លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរក្សាចិត្ដគំនិតលះបង់ប្រយោជន៍ខ្លួន

របៀបរក្សាចិត្ដគំនិតលះបង់ប្រយោជន៍ខ្លួន

​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ឲ្យ​ព្រះ​»។—ម៉ាថ. ១៦:២៤

. តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​អ្វី​ស្ដី​អំពី​ការ​លះ​បង់​ប្រយោជន៍​ខ្លួន?

ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ស្ដី​អំពី​ការ​លះ​បង់​ប្រយោជន៍​ខ្លួន។ លោក​បាន​ទុក​ដោយ​ឡែក​នូវ​សេចក្ដី​ប៉ង​ប្រាថ្នា​និង​ជីវភាព​សុខ​ស្រួល​របស់​លោក ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ (​យ៉ូន. ៥:៣០​) ដោយ​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​លើ​បង្គោល​ទារុណកម្ម លោក​បាន​ស​ឲ្យ​ឃើញ​ថា​ការ​សុខ​ចិត្ដ​លះ​បង់​របស់​លោក​គឺ​គ្មាន​កម្រិត​ទេ។—ភី. ២:៨

. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ចិត្ដ​គំនិត​លះ​បង់ ហើយ​ហេតុ​អ្វី​យើង​គួរ​ធ្វើ​ដូច្នោះ?

ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ យើង​ក៏​ត្រូវ​បង្ហាញ​នូវ​ចិត្ដ​គំនិត​លះ​បង់​ដែរ។ តើ​ការ​មាន​ចិត្ដ​គំនិត​លះ​បង់​មាន​ន័យ​ដូច​ម្ដេច? បើ​និយាយ​ឲ្យ​ស្រួល​យល់ នេះ​មាន​ន័យ​ថា​បុគ្គល​ម្នាក់​សុខ​ចិត្ដ​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ ក្នុង​ន័យ​ម្យ៉ាង នេះ​គឺ​ផ្ទុយ​ពី​ការ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (សូមអាន ម៉ាថាយ ១៦:២៤) ចិត្ដ​គំនិត​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន អាច​ជួយ​យើង​ឲ្យ​ចាត់​ទុក​អារម្មណ៍​និង​ចំណង់​ចំណូល​ចិត្ដ​របស់​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​អារម្មណ៍​និង​ចំណង់​ចំណូល​ចិត្ដ​របស់​យើង។ (​ភី. ២:៣, ៤​) តាម​ការ​ពិត លោក​យេស៊ូ​បាន​បង្រៀន​ថា​ចិត្ដ​គំនិត​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​គឺ​សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ ហេតុ​អ្វី? សេចក្ដី​ស្រឡាញ់​ជា​គ្រិស្ដ​សាសនិក ដែល​ជា​អ្វី​មួយ​ដែល​ជំរុញ​ឲ្យ​លះ​បង់​ប្រយោជន៍​ខ្លួន គឺ​ជា​សញ្ញា​សម្គាល់​នៃ​អ្នក​កាន់​តាម​ពិត​ប្រាកដ​របស់​លោក​យេស៊ូ។ (​យ៉ូន. ១៣:៣៤, ៣៥​) សូម​គិត​អំពី​ពរ​ដែល​យើង​ទទួល​ដោយ​សារ​យើង​រួម​ចំណែក​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក ដែល​បង្ហាញ​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន!

. តើ​អ្វី​អាច​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​យើង​ចុះ​ខ្សោយ?

ប៉ុន្ដែ យើង​ប្រឈម​មុខ​នឹង​សត្រូវ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​លះ​បង់​របស់​យើង​ចុះ​ខ្សោយ។  សត្រូវ​នោះ​គឺ​ភាព​ទោរ​ទន់​របស់​យើង​ទៅ​គិត​តែ​អំពី​ខ្លួន​យើង។ សូម​ចាំ​អំពី​របៀប​ដែល​អាដាម​និង​អេវ៉ា​បាន​បង្ហាញ​នូវ​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ អេវ៉ា​បាន​ប្រព្រឹត្ដ​ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​សារ​នាង​ចង់​ដូច​ព្រះ។ ដោយ​ចង់​ធ្វើ​ឲ្យ​នាង​ពេញ​ចិត្ដ ប្ដី​របស់​នាង​បាន​បង្ហាញ​នូវ​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (​លោ. ៣:៦​) ក្រោយ​ពី​បាន​បំបែរ​អាដាម​និង​អេវ៉ា​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត មេកំណាច​បាន​បន្ដ​ល្បួង​មនុស្ស​ឲ្យ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ វា​ថែម​ទាំង​បាន​ព្យាយាម​ធ្វើ​ដូច្នេះ ពេល​វា​ល្បួង​លោក​យេស៊ូ។ (​ម៉ាថ. ៤:១​-​៩​) នៅ​សម័យ​យើង​នេះ សាថាន​បាន​បំភាន់​មនុស្ស​ភាគ​ច្រើន​ដោយ​ជោគជ័យ ដោយ​ជំរុញ​ពួក​គេ​ឲ្យ​បង្ហាញ​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ យើង​គួរ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​រឿង​នេះ ពីព្រោះ​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​អាច​ជះ​ឥទ្ធិពល​មក​លើ​យើង។—អេភ. ២:២

. (​ក​) តើ​សព្វ​ថ្ងៃ​នេះ​យើង​អាច​បំបាត់​ចោល​នូវ​ភាព​ទោរ​ទន់​ទៅ​គិត​តែ​ប្រយោជន៍​ខ្លួន​ឬ​ទេ? សូម​ពន្យល់។ (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

យើង​អាច​ប្រៀប​ធៀប​ការ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​នឹង​ច្រែះ​ដែល​ស៊ី​ដែក។ ប្រសិនបើ​វត្ថុ​មួយ​ដែល​ធ្វើ​ពី​ដែក​នៅ​ហាល​ភ្លៀង​ហាល​ថ្ងៃ វា​អាច​ចាប់​ផ្ដើម​មាន​ច្រែះ​ស៊ី។ គ្រោះ​ថ្នាក់​ពិត​ជា​អាច​កើត​ឡើង បើ​មិន​យក​ចិត្ដ​ទុក​ដាក់​នឹង​ច្រែះ ហើយ​ឲ្យ​វា​កើត​កាន់​តែ​ច្រើន​រហូត​ដល់​បណ្ដាល​ឲ្យ​សំណង់​ខូច​ខាត​ឬ​រលំ។ ស្រដៀង​គ្នា​ដែរ ទោះ​ជា​សព្វ​ថ្ងៃ​នេះ​យើង​មិន​អាច​បំបាត់​ចោល​នូវ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​និង​ភាព​ទោរ​ទន់​ទៅ​គិត​តែ​ប្រយោជន៍​ខ្លួន​ក៏​ដោយ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​ដែល​វា​អាច​បណ្ដាល​ឲ្យ​មាន ហើយ​បន្ដ​ប្រយុទ្ធ​នឹង​ភាព​ទោរ​ទន់​បែប​នេះ។ (​១កូ. ៩:២៦, ២៧​) តើ​តាម​របៀប​ណា​យើង​អាច​ដឹង​ថា​យើង​មាន​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន? ហើយ​តើ​យើង​អាច​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​កាន់​តែ​ច្រើន​ថែម​ទៀត​យ៉ាង​ដូច​ម្ដេច?

ចូរ​ប្រើ​គម្ពីរ​ដើម្បី​ពិនិត្យ​មើល​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន

. (​ក​) តើ​គម្ពីរ​ប្រៀប​ដូច​ជា​កញ្ចក់​មួយ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)។ (​ខ​) ពេល​ពិនិត្យ​មើល​ខ្លួន​យើង​ថា​មាន​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឬ​មិន​មាន តើ​យើង​ត្រូវ​ជៀស​វាង​មិន​ធ្វើ​អ្វី?

យើង​អាច​ប្រើ​កញ្ចក់​ដើម្បី​ពិនិត្យ​មើល​អាការ​ក្រៅ​របស់​យើង ដូច​គ្នា​ដែរ យើង​អាច​ប្រើ​គម្ពីរ​ដើម្បី​ពិនិត្យ​មើល​ធាតុ​ពិត​របស់​យើង ហើយ​កែ​ប្រែ​លក្ខណៈ​មិន​ល្អ​ដែល​យើង​អាច​រក​ឃើញ។ (សូមអាន យ៉ាកុប ១:២២-២៥) ប៉ុន្ដែ​កញ្ចក់​នឹង​ជួយ​យើង​ឲ្យ​មើល​អាការ​ក្រៅ​របស់​យើង លុះ​ត្រា​តែ​យើង​ប្រើ​វា​យ៉ាង​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ បើ​យើង​គ្រាន់តែ​មើល​កញ្ចក់​មួយ​ភ្លែត​ប៉ុណ្ណោះ យើង​ប្រហែល​ជា​មិន​កត់​សម្គាល់​ស្នាម​ប្រឡាក់​តូច តែ​ច្បាស់​ឡើយ។ ឬ​បើ​យើង​មើល​កញ្ចក់​ពី​ជ្រុង​ម្ខាង យើង​ប្រហែល​ជា​ឃើញ​រូប​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត។ ស្រដៀង​គ្នា​ដែរ ពេល​យើង​ប្រើ​គម្ពីរ​ដើម្បី​ឃើញ​លក្ខណៈ​មិន​ល្អ​មួយ​ដូច​ជា​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ជា​ដើម យើង​មិន​គួរ​គ្រាន់តែ​អាន​ម្ដង​ម្កាល​ប៉ុណ្ណោះ​ទេ ឬ​ប្រើ​គម្ពីរ​ដើម្បី​ឃើញ​កំហុស​របស់​អ្នក​ណា​ផ្សេង​ទៀត​ឡើយ។

. តើ​តាម​របៀប​ណា​យើង​ធ្វើ​តាម​ច្បាប់​ល្អ​ឥត​ខ្ចោះ​«​ជា​និច្ច​»​?

ជា​ឧទាហរណ៍ យើង​អាច​អាន​គម្ពីរ​ជា​ទៀង​ទាត់ សូម្បី​តែ​អាន​រាល់​ថ្ងៃ​ក៏​ដោយ ក៏​នៅ​តែ​មិន​ឃើញ​ថា​យើង​ចាប់​ផ្ដើម​មាន​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​តាម​ការ​ពិត​កំពុង​ដុះ​ដាល​ឡើង​នៅ​ក្នុង​ខ្លួន​យើង​នោះ​ទេ។ ហេតុ​អ្វី? សូម​ពិចារណា​ចំណុច​នេះ។ នៅ​ក្នុង​ឧទាហរណ៍​របស់​យ៉ាកុប​អំពី​កញ្ចក់ បញ្ហា​មិន​មែន​ដោយ​សារ​បុរស​នោះ​មិន​បាន​មើល​ឲ្យ​បាន​ដិត​ដល់​នោះ​ឡើយ។ យ៉ាកុប​បាន​សរសេរ​ថា​បុរស​នោះ​«​ឆ្លុះមុខ​ខ្លួន​ឯង​»។ នៅ​ខ​នេះ យ៉ាកុប​បាន​ប្រើ​ពាក្យ​ភាសា​ក្រិច​ដែល​បង្កប់​អត្ថ​ន័យ​ថា​ពិនិត្យពិច័យ​ឬ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់។ ដូច្នេះ ក្នុង​ករណី​នេះ តើ​បុរស​នោះ​មាន​បញ្ហា​អ្វី? យ៉ាកុប​បាន​បន្ដ​ថា​៖ ​«​រួច​ចេញ​ទៅ​ភ្លេច​ភ្លាម​ថា ខ្លួន​គាត់​ជា​មនុស្ស​បែប​ណា​»។ មែន​ហើយ គាត់​បាន​បែរ​មុខ​ចេញ​ពី​កញ្ចក់​ដោយ​មិន​បាន​ប្រព្រឹត្ដ​ស្រប​តាម​អ្វី​ដែល​គាត់​បាន​ឃើញ។ ផ្ទុយ​ទៅ​វិញ បុរស​ដែល​មាន​ជោគជ័យ​មិន​គ្រាន់តែ​«​ពិនិត្យ​មើល​ច្បាប់​ល្អ​ឥត​ខ្ចោះ​»​ប៉ុណ្ណោះ​ទេ តែ​ក៏​«​ព្យាយាម​ធ្វើ​នោះ​ជា​និច្ច​»​ដែរ។ ជា​ជាង​ទុក​ច្បាប់​ល្អ​ឥត​ខ្ចោះ​នៃ​បណ្ដាំ​របស់​ព្រះ​ចោល គាត់​ព្យាយាម​ធ្វើ​តាម​សេចក្ដី​បង្រៀន​នៃ​បណ្ដាំ​របស់​ព្រះ​ជា​និច្ច។ លោក​យេស៊ូ​បាន​បញ្ជាក់​ចំណុច​មួយ​ស្រដៀង​គ្នា​នេះ ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​ខ្ញុំ​មែន​»។—យ៉ូន. ៨:៣១

. តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​គម្ពីរ​ដើម្បី​ពិនិត្យ​មើល​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​ចាប់​ផ្ដើម​កើត​មាន​ឡើង?

ហេតុ​នេះ ដើម្បី​កម្ចាត់​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​ចាប់​ផ្ដើម​កើត​មាន​ឡើង មុន​ដំបូង​យើង​ត្រូវ​អាន​បណ្ដាំ​របស់​ព្រះ​ដោយ​យក​ចិត្ដ​ទុក​ដាក់។ នោះ​អាច​ជួយ​អ្នក​រក​ឃើញ​ចំណុច​ដែល​អ្នក ត្រូវ​យក​ចិត្ដ​ទុក​ដាក់។ ប៉ុន្ដែ អ្នក​ត្រូវ​ធ្វើ​លើស​ពី​នោះ​ទៅ​ទៀត។ ចូរ​សិក្សា​បណ្ដាំ​របស់​ព្រះ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ដោយ​ធ្វើ​ការ​ស្រាវជ្រាវ។ កាល​ណា​អ្នក​យល់​ច្បាស់​នូវ​កំណត់​ហេតុ​មួយ​ក្នុង​គម្ពីរ សូម​ស្រមៃ​គិត​ថា​អ្នក​ជា​បុគ្គល​នៅ​ក្នុង​កំណត់​ហេតុ​នេះ ដោយ​សួរ​សំណួរ​ទាំង​នេះ​ថា‹តើ​ខ្ញុំ​នឹង​ប្រព្រឹត្ដ​យ៉ាង​ណា​ក្នុង​ស្ថានភាព​នេះ? តើ​ខ្ញុំ​ពិត​ជា​នឹង​ប្រព្រឹត្ដ​តាម​របៀប​ត្រឹម​ត្រូវ​ឬ​ទេ?› សំខាន់​បំផុត ក្រោយ​ពី​អ្នក​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន សូម​ព្យាយាម​ធ្វើ​តាម​អ្វី​នោះ។ (​ម៉ាថ. ៧:២៤, ២៥​) យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ប្រើ​កំណត់​ហេតុ​អំពី​ស្ដេច​សូល​និង​សាវ័ក​ពេត្រុស ដើម្បី​ជួយ​យើង​រក្សា​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន។

ចូរ​រៀន​ពី​គំរូ​របស់​ស្ដេច​សូល​ដែល​ទុក​ជា​ការ​ព្រមាន

. ពេល​សូល​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង តើ​គាត់​មាន​ចិត្ដ​គំនិត​បែប​ណា ហើយ​តើ​គាត់​បាន​បង្ហាញ​ចិត្ដ​គំនិត​នេះ​យ៉ាង​ដូច​ម្ដេច?

គំរូ​របស់​ស្ដេច​សូល​នៃ​ស្រុក​អ៊ីស្រាអែល​ជា​ការ​ព្រមាន​ដល់​យើង​ស្ដី​អំពី​របៀប​ដែល​ការ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​អាច​បង្ខូច​ចិត្ដ​គំនិត​លះ​បង់​របស់​យើង។ ដោយ​មាន​ចិត្ដ​រាប​ទាប សូល​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង។ (​១សាំ. ៩:២១​) គាត់​មិន​ព្រម​ដាក់​ទោស​ជន​ជាតិ​អ៊ីស្រាអែល​ដែល​និយាយ​ប្រឆាំង​អំណាច​គ្រប់​គ្រង​របស់​គាត់ ទោះ​ជា​គាត់​អាច​គិត​ថា​គាត់​មាន​មូលហេតុ​ដើម្បី​ការពារ​មុខ​តំណែង​ដែល​ព្រះ​បាន​ឲ្យ​គាត់​ក៏​ដោយ។ (​១សាំ. ១០:២៧​) ស្ដេច​សូល​បាន​ទទួល​យក​ការ​ណែនាំ​ពី​សកម្មពល​របស់​ព្រះ ដោយ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​សង្គ្រាម​ដោយ​ជោគជ័យ​លើ​ជន​ជាតិ​អាំម៉ូន។ ក្រោយ​មក ដោយ​ចិត្ដ​រាប​ទាប គាត់​បាន​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា​ចំពោះ​ជ័យ​ជម្នះ​នោះ។—១សាំ. ១១:៦, ១១​-​១៣

. តើ​សូល​បាន​ចាប់​ផ្ដើម​មាន​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

ក្រោយ​មក សូល​បាន​ឲ្យ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​និង​អំណួត​កើត​មាន​ឡើង ដូច​ជា​ច្រែះ​ដែល​ស៊ី​ដែក។ ពេល​គាត់​បាន​ឈ្នះ​សង្គ្រាម​លើ​ជន​ជាតិ​អាម៉ាលេក គាត់​បាន​ចាត់​ទុក​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គាត់​ថា​សំខាន់​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ដោយ​ចិត្ដ​លោភ​លន់ សូល​បាន​យក​របឹប ជា​ជាង​បំផ្លាញ​វា​ចោល​ដូច​ព្រះ​បាន​បង្គាប់។ រួច​មក​ដោយ​មាន​អំណួត សូល​បាន​ដំឡើង​គោល ឬ​ធ្វើ​អ្វី​មួយ​សម្រាប់​រំលឹក​អំពី​ស្នា​ដៃ​របស់​គាត់។ (​១សាំ. ១៥:៣, ៩, ១២​) ពេល​សាំយូអែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​គាត់​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ​ទេ នោះ​សូល​បាន​ខំ​ដោះ​សា​ដោយ​បញ្ជាក់​អំពី​បង្គាប់​របស់​ព្រះ​ដែល​គាត់​បាន​ធ្វើ​តាម​និង​ដោយ​ទម្លាក់​កំហុស​របស់​គាត់​ទៅ​លើ​អ្នក​ឯ​ទៀត។ (​១សាំ. ១៥:១៦​-​២១​) ម្យ៉ាង​វិញ​ទៀត អំណួត​បាន​ធ្វើ​ឲ្យ​សូល​ចាត់​ទុក​ការ​ការពារ​កុំ​ឲ្យ​អាប់​មុខ​ខ្លួន​ថា​សំខាន់​ជាង​ការ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ។ (​១សាំ. ១៥:៣០​) តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​កំណត់​ហេតុ​អំពី​សូល​ដើម្បី​ជួយ​យើង​រក្សា​ចិត្ដ​គំនិត​ដែល​មិន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន?

១០, ១១. (​ក​) តើ​បទ​ពិសោធន៍​របស់​សូល​បង្រៀន​យើង​អ្វី​ស្ដី​អំពី​ការ​រក្សា​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន? (​ខ​) តើ​យើង​អាច​ជៀស​វាង​មិន​ធ្វើ​តាម​ការ​ប្រព្រឹត្ដ​អាក្រក់​របស់​សូល​យ៉ាង​ដូច​ម្ដេច?

១០ ទី​១ បទ​ពិសោធន៍​របស់​សូល​បង្ហាញ​ថា​យើង​មិន​អាច​គិត​ថា តែ​ប៉ុណ្ណេះ​គឺ​គ្រប់​គ្រាន់​ហើយ ដោយ​ជឿ​ថា​បើ​យើង​ធ្លាប់​បាន​បង្ហាញ​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន នោះ​យើង​នឹង​បន្ដ​បង្ហាញ​ចិត្ដ​គំនិត​នោះ​ជា​ស្វ័យប្រវត្ដិ។ (​១ធី. ៤:១០​) សូម​ចាំ​ជា​និច្ច​ថា​អស់​មួយ​រយៈ​ពេល សូល​បាន​ធ្វើ​ល្អ ហើយ​បាន​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ ប៉ុន្ដែ​គាត់​មិន​បាន​បំបាត់​ចោល​ភាព​ទោរ​ទន់​ទៅ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​បាន​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​លើ​គាត់​ឡើយ។ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​សូល​ជា​ស្ដេច​ទៀត ដោយ​សារ​គាត់​មិន​ស្ដាប់​បង្គាប់​លោក។

១១ ទី​២ យើង​គួរ​ប្រុង​ប្រយ័ត្ន​មិន​ផ្ចង់​ចិត្ដ​ទៅ​លើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​បាន​ល្អ​ក្នុង​ជីវិត​ប៉ុណ្ណោះ ដោយ​មិន​អើពើ​នឹង​អ្វី​ដែល​យើង​ត្រូវ​កែ​លម្អ​នោះ​ឡើយ។ នេះ​គឺ​ដូច​ជា​ការ​ប្រើ​កញ្ចក់​ដើម្បី​ផ្អៀងផ្អង​មើល​សម្លៀក​បំពាក់​ថ្មី​របស់​យើង​ដោយ​ពេញ​ចិត្ដ ហើយ​មិន​កត់​សម្គាល់​ស្នាម​ប្រឡាក់​នៅ​លើ​មុខ​យើង​ទេ។ ទោះ​ជា​យើង​ប្រហែល​ជា​មិន​ស្កប់​ចិត្ដ​នឹង​ខ្លួន​យើង​ដូច​សូល​ក៏​ដោយ យើង​គួរ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ជៀស​វាង​ពី​ភាព​ទោរ​ទន់​ណា​ដែល​អាច​នាំ​យើង​ឲ្យ​ប្រព្រឹត្ដ​អាក្រក់​ដូច​គាត់។ បើ​គេ​ឲ្យ​ឱវាទ​ដល់​យើង ចូរ​យើង​កុំ​ខំ​ដោះ​សា​ចំពោះ​ការ​ប្រព្រឹត្ដ​របស់​យើង មើល​ស្រាល​បញ្ហា​នោះ ឬ​ទម្លាក់​កំហុស​លើ​អ្នក​ឯ​ទៀត​ឡើយ។ ជា​ជាង​ធ្វើ​ដូច​សូល ជា​ការ​ល្អ​ប្រសើរ​ជាង​បើ​យើង​ព្រម​ទទួល​ឱវាទ។—សូមអាន ទំនុកតម្កើង ១៤១:៥

១២. តើ​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​អាច​ជួយ​យើង​យ៉ាង​ណា បើ​យើង​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ?

១២ ប៉ុន្ដែ ចុះ​យ៉ាង​ណា​បើ​យើង​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ? សូល​ចង់​រក្សា​កេរ្ដិ៍​ឈ្មោះ​របស់​គាត់ ហើយ​នេះ​បាន​រារាំង​មិន​ឲ្យ​គាត់​មាន ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​ឡើង​វិញ។ ផ្ទុយ​ទៅ​វិញ ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​អាច​ជួយ​យើង​យក​ឈ្នះ​អារម្មណ៍​អៀន​ខ្មាស ហើយ​សុំ​ជំនួយ​ដែល​ចាំ​បាច់។ (​សុភ. ២៨:១៣; យ៉ា. ៥:១៤​-​១៦​) ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​បាន​ចាប់​ផ្ដើម​មើល​រូប​អាសអាភាស ពេល​គាត់​មាន​អាយុ​១២​ឆ្នាំ ហើយ​គាត់​បាន​បន្ដ​ធ្វើ​ដូច្នេះ​ដោយ​ស្ងាត់​កំបាំង​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍។ គាត់​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ពិបាក​សារភាព​ប្រាប់​ប្រពន្ធ​ខ្ញុំ​និង​អ្នក​ចាស់​ទុំ​ខ្លាំង​ណាស់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ។ ប៉ុន្ដែ ឥឡូវ​នេះ​ដោយ​សារ​ខ្ញុំ​បាន​សារភាព​អំពី​រឿង​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ទម្ងន់​ដ៏​ធំ​មួយ​បាន​ត្រូវ​ដក​ពី​ស្មា​ខ្ញុំ។ មិត្ដ​ភក្ដិ​ខ្លះ​របស់​ខ្ញុំ​បាន​ខក​ចិត្ដ​ពេល​ខ្ញុំ​បាត់​បង់​ឯកសិទ្ធិ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ដែល​ហាក់​ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ដ​អ្វី​ខុស​ទៅ​លើ​ពួក​គេ។ ប៉ុន្ដែ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​កិច្ច​បម្រើ​របស់​ខ្ញុំ​ឥឡូវ​នេះ​ជាង​ពេល​ខ្ញុំ​កំពុង​មើល​រូប​អាសអាភាស ហើយ​ទស្សនៈ​របស់​លោក​គឺ​ជា​អ្វី​ដែល​ពិត​ជា​សំខាន់​»។

ពេត្រុស​បាន​យក​ឈ្នះ​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​គាត់

១៣, ១៤. តើ​ពេត្រុស​បាន​បង្ហាញ​ទំនោរ​ចិត្ដ​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​គាត់​យ៉ាង​ដូច​ម្ដេច?

១៣ សាវ័ក​ពេត្រុស​បាន​បង្ហាញ​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ពេល​ដែល​គាត់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​លោក​យេស៊ូ។ (​លូក. ៥:៣​-​១១​) ប៉ុន្ដែ គាត់​ត្រូវ​យក​ឈ្នះ​ទំនោរ​ចិត្ដ​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​គាត់។ ជា​ឧទាហរណ៍ គាត់​បាន​ទាស់​ចិត្ដ ពេល​សាវ័ក​យ៉ាកុប​និង​យ៉ូហាន​បាន​រក​វិធី​ដើម្បី​បាន​ឋានៈ​ធំ​ក្បែរ​លោក​យេស៊ូ​នៅ​រាជាណាចក្រ​ព្រះ។ ប្រហែល​ជា​ពេត្រុស​បាន​គិត​ថា​អាសនៈ​មួយ​ក្នុង​ចំណោម​អាសនៈ​ទាំង​នោះ​គួរ​តែ​សម្រាប់​គាត់ ពីព្រោះ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​រួច​ហើយ​ថា​ពេត្រុស​នឹង​មាន​តួនាទី​ពិសេស។ (​ម៉ាថ. ១៦:១៨, ១៩​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​យេស៊ូ​បាន​ព្រមាន​យ៉ាកុប​និង​យ៉ូហាន ព្រម​ទាំង​ពេត្រុស​និង​សាវ័ក​ឯ​ទៀត​កុំ​ឲ្យ​ខំ​ព្យាយាម​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយ​«​ត្រួត​ត្រា​លើ​»​បង​ប្អូន​របស់​ពួក​គាត់។—ម៉ាក. ១០:៣៥​-​៤៥

១៤ សូម្បី​តែ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ព្យាយាម​កែ​តម្រង់​គំនិត​របស់​ពេត្រុស​ក៏​ដោយ ក៏​ពេត្រុស​នៅ​តែ​បង្ហាញ​ទំនោរ​ចិត្ដ​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ពេល​លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​ថា​ពួក​គាត់​នឹង​បោះបង់​លោក​ចោល​មួយ​រយៈ​ពេល ពេត្រុស​បន្ទាប​អ្នក​ឯ​ទៀត ហើយ​លើក​ខ្លួន​គាត់​ដោយ​អះអាង​ថា​មាន​តែ​គាត់​ប៉ុណ្ណោះ​ដែល​នឹង​ស្មោះ​ត្រង់។ (​ម៉ាថ. ២៦:៣១​-​៣៣​) ការ​អះអាង​របស់​គាត់​គឺ​មិន​ត្រឹម​ត្រូវ​ទេ ពីព្រោះ​នៅ​យប់​នោះ​គាត់​មិន​បាន​បង្ហាញ​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​ឡើយ។ ដោយ​សារ​គាត់​ខំ​ការពារ​ខ្លួន​គាត់ នោះ​ពេត្រុស​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​បី​ដង។—ម៉ាថ. ២៦:៦៩​-​៧៥

១៥. បើ​និយាយ​ជា​ទូទៅ ហេតុ​អ្វី​គំរូ​របស់​ពេត្រុស​លើក​ទឹក​ចិត្ដ​យើង?

 ១៥ ទោះ​ជា​ពេត្រុស​បាន​ខំ​ប្រឹង​យក​ឈ្នះ ហើយ​ចុះ​ចាញ់​ទំនោរ​ចិត្ដ​បែប​នេះ​ក៏​ដោយ ជីវិត​របស់​គាត់​គឺ​ជា​គំរូ​មួយ​ដែល​លើក​ទឹក​ចិត្ដ​យើង។ ដោយ​សារ​ការ​ខំ​ព្យាយាម​របស់​គាត់​និង​ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ពេត្រុស​អាច​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​គាត់ ហើយ​បង្ហាញ​ការ​ចេះ​ទប់​ចិត្ដ​និង​សេចក្ដី​ស្រឡាញ់​ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន។ (​កាឡ. ៥:២២, ២៣​) គាត់​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​ពី​មុន​គាត់​មិន​អាច​ស៊ូ​ទ្រាំ​បាន។ ពេល​សាវ័ក​ប៉ូល​ស្ដី​បន្ទោស​គាត់​ជា​សាធារណៈ របៀប​ដែល​គាត់​បាន​ប្រព្រឹត្ដ​តប​ទៅ​វិញ​បង្ហាញ​ថា​គាត់​មាន​ចិត្ដ​រាប​ទាប។ (​កាឡ. ២:១១​-​១៤​) ក្រោយ​ពី​គាត់​បាន​ត្រូវ​ស្ដី​បន្ទោស ពេត្រុស​មិន​បាន​ចង​គំនុំ ហើយ​គិត​ថា​ការ​ស្ដី​បន្ទោស​របស់​ប៉ូល​ធ្វើ​ឲ្យ​គាត់​អាប់​ឱន​កិត្ដិយស​នោះ​ឡើយ។ ពេត្រុស​បាន​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប៉ូល។ (​២ពេ. ៣:១៥​) គំរូ​របស់​ពេត្រុស​អាច​ជួយ​យើង​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន។

ក្រោយ​ពី​បាន​ត្រូវ​កែ​តម្រង់ តើ​ពេត្រុស​បាន​ប្រព្រឹត្ដ​តប​ទៅ​វិញ​យ៉ាង​ណា? តើ​យើង​នឹង​ប្រព្រឹត្ដ​តប​ទៅ​វិញ​ស្រដៀង​គ្នា​នេះ​ឬ​ទេ? (​សូម​មើល​វគ្គ​១៥)

១៦. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​ក្នុង​ស្ថានភាព​ពិបាក?

១៦ សូម​គិត​អំពី​របៀប​ដែល​អ្នក​ប្រព្រឹត្ដ​ក្នុង​ស្ថានភាព​ពិបាក។ ពេល​ពេត្រុស​និង​ពួក​សាវ័ក​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក ហើយ​បន្ទាប់​មក​ត្រូវ​គេ​វាយ​នឹង​ខ្សែ​តី​ដោយ​សារ​ពួក​គាត់​ផ្សព្វ​ផ្សាយ ពួក​គាត់​បាន​ត្រេក​អរ​«​ពីព្រោះ​ពួក​គាត់​បាន​ត្រូវ​រាប់​ជា​សម​នឹង​ទទួល​ការ​មើល​ងាយ ដោយ​សារ​នាម​របស់​លោក[​យេស៊ូ​]​»។ (​សកម្ម. ៥:៤១​) អ្នក​ក៏​អាច​ចាត់​ទុក​ការ​បៀតបៀន​ថា​ជា​ឱកាស​មួយ​ដើម្បី​យក​តម្រាប់​ពេត្រុស ហើយ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​យេស៊ូ​ដោយ​បង្ហាញ​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន។ (សូមអាន ពេត្រុសទី១ ២:២០, ២១) ចិត្ដ​គំនិត​នេះ​ក៏​អាច​ជួយ​អ្នក បើ​អ្នក​បាន​ទទួល​ការ​ប្រៀន​ប្រដៅ​ដែល​អ្នក​ត្រូវ​ការ​ពី​ពួក​អ្នក​ចាស់​ទុំ។ សូម​ធ្វើ​តាម​គំរូ​របស់​ពេត្រុស​ជា​ជាង​អាក់​អន់​ចិត្ដ។—សាស្ដ. ៧:៩

១៧, ១៨. (​ក​) តើ​យើង​អាច​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី ស្ដី​អំពី​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ? (​ខ​) តើ​យើង​អាច​ធ្វើ​អ្វី បើ​យើង​ដឹង​ថា​យើង​មាន​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន?

១៧ បើ​និយាយ​អំពី​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ អ្នក​ក៏​អាច​ទទួល​ប្រយោជន៍​ដែរ​ពី​គំរូ​របស់​ពេត្រុស។ អ្នក​អាច​ព្យាយាម​សម្រេច​គោល​ដៅ​បែប​នេះ តាម​របៀប​ដែល​បង្ហាញ​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន។ ប៉ុន្ដែ សូម​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ការ​ព្យាយាម​នេះ​ក្លាយ​ទៅ​ជា​ការ​ស្វែងរក​ឋានៈ​ធំ​វិញ​ឡើយ។ ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ការ​ដែល​ខ្ញុំ​ចង់​កែ​លម្អ ឬ​បង្កើន​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា គឺ​ដោយ​សារ​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ទទួល​ស្គាល់​ខ្ញុំ ឬ​សិទ្ធិ​អំណាច​របស់​ខ្ញុំ​កាន់​តែ​ខ្លាំង​ឡើង ដូច​ក្នុង​ករណី​របស់​យ៉ាកុប​និង​យ៉ូហាន​ដែល​បាន​ធ្វើ​សំណូម​ពរ​ទៅ​លោក​យេស៊ូ​ឬ?›។

១៨ បើ​អ្នក​រក​ឃើញ​ថា​អ្នក​មាន​គំនិត​គិត​តែ​ប្រយោជន៍​ខ្លួន​មួយ​កម្រិត ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​កែ​តម្រង់​របៀប​គិត​គូរ​និង​អារម្មណ៍​របស់​អ្នក បន្ទាប់​មក​ខំ​ព្យាយាម​កាន់​តែ​ខ្លាំង​ដើម្បី​ផ្ចង់​អារម្មណ៍​ទៅ​លើ​កិត្ដិនាម​របស់​លោក​ជា​ជាង​កិត្ដិនាម​របស់​អ្នក។ (​ទំនុក. ៨៦:១១​) អ្នក​ក៏​អាច​ស្វែងរក​សម្រេច​គោល​ដៅ​ដែល​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​លេច​មុខ​លេច​មាត់​ដែរ។ ជា​ឧទាហរណ៍ អ្នក​អាច​បណ្ដុះ​ឲ្យ​មាន​ច្រើន​ជាង​នូវ​លក្ខណៈ​ខ្លះ​នៃ​ផល​ផ្លែ​របស់​សកម្មពល​ដែល​អ្នក​គិត​ថា​អ្នក​ពិបាក​ខ្លាំង​ដើម្បី​បណ្ដុះ​ឲ្យ​មាន។ ម្យ៉ាង​ទៀត​បើ​អ្នក​រៀបចំ​ផ្នែក​របស់​អ្នក​នៅ​កិច្ច​ប្រជុំ​យ៉ាង​ហ្មត់​ចត់ ប៉ុន្ដែ​មិន​សូវ​យក​ចិត្ដ​ទុក​ដាក់​ចូល​រួម​សម្អាត​សាល​ប្រជុំ អ្នក​អាច​កំណត់​គោល​ដៅ​ដើម្បី​ធ្វើ​តាម​ឱវាទ​នៅ​សៀវភៅ​រ៉ូម ១២:១៦ (សូមអាន)។

១៩. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ដ​ដោយ​សារ​អ្វី​ដែល​យើង​ឃើញ​តាម​រយៈ​បណ្ដាំ​របស់​ព្រះ​ដែល​ប្រៀប​ដូច​ជា​កញ្ចក់?

១៩ ពេល​យើង​ពិនិត្យ​មើល​ខ្លួន​យើង​យ៉ាង​ហ្មត់​ចត់​តាម​រយៈ​បណ្ដាំ​របស់​ព្រះ ដែល​ប្រៀប​ដូច​ជា​ឆ្លុះ​កញ្ចក់ ហើយ​ឃើញ​ថា​យើង​មាន​គុណ​វិបត្ដិ ថែម​ទាំង​ឃើញ​ថា​យើង​ច្បាស់​ជា​មាន​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ដ។ បើ​នោះ​កើត​ឡើង​ដល់​អ្នក សូម​រំពឹង​គិត​អំពី​បុរស​ដែល​បាន​សម្រេច​ផល​ល្អ​នៅ​ក្នុង​ឧទាហរណ៍​របស់​យ៉ាកុប។ យ៉ាកុប​មិន​បាន​បញ្ជាក់​ថា​បុរស​នោះ​ដោះ​ស្រាយ​បញ្ហា​ដែល​គាត់​បាន​រក​ឃើញ​យ៉ាង​ឆាប់​រហ័ស​យ៉ាង​ណា​ទេ ឬ​ថា​គាត់​អាច​កែ​ប្រែ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​បាន​ទេ ផ្ទុយ​ទៅ​វិញ យ៉ាកុប​និយាយ​ថា​បុរស​នោះ‹ព្យាយាម​ធ្វើ​តាម​ច្បាប់​ល្អ​ឥត​ខ្ចោះ​នោះ​ជា​និច្ច›។ (​យ៉ា. ១:២៥​) គាត់​បាន​ចាំ​អ្វី​ដែល​គាត់​បាន​ឃើញ​នៅ​ក្នុង​កញ្ចក់ ហើយ​បាន​បន្ដ​ព្យាយាម​កែ​លម្អ។ មែន​ហើយ ចូរ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ខ្លួន​អ្នក ហើយ​មាន​តុល្យ​ភាព​ចំពោះ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក។ (សូមអាន សាស្ដា ៧:២០) ចូរ​បន្ដ​ពិនិត្យ​មើល​ច្បាប់​ល្អ​ឥត​ខ្ចោះ ហើយ​រក្សា​ចិត្ដ​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន។ ព្រះ​យេហូវ៉ា​សុខ​ចិត្ដ​ជួយ​អ្នក ដូច​លោក​បាន​ជួយ​បង​ប្អូន​ជា​ច្រើន​របស់​អ្នក ដែល​ទោះ​បី​ពួក​គាត់​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី ពួក​គាត់​នៅ​តែ​អាច​ទទួល​ការ​ពេញ​ចិត្ដ​និង​ពរ​ពី​ព្រះ។