លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មនុស្សមួយក្រុមតូចផ្ដល់អាហារដល់មនុស្សជាច្រើននាក់

មនុស្សមួយក្រុមតូចផ្ដល់អាហារដល់មនុស្សជាច្រើននាក់

«ក្រោយនោះ លោក[យេស៊ូ]កាច់នំប៉័ង ចែកឲ្យពួកអ្នកកាន់តាម ហើយពួកគាត់ក៏ចែកឲ្យបណ្ដាជន»។—ម៉ាថ. ១៤:១៩

-. សូមរៀបរាប់អំពីរបៀបលោកយេស៊ូផ្ដល់អាហារដល់បណ្ដាជនមួយក្រុមធំនៅជិតភូមិបេតសេដា។ (សូមមើលរូបភាពនៅដើមអត្ថបទ)។

សូមស្រមៃគិតអំពីទិដ្ឋភាពនេះ។ (សូមអាន ម៉ាថាយ ១៤:១៤-២១) នៅមុនបុណ្យរំលងឆ្នាំ៣២ គ.ស. បណ្ដាជនមួយក្រុមដែលមានបុរសប្រហែលជា៥.០០០នាក់ ដោយមិនរាប់ទាំងស្ដ្រីនិងកូនក្មេង នៅជាមួយលោកយេស៊ូនិងពួកអ្នកកាន់តាមលោក នៅកន្លែងមួយដែលគ្មានមនុស្សរស់នៅ នៅជិតភូមិបេតសេដា ដែលនៅឆ្នេរខាងជើងនៃសមុទ្រកាលីឡេ។

ពេលឃើញបណ្ដាជននោះ លោកយេស៊ូមានចិត្ដក្ដួលអាណិតពួកគេ ដូច្នេះលោកធ្វើឲ្យអ្នកដែលឈឺក្នុងចំណោមពួកគេបានជាសះស្បើយ ហើយបង្រៀនពួកគេនូវអ្វីជាច្រើនអំពីរាជាណាចក្ររបស់ព្រះ។ លុះថ្ងៃកាន់តែជ្រេហើយ ពួកអ្នកកាន់តាមបានតឿនលោកយេស៊ូឲ្យប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញដើម្បីពួកគេអាចទៅភូមិជិតៗ ហើយទិញអាហារសម្រាប់ខ្លួនពួកគេ។ ប៉ុន្ដែលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថា«ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគទៅ»។ ពាក្យរបស់លោកច្បាស់ជាធ្វើឲ្យពួកអ្នកកាន់តាមឆ្ងល់ ដោយសារពួកគេមានម្ហូបអាហារតែបន្ដិចបន្ដួចទេ ពោលគឺនំប៉័ងប្រាំដុំនិងត្រីតូចពីរកន្ទុយ។

ចិត្ដអាណិតអាសូរបានជំរុញលោកយេស៊ូឲ្យធ្វើការអស្ចារ្យមួយ ដែលជាការអស្ចារ្យតែមួយគត់ដែលបានត្រូវកត់ទុកដោយអ្នកសរសេរសៀវភៅដំណឹងល្អទាំងបួន។ (ម៉ាក. ៦:៣៥-៤៤; លូក. ៩:១០-១៧; យ៉ូន. ៦:១-១៣) លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅខៀវខ្ចីជាក្រុម៥០នាក់និង១០០នាក់។ បន្ទាប់ពីលោកបានអធិដ្ឋាន លោកចាប់ផ្ដើមកាច់នំប៉័ងនិងត្រី។ បន្ទាប់មក ជាជាងឲ្យអាហារដោយផ្ទាល់ដល់បណ្ដាជន លោកយេស៊ូចែក«ឲ្យពួកអ្នកកាន់តាម ហើយពួកគាត់ក៏ចែកឲ្យបណ្ដាជន»។ តាមរយៈការអស្ចារ្យនេះ មានអាហារលើសពីសេចក្ដីត្រូវការរបស់បណ្ដាជនទៅទៀត! សូមគិតអំពីរឿងនេះ: លោកយេស៊ូបានឲ្យអាហារដល់មនុស្សរាប់ពាន់នាក់តាមរយៈមនុស្សមួយក្រុមតូច ពោលគឺតាមរយៈពួកអ្នកកាន់តាមលោក។ *

. () តើលោកយេស៊ូរឹតតែចាត់ទុកការផ្ដល់អាហារបែបណាដល់អ្នកកាន់តាមលោកថាសំខាន់ជាងទៅទៀត ហើយហេតុអ្វី? () តើយើងនឹងពិភាក្សាអំពីអ្វីក្នុងអត្ថបទសិក្សានេះនិងក្នុងអត្ថបទសិក្សាបន្ទាប់?

 លោកយេស៊ូរឹតតែចាត់ទុកការផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់អ្នក កាន់តាមលោកថាសំខាន់ជាងទៅទៀត។ លោកដឹងថា ការទទួលយកសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះអាចនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូន. ៦:២៦, ២៧; ១៧:៣) ចិត្ដអាណិតអាសូរដូចគ្នានេះដែលបានជំរុញលោកយេស៊ូឲ្យផ្ដល់នំប៉័ងនិងត្រីដល់បណ្ដាជន បានជំរុញលោកឲ្យចំណាយពេលរាប់ម៉ោងដើម្បីបង្រៀនពួកអ្នកកាន់តាមលោកដោយផ្ទាល់។ (ម៉ាក. ៦:៣៤) ប៉ុន្ដែលោកដឹងថាពេលវេលារបស់លោកនៅផែនដីគឺនៅមិនយូរទៀតទេ ហើយថាលោកនឹងត្រឡប់ទៅស្ថានសួគ៌វិញ។ (ម៉ាថ. ១៦:២១; យ៉ូន. ១៤:១២) ពេលលោកយេស៊ូនៅស្ថានសួគ៌ តើលោកបន្ដផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់ពួកអ្នកកាន់តាមលោកយ៉ាងដូចម្ដេច? លោកនឹងធ្វើតាមគំរូដែលស្រដៀងគ្នានេះ ពោលគឺលោកនឹងផ្ដល់អាហារដល់មនុស្សជាច្រើនតាមរយៈមនុស្សមួយក្រុមតូច។ ប៉ុន្ដែតើអ្នកណាជាមនុស្សមួយក្រុមតូចនោះ? សូមយើងពិចារណាអំពីរបៀបដែលលោកយេស៊ូប្រើមនុស្សមួយក្រុមតូចដើម្បីផ្ដល់អាហារដល់ពួកអ្នកកាន់តាមលោកជាច្រើននាក់ ដែលព្រះបានរើសតាំងនៅសតវត្សរ៍ទី១។ បន្ទាប់មក នៅអត្ថបទបន្ទាប់យើងនឹងពិភាក្សាសំណួរមួយដែលសំខាន់ចាំបាច់សម្រាប់យើងម្នាក់គឺ តើតាមរបៀបណាយើងអាចដឹងថាអ្នកណាជាមនុស្សមួយក្រុមតូចដែលលោកយេស៊ូបានប្រើដើម្បីផ្ដល់អាហារដល់យើងនៅសព្វថ្ងៃនេះ?

មនុស្សមួយក្រុមតូចបានផ្ដល់អាហារដល់មនុស្សរាប់ពាន់នាក់ (សូមមើល វគ្គ)

លោកយេស៊ូជ្រើសរើសមនុស្សមួយក្រុមតូច

៥, ៦. () តើលោកយេស៊ូបានធ្វើការសម្រេចចិត្ដដ៏សំខាន់អ្វី ដើម្បីធ្វើឲ្យប្រាកដថាពួកអ្នកកាន់តាមលោកនៅតែអាចទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារក្រោយពីលោកស្លាប់? () តើតាមរបៀបណាលោកយេស៊ូបានរៀបចំពួកសាវ័ករបស់លោកដើម្បីបំពេញភារកិច្ចសំខាន់មួយក្រោយពីលោកទទួលមរណភាព?

មេគ្រួសារដែលចេះទទួលខុសត្រូវធ្វើការរៀបចំខ្លះដើម្បីឲ្យគ្រួសាររបស់គាត់នៅតែអាចចិញ្ចឹមជីវិតបានល្អក្នុងករណីដែលគាត់ស្លាប់។ ស្រដៀងគ្នាដែរ លោកយេស៊ូដែលនឹងក្លាយជាប្រមុខនៃក្រុមជំនុំគ្រិស្ដសាសនិក បានធ្វើការរៀបចំខ្លះដើម្បីធ្វើឲ្យប្រាកដថាអ្នកកាន់តាមលោកនឹងនៅតែទទួលការថែរក្សាយ៉ាងល្អខាងការគោរពប្រណិប័តន៍ព្រះ ក្រោយលោកទទួលមរណភាព។ (អេភ. ១:២២) ជាឧទាហរណ៍ ប្រហែលជាពីរឆ្នាំមុនលោកទទួលមរណភាព លោកបានធ្វើការសម្រេចចិត្ដដ៏សំខាន់មួយ។ លោកបានជ្រើសរើសមនុស្សមួយក្រុមតូចដំបូងដែលក្រោយមកលោកនឹងផ្ដល់អាហារដល់មនុស្សជាច្រើនតាមរយៈពួកគេ។ សូមពិចារណាអំពីអ្វីដែលបានកើតឡើង។

ក្រោយពីអធិដ្ឋានពេញមួយយប់ លោកយេស៊ូបានប្រមូលពួកអ្នកកាន់តាមលោក ហើយលោកបានជ្រើសរើសសាវ័ក១២នាក់ពីក្នុងចំណោមពួកគាត់។ (លូក. ៦:១២-១៦) អស់រយៈពេលពីរឆ្នាំក្រោយមក លោកមានភាពជិតស្និទ្ធជាពិសេសជាមួយសាវ័ក១២នាក់ ដោយបង្រៀនពួកគាត់តាមរយៈពាក្យសម្ដីនិងគំរូរបស់លោក។ លោកបានដឹងថាពួកគាត់មានអ្វីជាច្រើនដែលត្រូវរៀន តាមការពិតពួកគាត់នៅតែបានត្រូវហៅថា«អ្នកកាន់តាម»។ (ម៉ាថ. ១១:១; ២០:១៧) លោកយេស៊ូបានឲ្យឱវាទដែលមានប្រយោជន៍ដល់ពួកគាត់ម្នាក់ៗ ហើយបានផ្ដល់ការបង្ហាត់បង្រៀនជាច្រើនក្នុងកិច្ចបម្រើផ្សាយ។ (ម៉ាថ. ១០:១-៤២; ២០:២០-២៣; លូក. ៨:១; ៩:៥២-៥៥) តាមមើលទៅ លោកបានរៀបចំឲ្យពួកគាត់បំពេញភារកិច្ចសំខាន់មួយក្រោយពីលោកទទួលមរណភាព ហើយត្រឡប់ទៅស្ថានសួគ៌វិញ។

. តើតាមរបៀបណាលោកយេស៊ូបានផ្ដល់តម្រុយមួយ អំពីអ្វីដែលពួកសាវ័ករបស់លោកនឹងចាត់ទុកថាសំខាន់បំផុត?

តើពួកសាវ័កត្រូវមានភារកិច្ចអ្វី? កាលដែលបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ជិតមកដល់ យើងអាចឃើញច្បាស់ថាពួកសាវ័កនឹងបម្រើក្នុង«មុខងារជាអ្នកត្រួតពិនិត្យ»។ (សកម្ម. ១:២០) ប៉ុន្ដែ តើពួកគាត់ត្រូវចាត់ទុកអ្វីថាសំខាន់បំផុត? ក្នុងការសន្ទនារវាងសាវ័កពេត្រុសនិងលោកយេស៊ូ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ នោះលោកយេស៊ូបានផ្ដល់តម្រុយមួយ។ (សូមអាន យ៉ូហាន ២១:១, ២, ១៥-១៧) នៅមុខសាវ័កទៀត លោកយេស៊ូបានប្រាប់ពេត្រុសថា«ចូរឲ្យចំណីដល់ចៀមតូចរបស់ខ្ញុំ»។ ដោយមានប្រសាសន៍ដូច្នេះ លោកយេស៊ូបានបញ្ជាក់ថាពួកសាវ័ករបស់លោកនឹងនៅក្នុងចំណោមមនុស្សមួយក្រុមតូច ដែលលោកនឹងប្រើដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់មនុស្សជាច្រើន។ ប្រសាសន៍របស់លោកយេស៊ូបញ្ជាក់ថាលោកមានអារម្មណ៍យ៉ាងណាចំពោះ«ចៀមតូច»របស់លោក ហើយនេះពិតជាធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅនៅក្នុងចិត្ដមែន! *

ការផ្ដល់អាហារដល់មនុស្សជាច្រើននាក់ ចាប់តាំងពីបុណ្យថ្ងៃទី៥០មក

. តើតាមរបៀបណាពួកអ្នកជឿថ្មីនៅបុណ្យថ្ងៃទី៥០ បង្ហាញថាពួកគេទទួលស្គាល់យ៉ាងច្បាស់នូវខ្សែរយៈដែលគ្រិស្ដកំពុងប្រើ?

ចាប់តាំងពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. គ្រិស្ដដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ បានប្រើសាវ័ករបស់លោកជាខ្សែរយៈដើម្បីផ្ដល់អាហារដល់ពួកអ្នកកាន់តាមទៀតរបស់លោកដែលព្រះបានរើសតាំង។  (សូមអាន សកម្មភាព ២:៤១, ៤២) ជនជាតិយូដានិងពួកអ្នកដូរសាសនាដែលបានក្លាយជាគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធនៅថ្ងៃនោះ បានទទួលស្គាល់យ៉ាងច្បាស់នូវខ្សែរយៈនេះ។ ពួកគេ«បន្ដប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក»ដោយឥតស្ទាក់ស្ទើរ។ យោងទៅតាមបណ្ឌិតម្នាក់ កិរិយាស័ព្ទភាសាក្រិចដែលបានត្រូវបកប្រែថា«បន្ដប្រុងស្ដាប់»អាចមានន័យថា«ផ្ចង់ចិត្ដផ្ដោតអារម្មណ៍ទៅលើកិច្ចការអ្វីមួយ»។ ពួកអ្នកជឿថ្មីទាំងនោះត្រូវការយ៉ាងខ្លាំងនូវសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ហើយពួកគេបានដឹងយ៉ាងច្បាស់ថាពួកគេអាចទទួលសេចក្ដីបង្រៀននោះពីកន្លែងណា។ ដោយមានភក្ដីភាពមិនរង្គោះរង្គើ ពួកគេបានសុំពួកសាវ័កពន្យល់អំពីពាក្យនិងការប្រព្រឹត្ដរបស់លោកយេស៊ូ ហើយបំភ្លឺអំពីអត្ថន័យនៃបទគម្ពីរផ្សេងដែលសំដៅលើលោកយេស៊ូ។ *សកម្ម. ២:២២-៣៦

. តើពួកសាវ័កបង្ហាញថាពួកគាត់ប្រមូលអារម្មណ៍ទៅលើភារកិច្ចរបស់ពួកគាត់ក្នុងការផ្ដល់អាហារដល់ចៀមរបស់លោកយេស៊ូយ៉ាងដូចម្ដេច?

ពួកសាវ័កបានផ្ដោតអារម្មណ៍ទៅលើការផ្ដល់អាហារដល់ចៀមរបស់លោកយេស៊ូ។ ជាឧទាហរណ៍ សូមកត់សម្គាល់អំពីរបៀបដែលពួកគេបានដោះស្រាយបញ្ហាមួយដែលធ្វើឲ្យបងប្អូនតូចចិត្ដ ហើយអាចបណ្ដាលឲ្យបែកបាក់សាមគ្គីគ្នា ដែលបានកើតឡើងក្នុងក្រុមជំនុំដែលទើបតែបង្កើតឡើង។ បញ្ហានោះគឺជាប់ទាក់ទងនឹងអាហារពិតប្រាកដ។ ស្ដ្រីមេម៉ាយដែលនិយាយភាសាហេប្រឺបានត្រូវគេយកចិត្ដទុកដាក់ពេលចែកចាយអាហាររាល់ថ្ងៃ ប៉ុន្ដែគេមិនបានយកចិត្ដទុកដាក់នឹងស្ដ្រីមេម៉ាយដែលនិយាយភាសាក្រិចទេ។ តើពួកសាវ័កបានដោះស្រាយបញ្ហាដ៏ចម្រូងចម្រាសនេះយ៉ាងដូចម្ដេច? «សាវ័កទាំងដប់ពីរនាក់»បានតែងតាំងបងប្អូននាក់ដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីត្រួតពិនិត្យ«កិច្ចការដ៏ចាំបាច់នោះ» ពោលគឺការចែកចាយអាហារ។ ពួកសាវ័កដែលភាគច្រើនច្បាស់ជាធ្លាប់បានចែកអាហារដល់បណ្ដាជន ពេលដែលលោកយេស៊ូបានធ្វើការអស្ចារ្យដើម្បីផ្ដល់អាហារ បានដឹងថាការប្រមូលអារម្មណ៍លើការផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារគឺសំខាន់ជាងនោះទៅទៀត។ ដូច្នេះ ពួកគាត់បានព្យាយាមក្នុង«កិច្ចបម្រើដែលទាក់ទងនឹងបណ្ដាំរបស់ព្រះ»។—សកម្ម. ៦:១-

១០. តើគ្រិស្ដបានប្រើពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិមយ៉ាងដូចម្ដេច?

១០ នៅឆ្នាំ៤៩ គ.ស. ពួកអ្នកចាស់ទុំមួយចំនួនដែលមានលក្ខណៈគ្រប់គ្រាន់ បានចូលរួមជាមួយពួកសាវ័កដែលនៅមានជីវិតរស់នៅ។ (សូមអាន សកម្មភាព ១៥:១, ២) «ពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម»បានបម្រើជាគណៈអភិបាល។ ក្នុងនាមជាប្រមុខនៃក្រុមជំនុំ គ្រិស្ដបានប្រើក្រុមតូចនេះនៃពួកបុរសដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងសេចក្ដីបង្រៀន ដើម្បីត្រួតពិនិត្យ ដឹកនាំការផ្សព្វផ្សាយ និងការបង្រៀនអំពីដំណឹងល្អនៃរាជាណាចក្រ។—សកម្ម. ១៥:៦-២៩; ២១:១៧-១៩; កូឡ. ១:១៨

១១, ១២. () តើអ្វីបង្ហាញថាព្រះយេហូវ៉ាបានផ្ដល់ពរដល់ការរៀបចំដែលបុត្ររបស់លោកបានប្រើដើម្បីផ្ដល់អាហារឲ្យក្រុមជំនុំទាំងឡាយនៅសតវត្សរ៍ទី១? () តើតាមរបៀបណាយើងអាចស្គាល់ច្បាស់នូវខ្សែរយៈដែលគ្រិស្ដបានប្រើដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ?

១១ តើព្រះយេហូវ៉ាបានផ្ដល់ពរទៅលើរបៀបរៀបចំដែលបុត្ររបស់លោកបានប្រើដើម្បីផ្ដល់អាហារដល់ក្រុមជំនុំនានានៅសតវត្សរ៍ទី ទេ? លោកច្បាស់ជាបានផ្ដល់ពរមែន! ហេតុអ្វីយើងអាចប្រាកដថាលោកធ្វើដូច្នេះ? សៀវភៅសកម្មភាពប្រាប់យើងថា«កាលដែលធ្វើដំណើរកាត់ក្រុងនានា ពួកគាត់[សាវ័កប៉ូលនិងមិត្ដរួមដំណើរ]ក៏ប្រាប់ពួកអ្នកដែលនៅទីនោះអំពីបង្គាប់ដែលពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ដើម្បីឲ្យពួកគេកាន់តាម។ ម៉្លោះហើយ ជំនឿរបស់ក្រុមជំនុំនានាបានត្រូវពង្រឹង ហើយក្រុមជំនុំទាំងនោះក៏បានចម្រើនឡើងជារៀងរាល់ថ្ងៃ»។ (សកម្ម. ១៦:៤, ៥) សូមកត់សម្គាល់ថា ក្រុមជំនុំទាំងនោះបានរីកចម្រើន ដោយសារពួកគេសហការយ៉ាងស្មោះត្រង់ជាមួយគណៈអភិបាលនៅក្រុងយេរូសាឡិម។ នេះជាភ័ស្ដុតាងដែលបង្ហាញថា ព្រះយេហូវ៉ាបានឲ្យពរចំពោះការរៀបចំដែលបុត្ររបស់លោកបានប្រើដើម្បីផ្ដល់អាហារដល់ក្រុមជំនុំទាំងឡាយ។ សូមយើងចាំថា ការរីកចម្រើនខាងការគោរពប្រណិប័តន៍ព្រះអាចកើតឡើងគឺដោយសារតែព្រះយេហូវ៉ាបានផ្ដល់ពរជាច្រើន។—សុភ. ១០:២២; ១កូ. ៣:៦, ៧

 ១២ ដូច្នេះរហូតដល់ពេលនេះ យើងបានឃើញច្បាស់ថាលោកយេស៊ូបានធ្វើតាមគំរូមួយ ពេលលោកផ្ដល់អាហារដល់ពួកអ្នកកាន់តាមលោកគឺ លោកប្រើមនុស្សមួយក្រុមតូចដើម្បីផ្ដល់អាហារដល់មនុស្សជាច្រើននាក់។ ខ្សែរយៈដែលលោកបានប្រើដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារគឺច្បាស់លាស់នៅសម័យនោះ ពីព្រោះពួកសាវ័ក ពោលគឺសមាជិកដំបូងនៃគណៈអភិបាលអាចផ្ដល់ភ័ស្ដុតាងដែលបញ្ជាក់ថា ពួកគាត់បានទទួលការគាំទ្រពីស្ថានសួគ៌។ សកម្មភាព ៥:១២ចែងថា«ពួកសាវ័កបន្ដធ្វើសញ្ញាសម្គាល់និងការអស្ចារ្យក្នុងចំណោមបណ្ដាជន»។ * ដូច្នេះ គ្មានមូលហេតុដើម្បីឲ្យពួកអ្នកដែលបានក្លាយជាគ្រិស្ដសាសនិកឆ្ងល់ថា ‹តើអ្នកណាដែលពិតជាពួកអ្នកដែលគ្រិស្ដប្រើដើម្បីផ្ដល់ចំណីដល់ចៀមរបស់លោក?›ឡើយ។ ប៉ុន្ដែនៅចុងសតវត្សរ៍ទី១ ស្ថានភាពបានផ្លាស់ប្ដូរ។

នៅសតវត្សរ៍ទី១ មានភ័ស្ដុតាងដែលបញ្ជាក់ច្បាស់ថា លោកយេស៊ូបានប្រើអ្នកណាឲ្យផ្ដល់អាហារដល់ក្រុមជំនុំ (សូមមើល វគ្គ១២)

រយៈកាលដែលមានស្រងែច្រើន ហើយមានស្រូវសាលីតិច

១៣, ១៤. () តើការវាយប្រហារអ្វី ដែលលោកយេស៊ូបានព្រមាន ហើយតើពាក្យរបស់លោកបានសម្រេចនៅពេលណា? () តើការវាយប្រហារពីមនុស្សពីរក្រុមណាដែលនឹងកើតឡើង? (សូមមើលកំណត់នៅចុងអត្ថបទ)។

១៣ លោកយេស៊ូបានទាយថាក្រុមជំនុំគ្រិស្ដសាសនិកនឹងរងការវាយប្រហារ។ សូមចាំថា ក្នុងឧទាហរណ៍ដែលជាទំនាយមួយរបស់លោកអំពីស្រូវសាលីនិងស្រងែ លោកយេស៊ូបានព្រមានថាវាលស្រូវសាលី (គ្រិស្ដសាសនិកដែលព្រះបានរើសតាំង) ដែលទើបនឹងសាបព្រោះថ្មីនឹងត្រូវគេសាបព្រោះស្រងែ (គ្រិស្ដសាសនិកក្លែងក្លាយ) ពីលើ។ លោកយេស៊ូបានមានប្រសាសន៍ថា ទាំងពីរនឹងទុកឲ្យដុះឡើងជាមួយគ្នា គឺមិនត្រូវប៉ះពាល់រហូតដល់រដូវច្រូតកាត់ ដែលនឹងមកដល់នៅ«ទីបញ្ចប់នៃរបៀបរបបពិភពលោក»។ (ម៉ាថ. ១៣:២៤-៣០, ៣៦-៤៣) មិនយូរប៉ុន្មាន ពាក្យរបស់លោកយេស៊ូបានចាប់ផ្ដើមសម្រេច។ *

១៤ ការក្បត់ជំនឿចាប់ផ្ដើមមានឥទ្ធិពលខ្លះនៅសតវត្សរ៍ទី១ ប៉ុន្ដែសាវ័កស្មោះត្រង់របស់លោកយេស៊ូបានធ្វើ«ជាអ្នកឃាត់ឃាំង» ដោយទប់ស្កាត់មិនឲ្យសេចក្ដីបង្រៀនមិនពិតចូលក្នុងក្រុមជំនុំ ហើយមិនឲ្យក្រុមជំនុំទទួលឥទ្ធិពលពីសេចក្ដីបង្រៀនមិនពិតទាំងនោះ។ (២ថែ. ២:៣, ៦, ៧) ប៉ុន្ដែពេលដែលសាវ័កចុងក្រោយបានស្លាប់ ការក្បត់ជំនឿបានរីកដុះដាល ហើយបានកើនឡើងក្នុងអំឡុងរដូវលូតលាស់ដ៏យូរដែលអូសបន្លាយអស់ជាច្រើនសតវត្សរ៍។ ម្យ៉ាងទៀត ក្នុងអំឡុងពេលនោះ ស្រងែបានមានកាន់តែច្រើនឡើង ហើយស្រូវសាលីមានតិច។ ដូច្នេះមិនមានខ្សែរយៈដែលបានត្រូវរៀបចំឡើងដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារជាទៀងទាត់ទេ។ នៅទីបំផុត ស្ថានភាពនោះនឹងផ្លាស់ប្ដូរ។ ប៉ុន្ដែសំណួរសំខាន់គឺ តើនៅពេលណា?

នៅរដូវច្រូតកាត់ តើអ្នកណានឹងផ្ដល់អាហារ?

១៥, ១៦. ដោយសារនិស្សិតគម្ពីរមានចិត្ដឧស្សាហ៍សិក្សាបទគម្ពីរ តើពួកគាត់បានទទួលលទ្ធផលអ្វី ហើយតើនេះនាំឲ្យមានសំណួរអ្វី?

១៥ កាលដែលរដូវលូតលាស់ជិតចប់ មានមនុស្សចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសេចក្ដីពិតក្នុងគម្ពីរ។ សូមចាំថា នៅទសវត្សរ៍ឆ្នាំ១៨៧០ មនុស្សមួយក្រុមតូចដែលជាអ្នកស្វែងរកសេចក្ដីពិតយ៉ាងស្មោះត្រង់បានជួបជុំគ្នា ហើយបានបង្កើតក្រុមអ្នកសិក្សាគម្ពីរដែលខុសប្លែកពីស្រងែដែលជាគ្រិស្ដសាសនិកក្លែងក្លាយនៅក្នុងពិភពគ្រិស្ដសាសនានិងនិកាយផ្សេងក្នុងពិភពគ្រិស្ដសាសនា។ ពួកគាត់បានដាក់ឈ្មោះខ្លួនថា និស្សិតគម្ពីរ។ ដោយមានចិត្ដរាបទាបនិងមានទស្សនៈទូលំទូលាយ និស្សិតគម្ពីរដែលមានចិត្ដស្មោះទាំងនោះបានអធិដ្ឋាននិងបានស្រាវជ្រាវបទគម្ពីរយ៉ាងហ្មត់ចត់។—ម៉ាថ. ១១:២៥

១៦ ដោយសារនិស្សិតគម្ពីរមានចិត្ដឧស្សាហ៍សិក្សាបទគម្ពីរ ពួកគាត់បានទទួលលទ្ធផលដ៏ល្អប្រសើរ។ បុរសនិងស្ដ្រីដ៏ស្មោះត្រង់ទាំងនោះបានបកអាក្រាតសេចក្ដីបង្រៀនមិនពិត បានផ្សព្វផ្សាយសេចក្ដីពិតពីគម្ពីរ ហើយបានបោះពុម្ពនិងចែកចាយសៀវភៅដែលមានមូលដ្ឋានលើគម្ពីរនៅ កន្លែងឆ្ងាយៗ។ មនុស្សជាច្រើនដែលស្រេកឃ្លានសេចក្ដីពិតពីគម្ពីរបានពេញចិត្ដហើយជឿជាក់ចំពោះកិច្ចការរបស់ពួកគេ។ ដូច្នេះ មានសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយបានលើកឡើងគឺ តើមុនឆ្នាំ១៩១៤ និស្សិតគម្ពីរគឺជាខ្សែរយៈដែលគ្រិស្ដបានតែងតាំង ដើម្បីផ្ដល់អាហារឲ្យចៀមរបស់លោកឬ? មិនមែនទេ។ ពួកគេកំពុងស្ថិតក្នុងរដូវលូតលាស់ ហើយការរៀបចំខ្សែរយៈមួយដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារមិនទាន់លេចចេញជារូបរាងនៅឡើយទេ។ ដូច្នេះគឺមិនទាន់ដល់ពេលញែកពួកគ្រិស្ដសាសនិកដែលមានលក្ខណៈដូចស្រងែចេញពីគ្រិស្ដសាសនិកពិតដែលមានលក្ខណៈដូចស្រូវសាលីទេ។

១៧. តើមានព្រឹត្ដិការណ៍សំខាន់អ្វីខ្លះដែលបានចាប់ផ្ដើមកើតឡើងនៅឆ្នាំ១៩១៤?

១៧ ដូចដែលយើងបានរៀននៅអត្ថបទមុន រដូវច្រូតកាត់បានចាប់ផ្ដើមនៅឆ្នាំ១៩១៤។ នៅឆ្នាំនោះព្រឹត្ដិការណ៍សំខាន់មួយចំនួនបានចាប់ផ្ដើមកើតឡើង។ លោកយេស៊ូបានគ្រប់គ្រងជាស្ដេច ហើយគ្រាចុងក្រោយបង្អស់បានចាប់ផ្ដើម។ (បប. ១១:១៥) ដូច្នេះវិហារក្នុងន័យធៀបត្រូវការយ៉ាងខ្លាំងនូវការត្រួតពិនិត្យនិងការសម្អាត ហើយពីឆ្នាំ១៩១៤រហូតដល់ដើមឆ្នាំ១៩១៩ លោកយេស៊ូបានទៅជាមួយបិតាលោកដើម្បីធ្វើកិច្ចការនេះ។ * (ម៉ាឡ. ៣:១-) ក្រោយមក ចាប់ពីឆ្នាំ១៩១៩ ពេលប្រមូលស្រូវសាលីបានចាប់ផ្ដើម។ នៅទីបំផុត តើនោះជាពេលដែលគ្រិស្ដតែងតាំងខ្សែរយៈមួយដើម្បីចែកចាយសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារឬ? ពិតមែនហើយ!

១៨. តើលោកយេស៊ូបានទាយថា លោកនឹងតែងតាំងអ្វី ហើយកាលដែលគ្រាចុងក្រោយបង្អស់បានចាប់ផ្ដើមហើយ តើអ្វីជាសំណួរសំខាន់?

១៨ នៅក្នុងទំនាយរបស់លោកយេស៊ូអំពីគ្រាចុងក្រោយបង្អស់ លោកបានទាយថា លោកនឹងតែងតាំងខ្សែរយៈមួយដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជា‹អាហារតាមត្រូវពេល›។ (ម៉ាថ. ២៤:៤៥-៤៧) តើខ្សែរយៈមួយណាដែលលោកនឹងប្រើ? ស្របតាមគំរូដែលលោកបានទុកនៅសតវត្សរ៍ទី១ លោកយេស៊ូនឹងផ្ដល់អាហារឲ្យមនុស្សជាច្រើននាក់តាមរយៈមនុស្សមួយក្រុមតូចម្ដងទៀត។ ប៉ុន្ដែកាលដែលគ្រាចុងក្រោយបង្អស់បានចាប់ផ្ដើមហើយ សំណួរសំខាន់គឺ តើអ្នកណានឹងជាមនុស្សមួយក្រុមតូចនោះ? សំណួរនេះនឹងសំណួរទៀតស្ដីអំពីទំនាយរបស់លោកយេស៊ូនឹងត្រូវពិភាក្សានៅអត្ថបទបន្ទាប់។

 

^ ???? 3 វគ្គ៣: នៅគ្រាមួយផ្សេងទៀត លោកយេស៊ូបានធ្វើការអស្ចារ្យដើម្បីផ្ដល់អាហារឲ្យបុរស៤.០០០នាក់ ដោយមិនរាប់ទាំងស្ដ្រីនិងកូនក្មេង ម្ដងនេះទៀតលោកបានឲ្យអាហារដល់«អ្នកកាន់តាម។ បន្ទាប់មក អ្នកកាន់តាមក៏ចែកដល់បណ្ដាជន»។—ម៉ាថ. ១៥:៣២-៣៨

^ ???? 7 វគ្គ៧: ក្នុងជីវិតរបស់ពេត្រុស «ចៀមតូច»ទាំងអស់ដែលបានទទួលអាហារ មានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។

^ ???? 8 វគ្គ៨: ដោយសារអ្នកជឿថ្មី«បន្ដប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក» នេះបញ្ជាក់យ៉ាងច្បាស់ថាពួកសាវ័កកំពុងបង្រៀនពួកគេជាទៀងទាត់។ សេចក្ដីបង្រៀនខ្លះរបស់ពួកសាវ័កបានត្រូវកត់ទុកជាអចិន្ត្រៃយ៍នៅក្នុងសៀវភៅដែលព្រះបានដឹកនាំឲ្យសរសេរ ដែលឥឡូវនេះជាផ្នែកមួយនៃបទគម្ពីរគ្រិស្ដសាសនិកជាភាសាក្រិច។

^ ???? 12 វគ្គ១២: ពិតមែនតែអ្នកទៀតក្រៅពីពួកសាវ័កបានទទួលអំណោយដែលជាសមត្ថភាពធ្វើការអស្ចារ្យពីសកម្មពលរបស់ព្រះ ប៉ុន្ដែតាមមើលទៅក្នុងករណីភាគច្រើន អំណោយដែលជាសមត្ថភាពធ្វើការអស្ចារ្យនោះបានត្រូវផ្ដល់ឲ្យអ្នកទាំងនោះតាមរយៈសាវ័កម្នាក់ ឬនៅចំពោះមុខសាវ័កម្នាក់។—សកម្ម. ៨:១៤-១៨; ១០:៤៤,៤៥

^ ???? 13 វគ្គ១៣: ពាក្យរបស់សាវ័កប៉ូលនៅសៀវភៅសកម្មភាព ២០:២៩, ៣០ បង្ហាញថាក្រុមជំនុំនឹងរងការវាយប្រហារពីមនុស្សពីរក្រុម។ ទី១ គ្រិស្ដសាសនិកក្លែងក្លាយ («ស្រងែ») នឹង«ចូលមកក្នុងចំណោម»គ្រិស្ដសាសនិកពិត។ ទី«ពីក្នុងចំណោម»គ្រិស្ដសាសនិកពិត អ្នកខ្លះនឹងទៅជាអ្នកក្បត់ជំនឿ ដោយនិយាយ«បង្ខុសសេចក្ដីពិត»។

^ ???? 17 វគ្គ១៧: សូមមើលអត្ថបទក្រោមចំណងជើងថា «មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ»ក្នុងលេខនេះ ទំព័រ១១ វគ្គ