លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នក«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»ឬទេ?

តើអ្នក«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»ឬទេ?

«គ្រិស្ដយេស៊ូ . . . បានប្រគល់ខ្លួនដើម្បី . . . សម្អាតយើងដើម្បីឲ្យធ្វើជារាស្ដ្ររបស់លោកតែមួយប៉ុណ្ណោះ គឺរាស្ដ្រដែលខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»។—ទីតុស ២:១៣, ១៤

១, ២. តើកិត្ដិយសដ៏ខ្ពង់ខ្ពស់អ្វី ដែលសាក្សីព្រះយេហូវ៉ាមាន ហើយតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះកិត្ដិយសនោះ?

មនុស្សជាច្រើននាក់ចាត់ទុកថាជាកិត្ដិយសដ៏ខ្ពង់ខ្ពស់មួយ ពេលពួកគេបានទទួលរង្វាន់ចំពោះអ្វីមួយដែលពួកគេបានសម្រេចយ៉ាងល្អប្រសើរ។ ជាឧទាហរណ៍ មនុស្សខ្លះបានទទួលរង្វាន់ណូបែលដោយសារពួកគេជួយប្រជាជាតិពីរឲ្យមានសន្ដិភាពជាមួយនឹងគ្នា។ ប៉ុន្ដែ យើងមានកិត្ដិយសខ្ពង់ខ្ពស់ជាងនេះទៅទៀត ដែលព្រះចាត់យើងធ្វើជាទូតជាតំណាងលោកដើម្បីជួយមនុស្សឲ្យមានទំនាក់ទំនងដ៏សុខសាន្ដជាមួយនឹងព្រះដែលជាអ្នកបង្កើតពួកគេ!

ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងជារាស្ដ្រតែមួយគត់ដែលមានកិត្ដិយសដ៏ខ្ពង់ខ្ពស់នោះ។ ក្រោមបង្គាប់របស់ព្រះនិងគ្រិស្ដ យើងអង្វរមនុស្សឲ្យ«ផ្សះផ្សាជាមួយនឹងព្រះ»។ (២កូ. ៥:២០) ព្រះកំពុងប្រើយើងឲ្យទាញនាំមនុស្សមកលោក។ នេះជារបៀបដែលយើងជួយមនុស្សរាប់លាននាក់ នៅជាង២៣៥ប្រទេសឲ្យមានចំណងមិត្ដភាពដ៏ល្អជាមួយនឹងព្រះ ហើយយ៉ាងនេះពួកគេមានសេចក្ដីសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់។ (ទីត. ២:១១) ដោយមានចិត្ដខ្នះខ្នែង យើងអញ្ជើញ«អ្នកណាដែលចង់បានទឹកដែលផ្ដល់ជីវិត [ឲ្យ]មកយកដោយឥតគិតថ្លៃ»។ (បប. ២២:១៧) ដោយសារយើងឲ្យតម្លៃដល់ភារកិច្ចដ៏វិសេសនេះ ហើយបំពេញកិច្ចការនេះដោយចិត្ដខ្នះខ្នែង យើងអាចត្រូវគេហៅយ៉ាងត្រឹមត្រូវថាជារាស្ដ្រដែល«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»។ (ទីត. ២:១៤) ឥឡូវយើងនឹងពិចារណាអំពីរបៀបដែលការខ្នះខ្នែងរបស់យើងដើម្បីធ្វើការដ៏ល្អប្រសើរជួយយើងទាញនាំមនុស្សឲ្យមកព្រះយេហូវ៉ា។ របៀបមួយ គឺតាមរយៈកិច្ចផ្សព្វផ្សាយរបស់យើង។

ចូរយកតម្រាប់ព្រះយេហូវ៉ានិងលោកយេស៊ូស្ដីអំពីចិត្ដខ្នះខ្នែង

. តើ«ចិត្ដខ្នះខ្នែងរបស់ព្រះយេហូវ៉ា»ពង្រឹងទំនុកចិត្ដយើងយ៉ាងណា?

ស្ដីអំពីអ្វីដែលការគ្រប់គ្រងនៃបុត្ររបស់ព្រះនឹងសម្រេច សៀវភៅអេសាយចែងថា«សេចក្ដីឧស្សាហ៍[«ចិត្ដខ្នះខ្នែង»]របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ»។ (អេ. ៩:៧; ព.ថ.) ពាក្យទាំងនេះបញ្ជាក់ថាបិតារបស់យើងដែលនៅស្ថានសួគ៌យកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការសង្គ្រោះមនុស្សជាតិ។ គំរូរបស់ព្រះយេហូវ៉ាស្ដីអំពី ចិត្ដខ្នះខ្នែងបញ្ជាក់យ៉ាងច្បាស់ថា យើងគួរគាំទ្រអស់ពីដួងចិត្ដនូវកិច្ចការដែលព្រះប្រគល់ឲ្យយើងធ្វើជាអ្នកប្រកាសអំពីរាជាណាចក្រ ហើយបំពេញកិច្ចការនោះដោយចិត្ដរំភើបនិងចិត្ដខ្នះខ្នែង។ ពេលយើងមានចិត្ដចង់យ៉ាងខ្លាំងដើម្បីជួយអ្នកទៀតឲ្យស្គាល់ព្រះ នោះយើងកំពុងឆ្លុះបញ្ចាំងឲ្យឃើញនូវចិត្ដខ្នះខ្នែងរបស់ព្រះយេហូវ៉ា។ ដូច្នេះ ក្នុងនាមជាអ្នករួមការងារជាមួយនឹងព្រះ តើយើងតាំងចិត្ដចូលរួមឲ្យបានច្រើនបំផុតក្នុងការប្រកាសដំណឹងល្អ កាលណាស្ថានភាពរបស់យើងអនុញ្ញាតឲ្យទេ?—១កូ. ៣:៩

. តើលោកយេស៊ូបានទុកគំរូយ៉ាងណា ក្នុងការបង្ហាញចិត្ដខ្នះខ្នែងនិងការតស៊ូព្យាយាមក្នុងកិច្ចបម្រើផ្សាយ?

សូមពិចារណាអំពីចិត្ដខ្នះខ្នែងរបស់លោកយេស៊ូផងដែរ។ លោកបានទុកគំរូដ៏ល្អឥតខ្ចោះក្នុងការបង្ហាញចិត្ដខ្នះខ្នែងនិងការតស៊ូព្យាយាមក្នុងកិច្ចបម្រើផ្សាយ។ ទោះជាលោកទទួលរងការប្រឆាំងយ៉ាងខ្លាំងក្ដី លោកនៅតែមានចិត្ដខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយរហូតដល់ចុងបញ្ចប់នៃជីវិតរបស់លោកនៅផែនដី។ (យ៉ូន. ១៨:៣៦, ៣៧) លុះជិតដល់ពេលដែលលោកយេស៊ូត្រូវស្លាប់ដើម្បីជាគ្រឿងបូជា លោកបានតាំងចិត្ដកាន់តែខ្លាំងដើម្បីជួយអ្នកទៀតឲ្យស្គាល់ព្រះយេហូវ៉ា។

. តើលោកយេស៊ូបានប្រព្រឹត្ដយ៉ាងណាស្របតាមឧទាហរណ៍របស់លោកស្ដីអំពីដើមល្វា?

ជាឧទាហរណ៍ នៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ៣២ គ.ស. លោកយេស៊ូបានលើកឧទាហរណ៍មួយអំពីបុរសម្នាក់ដែលមានដើមល្វាមួយដើមដែលគ្មានផ្លែអស់បីឆ្នាំហើយនៅចម្ការទំពាំងបាយជូររបស់គាត់។ ពេលដែលបុរសនោះបានប្រាប់អ្នកថែចម្ការឲ្យកាប់ដើមនោះចោល អ្នកថែចម្ការនោះបានសុំទុកពេល ដើម្បីឲ្យគាត់ដាក់ជី។ (សូមអាន លូកា ១៣:៦-) ពេលដែលលោកយេស៊ូបានមានប្រសាសន៍អំពីរឿងនេះ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលបានក្លាយទៅជាអ្នកកាន់តាមលោក។ ប៉ុន្ដែ ដូចឧទាហរណ៍នោះស្ដីអំពីអ្នកថែចម្ការ លោកយេស៊ូបានប្រើពេលវេលាដ៏ខ្លីដែលនៅសល់ប្រហែលជាខែដើម្បីបង្កើនសកម្មភាពផ្សព្វផ្សាយនៅតំបន់យូឌានិងស្រុកបេរៀ។ ប៉ុន្មានថ្ងៃមុនលោកទទួលមរណភាព លោកបានយំសោកចំពោះជនរួមជាតិរបស់លោកដែលបាន«នឹងត្រចៀក តែមិនបានអើពើ»។—ម៉ាថ. ១៣:១៥; លូក. ១៩:៤១

. ហេតុអ្វីយើងគួរបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយ?

ដោយសារយើងដឹងថាគ្រាចុងក្រោយបង្អស់នេះជិតចប់ហើយ គឺសំខាន់ចាំបាច់ណាស់ដែលយើងខំប្រឹងផ្សព្វផ្សាយកាន់តែខ្លាំងឡើង។ (សូមអាន ដានីយ៉ែល ២:៤១-៤៥) យើងពិតជាមានឯកសិទ្ធិដ៏អស្ចារ្យណាស់ដែលធ្វើជាសាក្សីព្រះយេហូវ៉ា! នៅលើផែនដីនេះ មានតែយើងប៉ុណ្ណោះដែលផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សជាតិអំពីដំណោះស្រាយពិតប្រាកដចំពោះបញ្ហារបស់ពួកគេ។ ថ្មីនេះ អ្នកសារព័ត៌មានម្នាក់បានរៀបរាប់អំពីសំណួរមួយដែលមិនអាចឆ្លើយបាន ដែលថា«ហេតុអ្វីមនុស្សល្អជួបរឿងអាក្រក់?»។ ដូច្នេះ ជាគ្រិស្ដសាសនិកយើងមានភារកិច្ចនិងមានឯកសិទ្ធិជួយផ្ដល់ចម្លើយចំពោះសំណួរបែបនេះដល់អស់អ្នកដែលសុខចិត្ដស្ដាប់។ យើងមានមូលហេតុគ្រប់គ្រាន់ដើម្បី«ពុះកញ្ជ្រោលដោយសកម្មពល» ពេលយើងបំពេញភារកិច្ចដែលព្រះផ្ដល់ឲ្យ។ (រ៉ូម ១២:១១) ដោយសារព្រះឲ្យពរយើង នោះការផ្សព្វផ្សាយរបស់យើងដោយចិត្ដខ្នះខ្នែងអាចជួយអ្នកទៀតឲ្យស្គាល់ព្រះយេហូវ៉ា ហើយស្រឡាញ់លោក។

ការលះបង់ប្រយោជន៍ខ្លួនលើកកិត្ដិយសព្រះយេហូវ៉ា

៧, ៨. តើតាមរបៀបណាដែលស្មារតីលះបង់ប្រយោជន៍ខ្លួនលើកកិត្ដិយសព្រះយេហូវ៉ា?

ដូចបទពិសោធន៍របស់សាវ័កប៉ូលបានបង្ហាញ កិច្ចបម្រើផ្សាយរបស់យើងអាចនាំឲ្យយើង«អត់ងងុយ»និង«គ្មានអាហារបរិភោគ»។ (២កូ. ៦:៥) បងប្អូនប្រុសស្រីរបស់យើងលះបង់ប្រយោជន៍ខ្លួនស្រដៀងនេះដែរដើម្បីបំពេញកិច្ចបម្រើផ្សាយ។ ពួកអ្នកត្រួសត្រាយចាត់ទុកកិច្ចបម្រើផ្សាយជាអាទិភាព ប៉ុន្ដែពួកគាត់ភាគច្រើនត្រូវធ្វើការងារដើម្បីចិញ្ចឹមជីវិត។ សូមពិចារណាផងដែរអំពីបងប្អូនសាសនទូតដ៏ស្មោះភក្ដីដែល‹ប្រគល់ខ្លួនពួកគេដូចគ្រឿងបូជាជាស្រាដែលត្រូវច្រួចទៅ›ដើម្បីបម្រើមនុស្សនៅប្រទេសផ្សេង។ (ភី. ២:១៧) ចុះយ៉ាងណាដែរចំពោះពួកអ្នកចាស់ទុំដែលធ្វើការនឿយហត់ដើម្បីថែទាំចៀមរបស់ព្រះយេហូវ៉ារហូតដល់មិនបានបរិភោគអាហារ ឬអត់ងងុយ? នៅក្នុងក្រុមជំនុំ បងប្អូនវ័យចាស់និងបងប្អូនដែលឈឺ ខំអស់ពីសមត្ថភាពដើម្បីចូលរួមកិច្ចប្រជុំនិងទៅផ្សព្វផ្សាយ។ ចិត្ដរបស់យើងពោរពេញដោយអំណរគុណ ពេលដែលយើងគិតដល់ពួកអ្នកបម្រើព្រះដែលមានស្មារតីលះបង់ប្រយោជន៍ខ្លួនបែបនេះ។ ចិត្ដខ្នះខ្នែងនេះមានឥទ្ធិពលទៅលើទស្សនៈរបស់អ្នកទៀតចំពោះកិច្ចបម្រើផ្សាយរបស់យើង។

បុគ្គលម្នាក់ដែលមិនមែនជាសាក្សីព្រះយេហូវ៉ាបានសរសេរសំបុត្រទៅកាន់សារព័ត៌មានមួយ នៅរាជាណាចក្រអង់គ្លេសថា«មនុស្សចាប់ផ្ដើមអស់ជំនឿលើសាសនា . . . តើបព្វជិតសាសនាទាំងនោះធ្វើអ្វីរាល់ថ្ងៃ? ពួកគេច្បាស់ជាមិនចេញទៅរកជួបមនុស្សដូចលោកយេស៊ូធ្លាប់ ធ្វើទេ . . .។ តាមមើលទៅមានសាសនាតែមួយប៉ុណ្ណោះដែលយកចិត្ដទុកដាក់នឹងមនុស្ស ពួកគេគឺជាសាក្សីព្រះយេហូវ៉ា ដែលចេញទៅរកជួបមនុស្ស ហើយចូលរួមយ៉ាងស្មោះក្នុងការផ្សព្វផ្សាយសេចក្ដីពិត»។ មនុស្សភាគច្រើនក្នុងពិភពលោកនេះមិនសុខចិត្ដលះបង់ប្រយោជន៍ខ្លួនដើម្បីអ្នកទៀតទេ។ ប៉ុន្ដែដោយសារយើងសុខចិត្ដលះបង់ប្រយោជន៍ខ្លួនដើម្បីផ្សព្វផ្សាយ នោះយើងលើកកិត្ដិយសព្រះយេហូវ៉ា។—រ៉ូម ១២:១

ពេលមនុស្សឃើញអ្នកក្នុងកិច្ចបម្រើផ្សាយ អ្នកកំពុងធ្វើជាសាក្សីបញ្ជាក់យ៉ាងប្រសើរដល់ពួកគេ

. ដើម្បីឲ្យយើងនៅតែមានចិត្ដខ្នះខ្នែងធ្វើការល្អប្រសើរក្នុងកិច្ចបម្រើផ្សាយរបស់យើង តើអ្វីអាចជំរុញចិត្ដយើង?

ក៏ប៉ុន្ដែ ប្រសិនបើយើងហាក់ដូចជាលែងមានចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ តើយើងត្រូវធ្វើអ្វី? ជាការល្អដែលយើងរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាកំពុងសម្រេចតាមរយៈកិច្ចការផ្សព្វផ្សាយនោះ។ (សូមអាន រ៉ូម ១០:១៣-១៥) សេចក្ដីសង្គ្រោះគឺអាស្រ័យទៅលើការហៅរកនាមរបស់ព្រះយេហូវ៉ាដោយជំនឿ ប៉ុន្ដែមនុស្សនឹងមិនធ្វើដូច្នោះទេ បើយើងមិនផ្សព្វផ្សាយដល់ពួកគេ។ ការទទួលស្គាល់អំពីរឿងនេះ គួរជំរុញចិត្ដយើងឲ្យនៅតែមានចិត្ដខ្នះខ្នែងធ្វើការល្អប្រសើរ ហើយខំប្រកាសដំណឹងល្អអំពីរាជាណាចក្រ។

ការប្រព្រឹត្ដល្អទាក់ទាញមនុស្សឲ្យមកព្រះ

មនុស្សទៀតកត់សម្គាល់ ពេលអ្នកប្រព្រឹត្ដដោយទៀងត្រង់ និងពេលអ្នកខំប្រឹងធ្វើការ

១០. ហេតុអ្វីយើងអាចនិយាយថា ការប្រព្រឹត្ដល្អរបស់យើងទាញនាំមនុស្សឲ្យមកព្រះយេហូវ៉ា?

១០ ទោះជាការមានចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយគឺសំខាន់ក៏ដោយ តែការមានចិត្ដខ្នះខ្នែងប៉ុណ្ណោះមិនល្មមគ្រប់គ្រាន់ដើម្បីទាញនាំមនុស្សឲ្យមកព្រះទេ។ មានកត្ដាមួយទៀតដែលទាក់ទាញមនុស្សឲ្យមកព្រះ គឺការប្រព្រឹត្ដដ៏ល្អជាគ្រិស្ដសាសនិក។ ប៉ូលបានបញ្ជាក់សារៈសំខាន់នៃការប្រព្រឹត្ដរបស់យើង ពេលគាត់សរសេរថា«យើងមិនធ្វើអ្វីសោះដែលបណ្ដាលឲ្យអ្នកទៀតជំពប់ដួល ដើម្បីកុំឲ្យគេរិះគន់កិច្ចបម្រើរបស់យើង»។ (២កូ. ៦:៣) ពាក្យសម្ដីសមរម្យនិងការប្រព្រឹត្ដល្អរបស់យើង ធ្វើឲ្យសេចក្ដីបង្រៀនរបស់ព្រះមានលម្អ និងធ្វើឲ្យមនុស្សទៀតចង់មកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (ទីត. ២:១០) តាមការពិត យើងច្រើនតែអំពីលទ្ធផលល្អ ពេលមនុស្សដែលមានចិត្ដស្មោះសង្កេតមើលការប្រព្រឹត្ដរបស់យើងដែលសមស្របតាមសេចក្ដីពិត។

១១. ហេតុអ្វីយើងគួរអធិដ្ឋាននិងគិតអំពីឥទ្ធិពលនៃការប្រព្រឹត្ដរបស់យើង?

១១ ទោះជាយើងទទួលស្គាល់ថាការប្រព្រឹត្ដរបស់យើងអាចមានឥទ្ធិពលល្អលើមនុស្សក្ដី តែក៏អាចមានឥទ្ធិពលអាក្រក់លើពួកគេដែរ។  ដូច្នេះ ទោះជានៅកន្លែងធ្វើការ នៅផ្ទះ នៅសាលាក្ដី ពេលយើងបំពេញកិច្ចបម្រើផ្សាយ យើងខំជៀសវាងកុំឲ្យនរណាម្នាក់មានហេតុរិះគន់កិច្ចបម្រើផ្សាយនិងការប្រព្រឹត្ដរបស់យើង។ ប្រសិនបើយើង«ប្រព្រឹត្ដអំពើខុសឆ្គងដោយចេតនា» យើងនឹងលែងមានចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ាជារៀងរហូត។ (ហេ. ១០:២៦, ២៧) នេះគួរធ្វើឲ្យយើងគិតឲ្យបានវែងឆ្ងាយ ហើយអធិដ្ឋានអំពីការប្រព្រឹត្ដរបស់យើង និងអំពីរបៀបដែលការប្រព្រឹត្ដនោះមានឥទ្ធិពលទៅលើមនុស្សទៀត។ ពេលដែលខ្នាតតម្រាសីលធម៌របស់ពិភពលោកនេះកាន់តែអន់ថយទៅៗ មនុស្សដែលមានចិត្ដស្មោះនឹងកាន់តែ«ចេះញែក[«សម្គាល់»] . . . មនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរពផង»។ (ម៉ាឡ. ៣:១៨; ព.ថ.) មែនហើយ ការប្រព្រឹត្ដដ៏ល្អរបស់យើងជាគ្រិស្ដសាសនិកមានតួនាទីសំខាន់ណាស់ក្នុងការជួយមនុស្សឲ្យផ្សះផ្សាជាមួយនឹងព្រះ។

១២-១៤. តើរបៀបដែលយើងស៊ូទ្រាំពេលជំនឿរបស់យើងជួបការល្បងល មានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់អ្នកទៀតចំពោះកិច្ចបម្រើរបស់យើង? សូមលើកឧទាហរណ៍មួយ។

១២ ក្នុងសំបុត្ររបស់ប៉ូលទៅកាន់បងប្អូននៅក្រុងកូរិនថូស គាត់បានបញ្ជាក់ថាគាត់បានរងទុក្ខវេទនា មានការលំបាក ដោយត្រូវគេវាយដំ ហើយត្រូវជាប់គុក។ (សូមអាន កូរិនថូសទី២ ៦:៤, ៥) បើយើងចេះស៊ូទ្រាំពេលយើងជួបការល្បងជំនឿ នោះអាចជួយអ្នកសង្កេតមើលយើងឲ្យទទួលយកសេចក្ដីពិត។ ជាឧទាហរណ៍ ប៉ុន្មានឆ្នាំមុន មានការប៉ុនប៉ងបំបាត់ចោលសាក្សីព្រះយេហូវ៉ាពីតំបន់មួយនៅប្រទេសអង់ហ្គោឡា។ សាក្សីព្រះយេហូវ៉ានាក់និងអ្នកចាប់អារម្មណ៍៣០នាក់ដែលកំពុងចូលរួមកិច្ចប្រជុំរបស់យើងបានត្រូវគេចាប់ខ្លួន។ បន្ទាប់មក ពួកអ្នកប្រឆាំងបានប្រមូលបណ្ដាជននៅតំបន់នោះឲ្យមកមើលពួកគេវាយជនស្លូតត្រង់ទាំងនោះរហូតដល់បែកឈាម។ សូម្បីតែស្ដ្រីនិងកូនក្មេងក៏ពួកគេវាយដែរ។ ពួកគេធ្វើដូច្នេះដើម្បីបំភ័យបណ្ដាជនកុំឲ្យស្ដាប់សាក្សីព្រះយេហូវ៉ា។ ប៉ុន្ដែ ក្រោយពីមានការវាយធ្វើបាបជាសាធារណៈនេះ មនុស្សជាច្រើននៅសហគមន៍នោះបានមកជួបសាក្សីព្រះយេហូវ៉ា ហើយសុំរៀនគម្ពីរ! ចាប់ពីពេលនោះមក កិច្ចការផ្សព្វផ្សាយរាជាណាចក្របានជឿនទៅមុខ ដោយមានមនុស្សកាន់តែច្រើនចូលមកសេចក្ដីពិត ហើយបងប្អូនយើងបានទទួលពរជាច្រើន។

១៣ ឧទាហរណ៍នេះបញ្ជាក់ថា ការដែលយើងកាន់ជំហររឹងមាំចំពោះគោលការណ៍គម្ពីរអាចមានឥទ្ធិពលយូរអង្វែងលើអ្នកទៀត។ យើងប្រហែលជាឆ្ងល់ថាមានមនុស្សប៉ុន្មាននាក់បានផ្សះផ្សាជាមួយនឹងព្រះ ដោយសារតែពេត្រុសនិងសាវ័កទៀតបានកាន់ជំហរយ៉ាងអង់អាច។ (សកម្ម. ៥:១៧-២៩) ចំពោះយើងវិញ សិស្សរួមថ្នាក់ អ្នករួមការងារ ឬសមាជិកគ្រួសាររបស់យើងប្រហែលជាព្រមទទួលយកសេចក្ដីពិត នៅពេលដែលពួកគេឃើញយើងរក្សាជំហររបស់យើងចំពោះអ្វីដែលត្រឹមត្រូវ។

១៤ ទោះជានៅគ្រាណាក៏ដោយ បងប្អូនយើងខ្លះកំពុងទទួលរងការបៀតបៀន។ ជាឧទាហរណ៍ នៅប្រទេសអាមេនី បងប្អូនយើងប្រហែលជា៤០នាក់បានជាប់ពន្ធនាគារដោយសារពួកគាត់កាន់ជំហរអព្យាក្រឹត ក្នុងនោះមានបងប្អូនជាច្រើននាក់ទំនងជាត្រូវជាប់ពន្ធនាគារអស់ជាច្រើនខែ។ នៅប្រទេសអេរីទ្រី អ្នកបម្រើរបស់ព្រះយេហូវ៉ា៥៥នាក់ត្រូវជាប់ពន្ធនាគារ បងប្អូនខ្លះមានអាយុជាង៦០ឆ្នាំ។ នៅប្រទេសកូរ៉េខាងត្បូង សាក្សីព្រះយេហូវ៉ាប្រហែលជា៧០០នាក់បានជាប់ពន្ធនាគារដោយសារជំនឿរបស់ខ្លួន។ ស្ថានភាពនេះបានអូសបន្លាយអស់៦០ឆ្នាំ។ សូមយើងអធិដ្ឋានដើម្បីឲ្យភាពស្មោះត្រង់របស់បងប្អូនដែលទទួលរងការបៀតបៀននៅប្រទេសផ្សេងៗ លើកកិត្ដិយសព្រះ ហើយជួយអ្នកដែលស្រឡាញ់សេចក្ដីសុចរិតឲ្យកាន់ជំហរចំពោះការគោរពប្រណិប័តន៍ពិត។—ទំនុក. ៧៦:៨-១០

១៥. សូមលើកឧទាហរណ៍ អំពីរបៀបរស់នៅដ៏ទៀងត្រង់អាចទាក់ទាញអ្នកទៀតឲ្យចូលក្នុងសេចក្ដីពិត។

១៥ ដោយសារយើងមានរបៀបរស់នៅដ៏ទៀងត្រង់ នោះក៏អាចទាក់ទាញមនុស្សឲ្យទទួលយកសេចក្ដីពិតដែរ។ (សូមអាន កូរិនថូសទី២ ៦:៤, ) ជាឧទាហរណ៍ សូមពិចារណាបទពិសោធន៍នេះ: បងស្រីម្នាក់កំពុងដាក់លុយចូលទៅក្នុងម៉ាស៊ីនដាក់សំបុត្រក្នុងឡានក្រុង ពេលដែលអ្នកស្គាល់គ្នាម្នាក់បានប្រាប់គាត់ថាមិនបាច់បង់លុយសម្រាប់សំបុត្រទេ ព្រោះចម្ងាយដែលគាត់ជិះខ្លីពេក។ បងស្រីនោះបានពន្យល់ថា គឺជាការត្រឹមត្រូវដែលគាត់បង់លុយសំបុត្រ ទោះជាជិះតែមួយចំណតក្ដី។ ក្រោយមក មិត្ដរបស់គាត់បានចុះពីឡានក្រុង។ ពេលនោះ អ្នកបើកឡានបែរមកបងស្រីនោះហើយសួរថា«បងជាសាក្សីព្រះយេហូវ៉ាឬ?»។ បងស្រីបានតបថា«ចា៎មែន តើអ្វីធ្វើឲ្យបងសួរដូច្នេះ?»។ «ខ្ញុំបានបងនិយាយគ្នាអំពីការបង់លុយសំបុត្រឡាន ហើយខ្ញុំដឹងថាសាក្សីព្រះយេហូវ៉ាជាមនុស្សក្នុងចំណោមមនុស្សតិចណាស់ដែលធ្វើដូច្នេះ ហើយដែលទៀងត្រង់ក្នុងគ្រប់ការទាំងអស់»។ ប៉ុន្មានខែក្រោយមក បុរសម្នាក់បានមកជួបបងស្រីនោះនៅកិច្ចប្រជុំដោយនិយាយថា«តើបង ស្គាល់ខ្ញុំទេ? ខ្ញុំជាអ្នកបើកឡានក្រុងដែលបាននិយាយជាមួយបងអំពីការបង់លុយសំបុត្រឡានក្រុង។ ដោយបានឃើញការប្រព្រឹត្ដរបស់បង ខ្ញុំបានសម្រេចចិត្ដចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា»។ ពេលដែលមនុស្សឃើញថា យើងជាមនុស្សទៀងត្រង់ នោះពួកគេទុកចិត្ដលើដំណឹងល្អដែលយើងផ្សព្វផ្សាយ។

សូមបង្ហាញជានិច្ចនូវគុណសម្បត្ដិដែលលើកកិត្ដិយសព្រះ

១៦. ហេតុអ្វីគុណសម្បត្ដិដូចជាចិត្ដធ្ងន់ សេចក្ដីស្រឡាញ់ និងចិត្ដសប្បុរសមានឥទ្ធិពលទៅលើចិត្ដមនុស្ស? សូមលើកឧទាហរណ៍មួយ។

១៦ ពេលយើងបង្ហាញគុណសម្បត្ដិដូចជាចិត្ដធ្ងន់ សេចក្ដីស្រឡាញ់ និងចិត្ដសប្បុរស យើងប្រហែលជាធ្វើឲ្យមនុស្សទៀតចង់រៀនអំពីព្រះយេហូវ៉ា គោលបំណងរបស់លោក និងរាស្ដ្ររបស់លោក។ ចិត្ដគំនិតនិងការប្រព្រឹត្ដរបស់គ្រិស្ដសាសនិកពិត គឺខុសគ្នាឆ្ងាយណាស់ពីការបង្ហាញភក្ដីភាពចំពោះព្រះតែសម្បកក្រៅរបស់ពួកអ្នកដែលច្រើនតែគោរពប្រណិប័តន៍ដោយលាក់ពុត។ អ្នកដឹកនាំសាសនាខ្លះបានក្លាយជាអ្នកមានស្ដុកស្ដម្ភដោយបោកប្រាស់សមាជិកវិហាររបស់ពួកគេ ដោយប្រើលុយជាច្រើនដែលពួកគេបានមកពីការបោកប្រាស់នោះទិញផ្ទះនិងឡានថ្លៃៗ ហើយផ្ទះឆ្កែរបស់អ្នកដឹកនាំសាសនាម្នាក់ក៏មានម៉ាស៊ីនត្រជាក់ដែរ។ មែនហើយ មនុស្សជាច្រើនដែលអះអាងថាជាអ្នកកាន់តាមគ្រិស្ដគ្មានចិត្ដចង់«ឲ្យដោយឥតគិតថ្លៃ»នោះទេ។ (ម៉ាថ. ១០:៨) ផ្ទុយទៅវិញ ដូចពួកសង្ឃអ៊ីស្រាអែលនៅសម័យបុរាណដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ពួកគេ«បង្រៀនឲ្យបានកំរៃ» ហើយអ្វីដែលពួកគេបង្រៀន ភាគច្រើនគឺមិនមកពីបទគម្ពីរទេ។ (មីកា ៣:១១) ការប្រព្រឹត្ដដែលលាក់ពុតបែបនេះមិនបានជួយនរណាម្នាក់ឲ្យផ្សះផ្សាជាមួយនឹងព្រះឡើយ។

១៧, ១៨. () ពេលយើងបង្ហាញគុណសម្បត្ដិរបស់ព្រះយេហូវ៉ាក្នុងជីវិតរបស់យើង តើយើងនាំឲ្យលោកទទួលកិត្ដិយសយ៉ាងដូចម្ដេច? () តើអ្វីជំរុញចិត្ដអ្នកឲ្យតស៊ូធ្វើការដ៏ល្អប្រសើរ?

១៧ ម្យ៉ាងវិញទៀត សេចក្ដីបង្រៀនត្រឹមត្រូវរបស់គ្រិស្ដសាសនិកនិងការប្រព្រឹត្ដល្អចំពោះអ្នកជិតខាងមានឥទ្ធិពលលើចិត្ដរបស់មនុស្ស។ ជាឧទាហរណ៍ អ្នកត្រួសត្រាយម្នាក់បានផ្សព្វផ្សាយដល់ស្ដ្រីមេម៉ាយម្នាក់នៅផ្ទះមួយ ប៉ុន្ដែស្ដ្រីនោះបានប្រាប់គាត់យ៉ាងរហ័សថា គាត់មិនចាប់អារម្មណ៍ទេ។ ស្ដ្រីនោះបានប្រាប់ថាពេលអ្នកត្រួសត្រាយនោះចុចកណ្ដឹងទ្វារ គាត់កំពុងនៅលើជណ្ដើរ ដោយខំដូរអំពូលភ្លើងមួយនៅផ្ទះបាយ។ អ្នកត្រួសត្រាយបាននិយាយថា«អ៊ំធ្វើដូច្នេះតែម្នាក់ឯងអាចមានគ្រោះថ្នាក់»។ បន្ទាប់មក អ្នកត្រួសត្រាយបានជួយដូរអំពូលភ្លើងឲ្យអ៊ំស្រី ហើយក៏ចេញទៅ។ ពេលកូនប្រុសរបស់អ៊ំស្រីបានដឹងអំពីរឿងនោះ គាត់បានកោតស្ងើចដល់ម៉្លេះបានជាគាត់ខំប្រឹងរកបងប្រុសនោះដើម្បីអរគុណគាត់។ នៅទីបំផុតកូនប្រុសនោះបានយល់ព្រមសិក្សាគម្ពីរ។

១៨ ហេតុអ្វីអ្នកតាំងចិត្ដតស៊ូធ្វើការដ៏ល្អប្រសើរ? ពីព្រោះអ្នកប្រហែលជាដឹងថាពេលយើងបង្ហាញចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយរបស់យើង ហើយធ្វើអ្វីដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះយើងលើកកិត្ដិយសព្រះយេហូវ៉ា ហើយអាចជួយអ្នកទៀតឲ្យទទួលសេចក្ដីសង្គ្រោះ។ (សូមអាន កូរិនថូសទី១ ១០:៣១-៣៣) ចិត្ដខ្នះខ្នែងធ្វើការដ៏ល្អប្រសើរដោយផ្សព្វផ្សាយដំណឹងល្អ និងដោយប្រព្រឹត្ដតាមរបៀបដែលព្រះពេញចិត្ដ គឺផុសចេញពីសេចក្ដីប៉ងប្រាថ្នាដ៏ជ្រាលជ្រៅដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះនិងចំពោះមនុស្សទៀត។ (ម៉ាថ. ២២:៣៧-៣៩) ប្រសិនបើយើងខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ យើងនឹងមានអំណរនិងការស្កប់ចិត្ដយ៉ាងខ្លាំងនៅពេលឥឡូវនេះ។ ម្យ៉ាងទៀត យើងអាចទន្ទឹងរង់ចាំថ្ងៃដែលមនុស្សជាតិទាំងឡាយនឹងបង្ហាញចិត្ដខ្នះខ្នែងក្នុងការគោរពប្រណិប័តន៍ពិត ដើម្បីលើកកិត្ដិយសព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើង។