លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានចិត្ដពោរពេញទៅដោយសេចក្ដីក្លាហាន ព្រះយេហូវ៉ាជាអ្នកជួយអ្នក!

ចូរមានចិត្ដពោរពេញទៅដោយសេចក្ដីក្លាហាន ព្រះយេហូវ៉ាជាអ្នកជួយអ្នក!

«យើងមានចិត្ដពោរពេញទៅដោយសេចក្ដីក្លាហាន ហើយនិយាយថា៖ ‹ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ›»។—ហេ. ១៣:៦

១, ២. តើពួកអ្នកដែលបានចាកចេញពីក្រុមគ្រួសារដើម្បីទៅធ្វើការនៅក្រៅប្រទេស ប្រឈមមុខនឹងបញ្ហាអ្វីខ្លះពេលត្រឡប់មកផ្ទះវិញ? (សូមមើលរូបភាពនៅដើមអត្ថបទ)។

បងអេដវ៉ាដូ *នឹកចាំថា«ពេលខ្ញុំធ្វើការនៅក្រៅប្រទេស ខ្ញុំមានការងារដ៏សំខាន់មួយ ហើយរកលុយបានច្រើន។ ប៉ុន្ដែពេលខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា ខ្ញុំបានដឹងថាខ្ញុំមានភារកិច្ចមួយដែលសំខាន់ជាង ពោលគឺការថែរក្សាក្រុមគ្រួសាររបស់ខ្ញុំខាងការគោរពប្រណិប័តន៍ព្រះមិនគ្រាន់តែខាងសម្ភារប៉ុណ្ណោះទេ។ ហេតុនេះ ខ្ញុំបានត្រឡប់មកផ្ទះដើម្បីរស់នៅជាមួយពួកគាត់វិញ»។—អេភ. ៦:៤

បងអេដវ៉ាដូបានដឹងថាពេលគាត់ត្រឡប់មករស់នៅជាមួយក្រុមគ្រួសាររបស់គាត់ គាត់បានធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដ។ ប៉ុន្ដែដូចបងម៉ារីលីនដែលបានត្រូវរៀបរាប់នៅអត្ថបទមុន បងអេដវ៉ាដូត្រូវចាប់ផ្ដើមធ្វើឲ្យទំនាក់ទំនងរវាងគាត់និងក្រុមគ្រួសារបានល្អឡើងវិញ ហើយនេះត្រូវការពេលយូរ។ គាត់ក៏មានការពិបាកក្នុងការទំនុកបម្រុងប្រពន្ធនិងកូនរបស់គាត់នៅប្រទេសគាត់ដែលមានសេដ្ឋកិច្ចទន់ខ្សោយដែរ។ តើគាត់អាចចិញ្ចឹមគ្រួសារយ៉ាងដូចម្ដេច? តើក្រុមជំនុំនឹងជួយពួកគាត់ទេ?

ការធ្វើឲ្យចំណងមិត្ដភាពជាមួយព្រះនិងជីវិតជាក្រុមគ្រួសារបានល្អឡើងវិញ

. ពេលឪពុកម្ដាយមិនរស់នៅជាមួយកូន តើនេះមានឥទ្ធិពលយ៉ាងណាទៅលើកូន?

បងអេដវ៉ាដូសារភាពថា«ខ្ញុំបានយល់ថាខ្ញុំមិនបានយកចិត្ដទុកដាក់នឹងកូនរបស់ខ្ញុំទេ ពេល ពួកគេត្រូវការខ្លាំងបំផុតនូវការណែនាំនិងសេចក្ដីស្រឡាញ់ពីខ្ញុំ។ ខ្ញុំមិនបាននៅទីនោះដើម្បីអានរឿងគម្ពីរឲ្យពួកគេស្ដាប់ អធិដ្ឋានជាមួយនឹងពួកគេ ឱបពួកគេ ហើយលេងជាមួយនឹងពួកគេឡើយ»។ (ចោ. ៦:៧) អាណាដែលជាកូនស្រីច្បងរបស់គាត់នឹកចាំថា«ដោយសារឪពុករបស់យើងមិននៅផ្ទះជាមួយយើង ខ្ញុំគ្មានអារម្មណ៍កក់ក្ដៅក្នុងចិត្ដទេ។ ពេលគាត់ត្រឡប់មកវិញ យើងបានស្គាល់តែមុខនិងសំឡេងគាត់ប៉ុណ្ណោះ។ ពេលគាត់ឱបខ្ញុំ ខ្ញុំមិនមានអារម្មណ៍ស្រួលទេ»។

. ហេតុអ្វីឪពុកម្នាក់ពិបាកធ្វើជាប្រមុខដ៏ល្អនៃក្រុមគ្រួសារ ពេលគាត់រស់នៅបែកពីពួកគេ?

កាលណាឪពុករស់នៅឆ្ងាយពីផ្ទះកាន់តែយូរ នោះគាត់កាន់តែពិបាកធ្វើជាប្រមុខក្រុមគ្រួសារ។ បងរូប៊ីដែលជាប្រពន្ធរបស់បងអេដវ៉ាដូពន្យល់ថា«ខ្ញុំត្រូវធ្វើជាម្ដាយផង ធ្វើជាឪពុកផង ហើយខ្ញុំបានធ្លាប់ធ្វើការសម្រេចចិត្ដភាគច្រើនសម្រាប់ក្រុមគ្រួសារខ្ញុំ។ ពេលអេដវ៉ាដូត្រឡប់មកនៅផ្ទះវិញ ខ្ញុំត្រូវរៀនថាការចុះចូលជាគ្រិស្ដសាសនិក ពិតជាមានន័យយ៉ាងណា។ សូម្បីតែឥឡូវ ជួនកាលខ្ញុំត្រូវរំលឹកខ្លួនខ្ញុំថាប្ដីរបស់ខ្ញុំនៅទីនេះ»។ (អេភ. ៥:២២, ២៣) បងអេដវ៉ាដូនិយាយថា«កូនស្រីរបស់យើងធ្លាប់តែទៅរកម្ដាយរបស់ពួកគាត់ដើម្បីសុំការអនុញ្ញាតធ្វើអ្វីផ្សេងៗ។ ខ្ញុំត្រូវរៀននាំមុខតាមរបៀបជាគ្រិស្ដសាសនិក»។ បងអេដវ៉ាដូនិងបងរូប៊ីបានដឹងថាកូនរបស់ពួកគាត់ត្រូវការឃើញថាឪពុកម្ដាយរបស់ពួកគេធ្វើការសម្រេចចិត្ដជាមួយគ្នា។

. ពេលគាត់ត្រឡប់មកផ្ទះវិញ តើបងអេដវ៉ាដូបានធ្វើអ្វីខ្លះដើម្បីធ្វើឲ្យទំនាក់ទំនងរវាងគាត់និងក្រុមគ្រួសារបានល្អឡើងវិញ? តើមានលទ្ធផលយ៉ាងណា?

បងអេដវ៉ាដូបានតាំងចិត្ដធ្វើអ្វីទាំងអស់ដែលគាត់អាចធ្វើបានដើម្បីធ្វើឲ្យទំនាក់ទំនងរវាងគាត់និងក្រុមគ្រួសារបានល្អឡើងវិញនិងដើម្បីពង្រឹងចំណងមិត្ដភាពរវាងពួកគេនឹងព្រះយេហូវ៉ា។ «គោលដៅរបស់ខ្ញុំគឺធ្វើឲ្យសេចក្ដីពិតដក់ជាប់នៅក្នុងចិត្ដរបស់កូនខ្ញុំតាមរយៈពាក្យសម្ដីនិងគំរូ មិនគ្រាន់តែនិយាយថាខ្ញុំស្រឡាញ់ព្រះយេហូវ៉ាប៉ុណ្ណោះទេ តែបង្ហាញថាខ្ញុំស្រឡាញ់លោក»។ (១យ៉ូន. ៣:១៨) តើព្រះយេហូវ៉ាបានឲ្យពរដល់ការខំព្យាយាមរបស់បងអេដវ៉ាដូទេ? អាណាឆ្លើយថា«ពេលឃើញគាត់ខំព្យាយាមធ្វើជាឪពុកដ៏ល្អម្នាក់និងខំមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងយើងម្ដងទៀត នេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុមគ្រួសារ។ ពេលយើងឃើញគាត់ព្យាយាមឲ្យមានមុខងារក្នុងក្រុមជំនុំ យើងមានមោទនភាព។ ពិភពលោកនេះព្យាយាមទាញយើងចេញពីព្រះយេហូវ៉ា។ ប៉ុន្ដែយើងឃើញឪពុកម្ដាយរបស់យើងផ្ដោតអារម្មណ៍ទៅលើសេចក្ដីពិត ដូច្នេះ យើងក៏ខំប្រឹងធ្វើដូច្នេះដែរ។ ប៉ារបស់យើងបានសន្យាថាគាត់លែងចាកចេញពីយើងទៀត ហើយគាត់មិនបានចាកចេញពីយើងទៀតទេ។ បើគាត់បានចាកចេញមែន ទំនងជាសព្វថ្ងៃនេះខ្ញុំមិននៅក្នុងអង្គការរបស់ព្រះយេហូវ៉ាឡើយ»។

ការទទួលខុសត្រូវ

. តើឪពុកម្ដាយខ្លះបានរៀនមេរៀនអ្វីក្នុងអំឡុងពេលមានសង្គ្រាម?

បទពិសោធន៍ខ្លះបានបង្ហាញថា នៅតំបន់បាល់កង់ កូនរបស់សាក្សីព្រះយេហូវ៉ាដែលបានរស់នៅទីនោះសប្បាយ ទោះជាពួកគេរស់នៅក្នុងស្ថានភាពដ៏ពិបាកក៏ដោយ។ ហេតុអ្វី? ឪពុកម្ដាយដែលមិនអាចចេញទៅធ្វើការ បាននៅផ្ទះ ហើយបានសិក្សាជាមួយនឹងកូន លេងនិងនិយាយជាមួយនឹងកូនរបស់ពួកគេ។ តើមានមេរៀនអ្វី? ច្រើនជាងលុយអំណោយ កូនត្រូវការឪពុកម្ដាយរបស់ពួកគេនៅជាមួយ។ ពិតមែន ដូចបណ្ដាំរបស់ព្រះចែង កូននឹងទទួលប្រយោជន៍បើពួកគេទទួលការយកចិត្ដទុកដាក់និងការបង្ហាត់បង្រៀនពីឪពុកម្ដាយ។—សុភ. ២២:៦

៧, ៨. () តើឪពុកម្ដាយខ្លះដែលត្រឡប់មកវិញនិយាយអ្វីខុសទៅលើក្រុមគ្រួសារ? () តើតាមរបៀបណាឪពុកម្ដាយអាចធ្វើឲ្យទំនាក់ទំនងរវាងពួកគាត់និងកូនបានល្អឡើងវិញ?

គួរឲ្យស្ដាយណាស់ ឪពុកម្ដាយខ្លះដែលត្រឡប់មកវិញ ពេលឃើញកូនរបស់ពួកគេខឹងសោះអង្គើយនឹងគាត់ និយាយថា«ហេតុអីកូនមិនដឹងគុណចំពោះការលះបង់ទាំងអស់ដែលប៉ាម៉ាក់បានធ្វើដើម្បីកូន?»។ ប៉ុន្ដែការពិត កូនឈឺចិត្ដដោយសារឪពុកម្ដាយបានចាកចេញពីគាត់។ តើឪពុកម្ដាយអាចដោះស្រាយបញ្ហានោះយ៉ាងដូចម្ដេច?

ចូរសុំព្រះយេហូវ៉ាជួយអ្នកឲ្យបង្ហាញក្រុមគ្រួសាររបស់អ្នកនូវការយោគយល់លើសពីធម្មតា។ បន្ទាប់មក កាលដែលនិយាយជាមួយក្រុមគ្រួសារ ចូរទទួលស្គាល់ថាអ្នកក៏មានកំហុសក្នុងបញ្ហានោះដែរ។ ការសុំអភ័យទោសយ៉ាងស្មោះប្រហែលជានឹងជួយ។ ពេលក្រុមគ្រួសាររបស់អ្នកឃើញថាអ្នកបន្ដព្យាយាមធ្វើអ្វីល្អជាង ពួកគេនឹងដឹងថាអ្នកមានចិត្ដស្មោះ។ ដោយមានការតាំងចិត្ដនិងចិត្ដអត់ធ្មត់ អ្នកប្រហែល ជានឹងទទួលសេចក្ដីស្រឡាញ់និងការគោរពឡើងវិញបន្ដិចម្ដងពីក្រុមគ្រួសាររបស់អ្នក។

«ទំនុកបម្រុងពួកអ្នកនៅក្នុងបន្ទុកខ្លួន»

. ហេតុអ្វីការ«ទំនុកបម្រុងពួកអ្នកនៅក្នុងបន្ទុកខ្លួន»មិនតម្រូវឲ្យយើងខំប្រឹងជានិច្ចដើម្បីមានទ្រព្យសម្បត្ដិច្រើនជាងទេ?

សាវ័កប៉ូលបានណែនាំថាកាលណាគ្រិស្ដសាសនិកវ័យចាស់មិនអាចចិញ្ចឹមជីវិតបានទេ នោះកូននិងចៅរបស់ពួកគាត់គួរ«សងគុណឪពុកម្ដាយនិងជីដូនជីតា»។ ប៉ុន្ដែប៉ូលបានបន្ដដាស់តឿនគ្រិស្ដសាសនិកទាំងអស់ឲ្យស្កប់ចិត្ដនឹងអ្វីដែលពួកគេត្រូវការរាល់ថ្ងៃ ពោលគឺអាហារ សម្លៀកបំពាក់និងជម្រក។ យើងមិនគួរខំប្រឹងជានិច្ចដើម្បីមានជីវភាពរស់នៅល្អប្រសើរជាងមានលុយកាក់ច្រើននៅពេលអនាគតឡើយ។ (សូមអាន ធីម៉ូថេទី១ ៥:៤, ៨; ៦:៦-១០) ដើម្បី«ទំនុកបម្រុងពួកអ្នកនៅក្នុងបន្ទុកខ្លួន» គ្រិស្ដសាសនិកមិនត្រូវស្វែងរកទ្រព្យសម្បត្ដិនៅក្នុងពិភពលោកនេះដែលនឹងឈានទៅរកការសាបសូន្យនោះទេ។ (១យ៉ូន. ២:១៥-១៧) យើងមិនត្រូវឲ្យ«ការល្បួងនៃទ្រព្យសម្បត្ដិ»«កង្វល់អំពីជីវិត»ធ្វើឲ្យក្រុមគ្រួសាររបស់យើងមិន«ចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ»នៅពិភពលោកថ្មីដ៏សុចរិតរបស់ព្រះឡើយ!—ម៉ាក. ៤:១៩; លូក. ២១:៣៤-៣៦; ១ធី. ៦:១៩

១០. ហេតុអ្វីការជៀសវាងជំពាក់បំណុលគេគឺជាការប្រព្រឹត្ដដ៏ឈ្លាសវៃ?

១០ ព្រះយេហូវ៉ាដឹងថាយើងត្រូវការលុយខ្លះ។ ប៉ុន្ដែលុយមិនអាចការពារយើងនិងទ្រទ្រង់យើងតាមរបៀបដែលប្រាជ្ញាពីព្រះយេហូវ៉ាអាចការពារនិងទ្រទ្រង់យើងនោះទេ។ (សាស្ដ. ៧:១២; លូក. ១២:១៥) ក្នុងករណីជាច្រើន បុគ្គលដែលចេញទៅធ្វើការនៅក្រៅប្រទេសមិនដឹងថាការធ្វើដំណើរអស់ថ្លៃប៉ុន្មានទេ ហើយគ្មានការធានាថាគាត់រកលុយបានច្រើននៅបរទេសឡើយ។ តាមពិត ការរើទៅបែបនេះអាចមានគ្រោះថ្នាក់។ ជនចំណាកស្រុកជាច្រើននាក់ត្រឡប់មកវិញដោយមានបំណុលកាន់តែច្រើនជាងមុន។ ជាជាងមានសេរីភាពច្រើនជាងក្នុងការបម្រើព្រះ ពួកគេត្រូវបម្រើអ្នកដែលពួកគេជំពាក់លុយវិញ។ (សូមអាន សុភាសិត ២២:៧) ការប្រព្រឹត្ដដ៏ឈ្លាសវៃគឺជៀសវាងជំពាក់បំណុលគេតាំងពីដំបូង។

១១. តើការប្រើគម្រោងក្នុងការចំណាយអាចជួយក្រុមគ្រួសារយ៉ាងណា?

១១ បងអេដវ៉ាដូបានដឹងថាដើម្បីថែរក្សាក្រុមគ្រួសារគាត់ឲ្យបានល្អក្រោយពីគាត់បានត្រឡប់មកផ្ទះវិញ នោះគាត់ត្រូវប្រុងប្រយ័ត្នអំពីរបៀបដែលពួកគាត់ចំណាយលុយ។ គាត់និងប្រពន្ធគាត់បានធ្វើគម្រោងក្នុងការចំណាយដែលផ្អែកលើអ្វីដែលពួកគាត់ពិតជាត្រូវការ។ ដើម្បីធ្វើតាមគម្រោងក្នុងការចំណាយរបស់ពួកគាត់ ពួកគាត់មិនអាចទិញអ្វីច្រើនដូចពេលពួកគាត់ធ្លាប់មានលុយច្រើនជាងនោះទេ។ ប៉ុន្ដែពួកគាត់ទាំងអស់គ្នាបានសហការគ្នា ហើយមិនចំណាយលុយទៅលើអ្វីដែលមិនចាំបាច់ឡើយ។ * បងអេដវ៉ាដូនិយាយថា«ជាឧទាហរណ៍ ខ្ញុំលែងឲ្យកូនខ្ញុំរៀននៅសាលាឯកជនទៀត ហើយបានរកឃើញសាលារដ្ឋដែលល្អឲ្យពួកគេរៀនវិញ»។ គាត់និងក្រុមគ្រួសាររបស់គាត់បានអធិដ្ឋានសុំឲ្យគាត់រកបានការងារដែលមិនប៉ះពាល់ដល់ការគោរពប្រណិប័តន៍ព្រះ។ តើព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកគាត់យ៉ាងដូចម្ដេច?

១២, ១៣. តើបងអេដវ៉ាដូបានធ្វើអ្វីដើម្បីទំនុកបម្រុងក្រុមគ្រួសាររបស់គាត់ ហើយតើព្រះយេហូវ៉ាបានឲ្យពរអ្វីដល់គាត់ចំពោះការសម្រេចចិត្ដដើម្បីមានជីវិតសាមញ្ញ?

១២ បងអេដវ៉ាដូនឹកចាំថា«ពីរឆ្នាំដំបូង យើងពិបាកចិញ្ចឹមជីវិត។ លុយសន្សំរបស់ខ្ញុំគឺកាន់តែតិចទៅ ប្រាក់ចំណូលស្ដួចស្ដើងរបស់ខ្ញុំមិនតែងតែគ្រប់គ្រាន់សម្រាប់បង់ចំណាយផ្សេងទេ ហើយខ្ញុំអស់កម្លាំង។ ប៉ុន្ដែយើងអាចចូលរួមកិច្ចប្រជុំទាំងអស់ ហើយទៅផ្សព្វផ្សាយជាមួយគ្នា»។ បងអេដវ៉ាដូបានសម្រេចចិត្ដថាគាត់មិនទាំងគិតអំពីការងារដែលគេស្នើផ្ដល់ឲ្យដែលនឹងធ្វើឲ្យគាត់បែកពីក្រុមគ្រួសារអស់រាប់ខែ ឬរាប់ឆ្នាំផង។ គាត់និយាយថា«ខ្ញុំបានរៀនធ្វើការងារផ្សេងៗ ដើម្បីកាលណាអស់ការងារមួយ ខ្ញុំអាចធ្វើការងារមួយទៀត»។

១៣ ដោយសារបងអេដវ៉ាដូត្រូវសងបំណុលបន្ដិចម្ដងៗ គាត់ត្រូវបង់ច្រើនជាងនូវការប្រាក់ដែលគាត់បានខ្ចី។ ប៉ុន្ដែបងអេដវ៉ាដូសុខចិត្ដធ្វើដូច្នេះដើម្បីគាត់អាចបម្រើព្រះយេហូវ៉ាជាមួយនឹងក្រុមគ្រួសាររបស់គាត់។ បងអេដវ៉ាដូនិយាយថា«ឥឡូវខ្ញុំរកលុយបានតិចជាង១០ភាគរយនៃលុយដែលខ្ញុំរកបាននៅក្រៅប្រទេស ប៉ុន្ដែយើងមិនអត់អាហារឡើយ។ ‹ព្រះហស្ដនៃព្រះយេហូវ៉ាមិនមែនខ្លីទេ›។ តាមពិត យើងបានសម្រេចចិត្ដត្រួសត្រាយ»។ មិនយូរប៉ុន្មានក្រោយមក សេដ្ឋកិច្ចបានល្អប្រសើរជាង ហើយគាត់ងាយស្រួលចិញ្ចឹមក្រុមគ្រួសាររបស់គាត់ជាង។—អេ. ៥៩:១

 ការប្រឈមមុខនឹងការបង្ខិតបង្ខំពីក្រុមគ្រួសារ

១៤, ១៥. តើក្រុមគ្រួសារអាចធ្វើអ្វី បើញាតិសន្ដានចង់ឲ្យពួកគេជ្រើសរើសលុយជាជាងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា? តើអ្វីប្រហែលជាកើតឡើង កាលណាយើងទុកគំរូល្អ?

១៤ នៅប្រទេសជាច្រើន មនុស្សជាទូទៅគិតថាពួកគេត្រូវឲ្យលុយ ឬអំណោយដល់ញាតិសន្ដាននិងមិត្ដភក្ដិ។ បងអេដវ៉ាដូពន្យល់ថា«នេះជាផ្នែកមួយនៃវប្បធម៌របស់យើង ហើយយើងសប្បាយនឹងឲ្យ»។ ប៉ុន្ដែគាត់បន្ថែមថា«វាមានកម្រិត»។ គាត់ពន្យល់ញាតិសន្ដានរបស់គាត់យ៉ាងស្លូតបូតថាគាត់នឹងឲ្យពួកគេតាមតែគាត់អាចឲ្យបាន ប៉ុន្ដែគាត់នឹងគិតអំពីសេចក្ដីត្រូវការរបស់ក្រុមគ្រួសារគាត់ ឬការគោរពប្រណិប័តន៍របស់ពួកគេចំពោះព្រះយេហូវ៉ាជាមុនសិន។

១៥ ញាតិសន្ដានខ្លះប្រហែលជាខកចិត្ដនឹងបុគ្គលដែលសម្រេចចិត្ដនៅជាមួយនឹងក្រុមគ្រួសាររបស់គាត់ ឬដែលសម្រេចចិត្ដត្រឡប់មកផ្ទះវិញ។ ពួកគេប្រហែលជាហៅគាត់ថាជាអ្នកដែលគ្មានសេចក្ដីស្រឡាញ់ ឬគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ហេតុអ្វី? ពីព្រោះញាតិសន្ដានទាំងនេះសង្ឃឹមលើលុយពីគាត់។ (សុភ. ១៩:៦, ៧) អាណាដែលជាកូនស្រីរបស់បងអេដវ៉ាដូកត់សម្គាល់ថា«ប៉ុន្ដែកាលណាយើងមិនព្រមលះបង់ការគោរពប្រណិប័តន៍ព្រះដើម្បីបានទ្រព្យសម្បត្ដិ នោះនៅទីបំផុតញាតិសន្ដានខ្លះរបស់យើងប្រហែលជាទទួលស្គាល់ថាជីវិតជាគ្រិស្ដសាសនិករបស់យើងពិតជាសំខាន់ខ្លាំងណាស់។ ប៉ុន្ដែពួកគេនឹងមិនយល់ដូច្នេះទេ បើយើងធ្វើតាមការទាមទារបស់ពួកគេ»។—សូមពិនិត្យបន្ថែម ពេត្រុសទី១ ៣:១, ២

ការបង្ហាញជំនឿលើព្រះ

១៦. () តើតាមរបៀបណាបុគ្គលម្នាក់ប្រហែលជា«បញ្ឆោតខ្លួនតាមការវែកញែកខុស»? (យ៉ា. ១:២២) () តើព្រះយេហូវ៉ាឲ្យពរចំពោះការសម្រេចចិត្ដបែបណា?

១៦ ពេលមកដល់ប្រទេសមួយដែលជឿនលឿនជាង ដោយគ្មានប្ដីនិងកូនរបស់គាត់មកជាមួយ បងស្រីម្នាក់បានប្រាប់ពួកអ្នកចាស់ទុំថា«យើងត្រូវធ្វើការលះបង់ជាច្រើនដើម្បីឲ្យខ្ញុំមកទីនេះ។ ប្ដីរបស់ខ្ញុំថែមទាំងត្រូវឈប់បម្រើជាអ្នកចាស់ទុំទៀតផង។ ហេតុនេះ ខ្ញុំពិតជាសង្ឃឹមថាព្រះយេហូវ៉ានឹងឲ្យពរចំពោះការរើមកទីនេះ»។ បើយើងមានជំនឿ ហើយធ្វើការសម្រេចចិត្ដស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា យើងអាចប្រាកដថាលោកនឹងឲ្យពរយើង។ លោកនឹងមិនឲ្យពរចំពោះការសម្រេចចិត្ដរបស់យើងដែលផ្ទុយពីបំណងប្រាថ្នារបស់លោកឡើយ។ លោកនឹងមិនពេញចិត្ដទេ បើយើងបោះបង់ចោលឯកសិទ្ធិក្នុងកិច្ចបម្រើដោយមានមូលហេតុមិនត្រឹមត្រូវ។—សូមអាន ហេប្រឺ ១១:៦; យ៉ូហានទី១ ៥:១៣-១៥

១៧. ហេតុអ្វីយើងគួរស្វែងរកការណែនាំរបស់ព្រះយេហូវ៉ាមុនយើងធ្វើការសម្រេចចិត្ដ ហើយតើតាមរបៀបណាយើងអាចធ្វើដូច្នេះ?

១៧ ចូរស្វែងរកការណែនាំរបស់ព្រះយេហូវ៉ាមុនអ្នកធ្វើការសម្រេចចិត្ដនិងការសន្យា មិនមែនក្រោយពីអ្នកបានធ្វើការសម្រេចចិត្ដនិងការសន្យានោះឡើយ។ ចូរអធិដ្ឋានសុំសកម្មពលបរិសុទ្ធ ប្រាជ្ញានិងការណែនាំពីលោក។ (២ធី. ១:៧) ចូរដណ្ដឹងសួរខ្លួនអ្នកថា ‹តើខ្ញុំសុខ ចិត្ដលះបង់ច្រើនប៉ុន្មានដើម្បីបម្រើព្រះយេហូវ៉ា? តើខ្ញុំនឹងស្ដាប់ការណែនាំរបស់លោកឲ្យនៅជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ទោះជានោះមានន័យថាយើងនឹងមិនសូវមានជីវិតសុខស្រួលក៏ដោយឬ?›។ (លូក. ១៤:៣៣) ចូរសុំឱវាទក្នុងគម្ពីរពីពួកអ្នកចាស់ទុំ ហើយបង្ហាញជំនឿរបស់អ្នក ព្រមទាំងមានទំនុកចិត្ដលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាលោកនឹងជួយអ្នក ដោយធ្វើតាមឱវាទរបស់លោក។ ពួកអ្នកចាស់ទុំមិនអាចធ្វើការសម្រេចចិត្ដឲ្យអ្នកទេ ប៉ុន្ដែពួកគាត់អាចជួយអ្នកឲ្យធ្វើការសម្រេចចិត្ដដែលនៅទីបំផុតនឹងនាំឲ្យអ្នកមានសុភមង្គល។—២កូ. ១:២៤

១៨. តើការទំនុកបម្រុងក្រុមគ្រួសារជាភារកិច្ចរបស់អ្នកណា ប៉ុន្ដែតើស្ថានភាពអ្វីខ្លះប្រហែលជាផ្ដល់ឱកាសឲ្យអ្នកទៀតជួយ?

១៨ ព្រះយេហូវ៉ាតម្រូវឲ្យប្រមុខក្រុមគ្រួសារទំនុកបម្រុងក្រុមគ្រួសាររបស់ពួកគាត់គ្រប់ពេលវេលា។ យើងគួរសរសើរ ហើយអធិដ្ឋានឲ្យពួកអ្នកដែលបំពេញភារកិច្ចនោះដោយមិនចាកចេញពីគូអាពាហ៍ពិពាហ៍ ឬកូនរបស់ខ្លួន ទោះជាមានការបង្ខិតបង្ខំនិងការល្បួងឲ្យធ្វើដូច្នេះក៏ដោយ។ ស្ថានភាពផ្សេងដែលមិនបានរំពឹងទុក ដូចជាមហន្ដរាយ ឬមានសេចក្ដីត្រូវការការព្យាបាលជាបន្ទាន់ ផ្ដល់ឱកាសឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ជាគ្រិស្ដសាសនិកពិត ហើយកើតទុក្ខជាមួយបងប្អូនយើង។ (កាឡ. ៦:២, ៥; ១ពេ. ៣:៨) តើអ្នកអាចផ្ដល់លុយកាក់ពេលមានអាសន្ន ឬជួយរកការងារនៅក្នុងតំបន់ឲ្យបងប្អូនរួមជំនឿទេ? បើអ្នកធ្វើដូច្នេះ ពួកគាត់ប្រហែលជាមិនចាំបាច់គិតចាកចេញពីក្រុមគ្រួសាររបស់ខ្លួនដើម្បីរកការងារនៅតំបន់ផ្សេងឡើយ។—សុភ. ៣:២៧, ២៨; ១យ៉ូន. ៣:១៧

សូមចាំថាព្រះយេហូវ៉ាជាអ្នកជួយអ្នក!

១៩, ២០. ហេតុអ្វីគ្រិស្ដសាសនិកអាចស្កប់ចិត្ដដោយដឹងថាព្រះយេហូវ៉ានឹងជួយពួកគេ?

១៩ បទគម្ពីរដាស់តឿនយើងថា«ចូរមានរបៀបរស់នៅដែលប្រាសចាកការស្រឡាញ់ប្រាក់ ហើយចូរស្កប់ចិត្ដនឹងអ្វីដែលអ្នករាល់គ្នាមាន។ ព្រោះ[ព្រះ]បានមានប្រសាសន៍ថា៖ ‹ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ›។ ដើម្បីឲ្យយើងមានចិត្ដពោរពេញទៅដោយសេចក្ដីក្លាហាន ហើយនិយាយថា៖ ‹ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំ?›»។ (ហេ. ១៣:៥, ៦) តើតាមរបៀបណាយើងអាចធ្វើដូច្នេះក្នុងជីវិត?

២០ នៅប្រទេសមួយដែលកំពុងអភិវឌ្ឍ អ្នកចាស់ទុំម្នាក់ដែលបម្រើអស់ជាច្រើនឆ្នាំនិយាយថា«គេច្រើនតែនិយាយថាសាក្សីព្រះយេហូវ៉ាពិតជាសប្បាយមែន។ គេក៏កត់សម្គាល់ដែរថាសូម្បីតែសាក្សីក្រីក្រក៏តែងតែស្លៀកពាក់ស្អាតបាត ហើយមើលទៅដូចជាមានជីវិតប្រសើរជាងអ្នកទៀត»។ នេះស្របតាមសេចក្ដីសន្យាដែលលោកយេស៊ូបានធ្វើចំពោះពួកអ្នកដែលចាត់ទុករាជាណាចក្រព្រះជាអាទិភាព។ (ម៉ាថ. ៦:២៨-៣០, ៣៣) មែនហើយ ព្រះយេហូវ៉ាដែលជាបិតារបស់អ្នក ដែលនៅស្ថានសួគ៌ស្រឡាញ់អ្នក ហើយចង់ឲ្យអ្នកនិងកូនរបស់អ្នកទទួលប្រយោជន៍ច្រើនបំផុត។ «ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្ដស្មោះត្រង់ចំពោះទ្រង់»។ (២រប. ១៦:៩) លោកបានឲ្យយើងនូវបញ្ញត្ដិរបស់លោក ដែលរួមមានបញ្ញត្ដិដែលជាប់ទាក់ទងនឹងជីវិតក្រុមគ្រួសារនិងសេចក្ដីត្រូវការខាងសម្ភារ ដើម្បីជាប្រយោជន៍ដល់យើង។ ពេលយើងធ្វើតាមបញ្ញត្ដិទាំងនោះ យើងបង្ហាញថាយើងស្រឡាញ់លោកនិងទុកចិត្ដលោក។ «ការស្រឡាញ់ព្រះ មានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក ហើយបញ្ញត្ដិរបស់លោកមិនមែនជាបន្ទុកធ្ងន់ទេ»។—១យ៉ូន. ៥:៣

២១, ២២. ហេតុអ្វីអ្នកតាំងចិត្ដបង្ហាញទំនុកចិត្ដទៅលើព្រះយេហូវ៉ា?

២១ បងអេដវ៉ាដូនិយាយថា«ខ្ញុំដឹងថាពេលវេលាដែលខ្ញុំបែកពីប្រពន្ធនិងកូន មិនអាចបានមកវិញទេ ប៉ុន្ដែខ្ញុំមិនគិតតែពីអ្វីដែលខ្ញុំស្ដាយក្រោយឡើយ។ ពួកអ្នកដែលធ្លាប់ធ្វើការជាមួយខ្ញុំជាច្រើននាក់ ឥឡូវជាអ្នកមាន ប៉ុន្ដែមិនសប្បាយទេ។ ក្រុមគ្រួសាររបស់ពួកគេមានបញ្ហាធ្ងន់ធ្ងរ។ ប៉ុន្ដែក្រុមគ្រួសាររបស់យើងសប្បាយណាស់! ហើយខ្ញុំរំភើបចិត្ដពេលឃើញបងប្អូនទៀតនៅប្រទេសនេះ បានចាត់ទុកការគោរពប្រណិប័តន៍ព្រះជាអាទិភាពក្នុងជីវិត ទោះជាពួកគាត់ក្រីក្រក៏ដោយ។ យើងទាំងអស់គ្នាឃើញថាពាក្យសន្យារបស់លោកយេស៊ូគឺជាពាក្យពិត»។—សូមអាន ម៉ាថាយ ៦:៣៣

២២ ចូរមានចិត្ដពោរពេញទៅដោយសេចក្ដីក្លាហាន! ចូរសម្រេចចិត្ដស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយទុកចិត្ដលើលោក។ សូមឲ្យសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ ចំពោះគូអាពាហ៍ពិពាហ៍និងចំពោះកូនរបស់អ្នក ជំរុញអ្នកឲ្យបំពេញភារកិច្ចដែលព្រះប្រគល់ឲ្យ ចំពោះក្រុមគ្រួសាររបស់អ្នក។ ជាលទ្ធផល អ្នកនឹងឃើញថា‹ព្រះយេហូវ៉ាជាអ្នកជួយអ្នក›។

^ ???? 1 ឈ្មោះបានត្រូវផ្លាស់ប្ដូរ

^ ???? 11 សូមមើលអត្ថបទដែលមានចំណងជើងថា «ការរស់នៅស្របតាមលទ្ធភាពរបស់ខ្លួន តើអាចធ្វើបានយ៉ាងដូចម្ដេច?»ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ២០១១ ទំព័រ១០-១២។