លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទទួលស្វាគមន៍គ្រិស្ដដែលជាស្ដេចដ៏រុងរឿង!

ចូរទទួលស្វាគមន៍គ្រិស្ដដែលជាស្ដេចដ៏រុងរឿង!

«ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ មានទាំងជ័យជម្នះផង»។—ទំនុក. ៤៥:៤

១, ២. ហេតុអ្វីទំនុកទី៤៥ធ្វើឲ្យយើងចាប់អារម្មណ៍?

ស្ដេចដ៏រុងរឿងមួយអង្គជិះសេះទៅដើម្បីការពារសេចក្ដីពិតនិងសេចក្ដីសុចរិត ហើយចេញទៅយកជ័យជម្នះលើសត្រូវរបស់លោក។ ក្រោយពីបានយកជ័យជម្នះផ្ដាច់ព្រ័ត្រលើពួកគេ លោកបានរៀបការជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាត។ មនុស្សគ្រប់ជំនាន់នៅអនាគតនឹកចាំ ហើយសរសើរស្ដេចអង្គនោះ។ នេះជាប្រធានបទដ៏សំខាន់នៃទំនុកទី៤៥។

ប៉ុន្ដែ ទំនុកទី៤៥ មិនគ្រាន់តែជារឿងគួរឲ្យរំភើបចិត្ដដែលមានសេចក្ដីបញ្ចប់ដ៏ល្អប៉ុណ្ណោះទេ។ ព្រឹត្ដិការណ៍ដែលបានត្រូវរៀបរាប់នៅក្នុងរឿងនោះមានអត្ថន័យចំពោះយើង។ ព្រឹត្ដិការណ៍ទាំងនោះជាប់ទាក់ទងនឹងជីវិតរស់នៅរបស់យើងឥឡូវនេះនិងនៅពេលអនាគតផងដែរ។ ដូច្នេះ ចូរយើងពិនិត្យមើលទំនុកនេះដោយយកចិត្ដទុកដាក់។

«ចិត្ដរបស់ខ្ញុំពេញហៀរដោយសេចក្ដីដ៏ល្អ»

៣, ៤. () តើ«សេចក្ដីដ៏ល្អ»ដែលជាប់ទាក់ទងនឹងយើងជាអ្វី ហើយតើនោះអាចមានឥទ្ធិពលយ៉ាងណាមកលើចិត្ដរបស់យើង? () តើតាមរបៀបណាយើងថ្លែង«ពីដំណើរមហាក្សត្រ»មួយអង្គ ហើយតើតាមរបៀបណាអណ្ដាតរបស់យើងគឺដូចជាស្លាបប៉ាកកា?

សូមអាន ទំនុកតម្កើង ៤៥:១«សេចក្ដីដ៏ល្អ»ដែលមានឥទ្ធិពលលើចិត្ដរបស់អ្នកតែងទំនុក តម្កើង ហើយធ្វើឲ្យចិត្ដរបស់គាត់«ពេញហៀរ» គឺជាប់ទាក់ទងនឹងមហាក្សត្រមួយអង្គ។ ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ពេញហៀរ» ដើមដំបូងមានន័យថា«ចេញពពុះ»«ពុះ»។ រឿងនេះបានធ្វើឲ្យចិត្ដរបស់អ្នកតែងទំនុកតម្កើងពុះពោរដោយក្ដីរំភើប ហើយបានធ្វើឲ្យអណ្ដាតរបស់គាត់ដូចជា‹ស្លាបប៉ាកកានៃអ្នកតែងរឿងយ៉ាងជំនាញ›។

ចុះយើងវិញយ៉ាងណាដែរ? ដំណឹងល្អអំពីរាជាណាចក្ររបស់មេស្ស៊ី គឺជាអ្វីមួយដែលមានឥទ្ធិពលលើចិត្ដរបស់យើង។ ដំណឹងអំពីរាជាណាចក្រព្រះបានទៅជា«ល្អ» ជាពិសេសនៅឆ្នាំ១៩១៤។ តាំងពីពេលនោះមក ដំណឹងនោះលែងជាប់ទាក់ទងនឹងរាជាណាចក្រនាពេលអនាគតទៀតហើយ តែជាប់ទាក់ទងនឹងរដ្ឋាភិបាលពិតប្រាកដ ដែលកំពុងដំណើរការនៅពេលឥឡូវនេះនៅស្ថានសួគ៌។ នេះជា‹ដំណឹងល្អអំពីរាជាណាចក្រ›ដែលយើងផ្សព្វផ្សាយ«នៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបាន»។ (ម៉ាថ. ២៤:១៤) តើដំណឹងអំពីរាជាណាចក្រធ្វើឲ្យចិត្ដរបស់យើង«ពេញហៀរ»ដូចជាទឹកពុះទេ? តើយើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះដោយចិត្ដខ្នះខ្នែងទេ? ដូចអ្នកតែងទំនុកតម្កើង យើងថ្លែង«ពីដំណើរមហាក្សត្រ»មួយអង្គ ពោលគឺលោកយេស៊ូគ្រិស្ដជាស្ដេចរបស់យើង។ យើងប្រកាសថាលោកគឺជាស្ដេចនៅស្ថានសួគ៌នៃរាជាណាចក្ររបស់មេស្ស៊ី ដែលព្រះបានតែងតាំង។ ម្យ៉ាងទៀត យើងអញ្ជើញមនុស្សទាំងអស់ ទាំងអ្នកគ្រប់គ្រងទាំងអ្នកដែលនៅក្រោមអំណាចរបស់ពួកគេឲ្យចុះចូលក្រោមការគ្រប់គ្រងរបស់គ្រិស្ដ។ (ទំនុក. ២:១, ២,-១២) អណ្ដាតរបស់យើងគឺដូច‹ជាស្លាបប៉ាកកានៃអ្នកតែងរឿងយ៉ាងជំនាញ›ក្នុងន័យថាយើងប្រើបណ្ដាំជាលាយលក្ខណ៍អក្សរយ៉ាងច្រើនក្នុងកិច្ចផ្សព្វផ្សាយរបស់យើង។

យើងប្រកាសដំណឹងល្អអំពីលោកយេស៊ូគ្រិស្ដជាស្ដេចរបស់យើងដោយអំណរ

ស្ដេចមានបបូរមាត់«ប្រកបដោយព្រះគុណ»

. () តើលោកយេស៊ូស្អាតតាមរបៀបណាខ្លះ? () តើតាមរបៀបណាស្ដេចមានបបូរមាត់«ប្រកបដោយព្រះគុណ» ហើយតើយើងអាចព្យាយាមធ្វើតាមគំរូរបស់លោកយ៉ាងដូចម្ដេច?

សូមអាន ទំនុកតម្កើង ៤៥:២បទគម្ពីរមិនសូវចែងអំពីរូបរាងរបស់លោកយេស៊ូឡើយ។ ជាមនុស្សល្អឥតខ្ចោះ លោកប្រាកដជា«ល្អវិសេស»ស្អាត។ ប៉ុន្ដែ អ្វីដែលធ្វើឲ្យលោកស្អាតខ្លាំងគឺដោយសារលោកស្មោះត្រង់នឹងព្រះយេហូវ៉ា ហើយរក្សាចិត្ដស្មោះគ្រប់លក្ខណៈជានិច្ច។ ម្យ៉ាងទៀត លោកយេស៊ូមានបបូរមាត់«ប្រកបដោយព្រះគុណ»សម្ដីពីរោះ ពេលលោកផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះ។ (លូក. ៤:២២; យ៉ូន. ៧:៤៦) តើយើងម្នាក់ព្យាយាមធ្វើតាមគំរូរបស់លោកក្នុងកិច្ចផ្សព្វផ្សាយរបស់យើង ហើយព្យាយាមប្រើពាក្យសម្ដីដែលនឹងមានឥទ្ធិពលលើចិត្ដរបស់មនុស្សទេ?—កូឡ. ៤:៦

. តើតាមរបៀបណាព្រះបានឲ្យពរដល់លោកយេស៊ូ«ជាដរាបទៅ»?

ដោយសារលោកយេស៊ូបង្ហាញភក្ដីភាពអស់ពីចិត្ដ នោះព្រះយេហូវ៉ាបានឲ្យពរលោកក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកនៅផែនដី ហើយបានឲ្យរង្វាន់ដល់លោកក្រោយពីលោកបានស្លាប់ដើម្បីជាគ្រឿងបូជា។ សាវ័កប៉ូលបានសរសេរថា«ពេលដែលលោក[យេស៊ូ]ឃើញថាលោកមានភាពជាមនុស្សជាតិ លោកក៏បានបន្ទាបខ្លួន ហើយចុះចូលស្ដាប់បង្គាប់រហូតដល់ត្រូវស្លាប់ គឺស្លាប់លើបង្គោលទារុណកម្ម។ ដោយហេតុនោះដែរ ព្រះបានលើកតម្កើងលោកឲ្យមានឋានៈខ្ពស់ជាងមុន ក៏បានមេត្ដាឲ្យនាមដល់លោកដែលជានាមប្រសើរជាងនាមទៀតទាំងអស់ ដើម្បីឲ្យអ្នកនៅស្ថានសួគ៌ អ្នកនៅផែនដី និងអ្នកនៅក្រោមដី លុតជង្គង់ដោយសារនាមយេស៊ូ ហើយដើម្បីឲ្យគ្រប់អណ្ដាតប្រកាសទទួលស្គាល់ជាសាធារណៈថា លោកយេស៊ូគ្រិស្ដជាម្ចាស់ ដើម្បីសរសើរតម្កើងព្រះដែលជាបិតា»។ (ភី. ២:៨-១១) ព្រះយេហូវ៉ាបានឲ្យពរដល់លោកយេស៊ូ«ជាដរាបទៅ» ដោយប្រោសលោកឲ្យរស់ឡើងវិញឲ្យមានជីវិតអមតៈ។—រ៉ូម ៦:៩

ស្ដេចបានត្រូវលើកតម្កើងលើសជាង«ពួកសំឡាញ់»នៃលោក

. តើតាមរបៀបណាព្រះបានរើសតាំងលោកយេស៊ូលើសជាង«ពួកសំឡាញ់»នៃលោក?

សូមអាន ទំនុកតម្កើង ៤៥:៦, ៧ដោយសារលោកយេស៊ូស្រឡាញ់សេចក្ដីសុចរិតយ៉ាងជ្រាលជ្រៅ ហើយស្អប់អ្វីដែលអាចបង្អាប់ កិត្ដិយសបិតារបស់លោក នោះព្រះយេហូវ៉ាបានរើសតាំងលោកជាស្ដេចនៃរាជាណាចក្ររបស់មេស្ស៊ី។ លោកយេស៊ូបានត្រូវរើសតាំងដោយ«ប្រេងនៃសេចក្ដីត្រេកអរសាទរ»លើសជាង«ពួកសំឡាញ់»របស់លោក ពោលគឺស្ដេចទាំងឡាយនៃស្រុកយូដាដែលកើតពីវង្សត្រកូលរបស់ដាវីឌ។ ហេតុអ្វីដូច្នេះ? មូលហេតុមួយ គឺដោយសារលោកយេស៊ូបានត្រូវរើសតាំងដោយព្រះយេហូវ៉ាផ្ទាល់។ ម្យ៉ាងទៀត ព្រះយេហូវ៉ាបានរើសតាំងលោកជាស្ដេចផងនិងជាសម្ដេចសង្ឃផង។ (ទំនុក. ២:២; ហេ. ៥:៥, ៦) មួយវិញទៀត លោកយេស៊ូមិនបានត្រូវរើសតាំងដោយចាក់ប្រេងទេ តែដោយសកម្មពលបរិសុទ្ធ ហើយលោកមិនគ្រប់គ្រងពីផែនដីទេ តែពីស្ថានសួគ៌វិញ។

. តើតាមរបៀបណាយើងអាចនិយាយថាព្រះជា‹បល្ល័ង្កលោក›យេស៊ូ ហើយហេតុអ្វីយើងអាចប្រាកដថារាជាណាចក្ររបស់លោកគឺសុចរិត?

ព្រះយេហូវ៉ាបានតែងតាំងបុត្ររបស់លោកជាស្ដេចដែលជាមេស្ស៊ីនៅស្ថានសួគ៌នាឆ្នាំ១៩១៤។ «ដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត» ដូច្នេះ នេះធានាថាការគ្រប់គ្រងរបស់លោកគឺសុចរិតយុត្ដិធម៌។ អំណាចរបស់លោកគឺត្រឹមត្រូវតាមច្បាប់ ដោយសារព្រះជា‹បល្ល័ង្កលោក› នេះមានន័យថាព្រះយេហូវ៉ាជាគ្រឹះមូលដ្ឋាននៃរាជាណាចក្ររបស់លោក។ ម្យ៉ាងវិញទៀត បល្ល័ង្ករបស់លោកយេស៊ូនឹងស្ថិតស្ថេរ«ជានិច្ចរៀងរាបទៅ»។ អ្នកប្រាកដជាមានមោទនភាពធ្វើជាអ្នកបម្រើព្រះយេហូវ៉ាក្រោមការគ្រប់គ្រងរបស់ស្ដេចដែលព្រះបានតែងតាំង ដែលមានឫទ្ធានុភាពខ្លាំងក្លាបែបនេះ មែនទេ?

ស្ដេច«ក្រវាត់ដាវ»របស់លោក

៩, ១០. () តើគ្រិស្ដបានក្រវាត់ដាវរបស់លោកនៅពេលណា ហើយតើលោកបានប្រើវាភ្លាមយ៉ាងដូចម្ដេច? () តើតាមរបៀបណាគ្រិស្ដនឹងប្រើដាវរបស់លោកនៅពេលអនាគត?

សូមអាន ទំនុកតម្កើង ៤៥:៣ព្រះយេហូវ៉ាបង្គាប់ឲ្យស្ដេចរបស់លោក«ក្រវាត់ដាវជាប់នៅត្រគាកទ្រង់»។ បង្គាប់នោះអនុញ្ញាតឲ្យលោកយេស៊ូធ្វើសង្គ្រាមនឹងអស់អ្នកដែលប្រឆាំងសិទ្ធិគ្រប់គ្រងរបស់ព្រះ ហើយអនុវត្ដការវិនិច្ឆ័យរបស់លោកលើពួកគេ។ (ទំនុក. ១១០:២) ដោយសារគ្រិស្ដគឺជាស្ដេចដែលពូកែក្នុងការធ្វើសង្គ្រាមដែលគ្មានអ្នកណាអាចយកឈ្នះបាន គម្ពីរបានហៅលោកជា«ព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ»។ លោកបានក្រវាត់ដាវរបស់លោកជាលើកដំបូងនៅឆ្នាំ១៩១៤ ហើយបានឈ្នះសាថាននិងពួកវិញ្ញាណកំណាចរបស់វា ដែលលោកបានបោះទម្លាក់ពីស្ថានសួគ៌មកជិតផែនដី។—បប. ១២:៧-

១០ នោះគ្រាន់តែជាការចាប់ផ្ដើមនៃការធ្វើដំណើររបស់ស្ដេច ដែលប្រកបដោយជ័យជម្នះ។ ប៉ុន្ដែ លោកនៅតែត្រូវ«បង្ហើយជ័យជម្នះរបស់លោក»។ (បប. ៦:២) ព្រះយេហូវ៉ាបានសម្រេចចិត្ដថាផ្នែកទាំងអស់នៃរបៀបរបបរបស់សាថាននឹងត្រូវបំផ្លាញចោល ហើយឥទ្ធិពលរបស់សាថាននិងពួកវិញ្ញាណកំណាចរបស់វានឹងត្រូវដកចេញ។ មុនដំបូង បាប៊ីឡូនដ៏ខ្លាំងក្លាដែលជាសាសនាមិនពិតទាំងអស់នឹងត្រូវបំផ្លាញចោល។ ព្រះយេហូវ៉ាមានគោលបំណងប្រើអ្នកគ្រប់គ្រងរដ្ឋាភិបាលឲ្យបំផ្លាញ«ស្ដ្រីពេស្យា»ដ៏អាក្រក់នេះ។ (បប. ១៧:១៦, ១៧) បន្ទាប់មក ស្ដេចដែលពូកែក្នុងការធ្វើសង្គ្រាមនឹងចាត់វិធានការប្រឆាំងរបៀបរបបនយោបាយរបស់សាថាន ហើយបំផ្លាញរបៀបរបបនោះឲ្យសាបសូន្យ។ ក្រោយមក គ្រិស្ដដែលបានត្រូវហៅដែរថា«ទេវតានៃទីជ្រៅបំផុត»នឹងបង្ហើយជ័យជម្នះរបស់លោកដោយបោះសាថាននិងពួកវិញ្ញាណកំណាចរបស់វាទៅក្នុងទីជ្រៅបំផុត។ (បប. ៩:១, ១១; ២០:១-) សូមយើងពិចារណាអំពីរបៀបដែលទំនុកទី៤៥បានទាយអំពីព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្ដទាំងនេះ។

ស្ដេចជិះទៅ«ដើម្បីការពារសេចក្ដីពិត»

១១. តើតាមរបៀបណាគ្រិស្ដជិះទៅ«ដើម្បីការពារសេចក្ដីពិត»?

១១ សូមអាន ទំនុកតម្កើង ៤៥:៤ស្ដេចដែលពូកែក្នុងការធ្វើសង្គ្រាមមិនធ្វើសង្គ្រាមដើម្បីដណ្ដើមទឹកដី និងដើម្បីមានអំណាចលើមនុស្សឡើយ។ លោកធ្វើសង្គ្រាមសុចរិតដោយមានគោលបំណងដ៏ខ្ពង់ខ្ពស់។ លោកជិះទៅ‹ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព និងសេចក្ដីសុចរិត›។ សេចក្ដីពិតដ៏សំខាន់បំផុតដែលត្រូវការពារគឺសេចក្ដីពិតអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាលើសកលលោក។ សាថានបានប្រឆាំងនឹងសិទ្ធិគ្រប់គ្រងស្របច្បាប់របស់ព្រះយេហូវ៉ា ពេលដែលវាបានបះបោរប្រឆាំងលោក។ តាំងពីពេលនោះមក ទាំងពួកវិញ្ញាណកំណាចទាំងមនុស្ស បានធ្វើឲ្យមានការសង្ស័យទៅលើសេចក្ដីពិតដ៏សំខាន់នេះ។ ឥឡូវនេះគឺដល់ពេលដែលស្ដេចដែលព្រះយេហូវ៉ាបានរើសតាំងជិះសេះទៅធ្វើសង្គ្រាម ហើយបង្ហាញថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសិទ្ធិគ្រប់គ្រង។

១២. តើតាមរបៀបណាស្ដេចជិះទៅ‹ដើម្បីការពារសេចក្ដីសុភាព›?

 ១២ ស្ដេចក៏ជិះទៅ ‹ដើម្បីការពារសេចក្ដីសុភាព›ផងដែរ។ ក្នុងនាមជាបុត្រតែមួយរបស់ព្រះ លោកបានទុកគំរូដ៏ល្អមួយអំពីសេចក្ដីសុភាពចិត្ដរាបទាបនិងការចុះចូលដ៏ស្មោះភក្ដីចំពោះសិទ្ធិគ្រប់គ្រងរបស់បិតាលោក។ (អេ. ៥០:៤, ៥; យ៉ូន. ៥:១៩) រាស្ដ្រស្មោះត្រង់ទាំងអស់របស់ស្ដេចត្រូវធ្វើតាមគំរូរបស់លោក ហើយចុះចូលដោយចិត្ដរាបទាបចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាក្នុងគ្រប់ការទាំងអស់។ មានតែពួកអ្នកដែលធ្វើដូច្នេះប៉ុណ្ណោះ នឹងត្រូវអនុញ្ញាតឲ្យរស់នៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យា។—សាក. ១៤:១៦, ១៧

១៣. តើតាមរបៀបណាគ្រិស្ដចេញទៅ‹ដើម្បីការពារសេចក្ដីសុចរិត›?

១៣ គ្រិស្ដក៏ចេញទៅ‹ដើម្បីការពារសេចក្ដីសុចរិត›ដែរ។ សេចក្ដីសុចរិតដែលស្ដេចការពារ គឺ«សេចក្ដីសុចរិតរបស់ព្រះ» ពោលគឺខ្នាតតម្រារបស់ព្រះយេហូវ៉ាស្ដីអំពីអ្វីដែលត្រូវនិងអ្វីដែលខុស។ (រ៉ូម ៣:២១; ចោ. ៣២:៤) អេសាយបានទាយអំពីស្ដេចយេស៊ូគ្រិស្ដថា«នឹងមានស្ដេចអង្គសោយរាជ្យដោយសុចរិត»។ (អេ. ៣២:១) ការគ្រប់គ្រងរបស់លោកយេស៊ូនឹងធ្វើឲ្យមាន«មេឃថ្មីនិងផែនដីថ្មី»ដែលព្រះបានសន្យា ហើយនៅទីនោះ«សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។ (២ពេ. ៣:១៣) បណ្ដាជនគ្រប់រូបនៃពិភពលោកថ្មីនឹងត្រូវធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។—អេ. ១១:១-

ស្ដេចសម្រេច«ការដែលគួរកោតខ្លាច»

១៤. តើដៃស្ដាំរបស់គ្រិស្ដនឹងសម្រេច«ការដែលគួរកោតខ្លាច»យ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)។

១៤ កាលដែលស្ដេចជិះទៅ លោកមានដាវក្រវាត់នៅត្រគាកលោក។ (ទំនុក. ៤៥:៣) ប៉ុន្ដែ គឺដល់ពេលដែលលោកដកដាវ ហើយប្រើវាដោយដៃស្ដាំរបស់លោក។ អ្នកតែងទំនុកតម្កើងទាយថា«ព្រះហស្ដស្ដាំនៃទ្រង់នឹងបង្រៀនទ្រង់[«នឹងសម្រេច»] ពីការដែលគួរកោតខ្លាច»។ (ទំនុក. ៤៥:៤; ព.ថ.) ពេលលោកយេស៊ូគ្រិស្ដជិះទៅ ដើម្បីអនុវត្ដការវិនិច្ឆ័យរបស់ព្រះយេហូវ៉ានៅសង្គ្រាមហាម៉ាគេដូន លោកនឹងសម្រេច«ការដែលគួរកោតខ្លាច»ប្រឆាំងនឹងសត្រូវរបស់លោក។ យើងមិនដឹងអំពីវិធីដែលលោកនឹងប្រើដើម្បីបំផ្លាញរបៀបរបបរបស់សាថានឡើយ។ ប៉ុន្ដែទង្វើនោះនឹងធ្វើឲ្យបណ្ដាជននៅផែនដីដែលមិនបានធ្វើតាមការព្រមានរបស់ព្រះដែលឲ្យចុះចូលក្រោមការគ្រប់គ្រងរបស់ស្ដេច ភ័យខ្លាចយ៉ាងខ្លាំង។ (សូមអាន ទំនុកតម្កើង ២:១១, ១២) នៅក្នុងទំនាយរបស់លោកស្ដីអំពីគ្រាចុងបញ្ចប់ លោកយេស៊ូបានមានប្រសាសន៍ថាមនុស្សនឹង«ស្ទើរតែសន្លប់បាត់ស្មារតីដោយសារភ័យខ្លាចនិងដោយសាររង់ចាំអ្វីដែលជិតកើតឡើងនៅគ្រប់ទីអាស្រ័យនៅផែនដី ព្រោះកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន»។ លោកបានបន្ថែមថា«នៅពេលនោះ ពួកគេនឹងឃើញកូនមនុស្សមកក្នុងពពក ទាំងមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ»។—លូក. ២១:២៦, ២៧

១៥, ១៦. តើអ្នកណាខ្លះនឹងរួមគ្នាជា«កងទ័ព»ដែលតាមគ្រិស្ដដើម្បីធ្វើសង្គ្រាម?

១៥ ដោយប្រកាសអំពីការមកដល់របស់ស្ដេចដែល«មានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ»ដើម្បីអនុវត្ដការវិនិច្ឆ័យរបស់ព្រះ នោះសៀវភៅការបើកបង្ហាញចែងថា«ខ្ញុំឃើញមេឃបើកចំហឡើង ហើយមើល! មានសេះសម្បុរស។ លោកដែលអង្គុយលើសេះនោះមាននាមថា ស្មោះត្រង់និងពិតត្រង់ ហើយលោកវិនិច្ឆ័យនិងធ្វើសង្គ្រាមដោយសុចរិតយុត្ដិធម៌។ ម្យ៉ាងទៀត បណ្ដាកងទ័ពនៅស្ថានសួគ៌កំពុងជិះសេះសម្បុរមកតាមក្រោយលោក ហើយពួកគេស្លៀកពាក់ក្រណាត់សាច់ល្អស្អាតព័ណ៌ស។ មានដាវមួយវែងយ៉ាងមុតចេញពីមាត់របស់លោក ដើម្បីឲ្យលោកប្រហារប្រជាជាតិនានា ហើយលោកនឹងឃ្វាលពួកគេដោយដំបងដែក។ លោកក៏ជាន់ទំពាំងបាយជូរក្នុងអាងធំសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា គឺអាងកំហឹងនៃសេចក្ដីក្រោធរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។—បប. ១៩:១១, ១៤, ១៥

១៦ តើអ្នកណាខ្លះចូលរួមធ្វើសង្គ្រាមជាមួយនឹងគ្រិស្ដ ដែលរួមគ្នាជា«កងទ័ព»នៅស្ថានសួគ៌ ដែលតាមលោកដើម្បីធ្វើសង្គ្រាម? ពេលលោកយេស៊ូក្រវាត់ដាវរបស់លោកជាលើកដំបូងដើម្បីបណ្ដេញសាថាននិងពួកវិញ្ញាណកំណាចរបស់វាពីស្ថានសួគ៌ «បណ្ដាទេវតារបស់លោក»បានទៅជាមួយលោក។ (បប. ១២:៧-) តាមមើលទៅជាការសមហេតុសមផលដែលយើងសន្និដ្ឋានថា នៅសង្គ្រាមហាម៉ាគេដូន កងទ័ពរបស់គ្រិស្ដនឹងរួមបញ្ចូលបណ្ដាទេវតាបរិសុទ្ធ។ តើកងទ័ពរបស់លោកនឹងរួមបញ្ចូលអ្នកទៀតទេ? លោកយេស៊ូបានធ្វើសេចក្ដីសន្យានេះចំពោះបងប្អូនរបស់លោកដែលបានត្រូវរើសតាំងថា«អ្នកណាដែលឈ្នះ ហើយកាន់តាមការប្រព្រឹត្ដរបស់ខ្ញុំរហូតដល់ទីបញ្ចប់ ខ្ញុំនឹងឲ្យអ្នកនោះមានអំណាចលើប្រជាជាតិទាំងឡាយ  ហើយអ្នកនោះនឹងឃ្វាលបណ្ដាជនដោយដំបងដែក ដើម្បីធ្វើឲ្យពួកគេបែកខ្ចាយដូចភាជនៈដី ដូចអំណាចដែលខ្ញុំបានទទួលពីបិតារបស់ខ្ញុំ»។ (បប. ២:២៦, ២៧) ដូច្នេះកងទ័ពស្ថានសួគ៌របស់គ្រិស្ដក៏នឹងរួមបញ្ចូលអ្នករើសតាំងដែលជាបងប្អូនរបស់លោកដែរ ដែលនៅពេលនោះបានទទួលរង្វាន់នៅស្ថានសួគ៌។ ពួកអ្នករើសតាំងដែលគ្រប់គ្រងជាមួយនឹងលោក នឹងនៅជាមួយលោកពេលលោកសម្រេច«ការដែលគួរកោតខ្លាច» កាលដែលលោកឃ្វាលប្រជាជាតិនានាដោយដំបងដែក។

ស្ដេចបង្ហើយជ័យជម្នះរបស់លោក

១៧. () តើសេះសម្បុរដែលគ្រិស្ដជិះជាតំណាងអ្វី? () តើដាវនិងធ្នូជាតំណាងអ្វី?

១៧ សូមអាន ទំនុកតម្កើង ៤៥:៥ស្ដេចជិះលើសេះសម្បុរស ដែលជាតំណាងសង្គ្រាមស្អាតបរិសុទ្ធនិងសុចរិតតាមទស្សនៈព្រះយេហូវ៉ា។ (បប. ៦:២; ១៩:១១) ក្រៅពីដាវមួយ លោកមានធ្នូមួយ។ គម្ពីរចែងថា«មើល! ខ្ញុំឃើញសេះមួយសម្បុរស ហើយអ្នកដែលជិះសេះនោះមានធ្នូ ក៏ទទួលមកុដ រួចអ្នកនោះចេញទៅយកជ័យជម្នះ ហើយដើម្បីបង្ហើយជ័យជម្នះរបស់លោក»។ ដាវនិងធ្នូជាតំណាងវិធីដែលគ្រិស្ដនឹងប្រើដើម្បីអនុវត្ដការវិនិច្ឆ័យសត្រូវរបស់លោក។

១៨. តើ«ព្រួញ»របស់គ្រិស្ដនឹង«មុត»យ៉ាងដូចម្ដេច?

១៨ ជាពាក្យកំណាព្យ អ្នកតែងទំនុកតម្កើងទាយថា«ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវ»នៃស្ដេច ហើយ«សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់»។ ការសម្លាប់រង្គាលនឹងមាននៅទូទាំងផែនដី។ ទំនាយរបស់យេរេមាបានទាយថា«នៅថ្ងៃនោះ សាកសពនៃមនុស្សដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញ ពីចុងផែនដីម្ខាងទៅដល់ចុងផែនដីម្ខាង»។ (យេ. ២៥:៣៣) ទំនាយស្រដៀងគ្នាមួយចែងថា«ខ្ញុំក៏ឃើញទេវតាមួយឈរនៅមុខថ្ងៃ ហើយគាត់បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់សត្វស្លាបទាំងអស់ដែលហើរនៅកណ្ដាលមេឃថា៖ ‹ចូរប្រមូលគ្នាមកក្នុងការជប់លៀងដ៏ធំរបស់ព្រះ ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេបញ្ជាការកងទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកដែលជិះសេះទាំងនោះ ហើយស៊ីសាច់មនុស្សទាំងឡាយ ទាំងពួកអ្នកមានសេរីភាពទាំងពួកខ្ញុំបម្រើ ទាំងអ្នកតូចទាំងអ្នកធំ›»។—បប. ១៩:១៧, ១៨

១៩. តើគ្រិស្ដនឹង«មានទាំងជ័យជំនះ» ហើយបង្ហើយជ័យជម្នះរបស់លោកយ៉ាងដូចម្ដេច?

១៩ ក្រោយពីបំផ្លាញពិភពលោកដ៏អាក្រក់របស់សាថាន លោកយេស៊ូគ្រិស្ដដែលជាស្ដេចដ៏រុងរឿងនឹង«មានទាំងជ័យជំនះ»។ (ទំនុក. ៤៥:៤) លោកនឹងបង្ហើយជ័យជម្នះរបស់លោកដោយបោះសាថាននិងពួកវិញ្ញាណកំណាចរបស់វាទៅក្នុងទីជ្រៅបំផុតឲ្យពួកវានៅទីនោះអស់រយៈពេលនៃការគ្រប់គ្រងមួយពាន់ឆ្នាំ។ (បប. ២០:២, ៣) ដោយសារមេកំណាចនិងបណ្ដាទេវតារបស់វាជាប់នៅក្នុងទីជ្រៅបំផុតនោះ គឺហាក់ដូចជាពួកវាស្លាប់ ពីព្រោះពួកវាមិនអាចបង្កគ្រោះថ្នាក់បានឡើយ។ មនុស្សទាំងអស់នៅលើផែនដីនឹងអាចរស់នៅយ៉ាងសប្បាយក្រោមការគ្រប់គ្រងរបស់ស្ដេច ដោយគ្មានឥទ្ធិពលពីសាថាននិងពួកវិញ្ញាណកំណាចរបស់វា។ ប៉ុន្ដែ មុនពួកគេឃើញផែនដីទាំងមូលបានត្រូវកែប្រែបន្ដិចម្ដងទៅជាសួនឧទ្យាន ពួកគេនឹងមានមូលហេតុមួយទៀតដើម្បីអរសប្បាយជាមួយនឹងស្ដេចនិងដៃគូរបស់លោកនៅស្ថានសួគ៌។ ព្រឹត្ដិការណ៍ដែលគួរឲ្យសប្បាយរីករាយនោះនឹងត្រូវពិចារណានៅអត្ថបទបន្ទាប់។