លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​គម្ពីរ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​អនាគត​របស់​អ្នក?

តើ​គម្ពីរ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​អនាគត​របស់​អ្នក?

សូម​ស្រមៃ​គិត​ថា អ្នក​កំពុង​ដើរ​ពេល​យប់​តាម​ផ្លូវ​ងងឹត​មួយ។ ព្រះ​អាទិត្យ​បាន​លិច​បាត់​ជា​យូរ​ហើយ តែ​អ្នក​មិន​ខ្លាច​វង្វេង​ផ្លូវ​ទេ ដោយ​សារ​ក្នុង​ដៃ​របស់​អ្នក​មាន​ពិល​ភ្លឺ​ខ្លាំង​មួយ។ ពេល​អ្នក​បញ្ចាំង​ទៅ​ខាង​ក្រោម អ្នក​ឃើញ​ភ្លាម​ៗ​ថា​មាន​អ្វី​នៅ​ខាង​មុខ​អ្នក។ ម្យ៉ាង​ទៀត ពេល​អ្នក​បញ្ចាំង​ទៅ​ខាង​មុខ ពន្លឺ​ពិល​ភ្លឺ​ទៅ​បាន​ឆ្ងាយ។

ក្នុង​ន័យ​មួយ គម្ពីរ​គឺ​ប្រៀប​ដូច​ជា​ពិល​ដ៏​ភ្លឺ​ខ្លាំង​នោះ។ កាល​ដែល​យើង​ពិចារណា​អត្ថបទ​មុន​ៗ យើង​ឃើញ​ថា​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​នឹង​អ្វី​ដែល​នៅ​ខាង​មុខ​យើង ពោល​គឺ​បញ្ហា​សព្វ​ថ្ងៃ​ដែល​យើង​ទាំង​អស់​គ្នា​ជួប​ប្រទះ​ក្នុង​ពិភព​លោក​ដែល​ចេះ​តែ​ប្រែ​ប្រួល​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ តែ​គម្ពីរ​ក៏​បង្ហាញ​ប្រាប់​អំពី​ថ្ងៃ​អនាគត​ដែរ ដើម្បី​ជួយ​យើង​ឲ្យ​ឃើញ​និង​ដើរ​តាម​ផ្លូវ​ដែល​នាំ​ឲ្យ​យើង​មាន​សុភមង្គល​និង​ការ​ស្កប់​ចិត្ដ​ជា​រៀង​រហូត។ (​ទំនុក​តម្កើង ១១៩:១០៥​) តើ​តាម​របៀប​ណា?

សូម​យើង​ពិចារណា​អំពី​របៀប​ពីរ​យ៉ាង​ដែល​គម្ពីរ​ផ្ដល់​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត គឺ: ១ ជួយ​យើង​ឲ្យ​មាន​គោល​បំណង​ក្នុង​ជីវិត ២ បង្រៀន​យើង​អំពី​របៀប​បង្កើត​មិត្ដភាព​ដ៏​ស្ថិតស្ថេរ​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង។

១ គោល​បំណង​ក្នុង​ជីវិត

គម្ពីរ​មាន​ឱវាទ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ដ​ដែល​ជួយ​យើង​យក​ឈ្នះ​បញ្ហា​របស់​យើង ប៉ុន្ដែ​គម្ពីរ​ប្រសើរ​ជាង​សៀវភៅ​សម្រាប់​អប់រំ​ចិត្ដ។ ជា​ជាង​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​តែ​បញ្ហា​ផ្ទាល់​ខ្លួន គម្ពីរ​បង្រៀន​យើង​ឲ្យ​មាន​ទស្សនៈ​ទូលំ​ទូលាយ។ យ៉ាង​នេះ ជីវិត​យើង​អាច​មាន​ន័យ​ខ្លឹម​សារ​ពិត​ប្រាកដ។

សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ដូច​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្មភាព ២០:៣៥​) តើ​អ្នក​អាច​នឹក​ឃើញ​ពេល​ដែល​អ្នក​ធ្លាប់​ជួយ​អ្នក​ណា​ម្នាក់​ខាង​ទ្រព្យ​សម្បត្ដិ​ឬ​ទេ? ឬ​ប្រហែល​ជា​ពេល​អ្នក​ចំណាយ​ពេល​និង​កម្លាំង​ដើម្បី​ស្តាប់​មិត្ដ​របស់​អ្នក​និយាយ​អំពី​អារម្មណ៍​កប់​ជ្រៅ​របស់​ពួក​គេ។ អ្នក​ច្បាស់​ជា​រីក​រាយ​ណាស់ ដោយ​សារ​អ្នក​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​សប្បាយ​ចិត្ដ មែន​ទេ?

យើង​មាន​សុភមង្គល​បំផុត​ពេល​យើង​ឲ្យ​ដោយ​មិន​រំពឹង​ការ​តប​ស្នង។ អ្នក​និពន្ធ​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ពេល​យើង​ឲ្យ​ពេល​វេលា​និង​កម្លាំង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត យើង​ច្រើន​តែ​ទទួល​មក​វិញ​លើស​ពី​អ្វី​ដែល​យើង​បាន​ឲ្យ ដោយ​សារ​យើង​បាន​ឲ្យ​ដោយ​មិន​រំពឹង​ទទួល​ការ​តប​ស្នង​»។ ពេល​យើងឲ្យ​ពេល​វេលា​និង​កម្លាំង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ជា​ពិសេស​ពួក​អ្នក​ដែល​មិន​អាច​តប​ស្នង​វិញ ទោះ​ជា​មើល​ទៅ​យើង​មិន​ទទួល​អ្វី​ក៏​ដោយ តែ​តាម​ពិត​យើង​នឹង​ទទួល​រង្វាន់។ យើង​ទៅ​ជា​មនុស្ស​ដែល​មាន​ទស្សនៈ​ទូលំ​ទូលាយ។ បន្ថែម​ទៅ​ទៀត យើង​ក៏​កំពុង​រួម​សហការ​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត។ លោក​ចាត់​ទុក​ការ​ប្រព្រឹត្ដ​ដោយ​បង្ហាញ​ចិត្ដ​សប្បុរស​ទាំង​នេះ​ថា​ដូច​ជា​ឲ្យ​ដល់​លោក​ខ្ចី។ (​សុភាសិត ១៩:១៧​) ព្រះ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​សម្រាប់​មនុស្ស​ដែល​ទន់​ទាប ហើយ​លោក​សន្យា​ថា​នឹង​តប​ស្នង​យើង​នូវ​អ្វី​ដ៏​អស្ចារ្យ​ណាស់ ពោល​គឺ​ជីវិត​ជា​រៀង​រហូត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ នេះ​ពិត​ជា​សេចក្ដី​សង្ឃឹម​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​សម្រាប់​ថ្ងៃ​អនាគត! *ទំនុក​តម្កើង ៣៧:២៩; លូកា ១៤:១២​-​១៤

សរុប​មក គម្ពីរ​បង្រៀន​យើង​ថា​យើង​អាច​រក​ឃើញ​គោល​បំណង​ពិត​ប្រាកដ​ក្នុង​ជីវិត ដោយ​គោរព​ប្រណិប័តន៍​ព្រះ​ពិត ពោល​គឺ​ព្រះ​យេហូវ៉ា។ គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​សរសើរ លើក​កិត្ដិ​យស និង​ស្តាប់​បង្គាប់​ព្រះ ព្រោះ​លោក​សម​នឹង​ទទួល។ (​សាស្តា ១២:១៣; ការ​បើក​បង្ហាញ ៤:១១​) ពេល​យើង​ធ្វើ​ដូច្នេះ យើង​សម្រេច​អ្វី​មួយ​ដែល​អស្ចារ្យ​ណាស់ ពោល​គឺ​យើង​ធ្វើ​ឲ្យ​ព្រះ​ដែល​ជា​អ្នក​បង្កើត​សប្បាយ​រីក​រាយ។ លើស​ពី​នេះ​ទៀត លោក​ដាស់​តឿន​យើង​ថា​៖ ​«​ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ដ​អញ​បាន​រីក​រាយ​ចុះ​»។ (​សុភាសិត ២៧:១១​) សូម​គិត ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​ឈ្លាស​វៃ​ដោយ​ផ្អែក​លើ​គោល​ការណ៍​ដែល​មាន​ក្នុង​គម្ពីរ យើង​ធ្វើ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​សប្បាយ​រីក​រាយ។ ហេតុ​អ្វី? ដោយ​សារ​លោក​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​យើង ហើយ​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​លោក។ (​អេសាយ ៤៨:១៧, ១៨​) ពិត​មែន ការ​គោរព​ប្រណិប័តន៍​ព្រះ​ដែល​ជា​អ្នក​គ្រប់​គ្រង​សកល​លោក​ទាំង​មូល និង​ការ​រស់​នៅ​តាម​របៀប​ដែល​នាំ​ឲ្យ​លោក​រីក​រាយ ជា​គោល​បំណង​ប្រសើរ​បំផុត​ក្នុង​ជីវិត មែន​ទេ?

២ ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង

គម្ពីរ​ក៏​បង្រៀន​យើង​ឲ្យ​បង្កើត​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ាកុប ៤:៨​) ជួន​កាល យើង​ប្រហែល​ជា​ឆ្ងល់​ថា​តើ​យើង​ពិត​ជា​អាច​ធ្វើ​ជា​មិត្ដ​នឹង​អ្នក​បង្កើត​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​បាន​ឬ​យ៉ាង​ណា។ ប៉ុន្ដែ គម្ពីរ​ពង្រឹង​ទំនុក​ចិត្ដ​យើង​ថា​បើ​យើង​«​រក​ព្រះ​»​ យើង​នឹង‹រក​លោក​ឃើញ› ព្រោះ​«​លោក​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​»​ឡើយ។ (​សកម្មភាព ១៧:២៧​) ឱវាទ​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​ទៅ​ជា​មិត្ដ​របស់​ព្រះ​គឺ​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​អនាគត​យើង។ តើ​តាម​របៀប​ណា?

សូម​គិត​អំពី​រឿង​នេះ: ទោះ​ជា​យើង​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ គ្មាន​អ្នក​ណា​ម្នាក់​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ដែល​ជា​សត្រូវ​ដ៏​សាហាវ​បាន​ឡើយ។ (​កូរិនថូស​ទី១ ១៥:២៦​) ប៉ុន្ដែ​ព្រះ​គឺ​រស់​ជា​រៀង​រហូត។ លោក​មិន​ចេះ​ស្លាប់​ទេ ហើយ​លោក​ក៏​ចង់​ឲ្យ​មិត្ដ​របស់​លោក​រស់​ជា​រៀង​រហូត​ដែរ។ គម្ពីរ​ប្រើ​ពាក្យ​សាមញ្ញ​តែ​ពីរោះ​ដើម្បី​ប្រាប់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ដល់​ពួក​អ្នក​ដែល​ស្វែង​រក​លោក។ ពាក្យ​នោះ​ថា​៖ ​«​សូម​ឲ្យ​អ្នក​អ្នក​រាល់​គ្នា​រស់​ជា​រៀង​រហូត​ដោយ​មាន​សុភមង្គល​»។—ទំនុក​តម្កើង ២២:២៦, ព.ថ.

តើ​អ្នក​អាច​បង្កើត​ចំណង​មិត្ដភាព​ដ៏​ស្ថិតស្ថេរ​ជា​មួយ​ព្រះ​យ៉ាង​ដូច​ម្ដេច? សូម​បន្ដ​រៀន​អំពី​ព្រះ​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ (​យ៉ូហាន ១៧:៣; ធីម៉ូថេ​ទី២ ៣:១៦​) សូម​សុំ​ជំនួយ​ពី​លោក​ដើម្បី​យល់​បទ​គម្ពីរ។ គម្ពីរ​ពង្រឹង​ទំនុក​ចិត្ដ​យើង​ថា​បើ​យើង​«​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​»​ដោយ​ចិត្ដ​ស្មោះ​ដើម្បី​បាន​ប្រាជ្ញា នោះ​លោក​នឹង​ផ្ដល់​ឲ្យ​យើង។ * (​យ៉ាកុប ១:៥​) ម្យ៉ាង​ទៀត សូម​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​បាន​រៀន ហើយ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ធ្វើ​ជា​«​ចង្កៀង​ដល់​ជើង​»​ ហើយ​«​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ[​របស់​អ្នក​]​»​ នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត។—ទំនុក​តម្កើង ១១៩:១០៥

^ វគ្គ 8 ដើម្បី​ដឹង​ថែម​ទៀត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ស្ដី​អំពី​ជីវិត​ជា​រៀង​រហូត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន សូម​មើល​ជំពូក​ទី៣​នៃ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? ដែល​បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 13 សាក្សី​ព្រះ​យេហូវ៉ា​ស្នើ​ផ្ដល់​កម្ម​វិធី​រៀន​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​ដែល​អាច​ជួយ​លោក​អ្នក​ឲ្យ​កាន់​តែ​យល់​បទ​គម្ពីរ។ ដើម្បី​រៀន​ថែម​ទៀត​អំពី​រឿង​នេះ សូម​ទស្សនា​វីដេអូតើ​កម្ម​វិធី​រៀន​គម្ពីរ​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​ណា? អ្នក​អាច​រក​ឃើញ​វីដេអូ​នេះ​ដោយ​ចូល​គេហទំព័រ​jw.org/km (​ចុច​«​សៀវភៅ​ផ្សេង​ៗ​»​ ▸ ​«​វីដេអូ​»​)។

ព្រះ​គឺ​រស់​ជា​រៀង​រហូត ហើយ​លោក​ក៏​ចង់​ឲ្យ​មិត្ដ​របស់​លោក​រស់​ជា​រៀង​រហូត​ដែរ