លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី

ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?

ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?

​​«​ដូច​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់[​អាដាម​] ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង​»។—រ៉ូម ៥:១២

តើ​លោក​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា? បើ​គេ​សួរ​លោក​អ្នក​ថា ​«​តើ​អ្នក​ចង់​រស់​ជា​រៀង​រហូត​ទេ?​»។ មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​ឆ្លើយ​ថា ​«​ចង់​»​ ប៉ុន្តែ​ពួក​គេ​គិត​ថា​រឿង​នោះ​មិន​អាច​ទៅ​រួច​ទេ។ ពួក​គេ​និយាយ​ថា​ការ​ស្លាប់​ជា​រឿង​ធម្មតា​នៃ​ជីវិត ដែល​មនុស្ស​ទាំង​អស់​មិន​អាច​គេច​ផុត​បាន។

ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​គេ​សួរ​លោក​អ្នក​ថា ​«​តើ​អ្នក​ចង់​ស្លាប់​ទេ?​»។ តាម​ធម្មតា​មនុស្ស​ភាគ​ច្រើន​នឹង​ឆ្លើយ​ថា ​«​អត់​ទេ​»។ ដូច្នេះ តើ​ចម្លើយ​ទាំង​នោះ​បង្ហាញ​អំពី​អ្វី? នេះ​បង្ហាញ​ថា​តាម​ធម្មតា​មនុស្ស​យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​រស់​ជា​រៀង​រហូត ទោះ​ជា​យើង​ជួប​ទុក្ខ​លំបាក​យ៉ាង​ណា​ក្ដី។ គម្ពីរ​ប្រាប់​ថា​ព្រះ​បាន​បង្កើត​មនុស្សជាតិ​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​រស់​រហូត ដោយ​ចែង​ថា​៖ ​«​ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ​»។—សាស្ដា ៣:១១

ក៏​ប៉ុន្តែ ហេតុ​ការណ៍​ពិត​នោះ​គឺ​ថា​មនុស្ស​មិន​អាច​រស់​ជា​រៀង​រហូត​ទេ។ ហេតុ​អ្វី​ដូច្នេះ? តើ​ព្រះ​បាន​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ? គម្ពីរ​មាន​ចម្លើយ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ហើយ​ប្រាប់​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​រង​ការ​ឈឺ​ចាប់​និង​ស្លាប់។

ហេតុ​អ្វី​មនុស្ស​ស្លាប់?

បី​ជំពូក​ដំបូងនៃ​សៀវភៅ​លោកុប្បត្តិ​ក្នុង​គម្ពីរ​ប្រាប់​យើង​ថា ព្រះ​បាន​ឲ្យ​អាដាម​និង​អេវ៉ា​ដែល​ជា​ប្ដី​ប្រពន្ធ​ដំបូង​មាន​ឱកាស​ទទួល​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ជីវិត​នោះ។ រួច​មក កំណត់​ហេតុ​នោះ​ក៏​រៀប​រាប់​អំពី​របៀប​ដែល​ពួក​គេ​ឈប់​ស្ដាប់​បង្គាប់​ព្រះ ហេតុ​នេះ​ពួក​គេ​ក៏​បាត់​បង់​ឱកាស​នោះ។ អ្នក​ខ្លះ​ឃើញ​ថា​កំណត់​ហេតុ​នេះ​គ្មាន​ព័ត៌មាន​ល្អិត​ល្អន់​ទេ រហូត​ដល់​ពួក​គេ​គិត​ថា​នេះ​គឺ​ជា​រឿង​ព្រេង​សុទ្ធសាធ។ ប៉ុន្តែ ដូច​សៀវភៅ​ដំណឹង​ល្អ​ដែរ សៀវភៅ​លោកុប្បត្តិ​មាន​លក្ខណៈ​ផ្សេង​ៗ​ដែល​បញ្ជាក់​ថា​កំណត់​ហេតុ​ទាំង​នេះ​គឺ​ជា​រឿង​ពិត​និង​ត្រឹម​ត្រូវ​តាម​ប្រវត្ដិសាស្ត្រ។ a

តើ​ការ​មិន​ស្ដាប់​បង្គាប់​របស់​អាដាម​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? គម្ពីរ​ប្រាប់​ថា​៖ ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់[​អាដាម​] ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​តាម​រយៈ​ភាព​ខុស​ឆ្គង ដូច្នេះ សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ពី​ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ធ្វើ​ខុស​»។ (​រ៉ូម ៥:១២​) ដោយ​សារ​អាដាម​មិន​ស្ដាប់​បង្គាប់​ព្រះ នោះ​គាត់​មាន​ភាព​ខុស​ឆ្គង។ ដូច្នេះ គាត់​បាត់​បង់​ឱកាស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ទី​បំផុត​គាត់​បាន​ស្លាប់។ ដោយ​សារ​យើង​ជា​កូន​ចៅ​របស់​អាដាម យើង​បាន​ទទួល​ភាព​ខុស​ឆ្គង​ជា​មត៌ក​ពី​គាត់។ ជា​លទ្ធផល យើង​ឈឺ ចាស់ និង​ស្លាប់។ ការ​ពន្យល់​អំពី​មូលហេតុ​ដែល​មនុស្ស​យើង​ស្លាប់ គឺ​ស្រប​គ្នា​នឹង​អ្វី​ដែល​អ្នក​វិទ្យា​សាស្ត្រ​ពន្យល់​អំពី​ហ្សែន​នៅ​សព្វ​ថ្ងៃ​នេះ។ ក៏​ប៉ុន្តែ តើ​ព្រះ​បាន​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ?

តើ​ព្រះ​បាន​ធ្វើ​អ្វី?

ព្រះ​បាន​រៀប​ចំ​ថ្លៃ​លោះ​ឬ​ទិញ​មក​វិញ​នូវ​អ្វី​ដែល​អាដាម​បាន​ធ្វើ​ឲ្យ​បាត់​បង់​សម្រាប់​កូន​ចៅរបស់​គាត់ ពោល​គឺ​ឱកាស​ទទួល​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ តើ​ព្រះ​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក?

ក្នុង​គម្ពីរ​នៅ​សៀវភៅ រ៉ូម ៦:២៣ ចែង​ថា​៖ ​«​ប្រាក់​ឈ្នួល​ដែល​ភាព​ខុស​ឆ្គង​បើក​ឲ្យ គឺ​ជា​សេចក្ដី​ស្លាប់​»។ នេះ​មាន​ន័យ​ថា​សេចក្ដី​ស្លាប់​គឺ​ជា​លទ្ធផល​នៃ​ភាព​ខុស​ឆ្គង។ អាដាម​មាន​ភាព​ខុស​ឆ្គង ដូច្នេះ​គាត់​ស្លាប់។ ស្រដៀង​គ្នា​ដែរ យើង​មាន​ភាព​ខុស​ឆ្គង ដូច្នេះ​យើង​ក៏​ទទួល​ប្រាក់​ឈ្នួល​នៃ​ភាព​ខុស​ឆ្គង​ដែរ ពោល​គឺ​សេចក្ដី​ស្លាប់។ ប៉ុន្តែ នេះ​មិន​មែន​ដោយ​សារ​កំហុស​របស់​យើង​ទេ តែ​ដោយ​សារ​យើង​កើត​មក​មាន​ភាព​ខុស​ឆ្គង​ស្រាប់។ យ៉ាង​ណា​ក្ដី ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បាន​ចាត់​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក ឲ្យ​មក​ទទួល‹ប្រាក់​ឈ្នួល​នៃ​ភាព​ខុស​ឆ្គង›ជំនួស​យើង។ តើ​នេះ​កើត​ឡើង​តាម​របៀប​ណា?

មរណភាព​របស់​លោក​យេស៊ូ​បើក​ឱកាស ឲ្យ​យើង​មាន​សុភមង្គល​និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់

អាដាម​ជា​បុរស​ម្នាក់​ដែល​មាន​ភាព​ល្អ​ឥត​ខ្ចោះ តែ​ដោយ​សារ​គាត់​មិន​បាន​ស្ដាប់​បង្គាប់ នោះ​គាត់​បាន​នាំ​ឲ្យ​យើង​មាន​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ដូច្នេះ យើង​ត្រូវ​ការ​បុរស​ល្អ​ឥត​ខ្ចោះ​ម្នាក់​ទៀត​ដែល​ស្ដាប់​បង្គាប់​រហូត​ដល់​ស្លាប់ ទើប​អាច​រំដោះ​យើង​ពី​ឈ្នួល​នៃ​ភាព​ខុស​ឆ្គង​បាន។ គម្ពីរ​ពន្យល់​ថា​៖ ​«​ដូច​មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង ដោយ​សារ​បុរស​ម្នាក់​នោះ​មិន​បាន​ស្ដាប់​បង្គាប់ មនុស្ស​ជា​ច្រើន​នឹង​ទៅ​ជា​មនុស្ស​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់​នេះ​បាន​ស្ដាប់​បង្គាប់​»។ (​រ៉ូម ៥:១៩​) លោក​យេស៊ូ​គឺ​ជា​«​មនុស្ស​ម្នាក់​នេះ​»។ លោក​បាន​ចាក​ចេញ​ពី​ស្ថាន​សួគ៌ ហើយ​ក្លាយ​ជា​បុរស​ល្អ​ឥត​ខ្ចោះ​ម្នាក់ b រួច​មក​លោក​ស្លាប់​ជំនួស​យើង​ទាំង​អស់​គ្នា។ ជា​លទ្ធផល ព្រះ​អាច​ចាត់​ទុក​យើង​ជា​មនុស្ស​សុចរិត ហើយ​ផ្ដល់​ឱកាស​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

ហេតុ​អ្វី​លោក​យេស៊ូ​រង​ការ​ឈឺ​ចាប់​ហើយ​ស្លាប់?

ក៏​ប៉ុន្តែ ហេតុ​អ្វី​ចាំ​បាច់​ឲ្យ​លោក​យេស៊ូ​ស្លាប់​ដើម្បី​សម្រេច​កិច្ច​ការ​នេះ? តើ​ព្រះ​មិន​អាច​ចេញ​បង្គាប់​ឲ្យ​កូន​ចៅ​របស់​អាដាម​រស់​ជា​រៀង​រហូត​បាន​ទេ​ឬ? លោក​ប្រាកដ​ជា​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​មែន។ ប៉ុន្តែ បើ​ព្រះ​ធ្វើ​ដូច្នេះ នឹង​នាំ​ឲ្យ​ប្រឆាំង​ច្បាប់​ដែល​លោក​ប្រាប់​ថា​ឈ្នួល​ដែល​ភាព​ខុស​ឆ្គង​បើក​ឲ្យ​គឺ​ជា​សេចក្ដី​ស្លាប់។ ច្បាប់​នោះ​គឺ​សំខាន់ ហើយ​មិន​អាច​លុប​ចោល​ឬ​ផ្លាស់​ប្ដូរ​បាន​ទេ ពី​ព្រោះ​ច្បាប់​នេះ​ជា​គោល​នៃ​សេចក្ដី​យុត្ដិធម៌​ពិត។—ទំនុក​តម្កើង ៣៧:២៨

បើ​ព្រះ​មិន​បន្ត​ធ្វើ​តាម​សេចក្ដី​យុត្ដិធម៌​របស់​លោក​ក្នុង​រឿង​នេះ​ទេ មនុស្ស​ប្រហែល​ជា​គិត​ថា​លោក​ក៏​នឹង​មិន​ធ្វើ​ដូច្នេះ​ក្នុង​រឿង​ផ្សេង​ទៀត​ដែរ។ ជា​ឧទាហរណ៍ តើ​លោក​នឹង​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ឬ​ទេ បើ​លោក​សម្រេច​ថា​កូន​ចៅ​ណា​ខ្លះ​របស់​អាដាម​អាច​ទទួល​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់? តើ​យើង​អាច​ទុក​ចិត្ត​ថា​លោក​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក​ឬ​ទេ? ប៉ុន្តែ ដោយ​សារព្រះ​ធ្វើ​តាម​សេចក្ដី​យុត្ដិធម៌​របស់​លោក​ដើម្បី​សង្គ្រោះ​យើង នេះ​ជា​ការ​ធានា​ថា​ព្រះ​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ជា​និច្ច។

ដោយ​សារ​លោក​យេស៊ូ​ស្លាប់​ដើម្បី​ជា​គ្រឿង​បូជា នោះ​ព្រះ​បាន​បើក​ឱកាស​ឲ្យ​មនុស្សជាតិ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ សូម​កត់​សម្គាល់​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ យ៉ូហាន ៣:១៦ ថា​៖ ​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ យ៉ាង​នេះ មរណភាព​របស់​លោក​យេស៊ូ​មិន​គ្រាន់​តែ​បញ្ជាក់​ថា​ព្រះ​ធ្វើ​តាម​សេចក្ដី​យុត្ដិធម៌​ប៉ុណ្ណោះ​ទេ តែ​សំខាន់​ជាង​នោះ​ទៅ​ទៀត គឺ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ចំពោះ​មនុស្ស​យើង។

ប៉ុន្តែ ហេតុ​អ្វី​លោក​យេស៊ូ​ចាំ​បាច់​រង​ទុក្ខ​វេទនា​ហើយ​ស្លាប់​តាម​របៀប​ដែល​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដូច​ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ? ដោយ​សារ​លោក​យេស៊ូ​សុខ​ចិត្ត​ទទួល​ការ​ល្បង​ល​ដ៏​ខ្លាំង​បំផុត ហើយ​នៅ​តែ​រក្សា​ភាព​ស្មោះ​ត្រង់ នោះ​លោក​បង្ហាញ​ថា​ការ​ចោទ​ប្រកាន់​ទាំង​អស់​របស់​មេ​កំណាច​គឺ​មិន​ពិត​ឡើយ​ដែល​ថា មនុស្ស​នឹង​មិន​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​បាន​ទេ​ពេល​ដែល​ពួក​គេ​ជួប​នឹង​ទុក្ខ​លំបាក។ (​យ៉ូប ២:៤, ៥​) ការ​ចោទ​ប្រកាន់​របស់​មេ​កំណាច​សាថាន​មើល​ទៅ​ហាក់​ដូច​ជា​ត្រឹម​ត្រូវ ក្រោយ​ពី​វា​បាន​នាំ​ឲ្យ​អាដាម​ដែល​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ធ្វើ​អំពើ​ខុស​ឆ្គង។ ប៉ុន្តែ លោក​យេស៊ូ​ដែល​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ដូច​អាដាម​នៅ​តែ​ស្ដាប់​បង្គាប់​ព្រះ​ជា​និច្ច ទោះ​ជា​លោក​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក៏​ដោយ។ (​កូរិនថូស​ទី១ ១៥:៤៥​) ដោយ​ធ្វើ​ដូច្នេះ លោក​យេស៊ូ​បង្ហាញ​ថា​អាដាម​ក៏​អាច​ស្ដាប់​បង្គាប់​ព្រះ​បាន​ដែរ បើ​គាត់​ជ្រើស​រើស​ស្ដាប់​បង្គាប់​លោក។ ដោយ​សារ​លោក​យេស៊ូ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​លោក​បាន​ទុក​គំរូ​សម្រាប់​យើង។ (​ពេត្រុស​ទី១ ២:២១​) ព្រះ​បាន​ផ្ដល់​រង្វាន់​ឲ្យ​លោក​យេស៊ូ​មាន​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌ ដោយ​សារ​លោក​យេស៊ូ​ស្ដាប់​បង្គាប់​ព្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ។

តើ​លោក​អ្នក​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

លោក​យេស៊ូ​ពិត​ជា​បាន​ស្លាប់​ជំនួស​យើង​មែន។ នេះ​បាន​បើក​ឱកាស​ឲ្យ​យើង​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ តើ​លោក​អ្នក​ចង់​រស់​នៅ​ជា​រៀង​រហូត​ឬ​ទេ? ដើម្បី​បាន​ជីវិត​ដូច​នោះ លោក​យេស៊ូ​បាន​ប្រាប់​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។—យ៉ូហាន ១៧:៣

អ្នក​បោះ​ពុម្ព​សៀវភៅ​នេះ​អញ្ជើញ​លោក​អ្នក​ឲ្យ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត​តែ​មួយ និង​អំពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក។ សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​តំបន់​លោក​អ្នក រីក​រាយ​ជួយ​បង្រៀន​លោក​អ្នក។ ម្យ៉ាង​ទៀត លោក​អ្នក​ក៏​អាច​ទទួល​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍​ថែម​ទៀត​តាម​រយៈ​គេហទំព័រ​របស់​យើង​www.pr418.com/km។

a សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១១ ទំព័រ​៤​-​៩ ចំណង​ជើង​ថា​«​តើ​ពិត​ជា​មាន​សួន​ច្បារ​អេដែន​មែន​ឬ?​»​ បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

b ព្រះ​បាន​បញ្ជូន​ជីវិត​បុត្រ​របស់​លោក​ពី​ស្ថាន​សួគ៌​ឲ្យ​មក​កើត​ក្នុង​ផ្ទៃ​របស់​នាង​ម៉ារៀ ហើយ​លោក​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ការពារ​លោក​យេស៊ូ​មិន​ឲ្យ​ទទួល​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ពី​ម៉ារៀ។—លូកា ១:៣១, ៣៥