សេចក្ដីសន្យាដែលនឹងក្លាយជាការពិត
ដំណឹងល្អអំពីរាជាណាចក្រព្រះកំពុងត្រូវផ្សព្វផ្សាយនៅទូទាំងផែនដី ដូចលោកយេស៊ូបានប្រកាសទុកជាមុន។ (ម៉ាថាយ ២៤:១៤) សៀវភៅដានីយ៉ែលនៅក្នុងគម្ពីរ ប្រាប់យើងថារាជាណាចក្រនេះគឺជារដ្ឋាភិបាលរបស់ព្រះ។ នៅជំពូកទី២នៃសៀវភៅនោះរៀបរាប់អំពីទំនាយស្ដីអំពីលំដាប់នៃការគ្រប់គ្រងរបស់រដ្ឋាភិបាល ឬរាជាណាចក្ររបស់មនុស្ស តាំងពីបាប៊ីឡូនសម័យបុរាណរហូតដល់សព្វថ្ងៃនេះ។ នៅខ៤៤ប្រាប់ទុកជាមុនអំពីថ្ងៃអនាគត ដែលចែងថា៖
«ព្រះនៃស្ថានសួគ៌នឹងតាំងរាជាណាចក្រមួយឡើងដែលនឹងមិនត្រូវបំផ្លាញឡើយ ហើយក៏មិនត្រូវផ្ទេរទៅឲ្យមនុស្សណាដែរ។ រាជាណាចក្រនេះនឹងបំបាក់បំបែក ថែមទាំងកម្ទេចរាជាណាចក្រទាំងអស់នោះឲ្យសាបសូន្យទៅ ហើយមានតែរាជាណាចក្រនេះប៉ុណ្ណោះនឹងស្ថិតស្ថេរជារៀងរហូត»។
ទំនាយនេះនិងទំនាយឯទៀតក្នុងគម្ពីរប្រាប់ទុកជាមុនថារាជាណាចក្ររបស់ព្រះនឹងជំនួសការគ្រប់គ្រងទាំងអស់របស់មនុស្ស ហើយនាំមកនូវសណ្ដាប់ធ្នាប់នៅផែនដីនិងការគ្រប់គ្រងដែលស្ថិតស្ថេរ។ ក្រោម
ការគ្រប់គ្រងនៃរាជាណាចក្រព្រះ តើជីវិតមនុស្សនឹងមានស្ថានភាពបែបណា? មិនយូរទៀត សេចក្ដីសន្យាដ៏អស្ចារ្យមួយចំនួននឹងក្លាយជាការពិត។-
នឹងលែងមានសង្គ្រាម
ចម្រៀងសរសើរព្រះ ៤៦:៩ ចែងថា៖ «លោក[ព្រះ]នឹងធ្វើឲ្យផែនដីទាំងមូលលែងមានសង្គ្រាមទៀត លោកបំបាក់ធ្នូ ហើយកម្ទេចលំពែង លោកដុតរទេះចម្បាំងចោលទាំងអស់»។
សូមស្រមៃគិត ពិភពលោកនឹងទៅជាយ៉ាងណា បើគេយកលុយនិងជំនាញដែលគេកំពុងប្រើដើម្បីផលិតអាវុធសម្រាប់សម្លាប់មនុស្ស មកផលិតអ្វីដែលផ្ដល់ប្រយោជន៍ដល់មនុស្សវិញ! សេចក្ដីសន្យានោះនឹងទៅជាការពិតក្រោមរាជាណាចក្ររបស់ព្រះ។
-
នឹងលែងមានជំងឺ
អេសាយ ៣៣:២៤ ចែងថា៖ «ពួកគេនឹងមិននិយាយថា៖ ‹ខ្ញុំឈឺ›ទៀតឡើយ»។
សូមគិតអំពីពិភពលោកមួយដែលគ្មានអ្នកណារងទុក្ខពីជំងឺបេះដូង មហារីក គ្រុនចាញ់ ឬជំងឺផ្សេងៗទៀត។ យើងនឹងលែងត្រូវការមន្ទីរពេទ្យ និងឱសថ។ នៅថ្ងៃអនាគត មនុស្សនៅផែនដីនឹងមានសុខភាពល្អឥតខ្ចោះ។
-
នឹងលែងមានការអត់ឃ្លាន
ចម្រៀងសរសើរព្រះ ៧២:១៦ ចែងថា៖ «នឹងមានស្រូវជាបរិបូរ ចំណែកនៅតាមកំពូលភ្នំវិញនឹងមានស្រូវហៀរហូរ»។
នៅផែនដីនឹងមានអាហារគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា ហើយមនុស្សទាំងអស់នឹងទទួល។ ការអត់ឃ្លាននិងការខ្វះជីវជាតិនឹងលែងមានទៀត។
-
នឹងលែងមានការឈឺចាប់ ទុក្ខព្រួយនិងសេចក្ដីស្លាប់
ការបើកបង្ហាញ ២១:៤ ចែងថា៖ «លោក[ព្រះ]នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។
នេះមានន័យថាមនុស្សនឹងមានជីវិតដ៏ល្អឥតខ្ចោះដែលគ្មានទីបញ្ចប់នៅផែនដីដែលជាសួនឧទ្យាន! ព្រះយេហូវ៉ាជាអ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់បានសន្យាដូច្នោះ។
«នឹងបានសម្រេចគ្រប់ជំពូក»
តើអ្វីទាំងអស់នេះអស្ចារ្យពេកដែលពិបាកនឹងជឿឬ? ប៉ុន្តែមនុស្សភាគច្រើនយល់ស្របថាជីវិតដែលបានត្រូវសន្យាក្នុងគម្ពីរគឺជាជីវិតដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន តែមនុស្សជាច្រើនគិតថាការរស់ជារៀងរហូតគឺពិបាកយល់ថាគឺជាជីវិតបែបណា។ នោះមិនមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេ ដោយសារគ្មានមនុស្សណាធ្លាប់មានជីវិតដូចនោះ ដើម្បីប្រាប់យើងថាគឺយ៉ាងណាឡើយ។
មនុស្សជាតិបានទៅជាខ្ញុំបម្រើនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់ ហើយបានរងទុក្ខ និងឈឺចាប់អស់រយៈពេលដ៏យូរ ជាហេតុធ្វើឲ្យមនុស្សជាច្រើនគិតថាជីវិតបែបនេះគឺជារឿងធម្មតា ឬជាធម្មជាតិរបស់មនុស្ស។ ប៉ុន្តែនោះគឺខុសគ្នាឆ្ងាយពីគោលបំណងរបស់ព្រះយេហូវ៉ាដែលជាអ្នកបង្កើត ដែលមានចំពោះមនុស្សជាតិ។
ដើម្បីជួយយើងឲ្យយល់អំពីសេចក្ដីសន្យាដ៏ពិតប្រាកដទាំងអស់របស់លោក ព្រះយេហូវ៉ាបានលើកបញ្ជាក់ក្នុងបណ្ដាំរបស់លោកថាសេចក្ដីសន្យាទាំងនោះនឹង«មិនវិលត្រឡប់មកខ្ញុំវិញដោយគ្មានលទ្ធផលនោះទេ តែនឹងកើតឡើងតាមបំណងប្រាថ្នារបស់ខ្ញុំជាមិនខាន ហើយកិច្ចការអ្វីដែលខ្ញុំចាត់ឲ្យធ្វើនឹងបានសម្រេចគ្រប់ជំពូក»។—អេសាយ ៥៥:១១
គម្ពីររៀបរាប់អំពីព្រះយេហូវ៉ាថាលោកជាព្រះដែល«មិនអាចកុហក»។ (ទីតុស ១:២) ដោយសារលោកបានសន្យាអំពីអ្វីដ៏អស្ចារ្យទាំងនេះសម្រាប់អនាគត គឺជាការល្អដែលយើងពិចារណាសំណួរដូចតទៅ៖ តើមនុស្សពិតជាអាចរស់ជារៀងរហូតក្នុងសួនឧទ្យាននៅលើផែនដី ដូចព្រះបានសន្យាឬទេ? តើយើងត្រូវធ្វើយ៉ាងណាដើម្បីទទួលអ្វីដែលព្រះបានសន្យា? នៅអត្ថបទបន្តបន្ទាប់ អ្នកនឹងរកឃើញចម្លើយចំពោះសំណួរទាំងនេះ។