លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហោរាសាស្ត្រនិងការទស្សន៍ទាយ តើឆ្លុះបញ្ចាំងអំពីអនាគតឬទេ?

ហោរាសាស្ត្រនិងការទស្សន៍ទាយ តើឆ្លុះបញ្ចាំងអំពីអនាគតឬទេ?

ហោរាសាស្ត្រ

ហោរាសាស្ត្រ​គឺ​ជា​ក្បួន​គន់​គូរ​ទស្សន៍​ទាយ​ថា​ផ្កាយ ព្រះ​ចន្ទ និង​ភព​នានា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ជីវិត​របស់​មនុស្ស​នៅ​លើ​ផែនដី។ ពួក​ហោរាសាស្ត្រ​អះអាង​ថា​ទី​តាំង​នៃ​ភព​និង​ផ្កាយ​ទាំង​នោះ​បញ្ជាក់​អំពី​ចរិត​លក្ខណៈ​និង​អនាគត​របស់​មនុស្ស។

ទោះ​ជា​ឫសគល់​នៃ​ហោរាសាស្ត្រ​មាន​ប្រភព​មក​ពី​ក្រុង​បាប៊ីឡូន​សម័យ​បុរាណ​ក្ដី តែ​វា​នៅ​តែ​ពេញ​និយម។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​កាល​ពី​ឆ្នាំ​២០១២​នៅ​សហរដ្ឋ​អាម៉េរិក ៣៣​ភាគ​រយ​នៃ​មនុស្ស​ជឿ​ថា​ហោរាសាស្ត្រ​«​ស្រប​តាម​វិទ្យា​សាស្ត្រ​ខ្លះ​ដែរ​»​ ហើយ​១០​ភាគ​រយ​ថា​«​ស្រប​តាម​វិទ្យា​សាស្ត្រ​ទាំង​ស្រុង​»។ តើ​ពិត​ទេ? គឺ​មិន​មែន​ទេ។ សូម​ពិចារណា​មូលហេតុ​ដូច​ត​ទៅ។

  • ភព​និង​ផ្កាយ​មិន​បញ្ចេញ​ថាមពល​ដែល​មាន​ឥទ្ធិពល​លើ​មនុស្ស​ដូច​ដែល​ពួក​ហោរាសាស្ត្រ​និយាយ​នោះ​ទេ។

  • ការ​ព្យាករណ៍​ភាគ​ច្រើន​គឺ​ទូលំ​ទូលាយ​ណាស់​បាន​ជា​អាច​សំដៅ​លើ​អ្នក​ណា​ក៏​បាន។

  • សព្វ​ថ្ងៃ​នេះ ការ​គន់​គូរ​ហោរាសាស្ត្រ​គឺ​ស្រប​ទៅ​តាម​ជំនឿ​សម័យ​បុរាណ​ដែល​ថា​ភព​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​វិល​ជុំ​វិញ​ផែនដី។ តែ​តាម​ពិត ភព​ទាំង​នោះ​វិល​ជុំ​វិញ​ព្រះ​អាទិត្យ។

  • ពួក​ហោរា​ផ្សេង​ៗ​ព្យាករណ៍​ខុស​គ្នា​ចំពោះ​បុគ្គល​ម្នាក់។

  • ហោរាសាស្ត្រ​បែង​ចែក​មនុស្ស​ក្នុង​១២​ក្រុម ឬ​ចក្រ​រាសី យោង​ទៅ​តាម​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​ពួក​គេ។ ដោយ​សារ​ទី​តាំង​ផែនដី​ក្នុង​លំហ​ផ្លាស់​ប្ដូរ​ពី​មួយ​សតវត្សរ៍​ទៅ​មួយ​សតវត្សរ៍ នោះ​ឆ្នាំ​សត្វ​នានា​ក្នុង​ហោរាសាស្ត្រ​លែង​ស្រប​តាម​ពេល​វេលា​ដែល​ព្រះ​អាទិត្យ​ធ្វើ​ដំណើរ​កាត់​កញ្ចុំ​ផ្កាយ​ដែល​ជា​តំណាង​សត្វ​ទាំង​នោះ។

គេ​និយាយ​ថា​សត្វ​នានា​ទាំង​នោះ​ក្នុង​ចក្រ​រាសី​ប្រាប់​ឲ្យ​ដឹង​អំពី​ចរិត​លក្ខណៈ​របស់​មនុស្ស។ តែ​តាម​ពិត មនុស្ស​ដែល​មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដូច​គ្នា​មិន​មាន​ចរិត​លក្ខណៈ​ដូច​គ្នា​ទេ ដូច្នេះ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​មិន​បាន​បង្ហាញ​អំពី​ចរិត​លក្ខណៈ​របស់​មនុស្ស​ទេ។ ជា​ជាង​មើល​ធាតុ​ពិត​របស់​មនុស្ស ពួក​ហោរាសាស្ត្រ​វិនិច្ឆ័យ​មនុស្ស​ថា​មាន​ចរិត​និង​បុគ្គលិក​លក្ខណៈ​បែប​ណា​តាម​រយៈ​ការ​សន្និដ្ឋាន​ទៅ​លើ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​ពួក​គេ។ នេះ​ជា​ការ​រើស​អើង​មួយ មែន​ទេ?

ការ​ទស្សន៍​ទាយ

តាំង​ពី​សម័យ​បុរាណ មនុស្ស​ជា​ច្រើន​ទៅ​ជួប​គ្រូ​ទាយ។ ពួក​ហោរាសាស្ត្រ​ខ្លះ​ខំ​ទាយ​ដោយ​មើល​អ្វី​ផ្សេង​ៗ​ដូច​ជា​គ្រឿង​ក្នុង​របស់​សត្វ​និង​របស់​មនុស្ស ឬ​របៀប​ដែល​មាន់​ចិក​ចំណី​ជា​ដើម។ ខ្លះ​ទៀត​ទាយ​អំពី​អនាគត​ដោយ​ប្រើ​ស្លឹក​តែ​ឬ​គ្រាប់​កាហ្វេ។ សព្វ​ថ្ងៃ​នេះ ពួក​ហោរាសាស្ត្រ​ប្រើ​សន្លឹក​បៀ គ្រាប់​ឡុកឡាក់ និង​វិធី​សាស្ត្រ​ឯ​ទៀត​ដើម្បី​ទាយ​អំពី​អនាគត​របស់​អ្នក​ណា​ម្នាក់។ តើ​ការ​ទស្សន៍​ទាយ​ជា​វិធី​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ដើម្បី​ដឹង​អំពី​អនាគត​ឬ​ទេ? មិន​មែន​ទេ។ ហេតុ​អ្វី? សូម​ពិចារណា​មូលហេតុ។

សូម​គិត​ពិចារណា​អំពី​បញ្ហា​ការ​ព្យាករណ៍​ដែល​មិន​ស្រប​គ្នា។ ការ​ទស្សន៍​ទាយ​តាម​វិធី​ផ្សេង​ៗ​ច្រើន​តែ​ចេញ​មក​មិន​ស្រប​គ្នា។ សូម្បី​តែ​ពេល​ប្រើ​វិធី​តែ​មួយ​ក៏​ដោយ តែ​ទំនាយ​ខុស​គ្នា។ ជា​ឧទាហរណ៍ បើ​បុគ្គល​ម្នាក់​សុំ​គ្រូ​ទាយ​ពីរ​នាក់​ឲ្យ​ទាយ​សន្លឹក​បៀ​អំពី​អនាគត​របស់​គាត់ ចម្លើយ​គួរ​តែ​ស្រប​គ្នា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ច្រើន​តែ​ខុស​គ្នា។

វិធី​ដែល​គ្រូ​ទាយ​ប្រើ​ឬ​បំណង​ចិត្ត​របស់​ពួក​គេ​មិន​គួរ​ឲ្យ​ទុក​ចិត្ត​នោះ​ទេ។ អ្នក​រិះ​គន់​និយាយ​ថាសន្លឹក​បៀ​និង​របស់​ផ្សេង​ទៀត​គ្រាន់​តែ​ជា​អ្វី​ដើម្បី​បំបែរ​អារម្មណ៍​របស់​មនុស្ស​ប៉ុណ្ណោះ ហើយ​ថា​គ្រូ​ទាយ​មើល​តាម​ប្រតិកម្ម​របស់​មនុស្ស​ជា​ជាង​មើល​របស់​របរ​ទាំង​នោះ។ ជា​ឧទាហរណ៍ គ្រូ​ទាយ​ដែល​ប៉ិន​ប្រសប់​នឹង​សួរ​សំណួរ​ទូទៅ ហើយ​សង្កេត​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​កាយ​វិការ ហើយ​ស្ដាប់​ពាក្យ​សម្ដី​ដើម្បី​ដឹង​អ្វី​មួយ​អំពី​ភ្ញៀវ។ គ្រូ​ទាយ​នឹង​អះអាង​ថា​ខ្លួន​ដឹង​ហេតុ​ការណ៍​និង​ស្ថានភាព​របស់​ភ្ញៀវ តែ​តាម​ពិត​ភ្ញៀវ​នោះ​បាន​បញ្ជាក់​ដោយ​មិន​ដឹង​ខ្លួន។ ដោយ​សារ​ភ្ញៀវ​ទុក​ចិត្ត​គ្រូ​ទាយ គ្រូ​ទាយ​ខ្លះ​អាច​បោក​លុយ​ជា​ច្រើន​ពី​ភ្ញៀវ​ទាំង​នោះ។

តើ​គម្ពីរ​ប្រាប់​យើង​យ៉ាង​ណា?

ហោរាសាស្ត្រ​និង​ការ​ទស្សន៍​ទាយ​ខំ​អះអាង​ថា​អនាគត​របស់​យើង​គឺ​បាន​ត្រូវ​កំណត់​ទុក​ជា​មុន។ តែ​តើ​ជា​ការ​ពិត​ទេ? គម្ពីរ​ប្រាប់​យើង​ថា​យើង​មាន​សមត្ថភាព​សម្រេច​ចិត្ត​ថា​ចង់​ជឿ​ទៅ​លើ​អ្វី​ឬ​ចង់​ធ្វើ​អ្វី ហើយ​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​មាន​ឥទ្ធិពល​ទៅ​លើ​អនាគត​របស់​យើង។—យ៉ូស្វេ ២៤:១៥

អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ពិត មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​ពួក​គេ​ជៀស​វាង​ពី​ហោរាសាស្ត្រ​និង​ការ​ទស្សន៍​ទាយ។ មូលហេតុ​នោះ​គឺ​ព្រះ​ផ្ដន្ទាទោស​ចំពោះ​អ្វី​ទាំង​នោះ។ យើង​អាច​ឃើញ​ពាក្យ​នេះ​ក្នុង​គម្ពីរ​ដែល​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន . . . ការ​ទស្សន៍​ទាយ ឬ​មាន​គ្រូ​វេទមន្ត គ្រូ​មើល​ប្រផ្នូល គ្រូ​ធ្មប់ គ្រូ​ដាក់​អំពើ​ណា​ឡើយ។ អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ទៅ​រក​គ្រូ​ខាប គ្រូ​ទាយ ឬ​គ្រូ​អន្ទង​ខ្មោច​ដែរ។ ព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ គឺ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ណាស់​»។ aការ​បំភ្លឺ​ច្បាប់ ១៨:១០​-​១២

a យេហូវ៉ា​ជា​នាម​របស់​‹ព្រះ​ដែល​ខ្ពង់​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល›។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨