លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរក្សាទស្សនៈត្រឹមត្រូវ

របៀបរក្សាទស្សនៈត្រឹមត្រូវ

«បើមនុស្សណារស់នៅជាយូរឆ្នាំ នោះគួរឲ្យមានសេចក្ដីអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះ»។—សាស្ដ. ១១:៨

. តើពរអ្វីខ្លះពីព្រះយេហូវ៉ាដែលអាចជួយយើងមានចិត្ដសប្បាយ?

ព្រះយេហូវ៉ាចង់ឲ្យយើងសប្បាយ ហើយលោកបានឲ្យពរយើងជាច្រើនដែលគួរធ្វើឲ្យយើងមានសុភមង្គល។ មូលហេតុមួយដែលយើងដឹងដូច្នេះ គឺយើងមានជីវិតរស់នៅ។ ដូច្នេះ យើងអាចប្រើជីវិតរបស់យើងដើម្បីសរសើរព្រះ ពីព្រោះលោកបានទាញនាំយើងចូលក្នុងការគោរពប្រណិប័តន៍ពិត។ (ទំនុក. ១៤៤:១៥; យ៉ូន. ៦:៤៤) ព្រះយេហូវ៉ាពង្រឹងទំនុកចិត្ដយើងថាលោកស្រឡាញ់យើង ហើយជួយយើងស៊ូទ្រាំក្នុងកិច្ចបម្រើលោក។ (យេ. ៣១:៣; ២កូ. ៤:១៦) យើងសប្បាយនឹងស្ថានភាពដែលប្រៀបដូចជាសួនឧទ្យាន ដែលយើងទទួលសេចក្ដីស្រឡាញ់ពីបងប្អូនរួមជំនឿ និងសេចក្ដីបង្រៀនយ៉ាងបរិបូរដែលប្រៀបដូចជាអាហារ។ ក្រៅពីនេះ យើងមានសេចក្ដីសង្ឃឹមដ៏មានតម្លៃសម្រាប់អនាគត។

. តើអ្នកបម្រើដ៏ស្មោះត្រង់ខ្លះរបស់ព្រះខំយកឈ្នះអ្វី?

ទោះជាយើងមានហេតុទាំងនេះដើម្បីមានចិត្ដសប្បាយក៏ដោយ អ្នកបម្រើដ៏ស្មោះត្រង់ខ្លះរបស់ព្រះខំយកឈ្នះគំនិតមិនល្អចំពោះខ្លួនពួកគាត់។ ពួកគាត់ប្រហែលជាគិតថាពួកគាត់និងកិច្ចបម្រើរបស់ពួកគាត់មិនសូវមានតម្លៃចំពោះព្រះយេហូវ៉ាឡើយ។ ចំពោះពួកអ្នកដែលបន្ដមានគំនិតមិនល្អចំពោះខ្លួន ការគិតថាសប្បាយ«ជាយូរឆ្នាំ» គឺហាក់ដូចជាការស្រមៃ។ ជីវិតអាចមើលទៅជាអស់ទាំងថ្ងៃដែលមានសេចក្ដីងងឹតទៅវិញ។—សាស្ដ. ១១:៨

. តើអ្វីអាចបណ្ដាលឲ្យយើងមានគំនិតមិនល្អចំពោះខ្លួនយើង?

ចំពោះបងប្រុសបងស្រីបែបនេះ គំនិតមិនល្អចំពោះខ្លួនពួកគាត់អាចបណ្ដាលមកពីការខកចិត្ដ ជំងឺ ឬជរាភាពដែលដាក់កម្រិតលើពួកគាត់។ (ទំនុក. ៧១:៩; សុភ. ១៣:១២;  សាស្ដ. ៧:៧) ម្យ៉ាងទៀត គ្រិស្ដសាសនិកម្នាក់ត្រូវទទួលស្គាល់ការពិតដែលថាចិត្ដជាគ្រឿងបញ្ឆោត ហើយប្រហែលជាផ្ដន្ទាទោសយើង ទោះជាព្រះប្រហែលជាពេញចិត្ដនឹងយើងក៏ដោយ។ (យេ. ១៧:៩; ១យ៉ូន. ៣:២០) មេកំណាចចោទប្រកាន់មិនពិតទៅលើអ្នកបម្រើរបស់ព្រះ។ ពួកអ្នកដែលមានគំនិតដូចសាថានប្រហែលជាខំធ្វើឲ្យយើងមានទស្សនៈដូចអេលីផាសដែលជាអ្នកគ្មានជំនឿដែលថាយើងគ្មានតម្លៃចំពោះព្រះទេ។ នេះគឺជាពាក្យភូតកុហកមួយនៅសម័យយ៉ូប ក៏ដូចនៅសព្វថ្ងៃនេះដែរ។—យ៉ូប ៤:១៨, ១៩

. នៅក្នុងអត្ថបទនេះ តើយើងនឹងពិចារណាអំពីអ្វី?

ព្រះយេហូវ៉ាបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទគម្ពីរថាលោកនឹងនៅជាមួយនឹងពួកអ្នកដែល«ដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់»។ (ទំនុក. ២៣:៤) របៀបមួយដែលលោកនៅជាមួយនឹងយើង គឺតាមរយៈបណ្ដាំរបស់លោក។ គម្ពីរ«មានឫទ្ធានុភាពពីព្រះ ដើម្បីរំលើងអ្វីដែលចាក់ឫសជ្រៅ» ដែលរួមមានការភាន់ច្រឡំនិងគំនិតមិនត្រឹមត្រូវ។ (២កូ. ១០:៤, ៥) ដូច្នេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចប្រើគម្ពីរដើម្បីជួយយើងអប់រំខ្លួនឲ្យមានទស្សនៈត្រឹមត្រូវ ហើយរក្សាទស្សនៈនោះ។ អ្នកប្រហែលជាទទួលប្រយោជន៍ពីនេះដោយផ្ទាល់ ព្រមទាំងរកឃើញវិធីជួយលើកទឹកចិត្ដអ្នកទៀត។

ចូរប្រើគម្ពីរដើម្បីអប់រំខ្លួនឲ្យមានទស្សនៈត្រឹមត្រូវ

. តើការពិនិត្យពិចារណាអំពីអ្វី ដែលអាចជួយយើងមានទស្សនៈត្រឹមត្រូវ?

សាវ័កប៉ូលបានរៀបរាប់អំពីចំណុចខ្លះដែលអាចជួយយើងអប់រំខ្លួនឲ្យមានទស្សនៈត្រឹមត្រូវ។ គាត់បានដាស់តឿនក្រុមជំនុំនៅក្រុងកូរិនថូសថា«ចូរពិនិត្យពិចារណាអំពីខ្លួនឥតឈប់ ដើម្បីឲ្យដឹងថាអ្នកកំពុងកាន់ខ្ជាប់នូវជំនឿយ៉ាងណា»។ (២កូ. ១៣:៥) «ជំនឿ»គឺជាសេចក្ដីបង្រៀនទាំងមូលរបស់គ្រិស្ដសាសនិក ដែលមាននៅក្នុងគម្ពីរ។ ប្រសិនបើពាក្យសម្ដីនិងការប្រព្រឹត្ដរបស់យើងសមស្របតាមសេចក្ដីបង្រៀនទាំងនេះ នោះបញ្ជាក់ថាយើងបានពិនិត្យពិចារណាអំពីខ្លួនរួចហើយ ហើយបង្ហាញថាយើង«កំពុងកាន់ខ្ជាប់នូវជំនឿ»។ យើងក៏ត្រូវប្រៀបធៀបជីវិតរបស់យើងជាមួយនឹងសេចក្ដីបង្រៀនទាំងមូលរបស់គ្រិស្ដសាសនិក។ យើងមិនអាចជ្រើសរើសផ្នែកមួយណានៃសេចក្ដីបង្រៀនទាំងនោះដែលយើងនឹងធ្វើតាមនោះឡើយ។—យ៉ា. ២:១០, ១១

. ហេតុអ្វីយើងគួរពិនិត្យពិចារណាអំពីខ្លួនយើង ‹ដើម្បីឲ្យដឹងថាយើងកំពុងកាន់ខ្ជាប់នូវជំនឿយ៉ាងណា›? (សូមមើលរូបភាពនៅដើមអត្ថបទ)។

អ្នកប្រហែលជាស្ទាក់ស្ទើរក្នុងការពិនិត្យពិចារណាអំពីខ្លួនអ្នក ជាពិសេសបើអ្នកមានអារម្មណ៍ថាអ្នកប្រហែលជាមិនមានគុណសម្បត្ដិគ្រប់គ្រាន់ទេ។ ប៉ុន្ដែ ទស្សនៈរបស់ព្រះយេហូវ៉ាគឺសំខាន់ជាងទស្សនៈរបស់យើង ហើយគំនិតរបស់លោក គឺខ្ពស់ជាងគំនិតរបស់យើង។ (អេ. ៥៥:៨, ៩) លោកពិនិត្យមើលអ្នកគោរពប្រណិប័តន៍លោក មិនមែនដើម្បីផ្ដន្ទាទោសពួកគាត់ទេ ប៉ុន្ដែដើម្បីរកមើលគុណសម្បត្ដិរបស់ពួកគាត់ និងដើម្បីជួយពួកគាត់។ ពេលអ្នកប្រើបណ្ដាំរបស់ព្រះដើម្បីពិនិត្យពិចារណាអំពីខ្លួនអ្នក «ដើម្បីឲ្យដឹងថាអ្នកកំពុងកាន់ខ្ជាប់នូវជំនឿយ៉ាងណា» នោះអ្នកនឹងចាប់ផ្ដើមយល់អំពីអារម្មណ៍របស់ព្រះចំពោះអ្នក។ នេះអាចជួយអ្នកកុំឲ្យគិតថា អ្នកគ្មានតម្លៃ ហើយជួយអ្នកចាំអំពីទស្សនៈរបស់ព្រះ។ នេះអាចប្រៀបដូចជាបើកវាំងននដើម្បីឲ្យពន្លឺថ្ងៃចូលមកក្នុងបន្ទប់ងងឹតមួយ។

. តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីគំរូនៃមនុស្សស្មោះត្រង់ក្នុងគម្ពីរ?

របៀបមួយដែលមានប្រសិទ្ធភាពដើម្បីពិនិត្យពិចារណាអំពីខ្លួនយើងគឺការរំពឹងគិតអំពីគំរូនៃមនុស្សស្មោះត្រង់ដែលគម្ពីរបានរៀបរាប់។ សូមប្រៀបធៀបស្ថានភាពអារម្មណ៍របស់ពួកគាត់ជាមួយនឹងស្ថានភាពអារម្មណ៍របស់អ្នក ហើយឃើញរបៀបដែលអ្នកប្រហែលជាបានប្រព្រឹត្ដបើអ្នកនៅក្នុងស្ថានភាពរបស់ពួកគាត់។ យើងនឹងពិចារណាគំរូបីយ៉ាងដែលពន្យល់អំពីរបៀបដែលអ្នកអាចប្រើគម្ពីរដើម្បីបញ្ជាក់ថាអ្នក«កំពុងកាន់ខ្ជាប់នូវជំនឿ»និងដើម្បីអប់រំខ្លួនឲ្យមានទស្សនៈត្រឹមត្រូវចំពោះខ្លួនអ្នក។

ស្ដ្រីមេម៉ាយក្រីក្រ

៨, ៩. () តើស្ថានភាពរបស់ស្ដ្រីមេម៉ាយក្រីក្រគឺយ៉ាងណា? () តើស្ដ្រីមេម៉ាយនោះប្រហែលជាមានអារម្មណ៍ធ្លាក់ទឹកចិត្ដអំពីអ្វីខ្លះ?

នៅវិហារនាក្រុងយេរូសាឡិម លោកយេស៊ូបានសង្កេតមើលស្ដ្រីមេម៉ាយក្រីក្រម្នាក់។ គំរូរបស់នាងអាចជួយយើងរក្សាទស្សនៈត្រឹមត្រូវ ទោះជាសមត្ថភាពរបស់យើងមានកម្រិតក៏ដោយ។ (សូមអាន លូកា ២១:១-) សូមពិចារណាស្ថានភាពរបស់ស្ដ្រីមេម៉ាយនោះ។ នាងមិនត្រឹមតែត្រូវស៊ូទ្រាំនឹងទុក្ខព្រួយដែលមកពីការបាត់បង់ប្ដីប៉ុណ្ណោះទេ ប៉ុន្ដែក៏ត្រូវស៊ូទ្រាំនឹងស្ថានភាពខាងសាសនាដែលគ្រប់គ្រងដោយអ្នកដឹកនាំដែលបាន«ប្រវ័ញ្ចយកទ្រព្យសម្បត្ដិរបស់ស្ដ្រីមេ ម៉ាយ»ជាជាងជួយពួកគាត់។ (លូក. ២០:៤៧) នាងក្រីក្រខ្លាំងដល់ម៉្លេះបានជានាងអាចធ្វើវិភាគទានសម្រាប់វិហារនូវអ្វីដែលអ្នកធ្វើការអាចរកបានក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

សូមខំស្រមៃគិតថាស្ដ្រីមេម៉ាយនោះមានអារម្មណ៍យ៉ាងណា កាលដែលនាងចូលទៅក្នុងទីធ្លាវិហារដោយមានកាក់តូចពីរដែលមានតម្លៃតិចណាស់។ តើនាងកំពុងគិតថាប្រាក់ដែលនាងនឹងដាក់មានតម្លៃតិចណាស់បើប្រៀបនឹងអ្វីដែលនាងអាចដាក់ពេលប្ដីនាងនៅរស់ឬ? តើនាងនឹងខ្មាសគេ ពេលឃើញអំណោយយ៉ាងច្រើនដែលពួកអ្នកដែលទៅមុននាងបានដាក់ ហើយប្រហែលជាឆ្ងល់ថាតើអំណោយរបស់នាងពិតជាមានតម្លៃទេ? ទោះជានាងប្រហែលជាមានអារម្មណ៍ដូច្នេះក៏ដោយ នាងនៅតែបានធ្វើអ្វីដែលនាងអាចធ្វើបានដើម្បីជួយការគោរពប្រណិប័តន៍ពិត។

១០. តើលោកយេស៊ូបានបង្ហាញយ៉ាងណាថាស្ដ្រីមេម៉ាយនោះមានតម្លៃចំពោះព្រះ?

១០ លោកយេស៊ូបានបង្ហាញថាទាំងស្ដ្រីមេម៉ាយ ទាំងវិភាគទានរបស់នាងគឺមានតម្លៃចំពោះព្រះយេហូវ៉ា។ លោកបានមានប្រសាសន៍ថានាងបាន«ដាក់ច្រើនជាង[ពួកអ្នកមាន]ទាំងអស់»ដែលមកដាក់។ អំណោយរបស់នាងនឹងលាយឡំជាមួយនឹងអំណោយរបស់អ្នកទៀត ប៉ុន្ដែលោកយេស៊ូនៅតែសរសើរនាង។ អ្នកធ្វើការនៅឃ្លាំងដាក់ប្រាក់ដែលក្រោយមកបានឃើញកាក់តូចទាំងពីរនោះ ច្បាស់ជាមិនបានដឹងថាកាក់ទាំងនោះនិងអ្នកដែលដាក់វាមានតម្លៃច្រើនចំពោះព្រះយេហូវ៉ាឡើយ។ ប៉ុន្ដែ ទស្សនៈរបស់ព្រះគឺជាអ្វីដែលពិតជាសំខាន់ មិនមែនអ្វីដែលអ្នកទៀតបានគិត ឬទស្សនៈរបស់ស្ដ្រីមេម៉ាយនោះចំពោះខ្លួននាងឡើយ។ តើអ្នកអាចប្រើកំណត់ហេតុនេះដើម្បីពិនិត្យពិចារណាថាតើអ្នកកំពុងកាន់ខ្ជាប់នូវជំនឿទេ?

១១. តើអ្នកអាចទាញមេរៀនអ្វីពីកំណត់ហេតុនៃស្ដ្រីមេម៉ាយ?

១១ ស្ថានភាពរបស់អ្នកប្រហែលជាជះឥទ្ធិពលទៅលើអ្វីដែលអ្នកអាចជូនទៅព្រះយេហូវ៉ា។ ដោយសារអាយុច្រើនបញ្ហាសុខភាព ចំនួនម៉ោងដែលអ្នកខ្លះអាចចំណាយដើម្បីផ្សព្វផ្សាយដំណឹងល្អគឺតិចតួចណាស់។ តើពួកគាត់គួរមានអារម្មណ៍ថាពួកគាត់មិនចាំបាច់រាយការណ៍អំពីសកម្មភាពផ្សព្វផ្សាយឬ? ទោះជាអ្នកមិនមានអាយុច្រើនមានបញ្ហាសុខភាពដែលដាក់កម្រិតយ៉ាងខ្លាំងលើអ្នកក៏ដោយ អ្នកប្រហែលជាមានអារម្មណ៍ថាការព្យាយាមរបស់អ្នកគឺគ្រាន់តែជាផ្នែកដ៏តូចមួយនៃម៉ោងទាំងអស់ដែលរាស្ដ្ររបស់ព្រះចំណាយក្នុងការគោរពប្រណិប័តន៍លោកជារៀងរាល់ឆ្នាំ។ ប៉ុន្ដែ យើងរៀនពីកំណត់ហេតុនៃស្ដ្រីមេម៉ាយក្រីក្រដែលព្រះយេហូវ៉ាកត់សម្គាល់ ហើយឲ្យតម្លៃចំពោះ ទង្វើនីមួយដែលបានធ្វើឡើងដើម្បីលោក ជាពិសេសបើនោះបានធ្វើឡើងពេលប្រឈមមុខនឹងស្ថានភាពពិបាក។ សូមគិតឡើងវិញអំពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែលអ្នកបានធ្វើនៅឆ្នាំកន្លងទៅ។ តើមានមួយម៉ោងក្នុងចំណោមម៉ោងទាំងនោះដែលអ្នកទុកសម្រាប់លោកដែលតម្រូវឲ្យអ្នកលះបង់ច្រើនទេ? បើមែន អ្នកអាចប្រាកដថាលោកឲ្យតម្លៃចំពោះអ្វីដែលអ្នកបានធ្វើដើម្បីលោកក្នុងអំឡុងមួយម៉ោងនោះ។ ដូចស្ដ្រីមេម៉ាយនោះ ពេលអ្នកធ្វើអ្វីទាំងអស់ដែលអ្នកអាចធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ា អ្នកមានមូលហេតុច្បាស់លាស់ដើម្បីជឿថាអ្នក«កំពុងកាន់ខ្ជាប់នូវជំនឿ»។

«សូមយកព្រលឹងទូលបង្គំទៅ»

១២-១៤. () តើអារម្មណ៍ធ្លាក់ទឹកចិត្ដមានឥទ្ធិពលយ៉ាងណាទៅលើអេលីយ៉ា? () ហេតុអ្វីអេលីយ៉ាប្រហែលជាមានអារម្មណ៍ធ្លាក់ទឹកចិត្ដដូច្នេះ?

១២ អេលីយ៉ាដែលជាអ្នកប្រកាសទំនាយមានចិត្ដស្មោះភក្ដីចំពោះព្រះយេហូវ៉ា ហើយមានជំនឿមាំមួន។ ប៉ុន្ដែ នៅពេលមួយ គាត់មានអារម្មណ៍ធ្លាក់ទឹកចិត្ដខ្លាំងដល់ម៉្លេះបានជាគាត់សុំព្រះយេហូវ៉ាសម្លាប់គាត់ ដោយនិយាយថា«ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ»។ (១ព. ១៩:៤) ពួកអ្នកដែលពុំធ្លាប់អស់សង្ឃឹមបែបនេះ ប្រហែលជាចង់ចាត់ទុកសេចក្ដីអធិដ្ឋានរបស់អេលីយ៉ាថាគ្រាន់តែជាពាក្យ«ជ្រួសហួស»ប៉ុណ្ណោះ។ (យ៉ូប ៦:៣) ប៉ុន្ដែ គាត់ពិតជាមានអារម្មណ៍ធ្លាក់ទឹកចិត្ដមែន។ សូមកត់សម្គាល់ថាជាជាងស្ដីបន្ទោសអេលីយ៉ាដោយសារគាត់ចង់ស្លាប់ ព្រះយេហូវ៉ាបានជួយគាត់វិញ។

១៣ ហេតុអ្វីអេលីយ៉ាមានអារម្មណ៍ធ្លាក់ទឹកចិត្ដដូច្នេះ? មិនយូរប៉ុន្មានមុននេះ គាត់បានដឹកនាំការសាកល្បងដ៏សំខាន់មួយនៅអ៊ីស្រាអែលដែលបង្ហាញថាព្រះយេហូវ៉ាគឺជាព្រះពិត ហើយនេះបាននាំឲ្យមានការប្រហារជីវិតអ្នកប្រកាសទំនាយរបស់ព្រះបាល៤៥០នាក់។ (១ព. ១៨:៣៧-៤០) ឥឡូវនេះ អេលីយ៉ាទំនងជាសង្ឃឹមថារាស្ដ្ររបស់ព្រះនឹងត្រឡប់មកការគោរពប្រណិប័តន៍ពិត ប៉ុន្ដែនោះមិនបានកើតឡើងទេ។ យេសិបិលដែលជាមហាក្សត្រីអាក្រក់បានចាត់អ្នកនាំសារម្នាក់ទៅប្រាប់អេលីយ៉ាថានាងកំពុងរៀបចំឲ្យគេសម្លាប់គាត់។ ដោយខ្លាចស្លាប់ អេលីយ៉ាបានរត់ចេញទៅទិសខាងត្បូងឆ្លងកាត់ស្រុកយូដាដែលនៅជិតខាងទៅដល់តំបន់ស្ងាត់ជ្រងំ ដែលជាកន្លែងហួតហែងនិងគ្មានដំណាំដាំដុះ។—១ព. ១៩:២-

១៤ ពេលអេលីយ៉ានៅតែម្នាក់ឯង គាត់បានរំពឹងគិតអំពីកិច្ចការរបស់គាត់ជាអ្នកប្រកាសទំនាយដែលមើលទៅឥតប្រយោជន៍។ គាត់បានជម្រាបព្រះយេហូវ៉ាថា«ទូលបង្គំមិនវិសេសជាងពួកឰយុកោទូលបង្គំទេ»។ គាត់ចង់បញ្ជាក់ថាគាត់មានអារម្មណ៍ថាខ្លួនគាត់គ្មានប្រយោជន៍ដូចធូលីនិងឆ្អឹងជីដូនជីតារបស់គាត់ដែលបានស្លាប់ទៅហើយ។ តាមពិត គាត់បានពិនិត្យពិចារណាខ្លួនគាត់តាមរយៈខ្នាតតម្រារបស់គាត់ ហើយបានសម្រេចចិត្ដថាគាត់ជាមនុស្សបរាជ័យ គ្មានតម្លៃចំពោះព្រះយេហូវ៉ា ឬអ្នកណាទៀតឡើយ។

១៥. តើតាមរបៀបណាព្រះបានពង្រឹងទំនុកចិត្ដអេលីយ៉ាថាលោកនៅតែចាត់ទុកគាត់ថាមានតម្លៃ?

១៥ ប៉ុន្ដែ ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតមានទស្សនៈផ្សេងចំពោះអេលីយ៉ា។ អេលីយ៉ានៅតែមានតម្លៃចំពោះព្រះ ហើយព្រះយេហូវ៉ាបានចាត់វិធានការដើម្បីពង្រឹងទំនុកចិត្ដគាត់ទៅលើការពិតនោះ។ ព្រះបានចាត់ទេវតាមួយរូបឲ្យពង្រឹងកម្លាំងអេលីយ៉ា។ ព្រះយេហូវ៉ាក៏បានផ្ដល់អាហារនិងទឹកដែលនឹងទ្រទ្រង់ជីវិតអេលីយ៉ាក្នុងអំឡុងដំណើរ៤០ថ្ងៃទៅទិសខាងត្បូងរហូតដល់ភ្នំហូរែប។ ម្យ៉ាងទៀត ព្រះបានកែតម្រង់អេលីយ៉ាដោយស្លូតបូតចំពោះគំនិតខុសឆ្គងដែលថាគ្មានជនជាតិអ៊ីស្រាអែលណាទៀតនៅស្មោះត្រង់នឹងព្រះយេហូវ៉ាឡើយ។ គួរឲ្យកត់សម្គាល់ថា ព្រះបានប្រគល់ភារកិច្ចថ្មីដល់អេលីយ៉ា ហើយគាត់បានទទួលយក។ អេលីយ៉ាបានទទួលប្រយោជន៍ពីជំនួយរបស់ព្រះយេហូវ៉ា ហើយគាត់បានត្រឡប់ទៅបំពេញកិច្ចការរបស់គាត់ជាអ្នកប្រកាសទំនាយ ទាំងមានកម្លាំងឡើងវិញ។—១ព. ១៩:៥-៨, ១៥-១៩

១៦. តើតាមរបៀបណាខ្លះដែលព្រះទំនងជាទ្រទ្រង់អ្នក?

១៦ បទពិសោធន៍របស់អេលីយ៉ាអាចជួយអ្នកឲ្យពិនិត្យមើលថាអ្នកកំពុងកាន់ខ្ជាប់នូវជំនឿ ហើយអាចជំរុញអ្នកឲ្យមានទស្សនៈត្រឹមត្រូវ។ ទី១ សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាបានទ្រទ្រង់អ្នក។ តើអ្នកបម្រើណាម្នាក់របស់លោក ប្រហែលជាអ្នកចាស់ទុំម្នាក់ ឬគ្រិស្ដសាសនិកដែលមានភាពចាស់ទុំ បានជួយអ្នកនៅពេលមួយដែលអ្នកត្រូវការជំនួយទេ? (កាឡ. ៦:២) តើអ្នកបានទទួលកម្លាំងឡើងវិញតាមរយៈការសិក្សាគម្ពីរ សៀវភៅរបស់យើងនិងការចូលរួមកិច្ចប្រជុំទេ? លើកក្រោយពេលអ្នកទទួលប្រយោជន៍ពីរបៀបណាមួយក្នុងចំណោមរបៀបទាំងនេះ សូមពិចារណាអំពីព្រះដែលផ្ដល់ជំនួយឲ្យអ្នក ហើយអធិដ្ឋានអរគុណលោក។—ទំនុក. ១២១:១, ២

១៧. តើព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្វី?

 ១៧ ទី២ សូមទទួលស្គាល់ថាទស្សនៈមិនត្រឹមត្រូវអាចបញ្ឆោតអ្នក។ អ្វីដែលសំខាន់គឺទស្សនៈរបស់ព្រះចំពោះយើង។ (សូមអាន រ៉ូម ១៤:៤) ព្រះយេហូវ៉ាចាត់ទុកភក្ដីភាពនិងចិត្ដស្មោះត្រង់របស់យើងថាមានតម្លៃចំពោះលោក។ លោកមិនវិនិច្ឆ័យយើងដោយមើលកិច្ចការដែលយើងបានសម្រេចនោះឡើយ។ ដូចក្នុងករណីរបស់អេលីយ៉ា ប្រហែលជាអ្នកបានសម្រេចកិច្ចការជូនព្រះយេហូវ៉ាច្រើនជាងអ្នកដឹងទៅទៀត។ អ្នកទំនងជាមានឥទ្ធិពលល្អទៅលើបងប្អូននៅក្នុងក្រុមជំនុំ ព្រមទាំងពួកអ្នកនៅក្នុងតំបន់ផ្សាយ ដែលបានស្គាល់សេចក្ដីពិតតាមរយៈការខំព្យាយាមរបស់អ្នក។

១៨. តើភារកិច្ចដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នកបង្ហាញអ្វី?

១៨ ក្រោយបង្អស់ សូមចាត់ទុកភារកិច្ចនីមួយដែលព្រះយេហូវ៉ាប្រគល់ឲ្យថាជាទីសំអាងដែលបញ្ជាក់ថាលោកនៅជាមួយនឹងអ្នក។ (យេ. ២០:១១) ដូចអេលីយ៉ា អ្នកប្រហែលជាធ្លាក់ទឹកចិត្ដដោយសារកិច្ចបម្រើរបស់អ្នកមើលទៅមិនបានជោគជ័យទេ ឬដោយសារគោលដៅខ្លះក្នុងកិច្ចបម្រើព្រះមើលទៅមិនអាចសម្រេចបានឡើយ។ ប៉ុន្ដែ អ្នកនៅតែមានឯកសិទ្ធិដ៏ប្រសើរបំផុតដែលយើងគ្រប់រូបអាចមានឥឡូវនេះ ពោលគឺឯកសិទ្ធិផ្សព្វផ្សាយដំណឹងល្អនិងជាតំណាងនាមរបស់ព្រះ។ ចូររក្សាភាពស្មោះត្រង់។ ដូច្នេះ ក្នុងន័យម្យ៉ាង ពាក្យនៅក្នុងឧទាហរណ៍មួយរបស់លោកយេស៊ូអាចនិយាយទៅអ្នកគឺ «ចូរមកអរសប្បាយជាមួយនឹងម្ចាស់របស់អ្នកចុះ»។—ម៉ាថ. ២៥:២៣

«សេចក្ដីអធិស្ឋានរបស់មនុស្សវេទនា»

១៩. តើអ្នកតែងទំនុកទី១០២បានប្រឈមមុខនឹងស្ថានភាពយ៉ាងណា?

១៩ អ្នកសរសេរទំនុកទី១០២បានអស់សង្ឃឹម។ គាត់«វេទនា»ដោយរងទុក្ខខាងរូបកាយនិងខាងផ្លូវចិត្ដ ហើយគាត់ក៏គ្មានកម្លាំងដើម្បីដោះស្រាយបញ្ហារបស់គាត់ដែរ។ (ពាក្យផ្ដើមនៃទំនុក. ១០២) នៅក្នុងពាក្យរបស់គាត់ យើងឃើញអ្វីដែលបញ្ជាក់ថាគាត់ឈឺចាប់ជាខ្លាំង កណ្ដោចកណ្ដែង និងអ្វីដែលបញ្ជាក់អំពីអារម្មណ៍របស់គាត់។ (ទំនុក. ១០២:៣, ៤, ៦, ១១) គាត់បានជឿថាព្រះយេហូវ៉ាចង់បោះគាត់ចោល។—ទំនុក. ១០២:១០

២០. តើតាមរបៀបណាសេចក្ដីអធិដ្ឋានអាចជួយបុគ្គលដែលតយុទ្ធនឹងគំនិតដែលនាំឲ្យធ្លាក់ទឹកចិត្ដ?

២០ ប៉ុន្ដែ អ្នកតែងទំនុកតម្កើងនៅតែអាចប្រើជីវិតរបស់គាត់ដើម្បីសរសើរព្រះយេហូវ៉ា។ (សូមអាន ទំនុកតម្កើង ១០២:១៩-២១) ដូចយើងឃើញនៅក្នុងទំនុកទី១០២ សូម្បីតែពួកអ្នកដែលកំពុងកាន់ខ្ជាប់នូវជំនឿក៏ដោយ ក៏អាចឈឺចាប់ ហើយកំពុងខំប្រឹងផ្ចង់អារម្មណ៍ទៅលើអ្វីផ្សេងទៀតដែរ។ «ដូចជាចាបឥតគូនៅលើដំបូលផ្ទះ» អ្នកតែងទំនុកតម្កើងបានមានអារម្មណ៍កណ្ដោចកណ្ដែង គឺហាក់ដូចជាគាត់មានតែបញ្ហានៅជាមួយខ្លួនប៉ុណ្ណោះ។ (ទំនុក. ១០២:៧) បើអ្នកមានអារម្មណ៍បែបនេះ សូមអធិដ្ឋានអស់ពីចិត្ដទៅព្រះយេហូវ៉ាដូចអ្នកតែងទំនុកតម្កើងបានធ្វើ។ សេចក្ដីអធិដ្ឋានរបស់មនុស្សវេទនា ពោលគឺសេចក្ដីអធិដ្ឋានរបស់អ្នកអាចជួយអ្នក កាលដែលអ្នកតយុទ្ធនឹងគំនិតដែលនាំឲ្យធ្លាក់ទឹកចិត្ដ។ ព្រះយេហូវ៉ាសន្យាថា«ទ្រង់តែងតែទទួលសេចក្ដីអធិស្ឋានរបស់មនុស្សវេទនា ឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយ»។ (ទំនុក. ១០២:១៧) សូមទុកចិត្ដលើសេចក្ដីសន្យានោះ។

២១. តើតាមរបៀបណាបុគ្គលដែលកំពុងតយុទ្ធនឹងគំនិតដែលនាំឲ្យធ្លាក់ទឹកចិត្ដអាចចាប់ផ្ដើមមានទស្សនៈកាន់តែត្រឹមត្រូវ?

២១ ទំនុកទី១០២ក៏បង្ហាញដែរអំពីរបៀបដែលអ្នកអាចមានទស្សនៈកាន់តែត្រឹមត្រូវ។ អ្នកតែងទំនុកតម្កើងបានធ្វើដូច្នេះ ដោយបែរទៅយកចិត្ដទុកដាក់នឹងចំណងមិត្ដភាពរវាងគាត់និងព្រះយេហូវ៉ា។ (ទំនុក. ១០២:១២, ២៧) គាត់បានទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ានឹងជួយទ្រទ្រង់រាស្ដ្ររបស់លោកជានិច្ច ពេលពួកគេឆ្លងកាត់ទុក្ខលំបាក។ ដូច្នេះ បើគំនិតដែលនាំឲ្យធ្លាក់ទឹកចិត្ដរារាំងអ្នកមួយរយៈពេលមិនឲ្យធ្វើច្រើនដូចអ្នកចង់ធ្វើក្នុងកិច្ចបម្រើព្រះ សូមអធិដ្ឋានអំពីរឿងនេះ។ ចូរសុំព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកមិនត្រឹមតែដើម្បីអ្នកអាចទទួលការសម្រាលទុក្ខខ្លះប៉ុណ្ណោះទេ ប៉ុន្ដែក៏ដើម្បី«ប្រយោជន៍ឲ្យមនុស្សទាំងឡាយបានប្រកាសព្រះនាមនៃព្រះយេហូវ៉ា»ដែរ។—ទំនុក. ១០២:២០, ២១

២២. តើតាមរបៀបណាយើងម្នាក់អាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដ?

២២ មែនហើយ យើងអាចប្រើគម្ពីរដើម្បីពិសោធមើលដោយខ្លួនយើងថាយើងកំពុងកាន់ខ្ជាប់នូវជំនឿ ហើយមានតម្លៃចំពោះព្រះយេហូវ៉ា។ ពិតមែនតែនៅក្នុងរបៀបរបបពិភពលោកនេះ យើងប្រហែលជាមិនអាចបំបាត់ចោលគំនិតមិនល្អ ឬអារម្មណ៍ធ្លាក់ទឹកចិត្ដទាំងអស់បានទេ ប៉ុន្ដែយើងម្នាក់អាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដ ហើយទទួលសេចក្ដីសង្គ្រោះដោយស៊ូទ្រាំយ៉ាងស្មោះត្រង់ក្នុងកិច្ចបម្រើលោក។—ម៉ាថ. ២៤:១៣