លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការថែទាំមនុស្សវ័យចាស់

ការថែទាំមនុស្សវ័យចាស់

«កូនអើយ! យើងមិនត្រូវស្រឡាញ់តែមាត់ ឬដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្ដែត្រូវស្រឡាញ់ដោយការប្រព្រឹត្ដ និងដោយសេចក្ដីពិតវិញ»។—១យ៉ូន. ៣:១៨

១, ២. () តើក្រុមគ្រួសារជាច្រើនមានការពិបាកអ្វីខ្លះ ហើយតើនេះនាំឲ្យមានសំណួរអ្វីខ្លះ? () តើតាមរបៀបណាឪពុកម្ដាយនិងកូនអាចប្រឈមមុខនឹងការពិបាកដែលមកពីស្ថានភាពប្រែប្រួល?

ពេលដឹងថាឪពុកម្ដាយរបស់អ្នកដែលពីមុនមានកម្លាំង ហើយអាចគ្រប់គ្រងខ្លួនបាន ឥឡូវមិនអាចថែទាំខ្លួន នោះអាចនាំឲ្យអ្នកពិបាកចិត្ដ។ ប្រហែលជាឪពុកម្ដាយបានដួល ហើយបាក់ត្រគាក វង្វេងហើយបាត់ខ្លួន ឬបានត្រូវវិភាគឃើញថាមានជំងឺធ្ងន់ធ្ងរ។ ម្យ៉ាងទៀត មនុស្សវ័យចាស់ក៏អាចពិបាកទទួលយកការប្រែប្រួលនៃសុខភាពស្ថានភាពរបស់ពួកគាត់ដែរ ជាពិសេសកាលណានេះដាក់កម្រិតទៅលើការគ្រប់គ្រងខ្លួនរបស់ពួកគាត់។ (យ៉ូប ១៤:១) តើយើងអាចធ្វើអ្វីដើម្បីជួយពួកគាត់? តើយើងអាចថែទាំពួកគាត់យ៉ាងដូចម្ដេច?

អត្ថបទមួយស្ដីអំពីការថែទាំមនុស្សវ័យចាស់ចែងថា«ទោះជាពិបាកពិភាក្សាគ្នាអំពីបញ្ហាជរាភាពក្ដី ក្រុមគ្រួសារដែលបានពិភាក្សាគ្នាអំពីជម្រើសការថែទាំ ហើយបានព្រមព្រៀងគ្នាអំពីគម្រោងផ្សេងៗ នឹងអាចប្រឈមមុខបានប្រសើរជាងនឹងអ្វីក៏ដោយដែលកើតឡើង»។ ការពិភាក្សាគ្នាបែបនេះមានប្រសិទ្ធភាព ពេលយើងទទួលស្គាល់ថាទុក្ខលំបាកដែលមកពីជរាភាពគឺមិនអាចជៀសវាងបានឡើយ។ ប៉ុន្ដែ យើងអាចធ្វើការរៀបចំខ្លះនិងការសម្រេចចិត្ដទុកជាមុន។ យើងនឹងពិចារណារបៀបដែលក្រុមគ្រួសារអាចសហការគ្នាដោយសេចក្ដីស្រឡាញ់ដើម្បីប្រឈមមុខនឹងការពិបាកខ្លះ។

 ការរៀបចំសម្រាប់«អស់ទាំងថ្ងៃអាក្រក់»

. តើក្រុមគ្រួសារប្រហែលជាត្រូវធ្វើអ្វី ពេលដែលឪពុកម្ដាយត្រូវការជំនួយកាន់តែច្រើន? (សូមមើលរូបភាពនៅដើមអត្ថបទ)។

មកដល់គ្រាមួយដែលមនុស្សវ័យចាស់ភាគច្រើនមិនអាចថែទាំខ្លួនឲ្យបានពេញលេញ ដូច្នេះពួកគាត់ត្រូវការជំនួយ។ (សូមអាន សាស្ដា ១២:១-) ពេលនេះកើតឡើង ឪពុកម្ដាយវ័យចាស់និងកូនពេញវ័យរបស់ពួកគាត់គួរពិភាក្សាគ្នាអំពីការថែទាំដែលប្រសើរបំផុតនិងលុយកាក់ដែលពួកគេអាចចំណាយ។ ធម្មតាជាការល្អដែលក្រុមគ្រួសារជួបជុំគ្នាដើម្បីពិភាក្សាអំពីការសហការគ្នា សេចក្ដីត្រូវការនិងវិធីថែទាំ។ ទាំងអស់គ្នាដែលចូលរួមការពិភាក្សានេះ ជាពិសេសឪពុកម្ដាយគួរប្រាប់អំពីអារម្មណ៍របស់ពួកគាត់ដោយឥតលាក់លៀម ហើយទទួលស្គាល់ហេតុការណ៍ពិត។ ពួកគេប្រហែលជាពិភាក្សាគ្នាថាបើមានជំនួយថែមទៀត នោះឪពុកម្ដាយអាចនៅផ្ទះរបស់ពួកគាត់ដោយសុវត្ថិភាពមិនអាច។ * ចូរពិភាក្សាគ្នាអំពីអ្វីដែលពួកគេម្នាក់អាចធ្វើ ដើម្បីឲ្យឪពុកម្ដាយទទួលការថែទាំដែលពួកគាត់ត្រូវការ។ (សុភ. ២៤:៦) ជាឧទាហរណ៍ កូនខ្លះប្រហែលជាអាចថែទាំរាល់ថ្ងៃ រីឯកូនទៀតប្រហែលជាអាចផ្ដល់ជំនួយជាលុយកាក់ថែមទៀត។ ទាំងអស់គ្នាគួរដឹងថាគ្រប់គ្នាមានភារកិច្ច ប៉ុន្ដែភារកិច្ចអាចផ្លាស់ប្ដូរកាលដែលពេលវេលាកន្លងទៅ ហើយពួកគេប្រហែលជាត្រូវពិចារណាអំពីការផ្លាស់វេនគ្នាដើម្បីបំពេញភារកិច្ចខ្លះ។

. តើសមាជិកក្រុមគ្រួសារអាចសុំជំនួយពីណា?

កាលដែលអ្នកចាប់ផ្ដើមថែទាំ ចូរចំណាយពេលរៀនឲ្យដឹងច្រើនបំផុតអំពីស្ថានភាពរបស់ឪពុកម្ដាយអ្នក។ បើគាត់ត្រូវប្រឈមមុខនឹងជំងឺដែលកាន់តែធ្ងន់ទៅ ចូររៀនអំពីដំណើរការនៃជំងឺនោះ។ (សុភ. ១:៥) ចូរទាក់ទងនឹងស្ថាប័នរដ្ឋាភិបាលដែលផ្ដល់សេវាកម្មដល់មនុស្សវ័យចាស់។ ចូររកក្នុងតំបន់របស់អ្នកនូវការរៀបចំដើម្បីជួយមនុស្សចាស់ ដែលអាចជួយឪពុកម្ដាយរបស់អ្នកទទួលការថែទាំល្អជាង ឬដែលជួយអ្នកក្នុងការថែទាំពួកគាត់។ ការប្រែប្រួលក្នុងស្ថានភាពក្រុមគ្រួសារអាចបណ្ដាលឲ្យអ្នកពិបាកចិត្ដ ពោលគឺមានអារម្មណ៍ក្រៀមក្រំ តក់ស្លុត ឬច្របូកច្របល់ក្នុងចិត្ដ។ ចូរប្រាប់អំពីអារម្មណ៍របស់អ្នកដល់មិត្ដភក្ដិដែលអ្នកទុកចិត្ដ។ សំខាន់បំផុត ចូរអធិដ្ឋានអស់ពីចិត្ដទៅព្រះយេហូវ៉ា។ លោកអាចជួយអ្នកឲ្យមានសេចក្ដីសុខសាន្ដនៅក្នុងចិត្ដដើម្បីប្រឈមមុខនឹងគ្រប់ស្ថានភាព។—ទំនុក. ៥៥:២២; សុភ. ២៤:១០; ភី. ៤:៦, ៧

. ហេតុអ្វីការដឹងទុកជាមុនអំពីជម្រើសខាងការថែទាំសុខភាពគឺជាគំនិតល្អ?

គឺជាគំនិតល្អដែលមនុស្សវ័យចាស់និងក្រុមគ្រួសាររបស់ពួកគាត់ដឹងជាមុនអំពីជម្រើសខាងការថែទាំសុខភាព។ ជាឧទាហរណ៍ ពួកគេប្រហែលជាឃើញថាជាការល្អដែលឪពុកម្ដាយរស់នៅជាមួយនឹងកូនប្រុស ឬកូនស្រីម្នាក់ រស់នៅមណ្ឌលថែទាំសុខភាព ឬជម្រើសទៀត។ ពួកគេបានឃើញ«ការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយ»ពីចម្ងាយ ហើយបានត្រៀមខ្លួនសម្រាប់គ្រានោះ។ (ទំនុក. ៩០:១០) ក្រុមគ្រួសារច្រើនណាស់មិនធ្វើគម្រោងទេ ហើយក្រោយមកពួកគេបានត្រូវបង្ខំចិត្ដធ្វើការសម្រេចចិត្ដពិបាកយ៉ាងប្រញាប់ ពេលមានបញ្ហាកើតឡើង។ អ្នកជំនាញការម្នាក់និយាយថា នេះ«ស្ទើរតែជាពេលពិបាកបំផុតដើម្បីធ្វើការសម្រេចចិត្ដបែបនេះ»។ នៅក្នុងបរិយាកាសដ៏ប្រញាប់ប្រញាល់នោះ សមាជិកក្រុមគ្រួសារប្រហែលជាតានតឹងចិត្ដ ហើយការខ្វែងគំនិតគ្នាប្រហែលជាកើតឡើង។ ផ្ទុយទៅវិញ ការរៀបចំសម្រាប់អនាគត ធ្វើឲ្យការកែប្រែនៅពេលក្រោយមិនសូវពិបាក។—សុភ. ២០:១៨

. តើតាមរបៀបណាឪពុកម្ដាយនិងកូនអាចទទួលប្រយោជន៍ពីការពិភាក្សាអំពីរបៀបរស់នៅរបស់មនុស្សវ័យចាស់?

ប្រហែលជាមើលទៅអ្នកពិបាកនិយាយជាមួយឪពុកម្ដាយរបស់អ្នកអំពីការធ្វើការកែប្រែនៅក្នុងផ្ទះរបស់ពួកគាត់ ឬអំពីសេចក្ដីត្រូវការរើចេញពីផ្ទះនៅពេលអនាគត។ ប៉ុន្ដែ មនុស្សជាច្រើនបាននិយាយថាការសន្ទនាទាំងនោះមានប្រយោជន៍ណាស់ក្រោយមក។ ហេតុអ្វី? ពីព្រោះការសន្ទនាទាំងនោះផ្ដល់ឱកាសឲ្យធ្វើគម្រោងដែលមានប្រយោជន៍នៅក្នុងបរិយាកាសដែលមានភាពជិតស្និទ្ធនិងការយោគយល់គ្នា។ ពួកគេបានឃើញថាការប្ដូរយោបល់គ្នាជាមុន ដោយសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរស បានធ្វើឲ្យការសម្រេចចិត្ដស្រួលជាងពេលពួកគេត្រូវធ្វើការសម្រេចចិត្ដទាំងនោះ។ មនុស្សវ័យចាស់ប្រហែលជាចង់រស់នៅដោយឡែកពីកូនឲ្យបានយូរបំផុតបើអាច ធ្វើបាន។ ពេលឪពុកម្ដាយពិភាក្សាជាមួយនឹងកូនរបស់ពួកគាត់អំពីការថែទាំបែបណាដែលពួកគាត់ចង់បាន នេះនឹងជួយគ្រប់គ្នាយ៉ាងច្រើន បើការសម្រេចចិត្ដអំពីការថែទាំត្រូវធ្វើឡើង។

៧, ៨. តើក្រុមគ្រួសារគួរពិភាក្សាគ្នាអំពីរឿងអ្វីខ្លះ ហើយហេតុអ្វី?

ឪពុកម្ដាយទាំងឡាយអើយ ក្នុងអំឡុងការពិភាក្សាបែបនេះ សូមប្រាប់ក្រុមគ្រួសាររបស់អ្នកអំពីសេចក្ដីប៉ងប្រាថ្នារបស់អ្នក អំពីលទ្ធភាពរបស់អ្នកក្នុងការចំណាយលុយដើម្បីទទួលការថែទាំ និងអំពីការថែទាំដែលអ្នកចង់បាន។ នេះនឹងជួយពួកគេឲ្យអាចធ្វើការសម្រេចចិត្ដត្រឹមត្រូវ បើអ្នកមិនអាចធ្វើដូច្នេះ។ ពួកគេទំនងជាចង់ធ្វើតាមបំណងរបស់អ្នក ហើយទុកឲ្យអ្នកគ្រប់គ្រងខ្លួនអ្នកឲ្យបានច្រើនបំផុត។ (អេភ. ៦:២-) ជាឧទាហរណ៍ តើអ្នកសង្ឃឹមថាកូនម្នាក់នឹងអញ្ជើញអ្នកឲ្យរើទៅរស់នៅជាមួយនឹងក្រុមគ្រួសាររបស់គាត់ ឬតើអ្នកសង្ឃឹមលើអ្វីមួយផ្សេងទៀត? សូមទទួលស្គាល់ការពិត ហើយចាំថាសមាជិកទៀតនៃក្រុមគ្រួសារប្រហែលជាមានគំនិតខុសគ្នាពីអ្នក។ គឺត្រូវការពេល ដើម្បីឲ្យគ្រប់គ្នាកែតម្រូវគំនិតរបស់ខ្លួន ទោះជាឪពុកម្ដាយកូនក្ដី។

គ្រប់គ្នាគួរដឹងថា ពួកគេប្រហែលជាអាចជៀសវាងបញ្ហាបើមានការរៀបចំនិងការពិភាក្សាគ្នា។ (សុភ. ១៥:២២) នោះរួមបញ្ចូលការពិភាក្សាអំពីការថែទាំសុខភាពនិងចំណង់ចំណូលចិត្ដ។ ក្នុងអំឡុងការពិភាក្សាទាំងនេះ ក្រុមគ្រួសារគួរតែពិភាក្សាព័ត៌មាននៅក្នុងលិខិតប្រគល់សិទ្ធិអំណាចដែលសាក្សីព្រះយេហូវ៉ាប្រើ។ បុគ្គលម្នាក់មានសិទ្ធិដឹងថាមានវិធីព្យាបាលណាខ្លះ ហើយគាត់មានសិទ្ធិទទួលយក ឬមិនទទួលយកវិធីព្យាបាលនោះ។ លិខិតប្រគល់សិទ្ធិអំណាចចែងអំពីបំណងរបស់បុគ្គលនោះស្ដីអំពីរឿងទាំងនេះ។ ការជ្រើសរើសបុគ្គលដែលនឹងទទួលសិទ្ធិអំណាចនឹងអនុញ្ញាតឲ្យបុគ្គលដែលអ្នកទុកចិត្ដធ្វើការសម្រេចចិត្ដត្រឹមត្រូវសម្រាប់អ្នកបើចាំបាច់។ មនុស្សវ័យចាស់ អ្នកថែទាំនិងបុគ្គលដែលបានទទួលសិទ្ធិអំណាចគួរតែមានលិខិតប្រគល់សិទ្ធិអំណាចដែលបានត្រូវថតចម្លង ក្នុងករណីដែលពួកគេត្រូវការ។ អ្នកខ្លះបានភ្ជាប់លិខិតប្រគល់សិទ្ធិអំណាចដែលបានត្រូវថតចម្លង ជាមួយសំបុត្របណ្ដាំរបស់ពួកគេនិងឯកសារសំខាន់ទៀតស្ដីអំពីការធានារ៉ាប់រង ខាងធនាគារ ឈ្មោះអ្នកធ្វើការនៅក្រសួងមន្ទីរជាដើម។ល។

ការប្រឈមមុខនឹងស្ថានភាពដែលប្រែប្រួល

៩, ១០. តើឪពុកម្ដាយប្រហែលជាត្រូវការជំនួយពីកូនកាន់តែច្រើននៅពេលណា?

ក្នុងករណីជាច្រើន ទាំងអស់គ្នាក្នុងក្រុមគ្រួសារចង់ឲ្យមនុស្សវ័យចាស់បន្ដគ្រប់គ្រងខ្លួនឯង។ ពួកគាត់ប្រហែលជាអាចដាំស្ល សម្អាត ពិសាថ្នាំនិងប្រាស្រ័យទាក់ទងយ៉ាងល្អ។ ហេតុនេះ ពួកគាត់ធ្វើឲ្យកូនទុកចិត្ដថាពួកគាត់មិនចាំបាច់ពឹងផ្អែកហួសហេតុពេកលើកូនក្នុងជីវិតប្រចាំថ្ងៃឡើយ។ ប៉ុន្ដែ កាលដែលពេលវេលាកន្លងទៅ បើឪពុកម្ដាយពិបាកដើរ បើពួកគាត់មិនអាចទៅផ្សារ ឬបើពួកគាត់ចាប់ផ្ដើមភ្លេចខុសពីធម្មតា កូនប្រហែលជាត្រូវធ្វើការកែប្រែស្របតាមស្ថានភាពថ្មីនោះ។

១០ មនុស្សវ័យចាស់ប្រហែលជាចាប់ផ្ដើមច្របូកច្របល់ក្នុងចិត្ដ ឬធ្លាក់ទឹកចិត្ដ។ ពួកគាត់ប្រហែលជាចាប់ផ្ដើមស្ដាប់មិនឮ មើលមិនឃើញ បាត់ការចងចាំ ឬប្រហែលមានការពិបាកប្រើបន្ទប់ទឹក។ បើបញ្ហាសុខភាពទាំងនេះខ្លះកើតឡើង ការព្យាបាលប្រហែលជាអាចជួយពួកគាត់។ សូមទៅជួបគ្រូពេទ្យកាលណាបញ្ហាទាំងនោះចាប់ផ្ដើម។ កូនប្រហែលជាត្រូវនាំមុខក្នុងរឿងនេះ។ នៅដំណាក់ កាលណាមួយ ពួកគេក៏ប្រហែលជាត្រូវចាប់ផ្ដើមនាំមុខក្នុងកិច្ចការដែលឪពុកម្ដាយធ្លាប់ធ្វើពីមុន។ ដើម្បីប្រាកដថាឪពុកម្ដាយទទួលការថែទាំដ៏ល្អបំផុត កូនប្រហែលជាត្រូវនិយាយជំនួសពួកគាត់ ជួយបំពេញលិខិតផ្សេងៗ ជូនពួកគាត់ទៅជួបគ្រូពេទ្យអ្នកផ្សេងទៀត ជាដើម។ល។—សុភ. ៣:២៧

១១. តើកូនអាចធ្វើអ្វីដើម្បីឲ្យឪពុកម្ដាយងាយស្រួលកែប្រែតាមស្ថានភាពរបស់ពួកគាត់ដែលប្រែប្រួល?

១១ បើឪពុកម្ដាយរបស់អ្នកមានបញ្ហាសុខភាពជាប់ជានិច្ច អ្នកប្រហែលជាត្រូវកែប្រែក្នុងការថែទាំពួកគាត់ ឬនៅក្នុងផ្ទះដែលពួកគាត់រស់នៅ។ បើស្ថានភាពរបស់ពួកគាត់ប្រែប្រួលតែបន្ដិចបន្ដួច នោះការកែប្រែទំនងជាងាយស្រួលជាង។ បើអ្នករស់នៅឆ្ងាយពីឪពុកម្ដាយ បើសាក្សីម្នាក់ ឬអ្នកជិតខាងម្នាក់អាចមកលេងពួកគាត់ជាទៀងទាត់ ហើយប្រាប់អ្នកឲ្យដឹងថាឪពុកម្ដាយរបស់អ្នកសុខសប្បាយយ៉ាងណា នោះប្រហែលជាគ្រប់គ្រាន់ហើយ។ តើពួកគាត់ត្រូវការជំនួយតែក្នុងការដាំស្លនិងការសម្អាតប៉ុណ្ណោះឬ? តើការកែប្រែបន្ដិចបន្ដួចនៅក្នុងផ្ទះធ្វើឲ្យពួកគាត់ស្រួលជាងនិងមានសុវត្ថិភាពជាងពេលដើរ ពេលងូតទឹក ជាដើមទេ? ប្រហែលជាអ្វីដែលមនុស្សវ័យចាស់ត្រូវការដើម្បីរស់នៅដោយខ្លួនឯង គឺអ្នកដែលមកជួយធ្វើកិច្ចការផ្ទះនិងថែទាំពួកគាត់។ ប៉ុន្ដែ បើពួកគាត់អាចមានគ្រោះថ្នាក់ដោយសារពួកគាត់មិនអាចថែទាំខ្លួនឯងបាន នោះត្រូវរកវិធីជួយពួកគាត់ឲ្យបានយូរជាង។ ទោះជាមានស្ថានភាពបែបណាក៏ដោយ សូមរកសេវាកម្មដែលមាននៅតំបន់របស់ពួកគាត់។ *—សូមអាន សុភាសិត ២១:៥

របៀបដែលអ្នកខ្លះប្រឈមមុខនឹងការពិបាក

១២, ១៣. តើតាមរបៀបណាកូនពេញវ័យដែលរស់នៅឆ្ងាយពីឪពុកម្ដាយបានបន្ដគោរពនិងថែទាំពួកគាត់?

១២ កូនដែលស្រឡាញ់ឪពុកម្ដាយ ចង់ឲ្យពួកគាត់រស់នៅដោយសុខស្រួល។ កាលណាកូនដឹងថាឪពុកម្ដាយបានទទួលការថែទាំ នោះធ្វើឲ្យពួកគេមានសេចក្ដីសុខសាន្ដក្នុងចិត្ដមួយកម្រិត។ ប៉ុន្ដែដោយសារកូនពេញវ័យជាច្រើននាក់មានកាតព្វកិច្ចទៀត នោះពួកគេមិនរស់នៅជិតឪពុកម្ដាយទេ។ ក្នុងករណីបែបនេះ ពួកគេខ្លះបានប្រើពេលវិស្សមកាលដើម្បីទៅលេងនិងជួយបំពេញសេចក្ដីត្រូវការរបស់ពួកគាត់ ដោយធ្វើកិច្ចការផ្ទះដែលឥឡូវឪពុកម្ដាយមិនអាចធ្វើបាន។ កូនអាចបង្ហាញថាពួកគេស្រឡាញ់ឪពុកម្ដាយ ដោយហៅទូរស័ព្ទជាទៀងទាត់ជារៀងរាល់ថ្ងៃ សរសេរសំបុត្រ ឬផ្ញើអ៊ីមែល។—សុភ. ២៣:២៤, ២៥

១៣ ទោះជាក្រុមគ្រួសាររបស់អ្នករស់នៅឆ្ងាយពីគ្នាក៏ដោយ អ្នកនឹងត្រូវសម្រេចចិត្ដថាឪពុកម្ដាយត្រូវការការថែទាំបែបណាជារៀងរាល់ថ្ងៃ។ បើអ្នកមិនរស់នៅជិតឪពុកម្ដាយ ហើយពួកគាត់ជាសាក្សី អ្នកអាចនិយាយជាមួយនឹងអ្នកចាស់ទុំនៃក្រុមជំនុំរបស់ពួកគាត់ ដោយសុំយោបល់ពីពួកអ្នកចាស់ទុំទាំងនោះ។ សំខាន់បំផុត សូមអធិដ្ឋានទៅព្រះយេហូវ៉ាអំពីឪពុកម្ដាយរបស់អ្នក។ (សូមអាន សុភាសិត ១១:១៤) ទោះជាឪពុកម្ដាយមិនមែនជាសាក្សីក៏ដោយ អ្នកចង់‹គោរពឪពុកម្ដាយ›របស់អ្នក។ (និក្ខ. ២០:១២; សុភ. ២៣:២២) មិនមែនក្រុមគ្រួសារទាំងអស់នឹងធ្វើការសម្រេចចិត្ដដូចគ្នាទេ។ ក្រុមគ្រួសារខ្លះរៀបចំឲ្យឪពុកម្ដាយរើទៅនៅជាមួយ ឬនៅជិតពួកគេជាង។ ប៉ុន្ដែនេះមិនតែងតែអាចធ្វើទៅបានឡើយ។ ឪពុកម្ដាយខ្លះប្រហែលជាមិនចង់រស់នៅជាមួយកូនពេញវ័យនិងក្រុមគ្រួសាររបស់ពួកគេទេ។ ពួកគាត់ប្រហែលជាចូលចិត្ដរស់នៅដោយខ្លួនឯង ហើយមិនចង់ទៅជាបន្ទុកលើកូនរបស់ពួកគាត់ឡើយ។ ឪពុកម្ដាយខ្លះប្រហែលជាមានធនធានដើម្បីបង់ការថែទាំកាលដែលរស់នៅផ្ទះរបស់ពួកគាត់ ហើយពួកគាត់ប្រហែលជាចូលចិត្ដធ្វើដូច្នេះ។—សាស្ដ. ៧:១២

១៤. តើបញ្ហាអ្វីខ្លះប្រហែលជាកើតឡើងដល់បុគ្គលដែលត្រូវថែទាំច្រើនជាងគេ?

១៤ ក្នុងក្រុមគ្រួសារជាច្រើន ភារកិច្ចជាច្រើនក្នុងការថែទាំធ្លាក់ទៅលើកូនប្រុសកូនស្រីម្នាក់ ដែលរស់នៅជិតឪពុកម្ដាយជាងគេ។ ប៉ុន្ដែ បុគ្គលដែលត្រូវថែទាំច្រើនជាងគេគួរមានតុល្យភាពរវាងសេចក្ដីត្រូវការរបស់ឪពុកម្ដាយនិងសេចក្ដីត្រូវការរបស់ក្រុមគ្រួសាររបស់គាត់ផ្ទាល់។ ពេលវេលានិងកម្លាំងរបស់បុគ្គលម្នាក់គឺមានកម្រិត។ ម្យ៉ាងទៀត បើស្ថានភាពរបស់អ្នកថែទាំប្រែប្រួល ក្រុមគ្រួសារប្រហែលជាត្រូវពិនិត្យមើលឡើងវិញនូវការរៀបចំសព្វថ្ងៃនេះ។ តើ សមាជិកម្នាក់នៃក្រុមគ្រួសារប្រហែលជាទទួលភារកិច្ចច្រើនពេកទេ? តើកូនទៀតអាចធ្វើអ្វីច្រើនជាង ដូចជាដាក់វេនគ្នាថែទាំជាដើមទេ?

១៥. តើតាមរបៀបណាបុគ្គលដែលថែទាំអាចជៀសវាងពីការបាក់កម្លាំង?

១៥ ពេលឪពុកម្ដាយវ័យចាស់មានសេចក្ដីត្រូវការជាប់ជានិច្ច បុគ្គលដែលថែទាំអាចបាក់កម្លាំង។ (សាស្ដ. ៤:៦) កូនដែលស្រឡាញ់ឪពុកម្ដាយចង់ធ្វើអ្វីដែលពួកគេអាចធ្វើបាន ប៉ុន្ដែការថែទាំឪពុកម្ដាយប្រហែលជាហួសពីសមត្ថភាពរបស់ពួកគេ។ អ្នកថែទាំដែលស្ថិតក្នុងស្ថានភាពនេះ ត្រូវទទួលស្គាល់ការពិត ហើយអាចសុំជំនួយ។ ជំនួយខ្លះនៅពេលម្ដងម្កាលអាចជួយអ្នកថែទាំឲ្យបន្ដថែទាំដោយមិនចាំបាច់ឲ្យឪពុកម្ដាយទៅមណ្ឌលថែទាំសុខភាពឡើយ។

១៦, ១៧. តើកូនប្រហែលជាប្រឈមមុខនឹងការពិបាកអ្វី កាលដែលថែទាំឪពុកម្ដាយវ័យចាស់ ហើយតើពួកគេអាចស៊ូទ្រាំយ៉ាងដូចម្ដេច? (សូមមើលដែរប្រអប់«ការថែទាំដោយចិត្ដដឹងគុណ»)។

១៦ ពេលឃើញឪពុកម្ដាយជាទីស្រឡាញ់របស់យើងឈឺចាប់ដោយសារចាស់ជរា នោះធ្វើឲ្យយើងពិបាកចិត្ដ។ អ្នកថែទាំភាគច្រើនមានទុក្ខព្រួយ ខ្វល់ខ្វាយ តានតឹងចិត្ដ ខឹង បន្ទោសខ្លួន ថែមទាំងមានអារម្មណ៍តូចចិត្ដទៀតផង។ ជួនកាល ឪពុកម្ដាយវ័យចាស់ប្រហែលជាពោលពាក្យដែលធ្វើឲ្យឈឺចិត្ដ ឬមិនចេះអរគុណ។ បើនោះកើតឡើង សូមកុំប្រញាប់អាក់អន់ចិត្ដ។ អ្នកជំនាញការម្នាក់ខាងសុខភាពផ្លូវចិត្ដនិយាយថា ពេលយើងមានអារម្មណ៍ពិបាកចិត្ដ មុនដំបូងយើងត្រូវទទួលស្គាល់អារម្មណ៍របស់យើង ហើយបន្ទាប់មកព្យាយាមមិនបន្ទោសខ្លួនដោយសារមានអារម្មណ៍បែបនោះ។ ចូរនិយាយជាមួយគូរបស់អ្នក សមាជិកម្នាក់ទៀតនៃក្រុមគ្រួសារ ឬមិត្ដភក្ដិដែលគួរទុកចិត្ដអំពីអារម្មណ៍របស់អ្នក។ ការសន្ទនាបែបនេះអាចជួយអ្នកឲ្យយល់អារម្មណ៍របស់អ្នក ហើយរក្សាតុល្យភាព។

១៧ ប្រហែលជាដល់ពេលដែលក្រុមគ្រួសារមួយគ្មានធនធានសមត្ថភាពដើម្បីបន្ដថែទាំបុគ្គលជាទីស្រឡាញ់នៅផ្ទះទៀតទេ។ ក្រុមគ្រួសារប្រហែលជាសម្រេចចិត្ដថាបុគ្គលជាទីស្រឡាញ់ត្រូវការការថែទាំនៅមណ្ឌលថែទាំសុខភាព។ បងស្រីគ្រិស្ដសាសនិកម្នាក់បានទៅលេងម្ដាយរបស់គាត់នៅមណ្ឌលថែទាំសុខភាពស្ទើរតែរាល់ថ្ងៃ។ គាត់និយាយអំពីក្រុមគ្រួសាររបស់គាត់ថា«យើងមិនអាចផ្ដល់ការថែទាំ២៤ម៉ោងក្នុងមួយថ្ងៃដែលម្ដាយរបស់យើងត្រូវការនោះឡើយ។ ការទទួលយកការថែទាំគាត់នៅមណ្ឌលថែទាំសុខភាពមិនមែនជាការសម្រេចចិត្ដដែលស្រួលធ្វើនោះទេ។ គឺពិបាកខ្លាំងណាស់ខាងផ្លូវចិត្ដ។ ប៉ុន្ដែ គឺជាដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់គាត់នៅប៉ុន្មានខែចុងក្រោយនៃជីវិតរបស់គាត់ ហើយគាត់បានទទួលស្គាល់ដូច្នេះ»។

១៨. តើអ្នកថែទាំអាចមានទំនុកចិត្ដអ្វី?

១៨ ភារកិច្ចថែទាំឪពុកម្ដាយកាលដែលពួកគាត់មានវ័យចាស់អាចស្មុគស្មាញ ហើយពិបាកខាងផ្លូវចិត្ដ។ គ្មានដំណោះស្រាយដូចគ្នាសម្រាប់ការថែទាំមនុស្សវ័យចាស់ទាំងអស់ឡើយ។ ប៉ុន្ដែ ដោយមានការរៀបចំយ៉ាងល្អ ការសហការដោយចេះគិតអំពីអារម្មណ៍គ្នា ការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ ហើយសំខាន់បំផុត ការអធិដ្ឋានអស់ពីចិត្ដ នោះអ្នកអាចបំពេញភារកិច្ចក្នុងការគោរពបុគ្គលជាទីស្រឡាញ់របស់អ្នក។ ដោយធ្វើដូច្នេះ អ្នកអាចស្កប់ចិត្ដដោយដឹងថាឪពុកម្ដាយរបស់អ្នកកំពុងទទួលការថែទាំនិងការយកចិត្ដទុកដាក់ដែលពួកគាត់ត្រូវការ។ (សូមអាន កូរិនថូសទី១ ១៣:៤-) សំខាន់បំផុត អ្នកអាចមានទំនុកចិត្ដថាអ្នកនឹងមានសេចក្ដីសុខសាន្ដក្នុងចិត្ដដែលព្រះយេហូវ៉ាផ្ដល់ឲ្យពួកអ្នកដែលគោរពឪពុកម្ដាយរបស់ពួកគេ។—ភី. ៤:៧

^ ???? 3 នៅវប្បធម៌ខ្លះ ជាការធម្មតាដែលឪពុកម្ដាយរស់នៅជាមួយកូនពេញវ័យរបស់ពួកគាត់ ហើយនេះប្រហែលជាចំណង់ចំណូលចិត្ដរបស់ពួកគាត់។

^ ???? 11 បើឪពុកម្ដាយរបស់អ្នកនៅតែរស់នៅផ្ទះនៅឡើយ សូមប្រាកដថាអ្នកថែទាំដែលគួរទុកចិត្ដ មានសោសម្រាប់ចូលផ្ទះឪពុកម្ដាយរបស់អ្នកពេលមានអាសន្ន។