លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ តើអ្នកអាចធ្វើឲ្យពេលនោះកាន់តែសប្បាយរីករាយឬទេ?

ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ តើអ្នកអាចធ្វើឲ្យពេលនោះកាន់តែសប្បាយរីករាយឬទេ?

ឪពុកម្នាក់នៅប្រទេសប្រេស៊ីលនិយាយថា«នៅល្ងាចដែលយើងគោរពប្រណិប័តន៍ជាក្រុមគ្រួសារ បើខ្ញុំមិនបញ្ឈប់ក្រុមគ្រួសាររបស់ខ្ញុំទេ ការសន្ទនានឹងបន្ដរហូតដល់យប់ជ្រៅ ដោយសារយើងជក់អារម្មណ៍នឹងរឿងដែលយើងពិភាក្សា»។ មេគ្រួសារម្នាក់នៅប្រទេសជប៉ុននិយាយអំពីកូនប្រុសរបស់គាត់ដែលមានអាយុ១០ឆ្នាំថា មើលទៅដូចជាគាត់មិនកត់សម្គាល់ម៉ោង ហើយចង់បន្ដទៅទៀត។ ហេតុអ្វី? ឪពុកនិយាយថា«គាត់រំភើបចិត្ដ ហើយនេះធ្វើឲ្យគាត់មានអំណរកាន់តែខ្លាំងឡើង»។

ពិតមែន មិនមែនកូនទាំងអស់រំភើបចិត្ដចំពោះការគោរពប្រណិប័តន៍ជាក្រុមគ្រួសារទេ។ កូនខ្លះមិនចូលចិត្ដឡើយ។ ហេតុអ្វីដូច្នេះ? ឪពុកម្នាក់នៅប្រទេសតូហ្គោពន្យល់ថា«ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាមិនគួរធ្វើឲ្យយើងធុញទ្រាន់ទេ»។ បើនោះធ្វើឲ្យយើងធុញទ្រាន់ តើនេះប្រហែលជាមកពីរបៀបដែលការគោរពប្រណិប័តន៍បានត្រូវដឹកនាំទេ? ដូចអេសាយបាននិយាយអំពីថ្ងៃឈប់សម្រាក ក្រុមគ្រួសារជាច្រើនបានឃើញថាការគោរពប្រណិប័តន៍ជាក្រុមគ្រួសារអាច«ជាទីរីករាយចិត្ដ»។—អេ. ៥៨:១៣, ១៤

ឪពុកដែលជាគ្រិស្ដសាសនិកគួរប្រាកដថាក្រុមគ្រួសារមានអារម្មណ៍ស្រួលក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ បងរ៉ាលដែលមានកូនស្រីបីនាក់និងកូនប្រុសម្នាក់បាននិយាយថា ការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់ពួកគេគឺដូចជាការសន្ទនាធម្មតា ជាជាងដូចការសិក្សា ដោយមានសមាជិកក្រុមគ្រួសារទាំងអស់ចូលរួម។ ជួនកាលប្រហែលជាមិនសូវស្រួលទេដើម្បីឲ្យក្រុមគ្រួសារទាំងអស់ចាប់អារម្មណ៍ហើយចូលរួមការសិក្សា។ ម្ដាយម្នាក់សារភាពថា«ខ្ញុំមិនតែងតែមានកម្លាំងដើម្បីធ្វើឲ្យការគោរពប្រណិប័តន៍ជាក្រុមគ្រួសារសប្បាយដូចចិត្ដខ្ញុំចង់ទេ»។ តើអ្នកអាចធ្វើឲ្យការគោរពប្រណិប័តន៍ជាក្រុមគ្រួសារកាន់តែសប្បាយជាងទេ?

សកម្មភាពផ្សេងគ្នានិងការចេះប្រែប្រួល

ឪពុកម្នាក់នៅប្រទេសអាឡឺម៉ង់ដែលមានកូនពីរនាក់បាននិយាយថា«យើងត្រូវចេះប្រែប្រួល»។ បងណាថាលីយ៉ាដែលមានកូនពីរនាក់បាននិយាយថា«អ្វីដែលសំខាន់បំផុតសម្រាប់ក្រុមគ្រួសាររបស់យើងគឺសកម្មភាពផ្សេងគ្នា»។ ក្រុមគ្រួសារជាច្រើន បែងចែកពេលវេលាឲ្យមានសកម្មភាពផ្សេងពីគ្នាក្នុងអំឡុងការគោរព ប្រណិប័តន៍ជាក្រុមគ្រួសារ។ បងខ្លេថន់ដែលជាឪពុករបស់ក្មេងជំទង់ពីរនាក់នៅប្រទេសប្រេស៊ីលពន្យល់ថា«ពេលយើងធ្វើដូច្នេះ ការសិក្សារបស់យើងគួរឲ្យចាប់អារម្មណ៍ជាង ហើយនាំឲ្យក្រុមគ្រួសារទាំងអស់ចូលរួម»។ ដោយបែងចែកពេលវេលាដើម្បីសិក្សា ឪពុកម្ដាយអាចយកចិត្ដទុកដាក់នឹងសេចក្ដីត្រូវការរបស់កូននីមួយបើកូនមានអាយុខុសគ្នាច្រើនឆ្នាំ។ ឪពុកម្ដាយអាចបំពេញសេចក្ដីត្រូវការរបស់សមាជិកក្រុមគ្រួសារនីមួយៗ ហើយអាចប្រែប្រួលក្នុងការជ្រើសរើសព័ត៌មាននិងរបៀបដែលត្រូវសិក្សា។

ដើម្បីមានសកម្មភាពផ្សេងគ្នាកាន់តែច្រើន តើក្រុមគ្រួសារខ្លះកំពុងធ្វើអ្វី? ក្រុមគ្រួសារខ្លះចាប់ផ្ដើមគោរពប្រណិប័តន៍ដោយច្រៀងចម្រៀងជូនព្រះយេហូវ៉ា។ បងខ្វាន់ពីប្រទេសម៉ិចស៊ិកបាននិយាយថា«នេះបង្កើតបរិយាកាសល្អ ហើយជួយយើងត្រៀមគំនិតសម្រាប់ព័ត៌មានដែលយើងនឹងសិក្សា»។ ក្រុមគ្រួសាររបស់គាត់ជ្រើសរើសចម្រៀងដែលទាក់ទងនឹងព័ត៌មានដែលពួកគេនឹងរៀននៅល្ងាចនោះ។

ក្រុមគ្រួសារជាច្រើនអានផ្នែកមួយពីគម្ពីរជាមួយគ្នា។ ក្នុងបំណងឲ្យមានសកម្មភាពផ្សេងគ្នា សមាជិកម្នាក់ក្នុងក្រុមគ្រួសារអានពាក្យរបស់បុគ្គលផ្សេងពីគ្នាក្នុងបទគម្ពីរ។ ឪពុកម្នាក់នៅប្រទេសជប៉ុនសារភាពថា ចំពោះគាត់«មុនដំបូងការអានដូច្នេះគឺដូចជាចម្លែកបន្ដិច»។ ប៉ុន្ដែកូនប្រុសទាំងពីរនាក់របស់គាត់រីករាយដោយឃើញឪពុកម្ដាយសប្បាយជាមួយនឹងពួកគេ។ ក្រុមគ្រួសារខ្លះក៏សម្ដែងរឿងក្នុងគម្ពីរដែរ។ បងរ៉ូជឺនៅប្រទេសអាហ្វ្រិកខាងត្បូងដែលមានកូនប្រុសពីរនាក់និយាយថា កូនក្មេង«ច្រើនតែឃើញចំណុចក្នុងកំណត់ហេតុគម្ពីរដែលយើងជាឪពុកម្ដាយមិនបានរកឃើញទេ»។

អ្វីមួយទៀតដែលក្រុមគ្រួសារអាចធ្វើដើម្បីមានសកម្មភាពផ្សេងគ្នាគឺធ្វើគម្រោងមួយជាមួយគ្នា ដូចជាសាងសង់គំរូទូកធំរបស់ណូអេ ឬវិហាររបស់សាឡូម៉ូន។ ការធ្វើគម្រោងបែបនេះតម្រូវឲ្យក្រុមគ្រួសារស្រាវជ្រាវ ហើយនេះអាចនាំឲ្យមានអារម្មណ៍រំភើប។ ជាឧទាហរណ៍ ក្នុងបន្ទប់ទទួលភ្ញៀវរបស់ក្រុមគ្រួសារមួយនៅទ្វីបអាស៊ី មានក្មេងស្រីម្នាក់អាយុប្រាំឆ្នាំជាមួយនឹងឪពុកម្ដាយនិងយាយរបស់គាត់។ ពួកគាត់ធ្វើក្ដារលេងហ្គេមមួយដែលមានមូលដ្ឋានលើដំណើររបស់សាវ័កប៉ូលជាសាសនទូត។ ក្រុមគ្រួសារទៀត បានធ្វើក្ដារលេងហ្គេមដែលមានមូលដ្ឋានលើកំណត់ហេតុក្នុងសៀវភៅនិក្ខមនំ។ បងដូណលដែលមានអាយុ១៩ឆ្នាំនៅប្រទេសតូហ្គោនិយាយថា សកម្មភាពផ្សេងគ្នា«បានធ្វើឲ្យក្រុមគ្រួសារនិងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារគួរឲ្យចាប់អារម្មណ៍និងរំភើបចិត្ដជាងមុន»។ តើអ្នកអាចគិតអំពីគម្រោងមួយដែលនឹងធ្វើឲ្យការគោរពប្រណិប័តន៍ជាក្រុមគ្រួសាររបស់អ្នកកាន់តែសប្បាយជាងទេ?

ការរៀបចំគឺសំខាន់ចាំបាច់

ទោះជាសកម្មភាពផ្សេងគ្នានិងការចេះប្រែប្រួលធ្វើឲ្យការគោរពប្រណិប័តន៍គួរឲ្យចាប់អារម្មណ៍ជាងក្ដី សមាជិកក្រុមគ្រួសារទាំងអស់ត្រូវរៀបចំទុកជាមុនដើម្បីទទួលប្រយោជន៍ច្រើនបំផុត។ កូនតូចពិបាកអង្គុយនិងពិបាករៀនយូរ ដូច្នេះឪពុកត្រូវតែពិចារណាជាមុនសិននូវព័ត៌មានដែលនឹងធ្វើឲ្យពួកគេចាប់អារម្មណ៍។ ឪពុកម្នាក់និយាយថា«ពេលខ្ញុំរៀបចំទុកជាមុន សមាជិកទាំងអស់មានការសិក្សាដែលមានន័យខ្លឹមសារជាង»។ ឪពុកម្នាក់នៅប្រទេសអាឡឺម៉ង់ប្រាប់ក្រុមគ្រួសាររបស់គាត់ទុកជាមុនអំពីអ្វីដែលពួកគេនឹងសិក្សាក្នុងប៉ុន្មានសប្ដាហ៍ទៅមុខ។ ពេលរៀបចំឲ្យទស្សនាឌីវីឌីដែលមានមូលដ្ឋានលើគម្ពីរសម្រាប់គោរពប្រណិប័តន៍ជាក្រុមគ្រួសារ ឪពុករបស់កូនតូចនាក់ដែលមានអាយុរវាងពីរនិង១២ឆ្នាំនៅប្រទេសបេនីន ឲ្យសំណួរខ្លះសម្រាប់កូនគាត់ទុកជាមុន។ មែនហើយ ការរៀបចំទុកជាមុនធ្វើឲ្យការគោរពប្រណិប័តន៍ជាក្រុមគ្រួសារមានគុណភាពកាន់តែល្អជាង។

កាលដែលក្រុមគ្រួសារដឹងទុកជាមុនអំពីអ្វីដែលនឹងត្រូវពិចារណាពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ក្នុងអំឡុងសប្ដាហ៍នោះពួកគេអាចនិយាយគ្នាអំពីអ្វីទាំងនោះ។ ដូច្នេះពួកគេនឹងរង់ចាំការសិក្សាដោយចិត្ដរំភើប។ បើសមាជិកម្នាក់ក្នុងក្រុមគ្រួសារមានភារកិច្ចរៀងខ្លួន នោះគាត់នឹងមានអារម្មណ៍ថានេះជាការគោរពប្រណិប័តន៍របស់គាត់ផ្ទាល់។

ចូរព្យាយាមសិក្សាឲ្យបានទៀងទាត់

ក្រុមគ្រួសារភាគច្រើនពិបាកធ្វើការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់។ ហេតុអ្វី?

ឪពុកជាច្រើននាក់ត្រូវធ្វើការច្រើនម៉ោងដើម្បីចិញ្ចឹមក្រុមគ្រួសាររបស់គាត់។ ជាឧទាហរណ៍ ឪពុកម្នាក់នៅប្រទេសម៉ិចស៊ិក ចេញពីផ្ទះម៉ោងព្រឹក ហើយត្រឡប់មកផ្ទះវិញម៉ោងយប់។ ម្ដងម្កាល ក្រុមគ្រួសារខ្លះនឹងត្រូវផ្លាស់ប្ដូរថ្ងៃសម្រាប់គោរពប្រណិប័តន៍ជាក្រុមគ្រួសារ ដោយសារមានកម្មវិធីគោរពប្រណិប័តន៍ផ្សេងទៀត ដូចជាទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលមហាសន្និបាតប្រចាំតំបន់។

ប៉ុន្ដែ យើងត្រូវតាំងចិត្ដដើម្បីមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារឲ្យបានទៀងទាត់។ ប្អូនឡូអ៊ីសដែលនៅប្រទេសតូហ្គោមានអាយុ១១ឆ្នាំ និយាយអំពីការតាំងចិត្ដរបស់ក្រុមគ្រួសារគាត់ថា«ទោះជាជួនកាលយើងត្រូវចាប់ផ្ដើមគោរពប្រណិប័តន៍ជាក្រុមគ្រួសារមិនទាន់ម៉ោងកំណត់ដោយសារអ្វីដែលបានកើតឡើងនៅថ្ងៃនោះក៏ដោយ យើងតែងតែមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ»។ យើងអាចយល់មូលហេតុដែលក្រុមគ្រួសារខ្លះរៀបចំឲ្យមានការគោរពប្រណិប័តន៍នៅថ្ងៃដើមសប្ដាហ៍។ បើមានអ្វីកើតឡើងដែលមិនបានដឹងទុកជាមុន ពួកគេនៅតែអាចរៀបចំការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនៅប៉ុន្មានថ្ងៃក្រោយក្នុងសប្ដាហ៍នោះ។

ដូចពាក្យថា«ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ»បញ្ជាក់ នេះជាផ្នែកមួយនៃការគោរពប្រណិប័តន៍របស់អ្នកចំពោះព្រះយេហូវ៉ា។ ជាក្រុមគ្រួសារ យើងអាចជូនគ្រឿងបូជាជា«គោឈ្មោល»ពោលគឺ សរសើរព្រះយេហូវ៉ា។ (ហូ. ១៤:២) សូមឲ្យពេលនោះជាពេលដ៏សប្បាយមួយសម្រាប់សមាជិកម្នាក់នៃក្រុមគ្រួសារ«ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា»។—នេហ. ៨:៩, ១០