លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើយើងគួរ«ឆ្លើយដូចម្ដេចចំពោះមនុស្សម្នាក់ៗ»?

តើយើងគួរ«ឆ្លើយដូចម្ដេចចំពោះមនុស្សម្នាក់ៗ»?

«ចូរឲ្យសម្ដីរបស់អ្នករាល់គ្នាប្រកបដោយភាពសប្បុរស . . .។ ធ្វើដូច្នេះ អ្នកនឹងដឹងថាគួរឆ្លើយដូចម្ដេច ចំពោះមនុស្សម្នាក់»។—កូឡ. ៤:៦

១, ២. () តើបទពិសោធន៍អ្វីបង្ហាញអំពីប្រយោជន៍ដែលមកពីការសួរសំណួរត្រឹមត្រូវ? (សូមមើលរូបភាពនៅដើមអត្ថបទ)។ () ហេតុអ្វីយើងមិនត្រូវខ្លាចពិភាក្សាអំពីប្រធានបទពិបាក?

បងស្រីគ្រិស្ដសាសនិកម្នាក់កំពុងពិភាក្សាអំពីគម្ពីរជាមួយនឹងប្ដីរបស់នាងដែលមិនមែនជាសាក្សីព្រះយេហូវ៉ា។ ប្ដីរបស់នាងបាននិយាយថាគាត់ជឿព្រះបីអង្គរួមជាព្រះតែមួយ។ ប៉ុន្ដែ នាងបានទទួលស្គាល់ថាគាត់ប្រហែលជាមិនបានដឹងអំពីអ្វីដែលសាសនារបស់គាត់ពិតជាបង្រៀនស្ដីអំពីព្រះបីអង្គរួមជាព្រះតែមួយនោះឡើយ។ ដូច្នេះ នាងបានសួរដោយមិនធ្វើឲ្យគាត់ទាស់ចិត្ដថា«តើបងជឿថាព្រះគឺជាព្រះ ថាលោកយេស៊ូគឺជាព្រះ ហើយថាសកម្មពលបរិសុទ្ធគឺជាព្រះ ប៉ុន្ដែគ្មានព្រះបីអង្គទេ គឺមានព្រះតែមួយឬ?»។ ប្ដីរបស់នាងបាននិយាយទាំងភ្ញាក់ផ្អើលថា«ទេ បងមិនជឿដូចនោះទេ!»។ ជាលទ្ធផល ពួកគេបានពិភាក្សាគ្នាយ៉ាងរំភើបចិត្ដថាតាមពិតព្រះជាអ្នកណា។

តើយើងអាចរៀនអ្វីពីបទពិសោធន៍នេះ? ការសួរសំណួរត្រឹមត្រូវដោយមិនធ្វើឲ្យគេទាស់ចិត្ដអាចមានប្រយោជន៍ក្រៃលែង។ យើងក៏រៀនដែរថាយើងមិនត្រូវខ្លាចពិភាក្សាអំពីប្រធានបទពិបាកៗ ដូចជាមានព្រះជាអ្នកបង្កើតមិនមាន ព្រះបីអង្គរួមជាព្រះតែមួយ ឬភ្លើងនរកឡើយ។ បើយើងពឹងផ្អែកលើព្រះយេហូវ៉ានិងការបង្ហាត់បង្រៀនដែលលោកផ្ដល់ឲ្យយើង នោះយើងអាចបង្រៀនតាមរបៀបដែលនឹងមានឥទ្ធិពលលើចិត្ដអ្នកស្ដាប់។  (កូឡ. ៤:៦) នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីរបៀបបង្រៀនដែលមានប្រសិទ្ធភាពជាង ដោយ() សួរសំណួរដើម្បីឲ្យបុគ្គលនោះប្រាប់អំពីទស្សនៈរបស់គាត់ () វែកញែកលើកហេតុផលអំពីបទគម្ពីរ ហើយ () ប្រើឧទាហរណ៍ដើម្បីបញ្ជាក់ចំណុច។

ចូរសួរសំណួរដើម្បីឲ្យអ្នកស្ដាប់ប្រាប់អំពីទស្សនៈរបស់គាត់

៣, ៤. ហេតុអ្វីជាការសំខាន់ដែលយើងសួរសំណួរដើម្បីដឹងអំពីអ្វីដែលបុគ្គលម្នាក់ជឿ? សូមលើកឧទាហរណ៍មួយ។

សំណួរអាចជួយយើងឲ្យដឹងអំពីអ្វីដែលបុគ្គលម្នាក់ជឿ។ ហេតុអ្វីការដឹងអំពីជំនឿរបស់អ្នកទៀតគឺសំខាន់? សុភាសិត ១៨:១៣ចែងថា«អ្នកណាដែលឆ្លើយមុនដែលបានស្ដាប់រឿង នោះរាប់ជាការចំកួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង»។ ដូច្នេះ មុនដំបូងយើងត្រូវដឹងអំពីអ្វីដែលអ្នកស្ដាប់ពិតជាជឿ។ បើយើងមិនធ្វើដូច្នេះទេ យើងអាចចំណាយពេលជាច្រើនដើម្បីខំបញ្ជាក់ថាគំនិតមួយមិនត្រឹមត្រូវ ហើយបន្ទាប់មកឃើញថាបុគ្គលនោះមិនជឿអ្វីនោះទេ។—១កូ. ៩:២៦

ជាឧទាហរណ៍ យើងប្រហែលជាកំពុងពិភាក្សាអំពីនរកជាមួយនឹងបុគ្គលម្នាក់។ មនុស្សខ្លះជឿថានរកគឺជាកន្លែងមួយដែលគេធ្វើទារុណកម្មមនុស្សអាក្រក់ដោយភ្លើង។ មនុស្សទៀតជឿថាការនៅក្នុងនរកគ្រាន់តែមានន័យថាគ្មានចំណងមិត្ដភាពជាមួយនឹងព្រះប៉ុណ្ណោះ។ ដូច្នេះ យើងប្រហែលជាអាចសួរសំណួរដូចនេះគឺ «ដោយសារមនុស្សមានទស្សនៈផ្សេងពីគ្នាអំពីនរក ខ្ញុំសូមសួរថាតើលោកអ្នកគិតយ៉ាងណាអំពីនរក?»។ ក្រោយពីស្ដាប់បុគ្គលនោះឆ្លើយ យើងនឹងអាចជួយគាត់ឲ្យយល់អំពីអ្វីដែលគម្ពីរបង្រៀន។

. តើតាមរបៀបណាការសួរសំណួរអាចជួយយើងឲ្យដឹងអំពីមូលហេតុដែលបុគ្គលម្នាក់ជឿអ្វីមួយ?

ការសួរសំណួរដោយមិនធ្វើឲ្យគេទាស់ចិត្ដក៏អាចជួយយើងឲ្យដឹងអំពីមូលហេតុដែលបុគ្គលម្នាក់ជឿអ្វីមួយ។ ជាឧទាហរណ៍ ចុះយ៉ាងណាបើបុគ្គលម្នាក់ដែលយើងជួបក្នុងកិច្ចផ្សព្វផ្សាយនិយាយថាគាត់មិនជឿព្រះទេ? យើងប្រហែលជាសន្មតថាបុគ្គលនោះមិនជឿថាព្រះជាអ្នកបង្កើតយើងឡើយ។ (ទំនុក. ១០:៤) ប៉ុន្ដែ មនុស្សខ្លះលែងជឿព្រះដោយសារពួកគេបានឃើញមនុស្សទៀតរងទុក្ខ ឬពួកគេផ្ទាល់បានរងទុក្ខយ៉ាងខ្លាំង។ ពួកគេមិនអាចជឿថា ព្រះដែលជាអ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងអនុញ្ញាតឲ្យមានទុក្ខវេទនាបែបនេះឡើយ។ ហេតុនេះ បើម្ចាស់ផ្ទះនិយាយថា«ខ្ញុំមិនជឿព្រះទេ» នោះយើងអាចសួរថា«តើលោកអ្នកជឿបែបនេះតាំងពីដើមឬ?»។ បើបុគ្គលនោះឆ្លើយថាទេ យើងអាចសួរថា តើមានអ្វីបានកើតឡើងដែលបណ្ដាលឲ្យគាត់សង្ស័យថាគ្មានព្រះ។ ចម្លើយរបស់គាត់ប្រហែលជាជួយយើងឲ្យរកឃើញវិធីល្អបំផុតដើម្បីជួយគាត់។—សូមអាន សុភាសិត ២០:៥

. ក្រោយពីសួរសំណួរមួយ តើយើងគួរធ្វើអ្វី?

ក្រោយពីសួរសំណួរមួយ យើងត្រូវតែស្ដាប់ចម្លើយរបស់បុគ្គលនោះ ហើយបង្ហាញថាយើងឲ្យតម្លៃចំពោះទស្សនៈរបស់គាត់។ ជាឧទាហរណ៍ ដោយសារមានរឿងខ្លោចផ្សាកើតឡើង គាត់ប្រហែលជានិយាយថាគាត់សង្ស័យថាគ្មានព្រះដែលជាអ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់ទេ។ មុនដំបូង យើងគួរប្រាប់គាត់ថាមិនមែនខុសទេដែលគាត់ឆ្ងល់ថាហេតុអ្វីយើងរងទុក្ខ។ (ហាប. ១:២, ៣) ក្រោយមក យើងអាចពន្យល់អំពីរបៀបដែលយើងដឹងថាមានព្រះ។ បើយើងមានចិត្ដអត់ធ្មត់ ហើយបង្ហាញសេចក្ដីស្រឡាញ់ គាត់ប្រហែលជាចង់រៀនថែមទៀត។

ចូរវែកញែកលើកហេតុផលអំពីបទគម្ពីរ

. តើយើងត្រូវធ្វើអ្វីខ្លះដើម្បីមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ?

គម្ពីរគឺជាឧបករណ៍សំខាន់បំផុតរបស់យើងក្នុងកិច្ចបម្រើផ្សាយ។ គម្ពីរជួយយើងឲ្យ«មានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង»។ (២ធី. ៣:១៦, ១៧) ដើម្បីមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ យើងមិនគ្រាន់តែអានបទគម្ពីរជាច្រើនប៉ុណ្ណោះទេ ប៉ុន្ដែយើងត្រូវដឹងរបៀបវែកញែកលើកហេតុផលអំពីអ្វីដែលបទគម្ពីរចែង និងរបៀបពន្យល់បទគម្ពីរទាំងនោះ។ (សូមអាន សកម្មភាព ១៧:២, ៣) សូមពិចារណាគំរូបីយ៉ាង។

៨, ៩. () តើអ្វីជាវិធីមួយដើម្បីវែកញែកលើកហេតុផលជាមួយនឹងបុគ្គលម្នាក់ដែលជឿថាលោកយេស៊ូស្មើនឹងព្រះ? () តើតាមរបៀបណាអ្នកបានជួយមនុស្សឲ្យរិះគិតអំពីប្រធានបទនេះ?

 គំរូទី១: នៅក្នុងកិច្ចបម្រើផ្សាយ យើងជួបបុគ្គលម្នាក់ដែលជឿថាលោកយេស៊ូស្មើនឹងព្រះ។ តើយើងអាចប្រើបទគម្ពីរណាខ្លះដើម្បីវែកញែកលើកហេតុផលជាមួយនឹងម្ចាស់ផ្ទះបែបនេះ? យើងអាចសុំគាត់អានពាក្យរបស់លោកយេស៊ូនៅយ៉ូហាន ៦:៣៨ ដែលថា«ខ្ញុំបានចុះមកពីស្ថានសួគ៌ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក មិនមែនដើម្បីធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំទេ»។ ក្រោយពីអានគម្ពីរនោះ យើងអាចសួរបុគ្គលនោះថា«បើលោកយេស៊ូគឺជាព្រះ តើអ្នកណាបានចាត់លោកឲ្យចុះពីស្ថានសួគ៌? បុគ្គលនោះត្រូវធំជាងលោកយេស៊ូមែនទេ? អ្នកចាត់គឺធំជាងអ្នកដែលគេបានចាត់»។

យើងក៏អាចអានភីលីព ២:៩។ នៅនោះសាវ័កប៉ូលរៀបរាប់អំពីអ្វីដែលព្រះបានធ្វើក្រោយពីលោកយេស៊ូបានស្លាប់និងបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ខគម្ពីរនោះចែងថា«ព្រះបានលើកតម្កើងលោកឲ្យមានឋានៈខ្ពស់ជាងមុន ក៏បានមេត្ដាឲ្យនាមដល់លោកដែលជានាមប្រសើរជាងនាមទៀតទាំងអស់»។ ដើម្បីជួយបុគ្គលនោះឲ្យរិះគិតអំពីគម្ពីរនោះ យើងអាចសួរថា«បើលោកយេស៊ូស្មើនឹងព្រះមុនលោកស្លាប់ ហើយក្រោយមក ព្រះបានលើកតម្កើងលោកឲ្យមានឋានៈខ្ពស់ជាងមុន តើនោះនឹងធ្វើឲ្យលោកយេស៊ូមានឋានៈខ្ពស់ជាងព្រះឬ? ប៉ុន្ដែ តើបុគ្គលម្នាក់អាចធំជាងព្រះយ៉ាងដូចម្ដេច?»។ បើបុគ្គលនោះគោរពបណ្ដាំរបស់ព្រះ ហើយមានចិត្ដស្មោះ ការវែកញែកបែបនេះប្រហែលជាជំរុញចិត្ដគាត់ឲ្យចង់រៀនថែមទៀត។—សកម្ម. ១៧:១១

១០. () តើតាមរបៀបណាយើងអាចវែកញែកលើកហេតុផលជាមួយនឹងបុគ្គលម្នាក់ដែលជឿថាមានភ្លើងនរក? () តើតាមរបៀបណាអ្នកបានជួយមនុស្សឲ្យរិះគិតអំពីប្រធានបទនេះ?

១០ គំរូទី២: ម្ចាស់ផ្ទះម្នាក់ពិបាកជឿថាមនុស្សអាក្រក់នឹងមិនត្រូវគេធ្វើទារុណកម្មជារៀងរហូតក្នុងភ្លើងនរក។ គាត់ប្រហែលជាជឿថាមានភ្លើងនរក ដោយសារគាត់ចង់ឲ្យមនុស្សទុច្ចរិតទទួលទោសចំពោះអំពើអាក្រក់ដែលពួកគេបានធ្វើ។ តើតាមរបៀបណាយើងអាចវែកញែកលើកហេតុផលជាមួយនឹងបុគ្គលម្នាក់ដែលគិតដូច្នេះ? មុនដំបូង យើងអាចពង្រឹងទំនុកចិត្ដគាត់ថាមនុស្សទុច្ចរិតនឹងទទួលទោស។ (២ថែ. ១:៩) បន្ទាប់មក យើងអាចសុំគាត់អានលោកុប្បត្ដិ ២:១៦, ១៧ ដែលបង្ហាញថាទោសចំពោះអំពើខុសឆ្គងគឺសេចក្ដីស្លាប់។ យើងអាចពន្យល់ថា ដោយសារអំពើខុសឆ្គងរបស់គាត់ អាដាមបានបណ្ដាលឲ្យមនុស្សជាតិទាំងមូលកើតមកជាអ្នកធ្វើខុស។ (រ៉ូម ៥:១២) យើងអាចនិយាយថាព្រះមិនបានមានប្រសាសន៍សោះអំពីការដាក់ទោសក្នុងភ្លើងនរកទេ។ បន្ទាប់មក យើងអាចអានលោកុប្បត្ដិ ៣:១៩។ ក្នុងគម្ពីរនោះព្រះបានប្រាប់អាដាមថាទោសចំពោះអំពើខុសឆ្គងរបស់គាត់ គឺគាត់នឹងត្រឡប់ទៅជាធូលីដីវិញ។ យើងអាចសួរថា«បើអាដាមពិតជានឹងទៅក្នុងភ្លើងនរក តើ ត្រឹមត្រូវទេដែលព្រះប្រាប់គាត់ថាគាត់នឹងត្រឡប់ទៅជាធូលីដីវិញ?»។ សំណួរបែបនេះប្រហែលជាជួយបុគ្គលដែលមានចិត្ដស្មោះឲ្យរិះគិតអំពីប្រធានបទនេះ។

១១. () តើអ្វីជាវិធីមួយដើម្បីវែកញែកលើកហេតុផលជាមួយនឹងបុគ្គលម្នាក់ដែលជឿថាមនុស្សល្អទាំងអស់ទៅស្ថានសួគ៌? () តើតាមរបៀបណាអ្នកបានជួយមនុស្សឲ្យរិះគិតអំពីប្រធានបទនេះ?

១១ គំរូទី៣: នៅក្នុងកិច្ចបម្រើផ្សាយ យើងជួបបុគ្គលម្នាក់ដែលជឿថាមនុស្សល្អទាំងអស់ទៅស្ថានសួគ៌។ គំនិតនេះនឹងមានឥទ្ធិពលលើរបៀបដែលម្ចាស់ផ្ទះយល់បទគម្ពីរ។ ជាឧទាហរណ៍ បើយើងត្រូវអានការបើកបង្ហាញ ២១:៤ បុគ្គលនោះប្រហែលជាគិតស្មានថាគម្ពីរនេះរៀបរាប់អំពីជីវិតនៅស្ថានសួគ៌ (សូមអាន)។ តើអ្នកអាចវែកញែកលើកហេតុផលជាមួយនឹងគាត់យ៉ាងដូចម្ដេច? ជាជាងប្រើបទគម្ពីរថែមទៀត យើងអាចផ្ដោតអារម្មណ៍ទៅលើឃ្លាមួយនៅការបើកបង្ហាញ ២១:៤ ដែលថា«សេចក្ដីស្លាប់នឹងលែងមានទៀត»។ ដូច្នេះ យើងអាចសួរថា«តើលោកអ្នកយល់ស្របថាត្រូវមានរបស់មួយនៅដើមដំបូង ទើបវាលែងមានទៀត មែនទេ?»។ គាត់នឹងទំនងជានិយាយថាមែន។ បន្ទាប់មក យើងអាចនិយាយថានៅស្ថានសួគ៌គ្មានសេចក្ដីស្លាប់ទេ។ មានតែនៅផែនដីប៉ុណ្ណោះដែលមនុស្សស្លាប់។ ដូច្នេះ គឺសមហេតុសមផលដែលការបើកបង្ហាញ ២១:៤រៀបរាប់អំពីពរដែលនៅផែនដី។—ទំនុក. ៣៧:២៩

ចូរប្រើឧទាហរណ៍ដើម្បីបញ្ជាក់ចំណុច

១២. ហេតុអ្វីលោកយេស៊ូប្រើឧទាហរណ៍?

១២ លោកយេស៊ូបានប្រើឧទាហរណ៍ផ្សេងៗ ពេលលោកផ្សព្វផ្សាយ។ (សូមអាន ម៉ាថាយ ១៣:៣៤, ៣៥) ឧទាហរណ៍ទាំងនេះបានជួយបង្ហាញថាអ្នកស្ដាប់មានចិត្ដស្មោះមិនមាន ហើយពិតជាចង់បម្រើព្រះយេហូវ៉ាមិនចង់។ (ម៉ាថ. ១៣:១០-១៥) លោកយេស៊ូក៏បានប្រើឧទាហរណ៍ដែរដើម្បីឲ្យមនុស្សអាចនឹកចាំអ្វីដែលលោកបានបង្រៀន ហើយដើម្បីឲ្យពួកគេសប្បាយស្ដាប់លោក។ តើតាមរបៀបណាយើងអាចប្រើឧទាហរណ៍ពេលយើងបង្រៀនអ្នកទៀត?

១៣. តើអ្នកអាចប្រើឧទាហរណ៍អ្វីដើម្បីបង្រៀនថាព្រះគឺធំជាងលោកយេស៊ូ?

១៣ គឺល្អបំផុត បើយើងប្រើឧទាហរណ៍ដែលសាមញ្ញ។ ជាឧទាហរណ៍ បើយើងចង់បង្រៀនថាព្រះធំជាងលោកយេស៊ូ យើងអាចសាកល្បងប្រើឧទាហរណ៍នេះ: មុនដំបូង យើងអាចនិយាយថាទាំងព្រះទាំងលោកយេស៊ូបានប្រៀបប្រដូចទំនាក់ទំនងរបស់លោកទាំងពីរទៅនឹងទំនាក់ទំនងរវាងឪពុកនិងកូន។ (លូក. ៣:២១, ២២; យ៉ូន. ១៤:២៨) បន្ទាប់មក យើងអាចសួរថា«តើទំនាក់ទំនងបែបណាក្នុងក្រុមគ្រួសារដែលអ្នកនឹងប្រើដើម្បីបង្ហាញថាមនុស្សពីរនាក់គឺដូចគ្នា ឬស្មើគ្នា?» ម្ចាស់ផ្ទះប្រហែលជានិយាយអំពីបងប្អូនបង្កើត ឬកូនភ្លោះ។ បន្ទាប់មក យើងអាចនិយាយថា«នោះជាឧទាហរណ៍ល្អណាស់។ ដូច្នេះ បើយើងអាចនឹកឃើញឧទាហរណ៍នេះយ៉ាងងាយស្រួលម៉្លេះ ហេតុអ្វីលោកយេស៊ូដែលជាគ្រូដ៏ឧត្ដមមិនប្រើឧទាហរណ៍ដដែលនេះ? ផ្ទុយទៅវិញ លោកបានមានប្រសាសន៍ថាព្រះគឺជាបិតារបស់លោក។ ដោយធ្វើដូច្នេះ លោកយេស៊ូបានជួយយើងស្រមៃគិតថាព្រះចាស់ជាង ហើយមានអំណាចច្រើនជាងលោក»។

១៤. តើឧទាហរណ៍អ្វីបង្ហាញថា គឺមិនសមហេតុសមផលទេដែលព្រះប្រើមេកំណាចឲ្យធ្វើទារុណកម្មមនុស្សក្នុងភ្លើងនរក?

១៤ យើងនឹងពិចារណាអំពីគំរូមួយទៀត។ មនុស្សខ្លះជឿថាព្រះឲ្យសាថានមើលការខុសត្រូវលើភ្លើងនរក។ តើតាមរបៀបណាយើងអាចជួយឪពុកម្ដាយឲ្យយល់ថាគឺមិនសមហេតុសមផលទេដែលព្រះប្រើមេកំណាចធ្វើទារុណកម្មមនុស្សក្នុងភ្លើងនរក? យើងអាចសួរថា«តើលោកអ្នកនឹងធ្វើអ្វី បើកូនលោកអ្នករឹងរូសមិនចង់ស្ដាប់បង្គាប់ ហើយកំពុងធ្វើអំពើអាក្រក់ជាច្រើន?»។ ឪពុកម្ដាយទំនងជានិយាយថាគាត់នឹងកែតម្រង់កូនរបស់គាត់។ គាត់ប្រហែលជាព្យាយាមម្ដងហើយម្ដងទៀតដើម្បីជួយកូនឲ្យឈប់ធ្វើអ្វីដែលអាក្រក់។ (សុភ. ២២:១៥) យើងអាចសួរថា«តើលោកអ្នកនឹងធ្វើអ្វី បើកូនលោកអ្នកមិនព្រមកែខ្លួន?»។ ឪពុកម្ដាយភាគច្រើននឹងនិយាយថាទីបំផុតពួកគេនឹងត្រូវដាក់ទណ្ឌកម្មកូន។ បន្ទាប់មកយើងអាចសួរថា«ចុះយ៉ាងណា បើលោកអ្នកដឹងថាមានមនុស្សអាក្រក់ម្នាក់កំពុងអូសទាញកូនលោកអ្នកឲ្យធ្វើអំពើអាក្រក់?»។ ឪពុកម្ដាយនោះប្រាកដជានឹងខឹងបុគ្គលបែបនោះ។ នៅទីបំផុត ដើម្បីបញ្ជាក់ចំណុចសំខាន់ក្នុងឧទាហរណ៍នោះ យើងអាចសួរថា«ដោយដឹងថាមនុស្សអាក្រក់ម្នាក់បានអូសទាញកូនលោកអ្នក តើលោកអ្នកនឹងសុំបុគ្គលនោះឲ្យដាក់ទណ្ឌកម្មកូនលោកអ្នកជំនួសលោកអ្នកឬ?»។ ម្ចាស់ផ្ទះច្បាស់ជាឆ្លើយថាទេ។ សាថានគឺជាអ្នកដែលអូសទាញមនុស្សឲ្យធ្វើអំពើអាក្រក់។ ដូច្នេះ ព្រះច្បាស់ជានឹងមិនប្រើសាថានឲ្យដាក់ទណ្ឌកម្មមនុស្សទាំងនេះឡើយ។

ចូរមានតុល្យភាព

១៥, ១៦. () ហេតុអ្វីយើងមិនគួររំពឹងថាមនុស្សទាំងអស់នឹងទទួលយកដំណឹងអំពីរាជាណាចក្រព្រះ? () តើអ្នកត្រូវជាអ្នកបង្រៀនដ៏ប៉ិនប្រសប់ ទើបអាចបង្រៀនអ្នកទៀតដោយមានប្រសិទ្ធភាពឬ? សូមពន្យល់។ (សូមមើលប្រអប់ដែលមានចំណងជើងថា « ឧបករណ៍មួយដែលជួយយើងឲ្យចេះផ្ដល់ចម្លើយ»)។

១៥ ទោះជាយើងសួរសំណួរត្រឹមត្រូវ វែកញែកលើកហេតុផលតាមរបៀបដ៏ល្អបំផុត ហើយប្រើឧទាហរណ៍ល្អក៏ដោយ មិនមែនមនុស្សទាំងអស់នឹងព្រមទទួលយកដំណឹងអំពីរាជាណាចក្រទេ។ (ម៉ាថ. ១០:១១-១៤) មានតែមនុស្សមួយចំនួនតិចប៉ុណ្ណោះដែលបានទទួលយកសេចក្ដីបង្រៀនរបស់លោកយេស៊ូ ទោះជាលោកជាគ្រូឧត្ដមបំផុតដែលធ្លាប់រស់នៅលើផែនដីក៏ដោយ!—យ៉ូន. ៦:៦៦; ៧:៤៥-៤៨

១៦ ចុះយ៉ាងណាបើយើងមានអារម្មណ៍ថាយើងមិនមែនជាអ្នកបង្រៀនដ៏ប៉ិនប្រសប់នោះទេ? ទោះជាយ៉ាងនោះក្ដី យើងអាចមានប្រសិទ្ធភាពពេលយើងផ្សព្វផ្សាយ។ (សូមអាន សកម្មភាព ៤:១៣) គម្ពីរពង្រឹងទំនុកចិត្ដយើងថា«អស់អ្នកដែលមានចិត្ដគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»នឹងទទួលយកដំណឹងល្អ។ (សកម្ម. ១៣:៤៨) ហេតុនេះ ចូរយើងមានតុល្យភាព។ យើងគួរព្យាយាមបង្កើនសមត្ថភាពបង្រៀនរបស់យើង ប៉ុន្ដែយើងមិនគួរធ្លាក់ទឹកចិត្ដ ពេលពួកអ្នកដែលយើងផ្សព្វផ្សាយមិនព្រមទទួលយកដំណឹងល្អទេ។ បើយើងពឹងផ្អែកលើព្រះយេហូវ៉ានិងការបង្ហាត់បង្រៀនដែលលោកផ្ដល់ឲ្យយើង នោះយើងនឹងទៅជាអ្នកបង្រៀនដែលមានប្រសិទ្ធភាពជាង ហើយនេះនឹងធ្វើឲ្យខ្លួនយើងនិងពួកអ្នកដែលស្ដាប់យើងទទួលប្រយោជន៍។ (១ធី. ៤:១៦) ព្រះយេហូវ៉ាអាចជួយយើងឲ្យ‹ឆ្លើយចំពោះមនុស្សម្នាក់›។ នៅអត្ថបទបន្ទាប់ យើងនឹងរៀនអំពីរបៀបដែលយើងអាចទទួលជោគជ័យក្នុងកិច្ចបម្រើផ្សាយរបស់យើងដោយធ្វើតាមអ្វីដែលគេច្រើនតែហៅថាគោលការណ៍ដ៏ល្បីល្បាញ។