លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ភ្នែក​លោក​បាន​ឃើញ​ខ្ញុំ​ហើយ កាល​ដែល​ខ្ញុំ​មិន​ទាន់​ចេញ​ជា​រូប​រាង​នៅ​ឡើយ​»។—ចម្រៀង​សរសើរ​ព្រះ ១៣៩:១៦

តើព្រះយល់អំពីអ្នកឬទេ?

តើព្រះយល់អំពីអ្នកឬទេ?

តើ​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត បង្រៀន​យើង​អ្វី​ខ្លះ?

សូម​ពិចារណា​អំពី​ទំនាក់​ទំនង​ជិត​ស្និទ្ធ​បំផុត​ដែល​មនុស្ស​អាច​មាន ពោល​គឺ​ទំនាក់​ទំនង​រវាង​កូន​ភ្លោះ។ * ពួក​គេ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​ពិសេស​ចំពោះ​គ្នា។ នែនស៊ី សេ​ហ្គា​ល ដែល​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​កូន​ភ្លោះ ហើយ​ខ្លួន​គាត់​ផ្ទាល់​ក៏​ជា​កូន​ភ្លោះ​ដែរ និយាយ​ថា កូន​ភ្លោះ​ខ្លះ​«​ដឹង​អ្វី​ដែល​ម្នាក់​ទៀត​ចង់​និយាយ​ហើយ​យល់​យ៉ាង​ច្បាស់ ដោយ​មិន​ចាំ​បាច់​ពន្យល់​ច្រើន​»។ ស្ត្រី​ម្នាក់​បាន​រៀប​រាប់​អំពី​ទំនាក់​ទំនង​រវាង​នាង​និង​បង​ប្អូន​ភ្លោះ​របស់​នាង​ថា​៖ ​«​យើង​ដឹង​អ្វី​ទាំង​អស់​អំពី​គ្នា​»។

ហេតុ​អ្វី​កូន​ភ្លោះ​អាច​យល់​អំពី​គ្នា​ដូច្នេះ? ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ៗ​បង្ហាញ​ថា​បរិយាកាស និង​ការ​អប់រំ​ពី​ឪពុក​ម្ដាយ​គឺ​សំខាន់ តែ​ជា​ពិសេស​នោះ​មក​ពី​លក្ខណៈ​ក្នុង​ហ្សែន ដែល​ធ្វើ​ឲ្យ​កូន​ភ្លោះ​ដូច​គ្នា។

សូម​ពិចារណា: អ្នក​បង្កើត​ហ្សែន​ដ៏​អស្ចារ្យ​នេះ​ប្រាកដ​ជា​យល់​អំពី​យើង​ម្នាក់​ៗ​ច្បាស់​ជាង​អ្នក​ណា​ទាំង​អស់។ ដាវីឌ​ដែល​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​ប្រកាស​ថា​៖ ​«​លោក​បាន​បាំង​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។ ពេល​ដែល​លោក​សូន​ខ្ញុំ​នៅ​ក្នុង​ទី​កំបាំង ពេល​ដែល​ខ្ញុំ​លូត​លាស់​នៅ​ក្នុង​ផ្ទៃ​ម្ដាយ នោះ​ឆ្អឹង​របស់​ខ្ញុំ​មិន​បាន​លាក់​បាំង​ពី​លោក​ទេ។ . . . ភ្នែក​លោក​បាន​ឃើញ​ខ្ញុំ​ហើយ កាល​ដែល​ខ្ញុំ​មិន​ទាន់​ចេញ​ជា​រូប​រាង​នៅ​ឡើយ។ លោក​បាន​កត់​អវយវៈ​ទាំង​អស់​នៃ​រូប​កាយ​ខ្ញុំ​ទុក​ក្នុង​សៀវភៅ​របស់​លោក​»។ (​ចម្រៀង​សរសើរ​ព្រះ ១៣៩:១៣, ១៥, ១៦​) មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដឹង​ហើយ​អាច​យល់​ច្បាស់​មិន​គ្រាន់​តែ​ហ្សែន​របស់​យើង​ទេ តែ​លោក​ដឹង​រាល់​ព្រឹត្តិការណ៍​ទាំង​អស់​ក្នុង​ជីវិត​ដែល​មាន​ឥទ្ធិពល​មក​លើ​យើង។ ព្រះ​ស្គាល់​យ៉ាង​ច្បាស់​អំពី​យើង​និង​ហ្សែន​របស់​យើង នេះ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​ពិត​ជា​យល់​អំពី​យើង​យ៉ាង​ល្អិត​ល្អន់។

តើ​គម្ពីរ​បង្រៀន​យើង​អ្វី​អំពី​ការ​យល់​ធ្លុះ​ជ្រៅ​របស់​ព្រះ?

ដាវីឌ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ លោក​បាន​ស្វែង​យល់​អំពី​ខ្ញុំ​យ៉ាង​ល្អិត​ល្អន់ ហើយ​លោក​ស្គាល់​ខ្ញុំ​ច្បាស់​ណាស់។ ពេល​ខ្ញុំ​អង្គុយ ពេល​ខ្ញុំ​ក្រោក លោក​ជ្រាប​ទាំង​អស់។ លោក​ដឹង​គំនិត​របស់​ខ្ញុំ​ពី​ចម្ងាយ។ មើល! ព្រះ​យេហូវ៉ា​អើយ ខ្ញុំ​មិន​ទាន់​បាន​និយាយ​ផង លោក​ក៏​ជ្រាប​ច្បាស់​អស់​ទៅ​ហើយ​»។ (​ចម្រៀង​សរសើរ​ព្រះ ១៣៩:១, ២,​) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​ស្គាល់​អារម្មណ៍​កប់​ជ្រៅ​បំផុត​របស់​យើង ហើយ​លោក​ក៏​«​ឃើញ​គ្រប់​ទាំង​បំណង​ចិត្ត​និង​គំនិត​»​របស់​យើង​ដែរ។ (​ប្រវត្តិហេតុ​ទី​១ ២៨:៩; សាំយូអែល​ទី​១ ១៦:៦, ៧​) តើ​ខ​គម្ពីរ​ទាំង​នេះ​បង្ហាញ​យ៉ាង​ណា​អំពី​ព្រះ?

ទោះ​ជា​យើង​មិន​អាច​អធិដ្ឋាន​ប្រាប់​អំពី​គំនិត​និង​អារម្មណ៍​របស់​យើង​ទាំង​អស់​ក៏​ដោយ ប៉ុន្តែ​អ្នក​បង្កើត​របស់​យើង​យល់​អំពី​យើង​យ៉ាង​ច្បាស់ ដោយ​សារ​លោក​មិន​គ្រាន់​តែ​សង្កេត​មើល​អ្វី​ដែល​យើង​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​យល់​មូលហេតុ​ដែល​យើង​ធ្វើ​ដូច្នោះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ដឹង​ថា​យើង​ចង់​ធ្វើ​អំពើ​ល្អ ទោះ​ជា​សមត្ថភាព​មាន​កម្រិត​របស់​យើង​រា​រាំង​យើង​មិន​ឲ្យ​ធ្វើ​តាម​បំណង​ចិត្ត​ដ៏​ស្មោះ​របស់​យើង​ក្ដី។ ពិត​ណាស់ ដោយ​សារ​ព្រះ​បាន​បង្កើត​យើង​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​តាំង​ពី​ដំបូង នោះ​លោក​មាន​បំណង​ចង់​ពិនិត្យ​មើល ហើយ​យល់​អំពី​គំនិត​និង​បំណង​ចិត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង។—យ៉ូហាន​ទី​១ ៤:៧​-​១០

ព្រះ​ចាប់​អារម្មណ៍​នឹង​រឿង​ទាំង​អស់។ លោក​ក៏​ឃើញ​ទុក្ខ​លំបាក​របស់​យើង ទោះ​ជា​អ្នក​ឯ​ទៀត​មិន​ឃើញ ឬ​មិន​យល់​ទាំង​ស្រុង​ក្ដី

បទ​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង

  • ​«​ព្រោះ​ភ្នែក​របស់​ព្រះ​យេហូវ៉ា​មើល​ពួក​អ្នក​សុចរិត ហើយ​ត្រចៀក​របស់​លោក​ស្ដាប់​ការ​អង្វរ​សុំ​របស់​ពួក​គេ​»។—ពេត្រុស​ទី​១ ៣:១២

  • ព្រះ​សន្យា​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​ការ​យល់​ធ្លុះ​ជ្រៅ ហើយ​ណែនាំ​អ្នក​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ ខ្ញុំ​នឹង​ផ្ដល់​ឱវាទ​ដល់​អ្នក ហើយ​មើល​ថែ​អ្នក​មិន​ឲ្យ​ឃ្លាត​ពី​ភ្នែក​របស់​ខ្ញុំ​ឡើយ​»។—ចម្រៀង​សរសើរ​ព្រះ ៣២:៨

ព្រះ​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា

តើ​ការ​ដឹង​ថា​ព្រះ​យល់​អំពី​ស្ថានភាព​និង​អារម្មណ៍​របស់​យើង​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ឬ​ទេ? សូម​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អាណា ដែល​មក​ពី​ប្រទេស​នីហ្សេរីយ៉ា។ នាង​ពន្យល់​ថា​៖ ​«​ដោយ​សារ​ខ្ញុំ​ជួប​ទុក្ខ​លំបាក ដូច្នេះ​ខ្ញុំ​ឆ្ងល់​ថា តើ​ខ្ញុំ​រស់​នៅ​មាន​ប្រយោជន៍​អ្វី? ខ្ញុំ​ជា​ស្ត្រី​មេម៉ាយ ហើយ​ត្រូវ​ថែ​រក្សា​កូន​ស្រី​របស់​ខ្ញុំ​ដែល​ដេក​ឈឺ​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​ជំងឺ​ម្យ៉ាង (​hydrocephalus​) ដែល​បណ្ដាល​មក​ពី​មាន​ទឹក​ច្រើន​ពេក​ក្នុង​ខួរ​ក្បាល។ ដំណាល​គ្នា​នោះ ខ្ញុំ​មាន​ជំងឺ​មហា​រីក​ដោះ ហើយ​ត្រូវ​ទទួល​ការ​ព្យាបាល​ដោយ​វះ​កាត់ ចាក់​គីមី និង​កាំរស្មី។ ខ្ញុំ​និង​កូន​ស្រី​របស់​ខ្ញុំ​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ត្រូវ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ពេល​តែ​មួយ ដូច្នេះ​ខ្ញុំ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​»។

តើ​អ្វី​បាន​ជួយ​អាណា​ឲ្យ​ស៊ូ​ទ្រាំ? នាង​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រំពឹង​គិត​បទ​គម្ពីរ​ផ្សេង​ៗ​ដូច​ជា​ភីលីព ៤:៦, ៧ ដែល​ចែង​ថា​៖ ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា​»។ រាល់​ដង​ពេល​ខ្ញុំ​នឹក​ឃើញ​ខ​គម្ពីរ​នេះ ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ​និង​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា ព្រោះ​ខ្ញុំ​ដឹង​ថា​លោក​យល់​អំពី​ខ្ញុំ​ច្រើន​ជាង​ខ្ញុំ​យល់​អំពី​ខ្លួន​ឯង​ទៅ​ទៀត ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ពី​បង​ប្អូន​រួម​ជំនឿ​ជា​ទី​ស្រឡាញ់​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ផង​ដែរ។

​«​ទោះ​ជា​ខ្ញុំ​នៅ​តែ​មាន​បញ្ហា​សុខភាព ស្ថានភាព​ខ្ញុំ​និង​កូន​ស្រី​របស់​ខ្ញុំ​បាន​ប្រសើរ​ឡើង។ ដោយ​សារ​ព្រះ​យេហូវ៉ា​នៅ​ខាង​យើង យើង​មិន​គិត​អវិជ្ជមាន​ពេល​យើង​ជួប​ការ​ពិបាក​ទេ។ យ៉ាកុប ៥:​១១ ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​៖ ‹យើង​ចាត់​ទុក​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​ថា​ជា​អ្នក​មាន​សុភមង្គល។ អ្នក​រាល់​គ្នា​ធ្លាប់​ឮ​អំពី​ការ​ស៊ូ​ទ្រាំ​របស់​យ៉ូប ក៏​ដឹង​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​គាត់ ហើយ​តាម​រយៈ​ការ​នោះ អ្នក​ឃើញ​ថា​ព្រះ​យេហូវ៉ា​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ និង​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា›​»។ ព្រះ​យេហូវ៉ា​យល់​អំពី​ស្ថានភាព​របស់​យ៉ូប​ច្បាស់​ណាស់ ហេតុ​នេះ​យើង​អាច​ប្រាកដ​ថា​លោក​ក៏​យល់​អំពី​ការ​ពិបាក​ណា​ក៏​ដោយ​ដែល​យើង​មាន​ដែរ។

^ វគ្គ 3 កូន​ភ្លោះ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​នេះ គឺ​ជា​កូន​ភ្លោះ​ដែល​មាន​លក្ខណៈ​ក្នុង​ហ្សែន​ដូច​គ្នា រួម​ទាំង​ភេទ​ផង​ដែរ។