លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សាក្សីសម្ងាត់ដែលបញ្ជាក់ថាទំនាយក្នុងគម្ពីរគឺត្រឹមត្រូវ

សាក្សីសម្ងាត់ដែលបញ្ជាក់ថាទំនាយក្នុងគម្ពីរគឺត្រឹមត្រូវ

នៅ​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី មាន​ខ្លោង​ទ្វារ​តំណាង​ភាព​ជ័យ​ជម្នះ​ដែល​ទាក់​ទាញ​ចិត្ត​ភ្ញៀវ​ទេសចរណ៍​ទូ​ទាំង​ពិភព​លោក។ ខ្លោង​ទ្វារ​នោះ​លើក​កិត្តិយស​អធិរាជ​ម្នាក់​ក្នុង​ចំណោម​អធិរាជ​ដែល​ប្រជាជន​ស្រឡាញ់ គឺ​ទីតុស។

ខ្លោង​ទ្វារ​ទីតុស​មាន​ក្បាច់​ចម្លាក់​អំពី​ព្រឹត្តិការណ៍​ប្រវត្ដិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ដែល​មនុស្ស​ជា​ច្រើន​ស្គាល់។ ប៉ុន្តែ មិន​សូវ​មាន​អ្នក​ដឹង​ទេ​ថា​ខ្លោង​ទ្វារ​នោះ​និង​ព័ត៌មាន​ក្នុង​គម្ពីរ​គឺ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា។ ខ្លោង​ទ្វារ​ទីតុស​នោះ​ធ្វើ​ជា​សាក្សី​សម្ងាត់​យ៉ាង​អស្ចារ្យ​ថា​ទំនាយ​ក្នុង​គម្ពីរ​គឺ​ត្រឹម​ត្រូវ។

ក្រុង​មួយ​ដែល​បាន​ត្រូវ​បំផ្លាញ

មុន​សតវត្សរ៍​ទី​១ គ.ស. ចក្រភព​រ៉ូម​គឺ​ចាប់​ពី​ប្រទេស​អង់គ្លេស​និង​ប្រទេស​ហ្គូល (​ឥឡូវ​ជា​ប្រទេស​បារាំង​) រហូត​ដល់​ប្រទេស​អេហ្ស៊ីប ហើយ​ក្នុង​ចក្រភព​នោះ​មាន​ស្ថិរភាព​និង​ភាព​ចម្រុង​ចម្រើន។ ប៉ុន្តែ មាន​តំបន់​ដាច់​ស្រយាល​មួយ​ដែល​ធ្វើ​ឲ្យ​រ៉ូម​ទើស​ចិត្ត គឺ​តំបន់​យូឌា​ដែល​តែង​តែ​មាន​បញ្ហា​ជា​និច្ច។

សព្វវចនាធិប្បាយ​មួយ​អំពី​រ៉ូម​សម័យ​បុរាណ រៀប​រាប់​ថា​៖ ​«​ពួក​រ៉ូម​ស្អប់​បណ្ដា​ជន​នៅ​តំបន់​មួយ​ចំនួន​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន រួម​ទាំង​តំបន់​យូឌា។ បណ្ដា​ជន​ទាំង​នោះ​ក៏​ស្អប់​ពួក​រ៉ូម​ដែរ។ ជនជាតិ​យូដា​ខឹង​អ្នក​គ្រប់​គ្រង​ដែល​ជា​ជន​បរទេស​ទាំង​នោះ ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនៀម​ទម្លាប់​របស់​ពួក​គេ ហើយ​ពួក​រ៉ូម​បាន​ជិះ​ជាន់​និង​ប្រព្រឹត្ត​យ៉ាង​ព្រៃ​ផ្សៃ​ទៅ​លើ​ជនជាតិ​យូដា​»។ ជនជាតិ​យូដា​ជា​ច្រើន​នាក់​សង្ឃឹម​ថា​មាន​អ្នក​ដឹក​នាំ​ម្នាក់​អាច​ជួយ​សង្គ្រោះ​ពួក​គេ ហើយ​បណ្ដេញ​ជន​ជាតិ​រ៉ូម​ដែល​គួរ​ឲ្យ​ស្អប់​ចេញ ព្រម​ទាំង​ស្ថាបនា​ប្រជា​ជាតិ​អ៊ីស្រាអែល​ឲ្យ​មាន​ភាព​រុង​រឿង​ដូច​ពី​មុន​វិញ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​គ្រិស្ត​បាន​ប្រកាស​ថា​នៅ​ថ្ងៃ​ខាង​មុខ​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ។

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​ពួក​សត្រូវ​របស់​អ្នក​នឹង​បោះ​របង​បង្គោល​សម្រួច​ចុង​នៅ​ជុំ​វិញ​អ្នក ក៏​នឹង​ឡោម​ព័ទ្ធ​ធ្វើ​ទុក្ខ​អ្នក​ពី​គ្រប់​ទិស​ទី។ ពួក​គេ​នឹង​បោះ​ទម្លាក់​អ្នក ព្រម​ទាំង​កូន​ដែល​នៅ​ក្នុង​អ្នក​ទៅ​ដី ហើយ​នឹង​មិន​ទុក​ថ្ម​ណា​នៅ​ក្នុង​អ្នក​ឲ្យ​ត្រួត​លើ​ថ្ម​ណា​ទៀត​ទេ​»។លូកា ១៩:៤៣, ៤៤

ប្រសាសន៍​របស់​លោក​យេស៊ូ​ទំនង​ជា​ធ្វើ​ឲ្យ​អ្នក​កាន់​តាម​លោក​ឆ្ងល់។ ពីរ​ថ្ងៃ​ក្រោយ​មក ពួក​គេ​បាន​មើល​ពី​វិហារ​ក្នុង​ក្រុង​យេរូសាឡិម ហើយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ស្រែក​ឡើង​ថា​៖ ​«​លោក​គ្រូ! មើល! ថ្ម​និង​សំណង់​ទាំង​នេះ​អស្ចារ្យ​ណាស់!​»។ លើស​ពី​នេះ​ទៀត គេ​និយាយ​ថា​ថ្ម​ខ្លះ​នៃ​វិហារ​មាន​បណ្ដោយ​១១​ម៉ែត្រ ទទឹង​៥​ម៉ែត្រ និង​កម្ពស់​៣​ម៉ែត្រ។ ប៉ុន្តែ លោក​យេស៊ូ​បាន​តប​ថា​៖ ​«​ចំណែក​ឯ​អ្វី​ៗ​ទាំង​នេះ​ដែល​អ្នក​រាល់​គ្នា​ឃើញ នឹង​មាន​គ្រា​មក​ដល់​ពេល​ដែល​ថ្ម​ទាំង​អស់​នៅ​ទី​នេះ​នឹង​ត្រូវ​ទម្លាក់​ចុះ​ដល់​ដី ហើយ​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​ថ្ម​ណា​ទៀត​ឡើយ​»។ម៉ាកុស ១៣:១; លូកា ២១:៦

លោក​យេស៊ូ​បាន​ប្រាប់​ពួក​គេ​ថែម​ទៀត​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​បោះ​ជំរំ​ជុំ​វិញ​ក្រុង​យេរូសាឡិម ចូរ​ដឹង​ថា​នាង​ជិត​ត្រូវ​បំផ្លិច​បំផ្លាញ​ហើយ។ ដូច្នេះ ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ ចូរ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ក្នុង​នាង​ចាក​ចេញ​ទៅ ហើយ​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជនបទ​ចូល​ក្នុង​នាង​ឡើយ​»។ (​លូកា ២១:២០, ២១​) តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​ក្លាយ​ជា​ការ​ពិត​ឬ​ទេ?

ទី​បញ្ចប់​នៃ​ក្រុង​មួយ

សាមសិប​បី​ឆ្នាំ​បាន​កន្លង​ផុត​ទៅ បណ្ដា​ជន​នៅ​តំបន់​យូឌា​នៅ​តែ​មិន​ចង់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​រ៉ូម​នោះ​ទេ។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​៦៦ គ.ស. ពេល​ហ្គីស៊ីស ផ្លរេស​ដែល​ជា​អភិបាល​រ៉ូម​នៅ​តំបន់​យូឌា បាន​ប្រមូល​ទ្រព្យ​ពី​ឃ្លាំង​ប្រាក់​ក្នុង​វិហារ​របស់​ព្រះ នេះ​ធ្វើ​ឲ្យ​ជនជាតិ​យូដា​ទ្រាំ​មិន​បាន​ទៀត​ទេ។ មិន​យូរ​ក្រោយ​មក អ្នក​ប្រយុទ្ធ​ដែល​ជា​ជនជាតិ​យូដា​មួយ​ក្រុម​ធំ​បាន​ចូល​ក្រុង​យេរូសាឡិម សម្លាប់​កង​ទ័ព​រ៉ូម​ដែល​នៅ​ក្នុង​ក្រុង​នោះ ហើយ​បាន​ប្រកាស​ឯករាជ្យ​ផ្ដាច់​ខ្លួន​ចេញ​ពី​រ៉ូម។

ប្រហែល​បី​ខែ​ក្រោយ​មក ទាហាន​រ៉ូម​ជាង​៣០.០០០​នាក់​ដែល​ដឹក​នាំ​ដោយ​ស៊ីស្ទាស ហ្គាឡាស​បាន​ចូល​ក្រុង​យេរូសាឡិម​ដើម្បី​បំផ្លាញ​ពួក​បះ​បោរ។ ពួក​រ៉ូម​បាន​វាយ​ចូល​ក្នុង​ក្រុង​យ៉ាង​រហ័ស ហើយ​បាន​ជីក​ដី​ក្រោម​កំពែង​ខាង​ក្រៅ​នៃ​បរិវេណ​វិហារ។ បន្ទាប់​មក ដោយ​គ្មាន​មូលហេតុ ពួក​គេ​បាន​ដក​ទ័ព​ទៅ​វិញ។ ជនជាតិ​យូដា​ដែល​បះ​បោរ​សប្បាយ​ចិត្ត​ណាស់ ហើយ​បាន​ដេញ​តាម​ពួក​គេ​ភ្លាម​ៗ។ ដោយ​ឃើញ​ថា​ជនជាតិ​យូដា​ដែល​បះ​បោរ​និង​ទាហាន​រ៉ូម​បាន​ចេញ​ពី​ក្រុង នោះ​គ្រិស្ត​សាសនិក​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​រត់​ចេញ​ពី​ក្រុង​យេរូសាឡិម​កាត់​ទន្លេ​យ៉ូដាន់​ទៅ​តំបន់​ភ្នំ។—ម៉ាថាយ ២៤:១៥, ១៦

នៅ​ឆ្នាំ​បន្ទាប់ ពួក​រ៉ូម​បាន​ចាប់​ផ្ដើម​វាយ​លុក​តំបន់​យូឌា​ម្ដង​ទៀត។ អ្នក​ដឹក​នាំ​គឺ​ឧត្តមសេនីយ៍​វេស្ប៉ាសៀន និង​ទីតុស​ដែល​ជា​កូន​ប្រុស​របស់​គាត់។ ប៉ុន្តែ មិន​យូរ​ក្រោយ​ពី​អធិរាជ​នីរ៉ូ បាន​ស្លាប់​នៅ​ឆ្នាំ​៦៨ គ.ស. វេស្ប៉ាសៀន​បាន​ត្រឡប់​ទៅ​រ៉ូម​វិញ​ដើម្បី​ឡើង​គ្រង​រាជ្យ​ជា​អធិរាជ ដោយ​ទុក​ឲ្យ​ទីតុស​ដែល​ជា​កូន​ប្រុស​គាត់​និង​ទាហាន​ប្រហែល​៦០.០០០​នាក់​បន្ត​វាយ​លុក​តំបន់​យូឌា។

នៅ​ខែ​មិថុនា ឆ្នាំ​៧០ គ.ស. ទីតុស​បាន​បញ្ជា​ទាហាន​របស់​គាត់​ឲ្យ​កាប់​ដើម​ឈើ​នៅ​ជនបទ​ក្នុង​តំបន់​យូឌា ធ្វើ​ជា​របង​បង្គោល​សម្រួច​ចុង​ដែល​មាន​ប្រវែង​៧​គីឡូ​ម៉ែត្រ​ដើម្បី​បោះ​នៅ​ជុំ​វិញ​ក្រុង​យេរូសាឡិម។ នៅ​ខែ​កញ្ញា ពួក​រ៉ូម​បាន​ប្លន់​យក​ទ្រព្យ ហើយ​ដុត​ក្រុង​យេរូសាឡិម​និង​វិហារ​ក្នុង​ក្រុង​នោះ ព្រម​ទាំង​មិន​ទុក​ថ្ម​ណា​នៅ​ត្រួត​លើ​ថ្ម​ណា​ឡើយ ដូច​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន។ (​លូកា ១៩:៤៣, ៤៤​) យោង​ទៅ​តាម​ការ​ប៉ាន់​ស្មាន​មួយ ​«​ក្នុង​ក្រុង​យេរូសាឡិម និង​ទូ​ទាំង​ប្រទេស​មនុស្ស​ជាង​២៥០.០០០​នាក់​បាន​ស្លាប់​»។

ជ័យ​ជម្នះ​របស់​អធិរាជ​ម្នាក់

នៅ​ឆ្នាំ​៧១ គ.ស. ទីតុស​បាន​ត្រឡប់​ទៅ​ប្រទេស​អ៊ីតាលី​វិញ​ដោយ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​អធិកអធម​ពី​ប្រជា​ពលរដ្ឋ​រ៉ូម។ មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​បាន​ប្រារព្ធ​ពិធី​ជ័យ​ជម្នះ​យ៉ាង​អស្ចារ្យ​ក្រៃ​លែង​ដែល​មិន​ធ្លាប់​មាន​ក្នុង​រាជធានី​នោះ​ឡើយ។

បណ្ដា​ជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់​កាល​ដែល​ពួក​គេ​ឃើញ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ដង្ហែ​តាម​ផ្លូវ​របស់​ក្រុង​រ៉ូម។ ពួក​គេ​សប្បាយ​ចិត្ត​នឹង​មើល​រូប​ភាព​ដែល​បង្ហាញ​អំពី​ការ​ប្រយុទ្ធ​ក្នុង​សង្គ្រាម និង​វត្ថុ​ទ្រព្យ​ដែល​គេ​បាន​ប្លន់​យក​ពី​វិហារ​ក្នុង​ក្រុង​យេរូសាឡិម។

ទីតុស​បាន​គ្រង​រាជ្យ​ជា​អធិរាជ​បន្ត​ពី​វេស្ប៉ាសៀន​ដែល​ជា​ឪពុក​របស់​គាត់​នៅ​ឆ្នាំ​៧៩ គ.ស.។ តែ​ពីរ​ឆ្នាំ​ក្រោយ​មក ទីតុស​បាន​ស្លាប់​ភ្លាម​ៗ។ ដូមីទៀន​ដែល​ជា​ប្អូន​ប្រុស​របស់​គាត់​បាន​ឡើង​គ្រង​រាជ្យ​បន្ត ហើយ​ភ្លាម​ៗ​គាត់​បាន​សង់​ខ្លោង​ទ្វារ​ជ័យ​ជម្នះ​ក្នុង​គោល​បំណង​លើក​កិត្តិយស​ទីតុស។

ខ្លោង​ទ្វារ​នោះ​នៅ​ដល់​សព្វ​ថ្ងៃ​នេះ

ខ្លោង​ទ្វារ​ទីតុស​ក្នុង​ក្រុង​រ៉ូម​នៅ​សព្វ​ថ្ងៃ​នេះ

សព្វ​ថ្ងៃ​នេះ រាល់​ឆ្នាំ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ដែល​មក​លេង​ក្រុង​រ៉ូម​កោត​ស្ងើច​នឹង​ខ្លោង​ទ្វារ​ទីតុស។ មនុស្ស​ខ្លះ​ចាត់​ទុក​ខ្លោង​ទ្វារ​នោះ​ជា​គំនូរ​ចម្លាក់​ដ៏​អស្ចារ្យ មនុស្ស​ខ្លះ​ទៀត​ចាត់​ទុក​ជា​ការ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​អធិរាជ​រ៉ូម រីឯ​ខ្លះ​ទៀត​ចាត់​ទុក​ជា​ថ្ម​ចារឹក​ដែល​បង្ហាញ​អំពី​ការ​ដួល​រលំ​នៃ​ក្រុង​យេរូសាឡិម​និង​វិហារ​របស់​ក្រុង​នោះ។

ប៉ុន្តែ អ្នក​អាន​គម្ពីរ​ដែល​យក​ចិត្ត​ទុក​ដាក់ ចាត់​ទុក​ខ្លោង​ទ្វារ​ទីតុស​ថា​ជា​សញ្ញា​សម្គាល់​ដែល​អស្ចារ្យ​ជាង​នេះ ពោល​គឺ​ជា​សាក្សី​សម្ងាត់​ដែល​បញ្ជាក់​ថា​ទំនាយ​ក្នុង​គម្ពីរ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត​និង​ត្រឹម​ត្រូវ ហើយ​ថា​ទំនាយ​ទាំង​នោះ​គឺ​មក​ពី​ព្រះ។—ពេត្រុស​ទី២ ១:១៩​-​២១