លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តេត្រាក្រាម​ដែល​ជា​តំណាង​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ភាសា​ហេប្រឺ អាន​ពី​ស្ដាំ​ទៅ​ឆ្វេង

ការ​ពង្រឹង​ទំនុក​ចិត្ដ​យ៉ាង​ខ្លាំង​ពី​អក្សរ​ហេប្រឺ​ដ៏​តូច​បំផុត

ការ​ពង្រឹង​ទំនុក​ចិត្ដ​យ៉ាង​ខ្លាំង​ពី​អក្សរ​ហេប្រឺ​ដ៏​តូច​បំផុត

តើ​យើង​ពិត​ជា​អាច​មាន​ទំនុក​ចិត្ដ​ទាំង​ស្រុង​ថា​គ្រប់​ទាំង​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​ក្លាយ​ជា​ការ​ពិត​ឬ​ទេ? លោក​យេស៊ូ​បាន​ជឿ​ជាក់​អំពី​រឿង​នេះ ហើយ​សេចក្ដី​បង្រៀន​របស់​លោក​បាន​ធ្វើ​ឲ្យ​អ្នក​ស្តាប់​មាន​ជំនឿ។ សូម​ពិចារណា​ឧទាហរណ៍​ក្នុង​សុន្ទរកថា​របស់​លោក​យេស៊ូ​ដែល​បាន​ថ្លែង​នៅ​លើ​ភ្នំ ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ម៉ាថាយ ៥:១៨​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ទោះ​ជា​មេឃ​និង​ផែន​ដី​បាត់​សូន្យ​ទៅ​ក៏​ដោយ ក៏​តួ​អក្សរ​តូច​ជាង​គេ ឬ​សញ្ញា​បន្ដក់​មួយ​ក្នុង​ច្បាប់​នឹង​មិន​បាត់​សូន្យ​ឡើយ ទាល់​តែ​ច្បាប់​ទាំង​មូល​បាន​ត្រូវ​សម្រេច​គ្រប់​ជំពូក​»។

ព្យញ្ជនៈ​ហេប្រឺ​តូច​បំផុត​គឺ י (​យ៉ត​) ជា​អក្សរ​ទី​មួយ​នៃ​តេត្រាក្រាម ដែល​ជា​តំណាង​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យេហូវ៉ា។ * ក្រៅ​ពី​ពាក្យ​និង​អក្សរ​ក្នុង​ច្បាប់​ព្រះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​បាន​ចាត់​ទុក​«​សញ្ញា​បន្ដក់​»​នីមួយ​ៗ​ថា​មាន​តម្លៃ​ខ្លាំង​ណាស់។

លោក​យេស៊ូ​ចង់​មាន​ន័យ​ថា​ទោះ​ជា​មេឃ​និង​ផែន​ដី​បាត់​សូន្យ​ក៏​ដោយ ក៏​ចំណុច​តូច​ក្នុង​ច្បាប់​នឹង​សម្រេច​ជាក់​ជា​មិន​ខាន។ ប៉ុន្ដែ បទ​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មេឃ​និង​ផែន​ដី​នឹង​នៅ​ជាប់​ជា​រៀង​រហូត។ (​ទំនុក​តម្កើង ៧៨:៦៩​) យ៉ាង​នេះ យើង​ឃើញ​ថា​លោក​យេស៊ូ​គ្រាន់​តែ​ប្រៀប​ធៀប​ប៉ុណ្ណោះ ដូច្នេះ​ឃ្លា​នេះ​បង្ហាញ​ថា​សូម្បី​តែ​ចំណុច​តូច​ក្នុង​ច្បាប់​នឹង​សម្រេច​ជា​ពិត​ប្រាកដ​មែន។

តើ​ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ចំណុច​តូច​តាច​ឬ​ទេ? ប្រាកដ​ណាស់។ សូម​ពិចារណា​ចំណុច​នេះ​៖ អ៊ីស្រាអែល​សម័យ​បុរាណ​បាន​ត្រូវ​បង្គាប់​ថា​ពួក​គេ​មិន​ត្រូវ​បំបាក់​ឆ្អឹង​កូន​ចៀម​សម្រាប់​បុណ្យ​រំលង​ឡើយ។ (​និក្ខមនំ ១២:៤៦​) នេះ​ប្រហែល​ជា​ចំណុច​តូច​តាច​ប៉ុណ្ណោះ។ តើ​ពួក​គេ​យល់​មូលហេតុ​ដែល​ពួក​គេ​មិន​គួរ​បំបាក់​ឆ្អឹង​កូន​ចៀម​ឬ​ទេ? ទំនង​ជា​មិន​យល់​ទេ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ដឹង​ថា​ចំណុច​នេះ​គឺ​ជា​ទំនាយ​ចំពោះ​មេស្ស៊ី​ដែល​ថា​ឆ្អឹង​របស់​លោក​នឹង​មិន​បាន​ត្រូវ​បំបាក់​ឡើយ ពេល​ដែល​លោក​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម។—ទំនុក​តម្កើង ៣៤:២០; យ៉ូហាន ១៩:៣១​-​៣៣, ៣៦

តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា? យើង​ក៏​អាច​មាន​ទំនុក​ចិត្ដ​ទាំង​ស្រុង​ថា​គ្រប់​ទាំង​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​ទាំង​ស្រុង​ឥត​ចន្លោះ។ អក្សរ​ហេប្រឺ​ដ៏​តូច​បំផុត​នេះ​ពិត​ជា​ពង្រឹង​ទំនុក​ចិត្ដ​យើង​យ៉ាង​ខ្លាំង​មែន!

^ វគ្គ 3 ព្យញ្ជនៈ​ក្រិច​តូច​បំផុត​គឺ ι (​អៃអូថា​) ហើយ​នេះ​គឺ​ស្រដៀង​នឹង​អក្សរ​ហេប្រឺ י (​យ៉ត​)។ ច្បាប់​ម៉ូសេ​បាន​ត្រូវ​សរសេរ​និង​ប្រាប់​ត​ៗ​គ្នា​ជា​ភាសា​ហេប្រឺ។ ដូច្នេះ ពេល​លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​«​សញ្ញា​បន្ដក់​មួយ​»​ នោះ​លោក​យេស៊ូ​ទំនង​ជា​សំដៅ​ទៅ​លើ​អក្សរ​ហេប្រឺ י (​យ៉ត​)។