លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្ដុង្គឧត្ដមបំផុត

គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្ដុង្គឧត្ដមបំផុត

«គ្រិស្ដបានរងទុក្ខដើម្បីអ្នករាល់គ្នា ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោក ឲ្យបានដិតដល់»។—១ពេ. ២:២១

១, ២. () តើមានលទ្ធផលអ្វីពេលចៀមទទួលការថែរក្សាយ៉ាងល្អ? () ហេតុអ្វីមនុស្សជាច្រើននៅសម័យលោកយេស៊ូដូចជាសត្វចៀមដែលគ្មានគង្វាល?

ចៀមមានសុខភាពល្អពេលគង្វាលយកចិត្ដទុកដាក់ដល់សុខុមាលភាពហ្វូងចៀមរបស់គាត់។ សៀវភៅមួយអំពីការចិញ្ចឹមចៀមចែងថា ប្រសិនបើគង្វាលម្នាក់គ្រាន់តែទុកចៀមរបស់គាត់ចោលឲ្យស៊ីស្មៅនៅវាល ដោយមិនយកចិត្ដទុកដាក់ចំពោះសេចក្ដីត្រូវការផ្សេងទៀតរបស់ចៀម ចៀមនោះនឹងខ្សោយហើយឈឺក្នុងរយៈពេលពីរបីឆ្នាំ។ ប៉ុន្ដែ ពេលគង្វាលថែរក្សាចៀមតាមរបៀបត្រឹមត្រូវ នោះហ្វូងចៀមរបស់គាត់នឹងមានសុខភាពល្អ។

នៅក្នុងក្រុមជំនុំក៏ដូច្នេះដែរ។ ពេលគង្វាលដែលជាគ្រិស្ដសាសនិកថែរក្សា ហើយយកចិត្ដទុកដាក់នឹងចៀមម្នាក់ៗ នោះក្រុមជំនុំទាំងមូលនឹងទទួលប្រយោជន៍។ អ្នកប្រហែលជានឹកចាំថា លោកយេស៊ូមានចិត្ដអាណិតអាសូរចំពោះបណ្ដាជន ដោយសារ«ពួកគេបានត្រូវគេធ្វើទុក្ខ និងទុកចោលឲ្យនៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល»។ (ម៉ាថ. ៩:៣៦) ហេតុអ្វីពួកគេស្ថិតក្នុងស្ថានភាពដែលគួរឲ្យអាណិតអាសូរបែបនេះ? ដោយសារពួកអ្នកដែលមានតួនាទីបង្រៀនច្បាប់របស់ព្រះដល់ជនជាតិអ៊ីស្រាអែល គឺគ្មានមេត្ដា ពិបាកផ្គាប់ចិត្ដ ហើយមានពុតត្បុត។ ជាជាងជួយហើយថែរក្សាចៀម ពួកមេដឹកនាំសាសនារបស់ជនជាតិអ៊ីស្រាអែលដាក់«បន្ទុកយ៉ាងធ្ងន់»លើស្មារបស់ពួកគេ។—ម៉ាថ. ២៣:៤

. តើអ្នកចាស់ទុំគួរដឹងអំពីអ្វី ពេលពួកគាត់បំពេញតួនាទីរបស់ពួកគាត់ជាគង្វាលក្នុងក្រុមជំនុំ?

នៅសព្វថ្ងៃនេះ គង្វាលដែលជាគ្រិស្ដសាសនិក ពោលគឺពួកអ្នកចាស់ទុំ មានភារកិច្ចដ៏ធ្ងន់ធ្ងរមួយ។ ចៀមនៅក្នុងហ្វូងដែលពួកគាត់មើលថែ គឺជារបស់ព្រះយេហូវ៉ានិងលោកយេស៊ូ ដែលសម្គាល់ខ្លួនលោកជា«គង្វាលដ៏ល្អប្រសើរ»។ (យ៉ូន. ១០:១១) ចៀមទាំងនោះបានត្រូវ«ទិញក្នុងតម្លៃថ្លៃណាស់»។ លោកយេស៊ូបានបង់ថ្លៃនោះដោយ«ឈាមដ៏ថ្លៃវិសេស»របស់លោក។ (១កូ. ៦:២០; ១ពេ. ១:១៨, ១៩) លោកស្រឡាញ់ចៀមទាំងនោះដល់ម៉្លេះបានជាលោកសុខ ចិត្ដលះបង់ជីវិតរបស់លោកសម្រាប់ពួកគេ។ អ្នកចាស់ទុំគួរចាំជានិច្ចថា ពួកគាត់គឺជាគង្វាលដែលនៅក្រោមអំណាចរបស់លោក ហើយនៅក្រោមការមើលខុសត្រូវរបស់លោកយេស៊ូដែលជាបុត្រជាទីស្រឡាញ់របស់ព្រះ និងជា«គង្វាលចៀមឧត្ដុង្គឧត្ដម»។—ហេ. ១៣:២០

. តើអត្ថបទនេះនឹងពិចារណាអំពីអ្វី?

ដូច្នេះ តើគង្វាលដែលជាគ្រិស្ដសាសនិកត្រូវប្រព្រឹត្ដយ៉ាងណាចំពោះចៀម? សមាជិកក្នុងក្រុមជំនុំបានត្រូវដាស់តឿនឲ្យ«ស្ដាប់បង្គាប់ . . . ពួកអ្នកដែលនាំមុខ»ពួកគេ។ ម្យ៉ាងទៀត អ្នកចាស់ទុំជាគ្រិស្ដសាសនិកបានត្រូវដាស់តឿនឲ្យជៀសវាងពីការ«ធ្វើជាចៅហ្វាយលើពួកអ្នកដែលជាមត៌ករបស់ព្រះ»។ (ហេ. ១៣:១៧; សូមអាន ពេត្រុសទី១ ៥:២, ៣) ដូច្នេះ តើតាមរបៀបណាអ្នកចាស់ទុំដែលព្រះបានតែងតាំងអាចនាំមុខដោយមិនធ្វើជាចៅហ្វាយលើចៀម? ឬបើនិយាយឲ្យស្រួលយល់ តើតាមរបៀបណាអ្នកត្រួតពិនិត្យអាចថែរក្សាចៀម ដោយមិនធ្វើលើសពីអំណាចដែលព្រះបានផ្ដល់ឲ្យពួកគាត់?

លោក«លើកផ្ទាប់»នៅទ្រូង

. តើឧទាហរណ៍នៅអេសាយ ៤០:១១បង្ហាញអ្វីអំពីព្រះយេហូវ៉ា?

ស្ដីអំពីព្រះយេហូវ៉ា អ្នកប្រកាសទំនាយអេសាយបាននិយាយថា«ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅ[ទ្រូង] ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម»។ (អេ. ៤០:១១) ឧទាហរណ៍នេះបង្ហាញថា ព្រះយេហូវ៉ាយកចិត្ដទុកដាក់ចំពោះសេចក្ដីត្រូវការរបស់សមាជិកក្រុមជំនុំដែលខ្សោយនិងងាយរងគ្រោះ។ ដូចគង្វាលម្នាក់ដែលកត់សម្គាល់អំពីសេចក្ដីត្រូវការរបស់ចៀមនីមួយក្នុងហ្វូង ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីជួយចៀម ព្រះយេហូវ៉ាដឹងអំពីសេចក្ដីត្រូវការរបស់បងប្អូនក្នុងក្រុមជំនុំ ហើយលោកពេញចិត្ដនឹងផ្ដល់ជំនួយដែលពួកគេត្រូវការ។ ដូចគង្វាលដែលលើកចៀមដែលទើបនឹងកើតមកបីក្នុងថ្នក់អាវធំរបស់គាត់ពេលចាំបាច់ ព្រះយេហូវ៉ាដែលជា«បិតានៃសេចក្ដីមេត្ដាករុណា» នឹងជួយទ្រទ្រង់យើងពេលយើងមានទុក្ខលំបាក។ លោកនឹងសម្រាលទុក្ខយើងពេលយើងជួបនឹងការល្បងដ៏ធំ ឬពេលយើងមានសេចក្ដីត្រូវការពិសេសណាមួយ។—២កូ. ១:៣, ៤

. ក្នុងនាមជាគង្វាលក្នុងក្រុមជំនុំ តើអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

នេះពិតជាមេរៀនដ៏អស្ចារ្យមួយដែលគង្វាលក្នុងក្រុមជំនុំអាចរៀនពីព្រះយេហូវ៉ាដែលជាបិតារបស់យើងដែលនៅស្ថានសួគ៌! ដូចព្រះយេហូវ៉ា គាត់ត្រូវយកចិត្ដទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ចៀម។ ដោយដឹងអំពីទុក្ខលំបាកដែលពួកគេកំពុងជួបប្រទះ និងអំពីអ្វីដែលពួកគេត្រូវការជាបន្ទាន់ អ្នកចាស់ទុំមានភារកិច្ចផ្ដល់ការលើកទឹកចិត្ដ និងការគាំទ្រដែលពួកគេត្រូវការ។ (សុភ. ២៧:២៣) អ្នកចាស់ទុំត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយបងប្អូនរួមជំនឿរបស់គាត់។ អ្នកចាស់ទុំគោរពសិទ្ធិបងប្អូនដោយមិនជ្រៀតជ្រែកក្នុងរឿងផ្ទាល់ខ្លួនរបស់ពួកគេឡើយ តែគាត់យកចិត្ដទុកដាក់ចំពោះអ្វីដែលគាត់ឃើញនិងក្នុងក្រុមជំនុំ ហើយគាត់បង្ហាញសេចក្ដីស្រឡាញ់ដោយចំណាយពេល«ជួយអ្នកដែលខ្សោយ»។—សកម្ម. ២០:៣៥; ១ថែ. ៤:១១

. () តើគង្វាលបានប្រព្រឹត្ដយ៉ាងណាចំពោះចៀមរបស់ព្រះនៅសម័យអេសេគាលនិងយេរេមា? () តើយើងអាចទាញមេរៀនអ្វីពីការផ្ដន្ទាទោសរបស់ព្រះចំពោះគង្វាលដែលមិនស្មោះត្រង់?

សូមពិចារណាអំពីចិត្ដគំនិតរបស់គង្វាលដែលព្រះផ្ដន្ទាទោស។ នៅសម័យអេសេគាលនិងយេរេមា ព្រះយេហូវ៉ាបានរិះគន់ពួកអ្នកដែលគួរតែថែរក្សាចៀមរបស់លោក តែបែរជាមិនបានធ្វើដូច្នេះតាមរបៀបត្រឹមត្រូវឡើយ។ ពេលគ្មាននរណាម្នាក់មើលថែរក្សាចៀម ហ្វូងចៀមបានវង្វេង ហើយខ្ចាត់ខ្ចាយ។ ជាជាងឲ្យចំណីចៀម គង្វាលទាំងនោះបានជញ្ជក់យកផលប្រយោជន៍ពីពួកគេ ហើយ«ឃ្វាលតែខ្លួនឯង»ចិញ្ចឹមខ្លួនឯង។ (អេស. ៣៤:៧-១០; យេ. ២៣:១) ការផ្ដន្ទាទោសរបស់ព្រះចំពោះគង្វាលទាំងនោះក៏សមនឹងគង្វាលដែលជាអ្នកដឹកនាំពិភពគ្រិស្ដសាសនាដែរ។ ប៉ុន្ដែរឿងនេះក៏បង្ហាញដែរថា គឺជាការសំខាន់ណាស់ដែលអ្នកចាស់ទុំជាគ្រិស្ដសាសនិកថែរក្សាហ្វូងចៀមរបស់ព្រះយេហូវ៉ាតាមរបៀបត្រឹមត្រូវ ហើយបង្ហាញសេចក្ដីស្រឡាញ់ដោយយកចិត្ដទុកដាក់ចំពោះចៀមទាំងនោះ។

 «ខ្ញុំបានធ្វើគំរូឲ្យអ្នករាល់គ្នា»

. តើលោកយេស៊ូបានបង្ហាញគំរូដ៏ល្អអ្វី ស្ដីអំពីការកែប្រែចិត្ដគំនិតដែលមិនត្រឹមត្រូវ?

ដោយសារភាពមិនល្អឥតខ្ចោះ ចៀមខ្លះរបស់ព្រះប្រហែលជាមិនឆាប់យល់នូវអ្វីដែលព្រះយេហូវ៉ាចង់ឲ្យពួកគាត់ធ្វើឡើយ។ ពួកគាត់ប្រហែលជាមិនបានចាត់វិធានការស្របតាមឱវាទពីបទគម្ពីរ ឬពួកគាត់ប្រហែលជាបានធ្វើអ្វីមួយដែលបង្ហាញថាពួកគាត់គ្មានភាពចាស់ទុំជាគ្រិស្ដសាសនិក។ តើអ្នកចាស់ទុំគួរមានប្រតិកម្មយ៉ាងណា? ពួកគាត់គួរធ្វើតាមគំរូនៃចិត្ដអត់ធ្មត់របស់លោកយេស៊ូចំពោះអ្នកកាន់តាមលោក ពេលដែលពួកគេបានគិតហួសហេតុពេកថា អ្នកណាក្នុងចំណោមពួកគាត់នឹងទៅជាអ្នកធំជាងគេក្នុងរាជាណាចក្រព្រះ។ ជាជាងឈប់អត់ធ្មត់នឹងពួកគាត់ លោកយេស៊ូបន្ដបង្រៀនអ្នកកាន់តាមលោក ហើយដោយសេចក្ដីស្រឡាញ់លោកផ្ដល់ការណែនាំដល់ពួកគាត់អំពីការបង្ហាញចិត្ដរាបទាប។ (លូក. ៩:៤៦-៤៨; ២២:២៤-២៧) ដោយលាងជើងឲ្យពួកគាត់ លោកយេស៊ូបានបង្រៀនពួកគាត់នូវមេរៀនដ៏សំខាន់មួយស្ដីអំពីចិត្ដរាបទាប ដែលជាគុណសម្បត្ដិមួយដែលអ្នកត្រួតពិនិត្យជាគ្រិស្ដសាសនិកត្រូវបង្ហាញ។—សូមអាន យ៉ូហាន ១៣:១២-១៥; ១ពេ. ២:២១

. តើលោកយេស៊ូចង់ឲ្យសាវ័ករបស់លោកមានចិត្ដគំនិតបែបណា?

សាវ័កយ៉ាកុបនិងយ៉ូហានបានបង្ហាញថា ពួកគាត់គិតថាការធ្វើជាគង្វាលមានន័យថាការគ្រប់គ្រងអ្នកទៀត។ សាវ័កទាំងពីរនាក់នេះចង់បានឋានៈខ្ពង់ខ្ពស់ក្នុងរាជាណាចក្រព្រះ។ ប៉ុន្ដែលោកយេស៊ូបានកែតម្រង់ចិត្ដគំនិតរបស់ពួកគាត់ដោយមានប្រសាសន៍ថា«អ្នករាល់គ្នាដឹងថា អ្នកគ្រប់គ្រងប្រជាជាតិនានាត្រួតត្រាលើពួកគេ ហើយអ្នកធំក៏ប្រើអំណាចលើពួកគេដែរ។ ក្នុងចំណោមអ្នករាល់គ្នាគឺមិនដូច្នេះឡើយ ផ្ទុយទៅវិញអ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ»។ (ម៉ាថ. ២០:២៥, ២៦) ពួកសាវ័កត្រូវបដិសេធចិត្ដគំនិតដែលចង់«ត្រួតត្រា»លើអ្នកទៀត ឬបង្គាប់បញ្ជាអ្នកទៀត។

១០. តើលោកយេស៊ូចង់ឲ្យអ្នកចាស់ទុំប្រព្រឹត្ដយ៉ាងណាចំពោះចៀម ហើយតើប៉ូលបានទុកគំរូអ្វីស្ដីអំពីរឿងនេះ?

១០ លោកយេស៊ូតម្រូវឲ្យអ្នកចាស់ទុំដែលជាគ្រិស្ដសាសនិកប្រព្រឹត្ដចំពោះចៀមតាមរបៀបដែលលោកប្រព្រឹត្ដចំពោះចៀមទាំងនោះ។ ពួកគាត់ត្រូវស្ម័គ្រចិត្ដបម្រើបងប្អូន មិនមែនជាចៅហ្វាយលើពួកគេទេ។ សាវ័កប៉ូលមានចិត្ដរាបទាបបែបនោះ ពីព្រោះគាត់បានប្រាប់បុរសចាស់ទុំនៅក្រុមជំនុំនៅក្រុងអេភេសូរថា«អ្នករាល់គ្នាដឹងច្បាស់ថា តាំងពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលតំបន់អាស៊ី ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នារហូត ខ្ញុំបានធ្វើការយ៉ាងនឿយហត់ដើម្បីលោកម្ចាស់ ដូចជាខ្ញុំបម្រើម្នាក់ ដោយចិត្ដរាបទាប»។ សាវ័កប៉ូលចង់ឲ្យអ្នកចាស់ទុំទាំងនោះជួយអ្នកទៀតដោយស្មោះ និងដោយចិត្ដរាបទាប។ គាត់បាននិយាយថា«ក្នុងការទាំងអស់ ខ្ញុំបានបង្ហាញអ្នករាល់គ្នាថា អ្នករាល់គ្នាត្រូវជួយអ្នកដែលខ្សោយ»។ (សកម្ម. ២០:១៨, ១៩, ៣៥) ប៉ូលបានប្រាប់បងប្អូននៅក្រុងកូរិនថូសថា គាត់មិនមែនជាម្ចាស់លើជំនឿរបស់ពួកគេឡើយ។ ផ្ទុយទៅវិញគាត់ជាអ្នករួមការងារដើម្បីឲ្យពួកគេទាំងអស់គ្នាមានអំណរ។ (២កូ. ១:២៤) ប៉ូលបានទុកគំរូដ៏ល្អដល់អ្នកចាស់ទុំនៅសព្វថ្ងៃនេះស្ដីអំពីចិត្ដរាបទាបនិងការខំប្រឹងធ្វើការ។

ចូរ«កាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្ដ»

១១, ១២. តើតាមរបៀបណាអ្នកចាស់ទុំអាចជួយបងប្អូនរួមជំនឿឲ្យធ្វើការសម្រេចចិត្ដ?

១១ អ្នកចាស់ទុំក្នុងក្រុមជំនុំត្រូវ«កាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្ដ ក្នុងរបៀបដែលគាត់បង្រៀន»។ (ទីត. ១:៩) ប៉ុន្ដែគាត់ធ្វើដូច្នេះដោយ«ចិត្ដស្លូតបូត»។ (កាឡ. ៦:១) ជាជាងព្យាយាមបង្ខំបងប្អូនទៀតក្នុងក្រុមជំនុំឲ្យធ្វើអ្វីមួយ គង្វាលល្អក្នុងក្រុមជំនុំគិតអំពីវិធីដែលអាចជំរុញចិត្ដគាត់ឲ្យធ្វើអ្វីមួយ។ អ្នកចាស់ទុំម្នាក់ប្រហែលជាប្រាប់អំពីគោលការណ៍គម្ពីរដែលបងប្អូនម្នាក់គួរពិចារណា ពេលគាត់ខំព្យាយាមធ្វើការសម្រេចចិត្ដដ៏សំខាន់មួយ។ អ្នកចាស់ទុំប្រហែលជាពិភាក្សាជាមួយគាត់នូវព័ត៌មានដែលអង្គការយើងបានបោះពុម្ពអំពីប្រធានបទនោះ។ គាត់ក៏ប្រហែលជាសុំឲ្យបងប្អូននោះគិតថាការសម្រេចចិត្ដរបស់គាត់មានឥទ្ធិពលយ៉ាងណាលើចំណងមិត្ដភាពរបស់គាត់ជាមួយព្រះយេហូវ៉ា។ អ្នកចាស់ទុំនោះអាចប្រាប់អំពីសារៈសំខាន់នៃការស្វែងរកការណែនាំពីព្រះតាមរយៈសេចក្ដីអធិដ្ឋានមុនពេលធ្វើការសម្រេចចិត្ដមួយ។ (សុភ. ៣:៥, ៦) ក្រោយពីបានពិចារណាអំពីអ្វីទាំងនេះជាមួយបងប្អូននោះ អ្នកចាស់ទុំនឹងឲ្យគាត់ធ្វើការសម្រេចចិត្ដដោយខ្លួនគាត់។—រ៉ូម ១៤:១-

 ១២ អ្នកត្រួតពិនិត្យជាគ្រិស្ដសាសនិកត្រូវអាងលើបទគម្ពីរប៉ុណ្ណោះដើម្បីណែនាំបងប្អូន។ ហេតុនេះ គឺសំខាន់ណាស់ដែលពួកគាត់ប្រើគម្ពីរយ៉ាងប៉ិនប្រសប់ ហើយធ្វើតាមអ្វីដែលគម្ពីរចែង។ ការធ្វើដូច្នេះជួយអ្នកចាស់ទុំឲ្យជៀសវាងពីការប្រើអំណាចតាមរបៀបមិនត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ពួកគាត់គ្រាន់តែជាគង្វាលដែលនៅក្រោមអំណាចរបស់លោកយេស៊ូប៉ុណ្ណោះ ហើយសមាជិកម្នាក់ក្នុងក្រុមជំនុំនឹងទទួលខុសត្រូវចំពោះព្រះយេហូវ៉ានិងលោកយេស៊ូចំពោះការសម្រេចចិត្ដរបស់ពួកគាត់។—កាឡ. ៦:៥, ៧, ៨

«គំរូដល់ហ្វូងចៀម»

អ្នកចាស់ទុំជួយក្រុមគ្រួសាររបស់ពួកគាត់រៀបចំសម្រាប់កិច្ចផ្សព្វផ្សាយ (សូមមើលវគ្គ១៣)

១៣, ១៤. តើអ្នកចាស់ទុំត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ក្រុមជំនុំក្នុងរឿងណាខ្លះ?

១៣ ក្រោយពីបានដាស់តឿនពួកបុរសចាស់ទុំក្នុងក្រុមជំនុំកុំឲ្យ‹ធ្វើជាចៅហ្វាយលើពួកអ្នកដែលព្រះបានប្រគល់ឲ្យពួកគាត់› សាវ័កពេត្រុសដាស់តឿនពួកគាត់ឲ្យ«ធ្វើជាគំរូដល់ហ្វូងចៀម»។ (១ពេ. ៥:៣) តើអ្នកចាស់ទុំអាចធ្វើជាគំរូដល់ហ្វូងចៀមយ៉ាងដូចម្ដេច? សូមពិចារណាអំពីគុណសម្បត្ដិពីរយ៉ាងដែលបងប្អូន ដែល«ព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ»ត្រូវមាន។ គាត់ត្រូវ«ដឹងខុសត្រូវ» ហើយត្រូវ«ដឹកនាំពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ»។ ហេតុអ្វី? ពីព្រោះអ្នកចាស់ទុំម្នាក់ដែលមានក្រុមគ្រួសារ ត្រូវដឹកនាំពួកអ្នកផ្ទះរបស់គាត់ តាមរយៈគំរូដ៏ល្អរបស់គាត់។ «ប្រសិនបើអ្នកណាម្នាក់មិនចេះដឹកនាំពួកអ្នកផ្ទះរបស់ខ្លួន តើអ្នកនោះអាចថែរក្សាក្រុមជំនុំរបស់ព្រះយ៉ាងដូចម្ដេចបាន?»។ (១ធី. ៣:១, ២, ៤, ៥) ដើម្បីមានលក្ខណៈគ្រប់គ្រាន់ទទួលមុខងារជាអ្នកត្រួតពិនិត្យ បងប្រុសម្នាក់ត្រូវដឹងខុសត្រូវក្នុងន័យថាគាត់យល់ច្បាស់អំពីគោលការណ៍របស់ព្រះ ហើយដឹងអំពីរបៀបអនុវត្ដគោលការណ៍ទាំងនោះក្នុងជីវិតរបស់គាត់។ គាត់មានចិត្ដធ្ងន់ ហើយមិនវិនិច្ឆ័យដោយមិនបានពិចារណាវែងឆ្ងាយឡើយ។ ពេលឃើញបងប្រុសដែលទៅជាអ្នកចាស់ទុំមានគុណសម្បត្ដិបែបនេះ បងប្អូនក្នុងក្រុមជំនុំទុកចិត្ដគាត់។

១៤ ការនាំមុខក្នុងកិច្ចផ្សព្វផ្សាយ គឺជារបៀបមួយទៀតដែលអ្នកចាស់ទុំអាចធ្វើជាគំរូដ៏ល្អដល់បងប្អូនរួមជំនឿរបស់ពួកគាត់។ ស្ដីអំពីរឿងនេះ លោកយេស៊ូបានទុកគំរូសម្រាប់អ្នកចាស់ទុំ។ ការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចការរបស់លោកយេស៊ូនៅលើផែនដី។ លោកយេស៊ូបានបង្ហាញអំពីរបៀបដែលអ្នកកាន់តាមលោកអាចសម្រេចកិច្ចការនេះ។ (ម៉ាក. ១:៣៨; លូក. ៨:១) សព្វថ្ងៃនេះ អ្នកផ្សាយពិតជាទទួលការលើកទឹកចិត្ដពេលផ្សព្វផ្សាយជាមួយអ្នកចាស់ទុំ ហើយឃើញចិត្ដខ្នះខ្នែងរបស់ពួកគាត់ក្នុងកិច្ចការសង្គ្រោះជីវិតនេះ ព្រមទាំងរៀនពីពួកគាត់អំពីវិធីបង្រៀន។ ពេលអ្នកចាស់ទុំប្រើពេលវេលានិងកម្លាំងរបស់ពួកគាត់ជាទៀងទាត់ក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អ ទោះជាពួកគាត់ជាប់រវល់យ៉ាងណាក៏ដោយ ពួកគាត់ជំរុញឲ្យបងប្អូនក្នុងក្រុមជំនុំបង្ហាញចិត្ដខ្នះខ្នែងដូចពួកគាត់។ អ្នកចាស់ទុំក៏អាចទុកគំរូល្អដល់បងប្អូនតាមរយៈការរៀបចំសម្រាប់កិច្ចប្រជុំ ហើយការចូលរួមកិច្ចប្រជុំនិងសកម្មភាពទៀត ដូចជាការសម្អាតនិងការថែទាំសាលប្រជុំជាដើម។—អេភ. ៥:១៥, ១៦; សូមអាន ហេប្រឺ ១៣:៧

អ្នកចាស់ទុំធ្វើជាគំរូល្អក្នុងកិច្ចផ្សព្វផ្សាយ (សូមមើលវគ្គ១៤)

ចូរ«គាំពារពួកអ្នកដែលខ្សោយ»

១៥. តើមានមូលហេតុអ្វីខ្លះ ដែលអ្នកចាស់ទុំទៅលេងបងប្អូន?

១៥ គង្វាលល្អផ្ដល់ជំនួយភ្លាមពេលចៀមណាមួយរបួសឈឺ។ ស្រដៀងគ្នាដែរ អ្នកចាស់ទុំត្រូវចាត់វិធានការភ្លាមដើម្បីជួយបងប្អូនក្នុងក្រុមជំនុំដែលកំពុងរងទុក្ខ ឬត្រូវការជំនួយក្នុងការពង្រឹងចំណងមិត្ដភាពជាមួយព្រះ។ បងប្អូនវ័យចាស់និងបងប្អូនដែល ឈឺប្រហែលជាត្រូវការជំនួយខាងសម្ភារ ប៉ុន្ដែជាពិសេសពួកគាត់ត្រូវការការលើកទឹកចិត្ដនិងជំនួយក្នុងការពង្រឹងចំណងមិត្ដភាពជាមួយព្រះ។ (១ថែ. ៥:១៤) សមាជិកវ័យក្មេងក្នុងក្រុមជំនុំប្រហែលជាកំពុងជួបប្រទះនឹងការពិបាក ដូចជាការបដិសេធ«សេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងភាពជាយុវវ័យ»ជាដើម។ (២ធី. ២:២២) ដូច្នេះ ការធ្វើជាគង្វាលរួមបញ្ចូលការទៅលេងសមាជិកក្នុងក្រុមជំនុំជារឿយៗ ដើម្បីដឹងអំពីស្ថានភាពដែលពួកគាត់កំពុងប្រឈមមុខ ហើយលើកទឹកចិត្ដពួកគាត់ដោយផ្ដល់ឱវាទត្រឹមត្រូវពីបទគម្ពីរ។ ប្រសិនបើអ្នកចាស់ទុំឆាប់ផ្ដល់ជំនួយដែលពួកគាត់ត្រូវការ នោះបងប្អូនអាចជៀសផុតពីបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើន។

១៦. ពេលបងប្អូនណាម្នាក់ក្នុងក្រុមជំនុំមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ តើអ្នកចាស់ទុំអាចធ្វើអ្វី?

១៦ ចុះយ៉ាងណាបើបងប្អូនម្នាក់ក្នុងក្រុមជំនុំមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ ហើយអាចបាត់បង់ចំណងមិត្ដភាពជាមួយព្រះយេហូវ៉ា? យ៉ាកុបបានសួរថា«តើមានអ្នកណាឈឺក្នុងចំណោមអ្នករាល់គ្នាទេ? ចូរឲ្យអ្នកនោះហៅបុរសចាស់ទុំក្នុងក្រុមជំនុំមក ហើយឲ្យពួកគាត់អធិដ្ឋានឲ្យអ្នកនោះ ដោយលាបប្រេងក្នុងនាមព្រះយេហូវ៉ា។ រួចសេចក្ដីអធិដ្ឋានដែលបានត្រូវពោលដោយជំនឿនឹងធ្វើឲ្យអ្នកដែលមិនស្រួលខ្លួនបានជាសះស្បើយ ហើយព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកនោះមានសុខភាពល្អឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកនោះបានប្រព្រឹត្ដអំពើខុសឆ្គង អ្នកនោះនឹងទទួលការអភ័យទោស»។ (យ៉ា. ៥:១៤, ១៥) ទោះជាបងប្អូនដែល«ឈឺ»មិនបាន«ហៅបុរសចាស់ទុំ»ក៏ដោយ នោះអ្នកចាស់ទុំគួរឆាប់មកជួយបងប្អូននោះ ពេលពួកគាត់ដឹងអំពីស្ថានភាពរបស់គាត់។ ពេលអ្នកចាស់ទុំអធិដ្ឋានជាមួយនិងសម្រាប់បងប្អូន ព្រមទាំងផ្ដល់ជំនួយពេលដែលបងប្អូនត្រូវការ នោះពួកគាត់ពង្រឹងជំនឿ ហើយលើកទឹកចិត្ដបងប្អូនដែលស្ថិតក្រោមការមើលថែរក្សារបស់ពួកគាត់។—សូមអាន អេសាយ ៣២:១, ២

១៧. តើមានលទ្ធផលអ្វី ពេលអ្នកចាស់ទុំយកតម្រាប់«គង្វាលឧត្ដុង្គឧត្ដម»?

១៧ ទោះជាពួកគាត់ធ្វើកិច្ចការអ្វីក៏ដោយក្នុងអង្គការរបស់ព្រះយេហូវ៉ា គង្វាលដែលជាគ្រិស្ដសាសនិកព្យាយាមយកតម្រាប់លោកយេស៊ូគ្រិស្ដដែលជា‹គង្វាលឧត្ដុង្គឧត្ដម›។ ដោយទទួលជំនួយក្នុងការគោរពប្រណិប័តន៍ព្រះពីបងប្រុសទាំងនេះ ដែលមានភារកិច្ចទទួលខុសត្រូវក្នុងក្រុមជំនុំ ចៀមទទួលប្រយោជន៍យ៉ាងច្រើន ហើយបន្ដរីកចម្រើន។ យើងដឹងគុណ ហើយយើងបានត្រូវជំរុញចិត្ដឲ្យសរសើរព្រះយេហូវ៉ាដែលជាគង្វាលដ៏ឧត្ដមរបស់យើង ចំពោះកិច្ចការទាំងអស់នេះ។