លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រាស្ដ្ររបស់ព្រះយេហូវ៉ា«លះចោលអ្វីដែលមិនសុចរិត»

រាស្ដ្ររបស់ព្រះយេហូវ៉ា«លះចោលអ្វីដែលមិនសុចរិត»

«ចូរអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា លះចោលអ្វីដែលមិនសុចរិត»។—២ធី. ២:១៩

. តើអ្វីមានតួនាទីពិសេសក្នុងការគោរពប្រណិប័តន៍របស់យើង?

នៅទូទាំងពិភពលោក នាមព្រះយេហូវ៉ាបានត្រូវគេឃើញចារឹកនៅលើអគារជាច្រើន និងនៅលើវត្ថុផ្សេងៗក្នុងសារមន្ទីរ។ បើអ្នកធ្លាប់ឃើញនាមនេះនៅកន្លែងទាំងនោះ អ្នកច្បាស់ជារំភើបចិត្ដ។ ចំពោះយើងដែលជាសាក្សីព្រះយេហូវ៉ា នាមរបស់ព្រះមានតួនាទីពិសេសក្នុងការគោរពប្រណិប័តន៍របស់យើង។ គ្មានមនុស្សណាទៀតប្រើនាមរបស់ព្រះដូចយើងទេ។ ប៉ុន្ដែ បើយើងគ្រាន់តែប្រើនាមរបស់លោកប៉ុណ្ណោះ គឺមិនគ្រប់គ្រាន់ទេ។ ដោយសារយើងមានឯកសិទ្ធិធ្វើជាសាក្សីរបស់លោក នោះយើងមានភារកិច្ចប្រព្រឹត្ដតាមរបៀបដែលនឹងលើកកិត្ដិយសលោក។

. ដោយសារយើងមានឯកសិទ្ធិធ្វើជាតំណាងនាមរបស់ព្រះ តើយើងមានភារកិច្ចអ្វី?

ដើម្បីទទួលការពេញចិត្ដពីព្រះ យើងមិនគ្រាន់តែប្រើនាមរបស់លោកប៉ុណ្ណោះទេ យើងក៏ត្រូវធ្វើតាមខ្នាតតម្រាសីលធម៌របស់លោក ហើយ«ថយចេញពីការអាក្រក់»ដែរ។ (ទំនុក. ៣៤:១៤) ប៉ូលបានបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ចនេះ ពេលគាត់បានសរសេរថា៖ «ចូរអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា លះចោលអ្វីដែលមិនសុចរិត»។ (សូមអាន ធីម៉ូថេទី២ ២:១៩) ហេតុនេះ ក្នុងនាមជារាស្ដ្ររបស់ព្រះ តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថាយើង«លះចោលអ្វីដែលមិនសុចរិត» ពោលគឺបដិសេធអំពើអាក្រក់?

ចូរ«ថយចេញ»ពីសេចក្ដីអាក្រក់

៣, ៤. តើអ្នកខ្លះពិបាកយល់ពាក្យណាខ្លះ ហើយហេតុអ្វី?

នៅធីម៉ូថេទី២ ២:១៩ ប៉ូលនិយាយអំពី«គ្រឹះរឹងមាំដែលព្រះបានចាក់»។ ពាក្យពីរឃ្លាបានត្រូវចារឹកលើគ្រឹះនោះ។ ឃ្លាទី១ដែលថា«ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»គឺបានដកស្រង់ពីជនគណនា ១៦:៥។ (សូមមើលអត្ថបទមុន) ប៉ុន្ដែចុះយ៉ាងណាឃ្លាទី២ដែលថា«ចូរអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា លះចោលអ្វីដែលមិនសុចរិត»? អ្នកខ្លះពិបាកយល់ពាក្យទាំងនេះ។ ហេតុអ្វី?

ពាក្យរបស់ប៉ូលបង្ហើបឲ្យដឹងថាគាត់ដកស្រង់ពីផ្នែកផ្សេងទៀតនៃបទគម្ពីរភាសាហេប្រឺ។ ប៉ុន្ដែ មើលទៅដូចជាគ្មានគម្ពីរណាមួយដែលស៊ីគ្នានឹងឃ្លានេះទេ។ ដូច្នេះ តើសាវ័កប៉ូលសំដៅលើអ្វី ពេលគាត់និយាយថា៖ «ចូរអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា លះចោលអ្វីដែលមិនសុចរិត»? ឃ្លាទី១របស់ប៉ូលគឺដកស្រង់ពីជនគណនា ជំពូកទី១៦ ហើយឃ្លានេះសំដៅលើការបះបោរប្រឆាំងរបស់កូរ៉ា។ តើឃ្លាទី២អាចសំដៅលើព្រឹត្ដិការណ៍ដដែលនោះឬ?

-. នៅធីម៉ូថេទី២ ២:១៩ តើប៉ូលបានសំដៅលើព្រឹត្ដិការណ៍អ្វីនៅសម័យម៉ូសេ? (សូមមើលរូបភាពនៅដើមអត្ថបទ)។

ដាថាននិងអ័ប៊ីរ៉ាមបានចូលរួមជាមួយនឹងកូរ៉ាដើម្បីធ្វើជាអ្នកនាំមុខក្នុងការបះបោរប្រឆាំង។ (ជន. ១៦:១-) ពួកគេមិនបានគោរពម៉ូសេ ហើយមិនបានទទួលស្គាល់អំណាចដែលម៉ូសេបានទទួលពីព្រះទេ។ ពួកគេអាចបង្កគ្រោះថ្នាក់ដល់ជនជាតិអ៊ីស្រាអែល ពីព្រោះពួកគេនៅតែរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលនៅឡើយ។ មុនព្រះយេហូវ៉ាបានបញ្ជាក់ថាអ្នកណាជាអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោក នោះលោកបានឲ្យបង្គាប់ដ៏សាមញ្ញមួយ។

គម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា៖ ‹ចូរប្រាប់ដល់ក្រុមជំនុំ ឲ្យគេថយចេញពីត្រសាលរបស់កូរេ[កូរ៉ា] ដាថាននឹងអ័ប៊ីរ៉ាមទៅ!›។ រួចម៉ូសេក៏ក្រោកឡើងទៅដាថាននិងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមទៅដែរ។ លោកអង្វរពួកជំនុំដោយពាក្យថា៖ ‹សូមឲ្យអ្នករាល់គ្នាថយចេញពីត្រសាលរបស់មនុស្សអាក្រក់ទាំងនេះទៅ កុំពាល់របស់អ្វីផងគេឲ្យសោះ ក្រែងត្រូវវិនាសទៅក្នុងអំពើបាបទាំងប៉ុន្មានរបស់គេដែរ›។ ដូច្នេះ គេក៏ថយចេញពីកន្លែងជុំវិញត្រសាលរបស់កូរេ ដាថាន នឹងអ័ប៊ីរ៉ាមទៅ»។ (ជន. ១៦:២៣-២៧) បន្ទាប់មក ព្រះយេហូវ៉ាបានបំផ្លាញអ្នកបះបោរទាំងអស់។ ប៉ុន្ដែ ពួកអ្នកដែលស្មោះត្រង់នឹងព្រះបានរួចជីវិត។ តើតាមរបៀបណា? ពួកគេបាន«លះចោលអ្វីដែលមិនសុចរិត»ដោយថយចេញពីពួកអ្នកបះបោរ។

ពេលប៉ូលបានសរសេរឃ្លាដែលថា៖ «ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក» គាត់បានដកស្រង់ពីជនគណនា ១៦:៥។ ពេលគាត់សរសេរថា៖ «ចូរអស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា លះចោលអ្វីដែលមិនសុចរិត» គាត់ប្រហែលជាសំដៅលើព្រឹត្ដិការណ៍ដែលបានកត់ទុកនៅជនគណនា ១៦:៥, ២៣-២៧។ ដូច្នេះ គឺសមហេតុសមផលឲ្យសន្និដ្ឋានថានៅធីម៉ូថេទី២ ២:១៩ ឃ្លាទាំងពីរនេះសំដៅលើព្រឹត្ដិការណ៍ដដែល។ តើយើងរៀនអ្វីពីឃ្លាទាំងនេះ? យើងរៀនថា ព្រះយេហូវ៉ាដឹងអំពីអ្វីដែលនៅក្នុងចិត្ដមនុស្ស។ លោកស្គាល់អ្នកណាដែលជាអ្នកបម្រើដ៏ស្មោះត្រង់របស់លោក ហើយលោកតម្រូវឲ្យពួកគេញែកខ្លួនចេញពីមនុស្សអាក្រក់។

«ចូរបដិសេធសំណួរផ្ដេសផ្ដាស និងល្ងង់ខ្លៅ»

. ក្រៅពីប្រើនាមរបស់ព្រះ និងធ្វើជាសមាជិកក្រុមជំនុំ តើយើងត្រូវធ្វើអ្វីទៀត?

ប៉ូលក៏បាននិយាយអំពីព្រឹត្ដិការណ៍នៅសម័យម៉ូសេដែរ ដើម្បីរំលឹកធីម៉ូថេថាគាត់ត្រូវការពារចំណងមិត្ដភាពរវាងគាត់និងព្រះយេហូវ៉ា។ ចំពោះអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះនៅសម័យម៉ូសេ ការប្រើនាមរបស់ព្រះយេហូវ៉ា គឺមិនគ្រប់គ្រាន់ទេ។ ដូចគ្នាដែរ ចំពោះគ្រិស្ដសាសនិក ការធ្វើជាសមាជិកក្រុមជំនុំគឺមិនគ្រប់គ្រាន់ឡើយ។ អ្នកបម្រើស្មោះត្រង់ទាំងអស់របស់ព្រះត្រូវបដិសេធអំពើអាក្រក់។ ចំពោះធីម៉ូថេ តើនេះមានន័យយ៉ាងណា? ហើយតើយើងអាចរៀនអ្វីពីឱវាទរបស់ប៉ូល?

. តើ«សំណួរផ្ដេសផ្ដាស និងល្ងង់ខ្លៅ»មានឥទ្ធិពលយ៉ាងណាទៅលើក្រុមជំនុំគ្រិស្ដសាសនិកសម័យដើម?

ក្នុងសំបុត្ររបស់ប៉ូលទៅកាន់ធីម៉ូថេ គាត់បានជូនឱវាទដ៏ឈ្លាសវៃស្ដីអំពីរបៀបបដិសេធអំពើអាក្រក់។ ជាឧទាហរណ៍ ប៉ូលប្រាប់ធីម៉ូថេ«កុំឲ្យឈ្លោះប្រកែកគ្នាអំពីពាក្យ» ហើយឲ្យ«បដិសេធសម្ដីអសារឥតការ»។ (សូមអាន ធីម៉ូថេទី២ ២:១៤, ១៦, ២៣) តើពាក្យទាំងនេះមានន័យយ៉ាងណា? នៅពេលនោះ អ្នកខ្លះក្នុងក្រុមជំនុំកំពុងបង្រៀនតាមសេចក្ដីបង្រៀនរបស់អ្នកក្បត់ជំនឿ។ រីឯអ្នកខ្លះទៀតកំពុងផ្សាយទស្សនៈដែលបណ្ដាលឲ្យមានការឈ្លោះប្រកែកគ្នា។ គំនិតទាំងនេះខ្លះមិនប្រឆាំងចំៗនឹងសេចក្ដីបង្រៀនក្នុងគម្ពីរទេ ប៉ុន្ដែអាចបំផ្លាញសាមគ្គីភាពនៃក្រុមជំនុំ។ ហេតុនេះហើយបានជាប៉ូលលើកទឹកចិត្ដធីម៉ូថេឲ្យ«បដិសេធសំណួរផ្ដេសផ្ដាស និងល្ងង់ខ្លៅ»។

១០. បើយើងជួបប្រទះគំនិតរបស់អ្នកក្បត់ជំនឿ តើយើងគួរធ្វើអ្វី?

១០ សព្វថ្ងៃនេះ មិនសូវមានអ្នកក្បត់ជំនឿនៅក្នុងក្រុមជំនុំទេ។ ប៉ុន្ដែ យើងនៅតែអាចជួបប្រទះគំនិតដែលប្រឆាំងសេចក្ដីបង្រៀនក្នុងគម្ពីរ។ ទោះជាគំនិតបែបនេះមកពីប្រភពណាក៏ដោយ យើងត្រូវតាំងចិត្ដបដិសេធគំនិតទាំងនេះ។ ការប្រាស្រ័យទាក់ទងនឹងអ្នកក្បត់ជំនឿ មិនមែនជាការប្រព្រឹត្ដដ៏ឈ្លាសវៃទេ សូម្បីតែទាក់ទងដោយផ្ទាល់ តាមអ៊ីនធឺណិត ឬតាមវិធីផ្សេងទៀតក្ដី។ ទោះជាយើងប្រហែលជាចង់ជួយបុគ្គលនោះក៏ដោយ បើយើងមានការសន្ទនាជាមួយបុគ្គលបែបនេះ នេះមានន័យថាយើងមិនស្ដាប់បង្គាប់ព្រះឡើយ។ លោកបានបង្គាប់យើងឲ្យបដិសេធ ពោលគឺឲ្យជៀសវាងជាដាច់ខាតការក្បត់ជំនឿ។

ចូរជៀសវាងប្រាស្រ័យទាក់ទងជាមួយនឹងពួកអ្នកក្បត់ជំនឿ (សូមមើលវគ្គ១០)

១១. តើអ្វីអាចធ្វើឲ្យក្រុមជំនុំបែកបាក់គ្នា ហើយតើតាមរបៀបណាអ្នកចាស់ទុំអាចទុកគំរូល្អ?

១១ ក្រៅពីគំនិតរបស់អ្នកក្បត់ជំនឿ មានអ្វីផ្សេងទៀតដែលអាចធ្វើឲ្យក្រុមជំនុំបែកបាក់គ្នា។ ជាឧទាហរណ៍ ប្រហែលជាមានមតិខុសគ្នាស្ដីអំពីការកម្សាន្ដដែលសមរម្យសម្រាប់គ្រិស្ដសាសនិក។ បើអ្នកណាព្យាយាមបង្ខំអ្នកទៀតឲ្យទទួលយកមតិរបស់ខ្លួន នេះអាចបណ្ដាលឲ្យមាន«សំណួរផ្ដេសផ្ដាស និងល្ងង់ខ្លៅ»។ ចុះយ៉ាងណាបើបុគ្គលម្នាក់នៅក្នុងក្រុមជំនុំកំពុងគាំទ្រការកម្សាន្ដដែលប្រឆាំងខ្នាតតម្រាសីលធម៌របស់ព្រះ? អ្នកចាស់ទុំនឹងមិនអនុញ្ញាតឲ្យមានការប្រព្រឹត្ដបែបនេះទេ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា។ (ទំនុក. ១១:៥; អេភ. ៥:៣-) ប៉ុន្ដែ អ្នកចាស់ទុំប្រុងប្រយ័ត្នមិនលើកស្ទួយគំនិតរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ ពួកគាត់ធ្វើតាមឱវាទគម្ពីរដែលថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ព្រះដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា . . . មិនមែនដោយធ្វើជាចៅហ្វាយលើពួកអ្នកដែលជាមត៌ករបស់ព្រះ...តែដោយធ្វើជាគំរូដល់ហ្វូងចៀម»។—១ពេ. ៥:២, ៣; សូមអាន កូរិនថូសទី២ ១:២៤

១២, ១៣. (ក) តើសាក្សីព្រះយេហូវ៉ាសម្រេចចិត្ដយ៉ាងណាអំពីការជ្រើសរើសការកម្សាន្ដ ហើយតើមានគោលការណ៍គម្ពីរអ្វីខ្លះដែលទាក់ទងនឹងរឿងនេះ? (ខ) តើគោលការណ៍ដែលបានរៀបរាប់នៅវគ្គ១២ជាប់ទាក់ទងនឹងរឿងផ្ទាល់ខ្លួនយ៉ាងដូចម្ដេច?

១២ អង្គការរបស់យើងមិនប្រាប់ថាយើងគួរជៀសវាងរឿងភាពយន្ដ ហ្គេម សៀវភៅ ឬចម្រៀងណាខ្លះឡើយ។ ហេតុអ្វី? ពីព្រោះគម្ពីរប្រាប់បុគ្គលម្នាក់ៗឲ្យបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់ខ្លួន «ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។ (ហេ. ៥:១៤) យើងអាចប្រើគោលការណ៍គម្ពីរដើម្បីជួយយើងឲ្យធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃស្ដីអំពីការកម្សាន្ដ។ ក្នុងការសម្រេចចិត្ដទាំងនេះ យើងត្រូវ«ពិចារណាជានិច្ចដើម្បីឲ្យដឹងប្រាកដអំពីអ្វីដែលលោកម្ចាស់ពេញចិត្ដ»។ (អេភ. ៥:១០) គម្ពីរក៏បង្រៀនយើងដែរថាប្រមុខក្រុមគ្រួសារមានអំណាច ដូច្នេះគាត់អាចសម្រេចចិត្ដមិនអនុញ្ញាតឲ្យមានការកម្សាន្ដណាមួយនៅក្នុងផ្ទះរបស់គាត់។ *១កូ. ១១:៣; អេភ. ៦:១-

១៣ គោលការណ៍គម្ពីរដែលបានរៀបរាប់ខាងលើ អាចជួយយើងឲ្យធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃចំពោះរឿងផ្សេងទៀតក្នុងជីវិត។ ជាឧទាហរណ៍ មានមតិខុសគ្នាស្ដីអំពីការស្លៀកពាក់ ការសម្អិតសម្អាងខ្លួន ការថែទាំសុខភាពនិងចំណីអាហារ ព្រមទាំងរឿងផ្ទាល់ខ្លួនផ្សេងទៀត។ អ្នកខ្លះប្រហែលជាចង់បង្ខំអ្នកទៀតឲ្យទទួលយកមតិរបស់ខ្លួនស្ដីអំពីរឿងបែបនេះ ហើយនេះអាចបណ្ដាលឲ្យមានការខ្វែងគំនិតគ្នា។ ប៉ុន្ដែ បើមិនខុសគោលការណ៍គម្ពីរទេ នោះគ្មានហេតុឲ្យឈ្លោះប្រកែកគ្នាអំពីអ្វីដែលគ្រិស្ដសាសនិកម្នាក់ៗគួរធ្វើឡើយ។ គម្ពីរចែងថា៖ «ខ្ញុំបម្រើរបស់លោកម្ចាស់មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្ដដោយសុភាពចំពោះមនុស្សទាំងអស់»។—២ធី. ២:២៤

ចូរជៀសវាងការសេពគប់អាក្រក់!

១៤. តើប៉ូលបានប្រើឧទាហរណ៍អ្វីដើម្បីបញ្ជាក់ថាត្រូវជៀសវាងការសេពគប់អាក្រក់?

១៤ ក្នុងនាមជាអ្នកបម្រើព្រះ តើមានរបៀបផ្សេងទៀតអ្វីដែលយើងអាច«លះចោលអ្វីដែលមិនសុចរិត»? គឺដោយជៀសវាងការសេពគប់អាក្រក់។ តើប៉ូលបានប្រើឧទាហរណ៍អ្វីដើម្បីបញ្ជាក់អំពីរឿងនេះ? បន្ទាប់ពីគាត់និយាយអំពី«គ្រឹះរឹងមាំដែលព្រះបានចាក់» គាត់បានសរសេរអំពី«ផ្ទះធំមួយ»។ ក្នុងផ្ទះនេះមាន«ភាជនៈ»ពោលគឺវត្ថុដែលធ្វើពី«មាសប្រាក់ ហើយក៏មានភាជនៈធ្វើពីឈើដី។ ភាជនៈខ្លះសម្រាប់ការដែលប្រកបដោយកិត្ដិយស ឯភាជនៈខ្លះទៀតសម្រាប់ការដែលមិនប្រកបដោយកិត្ដិយស»។ (២ធី. ២:២០, ២១) ក្រោយមកប៉ូលបានលើកទឹកចិត្ដគ្រិស្ដសាសនិកឲ្យជៀសឆ្ងាយពី«ភាជនៈ»ដែលត្រូវបានប្រើសម្រាប់«ការដែលមិនប្រកបដោយកិត្ដិយស»។

១៥, ១៦. តើយើងអាចរៀនអ្វីពីឧទាហរណ៍អំពី«ផ្ទះធំមួយ»?

១៥ តើឧទាហរណ៍របស់ប៉ូលមានន័យយ៉ាងណា? «ផ្ទះធំ»នោះអាចប្រៀបដូចជាក្រុមជំនុំគ្រិស្ដសាសនិក។ «ភាជនៈ»នៅក្នុងផ្ទះអាចប្រៀបដូចជាសមាជិកម្នាក់ៗក្នុងក្រុមជំនុំ។ នៅក្នុងផ្ទះមួយ មានវត្ថុខ្លះដែលអាចបង្កគ្រោះថ្នាក់ដល់យើងបើរបស់នោះទៅជាកខ្វក់ ឬមិនស្អាត។ ពេលដែលនេះកើតឡើង ម្ចាស់ផ្ទះត្រូវញែកវត្ថុមិនស្អាតចេញពីវត្ថុស្អាត ដូចជាវត្ថុដែលគាត់ប្រើសម្រាប់ធ្វើម្ហូបជាដើម។

១៦ ចំពោះអ្នកបម្រើព្រះនៅសព្វថ្ងៃនេះ ក៏ស្រដៀងគ្នាដែរ។ បើយើងចង់ឲ្យជីវិតរបស់យើងស្អាតក្នុងគ្រប់ការទាំងអស់ យើងត្រូវញែកខ្លួនចេញពីបុគ្គលក្នុងក្រុមជំនុំដែលមិនព្រមធ្វើតាមជានិច្ចនូវគោលការណ៍របស់ព្រះយេហូវ៉ា។ (សូមអាន កូរិនថូសទី១ ១៥:៣៣) ក្នុងក្រុមជំនុំ បើយើងត្រូវជៀសវាងអ្នកដែលមិនស្ដាប់បង្គាប់ព្រះ យើងច្បាស់ជាត្រូវជៀសវាងការសេពគប់ជិតស្និទ្ធជាមួយបុគ្គលដែលនៅក្រៅក្រុមជំនុំ។ យើងធ្វើដូច្នេះ ដោយសារមនុស្សជាច្រើនដែលនៅខាងក្រៅក្រុមជំនុំជាបុគ្គលដែលស្រឡាញ់ប្រាក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ មិនស្មោះត្រង់ ជាអ្នកភូតភរ កាចសាហាវ មិនស្រឡាញ់គុណធម៌ ជាអ្នកក្បត់ ហើយស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ។—២ធី. ៣:១-

ព្រះយេហូវ៉ាឲ្យពរចំពោះភក្ដីភាពរបស់យើង

១៧. តើជនជាតិអ៊ីស្រាអែលដ៏ស្មោះត្រង់បានធ្វើអ្វីដើម្បី«លះចោលអ្វីដែលមិនសុចរិត»?

១៧ ពេលដែលព្រះយេហូវ៉ាបង្គាប់ឲ្យ«ថយចេញពីត្រសាលរបស់កូរេ ដាថាន នឹងអ័ប៊ីរ៉ាមទៅ» ជនជាតិអ៊ីស្រាអែលដ៏ស្មោះត្រង់បាន«ថយចេញ»ភ្លាមៗ។ (ជន. ១៦:២៤, ២៧) ពេលពួកគេត្រូវញែកខ្លួនចេញពីអ្នកបះបោរប្រឆាំង នោះពួកគេមិនបានបង្អែបង្អង់ ឬក៏មិនបានស្ទាក់ស្ទើរឡើយ។ ពួកគេបាន«ថយចេញពីកន្លែងជុំវិញត្រសាល»។ ជនជាតិអ៊ីស្រាអែលស្មោះត្រង់ចង់ស្ដាប់បង្គាប់អស់ពីចិត្ដ។ ពួកគេបានបង្ហាញយ៉ាងច្បាស់ថាពួកគេគាំទ្រព្រះយេហូវ៉ា ហើយប្រឆាំងអ្វីដែលមិនសុចរិត។ តើយើងអាចរៀនអ្វីពីគំរូនេះ?

១៨. តើពាក្យរបស់ប៉ូលមានអត្ថន័យយ៉ាងណា ពេលគាត់ប្រាប់ធីម៉ូថេថា៖ «ចូររត់ចេញពីសេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងភាពជាយុវវ័យ»?

១៨ ចំណងមិត្ដភាពរបស់យើងជាមួយព្រះយេហូវ៉ាមានតម្លៃចំពោះយើង។ យើងត្រូវចាត់វិធានការភ្លាមដើម្បីការពារចំណងមិត្ដភាពនេះ។ នេះជាអត្ថន័យនៃពាក្យរបស់ប៉ូលពេលគាត់បានប្រាប់ធីម៉ូថេថា៖ «ចូររត់ចេញពីសេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងភាពជាយុវវ័យ»។ (២ធី. ២:២២) នៅពេលនោះ ធីម៉ូថេទំនងជាមានអាយុជាង៣០ឆ្នាំ។ ប៉ុន្ដែ សូម្បីតែមនុស្សពេញវ័យក៏អាចមាន«សេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងភាពជាយុវវ័យ»ដែលល្ងង់ខ្លៅដែរ។ ពេលធីម៉ូថេមានសេចក្ដីប៉ងប្រាថ្នាបែបនេះ គាត់ត្រូវ«រត់ចេញ»ពីសេចក្ដីប៉ងប្រាថ្នាទាំងនេះ។ គាត់ត្រូវ«លះចោលអ្វីដែលមិនសុចរិត»។ លោកយេស៊ូបានមានប្រសាសន៍អំពីអ្វីមួយស្រដៀងគ្នា គឺ«ប្រសិនបើភ្នែកម្ខាងរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ»។ (ម៉ាថ. ១៨:៩) គ្រិស្ដសាសនិកដែលចង់ស្ដាប់បង្គាប់ឱវាទនេះ ហើយចង់ការពារចំណងមិត្ដភាពរបស់ពួកគេជាមួយនឹងព្រះ ត្រូវតាំងចិត្ដហើយចាត់វិធានការភ្លាមៗ។

១៩. តើតាមរបៀបណាគ្រិស្ដសាសនិកខ្លះបានការពារចំណងមិត្ដភាពរវាងពួកគាត់និងព្រះយេហូវ៉ា?

១៩ តើតាមរបៀបណាគ្រិស្ដសាសនិកខ្លះបានការពារចំណងមិត្ដភាពរបស់ពួកគាត់ជាមួយនឹងព្រះយេហូវ៉ា? បុគ្គលខ្លះដែលធ្លាប់មានបញ្ហាស្ដីអំពីការពិសាស្រា បានសម្រេចចិត្ដមិនពិសាស្រាទាល់តែសោះ។ អ្នកទៀតដែលមានភាពទន់ខ្សោយណាមួយ ជៀសវាងការកម្សាន្ដណាដែលធ្វើឲ្យគាត់មានសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ។ (ទំនុក. ១០១:៣) ជាឧទាហរណ៍ មុនគាត់ទៅជាសាក្សីព្រះយេហូវ៉ា បងប្រុសម្នាក់ចូលចិត្ដទៅពិធីជប់លៀងដែលមានការរាំរែក ហើយដែលមានមនុស្សប្រព្រឹត្ដអំពើប្រាសចាកសីលធម៌។ ក្រោយពីគាត់បានរៀនសេចក្ដីពិត គាត់បានសម្រេចចិត្ដថាគាត់មិនរាំទាល់តែសោះ សូម្បីតែនៅពិធីជប់លៀងរបស់សាក្សីព្រះយេហូវ៉ាក៏ដោយ។ គាត់មិនចង់មានឡើងវិញនូវគំនិតនិងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវដែលគាត់ធ្លាប់មានពីមុនទេ។ នេះមិនមានន័យថាគ្រិស្ដសាសនិកទាំងអស់ត្រូវជៀសវាងស្រា ការរាំរែក ឬអ្វីផ្សេងទៀតដែលមិនខុសនោះទេ។ ប៉ុន្ដែ យើងទាំងអស់គ្នាគួរប្រុងប្រយ័ត្ន ហើយគួរការពារចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ា។

២០. ទោះបីប្រហែលជាមិនស្រួលឲ្យយើង«លះចោលអ្វីដែលមិនសុចរិត»ក៏ដោយ តើអ្វីសម្រាលទុក្ខយើង?

២០ គឺជាឯកសិទ្ធិដែលយើងបានត្រូវហៅជាសាក្សីព្រះយេហូវ៉ាម្នាក់។ ប៉ុន្ដែ ឯកសិទ្ធិនេះក៏នាំឲ្យមានភារកិច្ចដែរ។ យើងត្រូវ«លះចោលអ្វីដែលមិនសុចរិត» ហើយ«ថយចេញពីការអាក្រក់»។ (ទំនុក. ៣៤:១៤) ការធ្វើដូច្នេះមិនតែងតែស្រួលទេ។ ប៉ុន្ដែ យើងពិតជាទទួលការសម្រាលទុក្ខមែនដោយដឹងថាព្រះយេហូវ៉ានឹងស្រឡាញ់«ពួកអ្នកដែលជារបស់លោក» ហើយស្ដាប់បង្គាប់លោកជានិច្ច។—២ធី. ២:១៩; សូមអាន របាក្សត្រទី២ ១៦:៩

^ ???? 12 សូមមើលអត្ថបទនៅគេហទំព័រjw.org/km ដែលមានចំណងជើងថា«តើអ្នកហាមឃាត់ភាពយន្ដ សៀវភៅ ឬចម្រៀងណាមួយទេ?» ក្រោមពាក្យ«អំពីយើង» បន្ទាប់មកចុច«សំណួរដែលមនុស្សជាច្រើនសួរ»។