លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​លោក​អ្នក​អាច​រក​ឃើញ​ការ​សម្រាល​ទុក្ខ​នៅ​ឯ​ណា?

ការ​សម្រាល​ទុក្ខ​ក្នុង​គ្រា​លំបាក

ការ​សម្រាល​ទុក្ខ​ក្នុង​គ្រា​លំបាក

មនុស្ស​ជួប​ប្រទះ​ទុក្ខ​លំបាក​ផ្សេង​ៗ​ជា​ច្រើន។ យើង​មិន​អាច​រៀប​រាប់​អំពី​ទុក្ខ​លំបាក​ទាំង​អស់​បាន​ទេ។ ប៉ុន្ដែ សូម​ឲ្យ​យើង​ពិចារណា​បន្ថែម​ទៀត​អំពី​បទ​ពិសោធន៍​របស់​មនុស្ស​បួន​នាក់​ដែល​ជួប​ទុក្ខ​លំបាក​ដូច​បាន​រៀប​រាប់​នៅ​អត្ថបទ​ដំបូង។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​មនុស្ស​ផ្សេង​ៗ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ព្រះ ទោះ​ជា​ពួក​គេ​ជួប​ប្រទះ​ទុក្ខ​លំបាក​ខុស​ៗ​គ្នា​ក្ដី។

ពេល​បាត់​បង់​ការ​ងារ

​«​ខ្ញុំ​រៀន​ចេះ​ទទួល​ការ​ងារ​ណា​ក៏​បាន ហើយ​យើង​កាត់​បន្ថយ​ចំណាយ​ដែល​មិន​ចាំ​បាច់​»​ (​យ៉ូណាថាន​)។

បុរស​ម្នាក់​ឈ្មោះ​សេត *និយាយ​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​បាត់​បង់​ការ​ងារ​នៅ​ពេល​ដំណាល​គ្នា។ អស់​រយៈ​ពេល​ពីរ​ឆ្នាំ យើង​រស់​ដោយ​សារ​ជំនួយ​ពី​គ្រួសារ និង​ការ​ងារ​មិន​ទៀង​ទាត់។ ជា​លទ្ធផល ព្រីស៊ីល​ដែល​ជា​ប្រពន្ធ​ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្ញុំ​គ្មាន​ប្រយោជន៍​សោះ​»។

សេត​រៀប​រាប់​បន្ដ​ថា​៖ ​«​តើ​យើង​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច? ព្រីស៊ីល​តែង​តែ​រំលឹក​ខ្លួន​គាត់​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៦:៣៤ ថា​យើង​មិន​គួរ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ ម្យ៉ាង​ទៀត ប្រពន្ធ​ខ្ញុំ​បាន​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ដ ហើយ​នេះ​បាន​ជួយ​គាត់​ឲ្យ​បន្ដ​ស៊ូ​ទ្រាំ។ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ទំនុក​តម្កើង ៥៥:២២។ ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែរ ខ្ញុំ​បាន​ផ្ទេរ​បន្ទុក​របស់​ខ្ញុំ​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ខ្ញុំ​ឃើញ​ថា​លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​បន្ដ​ស៊ូ​ទ្រាំ។ នៅ​ឥឡូវ​នេះ ទោះ​បី​ជា​ខ្ញុំ​មាន​ការ​ងារ​ធ្វើ​ឡើង​វិញ​ក៏​ដោយ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បន្ដ​មាន​ជីវិត​សាមញ្ញ​ដូច​ឱវាទ​របស់​លោក​យេស៊ូ​ក្នុង​ម៉ាថាយ ៦:២០​-​២២។ សំខាន់​បំផុត យើង​បាន​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ ហើយ​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​កាន់​តែ​រឹង​មាំ​ថែម​ទៀត​»។

បុរស​ម្នាក់​ឈ្មោះ​យ៉ូណាថាន​សារភាព​ថា​៖ ​«​ខ្ញុំ​ភ័យ​ព្រួយ​អំពី​អនាគត​ខ្លាំង​ណាស់ ពេល​មុខ​របរ​តូច​មួយ​របស់​ក្រុម​គ្រួសារ​យើង​បាន​ដួល​រលំ ដោយ​សារ​វិបត្ដិ​សេដ្ឋកិច្ច។ យើង​បាន​ខំ​ព្យាយាម​ធ្វើ​ការ​អស់​រយៈ​ពេល​២០​ឆ្នាំ តែ​យើង​គ្មាន​នៅ​សល់​អ្វី​ទេ។ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​ចាប់​ផ្ដើម​ឈ្លោះ​គ្នា​អំពី​រឿង​លុយ​កាក់។ យើង​ថែម​ទាំង​មិន​អាច​ប្រើ​កាត​ឥណទាន​ដើម្បី​ទិញ​អ្វី​ឡើយ ដោយ​ខ្លាច​ថា​គេ​នឹង​បដិសេធ​កាត​ឥណទាន​របស់​យើង​»។

យ៉ូណាថាន​និយាយ​បន្ថែម​ថា​៖ ​«​ប៉ុន្ដែ​បណ្ដាំ​របស់​ព្រះ​និង​សកម្មពល​របស់​លោក​បាន​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ។ ខ្ញុំ​រៀន​ចេះ​ទទួល​ការ​ងារ​ណា​ក៏​បាន ហើយ​យើង​កាត់​បន្ថយ​ចំណាយ​ដែល​មិន​ចាំ​បាច់។ ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​ក៏​បាន​ទទួល​ការ​គាំ​ទ្រ​ពី​អ្នក​រួម​ជំនឿ​ដែរ។ ពួក​គេ​ជួយ​យើងឲ្យ​មាន​ទំនុក​ចិត្ដ​លើ​ខ្លួន​ឯង​វិញ ហើយ​ផ្ដល់​ជំនួយ​ដល់​យើង​ពេល​យើង​ជួប​ទុក្ខ​លំបាក​»។

ពេល​ចំណង​អាពាហ៍ពិពាហ៍​បែក​បាក់

រ៉ាឃែល​ប្រាប់​ថា​៖ ​«​ពេល​ប្ដី​របស់​ខ្ញុំ​បាន​ចាក​ចោល​ខ្ញុំ​ភ្លាម ខ្ញុំ​ឈឺ​ចិត្ដ​និង​ខឹង​ខ្លាំង​ណាស់។ ខ្ញុំ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ ប៉ុន្ដែ ខ្ញុំ​បាន​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​បាន​សម្រាល​ទុក្ខ​ខ្ញុំ។ ពេល​ខ្ញុំ​អធិដ្ឋាន​ទៅ​លោក​ជា​រៀង​រាល់​ថ្ងៃ សេចក្ដី​សុខ​សាន្ដ​របស់​លោក​បាន​ការពារ​ចិត្ដ​ខ្ញុំ។ ខ្ញុំ​គិត​ថា​លោក​បាន​ជួយ​ព្យាបាល​របួស​បេះ​ដូង​ខ្ញុំ​»។

រ៉ាឃែល​និយាយ​បន្ដ​ថា​៖ ​«​ម្យ៉ាង​ទៀត តាម​រយៈ​គម្ពីរ​បរិសុទ្ធ​ដែល​ជា​បណ្ដាំ​របស់​ព្រះ ខ្ញុំ​បាន​ឈប់​ខឹង​និង​លែង​ចង​គំនុំ​ទៀត។ ខ្ញុំ​ចាំ​ពាក្យ​របស់​សាវ័ក​ប៉ូល​នៅ​រ៉ូម ១២:២១ ថា​៖ ‹កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ចូរ​បន្ដ​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​វិញ›​»។

​«​មាន​ពេល​សម្រាប់‹បោះ​បង់​ចោល›។ . . . ខ្ញុំ​ឈប់​គិត​អំពី​បញ្ហា​របស់​ខ្ញុំ ហើយ​ចាប់​ផ្ដើម​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​»​ (​រ៉ាឃែល​)។

រ៉ាឃែល​រៀប​រាប់​ទៀត​ថា​៖ ​«​មិត្ដ​ល្អ​ម្នាក់​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​ខ្ញុំ​ត្រូវ​បំភ្លេច​អតីតកាល។ គាត់​បាន​បង្ហាញ​ខ​គម្ពីរ​នៅ​សាស្តា ៣:៦ ហើយ​ប្រាប់​ខ្ញុំ​ដោយ​សប្បុរស​ថា​មាន​ពេល​សម្រាប់‹បោះ​បង់​ចោល›។ ឱវាទ​នេះ​មិន​ស្រួល​ធ្វើ​តាម​ទេ តែ​ខ្ញុំ​ពិត​ជា​ត្រូវ​ការ​ឱវាទ​នោះ​មែន។ ឥឡូវ ខ្ញុំ​ឈប់​គិត​អំពី​បញ្ហា​របស់​ខ្ញុំ ហើយ​ចាប់​ផ្ដើម​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​»។

ស្ដ្រី​ម្នាក់​ឈ្មោះ​អេលីសាបិត​និយាយ​ថា​៖ ​«​ពេល​ចំណង​អាពាហ៍ពិពាហ៍​បែក​បាក់ អ្នក​ពិត​ជា​ត្រូវ​ការ​ការ​គាំ​ទ្រ។ ខ្ញុំ​មាន​មិត្ដ​សម្លាញ់​ម្នាក់​ដែល​ផ្ដល់​ជំនួយ​ដល់​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។ នាង​យំ​ជា​មួយ​ខ្ញុំ សម្រាល​ទុក្ខ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្ញុំ​មាន​តម្លៃ។ ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ប្រើ​នាង​ដើម្បី​ព្យាបាល​របួស​ផ្លូវ​ចិត្ដ​របស់​ខ្ញុំ​»។

ពេល​មាន​ជំងឺ​ឬ​មាន​វ័យ​ចាស់

​«​ក្រោយ​ពី​អធិដ្ឋាន​រួច​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​សកម្មពល​របស់​ព្រះ​បាន​ផ្ដល់​កម្លាំង​ចិត្ដ​ដល់​ខ្ញុំ​»​ (​លូអ៊ីស​)។

បង​លូអ៊ីស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​ដំបូង មាន​ជំងឺ​បេះ​ដូង​ធ្ងន់​ធ្ងរ។ គាត់​ជិត​ស្លាប់​ពីរ​ដង។ ឥឡូវ គាត់​ត្រូវ​ប្រើ​ម៉ាស៊ីន​អុកស៊ីហ៊្សែន​រយៈ​ពេល​១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​និច្ច។ ក្រោយ​ពី​អធិដ្ឋាន​រួច​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​សកម្មពល​របស់​ព្រះ​បាន​ផ្ដល់​កម្លាំង​ចិត្ដ​ដល់​ខ្ញុំ។ សេចក្ដី​អធិដ្ឋាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ដ​ក្លាហាន​ដើម្បី​បន្ដ​រស់​នៅ ពី​ព្រោះ​ខ្ញុំ​មាន​ជំនឿ​លើ​លោក ហើយ​ខ្ញុំ​ដឹង​ថា​លោក​រមែង​គិត​អំពី​ខ្ញុំ​»។

បង​ប៉េត្រា​ដែល​ជា​ស្ដ្រី​វ័យ​ចាស់​ម្នាក់​អាយុ​៨០​ប្លាយ​បាន​ពន្យល់​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​អ្វី​ៗ​ជា​ច្រើន តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ។ ខ្ញុំ​ពិបាក​ចិត្ដ​ពេល​ឃើញ​ថា​ខ្ញុំ​កាន់​តែ​ខ្សោយ​ទៅ​ៗ។ ខ្ញុំ​អស់​កម្លាំង​ខ្លាំង​ណាស់​ហើយ​ត្រូវ​ពឹង​ផ្អែក​លើ​ថ្នាំ​ពេទ្យ។ ជា​ញឹក​ញយ ខ្ញុំ​គិត​អំពី​ពេល​លោក​យេស៊ូ​សុំ​បិតា​លោក​ឲ្យ​ទុក្ខ​លំបាក​កន្លង​ផុត​ទៅ បើ​អាច​ធ្វើ​បាន។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​លោក​យេស៊ូ​វិញ ហើយ​លោក​ក៏​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​ដែរ។ សេចក្ដី​អធិដ្ឋាន​ជា​រៀង​រាល់​ថ្ងៃ​គឺ​ជា​អ្វី​ដែល​ចាំបាច់។ ក្រោយ​ពី​អធិដ្ឋាន​ទៅ​ព្រះ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ជាង​»។—ម៉ាថាយ ២៦:៣៩

ស្រដៀង​គ្នា​ដែរ ហ៊ូលយ៉ាន់​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ជំងឺ​ធ្ងន់​ម្យ៉ាង​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ។ គាត់​បាន​និយាយ​ថា​៖ ​«​ពី​មុន​ខ្ញុំ​ធ្លាប់​អង្គុយ​លើ​កៅអី​ក្នុង​ឋានៈ​ជា​នាយក តែ​ឥឡូវ​ខ្ញុំ​អង្គុយ​លើ​រទេះ​រុញ​វិញ។ ប៉ុន្ដែ ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ​ពី​ព្រោះ​ខ្ញុំ​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត។ ការ​ឲ្យ​អ្នក​ឯ​ទៀត​អាច​ជួយ​សម្រាល​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ហើយ​ព្រះ​យេហូវ៉ា​ពិត​ជា​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដូច​លោក​បាន​សន្យា។ ដូច​សាវ័ក​ប៉ូល​ដែរ ខ្ញុំ​អាច​និយាយ​ថា​៖ ‹ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ›​»។—ភីលីព ៤:១៣

ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់

បុរស​ម្នាក់​ឈ្មោះ​អាន់តូនយូ​និយាយ​ថា​៖ ​«​ពេល​ឪ​ពុក​ខ្ញុំ​ស្លាប់​ដោយ​សារ​ឡាន​បុក មុន​ដំបូង​ខ្ញុំ​មិន​ចង់​ជឿ​ទេ។ មុន​គ្រោះ​ថ្នាក់ គាត់​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ប៉ុណ្ណោះ។ ពិត​ជា​អយុត្ដិធម៌​ណាស់! ប៉ុន្ដែ គ្មាន​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឡើយ។ ក្រោយ​ពី​គ្រោះ​ថ្នាក់ គាត់​បាន​សន្លប់​អស់​ប្រាំ​ថ្ងៃ ហើយ​ក្រោយ​មក​គាត់​បាន​ស្លាប់។ ខ្ញុំ​មិន​បាន​យំ​នៅ​មុខ​ម្ដាយ​ខ្ញុំ​ទេ តែ​ពេល​ខ្ញុំ​នៅ​ម្នាក់​ឯង ខ្ញុំ​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ពេល​នោះ ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ‹ហេតុ​អ្វី? ហេតុ​អ្វី?›​»។

អាន់តូនយូ​បន្ដ​ថា​៖ ​«​ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក​នោះ ខ្ញុំ​បន្ដ​សុំ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​ទប់​អារម្មណ៍ ហើយ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ។ បន្ដិច​ម្ដង​ៗ ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ជាង។ ខ្ញុំ​ចាំ​ថា​គម្ពីរ​បរិសុទ្ធ​ពន្យល់​ថា​យើង​អាច​ជួប​គ្រោះ​ថ្នាក់​ដោយ​សារ‹ពេល​វេលា​និង​ឱកាស› ឬ​ដោយ​ចៃដន្យ។ ដោយ​សារ​ព្រះ​មិន​អាច​កុហក ខ្ញុំ​ជឿ​ជាក់​ថា​ខ្ញុំ​នឹង​ជួប​ឪ​ពុក​ខ្ញុំ​ម្ដង​ទៀត​នៅ​គ្រា​ដែល​ព្រះ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​»។—សាស្តា ៩:១១; យ៉ូហាន ១១:២៥; ទីតុស ១:២

​«​ទោះ​បី​ជា​កូន​ប្រុស​របស់​យើង​បាន​ស្លាប់​ដោយ​សារ​ធ្លាក់​យន្ដ​ហោះ​ក្ដី ពួក​ខ្ញុំ​នៅ​តែ​មាន​អនុស្សាវរីយ៍​អំពី​ពេល​ដ៏​សប្បាយ​ដែល​យើង​បាន​ចំណាយ​ជា​មួយ​គ្នា​»​ (​រ៉ូបឺត​)។

ស្រដៀង​គ្នា​ដែរ រ៉ូបឺត​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​ដំបូង​និយាយ​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​ទទួល​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ​ដូច​បាន​ចែង​ទុក​ក្នុង​ភីលីព ៤:៦, ៧ ក្រោយ​ពី​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ សេចក្ដី​សុខ​សាន្ដ​នោះ​បាន​ជួយ​ពួក​ខ្ញុំ​ឲ្យ​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​អំពី​សេចក្ដី​សង្ឃឹម​នៃ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ទោះ​បី​ជា​កូន​ប្រុស​របស់​យើង​បាន​ស្លាប់​ដោយ​សារ​ធ្លាក់​យន្ដ​ហោះ​ក្ដី ពួក​ខ្ញុំ​នៅ​តែ​មាន​អនុស្សាវរីយ៍​អំពី​ពេល​ដ៏​សប្បាយ​ដែល​យើង​បាន​ចំណាយ​ជា​មួយ​គ្នា។ ពួក​ខ្ញុំ​ព្យាយាម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អនុស្សាវរីយ៍​ទាំង​នោះ​»។

រ៉ូបឺត​និយាយ​ថែម​ទៀត​ថា​៖ ​«​ពេល​សាក្សី​ព្រះ​យេហូវ៉ា​ឯ​ទៀត​បាន​ប្រាប់​យើង​ថា ពួក​គេ​ឃើញ​យើង​ពន្យល់​អំពី​ជំនឿ​របស់​យើង​ក្នុង​ទូរទស្សន៍​ដោយ​មាន​អារម្មណ៍​ស្ងប់ យើង​បាន​ប្រាប់​ពួក​គេ​វិញ​ថា​នេះ​គឺ​ដោយ​សារ​បង​ប្អូន​រួម​ជំនឿ​បាន​អធិដ្ឋាន​ឲ្យ​យើង។ ខ្ញុំ​ពិត​ជា​ជឿ​ថា​ព្រះ​យេហូវ៉ា​កំពុង​គាំ​ទ្រ និង​សម្រាល​ទុក្ខ​យើង​តាម​រយៈ​សំបុត្រ​រាប់​មិន​អស់​ពី​បង​ប្អូន​រួម​ជំនឿ​»។

ដូច​បាន​រៀប​រាប់​ក្នុង​បទ​ពិសោធន៍​ខាង​លើ​នេះ ព្រះ​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​អស់​អ្នក​ដែល​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​និង​បញ្ហា​ផ្សេង​ៗ។ ចុះ​លោក​អ្នក​វិញ? ទោះ​ជា​លោក​អ្នក​ជួប​ប្រទះ​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ក្នុង​ជីវិត លោក​អ្នក​អាច​ទទួល​ការ​សម្រាល​ទុក្ខ​បាន។ * ដូច្នេះ សូម​ស្វែង​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពី​ព្រោះ​លោក​ជា​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»។—កូរិនថូស​ទី២ ១:៣

^ វគ្គ 5 ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 23 បើ​លោក​អ្នក​ចង់​ទទួល​ជំនួយ​ដើម្បី​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ ហើយ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​លោក សូម​ទាក់​ទង​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​តំបន់​របស់​លោក​អ្នក ឬ​សរសេរ​សំបុត្រ​ទៅ​កាន់​ការិយាល័យ​សាខា​ដែល​នៅ​ជិត​លោក​អ្នក។