លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | វិធីបំបាត់ទុក្ខកង្វល់

មានកង្វល់គ្រប់បែបយ៉ាងនៅគ្រប់កន្លែង!

មានកង្វល់គ្រប់បែបយ៉ាងនៅគ្រប់កន្លែង!

«ខ្ញុំបានទៅទិញម្ហូប ប៉ុន្ដែឃើញមានតែនំប៉ុណ្ណោះ ហើយនំនោះមានតម្លៃថ្លៃជាងធម្មតា១០.០០០ដង! នៅថ្ងៃបន្ទាប់ ហាងទំនិញផ្សេងលែងមានអ្វីលក់ទៀត» (ពីប៉ូលនៅប្រទេសស៊ីមបាវ៉េ)។

«ប្ដីរបស់ខ្ញុំបានឲ្យខ្ញុំអង្គុយចុះ រួចប្រាប់ថាគាត់មានអ្នកថ្មី ហើយគាត់នឹងចុះចោលខ្ញុំនិងកូន។ តើឲ្យខ្ញុំទ្រាំនឹងការក្បត់នេះដូចម្ដេចទៅ? តើកូនខ្ញុំនឹងទៅជាយ៉ាងណា?» (ពីជេនណិតនៅសហរដ្ឋអាម៉េរិក)។

«ពេលខ្ញុំស៊ីរ៉ែនព្រមាន ខ្ញុំរត់ទៅរកកន្លែងពួនហើយក្រាបចុះ ដំណាលគ្នានោះគ្រាប់បែកផ្ទុះឡើង។ ទោះជាកន្លងទៅប៉ុន្មានម៉ោងក៏ដោយ ដៃខ្ញុំនៅតែញ័រទទ្រើក» (ពីអឺឡូនណានៅប្រទេសអ៊ីស្រាអែល)។

យើងមានកង្វល់ជាច្រើន ដោយសារយើងរស់នៅក្នុងគ្រា«លំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) មនុស្សជាច្រើនមានកង្វល់ដោយសារវិបត្ដិសេដ្ឋកិច្ច សង្គ្រាម និងបញ្ហាក្រុមគ្រួសារ។ បន្ថែមទៅទៀត មានរោគរាតត្បាតដែលនាំឲ្យស្លាប់ និងមានគ្រោះមហន្ដរាយដែលបណ្ដាលមកពីធម្មជាតិពីមនុស្ស។ ម្យ៉ាងទៀត យើងក៏មានបញ្ហាផ្ទាល់ខ្លួនដែរ។ ឧទាហរណ៍ អ្នកខ្លះឆ្ងល់អំពីសុខភាពខ្លួនថា ‹តើដុំសាច់ដែលដុះក្នុងខ្លួនខ្ញុំអាចជាដុំមហារីកទេ?›។ អ្នកខ្លះទៀតឆ្ងល់អំពីកូនចៅថា ‹ពេលកូនចៅខ្ញុំធំឡើង តើពិភពលោកនឹងទៅជាយ៉ាងណា?›។

មិនមែនកង្វល់ទាំងអស់សុទ្ធតែអាក្រក់នោះទេ។ តាមធម្មតា សិស្សខ្វល់ចិត្ដមុនពេលប្រឡង តួសម្ដែងខ្វល់ចិត្ដមុនឡើងឆាក ហើយអ្នកដែលត្រូវសម្ភាសសុំការងារក៏ខ្វល់ចិត្ដដែរមុននឹងសម្ភាស។ ម្យ៉ាងទៀត ការប្រុងប្រយ័ត្នខ្លាចមានគ្រោះថ្នាក់អាចជួយយើងឲ្យចេះការពារខ្លួន។ ប៉ុន្ដែ ការខ្វល់ចិត្ដហួសហេតុពេក ឬចេះតែព្រួយបារម្ភឥតឈប់ នោះអាចប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិត។ តាមការសិក្សាស្រាវជ្រាវថ្មីនេះ អំពីមនុស្សពេញវ័យជាង៦៨.០០០នាក់ បានឲ្យដឹងថាសូម្បីតែមានកង្វល់តិចតួច ក៏អាចកាត់បន្ថយអាយុជីវិតបានដែរ។ ម៉្លោះហើយ លោកយេស៊ូបានសួរដោយវែកញែកថា«បើអ្នកខ្វល់ខ្វាយ តើអ្នកអាចធ្វើឲ្យអាយុជីវិតខ្លួនវែងជាង សូម្បីតែបន្ដិចបានទេ?»។ ពិតមែន ការខ្វល់ចិត្ដមិនអាចធ្វើឲ្យបុគ្គលណាម្នាក់រស់បានយូរជាងនោះទេ។ ហេតុនេះហើយ លោកយេស៊ូបានដាស់តឿនថា«ឈប់ខ្វល់ខ្វាយ»។ (ម៉ាថាយ ៦:២៥, ២៧) តើយើងអាចឈប់ខ្វល់ខ្វាយយ៉ាងដូចម្ដេចបាន?

យើងអាចឈប់ខ្វល់ខ្វាយបាន បើយើងមានគំនិតឈ្លាសវៃ មានជំនឿពិតប្រាកដទៅលើព្រះ និងមានទីសំអាងដែលគួរឲ្យទុកចិត្ដថា នៅថ្ងៃអនាគតនឹងមានស្ថានភាពប្រសើរជាង។ ទោះជាឥឡូវយើងមិនជួបស្ថានភាពពិបាកក៏ពិតមែន តែយើងអាចនឹងជួបនៅថ្ងៃខាងមុខ។ ឥឡូវ សូមឲ្យយើងពិចារណាអំពីឱវាទមួយចំនួនដែលបានជួយប៉ូល ជេនណិត និងអឺឡូនណា ពេលដែលពួកគាត់មានកង្វល់។