លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

 ជីវប្រវត្ដិ

ការស្ដាប់បង្គាប់ព្រះយេហូវ៉ានាំឲ្យមានពរជាច្រើន

ការស្ដាប់បង្គាប់ព្រះយេហូវ៉ានាំឲ្យមានពរជាច្រើន

ឪពុកខ្ញុំបានពន្យល់ថា«មេរៀនដែលយើងរៀនពីណូអេ គឺអស្ចារ្យណាស់! ណូអេបានស្ដាប់បង្គាប់ព្រះយេហូវ៉ា បានស្រឡាញ់ក្រុមគ្រួសាររបស់គាត់ ហើយពួកគេទាំងអស់គ្នាបានរួចជីវិតពីទឹកជំនន់ ដោយសារមនុស្សទាំងអស់ ក្នុងក្រុមគ្រួសារគាត់បានចូលទៅក្នុងទូកធំ»។

នោះជាអ្វីមួយក្នុងចំណោមអ្វីទៀតដែលខ្ញុំចាំជាងគេអំពីឪពុកខ្ញុំ។ គាត់ជាមនុស្សដែលមានចិត្ដរាបទាប ហើយខំព្យាយាមធ្វើការ។ គាត់ស្រឡាញ់យុត្ដិធម៌ខ្លាំងណាស់ ហេតុនេះ ពេលគាត់បានសេចក្ដីបង្រៀនក្នុងគម្ពីរនៅឆ្នាំ១៩៥៣ គាត់បានចាប់អារម្មណ៍ភ្លាម។ តាំងពីពេលនោះមក គាត់បានខំអស់ពីសមត្ថភាពដើម្បីប្រាប់យើងនូវអ្វីដែលគាត់បានរៀន។ ដំបូងឡើយ ម្ដាយរបស់ខ្ញុំមានចិត្ដស្ទាក់ស្ទើរមិនព្រមលះបង់ទំនៀមទម្លាប់សាសនាកាតូលិកទេ។ ប៉ុន្ដែក្រោយមក គាត់ក៏បានចាប់ផ្ដើមទទួលយកសេចក្ដីបង្រៀនក្នុងគម្ពីរដែរ។

ឪពុកម្ដាយខ្ញុំពិបាកសិក្សាគម្ពីរជាមួយយើង ដោយសារម្ដាយខ្ញុំមិនសូវចេះអក្សរ ហើយឪពុកខ្ញុំធ្វើការច្រើនម៉ោងយ៉ាងនឿយហត់នៅស្រែចម្ការ។ ជួនកាលដោយសារគាត់នឿយហត់ពេក គាត់បានងោកក្នុងអំឡុងពេលដែលយើងសិក្សាគម្ពីរ។ ប៉ុន្ដែគាត់ទទួលបានលទ្ធផលល្អសមនឹងការខំប្រឹងប្រែងរបស់គាត់។ ដោយសារខ្ញុំជាកូនច្បង ដូច្នេះខ្ញុំបានជួយបង្រៀនប្អូនស្រីនិងប្អូនប្រុសពីរនាក់របស់ខ្ញុំ។ ខ្ញុំក៏បានបង្រៀនប្អូនអំពីអ្វីដែលឪពុកខ្ញុំតែងនិយាយ គឺអំពីណូអេដែលបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះក្រុមគ្រួសាររបស់គាត់ដោយបានស្ដាប់បង្គាប់ព្រះ។ ខ្ញុំពិតជាស្រឡាញ់កំណត់ហេតុគម្ពីរនេះណាស់! មិនយូរប៉ុន្មាន យើងទាំងអស់គ្នាបានចូលរួមកិច្ចប្រជុំនៅសាលប្រជុំនៅរ៉ូហ្សេតូ ដេលយី អាប៊្រូតស៊ី ដែលជាក្រុងមួយនៅឆ្នេរសមុទ្រអេឌ្រា។

នៅឆ្នាំ១៩៥៥ ខ្ញុំមានអាយុ១១ឆ្នាំ ពេលម្ដាយខ្ញុំនិងខ្ញុំបានដើរឆ្លងកាត់ភ្នំជាច្រើនទៅទិសខាងលិច ដើម្បីចូលរួមមហាសន្និបាតជាលើកទីរបស់យើងនៅក្រុងរ៉ូម។ តាំងពីពេលនោះមក ខ្ញុំចាត់ទុកការប្រជុំធំទាំងនេះជាព្រឹត្ដិការណ៍ដ៏សំខាន់ក្នុងជីវិតជាគ្រិស្ដសាសនិក។

ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំបានទទួលការជ្រមុជទឹក ហើយមិនយូរប៉ុន្មានខ្ញុំបានបម្រើជាអ្នកត្រួសត្រាយពេញពេល។ ពេលខ្ញុំមានអាយុ១៧ឆ្នាំ ខ្ញុំបានក្លាយជាអ្នកត្រួសត្រាយពិសេសនៅក្រុងឡាទីណា ដែលជាក្រុងធំមួយខាងត្បូងក្រុងរ៉ូម ដែលមានចម្ងាយប្រហែលជា៣០០គីឡូម៉ែត្រ (១៩០ម៉ៃល៍) ពីផ្ទះរបស់យើង។ ក្រុងនេះជាក្រុងថ្មីមួយដែលគ្មាននរណាម្នាក់ខ្វល់នឹងអ្វីដែលអ្នកជិតខាងរបស់ពួកគេគិតឡើយ។ ខ្ញុំនិងអ្នកត្រួសត្រាយដែលជាដៃគូរបស់ខ្ញុំសប្បាយនឹងផ្ដល់សៀវភៅជាច្រើនដែលមានមូលដ្ឋានលើគម្ពីរ ប៉ុន្ដែដោយសារខ្ញុំនៅក្មេង ខ្ញុំពិតជានឹកផ្ទះខ្លាំងណាស់! ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំចង់ធ្វើតាមការណែនាំដែលខ្ញុំបានទទួល។

ថ្ងៃដែលយើងរៀបការ

ក្រោយមកខ្ញុំបានត្រូវចាត់ឲ្យទៅក្រុងមីឡានដើម្បីជួយរៀបចំមហាសន្និបាតអន្ដរជាតិនៅ ឆ្នាំ១៩៦៣ ដែលមានប្រធានថា «ដំណឹងល្អដែលស្ថិតស្ថេរ»។ ក្នុងអំឡុងមហាសន្និបាត ខ្ញុំបានធ្វើការស្ម័គ្រចិត្ដជាមួយបងប្អូនជាច្រើននាក់ទៀត រួមទាំងប៉ាអូឡូ ពីឆូឡេ ដែលជាបងប្រុសវ័យក្មេងម្នាក់ពីក្រុងផ្លរ៉េន។ នៅថ្ងៃទីនៃមហាសន្និបាត គាត់បានថ្លែងសុន្ទរកថាដែលគួរឲ្យរំភើបចិត្ដស្ដីអំពីការនៅលីវ។ ខ្ញុំចាំថាពេលនោះខ្ញុំបានគិតថា ‹បងប្រុសនេះច្បាស់ជានឹងមិនរៀបការទេ›។ ប៉ុន្ដែ យើងបានចាប់ផ្ដើមសរសេរសំបុត្រទៅវិញទៅមក ហើយយើងដឹងច្បាស់ថាយើងមានអ្វីជាច្រើនដែលដូចគ្នា ពោលគឺគោលដៅ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា និងមានបំណងចង់ស្ដាប់បង្គាប់លោកយ៉ាងខ្លាំង។ ប៉ាអូឡូនិងខ្ញុំបានរៀបការនៅឆ្នាំ១៩៦៥។

ការប្រជុំជាមួយនឹងពួកបព្វជិត

ខ្ញុំបានធ្វើជាអ្នកត្រួសត្រាយពេញពេលនៅក្រុងផ្លរ៉េនអស់១០ឆ្នាំ។ ខ្ញុំពិតជារំភើបចិត្ដដោយបានឃើញការរីកចម្រើនក្នុងក្រុមជំនុំ ជាពិសេសពេលឃើញប្អូនវ័យក្មេងជឿនទៅមុខ។ ប៉ាអូឡូនិងខ្ញុំចូលចិត្ដចំណាយពេលជាមួយពួកគេដោយនិយាយសន្ទនាគ្នាអំពីការគោរពប្រណិប័តន៍ព្រះនិងការកម្សាន្ដ។ ចំពោះប៉ាអូឡូ ការកម្សាន្ដមានន័យថាលេងបាល់ទាត់។ ខ្ញុំដឹងថាខ្ញុំចូលចិត្ដចំណាយពេលជាមួយប្ដីរបស់ខ្ញុំ ប៉ុន្ដែខ្ញុំគិតថាប្អូនវ័យក្មេងទាំងនោះ និងក្រុមគ្រួសារជាច្រើនក្នុងក្រុមជំនុំចង់ឲ្យគាត់ចំណាយពេលនិងយកចិត្ដទុកដាក់ចំពោះពួកគេ ហើយបើគាត់ធ្វើដូច្នេះពួកគេអាចទទួលប្រយោជន៍។

ខ្ញុំនៅតែសប្បាយពេលគិតឡើងវិញអំពីការសិក្សាគម្ពីរជាច្រើនដែលខ្ញុំបានដឹកនាំ។ សិស្សគម្ពីរម្នាក់ឈ្មោះអាទ្រីអាណា បាននិយាយប្រាប់ក្រុមគ្រួសារពីរទៀតអំពីអ្វីដែលនាងបានរៀន។ ក្រុមគ្រួសារពីរនោះបានរៀបចំប្រជុំមួយជាមួយបព្វជិតម្នាក់ដើម្បីពិភាក្សាអំពីសេចក្ដីបង្រៀនរបស់ពិភពគ្រិស្ដសាសនាស្ដីអំពីព្រះបីអង្គរួមជាព្រះតែមួយនិងអំពីព្រលឹងអមតៈ។ បព្វជិតបីនាក់បានមកកិច្ចប្រជុំនោះ។ ការពន្យល់របស់ពួកគេគឺពិបាកយល់ ហើយមិនស្របគ្នាសោះ នេះធ្វើឲ្យសិស្សគម្ពីររបស់យើងស្រួលសម្គាល់ពេលពួកគេប្រៀបធៀបការពន្យល់ទាំងនេះជាមួយនឹងសេចក្ដីបង្រៀនយ៉ាងច្បាស់ក្នុងគម្ពីរ។ កិច្ចប្រជុំនោះធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំមួយ។ ក្រោយមក សមាជិក១៥នាក់ក្នុងក្រុមគ្រួសារទាំងនោះបានក្លាយជាសាក្សីព្រះយេហូវ៉ា។

សព្វថ្ងៃនេះរបៀបផ្សព្វផ្សាយរបស់យើងគឺខុសគ្នាពីមុនឆ្ងាយណាស់។ កាលនោះ ប៉ាអូឡូបានទៅជាអ្នក«ជំនាញ»ក្នុងការប្រជុំជាមួយពួកបព្វជិត ហើយគាត់បានទៅចូលរួមការប្រជុំបែបនោះមួយចំនួន។ ខ្ញុំចាំអំពីកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅមុខអ្នកស្ដាប់ដែលមិនមែនជាសាក្សីព្រះយេហូវ៉ា។ អ្នកប្រឆាំងច្បាស់ជាបានរៀបចំទុកជាមុនឲ្យមានអ្នកស្ដាប់ខ្លះសួរសំណួរដែលពិបាកឆ្លើយ។ ប៉ុន្ដែ ស្រាប់តែដំរិះជិះឯង។ អ្នកខ្លះបានសួរថា តើជាការត្រឹមត្រូវទេដែលពិភពគ្រិស្ដសាសនាចូលប្រឡូកក្នុងរឿងនយោបាយ ដូចពួកគេធ្លាប់ធ្វើរាប់ទសវត្សរ៍មកហើយ។ ពេលគេនិយាយអំពីរឿងនោះ ពួកបព្វជិតពិបាកឆ្លើយ។ រំពេចនោះភ្លើងក៏បានដាច់ ហើយកិច្ចប្រជុំបានត្រូវលុបចោល។ ច្រើនឆ្នាំក្រោយមកយើងបានដឹងថា គេបានគ្រោងទុកជាមុនដើម្បីផ្ដាច់ភ្លើង ប្រសិនបើការសន្ទនាមិនបានធ្វើឡើងដូចអ្វីដែលពួកបព្វជិតសង្ឃឹម។

កិច្ចបម្រើផ្សេងទៀត

ក្រោយពីខ្ញុំនិងប៉ាអូឡូបានរៀបការអស់១០ឆ្នាំ យើងបានត្រូវអញ្ជើញឲ្យបម្រើជាអ្នកត្រួតពិនិត្យមណ្ឌល។ ប៉ាអូឡូមានការងារល្អមួយ ដូច្នេះយើង ពិបាកសម្រេចចិត្ដ។ ប៉ុន្ដែ បន្ទាប់ពីបានពិចារណាហើយអធិដ្ឋាន យើងបានចាត់វិធានការផ្សេងដើម្បីឲ្យយើងអាចបំពេញកិច្ចបម្រើថ្មីនោះ។ យើងសប្បាយនឹងចំណាយពេលជាមួយក្រុមគ្រួសារដែលទទួលយើងឲ្យស្នាក់នៅ។ នៅពេលល្ងាច យើងច្រើនតែសិក្សាជាក្រុម ហើយបន្ទាប់មកប៉ាអូឡូបានជួយក្មេងធ្វើកិច្ចការដែលសាលាដាក់ឲ្យ ជាពិសេសបើកិច្ចការនោះជាគណិតវិទ្យា។ ម្យ៉ាងទៀត ប៉ាអូឡូចូលចិត្ដអានណាស់ ហើយគាត់បានប្រាប់ចំណុចដែលគាត់ចាប់អារម្មណ៍និងដែលលើកទឹកចិត្ដដល់អ្នកទៀត។ យើងច្រើនតែផ្សព្វផ្សាយនៅថ្ងៃច័ន្ទនៅក្រុងដែលគ្មានសាក្សីព្រះយេហូវ៉ា ហើយយើងបានអញ្ជើញមនុស្សឲ្យមកស្ដាប់សុន្ទរកថាដែលនឹងថ្លែងនៅពេលល្ងាចនោះ។

យើងចូលចិត្ដចំណាយពេលជាមួយប្អូនវ័យក្មេង ហើយចំពោះប៉ាអូឡូ ធម្មតានេះមានន័យថាលេងបាល់ទាត់

ក្រោយពីបានបម្រើជាអ្នកត្រួតពិនិត្យមណ្ឌលបានតែពីរឆ្នាំ យើងបានត្រូវអញ្ជើញឲ្យបម្រើនៅបេតអែលនៅក្រុងរ៉ូម។ ប៉ាអូឡូបានជួយមើលការខុសត្រូវខាងច្បាប់ ហើយខ្ញុំបានត្រូវចាត់ឲ្យធ្វើការនៅផ្នែកទស្សនាវដ្ដី។ ការផ្លាស់ប្ដូរនេះគឺមិនងាយស្រួលទេ ប៉ុន្ដែយើងតាំងចិត្ដស្ដាប់បង្គាប់។ យើងពិតជារំភើបចិត្ដដោយបានឃើញការិយាល័យសាខាបានត្រូវពង្រីកបន្ដិចម្ដងៗ ហើយឃើញមានបងប្អូនរួមជំនឿកាន់តែច្រើនឡើងនៅប្រទេសអ៊ីតាលី។ ក្នុងអំឡុងពេលនោះ សាក្សីព្រះយេហូវ៉ានៅប្រទេសអ៊ីតាលីបានត្រូវគេទទួលស្គាល់តាមច្បាប់។ យើងពិតជាសប្បាយនឹងកិច្ចបម្រើបែបនោះ។

ប៉ាអូឡូចូលចិត្ដការងាររបស់គាត់នៅបេតអែល

ពេលយើងកំពុងបម្រើនៅបេតអែល ជំហររបស់សាក្សីព្រះយេហូវ៉ាដែលមានមូលដ្ឋានលើគម្ពីរស្ដីអំពីឈាមបានត្រូវគេស្គាល់ជាទូទៅនៅប្រទេសអ៊ីតាលី។ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ រឿងក្ដីមួយស្ដីអំពីរឿងនេះធ្វើឲ្យមនុស្សរំជើបរំជួលយ៉ាងខ្លាំង។ គេបានចោទប្រកាន់មិនពិតចំពោះប្ដីប្រពន្ធដែលជាសាក្សីព្រះយេហូវ៉ាថា ពួកគាត់ជាអ្នកបណ្ដាលឲ្យកូនស្រីរបស់ពួកគាត់ស្លាប់ ទោះជាតាមពិតនាងបានស្លាប់ដោយសារជំងឺឈាមធ្ងន់ធ្ងរដែលមនុស្សជាច្រើននាក់នៅតំបន់សមុទ្រមេឌីទែរ៉ានេមាន។ បងប្អូនប្រុសស្រីនៅបេតអែលបានជួយមេធាវីដែលការពារក្ដីឲ្យឪពុកម្ដាយរបស់ក្មេងស្រីនេះ។ កូនសៀវភៅមួយនិងទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) លេខពិសេស បានជួយមនុស្សឲ្យដឹងការពិតនិងឲ្យយល់យ៉ាងត្រឹមត្រូវអំពីអ្វីដែលបណ្ដាំរបស់ព្រះបានចែងស្ដីអំពីឈាម។ ក្នុងអំឡុងប៉ុន្មានខែនោះ ប៉ាអូឡូច្រើនតែធ្វើការដោយឥតឈប់ឈររហូតដល់១៦ម៉ោងក្នុងមួយថ្ងៃ។ ខ្ញុំបានខំអស់ពីសមត្ថភាពដើម្បីគាំទ្រគាត់ ពេលគាត់ខំប្រឹងប្រែងធ្វើកិច្ចការដ៏សំខាន់របស់គាត់។

ការផ្លាស់ប្ដូរផ្សេងទៀតក្នុងជីវិត

ក្រោយពីយើងបានរៀបការអស់២០ឆ្នាំ រឿងមួយដែលយើងមិនបានរំពឹងទុកបានកើតឡើង។ ខ្ញុំមានអាយុ៤១ឆ្នាំ ហើយប៉ាអូឡូអាយុ៤៩ឆ្នាំ ពេលដែលខ្ញុំបានប្រាប់គាត់ថា ខ្ញុំគិតថាខ្ញុំមានផ្ទៃពោះ។ នៅក្នុងសៀវភៅកំណត់ប្រចាំថ្ងៃរបស់គាត់ ខ្ញុំបានឃើញពាក្យទាំងនេះដែលគាត់បានសរសេរនៅថ្ងៃនោះថា«អធិដ្ឋាន: ប្រសិនបើរឿងនេះជាការពិត សូមព្រះជួយយើងឲ្យអាចបន្ដបម្រើលោកក្នុងកិច្ចបម្រើពេញពេល សូមកុំឲ្យយើងទៅជាខ្ជិលក្នុងការគោរពប្រណិប័តន៍លោក ហើយសូមជួយយើងឲ្យធ្វើជាឪពុកម្ដាយដ៏ល្អតាមរយៈគំរូរបស់យើង។ សំខាន់បំផុត សូមជួយខ្ញុំឲ្យអនុវត្ដអ្វីដែលខ្ញុំបានថ្លែងក្នុងសុន្ទរកថារបស់ខ្ញុំជាង៣០ឆ្នាំមកហើយនេះ យ៉ាងហោចណាស់មួយភាគរយ»។ ពេលគិតអំពីលទ្ធផល ព្រះយេហូវ៉ាច្បាស់ជាបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់គាត់និងរបស់ខ្ញុំមែន។

 ក្រោយពីអ៊ីឡារីយ៉ាបានកើតមក ជីវិតរបស់យើងបានផ្លាស់ប្ដូរយ៉ាងខ្លាំង។ បើនិយាយឲ្យត្រង់ទៅ មានពេលខ្លះយើងបានធ្លាក់ទឹកចិត្ដ ដូចសុភាសិត ២៤:១០ដែលចែងថា«បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»។ ប៉ុន្ដែយើងបានគាំទ្រគ្នា ហើយយើងចាំថា ការលើកទឹកចិត្ដគ្នាទៅវិញទៅមកពិតជាសំខាន់ចាំបាច់។

អ៊ីឡារីយ៉ានិយាយដោយឥតស្ទាក់ស្ទើរថា នាងសប្បាយណាស់ដែលនាងមានឪពុកម្ដាយជាសាក្សីព្រះយេហូវ៉ា ដែលជាប់រវល់ក្នុងកិច្ចបម្រើពេញពេល។ នាងមិនធ្លាប់មានអារម្មណ៍ថាឪពុកម្ដាយមិនយកចិត្ដទុកដាក់នឹងនាងឡើយ។ នាងបានធំឡើងក្នុងក្រុមគ្រួសារធម្មតាមួយ។ ពេលថ្ងៃ ខ្ញុំនៅជាមួយនាង។ ពេលប៉ាអូឡូមកផ្ទះវិញពេលល្ងាច គាត់ច្រើនតែមានការងារដែលគាត់ត្រូវបង្ហើយ ប៉ុន្ដែគាត់បានចំណាយពេលជាមួយនាង លេងជាមួយនាង ហើយជួយនាងធ្វើកិច្ចការដែលសាលាដាក់ឲ្យធ្វើ។ គាត់ធ្វើដូច្នេះ ទោះជានេះមានន័យថាគាត់ត្រូវបង្ហើយការងាររបស់គាត់ប្រហែលជារហូតដល់ម៉ោងពីរម៉ោងបីព្រឹកក៏ដោយ។ អ៊ីឡារីយ៉ាច្រើនតែនិយាយថា«ប៉ាជាមិត្ដភក្ដិដ៏ល្អបំផុតរបស់ខ្ញុំ»។

ដូចអ្នកអាចគិតស្មាន យើងត្រូវបង្រៀនគោលការណ៍ជាក់លាក់ម្ដងហើយម្ដងទៀត ហើយជួនកាលយើងត្រូវម៉ឺងម៉ាត់ដើម្បីជួយអ៊ីឡារីយ៉ាឲ្យបន្ដនៅជាប់ក្នុងសេចក្ដីពិត។ ខ្ញុំចាំថាមានពេលមួយនាងបានលេងជាមួយមិត្ដភក្ដិរបស់នាង ប៉ុន្ដែនាងបានប្រព្រឹត្ដមិនសមរម្យ។ យើងបានប្រើគម្ពីរដើម្បីពន្យល់នាងនូវមូលហេតុដែលនាងមិនគួរប្រព្រឹត្ដដូច្នេះ។ យើងក៏បានឲ្យនាងសុំការអភ័យទោសពីមិត្ដភក្ដិរបស់នាងនៅមុខយើង។

អ៊ីឡារីយ៉ាប្រាប់យ៉ាងអស់ពីចិត្ដថា នាងដឹងគុណឪពុកម្ដាយនាង ដោយសារពួកគាត់បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះកិច្ចបម្រើផ្សាយ។ ដោយសារឥឡូវនាងបានរៀបការហើយ នាងយល់ច្បាស់ថែមទៀតថា ការស្ដាប់បង្គាប់ព្រះយេហូវ៉ានិងការធ្វើតាមការណែនាំរបស់លោកពិតជាសំខាន់ចាំបាច់។

នៅតែស្ដាប់បង្គាប់សូម្បីតែនៅពេលមានទុក្ខព្រួយ

នៅឆ្នាំ២០០៨ ប៉ាអូឡូបានដឹងថាគាត់មានជំងឺមហារីក។ មុនដំបូងមើលទៅដូចជាប៉ាអូឡូមិនស្លាប់ដោយសារជំងឺនេះទេ ហើយគាត់បានខំលើកទឹកចិត្ដខ្ញុំយ៉ាងខ្លាំង។ ក្រៅពីស្វែងរកយោបល់ល្អបំផុតស្ដីអំពីវិធីព្យាបាល យើងបានអធិដ្ឋានយ៉ាងយូរទៅព្រះយេហូវ៉ាជាមួយនឹងអ៊ីឡារីយ៉ា ហើយសុំលោកជួយយើងឲ្យអាចស៊ូទ្រាំនឹងអ្វីក៏ដោយដែលអាចកើតឡើងនៅអនាគត។ ប៉ុន្ដែខ្ញុំបានឃើញប្ដីរបស់ខ្ញុំដែលធ្លាប់តែរឹងមាំ ហើយមានកម្លាំងខ្លាំង ចុះខ្សោយបន្ដិចម្ដងៗ។ ការស្លាប់របស់គាត់នៅឆ្នាំ២០១០បានធ្វើឲ្យខ្ញុំមានទុក្ខព្រួយយ៉ាងខ្លាំង។ ប៉ុន្ដែ ខ្ញុំបានទទួលការសម្រាលទុក្ខជាច្រើន ពេលគិតឡើងវិញអំពីអ្វីដែលយើងបានសម្រេចក្នុងអំឡុងពេល៤៥ឆ្នាំជាមួយគ្នា។ យើងបានខំអស់ពីសមត្ថភាពដើម្បីបម្រើព្រះយេហូវ៉ា។ ខ្ញុំដឹងថាអ្វីដែលយើងបានធ្វើនឹងមានប្រយោជន៍ជារៀងរហូត។ ខ្ញុំទន្ទឹងរង់ចាំ ពេលដែលព្រះយេហូវ៉ាប្រោសប៉ាអូឡូឲ្យរស់ឡើងវិញ ស្របតាមប្រសាសន៍របស់លោកយេស៊ូនៅយ៉ូហាន ៥:២៨, ២៩

«ក្នុងចិត្ដខ្ញុំ ខ្ញុំនៅតែ ជាក្មេងស្រីម្នាក់ដែលចូលចិត្ដរឿងរបស់ លោកណូអេយ៉ាងខ្លាំង។ ការតាំងចិត្ដរបស់ខ្ញុំមិនដែលប្រែប្រួលឡើយ»

ក្នុងចិត្ដខ្ញុំ ខ្ញុំនៅតែជាក្មេងស្រីម្នាក់ដែលចូលចិត្ដរឿងរបស់លោកណូអេយ៉ាងខ្លាំង។ ការតាំងចិត្ដរបស់ខ្ញុំមិនដែលប្រែប្រួលឡើយ។ ខ្ញុំចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ាទោះជាលោកសុំឲ្យខ្ញុំធ្វើអ្វីក៏ដោយ។ ខ្ញុំប្រាកដក្នុងចិត្ដថា ទោះជាខ្ញុំជួបប្រទះឧបសគ្គណាក៏ដោយ ត្រូវលះបង់ ឬបាត់បង់អ្វីក៏ដោយ អ្វីទាំងនេះគឺបន្ដិចបន្ដួចទេ បើប្រៀបនឹងពរដ៏អស្ចារ្យដែលព្រះយេហូវ៉ាជាព្រះប្រកបដោយសេចក្ដីស្រឡាញ់ ផ្ដល់ឲ្យខ្ញុំ។ ខ្ញុំបានពិសោធអំពីរឿងនេះដោយផ្ទាល់ ហើយខ្ញុំសូមធានាចំពោះអ្នកថា អ្នកនឹងទទួលពរសមនឹងការលះបង់របស់អ្នក។