លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | តើលោកអ្នកនឹងទទួលអំណោយដ៏អស្ចារ្យបំផុតពីព្រះទេ?

តើតាមរបៀបណាអ្នកគួរបង្ហាញចិត្ដកតញ្ញូចំពោះអំណោយដ៏អស្ចារ្យបំផុតដែលមកពីព្រះ?

តើតាមរបៀបណាអ្នកគួរបង្ហាញចិត្ដកតញ្ញូចំពោះអំណោយដ៏អស្ចារ្យបំផុតដែលមកពីព្រះ?

«សេចក្ដីស្រឡាញ់ដែលគ្រិស្ដមាន ជំរុញចិត្ដយើង . . . លោកបានស្លាប់ដើម្បីមនុស្សទាំងអស់ ដើម្បីឲ្យអ្នកដែលរស់ អាចរស់ដើម្បីលោកដែលបានស្លាប់ . . . មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ»។—កូរិនថូសទី២ ៥:១៤, ១៥

អំណោយដ៏ល្អបំផុតគួរជំរុញចិត្ដយើងឲ្យបង្ហាញចិត្ដកតញ្ញូចំពោះអ្នកដែលបានឲ្យ។ លោកយេស៊ូបានលើកបញ្ជាក់អំពីចំណុចនេះក្រោយពីលោកបានធ្វើឲ្យបុរស១០នាក់ជាសះស្បើយពីជំងឺឃ្លង់ ពេលនោះជំងឺនោះមិនអាចព្យាបាលបានទេ។ បុរសម្នាក់ក្នុងចំណោមបុរស១០នាក់នោះបាន«វិលមកវិញ ដោយបន្លឺសំឡេងយ៉ាងខ្លាំងសរសើរតម្កើងព្រះ»។ លោកយេស៊ូបានមានប្រសាសន៍ថា«មានដប់នាក់ដែលបានត្រូវធ្វើឲ្យជាស្អាត មែនទេ? ចុះតើប្រាំបួននាក់ទៀតនៅណា?»។ (លូកា ១៧:១២-១៧) តើយើងអាចទាញមេរៀនអ្វី? យើងអាចឆាប់ភ្លេចអំពើល្អដែលអ្នកទៀតបានធ្វើចំពោះយើង!

ថ្លៃលោះខុសពីអំណោយទៀត។ ថ្លៃលោះគឺជាអំណោយដ៏អស្ចារ្យបំផុតដែលព្រះបានផ្ដល់ឲ្យ។ ដូច្នេះ តើអ្នកគួរបង្ហាញចិត្ដកតញ្ញូចំពោះអ្វីដែលព្រះបានធ្វើដើម្បីជាប្រយោជន៍ដល់អ្នកតាមរបៀបណា?

  • ស្គាល់អ្នកដែលបានផ្ដល់អំណោយ។ ថ្លៃលោះមិនមែនផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់មនុស្សជាតិទាំងអស់ដោយស្វ័យប្រវត្ដិនោះទេ។ ផ្ទុយទៅវិញ លោកយេស៊ូបានបញ្ជាក់ចំណុចនេះក្នុងសេចក្ដីអធិដ្ឋានរបស់លោកទៅព្រះថា«ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ដ ដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) បើអ្នកណាម្នាក់ប្រាប់អ្នកថាមានបុរសម្នាក់បានជួយសង្គ្រោះជីវិតអ្នកកាលអ្នកនៅក្មេង អ្នកច្បាស់ជាចង់ស្គាល់បុរសនោះថែមទៀត និងចង់ដឹងមូលហេតុដែលគាត់បានសង្គ្រោះជីវិតអ្នក មែនទេ? ព្រះយេហូវ៉ាបានផ្ដល់ថ្លៃលោះជាអំណោយដែលសង្គ្រោះជីវិត លោកចង់ឲ្យអ្នកមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងលោក មិនគ្រាន់តែស្គាល់លោកថាជាអ្នកណាប៉ុណ្ណោះទេ។ គម្ពីរលើកទឹកចិត្ដថា«ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨

  • បង្ហាញជំនឿលើថ្លៃលោះ។ «អ្នកណាដែលបង្ហាញជំនឿលើបុត្ររបស់លោក អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់»។ (យ៉ូហាន ៣:៣៦) តើការបង្ហាញជំនឿជាប់ទាក់ទងនឹងអ្វី? ការបង្ហាញជំនឿជាប់ទាក់ទងនឹងការប្រព្រឹត្ដ ដូច្នេះដើម្បីបង្ហាញជំនឿលើថ្លៃលោះ នោះតម្រូវឲ្យមានការប្រព្រឹត្ដ។ (យ៉ាកុប ២:១៧) តើការប្រព្រឹត្ដបែបណា? អំណោយមួយអាចទៅជារបស់អ្នកបានលុះត្រាតែអ្នកទទួលយកអ្វីនោះ។ ដូច្នេះ អ្នកត្រូវទទួលយកថ្លៃលោះ។ តើតាមរបៀបណា? សូមរៀនអំពីរបៀបរស់នៅដែលព្រះពេញចិត្ដ ហើយអនុវត្ដតាមអ្វីដែលអ្នករៀន។ * សូមអធិដ្ឋានទៅព្រះដើម្បីសុំការអភ័យទោសនិងសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ សូមចូលទៅជិតព្រះដោយមានទំនុកចិត្ដទាំងស្រុងថាអស់អ្នកដែលបង្ហាញជំនឿលើថ្លៃលោះប្រាកដជានឹងទទួលអនាគតដ៏ស្ថិតស្ថេរដែលប្រកបដោយសេចក្ដីសុខសាន្ដ សន្ដិសុខ និងភាពចម្រុងចម្រើន!—ហេប្រឺ ១១:១

  • ចូលរួមពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។ លោកយេស៊ូបានធ្វើពិធីប្រចាំឆ្នាំមួយដើម្បីរំលឹកយើងអំពីការផ្ដល់ថ្លៃលោះ។ លោកបានមានប្រសាសន៍អំពីពិធីនោះថា«ចូរបន្ដធ្វើដូច្នេះ ដើម្បី រំលឹកដល់ខ្ញុំ»។ (លូកា ២២:១៩) សាក្សីព្រះយេហូវ៉ានឹងធ្វើពិធីរំលឹកមរណភាពរបស់លោកយេស៊ូនៅថ្ងៃអង្គារទី១១ ខែមេសា ឆ្នាំ២០១៧ ក្រោយថ្ងៃលិច។ កម្មវិធីនោះមានរយៈពេលជិតមួយម៉ោង ដែលរួមបញ្ចូលសុន្ទរកថាពន្យល់អំពីសារៈសំខាន់នៃមរណភាពរបស់លោកយេស៊ូ និងប្រយោជន៍ដែលថ្លៃលោះផ្ដល់ឲ្យនៅឥឡូវនេះនិងអនាគត។ ឆ្នាំមុន មនុស្សប្រហែលជា២០លាននាក់បានចូលរួមពិធីរំលឹក។ យើងសូមអញ្ជើញលោកអ្នកយ៉ាងកក់ក្ដៅឲ្យចូលរួមជាមួយនឹងយើងដើម្បីបង្ហាញចិត្ដដឹងគុណចំពោះអំណោយដ៏អស្ចារ្យបំផុតរបស់ព្រះ។

^ វគ្គ 7 របៀបល្អបំផុតដើម្បីស្គាល់ព្រះនិងចូលទៅជិតលោកគឺតាមរយៈការសិក្សាគម្ពីរដែលជាបណ្ដាំរបស់លោក។ លោកអ្នកអាចធ្វើដូច្នេះបានដោយស្នើសុំរៀនគម្ពីរពីសាក្សីព្រះយេហូវ៉ាណាម្នាក់ ឬដោយចូលគេហទំព័ររបស់យើងwww.pr418.com/km។