លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រធានបទ​នៃ​ក្រប | របៀប​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​ការពារ

ហេតុអ្វីគម្ពីរនៅតែគង់វង្ស?

ហេតុអ្វីគម្ពីរនៅតែគង់វង្ស?

គម្ពីរ​នៅ​តែ​គង់​វង្ស ហើយ​ជា​លទ្ធផល​នៅ​សព្វ​ថ្ងៃ​នេះ​អ្នក​អាច​មាន​និង​អាន​គម្ពីរ​បាន។ ពេល​អ្នក​ជ្រើស​រើស​សេ​ច​ក្ដី​បក​ប្រែ​ដ៏​ល្អ​មួយ អ្នក​អាច​ប្រាកដ​ថា អ្នក​កំពុង​អាន​គម្ពីរ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​នៅ​ក្នុង​ឯកសារ​ដើម។ ប៉ុន្តែ ទោះ​ជា​ពុក មាន​ការ​ប្រឆាំង​ដ៏​សាហាវ និង​មាន​គេ​ព្យាយាម​កែ​ច្នៃ​ដោយ​ចេតនា​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​គម្ពីរ​នៅ​តែ​គង់​វង្ស? ហេតុ​អ្វី​សៀវភៅ​នេះ​ពិសេស​ម្ល៉េះ?

​«​ឥឡូវ​ខ្ញុំ​ជឿ​ជាក់​ថា​គម្ពីរ​ដែល​ខ្ញុំ​មាន គឺ​ជា​អំណោយ​មក​ពី​ព្រះ​»​

អ្នក​សិក្សា​គម្ពីរ​ជា​ច្រើន​នាក់​បាន​សន្និដ្ឋាន​ដូច​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ថា​៖​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ពួក​គេ​ជឿ​ថា​គម្ពីរ​នៅ​តែ​គង់​វង្ស​ដោយ​សារ​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ ហើយ​ដោយ​សារ​ព្រះ​បាន​រក្សា​គម្ពីរ​ឲ្យ​នៅ​តែ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ហ្វាយសូល​ដែល​នៅ​ដើម​អត្ថបទ​នេះ​ជឿ​ថា​គម្ពីរ​បាន​ត្រូវ​កែ​ច្នៃ ដូច្នេះ​គាត់​បាន​សម្រេច​ចិត្ត​ស្រាវ​ជ្រាវ​ចំណុច​នោះ​ដោយ​សិក្សា​គម្ពីរ។ អ្វី​ដែល​គាត់​បាន​រក​ឃើញ​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ផ្អើល​ណាស់។ គាត់​បាន​រៀន​ថា​សេចក្ដី​បង្រៀន​ជា​ច្រើន​ក្នុង​ពិភព​គ្រិស្ត​សាសនា តាម​ពិត​មិន​មាន​ក្នុង​គម្ពីរ​ឡើយ។ ហើយ​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី​ដែល​មាន​ក្នុង​គម្ពីរ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​គាត់។

គាត់​បាន​ប្រាប់​ថា​៖​«​ឥឡូវ​ខ្ញុំ​ជឿ​ជាក់​ថា​គម្ពីរ​ដែល​ខ្ញុំ​មាន គឺ​ជា​អំណោយ​មក​ពី​ព្រះ។ បើ​ព្រះ​អាច​បង្កើត​សកល​លោក​បាន លោក​ពិត​ជា​មាន​ឫទ្ធានុភាព​ដើម្បី​ផ្ដល់​និង​រក្សា​ទុក​សៀវភៅ​មួយ​ឲ្យ​យើង។ បើ​គិត​ថា​លោក​មិន​អាច​ធ្វើ​ដូច្នេះ នោះ​គឺ​ដូច​ជា​យើង​និយាយ​ថា ឫទ្ធានុភាព​របស់​លោក​មាន​កម្រិត។ ហើយ​តើ​ខ្ញុំ​ជា​អ្នក​ណា​ដែល​ដាក់​កម្រិត​ទៅ​លើ​ឫទ្ធានុភាព​របស់​ព្រះ ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត?​»។—អេសាយ ៤០:៨