លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​លោក​អ្នក​អាច​រក​ឃើញ​ការ​សម្រាល​ទុក្ខ​នៅ​ឯ​ណា?

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ

តើ​លោក​អ្នក​ចាំ​អំពី​ពេល​ដែល​លោក​អ្នក​ដួល​កាល​នៅ​ក្មេង​ឬ​ទេ? លោក​អ្នក​ប្រហែល​ជា​មុត​ដៃ​ឬ​ក៏​រលាត់​ជង្គង់។ រួច​មក តើ​លោក​អ្នក​ចាំ​ថា​ម្ដាយ​បាន​សម្រាល​ទុក្ខ​លោក​អ្នក​យ៉ាង​ណា​ទេ? គាត់​ប្រហែល​ជា​លាង​របួស​ហើយ​ដាក់​បង់​បិទ​ដំបៅ។ លោក​អ្នក​យំ តែ​កាល​ដែល​ម្ដាយ​ឱប​ហើយ​លួង​លោម​លោក​អ្នក នេះ​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ល្អ​ជាង។ ពេល​នៅ​ក្មេង លោក​អ្នក​ងាយ​ស្រួល​ទទួល​ការ​សម្រាល​ទុក្ខ។

ប៉ុន្ដែ កាល​ដែល​យើង​ធំ​ឡើង ជីវិត​យើង​ទៅ​ជា​ស្មុគ​ស្មាញ​ជាង។ យើង​មាន​បញ្ហា​ច្រើន ហើយ​យើង​ពិបាក​រក​ឃើញ​ការ​សម្រាល​ទុក្ខ។ គួរ​ឲ្យ​ស្តាយ​ណាស់! បង់​បិទ​ដំបៅ​និង​ការ​ឱប​លួង​លោម​ពី​ម្ដាយ​ទំនង​ជា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្ស​ពេញ​វ័យ​ឡើយ។ សូម​ពិចារណា​បទ​ពិសោធន៍​ខ្លះ។

  • តើ​លោក​អ្នក​ធ្លាប់​រង​ទុក្ខ​ដោយ​សារ​បាត់​បង់​ការ​ងារ​ឬ​ទេ? បុរស​ម្នាក់​ឈ្មោះ​ហ៊ូលយ៉ាន់​និយាយ​ថា​ពេល​គាត់​បាត់​បង់​ការ​ងារ គាត់​ពិបាក​ចិត្ដ​យ៉ាង​ខ្លាំង។ គាត់​ឆ្ងល់​ថា ‹តើ​ខ្ញុំ​នឹង​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​បាន​ខំ​ធ្វើ​ការ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ ហេតុ​អ្វី​ក្រុម​ហ៊ុន​នោះ​គិត​ថា​ខ្ញុំ​គ្មាន​តម្លៃ?›។

  • ប្រហែល​ជា​លោក​អ្នក​ឈឺ​ចិត្ដ​ដោយ​សារ​ចំណង​អាពាហ៍ពិពាហ៍​បាន​បាក់​បែក។ ស្ដ្រី​ម្នាក់​ឈ្មោះ​រ៉ាឃែល​ពន្យល់​អំពី​អារម្មណ៍​គាត់​ថា​៖ ​«​អស់​មួយ​ឆ្នាំ​កន្លះ​ហើយ​ដែល​ប្ដី​ខ្ញុំ​បាន​ទៅ​ចោល​ខ្ញុំ ពេល​នោះ​ខ្ញុំ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ បេះ​ដូង​ខ្ញុំ​ប្រៀប​ដូច​ជា​ត្រូវ​គេ​ហែក​ជា​ពីរ​អ៊ីចឹង។ ខ្ញុំ​ឈឺ​ចាប់​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ។ ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​»។

  • លោក​អ្នក​ប្រហែល​ជា​មាន​ជំងឺ​ធ្ងន់​ធ្ងរ​រ៉ាំរ៉ៃ។ ពេល​ខ្លះ​លោក​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​យ៉ូប​នៅ​សម័យ​បុរាណ។ យ៉ូប​បាន​ថ្ងូរ​ថា​៖ ​«​ទូល​បង្គំ​ខ្ពើម​ជីវិត​ណាស់ ទូល​បង្គំ​នឹង​មិន​រស់​ជា​ដរាប​ទេ​»។ (​យ៉ូប ៧:១៦​) លោក​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​បុរស​អាយុ​៨០​ឆ្នាំ​ម្នាក់​ឈ្មោះ​លូអ៊ីស។ គាត់​បាន​និយាយ​ថា​៖ ​«​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គ្រាន់​តែ​ចាំ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ​»។

  • ឬ​មួយ​ក៏​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​លោក​អ្នក​បាន​ស្លាប់ ហេតុ​នេះ​លោក​អ្នក​ពិត​ជា​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង។ រ៉ូបឺត​បាន​ពន្យល់​ថា​៖ ​«​ពេល​កូន​ប្រុស​របស់​ខ្ញុំ​បាន​ស្លាប់​ដោយ​សារ​យន្ដ​ហោះ​ធ្លាក់ មុន​ដំបូង​ខ្ញុំ​មិន​ចង់​ជឿ​សោះ។ រួច​មក ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់។ គម្ពីរ​ប្រដូច​ការ​ឈឺ​ចាប់​នេះ​ទៅ​នឹង​ដាវ​វែង​មួយ​ដែល​ចាក់​ទម្លុះ​ចិត្ដ​របស់​អ្នក​»។—លូកា ២:៣៥

រ៉ូបឺត លូអ៊ីស រ៉ាឃែល និង​ហ៊ូលយ៉ាន់​បាន​រក​ឃើញ​ការ​សម្រាល​ទុក្ខ​មែន ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ទាំង​នោះ​ក្ដី។ ពួក​គេ​បាន​រក​ឃើញ​បុគ្គល​ដ៏​ល្អ​បំផុត​ដែល​ផ្ដល់​ការ​សម្រាល​ទុក្ខ ពោល​គឺ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ តើ​ព្រះ​ផ្ដល់​ការ​សម្រាល​ទុក្ខ​យ៉ាង​ដូច​ម្ដេច? តើ​លោក​នឹង​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​លោក​អ្នក​ដែរ​ឬ?