, ២៧, ៣៥; បប. ១៤:៦) ចុះមហាទេវតាមីកែលវិញយ៉ាងណាដែរ? ពេលលោកយេស៊ូរស់នៅផែនដី លោកបានទុកគំរូល្អដល់ពួកអ្នកផ្សព្វផ្សាយដំណឹងល្អដែលជាមនុស្សជាតិ។ ហេតុអ្វី? ពីព្រោះលោកយេស៊ូបានចាត់ទុកការផ្សព្វផ្សាយដំណឹងល្អជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់លោក!—លូក. ៤:១៦-២១

. () តើយើងផ្សព្វផ្សាយដំណឹងល្អអំពីអ្វី? () ក្នុងនាមជាអ្នកផ្សព្វផ្សាយដំណឹងល្អ តើយើងគួរយកចិត្ដទុកដាក់នឹងសំណួរអ្វីខ្លះ?

លោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោកឲ្យធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថ. ២៨:១៩, ២០; សកម្ម. ១:៨) សាវ័កប៉ូលបានដាស់តឿនធីម៉ូថេដែលជាអ្នករួមការងារជាមួយនឹងគាត់ថា«[ចូរ]បំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ហើយបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូក»។ (២ធី. ៤:៥) តើយើងដែលជាអ្នកកាន់តាមលោកយេស៊ូផ្សព្វផ្សាយដំណឹងល្អអំពីអ្វី? ដំណឹងល្អនេះរួមបញ្ចូលសេចក្ដីពិតដែលលើកទឹកចិត្ដយើងថា ព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌ស្រឡាញ់យើង។ (យ៉ូន. ៣:១៦; ១ពេ. ៥:៧) របៀបមួយដ៏សំខាន់ដែលព្រះយេហូវ៉ាបង្ហាញសេចក្ដី ស្រឡាញ់ចំពោះយើង គឺតាមរយៈរាជាណាចក្ររបស់លោក។ ដូច្នេះ យើងមានចិត្ដរីករាយប្រាប់អ្នកទៀតថា អស់អ្នកដែលចុះចូលក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ ហើយស្ដាប់បង្គាប់លោក ព្រមទាំងធ្វើអ្វីដែលសុចរិត អាចមានចំណងមិត្ដភាពជាមួយនឹងលោកក្នុងនាមជាមិត្ដសម្លាញ់របស់លោក។ (ទំនុក. ១៥:១, ២) តាមការពិត គោលបំណងរបស់ព្រះយេហូវ៉ាគឺបំបាត់ចោលការឈឺចាប់ដែលបណ្ដាលមកពីអំពើអយុត្ដិធម៌។ លោកក៏នឹងលុបបំបាត់ស្លាកស្នាមផ្លូវចិត្ដដែលយើងធ្លាប់ជួបប្រទះនៅអតីតកាលដែរ។ នេះជាដំណឹងដ៏ល្អមែន! (អេ. ៦៥:១៧) ដោយសារយើងជាអ្នកផ្សព្វផ្សាយដំណឹងល្អ យើងនឹងពិចារណាចម្លើយនៃសំណួរដ៏សំខាន់ទាំងពីរនេះគឺ ហេតុអ្វីជាការសំខាន់ចាំបាច់ដែលមនុស្សដំណឹងល្អនៅសព្វថ្ងៃនេះ? ហើយ តើតាមរបៀបណាយើងអាចបំពេញភារកិច្ចរបស់យើងជាអ្នកផ្សព្វផ្សាយដំណឹងល្អដោយមានប្រសិទ្ធភាព?

ហេតុអ្វីមនុស្សត្រូវការដំណឹងល្អ?

សំណួរដែលមានប្រសិទ្ធភាពជួយមនុស្សឲ្យរកមូលហេតុដែលពួកគេជឿដូច្នេះ

. តើជួនកាលមនុស្សនិយាយរឿងមិនពិតអ្វីខ្លះអំពីព្រះ?

សូមស្រមៃគិតថា មានគេប្រាប់ថាឪពុករបស់អ្នកបានបោះបង់ចោលអ្នកនិងសមាជិកទៀតនៃក្រុមគ្រួសាររបស់អ្នក។ ឧបមាថាពួកអ្នកដែលអះអាងថាស្គាល់ឪពុកអ្នកនិយាយថា គាត់មិនចង់ស្គាល់អ្នកទេ គាត់ជាបុគ្គលដែលធ្វើអ្វីដោយលួចលាក់ ហើយឃោរឃៅ។ អ្នកខ្លះថែមទាំងនិយាយថា ការខំទាក់ទងជាមួយនឹងឪពុកអ្នកឡើងវិញគឺគ្មានប្រយោជន៍ទេ ពីព្រោះគាត់បានស្លាប់ហើយ។ មនុស្សខ្លះប្រហែលជាបាននិយាយរឿងស្រដៀងគ្នានេះអំពីព្រះ។ ពួកគេនិយាយថា ព្រះគឺអាថ៌កំបាំង មនុស្សមិនអាចស្គាល់ព្រះបានទេ ឬថាលោកជាបុគ្គលឃោរឃៅ។ ជាឧទាហរណ៍ អ្នកដឹកនាំសាសនាខ្លះអះអាងថាព្រះនឹងដាក់ទោសមនុស្សអាក្រក់ជារៀងរហូត ក្នុងកន្លែងធ្វើទារុណកម្ម។ អ្នកខ្លះទៀតនិយាយថា ទុក្ខវេទនាដែលបណ្ដាលមកពីមហន្ដរាយធម្មជាតិគឺកើតឡើងដោយសារព្រះ។ ទោះជាមហន្ដរាយទាំងនេះធ្វើឲ្យមនុស្សល្អក៏ដូចជាមនុស្សអាក្រក់បាត់បង់ជីវិតក៏ដោយ ពួកគេនិយាយថា ព្រះប្រើមហន្ដរាយធម្មជាតិដើម្បីដាក់ទារុណកម្មមនុស្ស។

សំណួរដែលបើកចិត្ដនិងគំនិតរបស់ពួកគេឲ្យទទួលយកសេចក្ដីពិត

៥, ៦. តើទ្រឹស្ដីនៃការវិវត្ដន៍និងសេចក្ដីបង្រៀនមិនពិតបានមានឥទ្ធិពលយ៉ាងណាទៅលើមនុស្ស?

អ្នកខ្លះទៀតអះអាងថា គ្មានព្រះទេ ហើយថាយើងវិវត្ដមកពីសត្វ។ ពួកអ្នកដែលគាំទ្រទ្រឹស្ដីនៃការវិវត្ដន៍និយាយថា គ្មានព្រះដែលជាអ្នកបង្កើតទេ ហើយថាគ្មាននរណាបង្កើតភាវរស់ឡើយ។ អ្នកខ្លះថែមទាំងនិយាយថា ដោយសារមនុស្សវិវត្ដមកពីសត្វ គឺមិនចម្លែកឡើយ ដែលមនុស្សជួនកាលឃោរឃៅ ឬគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគេក៏ប្រកែកថា កាលណាអ្នកខ្លាំងជិះជាន់អ្នកខ្សោយដោយឥតមេត្ដា នោះពួកគេគ្រាន់តែធ្វើតាមអ្វីដែលពួកគេអះអាងថាជាច្បាប់ធម្មជាតិប៉ុណ្ណោះ។ ដូច្នេះ មិនមែនជាការចម្លែកទេដែលមនុស្សជាច្រើននាក់ជឿថា នឹងមានអំពើអយុត្ដិធម៌ជានិច្ច។ ហេតុនេះ ពួកអ្នកដែលជឿលើការវិវត្ដន៍គ្មានសេចក្ដីសង្ឃឹមចំពោះអនាគតទេ។

ទ្រឹស្ដីនៃការវិវត្ដន៍និងសេចក្ដីបង្រៀនមិនពិតច្បាស់ជាបានបណ្ដាលឲ្យមនុស្សជាតិរងទុក្ខវេទនាក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។ (រ៉ូម ១:២៨-៣១; ២ធី. ៣:១-) សេចក្ដីបង្រៀនទាំងនេះមិនមែនជាដំណឹងល្អទេ។ ផ្ទុយទៅវិញ ដូចសាវ័កប៉ូលបានរៀបរាប់ ពួកគេបានទុកឲ្យមនុស្សនៅក្នុងភាព«ងងឹតងងល់ ហើយនៅដាច់ពីជីវិតដែលមកពីព្រះ»។ (អេភ. ៤:១៧-១៩) បន្ថែមទៀត ទ្រឹស្ដីនៃការវិវត្ដន៍និងសេចក្ដីបង្រៀនមិនពិតបានធ្វើឲ្យមនុស្សមិនព្រមទទួលយកដំណឹងល្អដែលមកពីព្រះ។—សូមអាន អេភេសូរ ២:១១-១៣

សំណួរដែលជួយពួកគេឲ្យវែកញែកបទគម្ពីរដើម្បីឲ្យអ្វីដែលពួកគេជឿមានមូលដ្ឋានលើគម្ពីរដែរ

៧, ៨. តើអ្វីជារបៀបតែមួយគត់ដែលមនុស្សអាចយល់ដំណឹងល្អយ៉ាងពេញលេញ?

ដើម្បីផ្សះផ្សាជាមួយនឹងព្រះ មុនដំបូងមនុស្សត្រូវជឿជាក់ថា មានព្រះយេហូវ៉ា ហើយជឿជាក់ថាពួកគេមានមូលហេតុត្រឹមត្រូវដើម្បីចូលទៅជិតលោក។ យើងអាចជួយពួកគេឲ្យរៀនអំពីព្រះ ដោយលើកទឹកចិត្ដពួកគេឲ្យពិចារណាអំពីអ្វីដែលលោកបានបង្កើត។ ពេលដែលមនុស្សសិក្សាដោយមានទស្សនៈទូលំទូលាយអំពីអ្វីដែលព្រះបានបង្កើត ពួកគេរៀនអំពីប្រាជ្ញានិងឫទ្ធានុភាពរបស់លោក។ (រ៉ូម ១:១៩, ២០) ដើម្បីជួយមនុស្សឲ្យនឹកស្ងើចក្នុងចិត្ដ ពេលពួកគេគិតអំពីអ្វីដែលព្រះជាអ្នកបង្កើតដ៏អស្ចារ្យរបស់យើងបានសម្រេច យើងអាចប្រើសៀវភៅស្ដើង តើជីវិតទាំងឡាយមានអ្នកបង្កើតទេ? ទោះជាយ៉ាងនេះក្ដី ពួកអ្នកដែលរៀនតែពីអ្វីដែលព្រះបានបង្កើតប៉ុណ្ណោះ នឹងមិនរកឃើញចម្លើយចំពោះសំណួរខ្លះដែលមនុស្សឆ្លើយមិនរួចដូចជា ហេតុអ្វីព្រះអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនា? តើព្រះមានគោលបំណងយ៉ាងណាចំពោះផែនដី? តើព្រះយកចិត្ដទុកដាក់ចំពោះយើងម្នាក់ទេ?

 របៀបតែមួយគត់ដែលមនុស្សអាចយល់ដំណឹងល្អយ៉ាងពេញលេញអំពីព្រះនិងគោលបំណងរបស់លោកគឺដោយសិក្សាគម្ពីរ។ យើងពិតជាមានឯកសិទ្ធិមែនដែលយើងអាចជួយអ្នកទៀតឲ្យរកឃើញចម្លើយចំពោះសំណួររបស់ពួកគេ! ប៉ុន្ដែ ដើម្បីមានឥទ្ធិពលទៅលើចិត្ដរបស់អ្នកស្ដាប់ យើងមិនគ្រាន់តែប្រាប់ពួកគេអំពីហេតុការណ៍ពិតប៉ុណ្ណោះទេ តែយើងត្រូវធ្វើឲ្យពួកគេជឿជាក់។ (២ធី. ៣:១៤) យើងអាចធ្វើឲ្យអ្នកទៀតកាន់តែជឿជាក់ ដោយធ្វើតាមគំរូរបស់លោកយេស៊ូ។ ហេតុអ្វីលោកបានជោគជ័យខ្លាំងម៉្លេះ? មូលហេតុមួយគឺលោកបានប្រើសំណួរដោយមានប្រសិទ្ធភាព។ តើយើងអាចយកតម្រាប់លោកយ៉ាងដូចម្ដេច?

អ្នកផ្សព្វផ្សាយដំណឹងល្អដែលមានប្រសិទ្ធភាព ប៉ិនប្រសប់សួរសំណួរ

. បើយើងចង់ជួយមនុស្សឲ្យជឿដំណឹងល្អ តើយើងត្រូវធ្វើអ្វី?

ដូចលោកយេស៊ូដែរ ហេតុអ្វីយើងគួរសួរសំណួរពេលយើងផ្សព្វផ្សាយដំណឹងល្អ? សូមពិចារណាអំពីស្ថានភាពនេះ: គ្រូពេទ្យរបស់អ្នកប្រាប់អ្នកថា គាត់មានដំណឹងល្អសម្រាប់អ្នក។ គាត់អាចព្យាបាលជំងឺធ្ងន់របស់អ្នកឲ្យជាសះស្បើយបាន បើអ្នកទទួលការវះកាត់។ អ្នកប្រហែលជាជឿគាត់។ ប៉ុន្ដែ ចុះយ៉ាងណាវិញបើគាត់សន្យាចំពោះអ្នក មុននឹងគាត់សួរអំពីស្ថានភាពសុខភាពរបស់អ្នក? ដូច្នេះ អ្នកទំនងជាមិនទុកចិត្ដគាត់ទេ។ ទោះជាគ្រូពេទ្យនោះស្ទាត់ជំនាញយ៉ាងណាក៏ដោយ គាត់ត្រូវសួរសំណួរ ហើយស្ដាប់អ្នកប្រាប់អំពីរោគសញ្ញារបស់អ្នក មុននឹងគាត់អាចព្យាបាលអ្នក។ ដូច្នេះប្រសិនបើយើងចង់ជួយមនុស្សឲ្យជឿលើដំណឹងល្អនៃរាជាណាចក្រ យើងត្រូវរៀនសួរពួកគេនូវសំណួរដែលមានប្រសិទ្ធភាព ដើម្បីឲ្យយើងអាចយល់ថា ពួកគេត្រូវការជំនួយបែបណា។

ដើម្បីមានឥទ្ធិពលលើចិត្ដរបស់អ្នកស្ដាប់ យើងត្រូវធ្វើឲ្យពួកគេជឿជាក់

១០, ១១. តើយើងប្រហែលជាអាចធ្វើអ្វីខ្លះ បើយើងធ្វើតាមរបៀបលោកយេស៊ូបង្រៀន?

១០ លោកយេស៊ូបានដឹងថា អ្នកបង្រៀនអាចប្រើសំណួរមិនគ្រាន់តែដើម្បីដឹងអំពីសិស្សប៉ុណ្ណោះទេ តែក៏ដើម្បីជួយសិស្សឲ្យគិតនិងឲ្យមានយោបល់ដែរ។ ជាឧទាហរណ៍ ពេលលោកយេស៊ូចង់បង្រៀនអ្នកកាន់តាមលោកអំពីមេរៀនស្ដីអំពីចិត្ដរាបទាប មុនដំបូងលោកសួរពួកគាត់នូវសំណួរមួយដែលនឹងធ្វើឲ្យពួកគាត់រិះគិត។ (ម៉ាក. ៩:៣៣) ដើម្បីជួយពេត្រុសឲ្យត្រិះរិះអំពីគោលការណ៍ផ្សេងៗ លោកយេស៊ូបានសុំគាត់ឲ្យជ្រើសរើសចម្លើយមួយណាដែលត្រឹមត្រូវ។ (ម៉ាថ. ១៧:២៤-២៦) នៅពេលមួយទៀត ពេលលោកយេស៊ូចង់ដឹងអំពីអ្វីដែលនៅក្នុងចិត្ដពួកអ្នកកាន់តាមលោក លោកបានសួរសំណួរមួយចំនួនដើម្បីដឹងអំពីទស្សនៈរបស់ពួកគាត់។ (សូមអាន ម៉ាថាយ ១៦:១៣-១៧) លោកយេស៊ូមិនគ្រាន់តែប្រាប់មនុស្សអំពីអ្វីដែលពួកគេត្រូវធ្វើប៉ុណ្ណោះទេ ប៉ុន្ដែរបៀបដែលលោកសួរសំណួរ បានជំរុញចិត្ដមនុស្សឲ្យទទួលយកដំណឹងល្អ ហើយកែប្រែរបៀបរស់នៅរបស់ពួកគេ។

១១ ពេលយើងធ្វើតាមគំរូរបស់លោកយេស៊ូ ដោយប្រើសំណួរដោយមានប្រសិទ្ធភាព យ៉ាងហោចណាស់យើងធ្វើអ្វីបីយ៉ាង។ យើងរកវិធីដ៏ល្អបំផុតដើម្បីជួយមនុស្ស យើងយកឈ្នះពាក្យរារាំងការសន្ទនា ហើយយើងបង្រៀនពួកគេអំពីរបៀបដែលពួកគេអាចទទួលប្រយោជន៍ដ៏ល្អបំផុត។ សូមពិចារណាស្ថានភាពបីយ៉ាងដែលបង្ហាញថា យើងអាចប្រើសំណួរដោយមានប្រសិទ្ធភាព។

១២-១៤. តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកឲ្យកាន់តែមានទំនុកចិត្ដក្នុងការផ្សព្វផ្សាយដំណឹងល្អ? សូមលើកឧទាហរណ៍មួយ។

១២ ស្ថានភាពទី១: ក្នុងនាមជាឪពុកម្ដាយ តើអ្នកនឹងធ្វើអ្វី បើកូនជំទង់របស់អ្នកខ្លាចមិនហ៊ានការពារជំនឿរបស់គាត់លើការបង្កើត ពេលនិយាយជាមួយនឹងសិស្សរួមថ្នាក់? អ្នកប្រាកដជាចង់ជួយគាត់ឲ្យមានទំនុកចិត្ដក្នុងការប្រាប់អ្នកទៀតអំពីដំណឹងល្អ។ ដូច្នេះ ជាជាងរិះគន់កូន ឬឲ្យឱវាទភ្លាមៗ សូមធ្វើតាមគំរូរបស់លោកយេស៊ូ ហើយសួរសំណួរខ្លះដើម្បីដឹងទស្សនៈរបស់គាត់។ តើតាមរបៀបណាអ្នកអាចធ្វើដូច្នេះ?

១៣ បន្ទាប់ពីអានជាមួយកូនរបស់អ្នកនូវផ្នែកខ្លះពីសៀវភៅស្ដើង តើជីវិតទាំងឡាយមានអ្នកបង្កើតទេ? អ្នកអាចសួរថា ចំណុច ណាខ្លះដែលធ្វើឲ្យគាត់ចាប់អារម្មណ៍ជាងគេ។ សូមលើកទឹកចិត្ដគាត់ឲ្យគិតអំពីមូលហេតុទៀតដែលគាត់ជឿលើព្រះដែលជាអ្នកបង្កើត នឹងមូលហេតុដែលគាត់ចង់បម្រើលោក។ (រ៉ូម ១២:២) សូមពន្យល់កូនរបស់អ្នកថា មូលហេតុរបស់គាត់អាចខុសគ្នានឹងមូលហេតុរបស់អ្នក។

១៤ សូមពន្យល់កូនរបស់អ្នកថា ពេលគាត់និយាយជាមួយនឹងសិស្សរួមថ្នាក់ កូនរបស់អ្នកអាចធ្វើតាមគំរូដែលអ្នកបានបង្ហាញ។ គាត់អាចប្រាប់សិស្សរួមថ្នាក់នូវហេតុការណ៍ពិតខ្លះអំពីអ្វីដែលព្រះបានបង្កើត ហើយកូនអ្នកអាចសួរគាត់ថា តើគាត់គិតយ៉ាងណា។ ជាឧទាហរណ៍ គាត់អាចសុំសិស្សរួមថ្នាក់ម្នាក់ឲ្យអាននៅទំព័រ១២និង១៣នៃសៀវភៅស្ដើង តើជីវិតទាំងឡាយមានអ្នកបង្កើតទេ? បន្ទាប់មក កូនរបស់អ្នកអាចសួរថា៖ ‹តើពួកវិស្វករត្រូវតែមានប្រាជ្ញាខ្លាំងណាស់ដើម្បីបង្កើតស្លាបយន្ដហោះ មែនទេ?›។ សិស្សរួមថ្នាក់នោះទំនងជាឆ្លើយថាមែន។ បន្ទាប់មកកូនរបស់អ្នកអាចសួរថា៖ ‹តើអ្នកដឹងថា គេធ្វើស្លាបយន្ដហោះតាមគំរូរបស់ស្លាបសត្វរំពេទេ?› ហើយបន្ទាប់មកសួរថា៖ ‹បើស្លាបយន្ដហោះតម្រូវឲ្យមានអ្នកបង្កើតដែលមានប្រាជ្ញា ចុះយ៉ាងណាស្លាបសត្វរំពេដែលគេយកធ្វើជាគំរូដើម?›។ ដើម្បីជួយកូនរបស់អ្នកឲ្យកាន់តែមានទំនុកចិត្ដ ពេលនិយាយជាមួយនឹងអ្នកទៀតអំពីជំនឿរបស់គាត់ អ្នកអាចហាត់ជាទៀងទាត់ជាមួយនឹងគាត់។ បើអ្នកបង្ហាត់គាត់ឲ្យចេះប្រើសំណួរដោយមានប្រសិទ្ធភាព អ្នកអាចជួយគាត់ឲ្យបំពេញភារកិច្ចរបស់គាត់ជាអ្នកផ្សព្វផ្សាយដំណឹងល្អ។

១៥. តើតាមរបៀបណាយើងអាចប្រើសំណួរដើម្បីជួយអ្នកដែលមិនជឿថាមានព្រះ?

១៥ ស្ថានភាពទី២: ក្នុងកិច្ចផ្សព្វផ្សាយរបស់យើង យើងជួបអ្នកដែលសង្ស័យថា គ្មានព្រះទេ។ ជាឧទាហរណ៍ បុគ្គលម្នាក់ប្រហែលជាប្រាប់យើងថា គាត់មិនជឿថាមានព្រះទេ។ ជាជាងឲ្យពាក្យសម្ដីនោះបញ្ឈប់ការសន្ទនា យើងអាចសួរដោយគោរពថា ប៉ុន្មានឆ្នាំហើយដែលគាត់មិនជឿថាមានព្រះ ហើយអ្វីបណ្ដាលឲ្យគាត់មានទស្សនៈដូច្នេះ។ ក្រោយពីស្ដាប់ចម្លើយរបស់គាត់ ហើយសរសើរគាត់ដោយបានគិតយ៉ាងហ្មត់ចត់អំពីរឿងនោះ យើងអាចសួរថា តើគាត់គិតថាការអានសៀវភៅដែលបង្ហាញទីសំអាងថាជីវិតបានត្រូវបង្កើត គឺជាការខុសឬ? បើម្ចាស់ផ្ទះមានទស្សនៈទូលំទូលាយ គាត់នឹងទំនងជា និយាយថា ការមិនព្រមពិនិត្យមើលទីសំអាងបែបនេះគឺមិនសមហេតុសមផលទេ។ ក្រោយមក យើងអាចស្នើជូនគាត់នូវសៀវភៅស្ដើង តើជីវិតទាំងឡាយមានអ្នកបង្កើតទេ? ពេលយើងសួរសំណួរដែលមិនធ្វើឲ្យគេទាស់ចិត្ដ ហើយសួរដោយស្លូតបូត យើងអាចបើកចិត្ដបុគ្គលម្នាក់ឲ្យទទួលយកដំណឹងល្អ។

១៦. ហេតុអ្វីយើងគួរធ្វើឲ្យប្រាកដថាសិស្សរបស់យើងមិនអានចម្លើយពីសៀវភៅនានាសម្រាប់សិក្សាគម្ពីរ?

១៦ ស្ថានភាពទី៣: ពេលដឹកនាំការសិក្សាគម្ពីរ តើអ្វីប្រហែលជាកើតឡើង បើយើងគ្រាន់តែឲ្យសិស្សអានចម្លើយដែលបានត្រូវបោះពុម្ពក្នុងសៀវភៅសៀវភៅស្ដើងណាមួយប៉ុណ្ណោះ? ប៉ុន្ដែបើយើងធ្វើដូច្នេះ គាត់ប្រហែលជាមិនជឿនទៅមុខក្នុងសេចក្ដីពិតទេ។ ហេតុអ្វី? ពីព្រោះសិស្សណាដែលអានចម្លើយដោយមិនបានរំពឹងគិតអំពីចម្លើយនោះ ទំនងជាមិនចាក់ឫសជ្រៅក្នុងសេចក្ដីពិតទេ។ ពេលមានការប្រឆាំង គាត់ពិបាកនៅក្នុងសេចក្ដីពិត ដូចជារុក្ខជាតិមួយដើមដែលស្លោក្រោមកម្ដៅថ្ងៃ។ (ម៉ាថ. ១៣:២០, ២១) ដើម្បីជួយសិស្សរបស់យើងមិនឲ្យទទួលលទ្ធផលបែបនោះ យើងត្រូវសួរគាត់ថា តើគាត់មានអារម្មណ៍យ៉ាងណាអំពីអ្វីដែលគាត់កំពុងរៀន? សូមព្យាយាមរកឲ្យឃើញថាគាត់យល់ស្របនឹងចំណុចដែលគាត់កំពុងរៀនមិនយល់ស្រប។ សំខាន់ជាងនេះទៅទៀត ចូរសុំគាត់ឲ្យប្រាប់អំពីមូលហេតុដែលគាត់គិតដូច្នេះ។ ក្រោយមក សូមជួយគាត់ឲ្យចេះវែកញែកបទគម្ពីរដើម្បីឲ្យអ្វីដែលគាត់ជឿមានមូលដ្ឋានលើគម្ពីរ។ (ហេ. ៥:១៤) បើយើងប្រើសំណួរដោយមានប្រសិទ្ធភាព ជំនឿរបស់បុគ្គលដែលយើងបង្រៀនទំនងជានឹងចាក់ឫសយ៉ាងរឹងមាំក្នុងសេចក្ដីពិត ហើយបុគ្គលនោះអាចរក្សាភាពស្មោះត្រង់នឹងព្រះ ពេលអ្នកទៀតព្យាយាមប្រឆាំងបំភាន់ពួកគេ។ (កូឡ. ២:៦-) តើយើងអាចធ្វើអ្វីទៀតដើម្បីបំពេញភារកិច្ចរបស់យើងជាអ្នកប្រកាសដំណឹងល្អ?

អ្នកផ្សព្វផ្សាយដំណឹងល្អដែលមានប្រសិទ្ធភាព ជួយគ្នាទៅវិញទៅមក

១៧, ១៨. ពេលយើងទៅផ្សព្វផ្សាយជាមួយនឹងអ្នកណាម្នាក់ តើយើងអាចសហការគ្នាយ៉ាងដូចម្ដេច?

១៧ លោកយេស៊ូបានចាត់អ្នកកាន់តាមលោកឲ្យទៅផ្សព្វផ្សាយមួយគូៗ។ (ម៉ាក. ៦:៧; លូក. ១០:១) ក្រោយមក សាវ័កប៉ូលបាននិយាយអំពី«អ្នករួមការងារ»ដែល«បានរួមជាមួយនឹង[គាត់]ក្នុងការតស៊ូដើម្បីជាប្រយោជន៍ដល់ដំណឹងល្អ»។ (ភី. ៤:៣) ស្របតាមបទគម្ពីរខាងលើនេះ នៅឆ្នាំ១៩៥៣អ្នកផ្សព្វផ្សាយអំពីរាជាណាចក្រព្រះបានចាប់ផ្ដើមរៀបចំកម្មវិធីដើម្បីបង្ហាត់បង្រៀនអ្នកទៀតក្នុងកិច្ចបម្រើផ្សាយ។

១៨ ពេលអ្នកទៅផ្សព្វផ្សាយជាមួយនឹងគ្រិស្ដសាសនិកម្នាក់ទៀត តើអ្នកអាចសហការគ្នាយ៉ាងដូចម្ដេច? (សូមអាន កូរិនថូសទី១ ៣:៦-) សូមបើកមើលបទគម្ពីរដែលដៃគូរបស់អ្នកកំពុងប្រើ។ ចូរប្រមូលអារម្មណ៍ទៅលើដៃគូរបស់អ្នកនឹងម្ចាស់ផ្ទះ ពេលពួកគេនិយាយ។ សូមប្រុងស្ដាប់ដើម្បីជួយដៃគូរបស់អ្នក ពេលដែលម្ចាស់ផ្ទះនិយាយជំទាស់ចំពោះចំណុចណាមួយ។ (សាស្ដ. ៤:១២) ប៉ុន្ដែសូមប្រុងប្រយ័ត្នមិននិយាយកាត់ពេលដៃគូរបស់អ្នកកំពុងផ្សព្វផ្សាយ ឬពេលម្ចាស់ផ្ទះកំពុងនិយាយ។ បើអ្នកនិយាយកាត់ពេលគេកំពុងសន្ទនា អ្នកអាចធ្វើឲ្យដៃគូរបស់អ្នកធ្លាក់ទឹកចិត្ដ ឬធ្វើឲ្យម្ចាស់ផ្ទះភាន់ច្រឡំ។ ជួនកាល គឺប្រហែលជាការល្អដែលអ្នកចូលរួមការសន្ទនា។ ប៉ុន្ដែ បើអ្នកសម្រេចចិត្ដនិយាយអ្វីមួយ សូមដាក់កម្រិតខ្លួនអ្នកឲ្យជូនយោបល់មួយពីរយ៉ាងខ្លី។ បន្ទាប់មក សូមទុកឲ្យដៃគូរបស់អ្នកបន្ដនិយាយអ្វីដែលគាត់បាននិយាយ។

១៩. តើយើងគួរចាំអំពីអ្វី ហើយហេតុអ្វី?

១៩ ពេលអ្នកនឹងដៃគូរបស់អ្នកកំពុងដើរពីផ្ទះមួយទៅផ្ទះមួយ តើតាមរបៀបណាអ្នកអាចជួយគ្នាទៅវិញទៅមកដើម្បីក្លាយទៅជាអ្នកផ្សព្វផ្សាយដ៏ល្អ? សូមប្រើពេលវេលានោះដើម្បីពិភាក្សាគ្នាអំពីរបៀបដែលអ្នកអាចធ្វើឲ្យពាក្យផ្សព្វផ្សាយរបស់អ្នកកាន់តែប្រសើរជាង។ សូមប្រយ័ត្នកុំនិយាយអ្វីដែលមិនលើកទឹកចិត្ដអំពីពួកអ្នកដែលរស់នៅក្នុងតំបន់ផ្សាយរបស់អ្នក។ ដូចគ្នាដែរ សូមកុំត្អូញត្អែរម្ដងហើយម្ដងទៀតអំពីលក្ខណៈមិនល្អរបស់បងប្អូនប្រុសស្រី។ (សុភ. ១៨:២៤) យើងគួរចាំថា យើងជាភាជនៈដី។ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីសប្បុរសដ៏អស្ចារ្យដោយប្រគល់ឲ្យយើងនូវកិច្ចបម្រើផ្សាយអំពីដំណឹងល្អដែលមានតម្លៃដូចជាកំណប់ទ្រព្យ។ (សូមអាន កូរិនថូសទី២ ៤:១, ) ហេតុនេះ ចូរយើងទាំងអស់គ្នាបង្ហាញចិត្ដដឹងគុណចំពោះព្រះដែលបានប្រគល់កិច្ចបម្រើផ្សាយនោះដល់យើង ដោយខំអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់យើងជាអ្នកផ្សព្វផ្សាយដំណឹងល្អ។