លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការធ្វើជាអ្នកត្រួសត្រាយពង្រឹងចំណងមិត្ដភាពរវាងយើងនិងព្រះ

ការធ្វើជាអ្នកត្រួសត្រាយពង្រឹងចំណងមិត្ដភាពរវាងយើងនិងព្រះ

«ការដែលច្រៀងសរសើរដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ»។—ទំនុក. ១៤៧:១

១, ២. () តើការគិតនិងការនិយាយអំពីបុគ្គលជាទីស្រឡាញ់របស់យើងអាចនាំឲ្យមានលទ្ធផលអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)។ () តើយើងនឹងពិចារណាអំពីសំណួរអ្វីខ្លះ?

ការគិតនិងការនិយាយអំពីបុគ្គលជាទីស្រឡាញ់របស់យើងអាចពង្រឹងចំណងមិត្ដភាពរវាងយើងនិងគាត់។ ចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ាក៏ដូច្នេះដែរ។ ក្នុងនាមជាគង្វាល ជាច្រើនយប់ដាវីឌចំណាយពេលសម្លឹងមើលទៅផ្ទៃមេឃដែលពោរពេញទៅដោយដួងតារា ហើយរំពឹងគិតអំពីព្រះដែលជាអ្នកបង្កើតអ្វីទាំងនោះ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។ គាត់បានសរសេរថា«កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្ដទ្រង់បានធ្វើ គឺទាំងខែ នឹងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ?»។ (ទំនុក. ៨:៣, ៤) បន្ទាប់ពីបានពិចារណាអំពីរបៀបដ៏អស្ចារ្យដែលព្រះយេហូវ៉ាសម្រេចគោលបំណងរបស់លោកចំពោះអ៊ីស្រាអែលនៃព្រះ សាវ័កប៉ូលបានលាន់មាត់ថា«ពរ ប្រាជ្ញា និងចំណេះរបស់ព្រះគឺបរិបូរណាស់ហ្ន៎!»។—រ៉ូម ១១:១៧-២៦, ៣៣

ពេលយើងចូលរួមក្នុងកិច្ចផ្សព្វផ្សាយ យើងគិតនិងនិយាយអំពីព្រះយេហូវ៉ា។ ការធ្វើដូច្នេះនាំឲ្យមានលទ្ធផលល្អ។ បងប្អូនជាច្រើននាក់ដែលអាចបម្រើពេញពេលបានឃើញថា ពរមួយដែលពួកគាត់ទទួលពីការចូលរួមកាន់តែច្រើនក្នុងកិច្ចបម្រើរាជាណាចក្រ គឺពួកគាត់មានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងចំពោះព្រះ។ ទោះជាអ្នកកំពុងបំពេញកិច្ចបម្រើពេញពេលកំពុងខំប្រឹងដើម្បីសម្រេចគោលដៅនោះក៏ដោយ សូមពិចារណាអំពីសំណួរនេះ: តើតាមរបៀបណាកិច្ចបម្រើពេញពេលពង្រឹងចំណងមិត្ដភាពរវាងអ្នកនិងព្រះយេហូវ៉ា? ប្រសិនបើអ្នកជាអ្នកត្រួសត្រាយ សូមសួរខ្លួនអ្នកថា ‹តើអ្វីនឹងជួយខ្ញុំឲ្យបន្ដក្នុងកិច្ចបម្រើនេះដែលនាំឲ្យទទួលពរ?›។ ប្រសិនបើអ្នកមិនទាន់ធ្វើជាអ្នកត្រួសត្រាយនៅឡើយទេ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំអាចកែប្រែអ្វីខ្លះដើម្បីចាប់ផ្ដើមត្រួសត្រាយ?›។ យើងនឹងពិចារណាអំពីរបៀបផ្សេងដែលកិច្ចបម្រើពេញពេលអាចពង្រឹងចំណងមិត្ដភាពរវាងយើងនិងព្រះ។

 កិច្ចបម្រើពេញពេល និងចំណងមិត្ដភាពរវាងយើងនិងព្រះ

. ក្នុងកិច្ចបម្រើផ្សាយ តើការនិយាយអំពីពរដែលរាជាណាចក្រព្រះនឹងផ្ដល់ឲ្យនៅពេលអនាគត មានឥទ្ធិពលយ៉ាងណាមកលើយើង?

ការពិភាក្សាជាមួយអ្នកទៀតអំពីពរដែលរាជាណាចក្រព្រះនឹងផ្ដល់ឲ្យនៅពេលអនាគត នាំឲ្យយើងកាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ា។ តើអ្នកចូលចិត្ដប្រើបទគម្ពីរមួយណាពេលអ្នកផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ? បទគម្ពីរដែលអ្នកចូលចិត្ដជាងគេប្រហែលជាទំនុកតម្កើង ៣៧:១០, ១១; ដានីយ៉ែល ២:៤៤; យ៉ូហាន ៥:២៨, ២៩; ឬការបើកបង្ហាញ ២១:៣, ៤មែនទេ? រាល់លើកដែលយើងពិភាក្សាសេចក្ដីសន្យាបែបនេះជាមួយអ្នកទៀត នេះរំលឹកយើងថា ព្រះរបស់យើងដែលមានចិត្ដទូលាយ ពិតជាអ្នកដែលផ្ដល់«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ»មែន។ នេះនាំឲ្យយើងកាន់តែចូលទៅជិតលោក។—យ៉ា. ១:១៧

. ហេតុអ្វីយើងកាន់តែដឹងគុណចំពោះគុណធម៌របស់ព្រះ ពេលយើងឃើញស្ថានភាពមិនល្អរបស់អ្នកទៀត?

ពេលយើងឃើញមនុស្សជាច្រើនគ្មានសុភមង្គលហើយគ្មានទីពឹង នេះជួយយើងឲ្យតម្លៃថែមទៀតចំពោះសេចក្ដីពិត។ មនុស្សក្នុងពិភពលោកនេះគ្មានការណែនាំដែលអាចទុកចិត្ដបានដើម្បីជួយពួកគេឲ្យបានជោគជ័យ ហើយមានសុភមង្គលទេ។ មនុស្សភាគច្រើនបារម្ភអំពីអនាគត ហើយគ្មានសេចក្ដីសង្ឃឹមឡើយ។ ពួកគេស្វែងរកអត្ថន័យនៃជីវិត។ សូម្បីតែមនុស្សភាគច្រើនដែលមានជំនឿសាសនាក៏ដោយ ពួកគេមានចំណេះបន្ដិចបន្ដួចអំពីបទគម្ពីរ។ ពួកគេស្រដៀងគ្នាណាស់នឹងមនុស្សនៅក្រុងនីនីវេសម័យបុរាណ។ (សូមអាន យ៉ូណាស ៤:១១) ពេលយើងចូលរួមក្នុងកិច្ចផ្សព្វផ្សាយកាន់តែច្រើន យើងឃើញកាន់តែច្បាស់ថាស្ថានភាពរាស្ដ្រព្រះយេហូវ៉ានិងមនុស្សដែលយើងផ្សព្វផ្សាយគឺខុសគ្នាឆ្ងាយណាស់។ (អេ. ៦៥:១៣) យើងបានត្រូវរំលឹកអំពីគុណធម៌របស់ព្រះយេហូវ៉ា ដោយសារលោកមិនត្រឹមតែផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការខាងការគោរពប្រណិប័តន៍លោកប៉ុណ្ណោះទេ លោកបានអញ្ជើញយើងទាំងអស់គ្នាឲ្យទទួលកម្លាំងចិត្ដឡើងវិញក្នុងកិច្ចបម្រើនិងមានសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ។—បប. ២២:១៧

. តើការជួយអ្នកទៀតឲ្យមានចំណងមិត្ដភាពជាមួយព្រះ នាំឲ្យយើងមានអារម្មណ៍យ៉ាងណាចំពោះបញ្ហារបស់យើង?

ការជួយអ្នកទៀតឲ្យមានចំណងមិត្ដភាពជាមួយព្រះជួយយើងកុំឲ្យខ្វល់ខ្វាយហួសហេតុពេកអំពីបញ្ហារបស់យើង។ ទ្រីសឺដែលជាអ្នកត្រួសត្រាយពេញពេល បានឃើញថានេះជាការពិតពេលឪពុកម្ដាយរបស់នាងលែងលះគ្នា។ នាងនិយាយថា«នេះពិតជារឿងដែលធ្វើឲ្យខ្ញុំពិបាកខាងផ្លូវចិត្ដយ៉ាងខ្លាំងក្នុងជីវិតរបស់ខ្ញុំ»។ ថ្ងៃមួយពេលដែលនាងពិបាកចិត្ដយ៉ាងខ្លាំង ហើយមានអារម្មណ៍ថាចង់នៅផ្ទះ នាងនៅតែបានចេញទៅបង្រៀនគម្ពីរដល់ក្មេងបីនាក់ ដែលមានស្ថានភាពពិបាកយ៉ាងខ្លាំងក្នុងក្រុមគ្រួសារ។ ឪពុករបស់ពួកគេបានបោះបង់ចោលពួកគេ ហើយបងប្រុសរបស់ពួកគេបានធ្វើបាបពួកគេ។ ទ្រីសឺនិយាយថា«ការឈឺចិត្ដនិងបញ្ហាទាំងអស់ដែលខ្ញុំកំពុងជួបប្រទះ គឺមិនស្មើនឹងបញ្ហាដែលពួកគេជួបនោះទេ។ ពេលយើងសិក្សា ពួកគេសប្បាយរីករាយ ហើយសើចក្អឹកដោយរំភើបចិត្ដ និងដោយអំណរ។ ក្មេងទាំងនេះគឺជាអំណោយពីព្រះយេហូវ៉ា ជាពិសេសនៅថ្ងៃនោះ»។

៦, ៧. () ពេលយើងបង្រៀនសេចក្ដីពិតក្នុងគម្ពីរ តើនេះពង្រឹងជំនឿរបស់យើងយ៉ាងដូចម្ដេច? () តើយើងមានអារម្មណ៍យ៉ាងណា ពេលយើងឃើញសិស្សគម្ពីរធ្វើឲ្យជីវិតរបស់ពួកគេប្រសើរជាងដោយធ្វើតាមគោលការណ៍គម្ពីរ?

ការបង្រៀនសេចក្ដីពិតក្នុងគម្ពីរ ពង្រឹងជំនឿរបស់យើង។ ចំពោះជនជាតិយូដានៅសម័យសាវ័កប៉ូលដែលមិនបានប្រព្រឹត្ដតាមអ្វីដែលពួកគេបានបង្រៀន ប៉ូលបានសរសេរថា«អ្នកវិញ ដែលបង្រៀនអ្នកទៀត តើអ្នកមិនបង្រៀនខ្លួនទេឬ?»។ (រ៉ូម ២:២១) អ្នកត្រួសត្រាយសព្វថ្ងៃនេះពិតជាខុសពីពួកគេឆ្ងាយណាស់! ជាទូទៅពួកគេមានឱកាសជាច្រើនដើម្បីបង្រៀនសេចក្ដីពិតដល់អ្នកទៀត ហើយដឹកនាំការសិក្សាគម្ពីរ។ ដើម្បីធ្វើដូច្នេះដោយមានប្រសិទ្ធភាព ពួកគេត្រូវរៀបចំសម្រាប់ការសិក្សានីមួយៗ ហើយពួកគេប្រហែលជាត្រូវស្រាវជ្រាវដើម្បីឆ្លើយសំណួរ។ អ្នកត្រួសត្រាយម្នាក់ឈ្មោះជឺនីនពន្យល់ថា«រាល់លើក ពេលខ្ញុំមានឱកាសបង្រៀនសេចក្ដីពិតដល់អ្នកទៀត ខ្ញុំមានអារម្មណ៍ថាសេចក្ដីពិតទាំងនោះមានឥទ្ធិពលកាន់តែខ្លាំងឡើងលើចិត្ដនិងគំនិតរបស់ខ្ញុំ។ ជាលទ្ធផល ជំនឿរបស់ខ្ញុំមិននៅដដែលទេ ប៉ុន្ដែកាន់តែរឹងមាំ»។

ការឃើញសិស្សគម្ពីរធ្វើឲ្យជីវិតរបស់ពួកគេប្រសើរជាង ដោយធ្វើតាមគោលការណ៍ក្នុងគម្ពីរ នាំឲ្យយើងឲ្យតម្លៃកាន់តែខ្លាំងឡើងចំពោះប្រាជ្ញារបស់ព្រះ។ (អេ. ៤៨:១៧, ១៨) ជាលទ្ធផល នេះជួយយើងតាំងចិត្ដថែមទៀតដើម្បីបន្ដធ្វើតាមគោលការណ៍ទាំងនេះក្នុងជីវិតរបស់យើង។ អ្នកត្រួសត្រាយម្នាក់ទៀតឈ្មោះអេឌ្រីអានណឺ និយាយថា«ជីវិតរបស់មនុស្សអាចពេញទៅដោយបញ្ហា ពេលពួកគេពឹងផ្អែកលើប្រាជ្ញារបស់ខ្លួន។ ប៉ុន្ដែពេលពួកគេចាប់ផ្ដើមទុកចិត្ដលើប្រាជ្ញារបស់ព្រះយេហូវ៉ា ពួកគេទទួលប្រយោជន៍ភ្លាម»។ ស្រដៀងគ្នាដែរ ហ្វៀលនិយាយថា«អ្នកឃើញរបៀបដែលព្រះយេហូវ៉ាអាចកែប្រែមនុស្សដែលមិនអាចកែប្រែជីវិតរបស់ពួកគេបាន»។

. តើការរួមចំណែកជាមួយបងប្អូនប្រុសស្រីក្នុងកិច្ចបម្រើផ្សាយជួយយើងយ៉ាងដូចម្ដេច?

យើងទទួលការលើកទឹកចិត្ដដោយរួមចំណែកជាមួយបងប្អូនប្រុសស្រីក្នុងកិច្ចបម្រើផ្សាយ។ (សុភ. ១៣:២០) អ្នកត្រួសត្រាយភាគច្រើនចំណាយពេលវេលាយ៉ាងច្រើនក្នុងកិច្ចបម្រើផ្សាយជាមួយអ្នកផ្សព្វផ្សាយទៀត។ នេះផ្ដល់ឱកាសថែមទៀតឲ្យ«លើកទឹកចិត្ដគ្នាទៅវិញទៅមក»។ (រ៉ូម ១:១២; សូមអាន សុភាសិត ២៧:១៧) អ្នកត្រួសត្រាយម្នាក់ឈ្មោះលីសានិយាយថា«នៅកន្លែងធ្វើការ មនុស្សច្រើនតែមានចិត្ដគំនិតប្រកួតប្រជែងនិងច្រណែនគ្នា។ រាល់ថ្ងៃអ្នកតែពាក្យនិយាយដើមគេ ហើយពាក្យមិនសមរម្យ។ ពួកគេធ្វើអ្វីទាំងអស់ដើម្បីឈ្នះអ្នកទៀត។ ជួនកាលអ្នកត្រូវគេសើចចំអកដោយសារការប្រព្រឹត្ដរបស់អ្នកជាគ្រិស្ដសាសនិក។ ប៉ុន្ដែការផ្សព្វផ្សាយជាមួយបងប្អូនរួមជំនឿពិតជាពង្រឹងកម្លាំងចិត្ដមែន។ នៅចុងនៃថ្ងៃនោះ ខ្ញុំមានកម្លាំងចិត្ដឡើងវិញពេលត្រឡប់មកផ្ទះវិញ ទោះជាខ្ញុំនឿយហត់យ៉ាងណាក៏ដោយ»។

. តើការធ្វើជាអ្នកត្រួសត្រាយជាមួយគូអាពាហ៍ពិពាហ៍របស់យើងអាចជួយយ៉ាងណាដល់ចំណងអាពាហ៍ពិពាហ៍របស់យើង ដែលប្រៀបដូចជាពួរបីធ្លុង?

ការធ្វើជាអ្នកត្រួសត្រាយជាមួយគូអាពាហ៍ពិពាហ៍របស់យើងពង្រឹងចំណងអាពាហ៍ពិពាហ៍របស់យើង ដែលដូចជាពួរបីធ្លុង។ (សាស្ដា ៤:១២) ម៉ាដឺឡឺនដែលធ្វើជាអ្នកត្រួសត្រាយជាមួយប្ដីរបស់នាងពន្យល់ថា«ប្ដីរបស់ខ្ញុំនិងខ្ញុំអាចចំណាយពេលនិយាយគ្នាអំពីថ្ងៃដែលយើងផ្សព្វផ្សាយចំណុចផ្សេងពីអំណានគម្ពីរដែលយើងអាចអនុវត្ដក្នុងកិច្ចបម្រើផ្សាយ។ រាល់ឆ្នាំដែលយើងត្រួសត្រាយជាមួយគ្នា យើងកាន់តែជិតស្និទ្ធនឹងគ្នា»។ ស្រដៀងគ្នាដែរ ទ្រីសឺនិយាយថា«យើងទាំងពីរនាក់ខំធ្វើយ៉ាងណាកុំឲ្យយើងជំពាក់បំណុលគេ ដូច្នេះយើងមិន ឈ្លោះគ្នាអំពីរឿងលុយឡើយ។ យើងមានកាលវិភាគដូចគ្នាក្នុងកិច្ចបម្រើផ្សាយ ដូច្នេះយើងត្រឡប់ទៅជួបនិងទៅការសិក្សាគម្ពីរនីមួយជាមួយគ្នា នេះជួយយើងឲ្យកាន់តែជិតស្និទ្ធនឹងគ្នាព្រមទាំងជិតស្និទ្ធនឹងព្រះយេហូវ៉ា»។

ការមានសកម្មភាពច្រើនក្នុងកិច្ចបម្រើពេញពេលនាំឲ្យអ្នកមានជីវិតស្កប់ចិត្ដ (សូមមើលវគ្គ)

១០. ពេលយើងចាត់ទុករាជាណាចក្រព្រះជាអាទិភាពក្នុងជីវិត ហើយទទួលការគាំទ្រពីព្រះយេហូវ៉ា តើនេះមានឥទ្ធិពលយ៉ាងណាទៅលើទំនុកចិត្ដរបស់យើងចំពោះលោក?

១០ យើងកាន់តែទុកចិត្ដលើព្រះយេហូវ៉ា កាលដែលយើងចាត់ទុករាជាណាចក្រព្រះជាអាទិភាពក្នុងជីវិត ទទួលការគាំទ្រពីលោក ហើយឃើញលោកឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់យើង។ ពិតមែនតែរឿងនេះបានកើតឡើងដល់គ្រិស្ដសាសនិកស្មោះត្រង់ទាំងអស់ ប៉ុន្ដែអ្នកត្រួសត្រាយដឹងថាពួកគេអាចបន្ដត្រួសត្រាយបានលុះត្រាតែពួកគេទុកចិត្ដលើព្រះយេហូវ៉ា។ (សូមអាន ម៉ាថាយ ៦:៣០-៣៤) ឃឺតដែលជាអ្នកត្រួសត្រាយម្នាក់ ហើយជាអ្នកត្រួតពិនិត្យមណ្ឌលជំនួស បានយល់ព្រមទៅធ្វើទស្សនកិច្ចនៅក្រុមជំនុំមួយដែលមានចម្ងាយពីរម៉ោងកន្លះពីផ្ទះរបស់គាត់។ គាត់និងប្រពន្ធរបស់គាត់ដែលជាអ្នកត្រួសត្រាយផងដែរ មានសាំងក្នុងឡានល្មមនឹងអាចជិះទៅដល់ក្រុមជំនុំនោះ ប៉ុន្ដែពួកគាត់មិនមានសាំងគ្រប់គ្រាន់ដើម្បីត្រឡប់មកវិញឡើយ ហើយទាល់តែមួយអាទិត្យទៀតទើបគាត់អាចទទួលប្រាក់ខែរបស់គាត់។ ឃឺតនិយាយថា«ខ្ញុំបានចាប់ផ្ដើមឆ្ងល់ថាតើខ្ញុំបានសម្រេចចិត្ដត្រឹមត្រូវទេ»។ ក្រោយពីអធិដ្ឋាន ពួកគាត់បានសម្រេចចិត្ដថាពួកគាត់នឹងបំពេញភារកិច្ចនោះ ដោយទុកចិត្ដថាព្រះនឹងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពួកគាត់។ ពេលពួកគាត់ហៀបនឹងចេញទៅ បងស្រីម្នាក់បានទូរស័ព្ទមក ហើយនិយាយថាគាត់មានអំណោយមួយសម្រាប់ពួកគាត់។ អំណោយនោះគឺជាលុយគ្រប់ចំនួនដែលពួកគាត់ត្រូវការដើម្បីធ្វើដំណើរត្រឡប់មកវិញ។ ឃឺតនិយាយថា«ពេលអ្នកមានបទពិសោធន៍បែបនេះម្ដងហើយម្ដងទៀត អ្នកស្រួលឃើញថាព្រះយេហូវ៉ាផ្ដល់ជំនួយពេលអ្នកត្រូវការ»។

១១. តើអ្នកត្រួសត្រាយទទួលពរអ្វីខ្លះ?

១១ មែនហើយ អ្នកត្រួសត្រាយច្រើនតែឃើញថាពេលពួកគាត់បង្កើនកិច្ចបម្រើព្រះយេហូវ៉ា ហើយព្យាយាមមានទំនាក់ទំនងជិតស្និទ្ធនឹងលោក ពួកគាត់នឹងបន្ដទទួលពរដែលប្រៀបដូចជាពរទាំងនោះកំពុង«រត់មករក»ពួកគាត់។ (ចោ. ២៨:២) ប៉ុន្ដែការត្រួសត្រាយក៏នៅតែមានការពិបាកដែរ។ គ្មានអ្នកបម្រើណាម្នាក់របស់ព្រះរួចផុតពីបញ្ហាដែលបណ្ដាលមកពីការបះបោរប្រឆាំងរបស់អាដាមឡើយ។ ទោះជាអ្នកត្រួសត្រាយខ្លះត្រូវផ្អាកកិច្ចបម្រើរបស់ពួកគេអស់មួយរយៈពេលដោយសារពួកគេមានបញ្ហាក៏ដោយ បញ្ហាទាំងនេះច្រើនតែអាចដោះស្រាយបានអាចជៀសវាងបាន។ តើអ្វីអាចជួយអ្នកត្រួសត្រាយឲ្យបន្ដសប្បាយនឹងឯកសិទ្ធិរបស់ពួកគេក្នុងកិច្ចបម្រើ?

ចូរបន្ដក្នុងកិច្ចបម្រើពេញពេល

១២, ១៣. () តើអ្នកត្រួសត្រាយត្រូវធ្វើអ្វីប្រសិនបើគាត់ពិបាកបំពេញចំនួនម៉ោងរបស់គាត់? () ហេតុអ្វីការមានកាលវិភាគក្នុងការអានគម្ពីរជារៀងរាល់ថ្ងៃ ការសិក្សាផ្ទាល់ខ្លួននិងការរំពឹងគិតជាអ្វីដែលសំខាន់ម៉្លេះ?

១២ អ្នកត្រួសត្រាយភាគច្រើនគឺជាប់រវល់យ៉ាងខ្លាំង។ ការសម្រេចកិច្ចការទាំងអស់អាចជាការពិបាក ដូច្នេះការចេះចាត់ចែងកិច្ចការរបស់យើងឲ្យបានល្អគឺជាការសំខាន់។ (១កូ. ១៤:៣៣, ៤០) ប្រសិនបើអ្នកត្រួសត្រាយម្នាក់ពិបាកបំពេញចំនួនម៉ោងដែលបានកំណត់ គាត់ប្រហែលជាត្រូវពិចារណាឡើងវិញអំពីរបៀបដែលគាត់ប្រើពេលវេលារបស់ខ្លួន។ (អេភ. ៥:១៥, ១៦) គាត់អាចសួរខ្លួនថា ‹តើខ្ញុំចំណាយពេលច្រើនប៉ុន្មានទៅលើការកម្សាន្ដ? តើខ្ញុំត្រូវចេះទប់ចិត្ដច្រើនជាងឬ? តើខ្ញុំអាចកែប្រែកាលវិភាគការងាររបស់ខ្ញុំទេ?›។ គ្រិស្ដសាសនិកទាំងអស់នឹងទទួលស្គាល់ថា គឺងាយនឹងបន្ថែមកិច្ចការផ្សេងលើកាលវិភាគរបស់គាត់ ដូច្នេះបងប្អូនដែលកំពុងបម្រើពេញពេលប្រហែលជាត្រូវពិចារណាអំពីកាលវិភាគរបស់គាត់ជាទៀងទាត់ ហើយធ្វើការកែប្រែប្រសិនបើចាំបាច់។

១៣ ការអានគម្ពីរជារៀងរាល់ថ្ងៃ ការសិក្សាផ្ទាល់ខ្លួននិងការរំពឹងគិតគួរតែជាផ្នែកនៃកាលវិភាគរបស់អ្នកត្រួសត្រាយ។ ហេតុនេះ អ្នកត្រួសត្រាយត្រូវចេះទប់ចិត្ដដើម្បីកុំឲ្យសកម្មភាពដែលមិនសូវសំខាន់រំខានដល់ពេលវេលាដែលគាត់បានទុកដើម្បីសកម្មភាពសំខាន់ចាំបាច់ទាំងនេះ។ (ភី. ១:១០) ជាឧទាហរណ៍ សូមស្រមៃគិតថាគាត់ត្រឡប់មកផ្ទះវិញក្រោយពីបានផ្សព្វផ្សាយច្រើនម៉ោង។ គាត់ចង់ប្រើល្ងាចនោះដើម្បីរៀបចំកិច្ចប្រជុំដែលនឹងមកដល់។ ប៉ុន្ដែមុនដំបូងគាត់អានសំបុត្រ។ ក្រោយមកគាត់បើកកុំព្យូទ័រ ហើយអាននិងឆ្លើយអ៊ីមែល។ ពេលគាត់កំពុងប្រើអ៊ីនធឺណិត គាត់បានបើកគេហទំព័រមួយដើម្បីមើលថាតើអីវ៉ាន់ដែលគាត់ចង់ទិញចុះថ្លៃហើយនៅ។ ដោយគាត់មិនដឹងខ្លួន ជិតពីរម៉ោងបានកន្លងផុតទៅ ហើយគាត់មិនទាន់បានចាប់ផ្ដើមសិក្សាអ្វីដែលគាត់ចង់សិក្សានៅល្ងាចនោះនៅឡើយទេ។ ហេតុអ្វីនេះជាបញ្ហា មួយ? កីឡាករដ៏ជំនាញត្រូវថែរក្សារាងកាយរបស់ពួកគេ ប្រសិនបើពួកគេចង់ធ្វើការបានយូរ។ ស្រដៀងគ្នាដែរ អ្នកត្រួសត្រាយត្រូវមានទម្លាប់ល្អក្នុងការសិក្សាផ្ទាល់ខ្លួនដើម្បីមានកម្លាំងបន្ដកិច្ចបម្រើពេញពេល។—១ធី. ៤:១៦

១៤, ១៥. () ហេតុអ្វីអ្នកត្រួសត្រាយគួររក្សារបៀបរស់នៅដ៏សាមញ្ញ? () ប្រសិនបើអ្នកត្រួសត្រាយម្នាក់ជួបការពិបាក តើគាត់គួរធ្វើអ្វី?

១៤ អ្នកត្រួសត្រាយដែលមានប្រសិទ្ធភាពខំប្រឹងរក្សារបៀបរស់នៅដ៏សាមញ្ញ។ លោកយេស៊ូបានលើកទឹកចិត្ដអ្នកកាន់តាមលោកឲ្យមានភ្នែកដែលមើលរបស់តែមួយ។ (ម៉ាថ. ៦:២២) លោកបានរក្សារបៀបរស់នៅដ៏សាមញ្ញ ដើម្បីលោកអាចបំពេញកិច្ចបម្រើផ្សាយរបស់លោកដោយគ្មានអ្វីបំបែរអារម្មណ៍។ លោកអាចនិយាយថា«កញ្ជ្រោងមានរូង ហើយសត្វស្លាបលើមេឃមានទ្រនំ តែកូនមនុស្សគ្មានកន្លែងស្នាក់នៅទេ»។ (ម៉ាថ. ៨:២០) ដោយចង់រៀនពីគំរូរបស់លោកយេស៊ូ ជាការល្អដែលអ្នកត្រួសត្រាយចាំថា កាលដែលគាត់មានទ្រព្យសម្បត្ដិកាន់តែច្រើន គាត់នឹងកាន់តែត្រូវថែរក្សា ជួសជុល ឬផ្លាស់ប្ដូររបស់ទាំងនោះ។

១៥ អ្នកត្រួសត្រាយដឹងថាឯកសិទ្ធិរបស់ពួកគាត់ក្នុងកិច្ចបម្រើមិនមែនដោយសារពួកគាត់មានគុណសម្បត្ដិពិសេសណាមួយឡើយ។ ផ្ទុយទៅវិញ សមត្ថភាពឯកសិទ្ធិណាមួយក្នុងកិច្ចបម្រើដែលយើងអាចមានគឺដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ។ ដូច្នេះ ដើម្បីបន្ដធ្វើជាអ្នកត្រួសត្រាយ យើងម្នាក់ត្រូវពឹងផ្អែកលើព្រះយេហូវ៉ា។ (ភី. ៤:១៣) យើងនឹងជួបការពិបាក។ (ទំនុក. ៣៤:១៩) ពេលអ្នកត្រួសត្រាយជួបការពិបាក ពួកគេគួរស្វែងរកការណែនាំពីព្រះយេហូវ៉ា ហើយឲ្យលោកមានឱកាសដើម្បីជួយពួកគេ ជាជាងឆាប់បោះបង់ចោលឯកសិទ្ធិរបស់ពួកគេក្នុងកិច្ចបម្រើ។ (សូមអាន ទំនុកតម្កើង ៣៧:៥) កាលដែលពួកគេទទួលជំនួយប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះ ពួកគេនឹងចូលកាន់តែជិតលោក ដែលជាបិតានៅស្ថានសួគ៌ដែលយកចិត្ដទុកដាក់នឹងពួកគេ។—អេ. ៤១:១០

តើអ្នកអាចចូលរួមក្នុងកិច្ចបម្រើជាអ្នកត្រួសត្រាយទេ?

១៦. ប្រសិនបើអ្នកចង់ត្រួសត្រាយ តើអ្នកគួរធ្វើអ្វី?

១៦ ប្រសិនបើអ្នកចង់ទទួលពរដូចពរដែលពួកអ្នកដែលបម្រើពេញពេលទទួល សូមជម្រាបព្រះយេហូវ៉ាអំពីបំណងប្រាថ្នារបស់អ្នក។ (១យ៉ូន. ៥:១៤, ១៥) សូមនិយាយជាមួយពួកអ្នកដែលកំពុងត្រួសត្រាយ។ សូមកំណត់គោលដៅអំពីអ្វីដែលអ្នកត្រូវបំពេញជាបន្ដបន្ទាប់ដើម្បីក្លាយជាអ្នកត្រួសត្រាយ។ នេះជាអ្វីដែលឃីដនិងអេរីកឺបានធ្វើ។ ពួកគាត់ធ្លាប់ធ្វើការពេញពេល ហើយដូចប្ដីប្រពន្ធទៀតដែលមានអាយុដូចពួកគាត់ ពួកគាត់បានទិញផ្ទះនិងឡានថ្មីមួយមិនយូរប៉ុន្មានក្រោយពីពួកគាត់បានរៀបការ។ ពួកគាត់និយាយថា«យើងបានគិតថារបស់ទាំងនោះនឹងនាំឲ្យយើងស្កប់ចិត្ដ ប៉ុន្ដែរបស់ទាំងនោះមិនបានធ្វើឲ្យយើងស្កប់ចិត្ដឡើយ»។ ពេលឃីដបានត្រូវបញ្ឈប់ពីការងារ គាត់បានបម្រើជាអ្នកត្រួសត្រាយជំនួយ។ គាត់នឹកចាំថា«ការត្រួសត្រាយរំលឹកខ្ញុំថាការផ្សព្វផ្សាយនាំឲ្យខ្ញុំទទួលអំណរយ៉ាងច្រើន»។ ពួកគាត់បានក្លាយជាមិត្ដភក្ដិរបស់ប្ដីប្រពន្ធមួយគូដែលជាអ្នកត្រួសត្រាយ ដែលបានជួយពួកគាត់ឲ្យឃើញថាការមានជីវិតសាមញ្ញនិងការធ្វើជាអ្នកត្រួសត្រាយ នាំឲ្យមានអំណរ។ តើឃីដនិងអេរីកឺបានធ្វើអ្វី? ពួកគាត់បាននិយាយថា«យើងបានធ្វើបញ្ជីមួយស្ដីអំពីគោលដៅរបស់យើងក្នុងកិច្ចបម្រើព្រះ បិទវាលើទូទឹកកករបស់យើង ហើយគូសលើគោលដៅនីមួយដែលយើងបានសម្រេចហើយ»។ ក្រោយមក ពួកគាត់បានធ្វើជាអ្នកត្រួសត្រាយ។

១៧. ហេតុអ្វីជាការឈ្លាសវៃដែលអ្នកពិចារណាអំពីការកែប្រែកាលវិភាគ និងរបៀបរស់នៅរបស់អ្នកដើម្បីអាចធ្វើជាអ្នកត្រួសត្រាយ?

១៧ តើអ្នកអាចចូលរួមក្នុងកិច្ចបម្រើជាអ្នកត្រួសត្រាយទេ? ប្រសិនបើឥឡូវនេះអ្នកគិតថាខ្លួនអ្នកមិនអាចធ្វើដូច្នេះបាន សូមខំអស់ពីសមត្ថភាពដើម្បីចូលកាន់តែជិតព្រះយេហូវ៉ា ដោយផ្សព្វផ្សាយអស់ពីសមត្ថភាព។ ក្រោយពីពិចារណាហើយអធិដ្ឋាន អ្នកប្រហែលជានឹងឃើញថា ដោយធ្វើការកែប្រែខ្លះក្នុងកាលវិភាគក្នុងរបៀបរស់នៅរបស់អ្នក នោះអ្នកនឹងអាចត្រួសត្រាយបាន។ ប្រសិនបើអ្នកធ្វើជាអ្នកត្រួសត្រាយ អ្នកនឹងទទួលអំណរច្រើនជាងឆ្ងាយណាស់ពីការលះបង់ដែលអ្នកធ្វើ។ អ្នកនឹងស្កប់ចិត្ដខ្លាំងជាងដោយសារអ្នកបានចាត់ទុកកិច្ចការដែលទាក់ទងនឹងរាជាណាចក្រព្រះថាសំខាន់ជាងកិច្ចការផ្ទាល់ខ្លួន។ (ម៉ាថ. ៦:៣៣) អ្នកនឹងទទួលសុភមង្គលច្រើនជាងដែលបានមកពីការឲ្យអ្នកទៀត។ ម្យ៉ាងទៀត អ្នកនឹងកាន់តែមានឱកាសដើម្បីគិតនិងនិយាយអំពីព្រះយេហូវ៉ា នេះនឹងធ្វើឲ្យអ្នកមានសេចក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅចំពោះលោក ហើយធ្វើឲ្យលោកពេញចិត្ដ។